Sunday, September 7, 2014

ច្បាប់ប្រុស


ខ្ញុំបាទឈ្មោះ​ ហេង​​ សុខ ធឿន បានបង្កើតវើបសាយនេះឡើងដើម្បីតម្រូវការនិស្សិតអាយធី។   មេរៀននេះជាភាសាខ្មែរ:ហើយមានទទួលបង្កើត Blogspot និង  web site ទំនាកទំនងតាមរយ:  ​ 0967804106   E-mail:hengthoeurn999@gmail.com...




រៀនបទរៀនបាទចាសកុំច្រលាសលើរៀមច្បង
ស្រដីនឹងអ្នកផងពាក្យឲ្យគួរកុំឯងវ៉ី។
អឺអើអញដាច់សាច់ឆ្គងពាក្យពេចន៍គេស្រដី
ដើមដៀលឲ្យអប្រិយស្រដីថាកូនអត់ពូជ។
ចាស់ទុំមិនប្រដៅជេរកូនចៅទើបវាខូច
គេថាកូនឥតពូជមិនដឹងច្បាប់នឹងចាស់ទុំ។
គេដៀលដល់ម៉ែឪកេរ្តិ៍អាស្រូវស្អុយរហ៊ុម
គេស្តីដើមជៀវជុំដំនៀលនោះដល់មកចាស់។
កុំកាចកុំស្លូតពេកកុំចំអៀករៀនរហ័ស
កុំខ្លាចកុំហ៊ានណាស់ឲ្យរំពឹងរំពៃគ្រប់។
ទោះដេកឲ្យរហ័សភ្ញាក់មុនចាស់ដោះឡើងលុប
មុខមាត់មើលឲ្យគ្រប់ទ្រព្យរបស់សឹមដេកវិញ។
មាសប្រាក់ស្រូវអង្ករទុកឲ្យល្អកុំសប្បុរស
សំចៃកុំឲ្យអស់មើលថែថួនខ្លួនឯងណា។
សូវស្តួចកុំឲ្យដាច់បើវាតិចឲ្យឧស្សាហ៍
រិះរកផ្សំទៀតណាឲ្យបានច្រើនក្រវើនទុក។
នឹងចាយឲ្យគិតក្រោយទោះនឹងឲ្យៗមើលមុខ
កុំឲ្យស៊ុកគ្រលុកទោះនឹងទុកឲ្យចំណាំ។
រដូវធ្វើចំការឲ្យឧស្សាហ៍គ្រឿងគ្រាប់ដាំ
ស្លឹកគ្រៃខ្ញីត្រប់ត្រុំត្រាវត្រសក់ត្រប់បន្លៃ។
កុំខ្ជិលកុំច្រអូសទៅរងួសរត់សុំគេ
គេមិនឲ្យឯងទេតែគឺមោះព្រោះខ្ជិលដាំ។
ប្រយ័ត្នប្រយោជន៍យូរទោះលក់ដូរមើលថែថួន
ទោះទ្រព្យរបស់ខ្លួនឲ្យសួរកូនសួរប្រពន្ធ។
កុំអាងឯងជាប្រុសចាយរបស់មិនគិតគន់
មិនដឹងដល់ប្រពន្ធព្រមព្រៀងគ្នាឥតបើថា។
ទោះបីបើបងប្អូនរកពឹងខ្លួនទៅទីណា
ទោះទៅលេងឥតការឥតគេរកដើរឆ្ងាយជិត។
ឲ្យប្រាប់អ្នកនៅផ្ទះកុំរលះឥតគំនិត
គេភ័យព្រួយចិត្តគិតព្រោះមិនដឹងជាទៅណា។
បើសិនជាមានភ័ព្វប្រសើរគាប់នោះឥតថា
ប្រសិនពានពស់ខ្លាខ្យល់ចុកចាប់ឥតបើសម។
កូនអើយបាកុំធ្លោយកុំធ្លាប់ឲ្យអាប់កិត្តិយស
ធម្មតាកើតជាប្រុសឲ្យរករៀនច្បាប់មាត្រា។
លោកថាហៅឆ្កួតបីមួយឆ្កួតស្រីមួយឆ្កួតស្រា
មួយឆ្កួតល្បែងពាលាលេងបៀប៉ោធួកំតាត់។
ទាក់មាន់ទាក់ទទាជល់ភ្នាល់គ្នាបរបាញ់សត្វ
អន្ទាក់ដាក់បង្កាត់ល្បែងអស់នោះមិនកំណើត។
ធម្មតាប៉ោ និងបៀមិនដែលខ្មែរណានឹងកើត
មិនឮមានកំណើតមានតែលិចលង់ខ្លួនទេ។
ជួនកាលគេចាញ់ឯងរៀងរាល់ល្បែងតែងនឹងរេ
មានកាលឯងចាញ់គេកុំទុកចិត្តថាឯងប៉ិន។

(ដកស្រង់ចេញពីច្បាប់ប្រុសរបស់ បណ្ឌិត ម៉ឺន មៃ)

ចុចទីនេះទាញយក

Share:

No comments:

Post a Comment

© ប្រភពចែកចាយ All rights reserved | Theme Designed by Blogger Templates