Saturday, August 9, 2014

រឿងវត្តវិហារសួរ




ខ្ញុំបាទឈ្មោះ​ ហេង​​ សុខ ធឿន បានបង្កើតវើបសាយនេះឡើងដើម្បីតម្រូវការនិស្សិតអាយធី។ មេរៀននេះជាភាសាខ្មែរ :ហើយមានទទួលបង្កើត Blogspot និង  web site ទំនាកទំនងតាមរយ:  ​​​      0967804106
  E-mail:hengthoeurn999@gmail.com  ........



ដំនើររឿង

វត្តវិហារសួរ ជាបូជនីយដ្ឋានដ៏សក្តិសិទ្ធិមួយ ឮ​កិត្តិនាមពេញប្រទេសកម្ពុជាតាំងពីអតីតកាល រហូតមកដល់បច្ចុប្បន្ន កាលនេះ អ្នក​ផង​សឹង​បាន​ជ្រាប​ជាច្រើន។ រៀងរាល់ឆ្នាំក្នុងមួយឆ្នាំៗ តែងមានមហាជនរាប់ពាន់នាក់ ទៅបូជា បែរបន់ តាមប្រាថ្នាផេ្សងៗ ទំាងព្រះរាជាព្រះរាជវង្សានុវង្ស នាម៉ឺន​សព្វមុខមន្រ្តី ក៏បានសេ្តចយាង តែងអញ្ជើញទៅបូជាបួងសួង នៅទីនោះដែរ។
វត្តវិហារសួរ មានដើមកំណើតជាព្រះរាជទ្រព្យ ដែលព្រះរាជាបក្សីចាំក្រុងទ្រង់កសាងទុកជាអនុស្សាវរីយ៍ត្រង់ទីដែល តាគហេ កើន​ព្រះអង្គ​ឡើង​ឋាន​សួគ៌‌ សឹងមានចែងទុកជា​ប្រវត្តិនៃព្រះវិហារនោះដូចតទៅ: តាមរបារក្សត្រដែលមានចារិកទុកមក​ក្នុងព្រះរាជវង្សសាវតាប្រទេសកម្ពុជាថា: “វត្តព្រះវិហារសួរ កើតឡើងក្នុង រជ្ជកាលទី១៩ រជ្ជកាលព្រះបាទបក្សីចាំក្រុង ជាព្រះរាជាប្រទេសកម្ពុជា គង់នៅនគរវត្ត ក្នុងព.សរវាង១៥៧២ គ.សរវាង១០២៨ ឬ២៩ ព្រះអង្គបានផ្តើមកសាងទុក​ជាអនុស្សាវរីយ៍រំលឹកដល់ពេលព្រះអង្គរត់គេចពីកងទ័ព ជាមួយ តាគហេ”។
រឿងរ៉ាវដើមហេតុនាំឲ្យមានរត់គេចពីកងទ័ពនេះ មានដំណាលថា កាលដែលព្រះបាទចក្រពត្រ ព្រះរាជាប្រទេសកម្ពុជា រជ្ជកាលទី១៦ ទ្រង់​ព្រះ​ទិវង្គត​ទៅ បុរសម្នាក់ឈ្មោះដំបងគ្រញូង​មានមហិទ្ធិឬទ្ធិខ្លាំងពូកែ បានសោយរាជ្យជា រជ្ជកាលទី១៧ ឡើងឲ្យបង្គាប់ឲ្យធ្វើគុតព្រះរាជវង្សានុវង្សមុន។
កាលនោះមានព្រះម្នាងម្នាក់ទ្រង់ព្រះគ៌‌តពុំទាន់គ្រប់ខែ ភាសខ្លួនជារាស្រ្តសាមញ្ញចេញទៅស្រុកក្រៅ សំណាក់ជាមួយ តាគហេ និង យាយលាក់ ជា​ស្វាមី​ភរិយា។ លុះព្រះគ៌‌តគ្រប់ខែ១០ ក៏សម្ភពព្រះរាជបុត្រាមួយព្រះអង្គប្រកបដោយ លក្ខណៈល្អមានលាយលក្ខណ៍កងចក្រនៅបាតព្រះហស្ត និងបាតព្រះបាទ តាគហេ និង យាយលាក់ ស្រលាញ់ណាស់ ថ្នាក់ថ្នមដូចកូនបង្កើត។
ថៃ្ងមួយតាយាយ និងព្រះម្នាងទៅច្រូតស្រូវ បានផេ្តកព្រះរាជកុមារក្រោមម្លប់ឈើមួយដើម លុះកំដៅថៃ្ងចាំងមក ត្រូវព្រះរាជកុមារ មាន​បក្សី​មួយ​មក​កាង​ស្លាបក្រុងបាំងពីលើ មិនឲ្យត្រូវថៃ្ង។
តាគ​ហេស្មានថាសត្វចឹកចៅរត់ទៅមើល បក្សីនោះហើរទៅបាត់ទៅ។ តាគហេនឹកសរសើរថា កូននេះមានបុណ្យ អស្ចារ្យណាស់ក៏ថ្វាយព្រះនាមថា “បក្សីចាំក្រុង”។
តមកកាលពីព្រះបាទព្រហ្មកិល (ពញាក្រែក) រជ្ជកាលទី១៨ ទ្រង់សោយរាជ្យឡើងទ្រង់បានជ្រាបទំនាយតាម ពួកហោរា​ទាយថា “មាន​អ្នក​មាន​បុណ្យ​កើតក្នុងត្រកូលក្សត្រ បានព្រះជន្ម៧ឆ្នាំហើយ ភាសន៍ខ្លួនជាប្រជារាស្រ្តក្នុង អាណាចក្រនេះ អ្នក​មាន​បុណ្យ​នោះ មាន​កង​ចក្រ​នៅ​បាតដៃ បាតជើង​” ទ្រង់ក៏យកកេ្មងៗអាយុ៧ឆ្នាំ ដែលមាននៅ ក្នុងព្រះនគរទាំងប៉ុន្មានមកផ្តិតដៃនៅលើម្សៅក្នុងចងេ្អរ ដើម្បីទ្រង់ពិនិត្យរកកងចក្រ តាគហេ ភ័យក៏ពរបក្សីចាំក្រុងរត់ចេញ។ ព្រះរាជាទ្រង់ចាត់ទ័ពតាមចាប់។
ហេតុតែបុណ្យបរមីបក្សីចាំក្រុង កងទ័ពដេញតាមពុំទាន់ រកពុំឃើញ។ តាគហេបានបញ្ជិះបក្សីចាំក្រុងលើស្មា ដើរកាត់ព្រៃទៅផ្ទះគាត់ ដល់​ផ្ទះ​ហើយ គាត់​ទូលបក្សីចាំក្រុងថា “បាគង់នៅទីនេះចុះ ចាំតាទៅកៀរគោបញ្ចូល ក្រោលសិន”។ ហើយគាត់ចោលដំបងដេញគោ ដំបង​បាត់​​ក្នុងទឹក​អូរ​រក​ពុំឃើញ បានជាអូរនោះឈ្មោះថា “អូរដំបង” នៅក្នុងខេត្តបាត់ដំបងសព្វថៃ្ងនេះ ។
បន្ទាប់ពីនេះ តាគហេ ពរបក្សីចាំក្រុងរត់កាត់ព្រៃទៅដល់ទួលមួយមានដើមរលួសម្លប់ត្រឈៃល្អ ក៏ឈប់សំរាកដេក នៅទីនោះបានជាទីនោះហៅថា “ភូមិរលួស” នៅក្នុងស្រុកសូត្រនិគម ខេត្តសៀមរាប សព្វថៃ្ងនេះ។ តពីនោះតាគហេ និងបក្សីចាំក្រុង ដោយ​សារ​ទូក គេ​​ឆ្លង​កាត់​ទី​ទំនាបទឹក មក​ដល់​ខេត្ត​ជើងព្រៃ កងទ័ពលើកតាម មកជិតទាន់ តាគហេក៏នាំបក្សីចាំក្រុងវេះពួនក្នុងព្រៃ វេលាយប់ព្រៃនោះមានមូសច្រើនបក្សីចាំក្រុងបួងសួងថា “បើខ្ញុំ មានបុណ្យ សូមកុំឲ្យមានមូសនៅទីនេះ” ដោយអនុភាពព្រះរាជកុមារ មូសក៏បាត់អស់ទៅ ទើបទីនោះមានឈ្មោះថា “ទួលគហេ” ក្នុងតំបន់រកាកោង ស្រុកមុខកំពូលខេត្តកណ្តាលសព្វថៃ្ងនេះ។
លុះព្រឹកឡើង តាគហេ ក៏នាំបក្សីចាំក្រុងរត់ទៅទៀត ដល់មាត់ទនេ្លប្រុងនិងឆ្លងទៅត្រើយខាងត្បូងតែរកទូកឆ្លងគ្មាន បក្សីចាំក្រុងផ្សងបារមីថា “បើ​ខ្ញុំ​ត្រូវ​បានសោយរាជ្យ​ហើយបានទំនុកបំរុងពុទ្ធសាសនាមែន សូមឲ្យដើមរការនៅត្រើយ ខាងជើងកោងទៅដើមល្វានៅត្រោយខាងត្បូងទេរមក” ដើម​ឈើ​ទាំងពីរនោះក៏កោងទៅទេមក ដូចប្រណិធាន។ តាគហេក៏ពរបក្សីចាំក្រុងឆ្លងតាមឈើទាំងពីរនោះរួចទៅ ដើមទាំងពីរក៏ឡើងដូចដើមវិញ ទើប​ត្រើយ​ខាងជើងមាន ឈ្មោះថា “រការកោង” នៅស្រុកមុខកំពូល ខេត្តកណ្តាល។
ត្រើយខាងត្បូងមានឈ្មោះថា “ល្វាទេ” នៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាមសព្វថៃ្ងនេះ។លុះតាគហេនាំរត់ទៅត្រើយខាងត្បូង ដល់​ទួល​មួយ ប្រប​ឆេ្នរបឹង​បានកាប់មែកជ្រៃ​ដោតធ្វើសម្រប​សំរាប់ស្រប់សំរាក កំលាំងនៅទីនោះ បក្សី​ចាំក្រុង ក៏និន្រ្ទា​លក់ក្រោមម្លប់សម្របនោះ។ កំពុង​តែ​លក់​ស្រួល ​ស្រាប់តែ​ហ្វូងសត្វត្រដក់ រនៀលទង់ ជាច្រើនដែលចុះរកស៊ីក្នុងបឹងនោះ វាផ្អើលអ៊ូរឡើងឭសន្ធឹក ជាខ្លាំង តាគហេ​ឮ​សព្ទ​នោះ ស្មាន​ថា​កង​ទ័ព ក៏ស្ទុះតើនព្រះរាជកុមារឡើងសួរថា “នែចៅ! ឭសូរអ្វីខ្លាំងម៉េ្លះ”។ ព្រះរាជកុមារតើនឡើងភ័យណាស់ស្មានថាកងទ័ព ក៏​ស្ទុះ​ឡើង​មែកជ្រៃ ដែល​ដោត​ធ្វើសម្របនោះឈរមើលគ្រប់ទិសទី មិន ឃើញកងទ័ព ឃើញតែសត្វហើរដេរដាស់ក៏បាត់ភ័យទៅវិញ មែកឈើនោះរស់នៅរៀងដរាបមក នៅ​ខាង​ត្បូងវត្តវិហារសួរ សព្វថៃ្ងនេះ។ លំដាប់ពីនោះ តាគហេនាំបក្សីចាំក្រុងរត់ឆ្លងទនេ្លដោយទូកទៅត្រើយខាងលិច ទៅពួន ក្នុង​គុហា​ភ្នំប្រសិទ្ធិ​ខេត្ត​សំរោងទងចាស់ ដែលជាស្រុកពញាឭ ខេត្តកណ្តាល សព្វថៃ្ងនេះ។ កងទ័ពតាមទៅបៀតបៀន ពុំបានឡើយ។
លុះព្រះបាទព្រហ្មកិល “ពញាក្រែក” សោយរាជ្យបាន២០ឆ្នាំ ទ្រង់ចូលទីវង្គត់ទៅ នាម៉ឺនសព្វមុខមន្រ្តីដឹងថា បក្សីចាំក្រុង រាជកុមារមានបុណ្យអស្ចារ្យ​គង់នៅភ្នំប្រសិទ្ធិ៍​ក៏អញ្ជើញទ្រង់​ មកសោយរាជ្យសម្បត្តិតទៅ។ កាលបើបក្សីចាំក្រុងរាជកុមារបានសោយរាជ្យឡើង ទ្រង់តាំងតាគហេ និង យាយ​លាក់ ជាព្រះអយ្យកោ ព្រះអយ្យកាធម៌‌។ ទ្រង់ឲ្យសាងប្រាសាទ​មួយត្រង់ទីដែលឃើញទង់ជ័យវែងលលៃ នៃកងទ័ពដែលលើកដេញតាម ដំបូង​ហៅថា​ “ប្រាសាទលលៃ” ទ្រង់ឲ្យសង់ប្រាសាទមួយត្រង់តាគហេហៅថា បាគងសិន ហៅថា “ប្រាសាទបាគង់” ដែលក្លាយមកជាប្រាសាទបាគង នៅ ខេត្តសៀមរាបសព្វថៃ្ងនេះ។
ទង់ឲ្យសាងប្រាសាទមួយទៀតនៅក្រោល គោរបស់តាគហេ ហៅថា ប្រាសាទបាគោ ខេត្តសៀមរាបសព្វថៃ្ងនេះ ទ្រង់ឲ្យសាងព្រះវិហារមួយ និងព្រះពុទ្ធ បាទមួយនៅអាសន្នទុក្ខ លើកតាម៊ឹងជាចៅហ្វាយស្រុករក្សាទីនោះ។ ទ្រង់ឲ្យសាងវិហារមួយតំកល់ព្រះពុទ្ធបដិមាមួយ ព្រះអង្គ​ត្រង់​ទី ដែល​ដោតមែកជ្រៃធ្វើសម្រប គឺទីដែលតាគហេតើនទ្រង់​សួរពីសព្ទហ្វូងសត្វស្មានថាកងទ័ពនោះ ហៅថា “វត្តវិហារសួរ” ទើបមាននាមថា​”វត្តវិហារសួរ”​ ជាបូជនីយដ្ឋានដ៏សក្តិសិទ្ធិដរាបមកដល់សព្វថៃ្ងនេះ។ ឯតាគហេ និង យាយលាក់នោះ លុះចាស់ជរា ទទួល​មរណភាព​តាមលំដាប់គ្នា​ទៅព្រះរាជាទ្រង់ឲ្យធ្វើបុណ្យរំលាយ សពហើយទ្រង់ឲ្យយកធាតុតាគហេ នៅបញ្ចុះនៅទីដែលផ្សងមិនឲ្យមានមូស ទើបទីនោះមានឈ្មោះថា “ទួលគហេ” នៅតំបន់រកាកោង ស្រុកមុខកំពូល ខេត្តកណ្តាលសព្វថៃ្ងនេះ ឯធាតុយាយលាក់ ទ្រង់ឲ្យយកទៅបញ្ចុះនៅ ប្រាសាទបាគោ ក្នុងខេត្តសៀមរាប ព្រោះភូមិនោះជាទីភូមិរបស់គាត់រស់នៅ។
បានចុះផ្សាយក្នុង ប្រជុំរឿងព្រេងខ្មែរ. Leave a Comment »

រឿងសេដ្ឋីចិត្ដលោភ


រឿងនិទានសេដ្ឋីចិត្ដលោភ ជាខ្សែរឿងមួយប្រកបដោយគតិបណ្ឌិត ក្នុងការ​ដាស់​សតិ​សម្បជញ្ញៈ អោយ​ក្មេង​ចាស់​គ្រប់​​រូប ចេះ​ប្រើ​សតិបញ្ញា​របស់​ខ្លួន អោយ​អង់​អាច​អស្ចារ្យ មិន​ត្រូវ​ទន់​ជ្រាយ​រវេប​រវ៉ប រឺ​ចុះ​ចាញ់ ​ចុះញ៉ម​នូវ​ចំពោះ​មុខ​ភាព​ក្រីក្រ លំបាក​តោក​យ៉ាក អនា​ថា​​នោះ​ឡើយ។ ក្មេង​ម្នាក់​ដែល​អ្នក​និពន្ធ​ក្នុង​រឿង​សេដ្ឋី​ចិត្ដ​លោភ​ ហាក់​ដូច​ជាចង់​សរសេរ​​បន្តុះ​បង្អប់​ក្មេង​នោះ​បន្ដិច ដោយ​សរសេរ​ថា «ក្មេង​ខិល»។ ក្មេង​ខិល អ្នក​និពន្ធ​គ្រាន់​តែ​ចង់​សរសេរ ចំអក​តែ​ប៉ុណ្ណោះ តែ​វា​ជា​ក្មេង​ អង់​អាច​អាច​ក្លា​ហាន​ មាន​សេចក្ដី​ធ្មត់ តស៊ូ ពុះពារ​គ្រប់​អុបសគ្គ​ដែល​កើត​មាន​ចំពោះ​ខ្លួន ហើយ​ប្រើ​សតិបញ្ញាដ៏​វៃ​ឆ្លាត​យ៉ាង​ក្រៃ​លែង​រហូត​ដល់ សេដ្ឋី​ដ៏​មាន​ប្រាក់​ចាយ​មិន​អស់​ម្នាក់ កើត​សេចក្ដី​ច្រនែន​ ឈ្នានីស លោភ​លន់​ពន់​ប្រមាណ ចូល​មក​ធ្វើ​ការ​ពិភាក្សា ចង់​រៀន​សូត្រ​អំពី​វិធី ការ​រក​ស៊ី​របស់​កុមារ​នោះ​ទៀត​ផង។ ដោយ​ប្រើ​សតិ​បញ្ញា​ដ៏​វៃឆ្លាត​អស្ចារ្យ​របស់​ខ្លួន ក្មេង​ខិល​បាន​ធ្វើ​អោយ​សេដ្ឋី និង​អ្នក​គង្វាល​ចៀម ដ៏​លោភ​លន់​ ធ្លាក់​ចុះ​ក្នុង​ក្ដីវិនាស​រហូត​បាត់​សូន្យ​ឈឹង​តែ​ម្ដង។ សេដ្ឋី​ដែល​មាន​ទ្រព្យ​សម្បត្ដិ​ដី​ច្រើន​សែន​ច្រើន​ណាស់​ទៅ​ហើយ មិន​ស្កប់​ស្កល់​នឹង​ទ្រព្យ​សម្បត្ដិ​ មាស​ប្រាក់​នេះ​សោះ លោភ​លន់ រហូត​ហ៊ាន​ចូល​ក្នុង​បាវ អោយ​គេ​ចង​មាត់ យក​ទៅ​ទំលាក់​ក្នុង​សមុទ្រ​ដោយ​ចង់​ចុះ​ទៅ​រាវ​រក មាស​ប្រាក់ ទ្រព្យ​សម្បត្ដិ​នៅ​អែ​បាត​សមុទ្រ​ដោយ​ផ្ទាល់​ខ្លួន​អែង មួយ​វិញ​ទៀត​បុរស​គង្វាល​ចៀម​ក៏​សុខ​ចិត្ដ​ចូល​ដេក​សំងំ​ក្នុង​បាវ​ចង​មាត់ ជំនួស​កុមារ​ខិល ដោយ​គិត​សង្ឃឹម​ថា នឹង​មាន​លាភ​ បាន​ទ្រព្យ​សម្បត្ដិ មាន​ប្រាក់​ច្រើន​ជាង​ខ្លួន​ដែល​មាន​ហ្វូង​ចៀម​ទៅ​ទៀត។ សេចក្ដី​លោភ​លន់​ដ៏​អិត​មាន​ព្រំដែន ដូច​លោកសេដ្នី ហើយ​កី​ដូច​ជា​អ្នក​គង្វាល​ចៀម​ផង​ដែរ តើ​អ្នក​សិក្សា​អាច​វាស់​ជំរៅ​នៃ​សេចក្ដី​លោភ​នេះ​បាន​ដែរ​រឺទេ? យោង​ទៅ​តាម​ន័យ​សេចក្ដី​នៃ​សាច់​រឿង យើង​អាច​វាស់​នូវ​សេចក្ដី​លោភ​នេះ​បាន យ៉ាង​ត្រឹម​ត្រូវ​ពិត​ប្រាកដ​ជាក់​ស្ដែង គឺ «មរណៈ» ស្លាប់​តៃ​ហោង​តែ​ម្ដង អែ​សេចក្ដី​ដោះ​ស្រាយ​ទុក្ខ ដោយ​ប្រើ​សតិ​បញ្ញា​វៃឆ្លាតដូច​កុមារ​ខិល​ រមែង​បាន «រុង​រឿង» សុខ​កាយ​សប្បាយ​ជា​និរន្ដ​។

ដំនើររឿង

កាល​ពីព្រេង​នាយ​មាន​កុមារ​កំព្រា​ម្នាក់ ជា​ក្មេង​ឆ្លាត​វាង​វៃ។​ ក្រោយ​ពី​អូវ​ពុក​ម្ដាយ​ស្លាប់​ចោល​ទៅ ចៅ​ខិល​បាន​ប្រមូល​​វេច​ស្បែក​គោ​ក្រៀម​មួយ​បង្វេច ដើម្បី​ធ្វើ​ដំនើរ​ទៅ​ស្រុក​ឆ្ងាយ​មួយ​ទៀត ពេល​យប់​មួយ​នោះ​កុមារ​ខិល​ បាន​ឈប់​សំរាក​​នៅ​លើ​ដើម​ឈើ​មួយ ដោយ​អស់​កំលាំង​ពេក ចៅ​ខិល​ក៏​ដេក​លង់​លក់​ទៅ​។ ពេល​ក្រោក​ពី​ដំនេក កុមារ​បាន​​មើល​​ឃើញ​​ចោរ​ពីរ​នាក់​កំពុង​ចែក​មាស​ពេជ្រ​ និង របស់​របរ​ជា​ច្រើន​នៅ​ក្រោម​ដើម​ឈើ កុមារខិល ភិត​ភ័យ​ណាស់ តែ​ដោយ​មាន​ទំលាប់​ក្លាហាន វា​ក៏​ទំលាក់​បង្វេច​ស្បែក​គោ​ចុះ​ចំ​ក្បាល​ពួក​ចោរ​ ចោរ​ទាំង​២ ភ្ញាក់​ភ័យ​យ៉ាង​ខ្លាំង ទើប​ក្រោករត់​ចោល​របស់​ទ្រព្យ​ទាំង​អស់ កុមារ​ខិល​ឃើញ​យ៉ាង​នោះ​ត្រេកអរ​ណាស់ ក៏​សំរូត​ចុះ​ពី​ដើម​ឈើ ប្រមូល​កើប​វេចស្ពាយ​មាស​ពេជ្រ​ជា​ច្រើ​ត្រលប់​មក​ផ្ទះ​វិញ​។ កុមារខិល​ ក៏​ក្លាយ​ខ្លួន​ជា​មនុស្ស​មាន​ទ្រព្យ​សម្បត្ដិ​យ៉ាង​ស្ដុក​ស្ដម្ភ​នៅ​ ក្នុងភូមិ​។ មាន​សេដ្ឋី​ម្នាក់។ គាត់​អោយ​បំរើ​ទៅ​ហៅ​ចៅ​ខិល​មក​ឈ្លេច​សួរ ៖
- អែរកទ្រព្យបានដោយវិធីណា?
- បាទខ្ញុំបាទបានសំលាប់គោ យកស្បែកលក់។ ដោយសារតំលៃនៃស្បែកគោនោះ ទើបខ្ញុំប្រកបរបរបានចំរើន(ចៅខិលកុហកតប)។
- បើដូច្នោះអញនឹងអោយបំរើសំលាប់គោទាំងអស់ដើម្បីយកស្បែក។
ចាប់តាំងពីថ្ងៃនោះមក សេដ្ឋីក៏ចាត់បំរើអោយសំលាប់គោយកស្បែក ហើយអោយនាំយកទៅជួញនៅទីទាំងឡាយ។ តែជំនួញនេះពុំបានផលឡើយ។ ដោយចាញ់បោកកុមារខិល សេដ្ឋីខឹងណាស់ ទើបអោយបំរើទៅបំពានចាប់កុមារខិលច្រកបញ្ចូលក្នុងបាវដើម្បីទំលាក់ សំលាប់ចោលក្នុងទឹកទន្លេ។
បំរើក៏គោរពតាមសេដ្ឋី ហើយនាំគ្នាទៅព័ទ្ធចាប់កុមារខិល ច្រកបញ្ចូលក្នុងបាវចងមាត់យ៉ាងជិត នាំមកជួនសេដ្ឋី ពេលធ្វើដំនើរមកដល់ពាក់កណ្ដាលផ្លូវ ដោយមានការហេវហត់យ៉ាងខ្លាំង ពួកអ្នកបំរើ​ ទាំងឡាយក៏ទំលាក់បាវចោលនូវមាត់ផ្លូវហើយទើបនាំគ្នាចូលទៅរកអាហារបរិភោគ នៅក្នុងតៀមមួយ។ ខណៈនោះកុមារខិលបានហែកបាវមើលឃើញអ្នកគង្វាលម្នាក់ កំពុង​កៀងចៀមមួយហ្វូង វាក៏ស្រែកហៅអ្នកគង្វាលតិចៗ រួចពោលត្អូញត្អែថា «សូមលោកមាជួយស្រាយមាត់បាវនេះលែងខ្ញុំផង សេដ្ឋីបានចាត់បំរើអោយនាំខ្ញុំទៅរក្សាទ្រព្យសម្បត្ដិ និងជួយបង្ហាត់សេះ តែខ្ញុំមានទំលាប់ខ្លាចសេះណាស់ ខ្ញុំពុំហ៊ានទៅទេ ទោះបីខ្ញុំប្រកែកយ៉ាងណាក្ដី បំរើសេដ្ឋីក៏ពុំយល់ព្រម ហើយក៏ចាប់ខ្ញុំច្រកបាវយ៉ាងនេះ។ ដូចលោកជ្រាបស្រាប់​ មុខរបរនេះ​ប្រកបដោយ​ភាពខ្ពង់ខ្ពស់ និង កិត្ដិយស។ បើលោកមាពេញចិត្ដ សូមអញ្ជើញទៅជំនួយខ្ញុំទុកអោយខ្ញុំនៅថែរក្សាចៀមនេះម្ដង។
លាភអញមកដល់ហើយតើ អាក្មេងល្ងង់នេះមិនស្គាល់ប្រយោជន៍វាទេ អញ នឹងចូលសំងំក្នុងបាវនេះជំនួសវាម្ដង។ គិតហើយបុរសនោះក៏ចូលទៅសំងំក្នុងបាវជំនួសកុមារខិល ក្រោយពីបាន​បរិភោគ​ ឆ្អែតហើយពួកបំរើសេដ្ឋីក៏ត្រលប់មកវិញហើយក៏ចាប់បាវលីបន្ដដំនើរតទៅទៀត ដោយពុំបានដឹងកិច្ចកលអ្វីឡើយ។ សេដ្ឋីបានអោយពួកអ្នកបំរើ យកបាវនោះទៅទំលាក់ចោល​ក្នុង​ទឹកទន្លេ បុរសអ្នកគង្វាលក៏ស្លាប់អាសារបង់ទៅ។
ពេលកន្លងមកមិនយូរប៉ុន្មាន សេដ្ឋីក៏បានជួបជាមួយចៅខិលម្ដងទៀត មានទាំងហ្វូងច្រៀមជាច្រើនផង សេដ្ឋីនឹកឆ្ងល់ភិផលក្នុងចិត្ដណាស់ រួចក៏សួរចៅខិលថា ៖
- អែងរឺ ដែលអញយកទៅទំលាក់ក្នុងទឹកថ្ងៃមុននោះ?
- បាទ! មែនហើយលោកសេដ្ឋី កុមារតប តែជាសំនាងល្អណាស់នៅបាតទន្លេសបូរដោយទ្រព្យសម្បត្ដិធនធានជាច្រើន នេះនែហ្វូងចៀមដែលខ្ញុំទើបតែកៀងយកមក។
សេដ្ឋីបានស្ដាប់កុមារខិលហើយ ក៏ជឿយ៉ាងពិតប្រាកដ ឥតគិតពិចារណារអ្វីឡើយ ដោយមានចិត្ដលោភលន់ពន់ប្រមាណ សេដ្នីក៏បញ្ជាអោយពួកបំរើយក​បាវមកច្រកគាត់ហើយ​អោយយកទៅ​ទំលាក់ទឹកទន្លេ ដូចកាលដែលធ្វើទៅលើបុរសគង្វាលយ៉ាងនោះដែរ។
បានចុះផ្សាយក្នុង ប្រជុំរឿងព្រេងខ្មែរ. Leave a Comment »

រឿងសំលាញ់ពីរនាក់


ដំនើររឿង
កាលពីព្រេងនាយ មានបុរសពីរនាក់ជាសំលាញ់នឹងគ្នា និយាយសន្យាគ្នាថា «កាលបើយើងមានប្រពន្ធហើយអែងក្ដីអញក្ដី បើមានទ្រព្យសម្បត្តិត្រូវយើង ចិញ្ចឹមគ្នាទៅវិញទៅមក»។ សន្យាគ្នាហើយយូរបន្តិចទៅសំលាញ់មួយ មានប្រពន្ធគ្រប់លក្ខណ៍ សំលាញ់មួយទៀតមានប្រពន្ធខាតលក្ខណ៍។ បុរសដែលមានប្រពន្ធគ្រប់លក្ខណ៍នោះ​វេលាយប់ចូលដំនេក និយាយគិតគ្នាប្ដីប្រពន្ធថា «យើងរកស៊ីអីអោយមានឆាប់»។ ប្រពន្ធឆ្លើយថា “អ្នកចង់រកស៊ីអី រឺប្រើខ្ញុំអោយត្បាញរវៃលក់ដូរខ្ញុំទទួលតាមមិនហ៊ានទទឹងទាស់ចិត្តអ្នកទេ»។
លុះកន្លងមកពេលចូលដំនេកយប់ក្រោយទៀត ប្ដីនិយាយនឹងប្រពន្ធថា «នាងអើយបងគិតឃើញរបរមួយមុខ បើបានដូចគំនិតនឹងបានមាសប្រាក់ ផ្ដិល តុ ថាស ដោយងាយ»។ ប្រពន្ធសួរប្ដីថា «គិតធ្វើដូចម្ដេចក៏បានងាយម្លេះ? » ។ ប្ដីប្រាប់ប្រពន្ធថា “ក្នុងសមុទ្រមានសំពៅអ្នកជំនួញគ្រប់ប្រទេស ខ្លះសុខសប្បាយខ្លះលិចលង់ច្រើនឆ្នាំមកហើយរបស់ទ្រព្យសព្វសារពើ​មាសប្រាក់កប់​ នៅបាតសមុទ្រនោះច្រើន យើងគិតនាំគ្នាទៅបាចទឹកសមុទ្រនោះអោយរីងក្រ អ្វីមាសប្រាក់គ្រប់មុខនោះ បើបានត្រីធំតូចយើងវះធ្វើងៀត ធ្វើផ្អក ប្រហុក ព្រឹកនេះនាងឯងដាំបាយដួសដាក់កញ្ជើអោយមានម្ហូបនិងស្លាម្លូផង ព្រហាមយើងទៅបាចទឹកសមុទ្រអោយរីង»។ ប្រពន្ធលឺប្ដីប្រាប់ហើយក៏ធ្វើតាមបង្គាប់ប្ដី។ លុះព្រឹកឡើងរៀបគ្រប់ ប្រដាប់រួចក៏នាំគ្នាទៅដល់មាត់សមុទ្រ ហើយទុកដាក់ម្ហូបចំនីដោយស្រួល ទើបប្ដីកាន់កញ្ជើ១ ប្រពន្ធកាន់កញ្ជើ ១ខំបាចជះទឹកទៅលើគោកបាចទាល់តែពេលបាយទើបឈប់បរិភោគ បរិភោគបាយ រួចនាំប្ដីប្រពន្ធបាចទៀតទាល់ល្ងាចទើបនាំគ្នាមកផ្ទះវិញ។ បាចបានចំនួន ៤ថ្ងៃប្ដីក៏ឈរបាំងដៃមើលទឹកសមុទ្រហើយប្រាប់ប្រពន្ធថា «ទឹកស្រកសន្ដកហើយនាង»។ ប្រពន្ធឆ្លើយថា “បើដូច្នោះយើងខំបាចទៅយូរណាស់កន្លះខែទៀតមុខជារីងហើយ យើងចាប់យកត្រីធំតូចវះធ្វើងៀតផ្អកប្រហុកថ្លឹងលក់យកប្រាក់ មួយទៀតសំពៅទាំងប៉ុន្មានដែលលិចលង់មកយូរឆ្នាំនោះ យើងត្រូវកាយយកប្រាក់មាស តុ ថាស ចានក្បាននៅក្នុងសំពៅនោះមិនដឹងបើយកទៅណាអស់ទេ» ថារួចដល់ល្ងាចត្រលប់មកផ្ទះវិញ។ ព្រឹកឡើងនាំគ្នាទៅបាចទៀត​ហើយនិយាយតែ​ពាក្យ​ដដែលៗដូចថ្ងៃមុន។ ហ្វូងមច្ឆាក្នុងសមុទ្រស្ដាប់លឺដឹងដំនឹងសព្វគ្រប់ ភ័យបារម្ភណាស់ជំនុំគ្នាថា «យើងមុខជាស្លាប់ម្ដងហ្នឹងយើងនាំគ្នាទៅទូលស្ដេចត្រីអន្សាសមុទ្រទើបរស់រួចជីវិតគិតហើយនាំគ្នា មុជហែលទៅដល់ស្ដេចត្រីទូលតាមដំនើរដែលបុរសប្ដីប្រពន្ធមកបាចទឹកសមុទ្រនោះ។ ស្ដេចត្រីដឹងហើយបង្គាប់ត្រីទាំងប៉ុន្មានដែលទៅទូលនោះថា «ឯងរាល់គ្នាពាំយកមាសបាន ៥ក្រឡ ប្រាក់ ៥ក្រឡ និង តុ ថាស ផ្ទិល ចាន ទៅអោយបុរសប្ដីប្រពន្ធអង្វរគេអោយលែងបាចទឹកសមុទ្រទៅ”។ ត្រីទាំងនោះក៏យកវត្ថុគ្រប់ចំនួនតាមស្ដេចត្រីបង្គាប់រួចនាំគ្នាពាំហែលមកដល់បុរសប្ដីប្រពន្ធ អង្វរសូមអោយលែងបាចទឹកសមុទ្រ ត្រីទាំងនោះក៏ហាមាត់ខ្ជាត់ ក្រឡ មាសប្រាក់តុថាសផ្ទិលចានអោយបុរសប្ដីប្រពន្ធ។ បុរសប្ដីប្រពន្ធមានសេចក្ដីត្រេកអរពន់ពេកក៏ឈប់លែងបាចទឹកពីថ្ងៃនោះ នាំប្ដីប្រពន្ធរែកជញ្ជូនទៅទុកផ្ទះត្រាតែអស់។ បុរសប្ដីប្រពន្ធក៏មានទ្រព្យសម្បត្តិច្រើន ថ្កើនរុងរឿងបានសេចក្ដីសុខរៀងទៅ ។
ពណ៌នាពីសំលាញ់ដែលមានប្រពន្ធខាតលក្ខណ៍គាត់ភ្នកនឹករលឹកដល់សំលាញ់ហើយនាំប្រពន្ធទៅលេងផ្ទះសំលាញ់ដែលមានប្រពន្ធគ្រប់លក្ខណ៍លុះដល់លើផ្ទះគេក៏រាប់អានចាប់ចិត្តស្និតស្នាល ​ដូចពីដើម គាត់គន់មើលរបស់ទ្រព្យប្រដាប់ប្រដាក្នុងផ្ទះហើយនឹកក្នុងចិត្តថា «ពីដើមសំលាញ់គេមានទ្រព្យសម្បត្តិល្មមគួរសមទេ ឥលូវនេះគេរករបរអ្វីក៏មានទ្រព្យសម្បត្តិច្រើនម្ល៉េះ ? »។ គិតហើយ​ត្អូញប្រាប់សំលាញ់ដែលមានទ្រព្យសម្បត្តិថា «សំលាញ់អើយ ! អញសព្វថ្ងៃនេះក្រលំបាកណាស់សំលាញ់អែងរកស៊ីជំនូញអ្វីក៏ មានទ្រព្យសម្បត្តិច្រើនម្ល៉េះ ? »។ សំលាញ់ដែលមានប្រពន្ធគ្រប់លក្ខណ៍ថា «សំលាញ់អើយ!អញរកស៊ីបាចទឹកសមុទ្រតែពីរនាក់នឹងប្រពន្ធអញ ពេលព្រឹកទៀបភ្លឺប្រពន្ធឡើង ដាំបាយមានគ្រប់ប្រដាប់លុះភ្លឺឡើងនាំគ្នា​ទៅបាច​ទឹកសមុទ្រ​ ល្ងាចត្រលប់មកផ្ទះវិញ ស្ដេចត្រីភិតភ័យបង្គាប់ត្រីជាបរិវាអោយពាំយកមាសប្រាក់ និង របស់គ្រប់មុខមកអោយអញ»។
ឯសំលាញ់ប្រពន្ធខាតលក្ខណ៍ដឹងហើយ ក៏លាសំលាញ់ដែលមានប្រពន្ធគ្រប់លក្ខណ៍ ៗគេក៏អោយប្រាក់យកទៅចិញ្ចឹមជីវិត។ លុះត្រលប់ទៅផ្ទះវិញពេលចូលដំនេកបុរសនោះ​និយាយនឹង​ប្រពន្ធថា «ព្រឹកនេះបាឯងដាំពីយប់រៀបប្រដាប់អោយមានសព្វគ្រប់ភ្លឺឡើងយើងនឹងនាំគ្នាទៅបាចទឹកសមុទ្រអោយបានមាសប្រាក់របស់ទ្រព្យដូចសំលាញ់យើង »។ មេខាតលក្ខណ៍ជាប្រពន្ធភ្លឺច្បាស់ បានក្រោកបង្កាន់ភ្លើងឆេះ ហើយបានទៅបើកខាប់អង្ករ ៗកំពុបម្ដងមួយទូកដៃយកអង្ករទៅលាងកំពុបមួយទុកដៃទៀតច្រកអង្ករទៅក្នុងឆ្នាំងកំពប់ទៀត ​ដល់ពុះជាត់បាយកំពប់ទៀតច្រកអង្ករចំនួនល្មមឆ្អិនពេញឆ្នាំងបាយនៅតែកន្លះឆ្នាំង ទាល់ថ្ងៃទើបដួសដាក់កញ្ជើហើយបន្ដើរប្ដីប្រពន្ធទៅបាចទឹកសមុទ្របាចទាំងខឹងទាំងជា ។ បានចំនួន ៥ថ្ងៃអស់ហ្វូងមច្ចាធំតូចផ្អើលភិតភ័យនិយាយគ្នាថា «បុរសប្ដីប្រពន្ធពីណាមកបាចទឹកសមុទ្រទៀតហើយ »ពួកត្រីក៏សំលឹងទាំងហ្វូងចាំមើលចាំស្ដាប់។ ប្រពន្ធខាតលក្ខណ៍បោកល្អី​ដែលបាចទឹកនោះថា «បាចយូរថ្ងៃហើយមិនបានឃើញរបស់អ្វី អញមិនខ្ចីទេ អញលែងបាចហើយ» ឈ្លោះប្ដីប្រពន្ធ ប្រពន្ធជេរម្ដាយប្ដី ប្ដីបញ្ជោរប្រពន្ធប្រកាច់ចំបាប់គ្នាប្រទាញថ្នក់សំពត់គ្នា​ទៅវិញទៅមក ទាល់តែអាក្រាតទាំងប្ដីប្រពន្ធលេចកេរ្ដ៍ខ្មាសនៅ មាត់សមុទ្រ ហើយអ្នកទាំងពីរនាក់ថា «ខ្ញុំគេក៏ខ្ញុំចុះលែងបាចហើយ »។ ត្រីទាំងនោះលឺថាលែងបាចក៏ត្រេកអរធូរចិត្ត លែងសួរអោយមាសប្រាក់របស់ទាំងពួង ។ ត្រីទាំងនោះបានឃើញកេរ្ដ៍ខ្មាស បុរសប្ដីប្រពន្ធក៏លោតសើចទាំងហ្វូង ។ ឯត្រីសន្ដាយសើចទាល់តែរយះមាត់បានជាមាត់ធំ​ដូចគេហែករហូត​ដល់បច្ចុប្បន្ននេះ ។
បុរសប្ដីប្រពន្ធគ្មានបានអ្វីសោះ ក៏លែងឈ្លោះគ្នា ដកសារាយប្ដីមួយអំរែក ប្រពន្ធមួយទ្រនូលត្រលប់មកផ្ទះវិញ ចាក់សារាយចោលនៅកៀនជញ្ជាំងអោយ រលួយខូចអស់ទៅ ។
បានចុះផ្សាយក្នុង ប្រជុំរឿងព្រេងខ្មែរ. Leave a Comment »

រឿងអាកុហកស៊ី


ដំនើររឿង

កាលពីព្រេងនាយមានកុមារម្នាក់នៅជាមួយម្តាយចិញ្ចឹមជ្រូកកមៀ្រវមួយ ដល់ជ្រូកនោះធំឡើង កេ្មងនោះចង់ស៊ីសាច់ ជ្រូកក៏និយាយនឹងម្តាយថា “ម៉ែខ្ញុំចង់ស៊ីសាច់ជ្រូក ម៉ែឲ្យខ្ញុំកាប់ជ្រូកនេះស៊ីផឹកស្រាទៅ?”។ ម្តាយឃាត់ថា “កុំ! ឯង ស៊ីអ្វីក៏ច្រើនមេ្លះ ទុកវានឹងលក់យកប្រាក់ចាយ”។ កូនឮម្តាយឃាត់ដូច្នោះ ក៏នឹកតែក្នុងចិត្តចង់ស៊ីសាច់ជ្រូករាល់ថៃ្ង ពុំមានភេ្លច។ មានកាលថៃ្ងមួយកូននោះភ្ញាក់ឡើងពីដេកនិយាយប្រាប់ម្តាយថា “ដ្បិតទេវតាប្រាប់ខ្ញុំថា “មានមាស ច្រើនណាស់ ម៉ែជូនទៅយក”។ ម្តាយឮកូននិយាយប្រាប់ដូច្នោះសួរថា “មាសប្រាក់នៅឯណា?”។ កូនឆ្លើយថា “ម៉ែទៅនឹង្តចុះ បើខ្ញុំបង្គាប់ដូចមេ្តចម៉ែធ្វើតាមខ្ញុំ”។ កូនយកកញ្ចើនាំម្តាយដើរទៅព្រៃឆ្ងាយអំពីស្រុក ហើយកូនក៏ យកកញ្ចើស្ទុះទៅគ្របដី ប្រឹងសង្កត់ហើយប្រាប់ម្តាយថា “ម៉ែជួយសង្កត់ផងមាសប្រាក់ក្នុងដីនេះច្រើនណាស់ ម៉ែសង្កត់ ឲ្យជាប់ចុះ ខ្ញុំនឹងទៅរកចបជីកយកមាសប្រាក់ ម៉ែឯងនៅសង្កត់ឲ្យជាប់កុំលែង បើម៉ែឯងលែងមាសប្រាក់នឹងបាត់បង់អស់”។ ឯម្តាយឮកូនថាដូច្នោះ ក៏សង្កត់កញ្ចើរនោះចាំកូន កូនត្រឡប់មកផ្ទះវិញចាប់ជ្រូកនោះយកមកកាប់ចម្អិនជា អាហារបបួលអស់បងប្អូនជិតខាងមកស៊ីផឹកស្រាលេងសប្បាយ។ ម្តាយទន្ទឹងចាំកូននៅឯព្រៃពុំឃើញមក ឃ្លាន បាយអស់កម្លាំងរោយដៃរោយជើងរបូតចេញពីកញ្ចើ មើលក្នុងកញ្ចើពុំមានអ្វីសោះ។ លុះម្តាយដឹងថាកូនបញ្ចោត ហើយ ក៏ត្រឡប់ទៅផ្ទះវិញ ឃើញកូនកំពុងតែស៊ីសាច់ជ្រូកផឹកស្រាលេងសប្បាយដូចេ្នះ ខឹងនឹងកូនណាស់ ហើយ និយាយនឹងប្អូនថា “ដ្បិតកូននេះខូចណាស់ ទុកចិញ្ចឹមមិនបានទេ ត្រូវឯងច្រកការុងយកវាទៅទម្លាក់ក្នុងទឹកសម្លាប់ទៅ”។ ប្អូនឮដូច្នោះក៏សួរថា “ដំណើរដូចមេ្តចបានជាឲ្យយកកូនទៅច្រកការុងទៅចោលក្នុងទឹកសម្លាប់?”។ បង និយាយប្រាប់ប្អូនតាមដំណើរសព្វគ្រប់ថា “វាចេះបញ្ឆោតឲ្យអញទៅក្នុងព្រៃ ថាទៅយកមាសប្រាក់ ហើយវាឲ្យ អញចាំក្នុងព្រៃត្រាតែដល់ថៃ្ងឃ្លានបាយស្ទើរតែដាច់ពោះ ឯវាមកកាប់ជ្រូកផឹកស្រា ជ្រូកអញតែមួយទុកលក់ឲ្យគេ យកប្រាក់ចាយទេតើ” ប្អូននោះក៏ទៅចាប់អាកុហកស៊ី ច្រកក្នុងការុងធំចងមាត់ការុងជាប់ល្អ លើកលីយកទៅ ចោលក្នុងទឹកទនេ្ល លុះដល់មាត់ទនេ្លអាកុហកស៊ីនិយាយនឹងមាវាថា “លោកមាអាណិត្តៗមុខជាស្លាប់ហើយ បើដូច្នោះ ហើយលោកមាអាណិតទៅយកក្បួនកុហកឲ្យខ្ញុំបន្តិច ដ្បិត្តស្លាប់ទៅនៅឋានខ្មោច បើគ្មានក្បួនកុហកខ្មោច រកស៊ី ពុំបាននោះនឹងដាច់ពោះស្លាប់” ឯមាឮក្មួយអង្វរដូច្នោះក៏សួរទៅក្មួយថា “ក្បួនកុហកឯងទុកនៅទីណា?” ។ ក្មួយ ប្រាប់ទៅមាថា “ខ្ញុំដាក់នៅលើធ្នឹម “។ មាក៏ដាក់អាកុហកស៊ីនៅកំពង់ទឹក ហើយត្រឡប់ទៅយកក្បួនភរ អាកុហកស៊ីវិញ។ កាលនោះមានមនុស្សកើតឃ្លង់ម្នាក់ដើរមកជិត អាកុហកស៊ីៗក៏ធ្វើជានិយាយ “អញមកតមឃ្លង់ក្នុង ការុងនេះយូរហើយ មិនដឹងជាៗហើយឬនៅ ប៉ុនែ្តស្ទាបមើលហាក់ដូចសះជាហើយ” ។ មនុស្សឃ្លង់ឮអាកុហកស៊ីថា តមឃ្លង់ក្នុងការុងដូច្នោះ ដោយខ្លួនកើតឃ្លង់ក៏សួរថា “តមឃ្លង់ក្នុងការុងនេះបានជាឬ?”។ អាកុហកស៊ីប្រាប់ថា “ដ្បិត ខ្ញុំកើតឃ្លង់គេឲ្យមកតមក្នុងការុងនេះយូរថៃ្ងហើយ មិនដឹងជាជាហើយឬនៅទេ អាណិតស្រាយខ្ញុំបន្តិច “។ មនុស្សឃ្លង់ ក៏ស្រាយការុងឲ្យអាកុហកស៊ីចេញមក។ អាកុហកស៊ីចេញពីការុងចេញមកមើលហើយប្រាប់ថា “ជាឃ្លង់ហើយ”។ អាគម្លង់ឮអាកុហកស៊ីថាតមឃ្លង់ក្នុងការុងដូច្នោះក៏និយាយថា “ឲ្យគ្នាតមឃ្លង់ផង”។ អាកុហកស៊ីឮដូច្នោះអរណាស់ គិតថា “អញអស់ស្លាប់ហើយ បានអាគម្លង់ស្លាប់ជួស”។ អាកុហកស៊ីប្រាប់អាគម្លង់ថា “បើឯងចង់ជាឃ្លង់ឆាប់ ត្រូវ កាន់ត្រណមឲ្យជាប់ កុំនិយាយស្តីនឹងអ្នកណាឲ្យសោះ បើនរណារមកសួរក្តីមកជេវាយដូចមេ្តចៗក្តី ត្រូវកុំនិយាយស្តី ត្រូវកាន់ត្រណមឲ្យខ្ចាប់ទើបបានជាឆាប់”។ អាគម្លង់ឮអាកុហកស៊ីថាដូច្នោះ ក៏ទទួលចាំហើយចូលទៅក្នុងការុង។ អាកុហកស៊ីចងមាត់ការុងជាប់ ហើយរត់បាត់ទៅ មានោះមករកតម្រាឲ្យអាកុហកស៊ីពុំឃើញ ដឹងថាអាកុហកស៊ី បញ្ឆោតខ្លួនខឹងណាស់ ក៏គិតក្នុងចិត្តថា “បើអញទៅដល់អញនឹងទម្លាក់វាទៅក្នុងទឹកឲ្យស្លាប់ទៅ “ហើយខំដើរទៅ ដល់ហើយក៏ស្ទុះចូលទៅដាល់វាយអាគម្លង់ដោយស្មានថាអាកុហកស៊ី។ អាគម្លង់ខំអត់ព្រោះចង់ជាឃ្លង់ លុះវាយ ធាក់អស់ចិត្តហើយក៏លើកការុងបោះទៅក្នុងទឹកឲ្យស្លាប់ទៅ។
អាកុហកស៊ីរត់រួចអពីនោះទៅៗជួបនឹងមនុស្សកុហកម្នាក់ ចេះកុហកដូចគ្នាកំពុងតែមុជទឹក អាកុហកស៊ីនោះ ឃើញ អាកុហកស៊ីដើរពីចម្ងាយ ក៏វាធ្វើជាមុជទឹកយូរបន្តិចទើបងើបឡើង ហើយលើកកាសឡើងថា អញមុជទឹក ទៅខាងក្រោមមានគេលេងបៀរ អញលេងឈ្នះបានកាសប្រាក់ច្រើន ប៉ុនែ្តយកមិនរួច បានតែមួយត្រណោតមក។ អាកុហកស៊ីឮដូច្នោះក៏ជឿគិតស្មានថាមែន ហើយក៏ផ្លាស់សំពត់លោតទៅក្នុងទឹក ខំមុជទៅទង្គិចក្បាលនឹងគល់ឈើ បែកឈាម ដឹងខ្លួនថាគេជាមនុស្សកុហក ក៏នឹកក្នុងចិត្តឃើញឧបាយកលកុហកវិញ ហើយងើបឡើងនិយាយទៅ អាដែលបញ្ឆោតនោះថា “អ្នកអើយ! ខ្ញុំមុជទឹកទៅតាមពាក្យអ្នកអម្បាញ់មិញ បានឃើញគេលេងបៀរប៉ាធួកំតាត់ ច្រើនណាស់ ហើយ្តលេងឈ្នះគេបានប្រាក់កាសច្រើន ខ្ញុំទារពីគេៗថាឲ្យយកពីឯង នោះខ្ញុំមិនព្រមខ្ញុំចេះតែទារ គេខឹងនឹងខ្ញុំគេវាយខ្ញុំបែកក្បាល ហើយគេថាឲ្យខ្ញុំមកយកពីអ្នកឯង បើអ្នកឯងមិនជឿមើលក្បាលខ្ញុំដែលបែក នេះចុះ”។ អាកុហកនោះដឹងថា អាកុហកស៊ីមានប្រាជ្ញាចេះកុហកទល់កុហកមិនចាញ់ខ្លួន ក៏ស្រាយកាសចែកគ្នា ពាក់កណ្តាល ហើយសុំគ្នាជាបងប្អូនរកស៊ីកុហកគេតាំងអំពីនោះតទៅ។
បានចុះផ្សាយក្នុង ប្រជុំរឿងព្រេងខ្មែរ. Leave a Comment »

រឿងអ្នកនេសាទដូងទិព្វ


ដំនើររឿង

កាលពីព្រេងនាយមានអ្នកនេសាទម្នាក់រកចិញ្ចឹមជីវិតដោយលំបាក បុរសនេះត្រូវនេសាទត្រីយកមកលក់ចិញ្ចឹមប្រពន្ធនិង កូនចំនួន១២នាក់។ ការរកស៊ីចិញ្ចឹមជីវិតប្រព្រឹត្ដទៅយ៉ាងលំបាក​ ដោយបុរសយើងមានបន្ទុកសមាជិកគ្រួសារយ៉ាងច្រើននាក់ ហើយដោយផលនេសាទពុំសូវហុចផលអោយផងនោះ ជីវភាពគ្រួសារគាត់ចេះដុនដាបទៅដុនដាបទៅជាលំដាប់។
ថ្ងៃនេះបុរសកំសត់រកចាប់ត្រីពុំបានសោះ ពេញមួយថ្ងៃតាំងពីព្រលឹមគាត់ខំស្វែងរុករកចាប់ត្រី តែសូម្បីតែកូនត្រីមួយគាត់ក៏រកមិនបានផង​គាត់មានការភ័យព្រួយ​ជាខ្លាំងព្រោះ​ គាត់មិនអាចត្រលប់​ទៅផ្ទះដោយដៃទទេនោះបានទេ ប្រពន្ធកំនាចរបស់គាត់មុខជាជេរស្ដីបន្ទោសគាត់ ហើយកូនទាំង១២នាក់ច្បាស់ជាយំទាររកអាហារដោយស្រេកឃ្លាន។ គាត់ពិបាកចិត្ដជាខ្លាំងដកដង្ហើយវែងៗ​ដោយអស់សង្ឃឹម។ នៅឯនាយសមុទ្រព្រះអាទិត្យបញ្ចេញរស្មីក្រហមព្រឿងហៀបអស្ដង់គត់ទៅហើយ គាត់ពុំហ៊ានដើរចូលទៅលំនៅស្ថានឡើយ។ គាត់អង្គុយនៅគល់ដូងមួយនាមាត់សមុទ្រ​ ដោយទឹកមុខក្រៀមក្រោះ គាត់ខំរិះរកអុបាយដើម្បីដោះស្រាយបញ្ហាជីវិត ដែលហាក់ដូចជាសែនចង្អៀតចំពោះរូបគាត់ណាស់បុរសយើងរកពុំឃើញ​កលណាមួយសោះ គិតៗទៅទឹកភ្នែករបស់គាត់ក៏ហូរមកយ៉ាងជោគជាំ គាត់ស្រែកទ្រហោយយំ…..ស្រែកយំទាស់តែលង់លក់ទៅដោយអិតដឹងខ្លួន!។
រំពេចនោះ ស្រាប់តែមានសំនើចអាថិកំបាំងមួយលាន់ខ្ទ័របន្លឺឡើង «ហា៎!ហ៎ា!..ហា៎!..ហ៎ា! នែអ្នក!អ្នកអែងក្រណាស់ចូរប្រញាប់ក្រោកឡើងហើយត្រលប់ទៅផ្ទះទៅ»។ បុរសភ្ញាក់ឡើងឃើញតាចាស់ម្នាក់សក់ស្កូវព្រោង រយៃរយ៉ៃ​ប្រកបដោយទឹកមុខម៉ើងម៉ាត់ បុរសកំសត់យើងភ្លាត់មាត់ដោយអំនរពោលទៅកាន់តាចាស់ថា «សូមលោកម្ចាស់ជួយខ្ញុំផង»។
អើ! ចូរអែងយកផ្លែដូងទិព្វបីនេះចុះ តែត្រូវចាំថាកាលបើឯងប្រថ្នាចង់បានអ្វីហើយចូរអែងកាប់បំបែកដូងមួយនេះទៅ។​ កាលបើធ្វើដូចនេះឯងនឹងបាន​សំរេចដូចសេចក្ដីប៉ងប្រាថ្នា​មិនខានឡើយ។ ដូចនេះក្នុងចំនួនផ្លែដូងទាំងបី ឯងអាចប្រាថ្នាបានបីយ៉ាង ចូរឯងយកវាទៅប្រើចុះ។ តាចាស់ស្ដីចប់ក៏រលាយអន្ដរធានបាត់ទៅ។
អ្នកនេសាទត្រេកអរណាស់ គាត់ក្រោកយួរផ្លែដូងទាំងបីធ្វើដំនើរទៅកាន់លំនៅនៃអាត្មាដោយទឹកមុខរីករាយជាពន់ពេក។ ទៅដល់ទីលំនៅប្រពន្ធកូនប្រុសស្រីរបស់គាត់​បានឃើញផ្លែដូចទិព្វ​ទាំងបីនោះ​ ពុំមាននរណាពេញចិត្ដឡើយ ប្រពន្ធក៏ផ្ដើមស្រដីថា តាប៉ិ!. យកផ្លែដូងមកធ្វើអី អញមិនស៊ីដូងទេ កូនទាំង១២នាក់ក៏ជួយស្រែបន្ទរ។ លឺដូចនោះបុរសកំសត់ក៏ដាក់ផ្លែដូងចុះ ហើយអង្គុយក្បែរនោះពោលដោយទឹកមុខញញឹមថា៖
អែងមិនដឹងទេ?!.. ដូងនេះជាដូងទិព្វណា ឯងចង់លមើលរឺ?
នែ! តាប៉ិក.. កុំអួតតែផ្ដាស! មើលល្បងទៅហ៎ក! ប្រាថ្នាសុំកូនបានបួនដប់អ្នកទៀតមើ!
បុរសជាប្ដីក៏ចង់ល្បងប្រសិទ្ធិភាពដូងទិព្វគាត់ដែរ។ សឹងតែភរិយាស្ដីចប់ពុំទាន់ គាត់ក៏កាប់បំបែកដូងទីមួយភ្លាម។ កូនក្មេង១០នាក់ទៀតក៏ប្រាកដឡើងភ្លាមចំពោះគាត់​ គាត់ញីភ្នែកសំលឹងមើលទៅហ្វូងក្មេងដោយឆ្ងល់ផងភ័យផង គាត់ភ័យព្រោះបើថែមកូនដប់នាក់ទៀតគាត់នឹងមានអ្វើចិញ្ចឹមវា? ដូចនេះគាត់ក៏បបួលប្រពន្ធគាត់កាប់ដូងដើម្បីប្រាថ្នាសុំអោយ កូនទាំងអស់នោះត្រលប់ទៅវិញ គាត់ក៏ពោលថា «សូមអោយកូនទាំងអស់នេះត្រលប់ទៅវិញចុះ យើងខ្ញុំមិនមានអ្វីចិញ្ចឹមវាទេ ថាហើយក៏កាប់បំបែកដូងទីពីរទៅ។ កុមារាកុមារីទាំងអស់រួមទាំងកូនផ្ទល់របស់គាត់ផងក៏រលាយអន្ដរធានបាត់ស្រមោលអស់ទៅហោង។
ឃើញយ៉ាងនេះប្រពន្ធស្រែកទ្រហោយយំយ៉ាងខ្លាំងព្រោះនឹកស្ដាយកូន គាត់យំរំអុកសុំអោយប្ដីយកកូនមកវិញ។ បុរសប្ដីទល់គំនិត ក៏កាប់ដូងទីបីបង្ហើយប្រាថ្នាសុំយកកូនមកវិញ គាត់ក៏បានសំរេចដូចសេចក្ដីប្រាថ្នា បុរសប្ដីប្រពន្ធធ្វើមុខស្ងួតដោយដូងទិព្វពុំបានជួយអ្វីជាប្រយោជន៍អោយគាត់ឡើយ។
បានចុះផ្សាយក្នុង ប្រជុំរឿងព្រេងខ្មែរ. Leave a Comment »

រឿងពាក្យសុភាសិតតំលៃ៣០តំលឹង


ដំនើររឿង

កាល​ពី​ព្រេងនាយ​ មាន​ជន​ពីរ​នាក់​ប្ដី​ប្រពន្ធ, បុរស​ជា​ប្ដី​ បាន​ឃើញ​គេ​រៀន​របៀន​ពូកែ​ ចង់​រៀន​ណាស់​ យក​ប្រាក់​៣០​តម្លឹង​ លា​ប្រពន្ធ​ដើរ​ទៅ​រក​រៀន​ ដើរ​ពី​ស្រុក​មួយ​ដល់​ខែត្រ​មួយ​ឮ​គេ​ថា​ ទី​ត្រង់​ណា​ មាន​អ្នក​ចេះ​របៀន​អាគម​គាថា​ពូកែ​ ក៏​ទៅ​រក​ត្រង់​នោះ​ ដល់​ទៅ​ជួប​នឹង​គ្រូ​ណា​ពូកែ​ គេ​សូត្រ​ឲ្យ​ស្ដាប់​​គេ​ធ្វើ​ឲ្យ​មើល​ដូចម្ដេចៗ​ ក៏​ចេះ​តែ​មិន​ចូល​ចិត្ត, លុះ​ដើរ​ឆ្ងាយ​ទៅៗ​ ក៏​បាន​ជួប​នឹង​តា​ចាស់​ម្នាក់ ។ តា​ចាស់​សួរ​ថា << អ្នក​ឯង​ទៅ​ណា​ ដើរ​មក​តែ​ម្នាក់​ឯង​ ស្វះស្វែង​រក​អ្វី ? >> ។ បុរស​នោះ​ឆ្លើយ​ថា << ឱ ! តា​អើយ ! ខ្ញុំ​មក​នេះ​ ត្បិត​ឮ​គេ​ថា​នៅ​ទី​នេះ​ មាន​គ្រូ​ចេះ​របៀន​ពូកែ​​បាន​ជា​ខ្ញុំ​ខំ​សង្វាត​មក​ ក្រែង​តា​ចេះ​ដឹង​ ប្រដៅ​ចៅ​ផង >> ។ តា​ចាស់​ឆ្លើយ​ថា​ តា​មាន​របៀន​បីបទ​ តម្លៃ​៣០​ តម្លឹង​ បើ​ចៅ​ឯង​កាន់​ជាប់​ ចៅ​ឯង​មិន​ច្បុត​ទេ​ គង់​បាន​ដូច​ចិត្ត​ បើ​មាន​កិច្ច​ មាន​ដំណើរ​អ្វី​ឲ្យ​សូត្រ​របៀន​តា​នេះ​ចុះ​ ពូកែ​ណាស់ >> ។ បុរស​នោះ​ថា << តា​សូត្រ​ឲ្យ​ខ្ញុំ​ស្ដាប់​មើល ! បើ​ខ្ញុំ​ចូល​ចិត្ត​ ខ្ញុំ​យក >> តា​នោះ​សូត្រ​ឲ្យ​ស្ដាប់​ថា << រពឹស​ដៃ​ផ្ទៃ​ឆ្អែត, ដេក​យប់​កុំ​និយាយ​នឹង​ស្រី, ឃ្លាន​កុំ​អាល​ស៊ី >> ។ បុរស​នោះ​ស្ដាប់​បាន​ ចូល​ចិត្ត​ ក៏​ប្រគល់​ប្រាក់​៣០​តម្លឹង​ឲ្យ​តា​នោះ​ ហើយ​ទន្ទេញ​របៀន​ទាំង​បី​បទ​នោះ​ ចាំ​ស្ទាត់​រត់​មាត់ ។ ឯ​តា​ចាស់​ប្រាប់​ថា << បើ​ចៅ​កាន់​របៀន​ទាំង​បី​បទ​នេះ​បាន​ តា​ឲ្យ​ទទេ​ មិន​យក​តម្លៃ​ទេ >> ។ ហើយ​តា​ចាស់​ប្រគល់​ប្រាក់​ឲ្យ​បុរស​នោះ​វិញ ។ បុរស​នោះ​ក៏​លា​តា​ចាស់​នោះ​ វិល​មក​ស្រុក​វិញ ។ មាត់​បុរស​នោះ​ចេះ​តែ​ទន្ទេញ​របៀន​បី​បទ​នោះ​ ចប់​តែ​តាម​ផ្លូវ​មក​ ពុំ​មាន​ភ្លេច ។ លុះ​ដើរ​ឆ្ងាយ​បន្តិច​មក​ ជួប​នឹង​សំពៅ​ឈ្មួញ​មួយ , បុរស​នោះ​ ក៏​សុំ​សំពៅ​គេ​ដោយ​សារ​មក​ស្រុក, ដង្ខៅ​សំពៅ​ក៏​ព្រម​ឲ្យ​ដោយ​សារ ។ បុរស​នោះ​តាំង​ពី​ចុះ​មក​នៅ​ក្នុង​សំពៅ​ថ្ងៃ​ណា​ ក៏​ចេះ​តែ​ទន្ទេញ​របៀន​បី​បទ​នោះ​ ហើយ​ចេះ​តែ​ជួយ​លាង​ ជួយ​ថែ​ទាំ​ ជួយ​ជួសជុល​សំពៅ​ដូច​ជា​របស់​ខ្លួន ។ នាយ​សំពៅ​នឹក​ក្នុង​ចិត្ត​ថា << អ្នក​នេះ​តាំង​តែ​ពី​ចុះ​ដោយ​សារ​សំពៅ​អញ​កាលណា​មក​ គាត់​ចេះ​តែ​ធ្វើ​ការ​ដូចជា​របស់​គាត់​ នឹក​ហើយ​ ក៏​ស្រឡាញ់​បុរស​នោះ​ ឲ្យ​រៀប​បាយ​ទឹក​ឲ្យ​ស៊ី​តែ​រាល់​ថ្ងៃ​រៀង​មក ។ ឯ​បុរស​នោះ​ពុំ​ខ្ជិល​សោះ​ ចេះ​តែ​ខំ​ធ្វើ​ការ​ក្នុង​សំពៅ​ ដូចជា​កូន​ឈ្នួល​ឯ​ទៀតៗ ។ នាយ​សំពៅ​នឹក​តែ​ក្នុង​ចិត្ត​ថា << បើ​កាល​ណា​បាន​ដល់​ស្រុក​អញ​នឹង​ចែក​របស់​ទ្រព្យ​ឲ្យ​ចៅ​នេះ​រកស៊ី​តទៅ >> ។ លុះ​បើក​សំពៅ​មក​ដល់​កណ្ដាល​ស្រុក​មួយ​ បាន​ឃើញ​វិហារ​មួយ​គេ​រៀប​អណ្ដាប់​ពោរពាស​ សុទ្ធ​តែ​ចំណី​ ស្រា​ បាយ​ ទុក​ឲ្យ​យក្ស​វា​មក​ស៊ី ។
អ្នក​សំពៅ​ កាល​ដល់​វិហារ​នោះ​ ក៏​ចត​សំពៅ​ ឡើង​ទៅ​លេង​ឃើញ​ចំណី​ទាំងនោះ​ ពុំ​មាន​មនុស្ស​ ក៏​នាំ​គ្នា​ស៊ី​ផឹក​ស្រា​ស្រវឹង​ដេក​នៅ​ក្នុង​វិហារ​នោះ​ទាំងអស់​គ្នា​ ខាន​តែ​បុរស​ម្នាក់​នោះ​ មាត់​គាត់​ចេះ​តែ​ទន្ទេញ​ថា << រពឹស​ដៃ​ផ្ទៃ​ឆ្អែត​ ដេក​យប់​កុំ​និយាយ​នឹង​ស្រី​ ឃ្លាន​កុំ​អាល​ស៊ី >> ដោយ​គិត​ថា << ចំណី​អស់​នេះ​មាន​ហេតុ​អ្វី​មួយ​ហើយ​ បាន​ជា​គេ​រៀប​ទុក​នៅ​ទីនេះ, ឥឡូវ​អ្នក​ទាំងអស់​នេះ​ស៊ី​គង់​តែ​មាន​ភ័យ​មិន​ខាន >> គិត​ដូច្នោះ​ហើយ​ពុំ​ហ៊ាន​ស៊ី​ ឡើង​ទៅ​ពួន​លើ​ធ្នឹម​វិហារ​ ដោយ​ស្ងៀមស្ងាត់​ចាំ​លប​មើល ។
លុះ​ដល់​ថ្ងៃត្រង់​ យក្ស​មក​ដល់​ ហើយ​វា​ខឹង​ខ្លាំង​ណាស់​ថា << នរណា​ហ៊ាន​មក​ស៊ី​ចំណី​អស់​នេះ >> ។ យក្ស​ថា​ហើយ​ ក៏​ប្រើ​ដំបង​មក​វាយ​មនុស្ស​ដែល​ដេក​នោះ​ ស្លាប់​ទាំងអស់​ទៅ ។ ឯ​ដំបង​ក៏​វិល​មក​ខាង​យក្ស​វិញ​ ហើយ​យក្ស​កាច់​ក​អស់​មនុស្ស​ទាំងនោះ​ស៊ី​អស់​ទៅ​ រួច​ក្រឡេក​មើល​ក្រឡេម​ក្រឡឺម ។ បុរស​ឃើញ​យក្ស​ភ័យ​ណាស់​ មាត់​ចេះ​តែ​ទន្ទេញ​របៀន​បី​បទ​ ហើយ​គិត​ថា << បើ​អញ​ស្រែក​ ក្រែង​យក្ស​ឮ​វា​ឃើញ​អញ​ ហើយ​វា​នឹង​ស៊ី​អញ​ទៀត >> គិត​ហើយ​ក៏​លោត​ចុះ​ពី​លើ​ធ្នឹម​ ស្រែក​វ៉ាស​ឡើង​ យក្ស​ភ័យ​ណាស់​ រត់​ចោល​ដំបង​ទៅ​បាត់​ទៅ ។ បុរស​នោះ​ បាន​ដំបង​វាយ​ឯង​ហើយ​ ក៏​ដើរ​ត្រឡប់​មក​ស្រុក​ ចោល​សំពៅ​នៅ​កំពង់​វិហារ​នោះ​ឯង ។
លុះ​ដើរ​មក​ដល់​ផ្ទះ​ ក្នុង​វេលា​យប់​ បុរស​នោះ​ យក​ដំបង​ទៅ​លាក់​ក្រោម​ជណ្ដើរ​យក​ថ្ម​សង្កត់​លើ​ ហើយ​ឡើង​ទៅ​ដេក​លើ​ផ្ទះ ។ ប្រពន្ធ​សួរ​ ប្រាប់​ប្រពន្ធ​ថា​ ចាំ​ព្រឹក​សឹម​និយាយ​ប្រាប់ >> ។ ក្រោយ​ពេល​ដែល​ប្ដី​ទៅ​ ប្រពន្ធ​នៅ​ផ្ទះ​ វា​មាន​សាហាយ, វេលា​យប់​ដែល​ប្ដី​មក​ដល់​ផ្ទះ​ សាហាយ​វា​សួរ​ថា​ ដំណើរ​ដូចម្ដេច​ ក៏​ចាំ​ព្រឹក​ទើប​និយាយ​បាន ? ។ ប្រពន្ធ​ចេះ​តែ​ឱប​អង្អែល ។ ទ្រាំ​ពុំ​បាន​ប្ដី​ក៏​និយាយ​ប្រាប់​ថា : អញ​និយាយ​នឹង​ឯង​នេះ​ខុស​គ្រូ​ហើយ​ ត្បិត​គ្រូ​ផ្ដាំ​ថា << ដេក​យប់​កុំ​និយាយ​នឹង​ស្រី >> ឥឡូវ​នេះ​អញ​និយាយ​ខុស​បណ្ដាំ​គ្រូ​ហើយ ។ ប្រពន្ធ​សួរថា << អ្នក​ទៅ​បាន​របស់​អ្វី​មក​ខ្លះ >> ។ ប្ដី​ថា << បាន​តែ​របៀន​បី​បទ​ហើយ​ត្រឡប់​មក​វិញ​ ដល់​ពាក់​កណ្ដាល​ផ្លូវ​ បាន​ដំបង​វាយ​ឯង​ទៀត >> ។ ប្រពន្ធ​សួរថា<< ដំបង​នោះ​ទុក​នៅ​ឯណា​ ឥឡូវ​នេះ ? ខ្ញុំ​ចង់​ឃើញ >> ។ ប្ដី​ថា << អញ​ទុក​ក្រោម​ជណ្ដើរ​ យក​ថ្ម​គ្រប >> ថា​ហើយ​ក៏​ដេក​លក់​ទៅ ។សាហាយ​ លប​ស្ដាប់​ឮ​ហើយ​ ក៏​ទៅ​ក្រោម​ជណ្ដើរ​ រើស​យក​ដំបង​នោះ​ទៅ​បាត់​ទៅ។ លុះ​ព្រឹក​ព្រហាម​ស្រាងៗ​ ឡើង​បុរស​នោះ​ រឭក​ពី​ដេក​ ចុះ​ទៅ​រក​ដំបង​ពុំ​ឃើញ​ក៏​ប្រាប់​ប្រពន្ធ​ថា << អញ​ប្រាប់​មិន​ជឿ​​ អញ​ថា​ ខុស​គ្រូ​ហើយ​​ ឯង​ចេះ​តែ​លួង​អញ​ ទាល់​តែ​អញ​ប្រាប់​ ឥឡូវ​នេះ​ មនុស្ស​ឮ​ វា​លួច​យក​ដំបង​បាត់​ហើយ >> ។ ប្រពន្ធ​ឮ​ហើយ​ដឹង​ថា​សាហាយ​លួច​ ក៏​មិន​ស្ដី​ ដណ្ដាំ​បាយ​ឲ្យ​ប្ដី​ស៊ីៗ​រួច​ហើយ​ បុរស​នោះ​ក៏​យក​ខ្សែ​មក​ចង​ថ្ម​ដែល​គ្រប​លើ​ដំបង​នោះ​ នាំ​ទៅ​ប្ដឹង​មេ​ស្រុក​ ឲ្យ​ជំនុំ​ជម្រះ​រក​ចោរ​ឲ្យ ។ មេ​ស្រុក​ ពុំ​ដឹង​បើ​ជំនុំ​ជម្រះ​ដូចម្ដេច​ ពីព្រោះ​ថ្ម​មិន​ចេះ​ស្ដី​ គេ​ជេរ​ថា << អា​កំព្រើល ! តាំង​ពី​ដូនតា​មក​ នរណា​ដែល​ឃើញ​ដំបង​វាយ​ឯង >> គេ​គម្រាម​ហើយ​គេ​ដេញ​ចេញ​ទៅ ។ បុរស​នោះ​ចេះ​តែ​អូស​ថ្ម​ទៅ​ប្ដឹង​ តាំង​តែ​ពី​មេ​ស្រុក​ ដល់​ទៅ​លោក​យមរាជ​ អ្នក​រាជការ​គ្រប់​ក្រសួង​ គេ​ចេះ​តែ​ដេញ​ចេញ​ គេ​ថា​ មនុស្ស​ឆ្កួត​ គេ​មិន​ឲ្យ​ចូល ។ បុរស​នោះ​អូស​ថ្ម​ទៅ​ថ្វាយ​ស្ដេចៗ​ទ្រង់​សួរ​សព្វ​គ្រប់​ហើយ​​ ទ្រង់​មាន​ព្រះ​បន្ទូល​ប្រាប់​អស់​នាម៉ឺន​ថា << មែន​បាន​គេ​ថា, មាន​ប្រឡាយ​បាន​ទឹក​វា​ហូរ, មាន​សម្រាម​បាន​ឆ្កែ​វា​ជុះ, អស់​នាម៉ឺន​កុំ​ថា​វា​ឆ្កួត​​សេចក្ដី​នេះ​មែន​ហើយ​បាន​ជា​វា​ហ៊ាន​ថា​ ស្ដេច​មាន​បន្ទូល​ប្រាប់​បុរស​ថា << ណ្ហើយ​ វិល​ទៅ​ផ្ទះ​ចុះ​ កាលណា​អញ​ប្រើ​ឲ្យ​គេ​ទៅ​ហៅ​សឹម​មក >> ។ បុរស​នោះ​ទទួល​ថា << ព្រះ​ករុណា​ថ្លៃ​វិសេស >> ហើយ​ក្រាប​ថ្វាយ​បង្គំ​លា​ទៅ​វិញ ។
ក្រោយ​ពេល​បុរស​នោះ​ទៅ​ ស្ដេច​ទ្រង់​ព្រះ​រាជ​បញ្ជា​ ឲ្យ​ប្រាប់​បណ្ដា​រាស្រ្ត​ថា​ ត្បិត​ស្ដេច​ឲ្យ​អស់​ព្រះស្នំ​ចេញ​រាំ​បី​ថ្ងៃ​បី​យប់​ ឲ្យ​បណ្ដារាស្រ្ត​មើល​តាម​ចិត្ត​ពុំ​មាន​ឃាត់​ឃាំង​ឡើយ >> ហើយ​ទ្រង់​ឲ្យ​រៀប​លេង​ល្ខោន ។ កាល​នោះ​​អស់​រាស្រ្ត​សឹង​តែ​ចូល​ទៅ​មើល​គ្រប់គ្នា ។ ស្ដេច​ទ្រង់​យាង​ចូល​ទៅ​ ក្នុង​ព្រះ​រាជដំណាក់​ ជ្រើស​រើស​ប្រេង​ក្រអូប​យ៉ាង​ឯក​មួយ​ដប​ដែល​សម្រាប់​តែ​ស្ដេច​ អស់​រាស្រ្ត​និង​នាម៉ឺន​ ពុំ​ដែល​មាន​ ទ្រង់​ប្រើ​អាមាត្យ​ម្នាក់​ យក​ទៅ​ឲ្យ​បុរស​នោះ​ ហើយ​ប្រាប់​ថា << ស្ដេច​ទ្រង់​ព្រះ​រាជទាន​ឲ្យ​អ្នក​ឯង​ និង​ប្រពន្ធ​អ្នក​ឯង​លាប , ប៉ុន្តែ​ឲ្យ​អ្នក​ឯងនៅ​ផ្ទះ​ កុំ​ទៅ​មើល​ល្ខោន​ឲ្យ​តែ​ប្រពន្ធ​ទៅ​មើល​បាន​ហើយ>> ។ អាមាត្យ​អ្នក​យក​ទៅ​ឲ្យ​ប្រាប់​សព្វ​គ្រប់​ហើយ​ វិល​ទៅ​ក្រាប​បង្គំ​ទូល​ស្ដេច​វិញ។ បុរស​នោះ​បាន​ប្រេង​ ក៏​ហៅ​ប្រពន្ធ​មក​ហុច​ប្រេង​ទៅ​ឲ្យ​ប្រាប់​ថា << ព្រះ​ករុណា​ជា​អម្ចាស់​ជីវិត​ ទ្រង់​ព្រះរាជទាន​ប្រេង​នេះ​មក​​ ព្រោះ​ទ្រង់​អាណិត​ស្រឡាញ់​យើង​ ឲ្យ​យើង​លាប​ទៅ​មើល​ល្ខោន​នឹង​គេ , តែ​ឥឡូវ​នេះ​អញ​ឈឺ​ក្បាល​ ឯង​យក​ទៅ​លាប​ ហើយ​ទៅ​មើល​ល្ខោន​នឹង​គេ​ចុះ ។ ឯ​ប្រពន្ធ​ឮ​ប្ដី​បើក​ឲ្យ​ទៅ​ ហើយ​ឲ្យ​ទាំង​ប្រេង​ទៅ​លាប​ផង​ដូច្នោះ​​អរពន់ពេក​ ដោយ​ពុំ​បាន​ដឹង​កល​ជា​គេ​ចាប់​ ក៏​យក​ប្រេង​ទៅ​ឲ្យ​សាហាយ​លាប​ផង​ ហើយ​បណ្ដើរ​គ្នា​ទៅ​មើល​ល្ខោន​ឈរ​ទន្ទឹម​គ្នា​ លុះ​បន្តិច​ទៅ​ស្ដេច​ទ្រង់​ធុំ​ក្រអូប​ប្រេង​នោះ​ ទ្រង់​ខ្សឹប​ប្រាប់​នាម៉ឺន​ម្នាក់ << ចូរ​អ្នក​ទៅ​ហិត​ក្លិន​អស់​បណ្ដារាស្រ្ត​ ដែល​មើល​ល្ខោន​ទាំង​ប៉ុន្មាន​ បើ​ធុំ​ក្លិន​ប្រេង​ក្រអូប​យ៉ាង​នោះ​ ប៉ុន្មាន​នាក់​ ចូរ​អ្នក​នាំ​យក​មក​ឲ្យ​អញ​ជា​ឆាប់ >>។
នាម៉ឺន​នោះ​ ក្រាប​ថ្វាយ​បង្គំ​ហើយ​ ទៅ​ហិត​មនុស្ស​ឯ​ទៀត​ មិន​ធុំ​សោះ​ ធុំ​តែ​ប្រុស​ម្នាក់​ ស្រី​ម្នាក់​ ដែល​ឈរ​ទន្ទឹម​គ្នា​ លាប​ប្រេង​ក្រអូប​ទាំងពីរ​នាក់​នោះ​ ក៏​នាំ​ទាំង​ប្រុស​ទាំង​ស្រី​ យក​ទៅ​ថ្វាយ​ស្ដេចៗ​ឲ្យ​លែង​រាំ​ទៅ​ ហើយ​ទ្រង់​ឲ្យ​ហៅ​ទាំង​ប្រុស​ទាំង​ស្រី​ មក​ដល់​ហើយ​ទ្រង់​សួរថា << នេះ​ជា​ប្រពន្ធ​ចៅ​ឯង​មែន​ឬ ? បុរស​នោះ​ក្រាប​ទូល​ថា <<មែន>>។ទ្រង់​មាន​ព្រះ​បន្ទូល​សួរ​ ទៅ​ប្រុស​សាហាយ​នោះ​ថា​ ឯង​បាន​ទៅ​លួច​ដំបង​ចៅ​នេះ​មែន​ឬ? ។ សាហាយ​នោះ​ក្រាប​បង្គំទូល​ថា << លួច​មែន >> ។ ទ្រង់​ឲ្យ​ទៅ​យក​ដំបង​នោះ​មក​ ឲ្យ​យក​សាហាយ​ទាំង​ប្រុស​ស្រី​នោះ​ ទៅ​ដាក់​ច្រវាក់​ធ្វើ​ទោស ។ បុរស​ជា​ម្ចាស់​ដំបង​ក្រាប​ថ្វាយ​បង្គំ​សូម​ទោស​ ហើយ​ក៏​ប្រគល់​ទាំង​ផ្ទះ​សម្បែង​ ទាំង​ប្រពន្ធ​ឲ្យ​ទៅ​សាហាយ​នោះ​ ទាំងអស់​ដោយ​ពុំ​មាន​ខឹង​អ្វី​ឡើយ ។ ប្រុស​សាហាយ​នោះ​អរណាស់​សំពះ​សូម​ទោស​រួច​វិល​ទៅ​វិញ ។
ឯ​បុរស​ម្ចាស់​ដំបង​ ថ្វាយ​ដំបង​ទៅ​ស្ដេច​ ហើយ​ក្រាប​លា​ទៅ​ទៀត​ស្ដេច​ឃាត់​ក៏​ពុំ​ព្រម​ ទ្រង់​មាន​ព្រះ​បន្ទូល​ថា << ដំបង​វាយ​ឯង​នេះ​ថ្លៃ​ណាស់​ ទ្រង់​ព្រះរាជានុញ្ញាត​ឲ្យ​បើក​ឃ្លាំង​មាស – ប្រាក់​ឲ្យ​បុរស​នោះ​យក​តាម​ចិត្ត ។ បុរស​នោះ​រើស​អស់​ទាំង​ឃ្លាំង​មាស​ប្រាក់​អម្បាល​នោះ​ទៅ​​ ឃើញ​កាំបិត​បន្ទោះ​មួយ​ចាស់​នៅ​ក្រោម​ឃ្លាំង​ ក៏​យក​កាំបិត​នោះ​និង​ប្រាក់​បន្តិច​បន្តួច​គ្រាន់​ចាយ​តាម​ផ្លូវ​ ហើយ​ចូល​ទៅ​ក្រាប​ថ្វាយ​បង្គំ​លា​ស្ដេច​ ដើរ​ចេញ​ទៅ​ទៀត ។ ស្ដេច​ពុំ​មាន​ព្រះ​បន្ទូល​អ្វី​ទេ , តែ​អស់​នាហ្មឺន​ គេ​ត្មះតិះដៀល​បុរស​នោះ​ ថា​ជា​មនុស្ស​ឆោត​ ប្រាក់​មាស​មិន​យក​ទៅ​យក​ឯ​កាំបិត​ច្រែះស៊ី ។ បុរស​នោះ​ ក៏​ដើរ​ចេញ​អំពី​នគរ​នោះ​ បាន​ទៅ​ដល់​នគរ​មួយ​ដទៃ​ទៀត ។ ជួន​ជា​ថ្ងៃ​នោះ​ ស្ដេច​នគរ​នោះ​ទ្រង់​មាន​ព្រះបន្ទូល​បង្គាប់​សេដ្ឋី​ម្នាក់​ថា << ព្រឹក​ស្អែក​ ទ្រង់​នឹង​ទៅ​ក្រសាល​ព្រៃ​ ឲ្យ​មហាសេដ្ឋី​ធ្វើ​រទេះ​មួយ​យ៉ាង​ល្អល្អះ​ ឲ្យ​ឆ្លាក់​ក្បាច់​លាបលន​ឲ្យ​ហើយ​ ឲ្យ​ទាន់​ក្នុង​ពេល​ព្រឹក​ស្អែក​នេះ​ បើ​ធ្វើ​ពុំ​ទាន់​ នឹង​យក​ទោស​ដល់​ជីវិត ។ រី​ឯ​មហា​សេដ្ឋី​នោះ​ធ្វើ​ពុំ​ទាន់​ ហើយ​ពុំ​ធ្វើ​រទេះ​ បែរ​ជា​ធ្វើ​មឈូស​ទៅ​វិញ ។
ថ្ងៃ​នោះ​ ជួន​ជា​បុរស​នោះ​ ដើរ​ទៅ​ឃើញ​សេដ្ឋី​នោះ​ កំពុង​តែ​ធ្វើ​បុណ្យ​ក៏​សួរ​ថា << ចុះ​លោក​មាន​ការ​អ្វី​ បាន​ជា​ធ្វើ​បុណ្យ​មាន​ក្ដារ​មឈូស​ផង​ដូច្នោះ ? >> ។ គេ​ប្រាប់​ថា <<ស្ដេច​ឲ្យ​ធ្វើ​រទេះ​មួយ​ លាបលន​យ៉ាង​ល្អ​ ឲ្យ​ទាន់​ព្រឹក​នេះ​ ស្ដេច​ក្រសាល​ព្រៃ​ បើ​ធ្វើ​ពុំ​ទាន់​ស្ដេច​នឹង​យក​ទោស​ដល់​ជីវិត,ឥឡូវ​នេះ​មហាសេដ្ឋី​ធ្វើ​ពុំ​ ទាន់​ដឹង​ខ្លួន​ថា​ស្លាប់​ បាន​ជា​ធ្វើ​មឈូស​ធ្វើ​បុណ្យ​វិញ>>។
បុរស​នោះ​ឆ្លើយ​ថា​ << ក្រអី​ប៉ុណ្ណឹង​ ឲ្យ​តែ​បាយ​ខ្ញុំ​ស៊ី​ខ្ញុំ​នឹង​ធ្វើ​ឲ្យ​ៗ​ ទាន់​ព្រឹក​នេះ>> មហាសេដ្ឋី​បាន​ឮ​ដូច្នោះ​អរណាស់​ ហើយ​ក៏​ឲ្យ​រៀប​បាយ​ទឹក​ស៊ី​ឆ្អែត​រួច​ប្រគល់​ឈើ​ឲ្យ​ធ្វើ​រទេះ ។ បុរស​នោះ​ក៏​ធ្វើ​តែ​នឹង​កាំបិត​១​ដែល​យក​ពី​ក្រោម​បាត​ឃ្លាំង​មក​នោះ​ បាន​រួច​ស្រេច​ក្នុង​យប់​នោះ​ ហើយ​លាបលន​យ៉ាង​ល្អ​ ព្រឹក​ឡើង​ក៏​អូស​រទេះ​ទៅ​ថ្វាយ​ស្ដេចៗ​ទ្រង់​ទត​ឃើញ​​ទ្រង់​ឲ្យ​រៀប​ ប្រដាប់​ប្រដា​ទៅ​ក្រសាល​ព្រៃ ។ ឯ​មហាសេដ្ឋី​លុះ​រួច​ពី​ស្លាប់​ហើយ​ ក៏​នឹក​ក្នុង​ចិត្ត​ថា << អ្នក​នេះ​មាន​គុណ​ធ្ងន់​ណាស់​ ឥឡូវ​នេះ​នឹង​រក​អ្វី​សង​ឲ្យ​ស្មើ​គ្មាន​ មាន​តែ​កូន​ក្រមុំ​១​ ល្មម​ឲ្យ​មាន​ប្ដី​ ដូច្នោះ​មាន​តែ​អញ​ការ​ឲ្យ​អ្នក​នោះ << គិត​ហើយ​ក៏​ហៅ​មក​ការ​ឲ្យ​ទៅ ។ លុះ​ការ​រួច​ហើយ​ក្នុង​យប់​នោះ​ ពេល​ផ្សំ​ដំណេក​ បុរស​នោះ​ គិត​ល្បង​ចិត្ត​ប្រពន្ធ​ ហើយ​ធ្វើ​ជា​ផឹក​ស្រា​ស្រវឹង​ដេក​ទៅ​ លុះ​យប់​យូរ​បន្តិច​ក៏​ធ្វើ​ជា​ក្អួត​ប្រឡាក់​ប្រពន្ធ​អស់ ។ កូន​សេដ្ឋី​ឃើញ​កំអួត​ប្ដី​ប្រឡាក់​ខ្លួន​ដូច្នោះ​ ក៏​ស្រែក​ឡើង​ក្នុង​យប់​នោះ​ថា<< លោក​ឪពុក​រក​ប្ដី​ឲ្យ​ខ្ញុំ​ជា​មនុស្ស​ប្រមឹក​ ក្អួត​ប្រឡាក់​ខ្ញុំ​អស់​ហើយ​ ខ្ញុំ​ទ្រាំ​មិន​បាន​ទេ>>។ មហាសេដ្ឋី​ឮ​កូន​ស្រែក​ដូច្នោះ​ក៏​ឃាត់​ថា << កូន​ដេក​ទៅ​ កុំ​និយាយ​ ត្បិត​ប្ដី​កំពុង​ស្រវឹង​​ ហើយ​គេ​មាន​គុណ​ផង >> ឃាត់​ដូចម្ដេច​ ក៏​កូន​ស្រី​មិន​ស្ដាប់​ហើយ​វា​ចេះ​តែ​រអ៊ូ​ថា​ <<បើ​ឲ្យ​ទៅ​ឆ្កែ​ឆ្មា​ទ្រាំ​បាន​ឯ​មនុស្ស​ប្រមឹក​ខ្ញុំ​ទ្រាំ​មិន​ បាន​ទេ>>។
លុះ​ព្រឹក​ឡើង​ បុរស​នោះ​រលឹក​ពី​ដេក​ ក៏​ចូល​ទៅ​រក​សេដ្ឋី​ប្រគល់​កូន​ឲ្យ​វិញ​ ប្រាប់​ថា << មិន​ព្រម​យក​ទេ >> ហើយ​ថា​ មិន​បាន​ពាល់​ដៃ​ជើង​ឡើយ ។ មហាសេដ្ឋី​ឃាត់​សុំ​ទោស​ឲ្យ​កូន​យ៉ាង​ណា​ ក៏​បុរស​នោះ​ពុំ​ព្រម​នៅ​ ពុំ​ព្រម​យក​ ហើយ​លា​មហាសេដ្ឋី​យក​តែ​កាំបិត​ដើរ​ទៅ​ទៀត ។ លុះ​ស្ដេច​យាង​មក​ពី​ព្រៃ​ ទ្រង់​ឲ្យ​ទៅ​រក​ជាង​ដែល​ធ្វើ​រទេះ​នោះ​ពុំ​ឃើញ​ទ្រង់​ស្ដាយ​ណាស់​ ទ្រង់​ឲ្យ​អស់​នាហ្មឺន​ចាត់​សំបុត្រ​រក​គ្រប់​ខេត្ត​ ក៏​ពុំ​ឃើញ​ហើយ​ទ្រង់​ស្ងៀម​ទៅ។ បុរស​នោះ​ លា​សេដ្ឋី​ដើរ​ទៅ​ឆ្ងាយ​ ក៏​បាន​ទៅ​ដល់​នគរ​មួយ​ដទៃ​ទៀត ។ ស្ដេច​នគរ​នោះ​ ទ្រង់​ឲ្យ​នាហ្មឺន​ម្នាក់ៗ​ទៅ​ដេក​វេន​ ចាំ​យាម​នៅ​ចុង​ព្រះរាជ​រោង​រាល់​យប់ ។ ស្ដេច​ទ្រង់​ចេញ​កាប់​តែ​រាល់​យប់​ ចាប់​តាំង​ពី​ថ្ងៃ​ដែល​ទ្រង់​បង្គាប់​មក​នោះស្លាប់​អស់​ជា​ច្រើន។ នៅ​ថ្ងៃ​ដែល​បុរស​នោះ​ ទៅ​ដល់​ជួន​ត្រូវ​លើ​វេន​ចៅហ៊្វា​ ទៅ​ដេក​ថ្វាយ​ស្ដេច​កាប់​ ចៅហ៊្វា​នោះ​ក៏​ធ្វើ​បុណ្យ​ទាន​ក្នុង​ថ្ងៃ​នោះ ។ បុរស​នោះ​ទៅ​ដល់​សួរ​គេ​ថា << លោក​មាន​ការ​អ្វី​បាន​ជា​ធ្វើ​បុណ្យ​ទាន​ ហើយ​ហេតុ​ដូចម្ដេច​ក៏​បាន​ជា​កូន​ប្រពន្ធ​លោក​យំ​រាល់​គ្នា​ ដូច្នេះ>>។ គេ​ប្រាប់​ថា​លោក​ លោក​ត្រូវ​ទៅ​ដេក​វេន​ ថ្វាយ​ស្ដេច​កាប់ក្នុង​ពេល​ល្ងាច​នេះ​ បាន​ជា​លោក​ធ្វើ​បុណ្យ​មុន​ស្លាប់ >> ។ បុរស​នោះ​ថា<< ឲ្យ​តែ​បាយ​ខ្ញុំ​ស៊ី​ចុះ​ ខ្ញុំ​ទៅ​ដេក​ថ្វាយ​ស្ដេច​កាប់​ជួស>>។គេ​ឮ​ដូច្នោះ​ ក៏​ទៅ​ជម្រាប​ចៅហ៊្វា​ឲ្យ​ហៅ​បុរស​នោះ​ទៅ​ ហើយ​ឲ្យ​រៀប​បាយ​ទឹក​ឲ្យ​ស៊ី ។ រួច​ហើយ​សួរ​ថា << បើ​អ្នក​ទៅ​ដេក​វេន​ថ្វាយ​ស្ដេច​ជួស​ខ្ញុំ​ ខ្ញុំ​នឹង​ធ្វើ​បុណ្យ​ឲ្យ​អ្នក>>។ បុរស​នោះ​ក៏​ទទួល​ទៅ​ដេក​ជួស​ហើយ​សុំ​គ្រឿង​ប្រដាប់​ដែល​ចៅ​ហ្វា​នោះ​ពាក់​ យក​មក​ពាក់​ រួច​ហើយ​ ក៏​លី​កាំបិត​បន្ទោះ​ចូល​ទៅ​ដេក​នៅ​ចុង​ព្រះរាជ​រោង​ចាំ​ស្ដេច​ចេញ​កាប់ ។ លុះ​ទៅ​ដល់​ចុង​ព្រះរាជ​រោង​ បុរស​នោះ​ពុំ​ដេក​ឡើយ​ចាំ​មើល​ស្ដេច, ពេល​យប់​ជ្រៅ​ស្ងាត់​ ស្ដេច​ទ្រង់​បើក​ទ្វារ​ចេញ​មក​ទ្រង់​កាន់​ព្រះខ័ន​ យាង​ចូល​មក​និង​កាប់​បុរស​នោះ​ ឃើញ​ស្ដេច​យាង​ចូល​មក​ជិត​ ក៏​ស្ទុះ​ចូល​ទៅ​ចាប់​ស្ដេច​នោះ​ជាប់​ ហើយ​ក៏​ចាក់​នឹង​កាំបិត​បន្ទោះ​បង្ខុស​ពីរ​បី​ដង ។ ហើយ​សួរ​ថា << នរណា​ចូល​មក​ទាំង​យប់​នោះ ? ស្ដេច​ទ្រង់​ឲ្យ​អញ​ចាំ​យាម​ក្នុង​យប់​នេះ ? ស្ដេច​ទ្រង់​ឲ្យ​អញ​ចាំ​យាម​ក្នុង​យប់​នេះ>>ថា​ហើយ​ ក៏​ចាក់​បង្ខុស​ទៀត ។ ស្ដេច​ទ្រង់​មាន​ព្រះបន្ទូល​ថា << ទេ​​អញ​ទេ>>។ <<នរណា​អញ​ទេៗ!។<<អញ​ជា​ស្ដេច>> ។ << ស្ដេច​អី​មក​ពេល​នេះ, អញ​មិន​ដឹង​ទេ ! ត្បិត​ស្ដេច​ទ្រង់​ឲ្យ​អញ​ចាំ​រាជ​រោង​យប់​នេះ>>។ សួរ​ដេញ​ដោល​ដូច្នោះ​ហើយ​ បុរស​ក៏​លុត​ជង្គង់​ថ្វាយ​បង្គំ​ស្ដេច​សូមទោស ។ ស្ដេច​ត្រាស់​សួរថា<<ចៅ​នៅ​ឯណា!។ បុរស​នោះ​ថា << ខ្ញុំ​នៅ​ផ្ទះ​ចៅ​ហ៊្វា >> ។ ស្ដេច​ទ្រង់​ជ្រាប​ ទ្រង់​ញញឹម​ហើយ​ទ្រង់​ចូល​ទៅ​វិញ។
លុះ​ព្រឹក​ឡើង​ បុរស​នោះ​ លី​កាំបិត​ចេញ​ពី​ក្នុង​វាំង​មក​ផ្ទះ​ចៅហ៊្វា ។ អ្នក​ផង​​ឃើញ​ហើយ​ឆ្ងល់​ថា<<បុរស​នោះ​ទៅ​ដេក​វេន​ថ្វាយ​ស្ដេច​កាប់​ ម្ដេច​ក៏​មិន​ស្លាប់​ត្រឡប់​ជា​មក​វិញ >> ។ ចៅហ៊្វា​សួរ​ បុរស​នោះ​ក៏​ជម្រាប​តាម​ដំណើរ​ សព្វ​គ្រប់​ហើយ​ជម្រាប​ថែម​ថា<<ស្ដេច​សព្វ​ថ្ងៃ​នេះ​មិនមែន​ជា​កាច​ទេ ​ ត្បិត​ទ្រង់​ពិសោធ​រក​មនុស្ស​ប្រាជ្ញ​ចេះ​ដឹង​ក្នុង​នគរ​ ដើម្បី​រក្សា​ស្ដេច​បាន​ជា​ទ្រង់​ចាត់​មនុស្ស​ឲ្យ​យាម​ តែ​អ្នក​ដែល​ទៅ​យាម​ចេះ​តែ​ដេក​លក់​ ទើប​ស្ដេច​ទ្រង់​កាប់​ ចុះ​បើ​សត្រូវ​ចូល​ទៅ​លុកលុយ​ស្ដេច​ហើយ​ យើង​ដេក​លក់​នោះ​ តើ​នឹង​ជា​យ៉ាង​ណា​ទៅ?>> ។ បុរស​នោះ​និយាយ​រឿង​ប្រាប់​សព្វគ្រប់​ ទើប​ភ្ញាក់​ខ្លួន​គ្រប់គ្នា។
ចៅហ៊្វា​នោះ​ មាន​កូន​ក្រមុំ​មួយ​ក៏​ឲ្យ​ជា​ប្រពន្ធ​បុរស​នោះ​ ដោយ​គិត​ថា​ បុរស​នេះ​មាន​គុណ​ធ្ងន់​ណាស់។
លុះ​ព្រឹក​ឡើង​ ស្ដេច​ទ្រង់​ឲ្យ​ហៅ​បុរស​នោះ​មក​ ទ្រង់​ឲ្យ​ធ្វើ​ជា​នាហ្មឺន​ធំ​រក្សា​ព្រះនគរ​ បន្ទាប់​ពី​ព្រះអង្គ។ វេលា ​ស្ដេច​ទ្រង់​ព្រះ​ជរា​ទៅ​ ទ្រង់​ពុំ​មាន​ព្រះ​រាជបុត្រ​នឹង​សោយរាជ្យ​ស្នង​ មាន​តែ​ព្រះរាជធីតា​មួយ​អង្គ​ ក៏​ទ្រង់​ព្រះរាជទាន​ព្រះរាជធីតា​ និង​រាជ​សម្បត្តិ​ឲ្យ​បុរស​នោះ​សោយរាជ្យ​ជា​ស្ដេច​តទៅ។
ពាក្យ​ពិត​ មិន​ចេះ​ស្លាប់
បានចុះផ្សាយក្នុង ប្រជុំរឿងព្រេងខ្មែរ. Leave a Comment »

រឿងបុរសចេះថ្នាំពិសពស់


ដំនើររឿង

មាន​ថ្ងៃ​មួយ​ បុរស​ឈ្មោះ​សុខ​ ធ្វើ​ដំណើរ​ទៅ​កាប់​ឧស​ក្នុង​ព្រៃ ។ លុះ​ទៅ​ដល់​ព្រៃ​ ជា​កន្លែង​កាប់​ឧស​នោះ​ហើយ​ ឃើញ​ខ្លា​ធំ​មួយ​ស្លាប់​នៅ​ជើង​ដំបូក​ក្បែរ​ច្រក​ផ្លូវ​ចូល ។ ចៅ​សុខ​ពិនិត្យ​មើល​ហេតុ​សព្វ​គ្រប់​ទៅ​ឃើញ​ថា​ ខ្លា​នេះ​ស្លាប់​ដោយ​ពស់​ចឹក​ ព្រោះ​នៅ​ខាង​ក្រោម​ខ្លា​នោះ​មាន​រន្ធ​ពស់​មួយ ។ បុរស​នោះ​មាន​ចិត្ត​សប្បុរស​ចំពោះ​សាកសព​សត្វ​នោះ​ណាស់​ ក៏​ស្រាយ​ថង់​យាម​យក​ថ្នាំ​មក​ដុះ​លាប​ស្រឡាប​ឲ្យ ។ លុះ​បាន​មួយ​ស្របក់​ខ្លា​ដឹង​ខ្លួន​ឡើង​ឃើញ​ខ្លួន​ប្រឡាក់​សុទ្ធ​តែ​ថ្នាំ​ ដែល​លាប​ ក៏​មាន​សេចក្ដី​ទោមនស្ស​នឹង​បុរស​ដែល​លាប​ថ្នាំ​ឲ្យ​ ហើយ​ស្ដី​ឲ្យ​ថា​ហេតុដូចម្ដេច​បាន​ជា​អ្នក​ឯង​ហ៊ាន​យក​អ្វី​មក​ប្រឡាក់​ ខ្លួន​អញ​យ៉ាង​នេះ ! ។ បុរស​នោះ​ឆ្លើយ​ថា​យើង​ដើរ​មក​ បាន​ឃើញ​បង​ឯង​ស្លាប់​ដោយ​ពស់​ចឹក​ ហើយ​យើង​ដុះ​ថ្នាំ​ស្រឡាប​លាប​ឲ្យ​បង​ឯង​រស់​តើ ! ។ ខ្លា​ថា​អញ​មាន​ស្លាប់​អី​ ពស់​ចឹក​អញ​កាលណា ! អញ​កំពុង​ដេក​លក់​ស្រួល​ទេ​តើ ! បើ​ដូច្នោះ​ អញ​ត្រូវ​ប្រហារ​ជីវិត​ឯង​ធ្វើ​ជា​អាហារ ។ ចៅ​សុខ​មាន​សេចក្ដី​តក់​ស្លុត​ នឹង​សេចក្ដី​ស្លាប់​ជា​ខ្លាំង​ ក៏​អង្វរ​ខ្លា​ថា​បង​អើយ ! អាណិត​យើង​ផង​ កុំ​អាល​ពិឃាដ​យើង​ក្នុង​គ្រា​នេះ​ ចាំ​យើង​ទៅ​រក​អ្នក​ប្រាជ្ញ​ណា​ឲ្យ​​គេ​ជំនុំ​ជំរះ​ឲ្យ​ បើ​រក​ទៅ​ឃើញ​ថា​យើង​ខុស​ សឹម​បង​ប្រហារ​ជីវិត​យើង​ បើ​យើង​ត្រូវ​ត្រូវ​ទុក​ជីវិត​យើង ។ ខ្លា​ក៏​ព្រម​តាម​សេចក្ដី​អង្វរ​របស់​ចៅ​សុខៗ​វិល​មក​វិញ​ ប្រទះ​សេះ​នឹង​ក្របី​នៅ​ក្បែរ​ផ្លូវ​ក៏​និយាយ​ថា​ បង​ទាំង​ពីរ​អាណិត​ជួយ​យក​អាយុ​យើង​ផង​ ព្រោះ​ខ្លា​ដែល​ពស់​ចឹក​បាន​រស់​ឡើង​ ដែល​យើង​ដាក់​ថ្នាំ​ឲ្យ​ តែ​វា​ប្រាថ្នា​ប្រហារ​ជីវិត​យើង​ ថា​យើង​ធ្វើ​ឲ្យ​វា​ភ្ញាក់​ ហើយ​ធ្វើ​ឲ្យ​ប្រឡាក់​ខ្លួន​វា​អស់ ។ សត្វ​ទាំងពីរ​ដឹង​សេចក្ដី​សព្វគ្រប់​ ក៏​ពិចារណា​ទៅ​ឃើញ​ថា​ តាម​ពិត​ត្រូវ​តែ​ទៅ​កាត់​សេចក្ដី​ឲ្យ​បុរស​នេះ​ឈ្នះ​ខ្លា​ ប៉ុន្តែ​បើ​អញ​ឲ្យ​បុរស​នេះ​ឈ្នះ​ទៅ​ មុខ​ជា​ខ្លា​គុំ​អញ​ ស៊ី​អញ​ជា​អាហារ​ពុំ​លែង​ ក៏​ប្រាប់​ទៅ​ចៅ​សុខ​ថា​ បង​ឯង​ខុស​មែន​ហើយ​ត្រូវ​ឲ្យ​ខ្លា​ស៊ី​ទៅ ។ ចៅ​សុខ​រឹត​តែ​ភ័យ​ឡើង​ក៏​លា​សេះ​និង​ក្របី​ ដើរ​យ៉ាង​លឿន​ទៅ​ទៀត​ លុះ​ប្រទះ​និង​សុភាទន្សាយ​ ចៅ​សុខ​ក៏​ប្ដឹង​តាម​ដំណើរ ។ សុភា​ទន្សាយ​ដឹង​រឿង​សព្វគ្រប់​ ក៏​ប្រាប់​សុខ​ថា​ឲ្យ​ទៅ​និយាយ​អង្វរ​ខ្លា​ទៀត​ទៅ​ សឹម​យើង​ទៅ​ជួប ។
គ្រា​ដែល​បុរស​នោះ​ កំពុង​ជជែក​នឹង​ខ្លា​ សុភាទន្សាយ​ទៅ​ដល់​ ក៏​ធ្វើ​ជា​សួរ​ថា​បង​ឯង​ទាំងពីរ​នាក់​ទាស់​គ្នា​ពី​រឿង​អ្វី ! ។ ខ្លា​និង​ចៅ​សុខ​ ក៏​បាន​ប្ដឹង​តាម​ដំណើរ​រៀងៗ​ខ្លួន ។
សុភាទន្សាយ​ កាត់​សេចក្ដី​ថា​ បើ​ដូច្នេះ​ត្រូវ​បង​ខ្លា​ឯង​ទៅ​ដេក​នៅ​ត្រង់​កន្លែង​ដដែល​ ឲ្យ​យូរ​ដូច​ពី​មុន​ បើ​ដល់​ពេល​ត្រូវ​ភ្ញាក់​ ហើយ​ពុំ​ស្លាប់​ទេ​ សឹម​បង​ឯង​មក​ពិឃាដ​មនុស្ស​នេះ​​ធ្វើ​ជា​អាហារ​ចុះ ។
ខ្លា​ទៅ​ដេក​តាម​បង្គាប់, ពស់​ក៏​ចេញ​ពី​រន្ធ​មក​ចឹក​ខ្លា​នោះ​ស្លាប់​ទៅ ។ សុភាទន្សាយ​ឃើញ​ខ្លា​ស្លាប់​ហើយ​ក៏​ប្រាប់​ទៅ​បុរស​នោះ​ថា​ បង​ឯង​កុំ​លាប​ថ្នាំ​ឲ្យ​វា​ទៀត​ប្រាប់​ហើយ​ក៏​លា​ចៅ​សុខ​ទៅ​លំនៅ​វិញ ។
ធ្វើ​គុណ​ បាន​ទោស​
បានចុះផ្សាយក្នុង ប្រជុំរឿងព្រេងខ្មែរ. Leave a Comment »

រឿងបុរសដណ្ដឹងប្រពន្ធ


ដំនើររឿង

កាល​ពី​ព្រេង​នាយ មាន​បុរស​ម្នាក់​ចង់​បាន​ប្រពន្ធ ទៅ​ដណ្តឹង​កូន​គេ​ម្នាក់ ។ ម្តាយ​ឪពុក​គេថា​ «បើ​ចង់​បាន​កូន​យើង​ជា​ប្រពន្ធ លុះ​តែ​ឲ្យ​យើង​ចង់​ត្រាំ​ទឹក​បាន​បី​យប់​ ទើប​យើង​ឲ្យ​កូន​បាន» ។ បុរស​នោះ ក៏​ព្រម​ឲ្យ​គេ​ចង​ត្រាំ​ទឹក ដល់​ត្រាំ​ទឹក​បាន​ពីរ​យប់​បុរស​នោះ​ឃើញ​ភ្លើង​ឆេះ​លើ​កំពូល​ភ្នំ ក៏​លើក​ដៃ​ឡើង​អាំង​លេង ។ គេ​មើល​មក​ឃើញ​គេ​ថា​បុរស​នោះ​អាំង​ភ្លើង គេ​មិន​ឲ្យ​កូន​គេ​ជា​ប្រពន្ធ​ឡើយ ។ បុរស​នោះ ខឹង​ណាស់​ទៅ​ប្តឹង​ចៅ​ក្រម ចៅ​ក្រម​ឲ្យទៅ​កោះ​ម្តាយ​ឪពុក​ខាង​ស្រី​នោះ​មក​ជំនុំ​ជម្រះ ។ ចៅ​ក្រម​យក​សំណូក​ពី​អ្នក​ចុង​ក្តី ក៏​កាត់​ថា «ចៅ​ឯង​ត្រូវ​ចាញ់​គេ​ហើយ មិន​ត្រូវ​បាន​កូន​គេ​ទេ​បើ​ដូច្នេះ ចៅ​ឯង​ទៅ​រៀប​បាយ​មក​ឲ្យ​យើង​ស៊ី» ។ ឯចៅ​នោះ ឮចៅ​ក្រម​កាត់​ថា​មិន​ត្រូវ​បាន​កូន​គេ​ជា​ប្រពន្ធ ហើយ​គេ​ប្រើ​ទៅ​រៀប​បាយ​មក​ឲ្យ​គេ​ស៊ី​ផង ក៏​តូច​ចិត្ត​ណាស់ ដើរ​បណ្តើរ​យំ​បណ្តើរ ទៅ​ប្រទះ​នឹង​សុភាទន្សាយៗ​សួរ​ថា «ថ្វី​បង​ក៏​បាន​ជា​យំ?» ។ បុរស​នោះ​ ប្រាប់​តាម​ដំណើរ​សព្វ​គ្រប់​ប្រការ ។ សុភាទន្សាយ​សួរ​ថា « គេ​ឲ្យ​បង​ឯង​ទៅ​ណា? » ។ បុរស​នោះ​ថា «ឥឡូវ​គេ​ប្រើ​ឲ្យ​ទៅ​រៀប​បាយ » ។ សុភា​ទន្សាយ​ថា « អើ​បង​រៀប​រួច មក​យក​អញ​ទៅ​ផង អញ​ទៅ​ជួយ​ជំនុំ​ឲ្យ តែ​អញ​ទៅ​មុខ​ជា​ឈ្នះ​ហើយ បើ​បង​ឯង​រៀប​បាយ​មក ស្ល​កុំ​ដាក់​អំបិល​ប្រហុក ។ អំបិល​ប្រហុក​ដាក់​ក្បែរ​ខាង​នោះ​ស្ល​តែ​ត្រី​និង​បន្លែ​ហើយ » ។ បុរស​នោះ​ឮ​សុភា​ទន្សាយ​អួត​ដូច្នោះ​ក៏​អរ​ណាស់ ខំ​ទៅ​រៀប​បាយ​ដូច​បង្គាប់​សុភា​ទន្សាយ​ ហើយ​ក៏​យក​មក​ជូន​គេ​ពីរ​នាក់​នឹង​សុភា​ទន្សាយ ។ ទៅ​ដល់ ចៅ​ក្រម​ឃើញ​សុភា​ទន្សាយ​មក ក៏​សួរ​ថា « បង​ទន្សាយ​មក​រក​អ្វី?» ។ សុភា​ទន្សាយ​ថា « មក​ជួយ​ជំនុំ​ក្តី​លោក» ។ ចៅ​ក្រម​ថា «អើ​ចាំ​ស៊ី​បាយ​រួច​សិន» ។ ឯចៅ​ក្រម​ ដល់​ស៊ី​បាយ​នោះ​ទៅ​សួរ​ថា ស្ល​អ្វី​ក៏​សាប​ម៉្លេះ ? » ។ សុភា​ទន្សាយ​ឆ្លើយ​ឡើង​ថា « ភ្លើង​ឆេះ​លើ​កំពូល​ភ្នំ​ថា​ក្តៅ​ដល់, ចុះ​អំបិល​ប្រហុក​ដាក់​ក្បែរ​នោះ ម្តេច​ក៏​បាន​ជា​មិន​ប្រៃ​ដល់? » ។ សុភា​ទន្សាយ​ឆ្លើយ​តែ​ប៉ុណ្ណោះ ចៅ​ក្រម​ទាល់​ប្រាជ្ញា ទើប​កាត់​សេចក្តី​ឲ្យ​បុរស​នោះ​ឈ្នះ ឲ្យ​បាន​ប្រពន្ធ​បុរស​នោះ ។
ចេះ​ឯង ឲ្យ​ក្រែង​ចេះ​គេ
បានចុះផ្សាយក្នុង ប្រជុំរឿងព្រេងខ្មែរ. Leave a Comment »

រឿងបុរសមានកូនបួននាក់រៀនវិជ្ជាបួនបទ


ដំនើររឿង

មាន​បុរស​ម្នាក់​ មាន​កូន​ប្រុស​៤​នាក់​ បាន​សិក្សា​វិជ្ជា​៤​បទ​ ស្ទាត់​ជំនាញ​រៀង​ខ្លួន​ គឺ​ម្នាក់​ចេះ​ស៊ី , ម្នាក់​ចេះ​ដេក , ម្នាក់​ចេះ​កាត់​ក្ដី​ ម្នាក់​ទៀត​ចេះ​ចង់​ស្រី ។ ឪពុក​ក៏​យក​កូន​ទាំង​៤​នាក់​ទៅ​ថ្វាយ​ស្ដេច​ ក្រាប​អំពី​វិជ្ជា​នីមួយ​ៗ​ ក្នុង​ខណៈ​ដែល​ថ្វាយ​នោះ ។ ស្ដេច​ទ្រង់​រក្សា​ទទួល​ទុក ។ ថ្ងៃ​មួយ​ ស្ដេច​ទ្រង់​ពិសោធ​បុរស​ម្នាក់​ ដែល​ចេះ​ស៊ី​ជា​មុន, ឲ្យ​គេ​រៀប​ភោជនាហារ​ជា​ច្រើន​មុខ​ ស្ដេច​ដួស​ទឹក​ឆៅ​មួយ​ក្រចក​ ដាក់​ទៅ​ក្នុង​ចាន​សម្ល​មួយ​ ហើយ​ទ្រង់​ប្រាប់​ទៅ​បុរស​នោះ​ថា << ឲ្យ​ស៊ី​ភោជនាហារ​គ្រប់​មុខ >> ។ បុរស​នោះ​ក៏​បរិភោគ​ តាម​ព្រះ​រាជ​បញ្ជា, ដល់​ទៅ​សម្ល​មួយ​មុខ​ ដែល​ស្ដេច​បាន​ដាក់​ទឹក​ឆៅ​មួយ​ក្រចក​ចូល​នោះ​ បុរស​នោះ​មិន​បរិភោគ ។ ស្ដេច​សួរ​បុរស​នោះ​ថា << ហេតុម្ដេច​បាន​ជា​ចៅ​ឯង​ មិន​បរិភោគ​សម្ល​នេះ ? ។ បុរស​នោះ​ក្រាប​ទូល​ថា << សម្ល​នេះ​ មាន​ទឹក​ឆៅ​មួយ​ក្រចក​នៅ​ក្នុង​នោះ​ បាន​ជា​ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ​ មិន​ទទួល​ព្រះ​រាជ​ទាន >> ។ ស្ដេច​នឹក​ក្នុង​ព្រះទ័យ​ថា<< បុរស​នេះ​ ចេះ​វិជ្ជា​ខាង​ស៊ី​ស្ទាត់​​មែន >> ។ អំពី​នោះ​ទៅ​ ស្ដេច​ទ្រង់​ពិសោធ​បុរស​ចេះ​ដេក​ទៀត​ ទ្រង់​ឲ្យ​រៀប​ទី​កន្លែង​យ៉ាង​ស្អាត​ មាន​ពូក​កម្រាល​ក្រាល​ពី​លើ ។ ស្ដេច​យក​សក់​មួយ​សរសៃ​ ទៅ​ដាក់​ក្រោម​កម្រាល​ពូក​នោះ , ដល់​ពេល​យប់​ ទ្រង់​ហៅ​បុរស​នោះ​ ឲ្យ​ទៅ​ដេក ។ បុរស​ប្រះ​ដេក​ទៅ​ក្រោក​ឡើង​វិញ​ភ្លាម ។ ស្ដេច​ទ្រង់​សួរ​ថា << ហេតុ​ម្ដេច​ បាន​ជា​ដេក​ហើយ​ក្រោក​ឡើង​វិញ ? >> ។ បុរស​នោះ​ក្រាប​ទូល​ថា << មាន​សក់​មួយ​សរសៃ​នៅ​ក្នុង​ដំណាក់​នោះ​ បាន​ជា​ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ​ក្រោក >> ។ ស្ដេច​ទ្រង់​នឹក​សរសើរ​ក្នុង​ព្រះ​ទ័យ​ថា << បុរស​នោះ​ ស្ទាត់​ខាង​វិជ្ជា​ដេក​ប្រាកដ​មែន >> ។ ថ្ងៃ​មួយ​ មាន​បុរស​ម្នាក់​ស្លាប់​ នៅ​កណ្ដាល​វាល​ គ្មាន​ភិន​ភាគ​ស្លាក​ស្នាម​អ្វី​ នៅ​រូប​កាយ​នោះ​សោះ។ ស្ដេច​ទ្រង់​បង្គាប់​ឲ្យ​តុលាការ​មុខ​ក្រសួង​ ស៊ើប​សួរ​រក​ហេតុ​នោះ​ ក៏​ពុំ​ឃើញ, ទ្រង់​ព្រះ​វិតក្ក​ក្នុង​ព្រះ​រាជ​ហឫទ័យ​ ទ្រង់​នឹក​ឃើញ​បុរស​ដែល​ចេះ​វិជ្ជា​ ខាង​ផ្លូវ​តុលាការ​នោះ​ ក៏​មាន​ព្រះ​រាជ​ឱង្ការ​ ឲ្យ​ហៅ​ចូល​មក​ ហើយ​ទ្រង់​ចាត់​ប្រើ​ឲ្យ​ទៅ​ស៊ើប​រក​រឿង​ពិរុទ្ធ​នោះ។ បុរស​នោះ​ សូម​ព្រះ​រាជ​អនុញ្ញាតិ​អំណាច​ ក្នុង​វេលា​ដែល​ស៊ើប​សួរ​យក​ការណ៍​នោះ ។ ស្ដេច​ក៏​ព្រះ​រាជ​ទាន​ពរ​តាម​សុំ​បុរស​នោះ​ចេញ​ ទៅ​ដល់​ទី​កន្លែង​មនុស្ស​ស្លាប់​នោះ​ ចាត់​ការ​ហៅ​អ្នក​ស្រុក​មក​ប្រជុំ​ មិន​ឲ្យ​មាន​សល់​ម្នាក់ , ហើយ​បុរស​នោះ​ហាម​ប្រាម​ថា << ក្នុង​វេលា​ថ្ងៃ​ស្អែក​នេះ​ មិន​ឲ្យ​អ្នក​ណា​ ទៅ​ណា ​មក​ណា​ ក្រៅ​ពី​ភូមិ​ខ្លួន​ទេ​ ឲ្យ​ទាំងអស់​គ្នា​ ទាំង​ប្រុស​ទាំង​ស្រី​ ចាស់​ក្មេង​ចូល​ទៅ​មើល​គេ​ធ្វើ​បុណ្យ​រំលាយ​សព​បុរស​អនាថា​ ដែល​ស្លាប់​នៅ​កណ្ដាល​វាល​ស្រែ​ លើក​តែ​មនុស្ស​ខ្វាក់​ខ្វិន​ចេញ ។ ខណៈ​ដែល​រៀប​ចំ​រំលាយ​សព​នោះ​ បុរស​ជា​អ្នក​ស៊ើប​សួរ​ បាន​ចាត់​មនុស្ស​ជា​ច្រើន​នាក់​ដែល​បាន​ ពន្យល់​ពី​កិច្ច​ហេតុ​ ដែល​យក​ការណ៍​ក្នុង​រឿង​នោះ​ បើ​ឃើញ​ឈ្មោះ​ណា​ប្រកប​នឹង​កិច្ច​ដែល​បាន​ពន្យល់​នោះ​ ឲ្យ​យក​ឈ្មោះ​នោះ​មក​ប្រគល់​ឲ្យ​ខ្លួន​ជា​នាយ​មួយ​រំពេច ។ ពេល​ភ្លើង​ឆេះ​ពេញ​កម្លាំង​ មាន​ស្រី​ក្មេង​ម្នាក់​ស្រក់​ទឹក​ភ្នែក​ច្រោក ។ បុរស​ជា​អ្នក​គយ​គន់​មើល​ហេតុ​ ក៏​នាំ​យក​ខ្លួន​នាង​នោះ​ ទៅ​ប្រគល់​ឲ្យ​នាយ​ខ្លួន ។ បុរស​ជា​នាយ​ យក​ខ្លួន​នាង​ទៅស៊ើប​សួរ​ដំណើរ​ដែល​នាង​យំ​នោះ​ ដោយ​យោបល់​ដ៏​ល្អិត ។ នាង​នោះ​ រក​ផ្លូវ​គេច​កែ​ដោះ​សា​ទៅ​ពុំ​បាន​ក៏​ប្រាប់​បុរស​នោះ​ តាម​ត្រង់​ថា << ខ្លួន​នាង​បាន​សាហាយ​នឹង​បុរស​ដែល​ស្លាប់​ ទើប​នឹង​បាន​គ្នា​ក្នុង​យប់​ដែល​ស្លាប់​នោះ , ហើយ​ថា​ដំណើរ​ដែល​ស្លាប់​នោះ​ គ្មាន​អ្នក​ណា​វាយ​ដំ​ធ្វើ​បាប​អ្វី​ទេ​ គឺ​វេលា​ចូល​ដំណេក​ បុរស​នោះ​ប្រើ​នាង​ឲ្យ​ទៅ​រក​ទឹក​មក​ឲ្យ​ផឹក​ នាង​មិន​ហ៊ាន​ចេញ​ទៅ​ដង​ទឹក​ឯ​ក្រៅ​ ដោយ​ខ្លាច​ឪពុក​ដឹង​ ក៏​យក​ផ្តិល​ត្រង​ទឹក​ភ្លៀង​ដែល​ហូរ​ធ្លាក់​ តាម​រង​ស្បូវ​ប្រក់​ផ្ទះ​នោះ​ឲ្យ​ផឹក, លុះ​ផឹក​ហើយ​ ក៏​បណ្ដាល​ឲ្យ​ដល់​មរណៈ​ក្នុង​ខណៈ​នោះ​ទៅ ។ បុរស​ដែល​ជា​អ្នក​ស៊ើប​សួរ​ ក៏​យល់​ច្បាស់​ក្នុង​ចិត្ត​ថា << នាង​នេះ​ មិន​មាន​សណ្ដាន​ចិត្ត​ជា​ទុច្ចរិត​ នឹង​បុរស​ដែល​ស្លាប់​នោះ​ទេ​ ព្រោះ​ទើប​ស្រឡាញ់​គ្នា​ បាន​ជួប​គ្នា​ក្នុង​ខណៈ​នេះ , ការណ៍​នេះ​ ប្រាកដ​ជា​មាន​សត្វ​អាសិរពិស​អ្វី​ នៅ​លើ​ដំបូល​ផ្ទះ​នោះ​ បាន​ជា​បណ្ដាល​ឲ្យ​បុរស​នោះ​ស្លាប់ >> ។ ទើប​បុរស​ជា​នាយ​ចាត់​ឲ្យ​ទៅ​មើល​លើ​ដំបូល​ផ្ទះ​នោះ​ ឃើញ​ពស់​នាគ​រាជ​មួយ​នៅ​ចំ​ពី​លើ​ល្វែង​ ដែល​នាង​នោះ​ដេក ។ បុរស​ជា​នាយ​ ក៏​ឲ្យ​វាយ​ពស់​នាគ​រាជ​នោះ​ យក​មក​ថ្វាយ​ស្ដេច​ ក្រាប​ទូល​តាម​ដំណើរ​ ហើយ​ដោះ​លែង​នាង​នោះ​ទៅ​ ដោយ​វិនិច្ឆ័យ​ថា << ហេតុ​ដែល​បណ្ដាល​ឲ្យ​បុរស​នោះ​ស្លាប់​ មក​អំពី​ផឹក​ទឹក​ភ្លៀង​លាយ​ដោយ​ពិស​ពស់​នាគ​រាជ​ ដែល​នាង​នោះ​ត្រង​មក​ឲ្យ​ផឹក​ ដោយ​ឥត​ចេតនា ។ ស្ដេច​ក៏​ទ្រង់​សរសើរ​ថា​ បុរស​ជា​នាយ​ចេះ​ស្ទាត់​ក្នុង​ការ​ស៊ើបសួរ​ ខាង​ផ្លូវ​តុលាការ​មែន ។
ថ្ងៃ​មួយ​ក្រោយ​មក​ មាន​សេដ្ឋី​ម្នាក់​ស្លាប់​ សេដ្ឋី​នោះ​ មាន​ប្រពន្ធ​ក្មេង​ល្អ ។ នាង​នោះ​ប្ដេជ្ញា​ថា << មិន​យក​ប្ដី​ទៀត​ទេ >> ។ ដំណឹង​នោះ​ជ្រាប​ដល់​ស្ដេច​ៗ​ទ្រង់​ឲ្យ​នាហ្មឺន​សព្វ​មុខ​មន្រ្តី​ ទៅ​ចង់​នាង​មេម៉ាយ​ជា​ប្រពន្ធ​ខ្មោច​សេដ្ឋី​នោះ ។ នាហ្មឺន​ទាំង​អស់​ទៅ​ចង់​មិន​បាន​ ស្ដេច​ទ្រង់​គិត​ថា << នាង​នេះ​ ប្រហែល​ជា​មិន​យក​ប្ដី​ដូច​ដំណឹង​ ដែល​ទ្រង់​ជា្រប​នោះ​មែន >> តែ​ទ្រង់​គិត​ក្នុង​ព្រះ​រាជ​ហឫទ័យ​ថា << នាហ្មឺន​សព្វ​មុខ​មន្រ្តី​ទាំង​នោះ​ប្រហែល​ជា​មិន​ពេញ​សេចក្ដី​ប្រាថ្នា​នាង ​មេម៉ាយ​ទេ​ បើ​អង្គ​អញ​ប្រហែល​ជា​នាង​នេះ​ព្រម>>។ ក៏​ទ្រង់​យាង​ទៅ​ផ្ទះ​មេម៉ាយ​នោះ​ ហើយ​ទ្រង់​ឲ្យ​ប្រាប់​នាង​ថា << ល្ងាច​នេះ​ ទ្រង់​នឹង​មក​ផ្ទំ​នឹង​នាង​ ឲ្យ​នាង​រៀប​ចំ​ទី​កន្លែង​ចាំ​ទទួល >> ។ នាង​ម៉ម៉ាយ​ក៏​ទទួល​ព្រះ​រាជ​ឱង្ការ ។ ពេល​ល្ងាច​នាង​រៀប​ក្រឡា​ព្រះ​បន្ទំ​ ហើយ​តែង​ស្រី​បម្រើ​ម្នាក់​ដែល​មាន​កើត​ស្រែង​នៅ​ខ្លួន​ រចនា​ដោយ​គ្រឿង​ប្រដាប់​ សម្រាប់​តាក់​តែង​រូប​កាយ​ស្រី​ គឺ​គ្រឿង​មាស​ពេជ្រ​ និង​គ្រឿង​ក្រអូប​គ្រប់​ប្រដាប់​ ហើយ​ឲ្យ​នាង​នោះ​ចូល​ទៅ​ក្នុង​ទី​ក្រឡា​ព្រះ​បន្ទំ​ ដែល​រៀប​ចំ​ទទួល​ស្ដេច​ តាម​ព្រះ​រាជ​ឱង្ការ ។ ដល់​ស្ដេច​យាង​មក​ ដោយ​ទ្រង់​មិន​បាន​គិត​ពិនិត្យ​សព្វ​គ្រប់​ ទ្រង់​ក៏​យល់​ថា << ទី​នេះ​ ជា​ទី​សម្រាប់​នាង​ម៉េម៉ាយ​មែន​ បាន​ជា​មនុស្ស​ទាំង​ឡាយ​ មិន​ហ៊ាន​មក​នៅ​ទី​នេះ >> ទ្រង់​ក៏​ដាក់​ព្រះ​អង្គ​គង់​អែប​ ដោយ​សំគាល់​ថា << នាង​ម៉េម៉ាយ >> ទ្រង់​ផ្ទុំ​ជា​មួយ​នាង​នោះ​ រួច​ហើយ​ទ្រង់​កំណត់​ព្រះ​ចិន្ដា​ថា << អញ​មក​ចង់​នាង​នេះ​បាន​ហើយ >> ។ ដើម្បី​ឲ្យ​បាន​ជា​ភស្តុតាង​ដល់​ភ្នែក​អ្នក​ផង​ទាំង​ពួង, ស្ដេច​ក៏​ទ្រង់​ខាំ​ថ្ពាល់​នាង​នោះ​ជា​សំគាល់​ រួច​ទ្រង់​យាង​មក​ព្រះ​បរម​រាជ​វាំង​វិញ​ ទ្រង់​មាន​ព្រះ​រាជ​ឱង្ការ​ផ្ដាំ​ថា << ព្រឹក​ស្អែក​នេះ​ឲ្យ​នាង​ចូល​ទៅ​គាល់​ស្ដេច​កុំ​ខាន >> ។ ទ្រង់​យាង​ទៅ​ដល់​ព្រះ​បរម​រាជ​វាំង​ ទ្រង់​ក៏​មាន​ព្រះ​រាជ​ឱង្ការ​ ប្រាប់​អស់​នាហ្មឺន​សព្វ​មុខ​មន្រ្តី​ថា​ ព្រះ​អង្គ​យាង​ទៅ​ចង់​នាង​នោះ​បាន​ មាន​ទាំង​សម្គាល់​ស្នាម​ព្រះ​ទន្ត​នៅ​ថ្ពាល់​នាង​នោះ​ផង​ ហើយ​ទ្រង់​បាន​ប្រាប់​ឲ្យ​ចូល​មក​គាល់​ ក្នុង​វេលា​ព្រឹក​នេះ​ផង​ ឲ្យ​នាហ្មឺន​សព្វ​មុខ​មន្រ្តី​ទាំង​អស់​ចាំ​មើល ។ ដល់​នាង​ម៉េម៉ាយ​ចូល​មក​គាល់​ យក​ទាំង​ស្រី​បម្រើ​ដែល​តាក់​តែង​កាយ​ ទទួល​ស្ដេច​ពី ​យប់​នោះ​មក​ជា​មួយ​ផង, លុះ​ចូល​មក​គាល់​ ក៏​អង្គុយ​តាម​មុខ​ក្រោយ , នាង​ម៉េម៉ាយ​អង្គុយ​មុខ ​ស្រី​បំរើ​អង្គុយ​ក្រោយ ។ ស្ដេច​ឲ្យ​នាហ្មឺន​ទៅ​ពិនិត្យ​មើល​ នៅ​កន្លែង​សំគាល់​ ដែល​ទ្រង់​បាន​ប្រាប់​ហើយ​នោះ ។ លុះ​ភ្នាក់​ងារ​ដែល​ទទួល​ព្រះ​រាជ​ឱង្ការ​ទៅ​ពិនិត្យ​ ត្រឡប់​មក​ក្រាប​ទូល​ស្ដេច​វិញ​ថា << នាង​អង្គុយ​ក្រោយ​ មាន​ស្នាម​នៅ​ថ្ពាល់​ជា​សម្គាល់​ដោយ​ធ្មេញ​ ឯ​នាង​ម៉េម៉ាយ​គ្មាន​ស្នាម​អ្វី​ជា​សម្គាល់​ទេ >> ។ ស្ដេច​ក៏​តូច​ព្រះ​រាជ​ហឫទ័យ​ដោយ​សេចក្ដី​មិន​បាន​ពិនិត្យ​ជា​មុន​ ក៏​ព្រះ​អង្គ​ទ្រង់​ចិន្ដា​ត្រិះរិះ​ទៅ​ឃើញ​ថា << នាង​នេះ​ជា​ស្រី​មាន​ប្រាជ្ញា​ នឹង​រក​អ្នក​ណា​ទៅ​ចង់​នាង​ពុំ​បាន >> ទ្រង់​នឹក​ដល់​បុរស​ដែល​ជា​អ្នក​ស្ទាត់​ខាង​វិជ្ជា​ចង់​ស្រី​ ក៏​មាន​ព្រះ​រាជ​ឱង្ការ​ឲ្យ​ចូល​ទៅ​គាល់ ។ ស្ដេច​ក៏​មាន​ព្រះ​រាជ​ឱង្ការ​សួរ​ទៅ​បុរស​នោះ​ថា << ឯង​ទៅ​ចង់​នាង​ម៉េម៉ាយ​ ជា​ប្រពន្ធ​ខ្មោច​សេដ្ឋី​បាន​ឬ​ទេ ? បើ​បង​ឯង​ត្រូវ​ការ​វត្ថុ​អ្វី​ យើង​ឲ្យ​ឯង​ទាំង​អស់ >> ។ បុរស​នោះ​ក្រាប​ទូល << ទទួល​តាម​បន្ទាល់​ ដោយ​មិន​បាច់​យក​វត្ថុ​ជា​ឧត្ដម​ទៅ​ទេ​ សុំ​តែ​សំពត់​ផាឌឹប​ស​ចាស់​ យក​ទៅ​ស្លៀក​ពាក់​ ហើយ​នឹង​ឆ្អឹង​គោ​មួយ​ថោ​វេច​ខ្ចប់​ជាប់​នឹង​ខ្លួន​ប៉ុណ្ណោះ​ បាន​ហើយ >> ។
ឯ​នាង​ម៉េម៉ាយ​ ជា​ប្រពន្ធ​ខ្មោច​សេដ្ឋី​ វេលា​ដែល​ត្រឡប់​ពី​គាល់​ស្ដេច​ទៅ​វិញ​ ក៏​រៀប​សាលា​ធ្វើ​បុណ្យ​ខ្មោច​សេដ្ឋី​ជា​ប្ដី​ រំលាយ​សព​ជា​ស្រេច​ រើស​ធាតុ​យក​មក​ខ្ចប់​តម្កល់​លើ​សាលា​ធ្វើ​បុណ្យ​ឆ្លង ។ វេលា​យប់​នោះ​បុរស​ ដែល​ទទួល​ព្រះ​រាជ​ឱង្ការ​ បាន​ទៅ​ដល់​លើ​សាលា​ ដែល​នាង​ម៉េម៉ាយ​ធ្វើ​បុណ្យ​ខ្មោច​ប្ដី​ ដែល​នឹង​ហើយ​ស្រេច​នៅ​វេលា​ព្រឹក​ស្អែក​នោះ​ ដល់​ហើយ​ធ្វើ​ជា​យំ​សោក​នឹង​ខ្មោច​ប្រពន្ធ​ខ្លួន​ស្លាប់​ មាន​សេចក្ដី​ទុក្ខ​យ៉ាង​ខ្លាំង​ដោយ​មាន​ទាំង​ធាតុ​ស្ពាយ​ជាប់​នឹង​ខ្លួន​ ជា​សំគាល់​ផង, បណ្ដាល​ឲ្យ​អស់​អ្នក​ជា​ពួក​ក្រុម​នាង​ម៉េម៉ាយ​ ដែល​នៅ​លើ​សាលា​នោះ​ទាំង​ប៉ុន្មាន​ មាន​សេចក្ដី​ឆ្ងល់​ភ័ន្ត​ភាំង​គ្រប់​គ្នា​ សួរ​ទៅ​បុរស​នោះ​ថា​ ហេតុ​អ្វី​ ក៏​អ្នក​មក​យំ​សោក​ បោក​ខ្លួន​ប្រាណ​លើ​ទី​នេះ​ខ្លាំង​ម្ល៉េះ ? >>។បុរស​នោះ​ប្រាប់​ទៅ​អ្នក​រក្សា​សាលា​នោះ​ថា << ខ្ញុំ​ឃើញ​គេ​ធ្វើ​បុណ្យ​ខ្មោច​លោក​សេដ្ឋី​នោះ​ ខ្ញុំ​នឹក​ដល់​ខ្មោច​ប្រពន្ធ​ខ្ញុំ​ ដែល​ស្លាប់​ជា​យូរ​ ហើយ​នោះ​ភ្លាម​ ក៏​បណ្ដាល​ឲ្យ​សង្វេគ​នឹង​ទុក្ខ​វេទនា​និង​ការ​ព្រាត់​ប្រាស​ ជា​ថ្មី​មួយ​ជាន់​ទៀត, តាំង​ពី​ប្រពន្ធ​ស្លាប់​ទៅ​នោះ​ខ្លួន​ខ្ញុំ​លះ​បង់​ការងារ​ចោល​អស់​ ស្ពាយ​តែ​ធាតុ​ប្រពន្ធ​ដើរ​ ដោយ​សេចក្ដី​អាឡោះ​អាល័យ >> ហើយ​បុរស​នោះ​ សុំ​អ្នក​ចាំ​សាលា​អ្នក​ស្នាក់​មួយ​យប់ ។ បុរស​ដែល​ចាំ​សាលា​ មិន​ហ៊ាន​សម្រេច​ដោយ​ខ្លួន​ឯង​ ក៏​យក​សេចក្ដី​នោះ​ ទៅ​ជំរាប​នាង​ម៉េម៉ាយ​ជា​ចៅហ្វាយ​តាម​ដំណើរ​ ដែល​បុរស​នោះ​ អធិប្បាយ​អំពី​សេចក្ដី​កំសត់​របស់​ខ្លួន​ ហើយ​សុំ​សាលា​ស្នាក់ ។ នាង​ម៉េម៉ាយ​មាន​ចិត្ត​អាណិត​ដល់​បុរស​កំសត់​ ដែល​មាន​ទុក្ខ​ព្រាត់​ប្រាស​ប្រពន្ធ​នោះ​ ក៏​យល់​ព្រម​ឲ្យ​ស្នាក់​ ហើយ​បង្គាប់​ទៅ​មនុស្ស​បម្រើ​ ឲ្យ​រៀប​អាហារ​ភោជន​ ឲ្យ​ទាន​បុរស​នោះ​ផង ។ លុះ​យប់​នាង​ម៉េម៉ាយ​ ទៅ​ស្ដាប់​ធម៌​ទេសនា​ ឆ្លង​បុណ្យ​ខ្មោច​ប្ដី​ នៅ​លើ​សាលា​ដែល​តម្កល់​ធាតុ​នៅ​នោះ ។ ឯ​បុរស​ចង់​ស្រី​ ក៏​សម្ងំ​ធ្វើ​ជា​ដេក​លក់​ទៅ ។ នាង​ម៉េម៉ាយ​នោះ​ស្ដាប់​ធម៌​ទេសនា​ចប់​ត្រឡប់​មក​ផ្ទះ​វិញ ។ បុរស​ជា​អ្នក​ចង់​ស្រី​ ឃើញ​ឱកាស​ស្ងាត់​ល្អ​ ក៏​លួច​យក​ធាតុ​ប្រពន្ធ​ខ្លួន​ ទៅ​ដាក់​ប្រប​ធាតុ​សេដ្ឋី​ជា​ប្ដី​នាង​ម៉េម៉ាយ ។ លុះ​ដល់​ព្រឹក​ឡើង​ នាង​ម៉េម៉ាយ​ចូល​ដល់​សាលា , បុរស​នោះ​ក៏​ស្រែក​យំ​យ៉ាង​ខ្លាំង​ថា << អ្នក​ណា​ លួច​ធាតុ​ប្រពន្ធ​ខ្ញុំ​បាត់ ? >> ។ នាង​ម៉េម៉ាយ​ឆ្ងល់​ ក៏​សួរ​បុរស​នោះ​ថា << ហេតុ​អ្វី​ ក៏​អ្នក​ឯង​យំ​ខ្លាំង​ម្ល៉េះ ? >> ។ បុរស​នោះ​ប្រាប់​ទៅ​នាង​ម៉េម៉ាយ​វិញ​ថា << អ្នក​ឯ​ណា​លួច​ធាតុ​ប្រពន្ធ​ខ្ញុំ​ទៅ​បាត់ >> ហើយ​ចោទ​ប្រកាន់​ ទៅ​លើ​រូប​នាង​ម៉េម៉ាយ​ថា << ខ្មោច​ប្ដី​នាង​ម៉េម៉ាយ​ លួច​ធាតុ​ប្រពន្ធ​ទៅ >> ។ នាង​ម៉េម៉ាយ​មាន​សេចក្ដី​អន់​ចិត្ត​នឹង​បុរស​ចោទ​ប្រកាន់​ខ្មោច​ប្ដី​ថា << លួច​ធាតុ​ប្រពន្ធ​ដូច្នោះ, ក៏​នាំ​បុរស​នោះ​ឲ្យ​ទៅ​មើល​ ឃើញ​នៅ​ជិត​គ្នា​មែន ។ បុរស​ក៏​ចោទ​ប្រកាន់​ចំពោះ​ខ្លួន​នាង​ម៉េម៉ាយ​ថា << ប្ដី​នាង​ យក​ប្រពន្ធ​គាត់​ទៅ​ធ្វើ​ជា​ប្រពន្ធ​ខ្លួន​ហើយ​ លុះ​តែ​នាង​ព្រម​ទទួល​ធ្វើ​ជា​ប្រពន្ធ​គាត់​វិញ​ ទើប​ព្រម​សុខ​ចិត្ត , ។ សេចក្ដី​ចោទ​ចំពោះ​ខ្លួន​នាង​ម៉េម៉ាយ​នោះ​ ជា​ដំណំ​ច្រើន​ខ​ណាស់​ដោយ​ឧបាយ​យ៉ាង​ល្អិត ។ នាង​ម៉េម៉ាយ​ រក​ផ្លូវ​ដោះ​សា​គ្មាន​ ក៏​ចាញ់​កល​នោះ​ជា​ទម្ងន់​ ថែម​ទាំង​មាន​សេចក្ដី​អន់​ចិត្ត​ នឹង​ខ្មោច​ប្ដី​ខ្លួន​ដែល​ស្លាប់​នោះ​ ថា​ជា​មនុស្ស​គ្មាន​ចិត្ត​សប្បុរស​ចំពោះ​ប្រពន្ធ​ បន្តិច​បន្តួច​សោះ​ គ្នា​កំពុង​កើត​ទុក្ខ​នឹង​ខ្លួនៗ​ ហ៊ាន​ទៅ​លួច​ប្រពន្ធ​គេ​ យក​មក​បញ្ចើ​នៅ​មុខ​ នាង​ជា​អុក​ជា​ទុក្ខ​គិត​សព្វ​ៗ​ ទៅ​ក៏​ទទួល​ព្រម​យក​បុរស​នោះ​ធ្វើ​ជា​ប្ដី​ ជា​សចក្ដី​ផ្គើន​ តប​ឲ្យ​ទល់​ពុត​ ទៅ​នឹង​ខ្មោច​ប្ដី​ខ្លួន​វិញ​ដែល​ហ៊ាន​ខូច​ លួច​ប្រពន្ធ​បុរស​នោះ។ចំណែក​បុរស​នោះ​ ដល់​បាន​នាង​ម៉េម៉ាយ​ជា​ប្រពន្ធ​៣ – ៤​ថ្ងៃ​ក៏​បបួល​គ្នា​ទៅ​គាល់​ស្ដេច។ឯ​ស្ដេច​នឹង​នាហ្មឺន​សព្វ​មុខ​មន្រ្តី​ បាន​ទត​ បាន​ឃើញ​ ក៏​មាន​សេចក្ដី​សរសើ​ចំពោះ​បុរស​នោះ​ ថា​ជា​អ្នក​មាន​វិជ្ជា​ចេះ​ចង់​ស្រី​ប្រាកដ​មែន ។
ម្ង៉ៃ​នឹង​ចេះ​ ឲ្យ​គេ​កោត​ ម្ងៃ​នឹង​ឆោត​ ឲ្យ​គេ​អាណិត​
បានចុះផ្សាយក្នុង ប្រជុំរឿងព្រេងខ្មែរ. Leave a Comment »

រឿងមនុស្សលោភ

ដំនើររឿង
កាល​ពី​ព្រេងនាយ​មាន​កុមារី​ម្នាក់​អាយុ១៤ឆ្នាំ​ ត្រូវម្ដាយ​ប្រើ​ឲ្យ​ទៅ​ជីក​ដំលូង។ ក្មេង​នោះ​រៀប​ចប​រួច​ស្រេច​ចេញ​ដើរ​ទៅ​រក​ដំលូង ទៅ​ដល់​ព្រៃ​ធំ​មាន​ដំបូក​មួយ​មាន​រូង​ជ្រៅ ។ កុមារី​នោះ​ទៅ​ជីក​ដំលូង​នៅ​ជើង​ដំបូក​នោះ​របូត​ផ្លែ​ចប ជ្រុះ​ធ្លាក់​ទៅ​ក្នុង​រូង​នោះ ។ នាង​នោះ​មិន​ដឹង​ធ្វើ​ដូចម្ដេច​ក៏​ស្រែក​ប្រកាស​ថា “លោក​ណា​ជួយ​យក​ផ្លែ​ចប​ឲ្យ​ខ្ញុំ​បាន ខ្ញុំ​នឹង​សង​គុណ​លោក” ។ ស្រែក​តែ​ប៉ុណ្ណោះ មាន​ខ្លា​ចាស់​មួយ​ដំបៅ​ក្បាល​រុយ​រោម​បែង​ដង្កូវ​ចុះ​គក្រិច ចេញ​មក​ពី​ក្នុង​ព្រៃ​ប្រាប់​ទៅ​នាង​នោះ​ថា “នាង!​តាយក​ឲ្យ​បាន ផ្លែ​ចប​នោះ តែ​បើ​តាយក​បាន​គ្រាន់​តែ​នាង​ឯង​រក​ចៃ​ឲ្យ​តា ហើយ​តា​មិន​ចាំបាច់​យក​គុណ​ពី​ចៅ​ទេ” ។
នាង​ឮ​ដូច្នោះ ក៏​និយាយ​ថា “ឱ​លោកតា​អើយ! ឲ្យ​តែ​លោកតា​ជួយ​យក​ឲ្យ​បាន​ចុះ” ។ ខ្លា​នោះ​យក​ផ្លែ​ចប​បាន​ពី​ក្នុង​រូង​ឲ្យ​ទៅ​នាង​នោះ ហើយ​ឲ្យ​នាង​នោះ​រក​ចៃ​ឲ្យ ។ នាង​នោះ​យក​បន្លា​មក​ឆ្កិះ​ដង្កូវ​នៅ​ដំបៅ​ក្បាល​ខ្លា​នោះ ។ ខ្លា​នោះ​ចេះ​តែ​សួរ​នាង​ថា “នាង! ដំបៅ​តា​ស្អុយ​ឬ​ក្រអូប?” ដំបៅ​នោះ​ស្អុយ​ណាស់ ប៉ុន្តេ​នាង​នោះ​ឆ្លើយ​ទៅ​វិញ​ថា “ក្រអូប​ណាស់​លោកតា” ។ ខ្លា​នោះ​ចេះ​តែ​សួរ​នាង​ចេះ​តែ​ថា​ក្រអូប ។ លុះ​ឆ្កិះ​ដង្កូវ​អស់​ទៅ ខ្លា​នោះ​បាត់​ឈឺ​បាត់​រមាស់ ហើយ​និយាយ​ប្រាប់​នាង​នោះ​ថា នាង! នាង​យក​ជាល​មួយ​មក ​តា​នឹង​ដាកដំលូង​ឲ្យ” ។ នាង​នោះ​យក​ជាល​មួយ​មក​ឲ្យ​ខ្លាៗ ដាក់​សុទ្ធ​តែ​មាស​ប្រាក់​ពេញ​ជាល​នោះ ចង​មាត់​ជាល​ជាប់ ឲ្យ​ទៅ​នាង​នោះ​រួច​ប្រាប់​នាង​ថា “នាង! នាង ​យក​ជាល​នេះ​ទៅ​ផ្ទះ​ហៅ​បង​ប្អួន​មក​ជុំ​បិទ​ទ្វារ​ឲ្យ​ជិត​សឹប​បើក​មើល ។ នាង​នោះ​លា​ខ្លា​ដើរ​ទៅ​ដល់​ផ្ទះ ហៅ​បង​ប្អូន​មក​ជុះ រួច​ក៏​បើក​ជាល​នោះ ដល់​បើក​ទៅ​បាន​សុទ្ធ​តែ​មាស​នឹង​ប្រាក់​ចែក​គ្នា ។
លុះ​យូរ​បន្តិច​ដឹង​ទៅ​ដល់​ស្រី​ឯ​ទៀត ដែល​មាន​កូន​ក្រមុំ​ស្រី​នោះ​បញ្ចោរ​កូន​ក្រមុំ​ថា “ហង​ឯង​មើល​កូន​គេៗ ទៅ​ជីកដំលូង​បាន​មាស​ប្រាក់​យក​មក​ចែក​បង​ប្អូន​គេ ហង​ឯង​ទៅ​ជីក​ដំលូងបាន តែ​ដំឡូងគ្មាន​បាន​ខ្មោច​អ្វី​ទេ” ។ ថ្ងៃ​ក្រោយ​ស្រី​នោះ​ឲ្យ​កូន​ទៅ​ជីក​ដំលូង​ដូច​នាង​នោះ​ទៀត លុះ​ទៅ​បាន​ជួប​ប្រទះ​នឹង​ខ្លា​មុន​ទៀត ក៏​ជ្រើ​ជា​ជ្រុះ​ចង​ដូច​នាង​មុន​ហើយ​ថា “លោក​ណា​យក​ចប​ឲ្យ​ខ្ញុំ​ៗ​នឹង​សង​គុណ​លោក” ។ ខ្លា​នោះ​ឮ​ហើយ​ក៏​មក​យក​ឲ្យ រួច​ឲ្យ​នាង​នោះ​ចាប់​ដង្កូវ​ឲ្យ ។ ខ្លា​សួរ​ដូច​ពី​មុន​ថា “នាង! ដំបៅ​តា​ស្អុយ ឬ​ក្រអូប?” ។
នាង​នោះ​ឆ្លើយ​ថា “ស្អុយ​ណាស់” ។ ខ្លា​ឮ​ដូច្នោះ “នាង​យក​ជាល​មួយ​មក​តា​នឹង​ដាក់​មាស​ប្រាក់​ឲ្យ” ។ នាង​យក​ជាល​ឲ្យ​ខា្លៗ​ដាក់​សុទ្ធ​តែ​ពស់​វែក​ដាក់​ពេញ​ជាល​ហើយ​ឲ្យ​ទៅ​នាង​ នោះ​ប្រាប់​ថា “នាង​យក​ទៅ​ផ្ទះ​ហៅ​បង​ប្អូន​មក​ជុំ​បិទ​ទ្វារ​ឲ្យ​ជិត សឹម​បើក” នាង ​នោះ​ទៅ​ដល់​ផ្ទះ​ហើយ​ប្រាប់​ម្ដាយ ម្ដាយ​អរណាស់​ឲ្យ​បង​ប្អូន​មក​ជុំ​បិទ​ទ្វារ​បើក​ចាល​មើល ពស់​វែក​ចេញ​មក​ចឹក​មនុស្ស​ទាំង​នោះ​ស្លាប់​អស់​ទៅ ។
រឿងនេះធ្វើការដកយកចេញពី ស្នាដៃកូនខ្មែរ 
Share:

No comments:

Post a Comment

© ប្រភពចែកចាយ All rights reserved | Theme Designed by Blogger Templates