Saturday, August 9, 2014

រឿងស៊ឹមអ្នកបរឡាន


ខ្ញុំបាទឈ្មោះ​ ហេង​​ សុខ ធឿន បានបង្កើតវើបសាយនេះឡើងដើម្បីតម្រូវការនិស្សិតអាយធី។ មេរៀននេះជាភាសាខ្មែរ :ហើយមានទទួលបង្កើត Blogspot និង  web site ទំនាកទំនងតាមរយ:  ​​​      0967804106
 E-mail:hengthoeurn999@gmail.com  .....


រឿង ស៊ឹមអ្នកបរឡាន ត្រូវបាននិពន្ធឡើងដោយដោយលោកអឹម ថុក នៅឆ្នាំ១៩៥៦។ លោកអឹម ថុកគឺជាចាងហ្វាងកាសែតវត្តភ្នំកាលពីសម័យសង្គមរាស្ត្រនិយម។ លោកត្រូវបានស្លាប់ដោយសារជនមិនស្គាល់មុខលួចធ្វើឃាត។
រឿង ស៊ឹមអ្នកបរឡាន មានចំនួន១១វគ្គ៖
 រឿងស៊ឹមអ្នកបរឡាន
ព្រឹកម៉ោង៩ នៅលើផ្លូវជាតិលេខ១ ចំពីមុខផ្សារត្រីក្រុងភ្នំពេញ រទេះឡានតូច-ធំបើកវីចុះឡើង ប្រជ្រៀតនឹងស៊ីក្លូ រទេះកង់ រទេះសេះ និងរទេះគោ។នៅក្បែរថ្នល់ខាងកើតឆៀងខាងជើងផ្សារ មានទីលានមួយមានបណ្ដោយប្រហែល៧០ម ទទឹង៣០ម។ក្នុងទីវាលនោះអ្នកធ្វើការប្រុសស្រី បានប្រញាយកាប់គាស់រែកសែង ញាប់ដៃញាប់ជើង។ខ្លះជីកចង្អូរ ខ្លះបំបែកដុំឥដ្ឋ ដុំបេតុង ខ្លះដងទឹកពីទន្លេសាបយកមកលាងក្រួសអាចម៍ផ្កាយលាយបាយអ។ល។ ហើយបើយើងសង្កេតមើលយូរបន្តិច យើងមុខជានឹងឃើញអ្នកធ្វើការទាំងនោះ មានមុខការខុសគ្នា ធ្វើដោយក្រុមៗនៅក្រោមមេតម្រួតបួននាក់។
ក្នុងក្រុមលាយបេតុង ស្រីប្រុសវៀតណាមធ្វើការលាយចម្រុះគ្នា។ អ្នកទាំងអស់គ្នាបែកញើសសស្រាក់ខំធ្វើការតែរៀងខ្លួន ខ្លះជញ្ជូនថ្មដាក់ធុងវាល់ ខ្លះចូកខ្សាច់ ខ្លះលាយបេតុង ខ្លះរែកទឹក ខ្លះលីបាវស៊ីម៉ងត៍ ខ្លះទៀតជញ្ជូនបេតុងយកទៅចាក់ឫសផ្ទះ។ ក្នុងក្រុមរៀបជញ្ជាំង ជាងកំបោរ ខ្មែរវៀតណាម បានខំរៀបឥដ្ឋដាក់តជាន់លើគ្នាផ្សារភ្ជាប់នឹងបាយអ។បានមួយជាន់ពីរជាន់ឥដ្ឋ គេផ្ទៀងតម្រង់ខ្សែបន្ទាត់ឲ្យត្រង់ ប្រយ័ត្នកុំឲ្យវៀច។គេខំសម្អិតសម្អាងណាស់។នៅចម្រុះនឹងពួកជាងកំបោរ មានជាងឈើយកមេទ្វារបង្អួច មកលើកដំឡើង វាយចាងណាងខ្វែងចុះឡើង ប្រើកូនតឹងស្ទង់មេបញ្ឈរ ប្រើកែវស្ទង់មើលមេផ្ដេកឲ្យស្មើ។ ក្នុងក្រុមជីកបន្លាយឫស គូលីស្រីប្រុស ខ្មែរវៀតណាម ចម្រុះគ្នាបាន់ជីកកាប់ដីបំបែកដុំបេតុង គាស់កម្រាលឥដ្ឋ។ខ្លះទៀតកើបដីជញ្ជូនចាក់ឆ្ងាយពីកន្លែងធ្វើការ។
ក្រុមគូលីនោះរាប់អានគ្នាណាស់។គេមិនប្រកាន់ថា អ្នកនេះជាតិនេះ អ្នកនោះជាតិនោះឡើយ។គេនិយាយរកគ្នាដោយស្មោះស្ម័គ្រ គេចំអែចំអន់គ្នាលេង។ក្មេងៗហៅចាស់ៗ ពូមីង យាយតា។ឯចាស់ៗវិញ ហៅក្មេងៗ ក្មួយឬចៅ ឬអាមឹងទៅតាមការរាប់អានរបស់គេ។ក្រុមគូលីមានចិត្តស្រដៀងគ្នា គំនិតដូចគ្នា ជីវភាពដូចគ្នា ការងារដូចគ្នា ចិត្តដូចគ្នា។សេចក្ដីត្អូញត្អែររបស់កម្មករម្នាក់ ក៏ដូចជាសេចក្ដីត្អូញត្អែររបស់ក្រុមទាំងមូលដែរ។ បើម្នាក់បានទទួលផលអាក្រក់ណាមួយ អ្នកឯទៀតបើមិនយូរក៏ឆាប់ ត្រូវទទួលផលអាក្រក់នោះមិនខានដែរ។
នៅក្នុងក្រុមបេតុង មីងប្រេមមានរាងស្គមស្លាំង បានងាកមើលឆ្វេងស្កាំ មិនឃើញអ្នកតម្រួត ក៏និយាយតិចៗថា៖
  • ខ្ញុំខានមួយថ្ងៃអាទិត្យនេះ។
  • ហេតុអ្វីក៏ដូចនេះ? (សម្លេងមួយសូរឡើង!)
  • អ្នកមិនដឹងឬ? ដើម្បីបានការធ្វើ ខ្ញុំត្រូវបង់ខាតមួយថ្ងៃឲ្យទៅគេណា។
នាយម៉េងដែលជាអ្នកចូកខ្សាច់ ក្រោយដែលបានយកខ្នងដៃជូតញើសថ្ងាស ឆ្លើយតប៖
  • មិនមែនតែមីងឯងទេខាតនោះ ខ្ញុំក៏ត្រូវគេកាត់ប្រាក់ឈ្នួលអស់ពីរថ្ងៃដែរ។គេចេះប្រកាន់ថា ខ្ញុំដើរឡានធ្វើឲ្យបែកក្បឿងច្រើន…
  • ប្រាក់ឈ្នួលមួយថ្ងៃ១៨រៀល ហើយកាត់មួយថ្ងៃទៅទៀត បានអ្វីស៊ី(មីងប្រេមថ្ងូរ)។យើងជាពួករងកម្មមែន…
  • ពិតមែនហើយ(ម៉េងឆ្លើយ)។យើងបានជាឫសសង្គមខ្មែរ។ យើងត្រូវទទួលការធ្ងន់ទាំងប៉ុន្មាន មិនខុសពីបេតុងឫសផ្ទះយើងធ្វើនេះទេដែលត្រូវទ្រទម្ងន់ផ្ទះសព្វសារពើ…។
កំពុងតែជជែកថ្លែងទុក្ខប្រាប់គ្នាដូចនេះ ស្រាប់តែសម្លេងមួយខ្លាំងលាន់ថា៖
  • ខំធ្វើការឲ្យមែនទែន ខ្ជិលណាស់គិតតែជជែក… ប្រយ័ត្នមិនបើកលុយឲ្យថ្ងៃសៅរ៍អាទិត្យនេះ។
  • ថីសែហ្វមកហើយវ៉ើយកនយើង។ថីនេះជាភ្នែកច្រមុះរបស់ហាង។ គាត់បានប្រាក់ខែច្រើនណាស់ ហាងឲ្យឡានគាត់មួយដើរត្រួតការ (នាងម៉េងបានខ្សឹបប្រាប់កូនគាត់)។
កន្លះម៉ោងក្រោយ ថីសែហ្វបានបើកឡានទៅវិញ ម៉េងនិយាយត៖
  • ប្រាំឆ្នាំហើយ ខ្ញុំធ្វើការជាមួយហាងនេះ។ខ្ញុំដើរឡានដឹកឥដ្ឋ ក្បឿង ឈើនៅកំពង់ឆ្នាំង កំពង់ចាម តាកែវ។ហាងបានចំណេញច្រើនណាស់ក្នុងប៉ុន្មានឆ្នាំនេះ ពីដើមមានឡានតែមួយទេ ឥឡូវមានប្រាំបី។ថៅកែពីដើមជិះតែស៊ីក្លូ ឥឡូវមានឡានតូចល្អណាស់ ឯចំណែកគូលីវិញ ដូចខ្ញុំជាដើម នៅតែខ្វះច្រករាល់ពេល។ក្នុងពពួកជើងឈ្នួលហាង មានតែថីសែហ្វទេដែលបានគ្រាន់បើមានផ្ទះនៅ មានកូនឡានជិះ។ហាងនេះទទួលម៉ៅការសង់ផ្ទះ សង់បន្ទាយច្រើនក្នុងប៉ុន្មានឆ្នាំនេះ។
 រឿងស៊ឹមអ្នកបរឡាន
ព្រះអាទិត្យពេលជិតថ្ងៃត្រង់ ចោលចំហាយក្តៅដូចគេដុត អ្នកធ្វើការគ្រប់គ្នាអស់កម្លាំងធ្វើការរវ៉ើយដៃរវ៉ើយជើង ស្នូររគាំងលាន់ឮម៉ឹងៗ។ពេលសម្រាក់ថ្ងៃត្រង់បានពង្រីកមុខអ្នកធ្វើការ។ ក្រុមគូលីសើចដាក់គ្នា យកប្រដាប់ប្រដារបស់ខ្លួន មានបង្គី ចបកាប់ ប៉ែល ធុងទឹក។ល។ ទៅប្រគល់ឲ្យអ្នកយាមឃ្លាំង រួចក៏បោសដីពីខ្លួនយ៉ាងប្រញាប់ប្រញាល់ ដើរសំដៅទៅទីកន្លែងរៀងខ្លួន។
គូលីនៅផ្ទះជិត ជាងណាមានកត់ជិះបានត្រឡប់ទៅសម្រាកថ្ងៃត្រង់នៅផ្ទះអាត្មាជួបជុំប្រពន្ធកូន។ ឯចំណែកអ្នកគ្មានផ្ទះ ឬមានផ្ទះនៅឆ្ងាយមិនបានត្រឡប់ទៅទីលំនៅក្នុងពេលសម្រាកនេះទេ។ ពួកថីកាប៉ូរ៉ាល់បានវិលត្រឡប់ទៅផ្ទះតែសព្វៗខ្លួន។
ក្នុងពពួកគូលីជាប់១០០នាក់ គេឃើញគូលី២០នាក់បានទៅសម្រាកក្នុងវាលធ្វើការហើយមានខ្លះពិតមែន តែមិនបានត្រឡប់ទៅផ្ទះ បានថយទៅសម្រាកនៅសំយាបផ្ទះ ឬក្រោមម្លប់ឈើលើចិញ្ចើមថ្នល់ក្រៅរបងធ្វើការទៅវិញ។ គូលីដែលបានសម្រាកក្នុងរបងធ្វើការបានបែងចែកគ្នាជាក្រុម។ អ្នកស្និទ្ធស្នាល ឬសាច់ញាតិគ្នាបានរួមបាយជាមួយគ្នា។មីងប្រេមបានចូលវង់ជាមួយម៉េង នាងប្រុញក្មួយស្រីគាត់ និងគូលីម្នាក់ទៀត។គេចូលម្ហូបគ្នា។ម្នាក់ៗសុទ្ធតែមានកញ្ចប់បាយ។ ម្ហូបក្រៀមក្រោះ មានកូនត្រីប្រឡាក់ ក្តាមប្រៃ ខ្ទឹមប្រៃ ប្រហុកអំបិល។គេស៊ីត្បិតត្បៀតណាស់។គេស៊ីម្ហូប គេស៊ីបាយច្រើន។គេស៊ីឲ្យតែធ្ងន់ពោះ ព្រោះម្ហូបគេមិនមែនបានផ្តល់ឲ្យគេមានសុខភាពអាយុវែងទេ។ គេស៊ីឲ្យតែរស់សម្រាប់កាប់គាស់ថ្ងៃរសៀល…ថ្ងៃស្អែកទៀត…។ ស៊ីរលីបរលាប រហេមរហាមនេះបានធ្វើឲ្យគេអស់កម្លាំងឆាប់ ព្រមនិងបណ្តុះស្មារតីឲ្យគេត្រិះរិះដោះទុក្ខវេទនារបស់គេ។ លក្ខណៈសម្បត្តិនៃការរស់នៅជាមេកំណត់ស្មារតីរបស់មនុស្ស។ ម៉្លោះហើយគូលីទាំងនោះ ទាំងត្រូវទាំងខុស ចេះតែបបួលគ្នាជជែករកមធ្យោបាយប្រែការរស់នៅរបស់ខ្លួនឲ្យបានស្រួល ឲ្យបានឆ្អែត។
គេបាយបណ្តើរ គេជជែកគ្នាបណ្តើរ។មីងប្រេមបែបគិតជាងគេ។ គាត់រំពៃមើលទៅកូនប្រុសគាត់ដែលមានអាយុ៥ឆ្នាំ ហើយដែលគាត់ដាក់ឲ្យវាដេកនៅបៀតនោះ។គាត់យកក្រមាបក់ដេញរុយឲ្យវាម្តងៗ បន្ទាប់មកគាត់បាននិយាយ៖
  • ធ្វើការហត់ណាស់ ញើសជាទឹក បានស៊ីមិនឆ្អែត បានព្រឹកខ្វះល្ងាច លិទ្ធអំបិលប្រហុករាល់តែថ្ងៃ មានកម្លាំងឯណាធ្វើការ។
  • ប្រាកដហើយ…! (ម៉េងបន្ថែម…)។
  • ស្រុកយើងឯករាជ្យ សន្តិភាពហើយ គួរតែយើងបានរស់ស្រួល គួរតែយើងស៊ីឆ្អែត គួរតែយើងបានធូរ។ (ម្នាក់បានបន្ត…)។
  • គ្មាននរណាស្គាល់ទុក្ខយើងជាងយើងទេ មានតែក្រុមយើងទេដែលអាចដោះទុក្ខយើង។ខ្លួនទីពឹងខ្លួន។ យើងជាគូលីមិនខុសពីសត្វគោនោះទេ។គេចិញ្ចឹមយើងឲ្យ គ្រាន់តែរស់ដើម្បីគេប្រើថ្ងៃស្អែកទៀត…។ (ម៉េងបាននិយាយ)។
  • ចុះអ្នកហ៊ីឯង បានធ្វើគូលីប៉ុន្មានឆ្នាំហើយៗ មានសល់កាក់ខ្លះទេ? (មីងប្រេមបានសួរទៅគូលីម្នាក់ទៀតដែលបាយជាមួយ ហើយដែលមានមាឌមាំ សក់រួញអង្គាដី)។
  • ខ្ញុំធ្វើគូលីជាងមួយឆ្នាំហើយ។ប៉ុន្មានខែមុននេះ ខ្ញុំបានចូលធ្វើគូលីនៅបៀតវត្តភ្នំ ធ្វើផ្ទះបុណ្យពិព័រណ៍។
  • ធ្វើស្រួលឬទេនៅទីនោះ?
  • ស្រួលមិនកើតទេ! ស៊ីមិនគ្រាន់ដូចតែគ្នាអ៊ីចឹង!
  • ចុះហេតុអ្វីបានជាឈប់ពីទីនោះ?
  • ខ្ញុំទៅសួរកូនខ្ញុំឈឺនៅបាត់ដំណឹង ហើយត្រឡប់មកវិញ គេឈប់យកគូលីទៀត។ខ្ញុំតែលតោលអស់៤-៥ថ្ងៃទើបនឹងសូមធ្វើការបាននៅហាងនេះ…។ នាងប្រុញ ក្មួយស្រីមីងប្រេមបានផ្ទៀងស្តាប់ ហើយក៏សួរដោយឆ្ងល់ថា៖
  • នៅគ្រប់កន្លែងធ្វើការគូលីស៊ីដូចគ្នាឬ?រស់នៅដូចគ្នាឬ?
  • មិនដូចគ្នាទេ។ (នាងម៉េងឆ្លើយ)។គូលីត្រាវ៉ូស៊ីបានមួយថ្ងៃ១២រៀលនៅខេត្តក្រៅ។ នៅទីក្រុងស៊ី១៥រៀល ឬ១៨រៀលតាមភេទប្រុសស្រី តាមចាស់ក្មេង។គូលីហាងក៏ស៊ីមិនដូចគ្នាដែរ។ដូចពួកយើងនេះ មានស៊ីតាំងពី១៤រៀល ទៅ២២រៀល តាមអាយុក្មេងចាស់ និងតាមធ្វើការយូរឆាប់។នៅកន្លែងបូមដី គូលីមានស៊ីដល់ទៅ៣០រៀលមួយថ្ងៃ។
គូលីស្ទើរគ្រប់រូបបានស៊ីការ៉េម និងនំបញ្ចុកជឿ។ម៉្លោះហើយ ក្រោយពីបើក “ប្រាក់ឈ្នួលដាច់ពោះ” នេះ គូលីតែងតែត្អូញប្រាប់គ្នា។មីងប្រេមបានថ្ងូរប្រាប់ម៉េង និងហ៊ី៖
  • ខ្ញុំអាទិត្យនេះជំពាក់នំបញ្ចុក២០រៀល ចឹកការ៉េម៥រៀល។ខ្ញុំខំអត់សំចៃណាស់តែអស់កម្លាំងពេក ធ្វើការអស់កម្លាំងពេកទ្រាំសុំផងមិនបាន…។
ហ៊ីបានបន្ថែម៖
  • មិនមែនតែមីងម្នាក់ឯងទេជំពាក់នោះ ធ្វើការម៉្ងៃៗញើសជាទឹក យើងគ្រប់គ្នារវល់តែឲ្យទៅចឹកការ៉េម មីងលក់នំបញ្ចុក។
មិនស្របយោបល់នេះ ម៉េងបានបំភ្លឺ៖
  • នឿយជិតស្លាប់មិនស៊ីខ្លះ បានកម្លាំងឯណាធ្វើការ… ចឹក និងមីងនំបញ្ចុកនោះក៏មិនឃើញចំណេញឯណាច្រើនដែរ ឃើញតែរស់នៅត្រដាបត្រដួសដូចយើងអ៊ីចឹង ហើយខំក្រោកស្លតាំងពីមាន់រងាវ ដងរែកកប់ស្មា រែកយកមកឲ្យយើងបន្តកម្លាំង…។យើងខ្វះមុខ ខ្វះក្រោយស៊ីមិនឆ្អែត គឺមកពីយើងបានប្រាក់ឈ្នួលថ្លៃតិចពេក…។ហាងបានគៃយកចំណេញពីយើងជាងពាក់កណ្តាល។ ដឹងទេ ហាងទិញពីយើង១០រៀល យកទៅលក់ឲ្យរាជការជាងម្ភៃរៀល។រឿងជីកឫសផ្ទះនេះ ជាក់ស្តែងណាស់ ហាងម៉ៅឲ្យយើង១ម៉ែតគូបតែ១០រៀល ហើយយកទៅលក់ឲ្យរាជការ២២រៀល។ឃើញទេ យើងធ្វើការ៨ម៉ោងមួយថ្ងៃ គេឲ្យយើងតែថ្លៃឈ្នួលបួនម៉ោងទេ…។
ហ៊ីបានស្តាប់ឈប់ប្រកែក។គាត់បែររំលឹកម៉េងថា៖
  • ថ្ងៃមុនបងម៉េងឯងបានប្រាប់យើងថា ទៅលេងស៊ឹមគូកនបងឯងសួរពីការរស់នៅស្រុកនានាថ្ងៃណាយើងទៅបាន…។
  • បើមីង បើបងហ៊ីឯងទំនេរ យើងទៅយប់នេះ…។
 រឿងស៊ឹមអ្នកបរឡាន
រាល់ថ្ងៃកន្លងទៅ ពួកគូលីបានដាំលើទីវាលនូវគេហដ្ឋានផ្សេងៗ។ ផ្ទះតូចមួយខ្នងនៅកៀនជញ្ជាំងរបងខាងត្បូង បានក្រោកឈរឡើងត្រដឹម។ នៅចំកណ្ដាលទីវាល ជញ្ជាំងឥដ្ឋពិតានខំវារងើបតាមសសរបេតុង ដែលបានលូនសំដៅត្រង់ទៅលើ។ នៅកៀនរបងខាងជើង សសរផ្ទះពីរជាន់លូចលេចឡើងមើលឆ្វេងស្តាំ មុខក្រោយ បែបនឹកក្នុងចិត្តថា មានតែខ្លួនទេដែលល្អ ដែលខ្ពស់ធំជាងគេនៅតំបន់ផ្សារត្រីតូចនោះ។
ផ្ទះចេះតែប្រែរូបរាងធ្វើខ្លួនថ្ងៃ លំអខ្លួនរាល់តែម៉ោង ពួកគូលីនៅតែនឿយ នៅតែហត់ នៅតែយ៉ាប់ដដែល រាល់ថ្ងៃសៅរ៍ មេហាងម៉ៅការបានមកត្រួតពិនិត្យ។ គាត់ញញឹមជាប់នឹងស្នាដៃពួកគូលីទាំងនោះ។ គាត់ដើរពីជើងទៅត្បូង ឈ្ងោកមើលត្រង់នេះ ចង្អុលត្រង់នោះ កិនក្រុមនេះ សរសើរក្រុមនោះ ថីសែហ្វបានដើរអែបថៅកែ មុខរីកទាំងពីរនាក់។ ថៅកែបាននិយាយ៖
  • ខំធ្វើការឲ្យឆាប់ឡើងទៅទៀត។ បើយើងហើយមុនពេលកំណត់ យើងរឹតតែចំណេញច្រើន។ តាមខ្ញុំគិតឃើញមួយលើកនេះ យើងចំណេញជិតមួយលាន… ផាត់ស៊ីចុក ស្គាល់លោកនេះ ស្គាល់លោកនោះទៅ យើងប្រហែលសល់ប្រាំសែនដែរ… ។
  • ធ្វើការឥឡូវមិនពិបាករកគូលីទេ។ មនុស្សគ្មានការងារធ្វើច្រើនណាស់ រាល់ថ្ងៃមានមនុស្សមកសុំធ្វើគូលីគ្មានដាច់… ។
  • បើដូចនេះត្រូវបង្ខំគូលីឲ្យធ្វើការលើសនេះទៅទៀត។ ត្រូវបង្ខំកាប៉ូរ៉ាល់ឲ្យចេះប្រើគូលីមែនទែន កុំឲ្យមាននៅទំនេរ… ។ ថីស្គាល់ទេ របៀបចាត់ការ តាមវិស្វករអាមេរិកឈ្មោះតៃល័រ។ គេលៃដូចម្ដេចកុំឲ្យគូលី កុំឲ្យជាង នៅទំនេរ… ។
  • កាប៉រ៉ាល់យើង សុទ្ធតែអ្នកថ្នឹកការទាំងអស់ ពូកែលោមមនុស្សប្រើណាស់។
  • យើងទៅមើលកន្លែងពោធិ៍ចិនតុងទៀត… ។
  • បាទ! អញ្ជើញ…
មុននឹងចេញទៅ ថីសែហ្វបានងាកមកបង្គាប់កាប៉ូរ៉ាល់ឲ្យខំប្រើគូលីមែនទែន ហើយបើមាននរណាខ្ជិល ដេញចេញ ហើយដល់បើកប្រាក់ល្ងាចថ្ងៃសៅរ៍ អាទិត្យនេះ។
នៅរាល់ល្ងាចថ្ងៃសៅរ៍ ប្រហែលម៉ោងជាងបួន អ្នកស្រីប្រពន្ធថៅកែ និងថីសែហ្វ បានយកប្រាក់ទៅបើកឲ្យគូលី ពួកជាង ពួកគូលី ខ្លះឈរ ខ្លះអង្គុយផ្ដុំគ្នាយកលុយ ហើយបានថយក្រោយមកវិញ។ ខ្លះបើកបាន៩០រៀល ខ្លះបើកបាន១២០រៀល តាមឋានៈ តាមភេទ តាមអាយុរៀងខ្លួន។ ក្នុងពេលនេះ គូលីបានរីកមុខខុសពីធម្មតា តែសេចក្តីសប្បាយនឹងបើកប្រាក់អត់ឃ្លាននេះ មិនបានហួសកន្លះម៉ោងទេ។ នៅទ្វារមាត់របង ចឹកលក់ការ៉េម បានឈរចាំ។ គាត់បានស្រែកពពាយនាយលក់ការ៉េម ហើយបានទារលុយពីអ្នកស៊ីការ៉េមគាត់ជឿ។ គេឮសម្លេងគាត់ប៉ៃឡាំថា អាតូចឯងជឿអញ៥រៀល… មីងឯង៤រៀល… សងអញមក។
នៅជិតគាត់ មីងពតអ្នកលក់នំបញ្ចុកបានស្រែកហៅគូលីបើកលុយមកភ្លក់នំបញ្ចុកគាត់ដែរ។ ដូចចឹកការ៉េម មីងពតបានលក់នំបញ្ចុកជឿឲ្យក្រុមគូលីសង់ផ្ទះ។ រាល់ល្ងាចថ្ងៃសៅរ៍ ប្ដីគាត់បានមកជាមួយផងដែរ។ ប្ដីគាត់បានកាន់កូនសៀវភៅតូចមួយ ហើយឈ្មោះអ្នកស៊ីជឿឲ្យសងលុយគាត់។
គូលីស្ទើរគ្រប់គ្នា បានស៊ីការ៉េម និងនំបញ្ចុកជឿ។ ម្ល៉ោះហើយក្រោយពី “ប្រាក់ឈ្នួលដាច់ពោះ” នេះ គូលីតែងតែត្អូញប្រាប់គ្នា។ មីងប្រេមបានថ្ងូរប្រាប់ម៉េង និងហ៊ី៖
  • ខ្ញុំអាទិត្យនេះ ជំពាក់នំបញ្ចុក២០រៀល ចឹកការ៉េម៥រៀល។ ខ្ញុំខំអត់សំចៃណាស់ តែអស់កម្លាំងពេក ធ្វើការអស់កម្លាំងពេក ទ្រាំសុំផងមិនបាន… ។
ហ៊ីបានបន្ថែម៖
  • មិនមែនតែមីងម្នាក់ឯងទេជំពាក់នោះ ធ្វើការម្ង៉ៃៗញើសជាទឹក យើងគ្រប់គ្នារវល់តែឲ្យទៅចឹកការ៉េម មីងលក់នំបញ្ចុក
មិនយល់ស្របយោបល់នេះ ម៉េងបានបំភ្លឺ៖
  • នឿយជិតស្លាប់ មិនស៊ីខ្លះ បានកម្លាំងឯណាធ្វើការ… ចឹក និងមីងលក់នំបញ្ចុកនោះក៏ឃើញមិនចំណេញឯណាច្រើនដែរ ឃើញតែរស់នៅត្រដាបត្រដួស ដូចយើងឯចឹង ហើយខំក្រោកស្លតាំងពីមាន់រងាវ ដងរែកកប់ស្មា រែកយកមកឲ្យយើងបន្តកម្លាំង… ។ យើងខ្វះមុខខ្វះក្រោយស៊ីមិនឆ្អែត គឺមកពីយើងបានប្រាក់ឈ្នួលថ្ងៃតិចពេក… ។ ហាងបានគៃយកចំណេញពីយើងជាងពាក់កណ្ដាល។ ដឹងទេ ហាងទិញពីយើង១០រៀល យកទៅលក់ឲ្យរាជការ ជាងម្ភៃ។ រឿងជីកឫសសង់ផ្ទះនេះ ជាក់ស្ដែងណាស់ ហាងម៉ៅឲ្យយើង១ម៉ែតគូបតែ១០រៀល ហើយយកទៅលក់ឲ្យរាជការ២២រៀល។ ឃើញទេយើងធ្វើការ៨ម៉ោងក្នុងមួយថ្ងៃ គេឲ្យយើងតែថ្លៃឈ្នួល៤ម៉ោងទេ… ។
ហ៊ីបានស្ដាប់ ឈប់ប្រកែក។ គាត់បែររំលឹកម៉េងថា៖
  • ថ្ងៃមុនបងម៉េងឯងបានប្រាប់យើងថា ទៅលេងស៊ឹមគូកនបងឯង សួរពីការរស់នៅស្រុកនានា ថ្ងៃណាយើងទៅបាន… ។
  • បើមីង បើបងហ៊ីឯងទំនេរ យើងទៅយប់នេះ… ។
 រឿងស៊ឹមអ្នកបរឡាន


យប់ខែដាច់ងងឹតចាក់ភ្នែកមិនធ្លុះនៅខាងក្រៅ។ ក្នុងផ្ទះតៀមមួយដែលមានទំហំ៥ម៉ែតបណ្តោយ ៣ម៉ែតទទឹង ចង្កៀងប្រេងកាតតូចមួយបានបំភ្លឺមិនសូវច្បាស់ មនុស្សបួននាក់អង្គុយដំកង់លើគ្រែឫស្សី។មនុស្សនោះគឺមីងប្រេម ម៉េង ហ៊ី និងស៊ឹម។ស៊ឹមជាម្ចាស់ផ្ទះ គាត់ជាអ្នកបរឡាន។ស៊ឹមបានស្គាល់ម៉េងកាលនៅបើកឡានឲ្យហាង ហើយកាលនោះម៉េងធ្វើគូលីតាមឡាន។ពិតមែនតែស៊ឹមចេញមកបរឡានរាជការ អ្នកទាំងពីរនៅតែទៅមករកគ្នា រាប់អានគ្នាយ៉ាងជិតស្និទ្ធ។
ផ្ទះស៊ឹមគ្មានតុ ទូ កៅអីអ្វីទេ ក្រៅពីគ្រែឫស្សីដែលអ្នកទាំងបួនបានអង្គុយដំកង់លើ និងគ្រែដេកមួយទៀត។នៅលើធ្នើរជញ្ជាំងមុខ គេឃើញមានសៀវភៅអធិប្បាយរដ្ឋធម្មនុញ្ញ ទំនៀមទំលាប់ និងច្បាប់ខ្មែរ ប្រវត្តិអាចារ្យហែមចៀវ កាសែតសាមគ្គី ប្រជាជនប្រជាជាតិខ្មែរ ខ្មែរថ្មីទៅមុខ ចងជាបាច់រៀបមានសណ្តាប់ធ្នាប់យ៉ាងល្អ។ស៊ឹមជាអ្នកចង់ចេះដឹង ចង់ដឹងមើលច្រើន។
យប់នេះគេប្រជុំគ្នាផឹកតែ។អ្នកទាំងបួនបានជជែកគ្នាសួរពីនេះ ពីនោះ សុខទុក្ខយូរបន្តិចមក ម៉េងបានផ្តើមថា៖
  • ធ្វើការស្រួលទេស៊ឹម?
  • មិនសូវជាពិបាកទេ តែតឹងទ្រូងណាស់…
  • ឯងបានប្រាក់ខែច្រើន…
  • ច្រើនមិនកើត។ខ្វះរាល់ខែ។ប្រពន្ធខ្ញុំទៅស្រែជួញអង្ករបាត់ហើយ ដើម្បីយកមកជួយទប់។បើកឡានត្រូវចេញទៅមុន ត្រឡប់មកក្រោយគេ។ខ្ញុំខ្នាញ់ធុញនឹងជូតដានជើងស្រីៗ។
  • ចៅហ្វាយស៊ឹមឯងស្រីឬ?
  • នៅតែឆ្ងល់ទៀតម៉េងឯង។ចៅហ្វាយខ្ញុំគាត់ដើរលេងយប់ បឹងស្នោ បាកំប៉ាយ ហើយព្រលឹមឡើងខ្ញុំត្រូវជូតដានជើងទាំងអស់។
  • ស្គាល់ហើយបឹងស្នោនោះ តែអាបាកំប៉ាយវាស្អីដែរ?
  • អាហ្នឹងក៏ដូចជាបឹងស្នោដែរ នៅបៀតកន្លែងចាក់សំរាមដេប៉ូ។អាស្នោ និងអាកំប៉ាយនោះ វាមានក្លិនដូចតែអាសំរាមដេប៉ូអីចឹង។តែនឹកឃើញរឿងអស់នេះ ចង់តែឈប់ធ្វើការ ខ្ញុំធុញទ្រាន់ណាស់នឹងជូតដានជើងអស់នោះ។
ហ៊ី និងមីងប្រេមបានស្តាប់មើលមុខស៊ឹមមិនដាក់ភ្នែក។ម៉េងឃើញស៊ឹមតូចចិត្តខ្នាញ់ដូចនេះ បានប្រែរឿង៖
  • ឈប់និយាយពីរាត្រីថ្ងៃសៅរ៍ បឹងស្នោ ឬបាកំប៉ាញទៅ យើងមកយប់ថ្ងៃសៅរ៍នេះមានបំណងធំចង់ឲ្យស៊ឹមឯង ដែលជាអ្នកមើលសៀវភៅ កាសែតច្រើន ពន្យល់យើងអំពីការរស់នៅនៃគូលីនៅ ប្រទេសនានាក្នុងលោក។តើកម្មករស្រុកគេវេទនាដូចយើងដែរឬ? តើគេទិញមនុស្សប្រើខួបដូចយើងដែរឬ?
  • ខ្ញុំមិនសូវដឹងជ្រៅជ្រះទេរឿងប្រទេសគេ។តែខ្ញុំបានសួរគេឯង មើលកាសែតបានដឹងខ្លះ។ខ្ញុំនិយាយកាត់ៗបានខ្លះ តែបើបងប្អូនបានឮដំណឹងប្លែក ជួយកែតម្រង់ផង។
ដល់ត្រឹមនេះ ស៊ឹមបានឈប់ក្រែបតែលាងបំពង់ក រួចគាត់ចាប់និយាយត៖
  • សកលលោកសព្វថ្ងៃ ចែកជាពីរផ្នែក៖ ផ្នែកសង្គម និងចក្រពត្តិនិយម។នៅផ្នែកសង្គមនិយម បើយើងជឿសេចក្តីថ្លែងការណ៍របស់អ្នកនយោបាយចំណានៗនៅទ្វីបអាស៊ី យើងមុខជាជ្រាប់បានថា នៅប្រទេសនោះការកសាងសេដ្ឋកិច្ចបានចម្រើនរហ័ស។កម្មករ គូលីបានធ្វើជាម្ចាស់នៃការងាររបស់ខ្លួន មានសមាគម មានសហជីពជួយដឹកនាំពួកកម្មករគូលី ឲ្យចេះតស៊ូទល់នឹងធម្មជាតិ បង្កើនផលដើម្បីកែប្រែ និងលើកតម្កើងការរស់នៅឲ្យបានខ្ពស់សុចរិតយុត្តិធម៌។នៅផ្នែកចក្រពត្តិវិញ ការរស់នៅប្រជាជនមានច្រើនជាន់ខុសគ្នាណាស់។អ្នកណាមានស៊ីៗមិនអស់ រឹតតែមានឡើង ហើយអ្នករហេមរហាមរឹតតែរហេមរហាមទៅ។នៅប្រទេសអាមេរិច សព្វថ្ងៃប្រជាជនជាង៤លាននាក់គ្មានការធ្វើហើយរស់នៅយ៉ាងវេទនា។ តែដោយការទាមទារដ៏អង់អាចរបស ់កម្មករនៅប្រទេសចក្រពត្តិធំៗ បារាំង អង់គ្លេស អាមេរិច កម្មករមានសិទ្ធិផ្តុំគ្នាជាសមាគម ជាសហជីព រើសតំណាងឲ្យទៅតវ៉ាទាមទារប្រាក់ឈ្នួលឲ្យបានស៊ីគ្រប់គ្រាន់ និងមានកម្រិតម៉ោងធ្វើការ កុំឲ្យហួសពី៤៨ម៉ោងមួយអាទិត្យ។ដូចនេះបានជាយើងបានដំណឹងរាល់ខែ រាល់អាទិត្យថា នៅប្រទេសចក្រពត្តិធំៗទាំងនោះ កម្មករមានអ្នកបើកឡាន ជាងតម្បាញទាំងពាន់ ទាំងម៉ឺន ទាំងសែននាក់បានធ្វើកូដកម្ម បាតុកម្មទាមទារប្រាក់ឈ្នួលឲ្យបានស៊ីគ្រប់គ្រាន់។
មីងប្រេមបានសួរកាត់៖
  • ស្រុកយើងពួកគូលី ពួកជាងធ្វើសមាគមបានទេ?មនុស្សសល់ច្រើនណាស់សព្វថ្ងៃ។
  • ស្រុកយើងឯករាជ្យ ប្រជាធិបតេយ្យត្រូវតែមានអំណាចផ្តុំគ្នាធ្វើសមាគមបាន។តែនៅបែកខ្ញែកគ្នាណាស់។ បើចង់កែប្រែការរស់នៅ ធ្វើជាម្ចាស់ការងាររបស់យើង ទាល់តែយើងបង្កើតសមាគមវិជ្ជាជីវៈ។
  • បើដូចនេះ ត្រូវធ្វើដូចម្តេច? មីងប្រេមសួរ។
  • រួបរួមសាមគ្គីរវាងគ្នាយើងយ៉ាងជិតស្និទ្ធ ដើម្បីរៀនសូត្រដើម្បីប្រមូលផ្តុំគ្នាជាសហជីព ជាសមាគម..។
  • រៀនម្តេចបាន បើធ្វើការអស់កម្លាំងជិតងាប់ម៉្ងៃ ហើយអាយុជាង៤០ហើយ។មីងប្រេមបានប្រកែក។
  • មិនជាអ្វីទេ ប្រពន្ធខ្ញុំទើបតែចាប់រៀន ក ខ ដែរ។ត្រូវឆ្លៀតរៀនពេលសម្រាកថ្ងៃ សម្រាកយប់ អក្សរមួយតួ ពីរតួ។សួរម៉េង សួរបងហ៊ី។បើយើងព្យាយាមមិនហួសពី៦ខែទេ យើងមើលកាសែតបាន។
ម៉េងបានសង្កត់ពាក្យស៊ឹម៖
  • ស្រុកយើងថ្កើន ទាល់តែពួកយើងថ្កើន ទាល់តែពួកយើងប្រឹងប្រែងការរស់នៅខ្លួនយើង។យើងត្រូវខំរៀន។
និយាយដល់ត្រង់នេះ នាឡិកាផ្ទះថ្មធំមុខបានទូង១១ម៉ូង ហ៊ីកេះម៉េងប្រាប់ថាល្មមហើយ។ម៉េងក៏និយាយត៖
  • យប់ជ្រៅហើយ យើងល្មមលាស៊ឹម ចាំថ្ងៃណាទំនេរមកទៀត។ហ៊ីត្រូវការខ្ចីសៀវភៅស៊ឹមខ្លះទេ?
  • ខ្ញុំចង់មើលប្រវត្តិអាចារ្យហែមចៀវ។
  • យកចុះ តែកុំឲ្យបាត់ ព្រោះក្រណាស់។សូមអញ្ជើញមកជជែកគ្នាលែងគ្នាទៀត ថ្ងៃក្រោយប្រពន្ធខ្ញុំមុខជាត្រឡប់មកពីស្រែវិញ។
 រឿងស៊ឹមអ្នកបរឡាន
  • ស៊ឹមឥឡូវមិនសូវនឿយហត់ទេ។ម៉ោងជិត៨បានមកដល់។ពូសនបាននិយាយទៅកាន់ស៊ឹម ក្រោយដែលស៊ឹមបានចតរទេះឡាននៅបៀតឡានគាត់ ហើយដើរមកអង្គុយជាមួយគាត់។
  • ចាំមិនយ៉ាប់ចុះ ស៊ឹមឆ្លើយ រាល់ថ្ងៃចេញពីផ្ទះម៉ោង៦ ទៅដល់ផ្ទះលោកម៉ោង៦កន្លះ ជូនកូនលោកទៅរៀន រួចត្រឡប់មកជូនលោកមកធ្វើការ។
  • កូនលោកទៅរៀនសាលាណា?
  • រៀនសាលាបារាំងបៀតវត្តភ្នំ។
  • ខ្ញុំមានកូនមួយដែរ វាប្រឡងជាប់សញ្ញាប័ត្រ តែប្រឡងចូលវិទ្យាល័យធ្លាក់។ឥឡូវមិនដឹងឲ្យទៅរៀនឯណាទេ។ ប្រាក់ខែមិនគ្រប់គ្រាន់សោះ។មីងឯងចងការលុយគេចាយរាល់តែខែ ពិបាកណាស់…។
  • ខ្ញុំក៏អីចឹងដែរ។ខ្វះព្រឹក ខ្វះល្ងាច។ឲ្យប្រពន្ធទៅស្រែលក់អង្ករគ្រាន់នឹងទប់។
  • ពូសង្ឃឹមលើឆ្នោតណាស់សព្វថ្ងៃ។រាល់ថ្ងៃអាទិត្យ ពូទិញឆ្នោត៣សន្លឹក តែវាមិនដល់ម្តងសោះ។ឲ្យតែត្រូវចំហុកសិបម៉ឺន ពូមុខជាសង់ផ្ទះ ហើយឲ្យកូនទៅរៀនសាលាឈ្នួលទៀត…។
  • ខ្ញុំឈប់ចាប់ឆ្នោតផ្សងសំណាងជាងមួយឆ្នាំហើយ។អស់ជាងពីរឆ្នាំ ខ្ញុំបានប្រព្រឹត្តលេងឆ្នោតរាល់អាទិត្យ តែវាមិនដែលបៀតមួយលេខសោះ។មួយខែៗចាយទៅឆ្នោតជិត១០០រៀល។ ជញ្ជាំងខ្ទមខ្ញុំពេញទៅដោយសន្លឹកឆ្នោតជាតិ…។
  • ចំណែកពូមិនដែលត្រូវសោះមែន តែមីងឯងដូចជាហេងជាងពូ គេត្រូវបានពីរលើកមួយពាន់ៗរៀល។ហេតុនេះហើយបានជាពូមិនទាន់អស់សង្ឃឹម ពូល្បងលេងទៀត…។
  • ខ្ញុំស្បថឈប់លេងហើយ។ខ្ញុំសន្សំលុយនោះយកទៅប្រើការផ្សេងវិញ។មួយខែជិត១០០រៀល។
  • យើងមិនចូលធ្លុងគ្នាទេ។ពូនៅតែលេងឆ្នោតជានិច្ច។មើល តើឯងសន្សំទុកដូចម្តេចកើត បើខ្វះច្រករាល់តែខែដូចនេះ។
  • ខ្ញុំចាយលុយនោះទិញសៀវភៅល្អៗយកមករៀន ខ្ញុំជាវកាសែតមើល…។
  • រៀនខ្មោចអី ចំណាស់ស៊ឹមឯងហើយ។វាអស់បានធ្វើលោកអ្នកនឹងគេហើយ ធុនយើងនេះ។
  • ខ្ញុំគ្មានចង់ធ្វើលោក-អ្នកទេ។ ខ្ញុំចង់តែចេះដើម្បីឆ្ពោះទៅរកផ្លូវយុត្តិធម៌តែប៉ុណ្ណោះ។ ខ្ញុំចង់ចេះដើម្បីការពារសិទ្ធិសេរីភាពខ្ញុំ កុំឲ្យគេបំពាន។ខ្ញុំចង់ចេះដើម្បីជួយពង្រឹង និងពង្រីកអព្យាក្រឹតភាព ឯករាជ្យ ប្រជាធិបតេយ្យប្រទេសយើង…។
  • ទាវាមិនដែលឡើងរានទេស៊ឹមអើយ ជឿពូចុះ។ពូបើកឡានតាំងពីជំនាន់បារាំងមក មិនដែលឃើញអ្នកបើកឡានណាឆ្កួតដូចស៊ឹមឯងទេ គិតមើលកាសែត គិតរៀននោះទេ… ឯងកុំចង់ចេះពេក ព្រោះអ្នកចេះមិនស្រួលទេ។
  • ហេតុអ្វីក៏ដូចនោះ?
  • តែចេះវារបេះក្បាច់។អាចារ្យហែម-ចៀវ វ័ណ្ឌកដោយសារចំណេះទេតើ។ឯងមិនចាំទេ បារាំងនិរទេសទៅកោះត្រឡាច ចោលឆ្អឹងនៅកោះកណ្តាលសមុទ្រ…
  • នោះជាន់ដើម យើងចំណុះបារាំង…។
  • ចុះឥឡូវ គ្មានគុកឬ? ចាងហ្វាងកាសែតច្រើនណាស់ សុទ្ធតែចេះអធិប្បាយក្បោះក្បាយដែរ…។អ្វី! ពូមិនចាំបាច់និយាយវែងទេ ឯងដឹងស្រាប់ហើយ។
  • ពូថាឲ្យអស់ទៅមើល។
  • តើនៅគុកប៉ុន្មានខែ ម្នាក់ៗ? ឯងចាំទេ?
  • បើដូចនេះ ចង់ឲ្យកូនពូឯងរៀនចេះធ្វើអ្វី? ចាំបាច់គិតព្រួយពីគ្មានសាលាឲ្យវារៀនធ្វើអ្វី?
ត្រង់ពាក្យសួរនេះ ពូសនបែបទាល់ហើយក៏បែរមើលមុខស៊ឹម សួរតបមកវិញ៖
  • មើលឯង បានរៀនអ្វីខ្លះ? ឯងមើលកាសែតអ្វីខ្លះ?
  • ខ្ញុំ ពីដើមជាវកាសែតសាមគ្គី ប្រជាជន ខ្មែរថ្មីទៅមុខ។បន្ទាប់មកខ្ញុំជាវកាសែតប្រជាជាតិ ប្រជាធិបតេយ្យ។លោកខ្ញុំឲ្យកាសែតសង្គមរាស្ត្រនិយមខ្ញុំមើល ឥឡូវខ្ញុំមើល “វត្តភ្នំ”។
  • ស៊ឹមឯងហ៊ានមើលកាសែតប្រជាជាតិ ប្រជាធិបតេយ្យ ប្រជាជនផង នៅស្រុកស្រែចំការ ឮគេថា គេហាមមិនឲ្យមើលកាសែតអស់នោះទេ។គេដៅសម្គាល់អ្នកមើល ស៊ឹមឯងប្រយ័ត្ន…។
  • ខ្ញុំគ្រាន់តែឮ តែខ្ញុំមិនទាន់ឃើញនរណាហាមម្តងសោះ ក្រៅពីពូឯងបំភ័យខ្ញុំនេះ ក្នុងការធ្វើអ្វីក៏ដោយ យើងត្រូវពិនិត្យហ្មត់ចង់ មិនត្រូវភ័យជ្រួលគ្មានចុងដើមទេ។
  • យើងត្រូវសួរជាមុន តើកាសែតទាំងនោះ នរណាឲ្យច្បាប់ចេញ ក្រែងរាជការឬ? បើដូចនេះ អ្នកដើរបំភ័យមិនឲ្យមើល មានពូសនជាដើម គឺសុទ្ធជាអ្នកបំផ្លាញច្បាប់ សេរីភាព សិទ្ធិប្រជាជនខ្មែរពេញទី។
  • កុំចេះពេក។ពូដាស់រំលឹកទៅ បែរជាចោទថា ពូរំលោភសេរីភាព សិទ្ធិទៅវិញ។ស៊ឹមឯងប្រយ័ត្ន កុំក្អេងក្អាងពេក…។
  • ពូសនៗ។បើកឡានមក។សម្លេងមួយបានចេញពីមន្ទីរធ្វើការ។
ពូសនរត់ចូលទៅក្នុងឡាន បញ្ឆេះម៉ាស៊ីន បើកឡានគាត់ទៅអែបជើងជណ្តើរ បន្ទាប់មកឡានម៉ាកអាមេរិកវែងបានលូនចេញទៅក្រៅ…។
 រឿងស៊ឹមអ្នកបរឡាន
  • ម៉ោងប៉ុន្មានហើយ? មកចាំខ្ញុំយូរហើយឬ? ម៉េងបានសួរទៅស៊ឹមដែលកំពុងតែឈរមើលម៉ាស៊ីនបូមដី នៅត្រង់ផ្លូវបែលហ្ស៊ិក និងផ្លូវស៊ីសុវត្ថិ។
  • មកមួយស្របក់ហើយ។ម៉ោង៨ជាងកន្លះហើយ។ព្រឹកនេះមេឃស្រទំជាប់។
  • ខ្ញុំមិនយឺតទេ បើដូចនោះ តស់យើង ទៅផ្ទះមីងប្រេម។
  • ផ្ទះគាត់នៅឆ្ងាយពីទីនេះឬ?
  • នៅឆ្ងាយដែរ។នៅកន្លែងគាត់ធ្វើការឯណោះ។ អាទិត្យមុនគាត់នៅខាងលិចម៉ាស៊ីននេះចម្ងាយប្រហែល២០០ម៉ែត ជាមួយនឹងគូលីរទេះភ្លើងចាក់ដី។ក្រុងយើងត្រូវតុបតែងកាយទទួលជនបរទេស មកមើលបុណ្យ ម៉្លោះហើយ មីងប្រេម និងក្រុមគាត់ក៏ត្រូវបែកគ្នាចេញពីទីនេះ…។ណ្ហើយ កុំមើលម៉ាស៊ីនយូរពេក យើងត្រូវឆាប់ទៅ កុំឲ្យមីងប្រេមទន្ទឹងមើលផ្លូវ…។
ថាហើយម៉េង និងស៊ឹមបានឡើងកង់មួយម្នាក់ ជិះតាមផ្លូវបែលហ្ស៊ិកទៅឯជើង ម្ភៃនាទីក្រោយមកគាត់បានចូលទៅក្នុងភូមិមួយ មានផ្ទះពីរខ្នងធំៗ សង់មិនទាន់ហើយ។ម៉េងបាននាំស៊ឹមដើរសំដៅទៅពពួកខ្ទមគូលី ហើយចង្អុលប្រាប់ស៊ឹមថា៖
  • ស៊ឹម នេះផ្ទះមីងប្រេម។ឃើញគាត់ទេ កំពុងតែរៀន…។
ម៉េង និងស៊ឹមបានទៅដល់ផ្ទះមីងប្រេម។គេបានសួរសុខទុក្ខគ្នារួចហើយ មីងប្រេមអញ្ជើញភ្ញៀវឲ្យចូលទៅក្នុងខ្ទមគាត់ដែលចុះតែកូនគ្រែតូចមួយ។ គ្រែនេះជាកន្លែងដេករបស់មីងប្រេម នាងប្រុញ និងអាប្រាជ្ញកូនតូចគាត់។គ្រែនេះជាកន្លែងទទួលភ្ញៀវ ហើយនៅពេលភ្ញៀវចេញ គ្រែនេះក៏ក្លាយទៅជាកន្លែងបាយទៀត។នៅក្រោមគ្រែមានឆ្នាំងដី ពាងក្រឡ លាយឡំចម្រុះនឹងចានគ្រើមបីបួន។មីងប្រេមបានហៅនាងប្រុញឲ្យយកអាប្រាជ្ញមកឲ្យគាត់ ហើយបង្គាប់ឲ្យរកថ្នាំដាក់ជូនម៉េង និងស៊ឹម។បន្ទាប់មកគាត់និយាយ៖
  • ស្មានតែមិនអញ្ជើញមក ខ្ញុំចាំមើលផ្លូវតាំងពីព្រឹក…។
  • មិនមកឯណាបាន ខ្ញុំនឹកមីងណាស់។ស៊ឹមបានតប។មីងរៀនចេះច្រើនហើយ មើលទៅបែបឧស្សាហ៍…។
  • មិនទាន់ចេះទេ ទើបតែរៀនដល់បំបែក។តាំងពីខ្ញុំស្តាប់អ្នកនិយាយយប់ថ្ងៃសៅរ៍មក ខ្ញុំបានឆ្លៀតរៀនជាប់។នាងប្រុញក្មួយខ្ញុំមើលសៀវភៅដាច់ខ្លះ វាបានរៀនដល់ថ្នាក់ទី៣នៅស្រុកខ្ញុំ។រាល់យប់វាបានដាក់ច្បាប់ឲ្យខ្ញុំ… ខ្ញុំរៀនទៅទៀត។
  • យើងដើរផ្លូវត្រូវហើយ។ម៉េងបានបន្ថែម។
  • វិញ្ញាណខ្ញុំ វាមិនមូលក្នុងការរៀនសូត្រសោះ។វាប្រេះបែកខ្ញែកមួយរយជំពូក។ មីងប្រេមបានថ្លែងទុក្ខ។ខ្ញុំពិបាកជាប់ ព្រួយជាប់ ពិបាកកាយ ដោយខ្ញុំមិនសូវជាពិបាកចិត្តដោយមិនដឹងជាទៅនៅឯណាប្រាកដ ដល់អស់ការធ្វើនៅទីនេះ។
  • មីងគ្មានបងប្អូនទេឬ នៅភ្នំពេញ? ស៊ឹមបានសួរ។
  • មានដែរ តែឯងក្រមិនហ៊ានទៅបៀតគេឡើយ។អាប្រាជ្ញកើតមកបានជិតមួយខួប ប្តីខ្ញុំត្រូវគ្រាប់ស្លាប់នៅឱកាសដែលបារាំងទៅព័ទ្ធភូមិដុតផ្ទះអស់ពីរខ្នង។ អាកូនបងខ្ញុំបាន១៨ឆ្នាំ ពេលនោះភ័យពេក រត់បាត់ទៅ មិនដឹងជាស្លាប់ឬរស់ទេ។ខ្ញុំចេញពីភូមិកំណើតជិតបួនឆ្នាំហើយ… ពិបាកណាស់នៅស្រែនោះ…។
  • មកភ្នំពេញមីងនៅឯណា?
  • ខ្ញុំនៅស៊ីឈ្នួលគេក្នុងគ្រួសារ។ខ្ញុំបម្រើគេ យកតែបាយចិញ្ចឹមអាប្រាជ្ញខ្ញុំ កាលនោះវាមានអាយុជាងមួយខួប។
  • មីងចេញមកធ្វើគូលីហាងយូរហើយ?
  • ចាស៎ ជាង៦ខែហើយ។តាំងពីមីក្មួយខ្ញុំនេះ វាមកនៅជាមួយ។មីនេះ ម៉ែឪវាស្លាប់ចោលអស់ទៅ រកអ្វីរៀនគ្មាន បានជាវារត់មកនៅជាមួយខ្ញុំ។វាទើបតែបានអាយុ១៣ឆ្នាំ…។ពិបាកណាស់ឯងក្រនោះ។ គ្មាននរណាមើលឃើញឡើយ។ឥឡូវខ្ញុំនៅតែសម្បកខ្លួនប៉ុណ្ណឹងទេ។ ថ្ងៃណាឈឺធ្វើការមិនកើត មុខជាដាច់ពោះហើយ។មិនដឹងជារកស៊ីអ្វីឲ្យបានសល់ទុកដាក់នឹងគេឡើយ ធ្វើការញើសជាទឹក នៅតែខ្វះជានិច្ច។មួយរៀលច្រៀកជាមួយរយចំរៀក នៅតែខ្វះទៀត។ប្រាក់បើកថ្ងៃសៅរ៍មិនដែលសល់ដល់អង្គារទេ។ ទំនិញសព្វគ្រប់ឡើងថ្លៃ…។បើចេះតែយ៉ាប់ទៅៗដូចនេះ តើយ៉ាងណាទៅ។ណាអាណិតមីប្រញមិនទាន់ដល់អាយុផង ក៏ខំមកកាប់ជញ្ជូនដីនឹងគេ។
  • មានតែយើងទេដែលចេះស្គាល់ទុក្ខវេទនាក្រុមយើង។ស៊ឹមបានកាត់។
  • មានអ្នកចេះ អ្នកធំ អ្នកមានខ្លះដែរកាន់ជើងយើង។ម៉េងបានបន្ថែម។
  • មានអ្នកចេះ អ្នកធំ អ្នកមានខ្លះដែរ តែចំនួនតិចតួចណាស់។ស៊ឹមបានប្រកែក។សំខាន់គឺយើងត្រូវពឹងលើកកម្លាំងយើង ដូចជានៅក្នុងកន្លែងធ្វើការនេះដែលមានគូលីជាប់១០០នាក់ យើងត្រូវចាត់តាំងបង្ហាត់បង្រៀនគ្នាឲ្យចេះរៀនសូត្រ ឲ្យចេះមើលកាសែត។នៅស្រុកប្រជាធិបតេយ្យពិតប្រាកដ ក្នុងហាងដូចជាយើងនេះ សុទ្ធតែមានសមាគម ឬសហជីពការពារក្រុមអ្នកធ្វើការ ហើយដឹកនាំអ្នកធ្វើការឲ្យចេះការពារកម្លាំងរបស់ខ្លួន…។រាល់ជាង រាល់គូលី សុទ្ធតែបានមើលកាសែតចេះដឹងរឿងនយោបាយក្នុងស្រុក និងក្រៅស្រុក…។
  • ក្រជិតងាប់ មាត់ជិតស្លាប់ មានលុយមានពេលឯណាទិញកាសែតមើល។មីងប្រេមបានប្រកែក។
  • បើម្នាក់ៗស្ម័គ្រចិត្តសន្សំប្រាក់កាក់មួយអាទិត្យ ចូលទិញកាសែតក្នុងកន្លែងយើងនេះ យើងអាចទិញកាសែតមួយថ្ងៃៗ បានពីរសន្លឹក ហើយនៅសល់ទិញសៀវភៅចែកគ្នាមើល ឬជួយអ្នកឈឺថ្កាត់ខ្លះទៀតផង…។
  • យើងកំពុងតែគិតដែរ រឿងនេះ។ម៉េងបានតប។ឥឡូវជាង និងគូលីចូលចិត្តនិយាយពីការរស់នៅ ពីសមាគមណាស់…។បើស៊ឹមឯងចង់ស្គាល់ពួកយើងប្រែខុសពីដើមយ៉ាងណា សូមមកលេងថ្ងៃធ្វើការ ពេលនេះកាន់តែថ្ងៃហើយ យើងល្មមលាមីងប្រេម។
ស៊ឹមបានចោលភ្នែកមើលនាឡិកាដៃ គាត់លោជាភ្ញាក់លាន់មាត់ថា “យី ម៉ោងជិត១១ហើយ ថ្ងៃហើយ តស់យើងទៅម៉េង! ថ្ងៃក្រោយសឹមជួបទៀត តែសូមមីងបន្តការរៀនសូត្រទៅទៀត។ស្រុកយើងចម្រើន ទាល់តែមីង ទាល់តែយើងទាំងអស់គ្នាមានផ្ទះ មានសម្លៀកបំពាក់គ្រប់គ្រាន់ឡើង” ។ 
រឿងស៊ឹមអ្នកបរឡាន
 “រត់ស្រួលទេ ឡានពូ” ស៊ឹមបានសួរពូសន ក្រោយដែលពូសនចុះពីឡានមកអង្គុយបៀត។
  • អែមលែងនិយាយ។
  • ខ្ញុំនៅតែអាហ្សីបកញ្ចាស់ដដែល។ដុះជូទៗរាល់ពេល នៅតែឮម៉ាស៊ីនទៀត បែបឡោកហើយមើលទៅ។
  • ឈប់និយាយពីឡានទៅ។ថ្ងៃមុនស៊ឹមឯងបានប្រាប់ខ្ញុំពីការរៀនសូត្រ តែលោកត្រូវចេញទៅក្រៅ យើងក៏បានបែកគ្នាទៅ។មើលមានដំណឹងអ្វីប្លែក ប្រាប់ពូផង។ពូលែងត្រូវឆ្នោតសោះតែម្តង។
  • មានដំណឹងល្អជាទីសង្ឃឹមណាស់ ថ្មីៗនេះ។សព្វថ្ងៃនេះ សកលលោកយើងមានពីរផ្នែកធំៗ ផ្នែកកុំមុយនីសបានសុខចិត្តគោរពបញ្ចសីលាដែលមានគោលសំខាន់ៗដូចតទៅនេះ៖
  1. គោរពអធិបតេយ្យភាព និងទឹកដីទៅវិញទៅមក។
  2. មិនរុករានគ្នាទៅវិញទៅមក។
  3. មិនជ្រៀតជ្រែកចូលក្នុងកិច្ចការខាងក្នុងប្រទេសណាមួយ។
  4. ពង្រីកការទាក់ទងនឹងស្រុកនានាតាមគោលការណ៍ស្មើមុខគ្នា ហើយដោយបានអនុលោមទៅតាមផលប្រយោជន៍រៀងៗខ្លួន។
  5. រស់នៅជិតខាងគ្នាតាមសន្តិវិធី។
ឯផ្នែកចក្រពត្តិអាមេរិកកាំងជាមេ មិនព្រមគោរពសីលប្រាំនេះទេ។នៅចន្លោះផ្នែកពីរធំៗនេះ មានប្រទេសអព្យាក្រឹត ឥណ្ឌា ភូមា… សុខចិត្តគោរពសីលប្រាំនេះ…។
  • ម្តេចក៏ស៊ឹមឯងនិយាយដូចនេះ? ខ្ញុំឮយូរហើយថា អាមេរិកមកជួយខ្មែរ។មើលស៊ឹមឯងដឹងអ្វីប្លែកខុសពីពូដឹង…។
  • ពូគិតតែផ្សងសំណាងចង់ត្រូវឆ្នោតបានតែអីចឹង មិនព្រមតាមដានស្ថានការណ៍ស្រុកសោះ។
  • កុំនិយាយពីឆ្នោតទៀត។ពូញៀនលេងឆ្នោតដូចលេងបៀអីចឹង មើលស៊ឹមឯងប្រាប់ពូឲ្យដឹងច្បាស់ពីនយោបាយខ្មែរយើងសព្វថ្ងៃ។
  • ប្រជាជនខ្មែរប្តេជ្ញាដើរតាមមាគ៌ានយោបាយអព្យាក្រឹត តែពួកចក្រពត្តិគេមិនទុកឲ្យយើងដើរស្រួលនៅសុខទេ។ពូមិនបានឮទេឬ ថ្មីៗនេះ ប្រទេសហ្វីលីពីនដែលជាសមាជិកវង់ សេ អា តូ បានអូសទាញខ្មែរយើងឲ្យចូលដៃជាមួយគេ។
  • ស្អីទៅ សេ អា តូ នោះ។ពូមិនសូវដឹង ប្រាប់ពូឲ្យអស់សង្ស័យមើល។
  • សេ អា តូ ជាអង្គការការពារអាស៊ីប៉ែកអាគ្នេយ៍ដែលពួកអាមេរិក បារាំង អង់គ្លេស បង្កបង្កើតឡើង។គេបានក្តាប់ដៃហ្វីលីពីននៅក្បែរៗយើងនេះ។ចំពោះសេ អា តូ នេះ អ្នកនយោបាយអព្យាក្រឹតចំណានៗបានប្រឆាំងពេញទី ហើយបានចោទសេ អា តូជាអង្គការសង្គ្រាម បំផ្លាញកិច្ចព្រមព្រៀងសឺណែវដែលបាននាំសន្តិភាពមកឲ្យប្រទេសឥណ្ឌូចិន។ ថ្មីៗនេះទៀត ពួកវង់សេ អា តូបានបញ្ចេញចង្កូមធ្វើសមយុទ្ធនៅប្រទេសថៃ បាងកក ដើម្បីគំរាមប្រទេសអព្យាក្រឹត។
  • ពូមិនដឹងអីចឹងសោះ ពូស្មានតែគេជួយយើងដោយស្មោះត្រង់។
  • ជំនួយអាមេរិចជួយតែអ្នកមានធំទេ។ពូមិនដឹងឬ? ហើយឥឡូវ ស្ទើរគ្រប់កាសែតបានដាក់ឈ្មោះវាថា “អាគាំង” “អាគាំង” “អារិក”។
  • អាគាំងខូចណាស់តើ។ពូសនលាន់មាត់។បើដូចនេះ យើងត្រូវធ្វើដូចម្តេច?
  • យើងត្រូវប្តេជ្ញាសាមគ្គីគ្នាយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាល ជាមួយរដ្ឋសភា ការពារអធិបតេយ្យភាពយើងឲ្យហ្មត់ចត់។ មានតែធម៌សាមគ្គីរវាងប្រជាជនយើងគ្រប់ជាន់ថ្នាក់ទេដែលអាចឲ្យ យើងនៅជាអព្យាក្រឹតបាន។
  • ពូសនៗ សម្លេងមួយបានហៅ។
ពូសនស្ទុះរត់ ហើយងាកមកនិយាយទៅកាន់ស៊ឹមថា “លោកចេញទៅក្រៅ ថ្ងៃក្រោយនិយាយគ្នាទៀត” ។ដើរលេង ស៊ឹមបើកឡានផុតពីរបងមន្ទីរធ្វើការ ក៏សួរទៅលោកគាត់ថា៖
  • “តេជគុណអញ្ជើញទៅផ្ទះ ឬទៅខាងណា?” ។
  • មេឃស្រឡះល្អល្ងាចនេះ យើងដើរមើលភ្នំពេញម្ដង។បត់ទៅគីឡូម៉ែត្រលេខ៦ ស៊ឹម។
ស៊ឹមបើកឡានកាត់មុខប៉ុស្តិ៍ខ្សែលួសទៅតាមផ្លូវមាត់ទន្លេ ដល់គីឡូលេខ៦ ជិតហាងបិតស្រាបត់មកវិញ។មកដល់ផ្លូវប៉ាឆាបារាំង ស៊ឹមបត់មកខាងលិចបរកុងព័ទ្ធចេតិយរូបពីរ រួចក៏បើកតាមផ្លូវក្រោយពេទ្យធំ សំដៅមកត្បូងចូលទៅក្នុងកន្លែងពិព័រណ៍អន្តរជាតិ។ដល់កន្លែងរោងសត្វវត្តភ្នំ ស៊ឹមបើកតិចៗហើយសួរទៅលោក៖
  • អញ្ជើញទៅខាងណាទៀតទាន?
  • បើកលេងតិចៗបត់ចុះឡើងក្នុងទីនេះសិន។ខ្ញុំចាំជួបគេ។
ស៊ឹមបើកមកដល់ខាងលិចវត្តភ្នំបត់ទៅឯខាងលិច តាមថ្នល់ខាងជើងកន្លែងបារាំងហែលទឹក គាត់ក៏បានសួរលោក៖
  • តេជគុណមានឃើញអ្វីប្លែកឬទេ កាលបុណ្យពិព័រណ៍អន្តរជាតិ?
  • គ្មានឃើញអ្វីជាចម្លែក ក្រៅពីការប្រឡងរើសរូបស្រីៗទេ។
  • តេជគុណយល់ឃើញដូចម្ដេច អំពីរឿងរើសរូបនេះ?
  • ចំពោះខ្ញុំ ខ្ញុំគ្រាន់តែសប្បាយភ្នែកដោយបានឃើញរូបស្រីមកប្រឡង។ស៊ឹមឯងមានបានមកមើលទេ។គេស្លៀកខោងូតទឹក បញ្ចេញគល់ភ្លៅខ្ចី។
  • ខ្ញុំបាទគ្មានលុយមើលទេ ខ្ញុំបាទប្រថុយចាយប្រាំរៀល ទិញរូបថតទៅឲ្យប្រពន្ធខ្ញុំបាទមើល។ប្រពន្ធខ្ញុំបាទវាថា កោតតែគេហ៊ានទៅបែរប្រឡងដែរ វាមិនចូលចិត្តទេរបៀបនេះ។វាមិនចង់ទាំងហ៊ានមើលរូបថតផង។ ខ្ញុំបាទពន្យល់វាថាស្រុកគេស៊ីវីល័យ ត្រូវពាក់អាវនីឡុងបញ្ចេញសាច់ ត្រូវតុបតែងប្រឡងតាមសៀម អាមេរិក។វាថា វាដើរតាមគេមិនទាន់ទេ។
  • ចំណែកអ្នកផ្ទះខ្ញុំ ដូចជាផ្ទុយពីប្រពន្ធស៊ឹមឯង។គេចូលចិត្តប្រជុំគ្នានិយាយពីការប្រឡងណាស់។ គេថានាងនេះសមត្រង់នេះ គេថានាងនោះទាស់ត្រង់នោះ។គេថានាងនេះខ្នងកំពឹស គេថានាងនោះបញ្ចេញភ្លៅហួសហេតុ ហើយបន្តិចគេថា ចេះថាឯចេះ បន្តិចគេថា ឯចុះ។
  • កាសែតមាតុភូមិ ក៏បានចុះសំបុត្រជាច្រើនពីរឿងប្រឡងរូបនេះដែរ។យោបល់ខ្លះធ្វើនេះត្រូវ យោបល់ខ្លះទៀតថាមិនត្រូវទេ នាំឲ្យខូចប្រពៃណីបុរាណអស់ហើយ។
  • ខ្ញុំមិនបានមើលកាសែតខ្មែរទេ ពាក្យខ្មែរថ្មីៗពិបាកណាស់។ខ្ញុំជាវកាសែតបារាំង មើលវានិយាយពីរោះជាង។
  • ចំពោះ ការប្រឡងរូបនេះ ខ្ញុំបាទបានសួរមីងម្នាក់។គាត់ឈ្មោះប្រេម។គាត់ទៅមករកប្រពន្ធខ្ញុំញឹក។ គាត់ជាគូលីសង់ផ្ទះ។គាត់មានយោបល់រឹតតែប្លែកទៅទៀត។គាត់ថានៅស្រុកយើង គេច្រើនតែលើកស្រីក្នុងពេលមានលុយ ធ្វើរូបរក្សាឲ្យល្អ ហើយសុខចិត្តចាយលុយទាំងម៉ឺន ទាំងសែនឲ្យ។ឯ ត្រង់ចំពោះស្រីខ្មែរជាងលាននាក់ ដូចក្រុមគាត់ដែលខំធ្វើការសង់ថ្នល់ ធ្វើស្រែ ក្បាលបែកញើស គេមិនព្រមសរសើរសោះ គេរឹតតែបំភ្លេចទៅវិញ។គាត់បាននិយាយថា គួរណាស់តែគេគិតឲ្យប្រាក់ឈ្នួលគាត់ស៊ីគ្រប់គ្រាន់ សង់មន្ទីរពេទ្យ សង់សាលារៀនឲ្យកូនគាត់រៀនផង។
  • ប្រាប់គាត់ផងថា កុំឃើញដំរីជុះ ចង់ជុះតាមដំរី បើគាត់ចង់ល្អ ហេតុអ្វីក៏គាត់មិនខំធ្វើបុណ្យពីជាតិមុនឲ្យច្រើនទៅ។ កម្មផលពីជាតិមុនទេដែលឲ្យគាត់តោកយ៉ាកនោះ។
  • ប្រពន្ធខ្ញុំបាទវាថាមិនមែនមកពីកម្មផលទេ តាំងពីវាចេះអក្សរមើលកាសែតមក វាយល់ថាទុក្ខវេទនារបស់ខ្មែរយើង គឺបណ្តាលមកពីពួកអាណានិគមនិយមជិះជាន់យើង។
ដល់ត្រង់នេះ ឡានមួយឲ្យសម្លេងពិតៗពីក្រោយ។លោកងាកមើលទៅ ឃើញអាអូមែលមួយខ្មៅសរិល។លោកបង្គាប់ឲ្យស៊ឹមឈប់ឡាន ហើយលោកចុះទៅដី។លោកប្រាប់ស៊ឹមថា៖
  • ស៊ឹមឯងបរឡានទៅផ្ទះចុះ ប្រាប់ប្រពន្ធខ្ញុំថាកុំចាំបាយខ្ញុំល្ងាចនេះ។ ស៊ឹមបរឡានមកផ្ទះយកទៅចតដាក់ស្រួលបួល រួចក៏ឡើងទៅលើផ្ទះជម្រាបប្រពន្ធលោក។
នារីពាក់មាសប្រកបដោយបន្តោងពេជ្រទាំងគ្រាប់ មុនមិនសប្បាយបានសួរបញ្ជាក់ស៊ឹម៖
  • លោកស៊ឹមឯងអញ្ជើញទៅណា?
  • បាទ ខ្ញុំមិនដឹងទេ។
  • ស៊ឹមឯងកុំលាក់ លោកទៅណា?
  • លោកគ្រាន់តែប្រើខ្ញុំបាទមកជម្រាបថាលោកមិនមកពិសាបាយទេល្ងាចនេះ។
  • អញដឹងហើយ។បើមិនទៅមីទឹកល្អក់ មុនជាទៅមីទួលតាពូង។គង់តែស្គាល់ដៃទេថ្ងៃណាមួយ។
 រឿងស៊ឹមអ្នកបរឡាន
ស៊ឹមបើកឡានចេញផុតពីរបងមន្ទីរធ្វើការ សួរ៖
  • តេជគុណអញ្ជើញទៅណា?
  • បត់ទៅអាថៃសាន ខ្ញុំត្រូវទៅជួបគេ។លោកបានបង្គាប់។
ស៊ឹមបរសំដៅទៅអាថៃសាន ដល់មុខរោងកុនទ្រឿងកុកឈប់។មុននឹងចុះ លោកបានមើលម៉ោងរួចបង្គាប់៖
  • ស៊ឹមឯងទៅទទួលកូនខ្ញុំសិនចុះ ដល់ម៉ោង១១កន្លះ ត្រូវត្រឡប់មកទទួលខ្ញុំវិញ
  • ប្របាទទាន…។
ឆ្លើយរួច ស៊ឹមបានបរឡានទៅសាលារៀនបារាំងខាងលិចវត្តភ្នំ ទទួលកូនលោកជូនទៅផ្ទះរួចជាស្រេច ក៏បានបរឡានត្រឡប់មកដល់អាថៃសានវិញជិតម៉ោង១១កន្លះ។ ស៊ឹមចោលភ្នែកទៅក្នុងហាងអាថៃសាន ឃើញចៅហ្វាយគាត់អង្គុយជាមួយលោកបីនាក់ទៀតដល់ម៉ោង១១កន្លះ ស៊ឹមចោលភ្នែកទៅម្តងទៀត ឃើញមិត្តលោកម្ចាស់ថែមមួយដូសទៀត អផ្សុកពេកណាស់ ដល់ពេលប្រពន្ធចាំបាយផង ស៊ឹមបានចុះពីឡានដើរទៅបៀតចិនលក់ទឹកកក មើលរូបកុនដែលបិទនៅជញ្ជាំងទ្រឿងកុក។សារ៉ែនស្រែកឡើងស៊ឹមទៅថៃសាន ឃើញអ្នកបម្រើចាក់ឲ្យលោកមួយដូសទៀត ហើយអ្នកឡើងតុទាំងបួនជជែកគ្នាយ៉ាងរីករាយ។ឃើញដូចនេះ ស៊ឹមលាន់មាត់ម្នាក់ឯងថា “មិនមែនតែម្តងនេះទេ ម៉េចក៏ម៉េចចុះ អញទៅមុនហើយ…” ។ រួចពីរអ៊ូនេះស៊ឹមក៏ឡើងឡាន បញ្ឆេះរោទ៍ម៉ាស៊ីនយ៉ាងខ្លាំងឲ្យលោកឮ តែលោកមិនឮ ស៊ឹមក៏ដាក់លេខបើកឡានមកផ្ទះមុន។ចតរទេះឡានក្នុងរោងស្រួលបួលរួច ស៊ឹមក៏ជិះកង់កញ្ចាស់មកផ្ទះគាត់។ដល់ម៉ោងមួយជិតកន្លះ ស៊ឹមបានស្លៀកពាក់ជិះកង់ទៅផ្ទះលោក ជូនកូនលោកទៅសាលារៀន ហើយក៏ត្រឡប់មកចាំលោកវិញ។កំពុងតែជូតឡាន ស្រាប់តែឮសម្លេងលោកមកពីលើផ្ទះស្រែកហៅថា៖
  • ស៊ឹមឡើងមកលើ។
ស៊ឹមបានរត់ឡើងទៅលើផ្ទះ រួចសួរ៖
  • មានការអ្វីហៅខ្ញុំបាទទាន?
  • ហេតុអ្វីក៏បើកឡានចោលខ្ញុំពីថ្ងៃត្រង់នេះ? លោកបាននិយាយមើលមុខស៊ឹមដោយខឹង។
  • ខ្ញុំបាទចាំតេជគុណដល់ម៉ោង១២ សារ៉ែនស្រែកបានខ្ញុំបាទចេញឡានមក…។
  • ស៊ឹមឯងធ្វើការស្រេចតែចិត្តស៊ឹមឯងឬ? លោកបានកាត់ញ័រមាត់។
  • បាទទេ តេជគុណឲ្យខ្ញុំបាទចាំត្រឹមតែម៉ោង១១កន្លះ។ខ្ញុំបាទចាំរហូតដល់ម៉ោង១២ យូរលើសកន្លះម៉ោងពីតេជគុណបង្គាប់ ខ្ញុំបាទស្មានតែតេជគុណមិនអញ្ជើញមកពិសាបាយផ្ទះ។
  • ឃើញខ្ញុំរាប់អានស៊ឹមឯងមើលងាយខ្ញុំណាស់។លោកបានបន្ទោស។
  • ខ្ញុំបាទមើលងាយតេជគុណឯណា? ខ្ញុំបាទខំយកចិត្តទុកដាក់ថែទាំឡានតេជគុណ ហើយខំផ្គាប់ជូនកូនតេជគុណ ជូនលោកស្រី ទៅរៀន ទៅផ្សារ…។
  • កុំជជែកជាមួយអាមនុស្សតូចតាចនោះ។បើវាមិនស្ដាប់កោតខ្លាចចៅហ្វាយនាយទេ ផ្លាស់វាទៅ ដេញវាចោលទៅ។ខ្វះអីមនុស្សបរឡាន។លោកស្រីដែលនៅក្បែរនោះបានអារកាត់។
ឮលោកស្រីឡើងសម្លេងដូចនេះ លោកប្រុសក៏ឈប់និយាយ។លោកចុះមកដីឡើងឡាន។ស៊ឹមក៏បានបរឡានសំដៅទៅមន្ទីរធ្វើការ។
ចូលក្នុងរបងមន្ទីរធ្វើការ ស៊ឹមបានចតឡានទុកស្រួលបួលហើយ ក៏ចុះពីឡានដើរសំដៅទៅគល់ឈើ ដែលពូសនបានអង្គុយនៅទីនោះ។ពូសនបានឃើញក៏សួរ៖
  • មានដំណឹងអ្វីប្លែកទៀតទេស៊ឹម?
  • បាទមានច្រើនណាស់ ហើយពិសេសថ្ងៃនេះគឺរឿងផ្ទាល់ខ្លួនខ្ញុំនឹងលោក។
  • រឿងដូចម្តេចទៅ?
  • រឿងលោកចង់ផ្លាស់ខ្ញុំចោល។
  • ព្រោះអ្វី?
  • ព្រោះខ្ញុំបានបើកឡានចោលលោកពីថ្ងៃត្រង់នេះ។លោកឲ្យខ្ញុំចាំលោកនៅមុខថៃសាន សន្យាត្រឹមម៉ោង១១កន្លះ។ខ្ញុំចាំដល់សារ៉ែនស្រែក តែលោកមិនគិតខ្ញុំចាំលោកសោះ លោកនិងមិត្តលោកចេះតែថែមមួយដូស ហើយមួយដូសទៀត…។ខ្ញុំឃ្លានបាយពេកទ្រាំមិនបាន ក៏បើកឡានទៅមុនទៅ…។
  • ម្ដេចអីចឹងស៊ឹម ឯងលេងធំណាស់តើ ហ៊ានបើកឡានចោលចៅហ្វាយ។ពូសនបន្ទោស។
  • យើងធ្វើការមានម៉ោង មានពេលពូ។យើងមានភារៈជូនមកមន្ទីរធ្វើការ ហើយនឹងធ្វើការក្នុងរាជការជាការចប់ មិនមែនបើកប្រាក់ខែខ្វះព្រឹកល្ងាច បើកឡានជូនគេស៊ីផឹកដូចនេះទេ…។
  • ឥឡូវលោកគិតដូចម្ដេច?
  • លោកស្រីថា ខ្ញុំជាមនុស្សតូចតាច ហើយប្រាប់លោកឲ្យផ្លាស់ខ្ញុំចោល។
  • ស៊ឹមឯងត្រូវទៅសុំទោសលោកទៅ…។
  • ខ្ញុំមានទោសឯណាសុំ ខ្ញុំធ្វើតាមច្បាប់ បើលោករៀនចេះច្បាប់ហើយមិនគោរពច្បាប់ មុខតែយើងតូចតាចទាំងអស់វេទនាជានិច្ច។ថ្ងៃនេះវេនខ្ញុំ ថ្ងៃស្អែកវេនពូ ថ្ងៃក្រោយវេនអ្នកបើកឡានទាំងអស់គ្នា…។
  • ឱនដាក់គ្រាប់ ងើបវាស្កកស៊ឹម។ពូសនទូន្មាន។ឯងត្រូវគិតដល់កូនប្រពន្ធផង…។
  • ខ្ញុំគិតដល់កូនប្រពន្ធហើយ បានជាខ្ញុំការពារកម្រិតម៉ោងធ្វើការឲ្យត្រឹមត្រូវតាមច្បាប់ កុំឲ្យមានការរំលោភគ្រប់នាទីដូចនេះ… ដើម្បីខ្ញុំអាចថែទាំវាឲ្យបានសុខ រៀនស្រួល…។
  • ពងមាន់កុំជល់នឹងថ្មស៊ឹម។ពូសនបានប្រដៅថែម។ឯងស្ដប់ពូ។ពូបើកឡានយូរហើយ មានចៅហ្វាយបារាំងខ្មែរ។ពូមិនដែលហ៊ានទទឹងម្ដងណាឡើយ លោកប្រើថ្មើរម៉ាន ពូធ្វើភ្លាម។ចៅហ្វាយពូចូលចិត្តជានិច្ច ព្រួយចិត្តកាត់សាញ ពូដាក់អាជីហែ អាកំពង់ត្រាំមួយកែវរួចខ្លួនស្រេច។កុំចេះពេក កុំប្រាជ្ញពេកស៊ឹម ប្រយ័ត្នចោលប្រពន្ធកូន…។
  • ពូជាន់ចាស់។ខ្ញុំសម័យថ្មី ក្នុងស្រុកឯករាជ្យ ប្រជាធិបតេយ្យ ខ្ញុំត្រូវតែខំ ត្រូវតែដឹងដើម្បីការងារ សេរីភាព សិទ្ធិរបស់យើងរាល់គ្នា។
  • ក្មេងៗឥឡូវចចេសណាស់។អាកូនខ្ញុំក៏រឹងណាស់ដែរ។មួយថ្ងៃៗ ឮតែវាពន្យល់ម៉ែវា បងស្រីវាថា អាមេរិកខូចណាស់ ចង់យកខ្មែរជា ចំណុះវាដូចជាបារាំងអីចឹង ខ្ញុំជេរស្ដីវា សួរថាដឹងពីណាមក។វាថាមកពីវាមើលកាសែតនង្គ័លរាល់ថ្ងៃអង្គារ និងសុក្រ។
  • ខ្មែរឥឡូវក្រោកហើយ។កុំរាំងរា ទប់មិនជាប់ទេ។បារាំងធ្លាក់ទឹកហើយ ពូមិនឃើញទេឬ?
  • ស៊ឹមឯងត្រូវគិតមែនទែន។សូមទោសលោកទៅ។កុំហ៊ានបម្រះនឹងលោក…។
  • ខ្ញុំសូមតែយុត្តិធម៌ សូមតែធ្វើការត្រឹមម៉ោងប៉ុណ្ណោះជាការចប់។
  • ឈប់និយាយស៊ឹម។យើងស្ដាប់គ្នាមិនបានទេ។
ពូសនបានបញ្ចប់ រួចគាត់ក្រោកដើរសំដៅទៅឡានគាត់។
   រឿងនេះធ្វើការដកយកចេញពី ស្នាដៃកូនខ្មែរ 
Share:

No comments:

Post a Comment

© ប្រភពចែកចាយ All rights reserved | Theme Designed by Blogger Templates