ខ្ញុំបាទឈ្មោះ ហេង សុខ ធឿន បានបង្កើតវើបសាយនេះឡើងដើម្បីតម្រូវការនិស្សិតអាយធី។ មេរៀននេះជាភាសាខ្មែរ :ហើយមានទទួលបង្កើត Blogspot និង web site ទំនាកទំនងតាមរយ: 0967804106
E-mail:hengthoeurn999@gmail.com .
រឿងមហាភារតយុទ្ធ
ក្នុងយុគជាដំបូងនៃប្រជាវតារបស់លោក ក្នុងប្រទេសឥណ្ឌាភាគលើ
មានក្សត្រិយ៍ទ្រង់ព្រះនាមថា សាន្តនុ ជាពូជពង្សវង្សព្រះចៅភរត
ដែលជាឱរសរបស់ព្រះចៅ ទុសយន្ត និងនាង សកុន្តលា ជាបរមក្សត្រិយ៍
ដែលល្បីល្បាញព្រះកិត្តិនាមជាងព្រះចៅ សាន្តនុ ក្សត្រិយ៍អង្គនេះ
ទ្រង់រក្សារាជប្រវេណី នៃប្រយូរវង្សរបស់ព្រះអង្គទុកដោយប្រពៃ
យកព្រះហឫទ័យទុកដាក់ពេចពិលរមិលមើល សុខទុក្ខរបស់ប្រជារាស្ត្រ
ដោយការុណ្យចិត្តជាយ៉ាងក្រៃពេក អ្នកនគរស្មោះសរស្រឡាញ់ព្រះអង្គ
ហាក់បីដូចជាដួងហឫទ័យរបស់គេ
រាប់អានតម្កុំកម្កើងលើកឡើងបូជាព្រះអង្គ បីដូចទេពតាក្នុងសួគ៌ាល័យ
រាជសត្រូវស្ញប់ស្ញែងក្រែងព្រះតេជបារមី
ដូចកលខ្លាចស្ដេចខ្មោចក៏ប្រហែលគ្នា
ព្រះចរិយាវត្តដែលប្រព្រឹត្តទៅជាប្រក្រតីយ៉ាងរាស្ត្រអ្នកជា
មិនបានប្រកាន់ព្រះអង្គ កាន់យកតែយុត្តិធម៌
គឺសេចក្ដីជាអ្នកបរិសុទ្ធប្រាសចាកមន្ទិល
និងពាក្យដំនៀលនិន្ទាព្រះអាណាសោតក៏រឹងរឹតរុងរឿងបីដូចសូរ្យ័ង្សី ។
សេចក្ដីស្ងប់ក្នុងប្រទេស និរាសភ័យអរិរាជសត្រូវ និរាសសេចក្ដីរន្ធត់នេះឯង ជាអាការដ៏សំខាន់នៃការតាំងនៅបាននៃជាតិ និងពាណិជ្ជកម្មសព្វសារពើដែលជាលានធំ សម្រាប់ធ្វើឲ្យធនសម្បត្តិក្នុងប្រទេសដំណើរឡើងទៅកាន់សេចក្ដី ចម្រើន ព្រះអង្គជាអ្នកគ្រងរាជនេះ ក៏បានយកព្រះហឫទ័យទុកដាក់មើលរាល់វេលា ទ្រព្យសម្បត្តិក៏សម្បូណ៌ឡើងក្នុងព្រះនគរ ទ្រង់ជ្រះថ្លាក្នុងសាសនកិច្ច សម្បូណ៌ដោយទស្សនៈ និងមតិ ទ្រង់ប្រើសេចក្ដីគិតអានកាញ់គ្នេ ដោយយោបល់តាមមតិរបស់ជាតិផ្សេង ៗ ឬរបស់គណៈ របស់បុគ្គលឯកជន ទ្រង់ចាត់តាំងរបៀបសមាគម និងទំនៀមជាប្រវេណីគតិទុករៀបរយ របស់អំបាលនេះជាធម្មតាប្រចាំនៅក្នុងរាជអាណាចក្រដ៏ធំនេះទួទៅ គ្មានអ្នកណា ១ ស្គាល់ឡើយថាគ្រប់គ្រងដូច្នេះ ៗ ខុសគន្លងធម៌ ទាំងទារុណកម្មក្ដី អធម្មិករាជក្ដី អយុត្តិធម៌ក្ដី គ្មានអ្នកណាស្គាល់ថាមុខមាត់វាយ៉ាងម៉េច ប្រជារាស្ត្ររាល់គ្នា មានសេចក្ដីភក្ដី និងពេញចិត្តណាស់ដែលបានម្ចាស់សមគួរ ជាប្រមុខមកសោយរាជ្យដូច្នេះ ។
ព្រះចៅ សាន្តនុ ស្ថិតនៅក្នុងរាជសម្បត្តិ ទាល់តែជរាភាពហើយ ក៏ស្ដេចទិវង្គតទៅតាមយថាកម្ម វិចិត្រវិរយ ជា មកុដកុមាររជ្ជទាយាទ បានឡើងសោយរាជ្យសម្បត្តិមក ក្សត្រិយ៍នេះ មានឱរសពីរអង្គ នាម ធ្ឫតរាស្ត្រ (ធតរជ្ជ) ១, បណ្ឌុ ១, កាលព្រះអង្គទិវង្គតបង់ទៅហើយ ក៏កើតជាបញ្ហាចោទគ្នាឡើងថា នឹងលើកលោកអង្គណាសោយរាជ្យ នេះជារឿងដ៏ជ្រៅសុខុម កម្រនិងទម្លុះទម្លាយទៅបាន ព្រោះថា ធ្ឫតរាស្ត្រ ជារាជបុត្រច្បង បើតាមព្រះវេណីត្រូវបានរាជសម្បត្តិ តែខ្វាក់បង់អំពីកំណើត ហេតុដូច្នោះរាជសម្បត្តិ ទើបធ្លាក់ទៅលើ បណ្ឌុ ជាអនុជវិញ ព្រមគ្នាអញ្ជើញ បណ្ឌុ ឡើងគ្រងពិភព ។
កាល បណ្ឌុ ឡើងសោយរាជ្យមក មិនយូរប៉ុន្មានក៏ទ្រង់រាជតម្រិះនឹងស្ដេចចេញទៅនៅព្រៃ សព្វព្រះហឫទ័យគ្រងជីវិតនៅដោយសេចក្ដីវិវេគវិញប្រសើរ តែមិនមានបន្ទូលឲ្យអ្នកឯណានិមួយដឹង ព្រោះក្រែងរាជបរិពារទាំងឡាយមិនយល់ព្រម តែក្នុងព្រះហឫទ័យក៏នៅតែបំណងដូច្នេះខ្ជាប់មិនចេះអស់ មិនចេះហើយ ក្នុងទីបំផុត ក៏ឲ្យកើតនឿយណាយដោយតូរ្យតន្ត្រី ដែលចោមរោមជុំវិញរាជបល្លង្ករាល់វេលា ទើបស្ដេចដាក់រាជសម្បត្តិចេញចាកព្រះនគរ ពនេចរទៅនៅព្រៃ នាំយកទាំងមហេសីសម្លាញ់ទៅផង លុះកាលកន្លងយូរមក ព្រះរាជា បណ្ឌុ ក៏ទិវង្គតក្នុងដំណាក់ព្រៃ ឬ អាស្រមនោះឯង មានឱរស ៥ អង្គ ទ្រង់នាម យុធិស្ឋិរ ល្បីនាមជាអ្នកធ្ងន់ក្នុងសច្ចៈ និងសទ្ធាជ្រះថ្លា ភីម ល្បីនាមថាទ្រង់នៅព្រះកាយ ពលមហិមា ខុសនឹងមនុស្សធម្មតា មនុស្សញញើតទួទៅ អរជុន ល្បីនាមថា មានថ្វីដៃក្នុងយុទ្ធវិធី និងការប្រើអាវុធ នកុល និង សហទេព មួយគូនេះជាកូនភ្លោះប្ងូនបន្ទាប់និងអរជុន ។
កាលដំណឹងទិវង្គតនៃព្រះចៅ បណ្ឌុ ឮទៅដល់ព្រះនគរ អ្នកនគរបានពាក់គ្រឿងកាន់ទុក្ខថ្វាយតាមប្រវេណី នឹងនាំគ្នាយំសោកសម្ដែងអាការស្ដាយព្រះអង្គ ហាក់បីដូចជាញាតិរបស់គេម្នាក់ស្លាប់ទៅដូច្នោះ ព្រះញាតិវង្សព្រមដោយរាជបរិពារបាននាំគ្នាទៅអញ្ជើញព្រះនាងដ៏ជា វិធរា និង បាណ្ឌពកុមារ ទាំង ៥ អង្គ ត្រឡប់ចូលមកកាន់ក្រុងហស្ដិនបុរវិញ ឲ្យសំណាក់នៅក្នុងវាំងព្រះចៅ ធ្ឫតរាស្ត្រ (ក្សត្រិយ៍ខ្វាក់) ចំណែកឯឱរសទាំង ៥ របស់ព្រះនាង ធ្ឫតរាស្ត្រ ជាបិតុលា ក៏ទ្រង់ឧបត្ថម្ភឲ្យរៀនសូត្រសិល្បសាស្ត្រផ្សេង ៗ ជាមួយនឹងឱរសរបស់ព្រះអង្គ មាន ទុរយោធន៍ ជាដើម ។
កាលរាជកុមារបងប្អូនទាំង ៥ អង្គ ចម្រើនវ័យធំឡើង រូបរាងសក្ដិសម ទ្រូងសាយ អវៈយវៈ ទាំងពួងបានលក្ខណៈគ្រប់យ៉ាងទាំងដំណើរយាត្រា និងកិរិយាមារយាទក៏ល្អមានរាសី ជាហេតុធ្វើឲ្យអ្នកនគរនឹកសង្ឃឹមក្នុងព្រះរាជកុមារទាំង ៥ ទ្វេរចំនួនច្រើនឡើងដោយលំដាប់ គុណសម្បត្តិជាទីនិយមនៃប្រជុំអនេកនិករជន ក្នុងព្រះរាជបិតា បានឆ្លាក់មកជាមត៌កដល់ព្រះរាជកុមារទាំង ៥ ពេញបន្ទុក យ៉ាងព្រះវររាជបិតា តែគុណសម្បត្តិទាំងនេះត្រឡប់ទៅជារបស់ស្លែង ធ្វើឲ្យ ទុរយោជន៍ ព្រមទាំងបងប្អូន និងបក្សពួករបស់ ទុរយោជន៍ នាំគ្នាឫស្យាក្នុង បាណ្ឌពកុមារ ដែលជាបងប្អូនជីដូនមួយផងគ្នាជាយ៉ាងក្រៃពេក ។
ព្រះកុមារទាំង ៥ បានសិក្សាការប្រើអាវុធផ្សេង ៗ រាល់ថ្ងៃក្នុងរាជសេដ្ឋាវិជ្ជា គឺការប្រើធ្នូសរ ការប្រើរថសឹក ការកាប់ដាវនិងដាវ ពួយ លំពែង គុន ដាល់ និងហាត់វិជ្ជាយ៉ាងដទៃទៀតជាច្រើនយ៉ាង ដែលជាភាគនៃរាជវត្ត ឬការហាត់សម្រាប់ ក្សត្រិយ៍ជាតិអ្នកចម្បាំងក្នុងសម័យនោះយ៉ាងស្ទាត់ គ្រូអ្នកបង្វឹកបង្ហាត់រាជកុមារ អំបាល ជាព្រាហ្មណ៍មានត្រកូលនាម ទោណ អាចារ្យជាប្រាជ្ញមានគុណគួររាប់អាន មានមុខងារជាអ្នកប្រិតប្រៀនវិជ្ជាទាហាន ដល់ក្សត្រិយ៍គ្រប់អង្គក្នុងត្រកូលនោះ ។
ទោណអាចារ្យ ត្រូវជាមាព្រះ ធ្ឫតរាស្ត្រ កំណត់ទុកថា កាលរាជកុមារ អំបាល នេះ រៀនយុទ្ធវិទ្យាចេះស្ទាត់ហើយ នឹងបានជាកម្លាំងជួយធ្វើសង្គ្រាមនឹងព្រះចៅ ទ្រុបទ ព្រះចៅផែនដីបញ្ចាលនគរ ដែលជារាជសត្រូវនឹងព្រះអង្គមកអំពីថ្ងៃមុន ។
ទោណអាចារ្យ យកចិត្តទុកដាក់ប្រៀនប្រដៅ ហើយស្រឡាញ់ប្រណី បាណ្ឌកុមារ ទាំង ៥ ជាសិស្សច្រើន ការរៀនគ្រានោះ អរជុនមានចំរឿនលឿនទៅមុខបងប្អូនពោះមួយ និងបងប្អូនជីដូនមួយទាំងអស់ ក្នុងផ្លូវវិទ្យាអ្នកចម្បាំង មានសតិបញ្ញាស្រួចជាងគេ ហើយជាអ្នកធ្ងន់ក្នុងហិរិឱត្តប្ប ប្រដៅជឿស្ដាប់ងាយជាងបងប្អូនទាំងពួង ការុណ្យចិត្តដែល ទោណអាចារ្យ សម្ដែងចេញមកខាងក្រៅដូច្នេះ ធ្វើឲ្យ ទុរយោជន៍ ទ្វេរសេចក្ដីឫស្យាក្នុងកុមារទាំង ៥ ថែមឡើងទៀតជាច្រើនហើយនិងឫស្យាស្អប់ អរជុន ដែលមានថ្វីដៃពូកែជាបំផុត ។
លុះកុមារ អំបាល នោះ រៀនវិជ្ជាទាហានចេះចប់បរិបូណ៌ហើយ បានមានការប្រឡងថ្វីដៃកុមារអ្នកចម្បាំងអំបាលនោះ មានបណ្ដាជនជាច្រើននាំគ្នាមកកាន់ទីប្រជុំ ដើម្បីមើលការប្រឡង បានទះដៃសម្ដែងសេចក្ដីត្រេកអរ ឮ សូរសព្ទទ្រហឹងអឺងកង ពួកអ្នកប្រឡង ក៏ចូលប្រឡង តាំងចិត្តប្រឹងប្រែងសម្ដែងថ្វីដៃយ៉ាងពេញកម្លាំង តែមិនយូរប៉ុន្មានការប្រឡងនោះ មិនត្រឹមតែសាកចំណេះវិជ្ជា ឬ សម្ដែងឲ្យល្អមើល ទាំងសងខាងបណ្ដាលទោសខ្លាំងឡើង ក៏ស៊ូគ្នាតែមែនទែន ទុរយោជន៍ ចាប់តស៊ូគ្នានឹង ភិម គូបដិបក្សទាំងពីរនេះ បានចូលប្រឡូកតយុទ្ធគ្នាយ៉ាងពេញថ្វីដៃទាំងសងខាងក៏រឹតតែបណ្ដាល ទោសខ្លាំងឡើង ៗ ស្ទើរតែនឹងហុតឈាមទៅវិញទៅមក គ្រានោះមានមនុស្សចូលទៅ ហាមដោយទទួលបញ្ជាពីព្រះរាជា និង ទោណអាចារ្យ ជាគ្រូធំ ទើបក្រោកចេញទៅ វេលារសៀលថ្ងៃនោះ មានអ្នកចម្បាំងប្លែកមុខ ចូលមកក្នុងទីប្រឡងម្នាក់ទៀតឈ្មោះថា កណ៌ តែជាត្រកូលដូចម្ដេចគ្មានអ្នកណាដឹងស្គាល់ បានចូលមកចាប់គូរតស៊ូគ្នានិង អរជុន ដែលជាអ្នកក្លៀវក្លាសំខាន់សម្ដែងស្នាដៃឲ្យអ្នកមើលទាំងឡាយឃើញថា ខ្លួនគេជាគូគួរគ្នានឹង អរជុន ទុរយោជន៍ ឃើញកម្លាំងស្នាដៃ កណ៌ ហើយក៏សព្វព្រះហឫទ័យណាស់ ឲ្យនាំខ្លួនចូលទៅគាល់ឯវាំង ប្រទានរង្វាន់ជាច្រើន ហើយទ្រង់ជប់លៀងទុកជាទាហានរបស់ព្រះអង្គ ។
ការប្រឡងថ្វីដៃគ្រានេះជាហេតុរុករុញ ទុរយោជន៍ ឲ្យកើតសេចក្ដីឫស្យាក្នុង បោណ្ឌកុមារ ណាស់ឡើង ដោយហេតុដែលទទាក់ទទួលមនុស្សមានជាតិដ៏ថោកទាប ដូចយ៉ាង កណ៌ ទុកនេះក៏ស្មើដូចជាយកឲ្យមកបង់ចុះក្នុងគំនរភ្លើង ឬថែមចំណីឲ្យភ្លើងក៏ប្រហែលគ្នា រមែងពោលអួតខ្លួន ហើយញុះញង់បងប្អូន ឬ មិត្តសម្លាញ់របស់គេឲ្យបែកគ្នា ។
កុមារទាំង ៥ បងប្អូនជាអ្នកកំព្រាបិតា បានសេចក្ដីចង្អៀតចង្អល់ក្ដៅក្រហាយជារាល់ថ្ងៃ តែក៏ទ្រាំអត់សង្កត់សេចក្ដីប្រមាទ និងសេចក្ដីមើលងាយគ្រប់ប្រការ ទាំងក្នុងព្រះរាជស្ថាន ទាំងក្នុងទីប្រជុំ មានកណ្ដាលថ្នល់ជាដើមមិនតតបវិញ មើលទៅមិនខុសអីនឹងឆ្កែ ឬ ឆ្មា ដែលជាសត្វតិរច្ឆាននោះឡើយ ធ្ឫតរាស្ត្រ ទ្រង់ជ្រាបការប្រមាទព្យាបាទ មើលងាយរបស់ ទុរយោជន៍ ដោយប្រាជ្ញាញាណ ដ៏ជាអ្នកឆ្លាសក្នុងរដ្ឋប្រសាសនោបាយ ហើយទ្រង់ក៏ឲ្យបន្លែងឋានក្មួយទាំង ៥ ឲ្យទៅនៅឯវារណាវ័ត ទោះបីម្លឹងហើយ ទុរយោជន៍ ជាមនុស្សប្រកបដោយ ប្រទុស្តចិត្តជាប្រក្រតី ក៏មិនបណ្ដាលឲ្យកុមារទាំង ៥ នៅជាសុខបានឡើយ នៅតាមទៅបៀតបៀនទៀត គឺទ្រង់ឲ្យសាងវាំង ១ ធំ ប្រកបដោយក្រមួនជ័រស្រល់ ជ័រទឹក និងវត្ថុដទៃទៀតដ៏ជាចំណីភ្លើង ហើយយកកំបោរបូកពីក្រៅយ៉ាងស្និទ្ធ ឲ្យមើលឃើញដូចយ៉ាងឥដ្ឋនិងសិលា ដើម្បីអញ្ជើញកុមារទាំង ៥ ឲ្យទៅនៅ ដេលសាងឡើងដូច្នេះ ដោយចេតនាបំណងនឹងបំផ្លាញ បោណ្ឌកុមារ ដោយអគ្រនី តែនៅមានអ្នកអាណិតគឺវិទូរ (ជាឱរសនៃគុរុ) ជាអ្នកមានសតិបញ្ញាវាងវៃ បានខ្សឹបប្រាប់ដំណឹងនេះឲ្យកុមារទាំង ៥ ដឹងខ្លួនជាមុន លុះសាងមន្ទីរស្រេច ទុរយោជន៍ ក៏អញ្ជើញកុមារទាំង ៥ ភាតា ឲ្យទៅអាស្រ័យនៅក្នុងវាំងថ្មីនោះ ដោយអាងហេតុថា ក្នុងព្រះមហារាជវាំងគ្មានដំណាក់នឹងនៅឲ្យគ្រប់គ្នា ។
វេលាគ្រោះអាក្រក់មកដល់ ក្នុងរាត្រីកាល ១ នោះយប់ងងឹតពពកខ្មៅមីរដេរដាស បិទបាំងអាកាសមើលមិនយល់អ្វី អ្នកស្រុកកំពុងដេកលក់សព្វរាល់ផ្ទះសម្បែងស្ងាត់ច្រៀប គ្មានមនុស្សដើរទៅមក តាមថ្នល់ហ្វូងដល់ម្នាក់ឡើយ ខណៈនោះវាំងធំដែលសាងឡើងថ្មី ក៏ស្រាប់តែលេចអណ្ដាតភ្លើងភ្លឺសន្ធោឡើង ឮ សន្ធឹកផូងផាំង ៗ មួយស្របក់ វាំងថ្មីនោះ ក៏ទ្រោមទៅជាផះអស់ បោណ្ឌកុមារ ក៏មិនឥតគំនិត ឬ ធ្វេសប្រហែសក្នុងរឿងនេះ បានទ្រង់ជ្រាបរហស្សកម្មមកយូរថ្ងៃជាមុនហើយ ទើបបលាយនាការគេចវះ អំពីអគ្គីភ័យទៅតាមផ្លូវក្នុងដី ផុតភ្នែក ទុរយោជន៍ និងអ្នកដទៃ គ្មានអ្នកណាដឹងយល់គ្រានោះ ទុរយោជន៍ ក៏រីករាយសប្បាយក្នុងចិត្តណាស់ ដែលបានទម្លាយគូសត្រូវបានសម្រេចដូចប្រាថ្នា ទំនងដូចគ្នានឹងពាលរាជា ១ អង្គទៀត ក្នុងបុរាណសម័យបានទ្រុងខ្លុយឆ្វេក ៗ ក្រសាលលេងជាទីរីករាយកោមលហឫទ័យក្នុងខណៈដែលភ្លើងកំពុងឆេះផូងផាំង នោះឯង ។
កម៌ មុខគួរស្ញែង ដែរ ទុរយោជន៍ បានធ្វើទៅដោយប្រទុស្តចិត្តគ្រានេះ ជាគ្រឿងសម្ដែងបំភ្លឺឲ្យបណ្ដារាស្ត្រទួទៅដឹងបានយ៉ាងច្បាស់ថា គិតនឹងដុត បោណ្ឌកុមារ ច្បង គឺ យុធិស្ឋិរ ដើម្បីយករាជសម្បត្តិជាសិទ្ធិដាច់ខាត មកជារបស់ខ្លួនទាំងមូល ទុរយោជន៍ បានគិតបិទបាំងរហស្សកម៌ ការសម្ងាត់នេះទុកយ៉ាងសំខាន់ តែបុរាណលោកតែងថា សេចក្ដីសម្ងាត់ដែលប្រឹងបិទបាំងណាស់ រមែងលេចចេញបាន សូម្បីកំបាំងនៅក្នុងដួងហឫទ័យរបស់បរមក្សត្រិយ៍ ព្រោះធម្មតាអណ្ដាតមិនចេះស្ងៀម រមែងរលាស់បញ្ចេញសូរសព្ទជាដំណឹងទៅខាងក្រៅជាអាចិនដំបូង ក៏គញរាន់តែខ្សឹបខ្សៀវគ្នា លុះកន្លងទៅបន្តិចមិនយូរប៉ុន្មាន ក៏លាន់ ឮ ចេញមកខ្លាំង ៗ យ៉ាងដែលសន្ទនាគ្នាធម្មតា គ្រប់ផ្ទះសម្បែង គ្រប់កន្លែងថ្នល់ផ្សារ ឥតមានកោតក្រែងស្ដេច ឬ ចៅហ្វាយនាយណាឡើយ ហេតុដែលកើតមកទាំងនេះ ជារឿងមុខគួរខ្ពើមរអើមណាស់ ហេតុនោះកាលកន្លងមកមិនយូរប៉ុន្មាន រហស្សកម៌នោះ ក៏លេចជ្រួតជ្រាបទួទៅ សម្លេងនិន្ទានិងផរុសវាទក៏ធ្លាក់មកត្រូវ ទុរយោជន៍ កលបីដូចជាគ្រាប់ភ្លៀងដែលធ្លាក់អំពីនភាកាស ។
ខណៈដែលដើរផ្លូវមកក្នុងថ្ងៃ ១ នោះ ម្ដាយនិងកូនបានជួបនឹងព្រាហ្មណ៍ ១ ពួក គេប្រាប់ថា គេនឹងទៅក្នុងការ ស្វយម្ពរធិតា ព្រះចៅ បញ្ចារាជ ភារស្វយម្ពរ គ្រានេះ ជាការធំអឹកធឹក ភ្នែកមនុស្សនានា នឹងប្រទះឃើញបាន ក៏តែមួយដង មួយគ្រា ប៉ុណ្ណោះ បាណ្ឌពកុមារ បានឮដូច្នោះ ក៏រៀបចំខ្លួននឹងដើរផ្លូវទៅកាន់ដែនបញ្ចាល ដើម្បីនឹងជៀសចាកភយន្តរាយ ជាងដែលមានចំណង់នឹងទៅមើលការស្វយម្ពរ ។
មកដល់បញ្ចាលរាជធានី ជាប្រទេសបដិបក្សគ្នាមកអំពីដើម ត ត ទ្រង់ទើបធ្វើសង្គ្រាមនឹងគ្នាមកមិនយូរប៉ុន្មានដោយបញ្ជាការនៃ ទោណអាចារ្យ តែ ទោណអាចារ្យ ឲ្យលើកទោសព្រះចៅ បញ្ចលរាជ ដ៏ជាមច្ចាមិត្តទុកជីវិតឲ្យម្ដង ទាំងបានប្រគល់ដែនដីដែលមានជ័យជំនះឲ្យត្រឡប់ទៅវិញ តាំងអំពីនោះ ព្រះចៅ ទ្រុបទ ព្រះចៅផែនដីបញ្ចាលរដ្ឋឃើញសេចក្ដីក្លាហានក្នុងពិជ័យសង្គ្រាមនៃ បាណ្ឌពកុមារ ទាំង ៥ អង្គ ក៏ទ្រង់សព្វព្រះរាជហឫទ័យ មានចំណង់នឹងចង់លើករាជធីតាឲ្យជាបាទបរិចារិកា នៃ បាណ្ឌពកុមារ គឺនឹងទ្រង់លើកឲ្យ អរជុន តែរឿងនេះទ្រង់នឹកតែក្នុងព្រះរាជហឫទ័យ មិនបានចេញព្រះវាចា ឬប្រាប់ព្រះរាជតម្រិះនេះដល់អ្នកឯណា ព្រោះសិទ្ធិនៃការរើសគូ មិនមែននៅក្នុងអំណាចព្រះអង្គជាបិតា គឺស្រេចហើតតែនាងទ្រៅបទីដែលដ៏ជាធីតាស្មោះស្ម័គ្រ ឬ មិនស្មោះស្ម័គ្រ តែដើម្បីនឹងបដិបត្តិការឲ្យសមព្រះរាជហឫទ័យក្នុងរឿងនេះ ទើបទ្រង់ឲ្យចាត់ការ ១ យ៉ាង ដែលទ្រង់ជឿមាំក្នុងព្រះហឫទ័យថា នឹងធ្វើបានក៏តែអរជុនមួយនាក់ប៉ុណ្ណោះ គឺទ្រង់ឲ្យធ្វើមហាធនូ ១ ធំ និងរូបត្រីមាស ១ ឲ្យយកទៅព្យួរលើសសរខ្ពស់ មានចក្រវិលឆាល់អំពីក្រោម ក្នុងរឿងនេះមានខសន្យាថា អ្នកដែលជាគូព្រេងរបស់ព្រះរាជធីតា តោងអាចយិតមហាធនូនោះ បានដោយកម្លាំងដាក់ព្រួញផ្គងបាញ់ចាញទៅ ឲ្យព្រួញរត់ទៅតាមចន្លោះស្លាបចក្រ កុំឲ្យប៉ះពាល់ស្លាបចក្រ រហូតទៅត្រូវភ្នែកត្រីមាស ដែលព្យួរខាងលើ ឲ្យត្រីនោះធ្លាក់ចុះដល់ដី អនុញ្ញាតឲ្យអ្នកធ្វើការប្រឡង ដណ្ដើមយកនាងរាល់ ៗ គ្នា បាញ់តែប្រាំព្រួញប៉ុណ្ណោះ ព្រោះហេតុនោះបណ្ដាលអ្នកបាញ់ទាំងប៉ុន្មាន ទ្រង់ជឿថា មានតែអរជុនប៉ុណ្ណោះ អាចបាញ់ត្រូវវង់សម្គាល់បាន ។
សម្រាប់ក្នុងការ ស្វយម្ពរនេះព្រះចៅ បញ្ចាលរាជ មានព្រះរាជបញ្ជាឲ្យចូលចាំងជម្រះទីកន្លែងដ៏ធំហើយឲ្យសង់ព្រះ ពន្លាដាសសំពត់សមានកំពូលយ៉ាងមណ្ឌបបិទមាស ប្រដាប់មណីផ្សេង ៗ ច្រាលរន្ទាលមានការលៀងភោជនាហារ និងល្បែងលេងនានាក្នុងព្រះរាជវាំង ក្នុងវេលាមុនប្រឡងធនូសិល្បប្រមាណជាងពីរសប្ដាហ៍ (ជាងពីរអាទិត្យ) លុះដល់ថ្ងៃប្រឡងក្សត្រិយ៍ទាំងឡាយ ដែលប្រាថ្នាព្រះរាជធីតាជាបំណាច់ថ្វីដៃ ក៏នាំគ្នាមកសន្និបាតអង្គុយចាំត្រៀបត្រាតាមទីកន្លែងរបស់ខ្លួន ក្នុងរោងទងមុខព្រះពន្លាហ្លួងអង្គុយដំកង់ជាវង់ ដូចជារូបព្រះច័ន្ទពាក់កណ្ដាលដួងបែរមុខទៅព្រះពន្លា ។
លុះក្សត្រិយ៍ទាំងឡាយអង្គុយរៀបរយស្រួលហើយ នាង ទ្រៅបទី ក៏ស្ដេចយាត្រាចូលមកថ្កានទីប្រជុំ ព្រះហស្ថដ៏ទន់ភ្លន់ ដូចប្រមោយព្ធរាវណ៌ ក៏កាន់ភួងមាល័យមួយមកផង ភួងមាល័យនេះប្រៀបដូចព្រះវលញ្ចករ (ត្រា) ដែលនាងនឹងគប្បីប្រថាប់ក្នុងការរើសគូស្ងួនរបស់នាងឲ្យដាច់ខាត ទៅ ។
បណ្ដាក្សត្រិយ៍ដែលប្រជុំក្នុងការស្វយម្ពរគ្រានោះ មាន ទុរយោធន៍ កណ៌ បាណ្ឌពកុមារ បងប្អូន ៥ អង្គ ក្រិស្ណ ពលរាម ជាអនុជ ក្រិស្ណ ក្សត្រិយ៍យាទពច្រើនអង្គ ព្រះរាជា សិន្ទូ ព្រមទាំងឱរស (មិនប្រាកដថាប៉ុន្មានអង្គ) ព្រះរាជាចេតិ ព្រះរាជាកោសល ព្រះរាជាម័ទ្រ នៅមានក្សត្រិយ៍ក្រៅ អំពីដែលចេញព្រះនាមមកហើយជាច្រើនអង្គ តែ បាណ្ឌពកុមារ ទាំង ៥ មិនបានចូលទៅអង្គុយក្នុងចំណោម ក្សត្រិយ៍អម្បាលណោះទេ ទៅអង្គុយក្នុងចំណោមពួកព្រាហ្មណ៍មួយពួកផ្សេង ព្រោះទ្រង់ប្លមជាព្រាហ្មណ៍មកក្នុងវេលានោះ ភ្នែកមនុស្សទាំងអស់ក្នុងវេលានោះសម្លឹងមើលតែឆោមលំអនៃនាង ទ្រៅបទី ទីសន្និបាតនោះ សូម្បីមានមនុស្សច្រើនច្រៀតបៀតញៀតញាត់គ្នាទាំងម្ល៉ឹងក៏ស្ងាត់ សម្លេងឈឹងភ្លាម ក្នុងខណៈដែលធូស្តទយុម័ន ជាអនុជរបស់នាង ទ្រៅបទី សូត្រប្រកាសតាមប្រវេណីដូច្នេះ ។
ព្រះអង្គម្ចាស់ក្សត្រី ទ្រៅបទី ទ្រង់នៅឆោមឆើតឆាយ មកឈរនៅទីនេះ ៗ អ្នកណាអាចយិតធនូនេះបានហើយ បាញ់រហូតកងចក្រដែលកំពុងវិលទៅប្រហារភ្នែកត្រីខាងលើឯណោះ បើអ្នកនោះឯងជាផៅអ្នកនេះសោតនិងបាននាងចាបាទបរិចារិកា ។
សូត្រប្រកាសស្រេចហើយ ក៏ទ្រង់សូត្របញ្ជីរាយនាមវង្ស និងប្រវត្តិដោយសង្ខេប ពណ៌នាគុណសម្បត្តិនៃក្សត្រិយ៍អំបាលនោះឲ្យនាងស្ដាប់ហើយឲ្យនាងយក ភួងមាល័យទៅបំពាក់អ្នកនោះដែលបាញត្រូវវង់តាមដែលប្រកាសមកហើយ ។
លំដាប់នោះ ក៏ចាប់ផ្ដើមប្រឡងធនូសិល្បរើសស្នាដៃពូកែ ក្សត្រិយ៍អំបាលនោះ ខ្លះក៏នឹករាក្នុងព្រះហឫទ័យ ដែលមើលទៅឃើញមហាធនូដ៏សម្បើមនិងវង់ដែលចាំតែគេចព្រួញធនូ គិតថាម្ដេចក៏បាញ់មិនត្រូវ ឲ្យគ្រាន់តែយិតធនូបានក៏រាប់ថាវិសេសណាស់ទៅហើយ ក្សត្រិយ៍ទាំងឡាយចូលទៅប្រឡងម្ដង ១ អង្គ ៗ រួចហើយក៏ត្រឡប់មកអង្គុយតាមដើមវិញ ដោយមិនវិសេសប្លែកអ្វី ធ្វើឲ្យតែអ្នកអង្គុយចាំមើល លបអស់សំណើចលេងតែសាមីខ្លួន មានតែសេចក្ដីទោមនស្ស តូចចិត្តពន់ប្រមាណ ដែលខុសគំនិតគិតទុកមកនោះបែរជាមិនសមប្រាថ្នា ព្រះភក្ត្រមិនស្រួលតែរាល់អង្គពួកអ្នកច្បាំងដែលល្បីឈ្មោះទាំង ប៉ុន្មាន កាលដើរទៅជិតមហាធនូ ក៏ឲ្យរន្ធត់មុខស្លេកស្លាំង មិនអាចនឹងលើកមហាធនូនោះរួចឡើយ ខ្លះដើរចូលទៅខែងរែងជាងគេ ដោយអំណាចមានះខំធ្វើឫកឡើង តែក៏គង់ត្រឡប់មកអង្គុយដដែលវិញ មិនប្លែកទៅជាងអ្នកមុន ៗ ទាំងពួង អ្នកដែលធ្វើការមិនសម្រេចអម្បាលនោះ ខ្លះក៏ក្លែងធ្វើទឹកមុខឲ្យរីករាយ តែសេចក្ដីអៀនខ្មាសក្នុងចិត្ត ខ្លះក៏ធ្វើជាញញឹមបែបស្ងួត ៗ ។
លំដាប់នោះ កណ៌ ជាមនុស្សខ្លាំងពូកែយ៉ាងចំណាប់ ដើរចូលទៅកាន់មហាធនូ ចាប់យិតតម្លោះធនូមកបានភ្លាម ព្រះចៅ ទ្រុបទ និងឱរស ក៏ស្ញើបក្នុងព្រះហឫទ័យ ក្រែង កណ៌ ជាមនុស្សដែរព្រះអង្គមិនស្គាល់ជាតិកំណើតជាដូចម្ដេច ធ្វើការសម្រេច តែមុននឹងបាញ់ចេញទៅនាង ទ្រៅបទី បានស្រែកប្រកាសសេចក្ដីបំណងរបស់នាងថា នាងមិនសព្វព្រទ័យនឹង កណ៌ ដ៏ជាបុត្រនាយសារថី កណ៌ ចេញស្លក់ទឹកមុខ មានក្រសែឈាមទោសឡើងព្រល ៗ ទម្លាក់ធនូចុះហើយក៏ត្រឡប់មកអង្គុយតាមដើម ។
នៅមានអ្នកចូលទៅប្រឡងក្រោយ កណ៌ ទៀតជាច្រើនបានប្រឹងប្រែងក្លែងធ្វើមានះខែងរែង តែក៏មិនសម្រេចដូចប្រាថ្នា ខ្លះខិតខំហួសកម្លាំង ភ្លាត់ចំណាប់ដួលដេកច្រខែងលើផែនពសុធា បណ្ដាអ្នកអង្គុយមើលទាំងប៉ុន្មាន ក៏នាំគ្នាសើចលាន់ ដោយឃើញថាជារឿងគួរអស់សំណើចពួក បាណ្ឌពកុមារ ដែលអង្គុយនៅក្នុងកំឡុងពួកព្រាហ្មណ៍ ឃ្លាតអំពីពួកក្សត្រិយ៍ទៅបន្តិច អង្គុយមើលការគេព្រងើយ ហាក់បីដូចជាគ្មានកិច្ចការអ្វីជាមួយនឹងគេក្នុងថ្ងៃនោះទេ ខណៈនោះ មាណពឆោមស្រស់ប្រិមប្រិយមួយនាក់ ក្រោកដើរចេញមកអំពីពួកព្រាហ្មណ៍អម្បាលនោះ បណ្ដាអ្នកប្រជុំនៅទីនោះ ក៏នាំគ្នាសើចឃឹក ៗ ទួទៅទាំងព្រះលាន ព្រោះមកនឹកអស់សំណើចក្នុងចិត្តថា ព្រះ1 អ្នករៀនតែធម្មធម្មោ ម្ដេចក៏ក្លាមកប្រកួតអួតថ្វីដៃនឹងក្សត្រិយ៍ជាតិអ្នកចម្បាំងដែរ ។
អាស្រ័យហេតុនោះព្រាហ្មណ៍ខ្លះដែលអង្គុយនៅទីនោះ ទើបនិយាយឃាត់ព្រាហ្មណ៍កម្លោះអ្នករួមភេទជាមួយគ្នានោះថា កុំទៅប្រឡងនឹងគេអី អ្នកខ្លះនិយាយថា ជាតិព្រាហ្មណ៍រមែងមានថ្វីដៃគ្រប់យ៉ាង ទាំងការគិតអាន ទាំងការប្រើអាវុធផ្សេង ៗ មិនមែនចេះតែរឿងសីលពរប៉ុណ្ណោះទេ អ្នកខ្លះ គ្រាន់តែសម្លឹងមើលព្រាហ្មណ៍កម្លោះនោះ ដោយសេចក្ដីអស្ចារ្យឥតមានស្រដីថាអ្វី ព្រាហ្មណ៍កម្លោះដោយគ្រឿងយោគី ដ៏ធ្វើដោយស្បែកម្រឹគចេញគរទុកក្នុងទីម្ខាង ហើយដើរចូលទៅកណ្ដាលស្នាមយ៉ាងរាជសីហ មើលទៅទ្រូង និងស្មាសាយចង្កេះមូលយ៉ាងវាសុទេវិន ដើរប្រទក្សិណព្រមទាំងភាវនាតែក្នុងចិត្ត ចំណែកឯភ្នែកមនុស្សជាច្រើនពាន់ ក៏សម្លឹងចំពោះសំភីមើលតែឆោមព្រាហ្មណ៍កម្លោះ ៗ នោះ ក៏កែក្រាយចាប់លើកមហាធនូឡើង យិតតម្លោះក្រឹត មកដោយកម្លាំងដ៏មហិមា បណ្ដាអ្នកអង្គុយមើលជុំវិញស្នាម ក៏ទះដៃលាន់ នាំគ្នានិយាយសរសើរផ្សេង ៗ ត្រឹមតែយិតធនូទន់មកបានប៉ុណ្ណេះ នៅមិនទាន់អស់រឿង នៅមានការដែលសំខាន់ជាងនេះដែលគេត្រូវធ្វើ គឺបាញ់ត្រូវវង់ អ្នកមើលទាំងអស់ឈប់មើលឆោមព្រាហ្មណ៍ នាំគ្នាសម្លឹងឆ្ពោះតែទៅត្រង់វង់ មិនបានដាក់ភ្នែក ព្រោះជាវេលាដ៏សំខាន់ យកឈ្នះយកចាញ់គ្នាក្នុងវេលាប្រមាណមួយមីនុតទៀតប៉ុណ្ណឹង2 ។
គ្រានោះព្រាហ្មណ៍ក៏ទម្លាក់ក្រាញ់កែក្រាយរំពើន ហើយស្រងេវនេត្រតម្រង់ លែងតម្លោះធនូខ្វាប់ចេញទៅប្រហារភ្នែកត្រីមាសធ្លាក់ចុះដល់ធរណី ខាងអ្នកមើលក៏ទះដៃប្រែស ៗ លាន់ទាំងស្នាមធំ អ្នកដែលមានជ័យនោះជាអ្នកណាក៏តាម គេមិនត្រូវការនឹងគិតយកមកជាអារម្មណ៍ គេត្រូវការតែសប្បាយជាការធំ និងត្រូវការឲ្យដឹងផលជាបំផុតនៃការនោះ ដែលកំពុងតែឃ្លានដឹងរាល់គ្នា គឺបាញ់ត្រូវ ឬមិនត្រូវប៉ុណ្ណោះ ។
តែកាលណាពួកក្សត្រិយ៍ អ្នកទ្រង់មាលាសៀតរោមសត្វ ឬ ទ្រង់ឆ្នួត ដើរត្រង់ទៅកាន់ទីធនូសិល្បម្ដង ៗ ទ្រូងនាង ទ្រៅបទី ក៏ជួលច្រាលឡើងមកកាលនោះ ត្រីមាសដែលព្យួរតែងតោងលើកងចក្រ ជាគ្រឿងសម្គាល់យថាកម្មរបស់នាង ឥឡូវនេះ នាងក៏កាន់តែរីករាយក្នុងហឫទ័យខ្លះហើយ ចិត្តរបស់នាងនៅចាប់ប្រតិព័ទ្ធនឹងប្រុសកម្លោះ ដែលមានស្បែកខ្លា ជាគ្រឿងដណ្ដប់កាយនោះ តាំងតែគេឈានជើងទៅកណ្ដាលស្នាម នាងក៏នឹកស្នេហាជាងក្សត្រិយ៍ទាំងឡាយ ដែលទ្រង់ប្រែពណ៌ស្វាយ ទោះបីនាងមិនបានគិតទុកពីដើមថា ប្រុសកម្លោះនោះនឹងចូលមកធ្វើការប្រកួតថ្វីដៃនឹងគេក៏ពិត តែខណៈដែលគេឈរកណ្ដាលស្នាមនឹងធ្វើការប្រឡង ចិត្តរបស់នាងរំជួល ដោយចង់ឲ្យគេបានទទួលសេចក្ដីអំណរវេលានេះ ក៏សមដូចមនោរថរបស់នាងហើយ នាងញញឹមដោយអារម្មណ៍ដ៏រីករាយ ទើបយាងយាត្រាទៅរកអ្នកដ៏មានជ័យដោយរួសរាន់ យកភួងមាល័យទៅបំពាក់ក ឲ្យប្រុសកម្លោះ ជាគ្រឿងប្រកាសសិទ្ធិជាដាច់ខាតថា ប្រុសកម្លោះនេះជាគូភិរម្យរបស់នាង បីដូចជាប្រថាប់ដោយព្រះវលញ្ចករ ។
ការដែលមើលទៅឃើញ ទ្រៅបទី យកភួងផ្កាទៅបំពាក់ឲ្យអ្នកមានជ័យនោះ បណ្ដាអ្នករួមការប្រឡងជាមួយគ្នា តែមិនសម្រេចសមប្រាថ្នា នាំគ្នាមកអង្គុយជូតញើសនោះ ក៏បណ្ដាលឲ្យកើតសេចក្ដីឫស្យា និងសេចក្ដីឈឺចិត្ត រោលរាលក្នុងចិត្តមហិមា នឹងទប់ទល់អាត្មាពុំបាន ក៏ប្រឹក្សាគ្នាហើយយល់ឃើញព្រមគ្នាថា ត្រូវតែសម្លាប់អ្នកដែលមានជ័យ ដែលមិនប្រាកដនាមនេះមួយរំពេចជាដាច់ខាត នឹងទុកវាឲ្យរស់នៅនិងកើតសេចក្ដីអប្បយសដល់គេឯងរាល់គ្នាទួទៅ ត្បិតវាជាយាចកដើរតែសូមទានគេតាមថ្នល់ ហើយមកបានធីតាក្សត្រិយ៍ ជាបាទបរិចារិកាដូច្នេះ ធ្វើឲ្យអាម៉ាស់មុខ ធ្វើឲ្យអាប់ឱនកិត្តិយស ព្រោះវាមកមើលងាយរាជត្រកូល កំពូលឥសូររបស់យើង ត្រូវឃុំខ្លួននាង ទ្រៅបទី ទុកព្រោះជាស្រីអត់ខ្មាស ដាក់ខ្លួនបន្ទាបត្រកូលសុខចិត្តយកព្រាហ្មណ៍អនាថាជាភស្ដាមើលងាយ បារមីព្រះបិតា និងព្រះរាជាទាំងឡាយ ដ៏ជារាជសម្ពន្ធមិត្រសឹងទ្រង់នូវកិត្តិយសដ៏ខ្ពង់ខ្ពស់ យើងរាល់គ្នានឹងមើលចំណាំតទៅទៀតពុំបានឡើយ។
ភ្លាមស្រែកគំរាមលាន់ដោយក្រោធក្ដាត់ ពួកក្សត្រិយ៍អ្នកធនូសិល្បទាំងប៉ុន្មាន ក៏លោកចេញអំពីកន្លែង រាំក្របីចិញ្ចែងចូលទៅរកព្រាហ្មណ៍កម្លោះ ដែលបាននាងជាបំណាច់ កើតតស៊ូគ្នាឡើងជាកោលាហល គ្មានអ្នកណាអាចនឹងរម្ងាប់បាន ការយម្ពរក្លាយទៅជាការកាប់សម្លាប់គ្នាកណ្ដាលស្នាមធំ ក្សត្រិយ៍ទាំងឡាយដែលមកដើម្បីបាននាង ត្រឡប់ជាមកដេករនៀលលើផែនពសុធានាំគ្នាចូលមកក្នុងអន្ទាក់ មច្ចុរាជដោយអង្គឺហេតុដ៏គួរសម កណ៌ ជាអ្នកល្បីនាមបានចូលប្រឡងយុទ្ធនិងពួកព្រាហ្មណ៍អ្នកមានជ័យ តទល់គ្នាល្មួតអស់វេលាជាយូរ មួយចាក់ មួយកាប់ មួយកាប់ មួយកាត់ មួយកែង មួយគេច កែក្រាយរារង មួយរុកមួយរុញសង្ខុញចូលជិត សង្ឃករិរោមតរេរារាំខ្ញង់កលបីដូចខ្យល់កំបុតត្បូង ប្រហារត្រូវដៃជើងព្រាហ្មណ៍ដោយព្រួញធនូជាច្រើនអន្លើ រាប់ថាបាញ់ត្រង់គ្រាន់បើ ។
ទ្រៅបទី វេលានោះជាទុក្ខតឹងទ្រូងណាស់ណា នឹកប្រទេចផ្ដាសាមរត៌កនៃសេចក្ដីលំអឆោមរបស់នាងតែក្នុងចិត្ត ដែលជាហេតុឲ្យកើតកាប់សម្លាប់គ្នា លោហិតច្រាលពាសស្នាម តែតមកបន្តិច នាងក៏រម្ងាប់ទុក្ខនោះបាន ដោយឃើញថាខ្លួននាងគ្មានមន្ទិលសៅហ្មង ប្រការ ១ ទៀត ជីវិតរបស់ប្រុសដែលជាគូរបស់នាងសោត ក៏ប្រាសចាកអន្តរាយ ត្បិតវេលានេះ កណ៌ ឈប់តស៊ូហើយ ដោយឃើញថាបើពួកគេខំតស៊ូទៅ ក៏គង់ស្លាប់ក្នុងកណ្ដាលដៃព្រាហ្មណ៍កម្លោះនេះជាមិនខាន គិតដូច្នោះហើយគេក៏ស្រែកសួរព្រាហ្មណ៍នោះជាផ្លូវញ៉មខ្លាចថ្វីដៃ ថា ម្នាលលោក លោកជាត្រកូលព្រាហ្មណ៍មែន ឬ តែភាពនិងមានះរបស់លោកសម្ដែងឲ្យឃើញថា មិនមែនជាត្រកូលព្រាហ្មណ៍ឯណាមានថ្វីដៃ អាចនឹងមកតដៃនិងក្សត្រិយ៍បាន វៀរលែងតែបរសុរាម (រាមាសូរ) ដែលប្រាកដតាមបរម្បរាគតិថា បានប្រហារក្សត្រិយ៍ទួទៅ ទាំងលោក ឯយាចកអានាថា ធ្លាប់តែដើរសូមទានគេរាល់ផ្ទះរាល់រៀនផ្សារ និង ថាជាអ្នកស្ទាត់ចម្បាំងមិនបានពិតដូច្នេះ បណ្ដាអ្នកចម្បាំងដូចគ្នា គ្មានអ្នកណាមានថ្វីដៃច្បាំងល្អដូច អរជុន ក្នុងពពួកមនុស្សដែលគ្រងជីវិតរបស់នៅសព្វថ្ងៃនេះ និងតដៃនឹងយើងបាន ក៏តែមួយ អរជុន ប៉ុណ្ណោះ ក្រៅអំពីនោះគ្មាន ។
ព្រាហ្មណ៍កម្លោះញញឹមតប ហើយដើរចូលទៅកាន់ទីកន្លែងដើម ទ្រៅបទី ក៏លីលាតាមគូស្ងួនរបស់នាងទៅ ។
ឥឡូវនេះ នឹងសម្ដែងអំពីហេតុការណ៍ ដែលប្រព្រឹត្តទៅក្នុងព្រះរាជវាំងក្រុងបញ្ចាល ព្រះរាជ ទ្រុបទ ប្រថាប់ក្នុងបន្ទប់ក្រឡាព្រះបន្ទំតែមួយព្រះអង្គ ក្រៅអំពីនោះក៏មានអ្នកថ្វាយង៉ានផ្លិត (អ្នកបក់ថ្វាយ) ទ្រង់ជញ្ជឹងជ្រប់ដល់ព្រះគ្រោះរបស់ព្រះអង្គ បន្តិចស្ដេចក្រោកឡើងទឹងតាំងធាក់អ្នកនេះអ្នកនោះ ដែលនៅជិតថ្វាយង៉ានផ្លិតក្នុងវេលានោះ ខណៈនោះព្រះរាជឱរសចូលទៅគាល់ក្នុងបន្ទប់ មានភក្ដ្រផូរផង់ញញឹមញញែមរីករាយព្រះរាជាធ្វើព្រះភក្ដ្រតឹងធ្មឹង ទៅរកឱរស លុះស្វាងព្រះក្រោធហើយត្រាស់សួរថា ទ្រៅបទី នៅឯណា អ្នកណាបាននាង ឱកូនសំឡាញ់ឪពុក ព្រះសូរសៀងដែលត្រាស់ចេញមក ញ័រហើយស្អកស្អា ទ្រង់គង់ស្ងៀមបន្តិចត្រាស់តទៅទៀតថា ឱកូនឪពុក អំពីនេះជាដើមទៅនាងតោងដើរសូមទានគេចិញ្ចឹមពោះរាល់មាត់ទ្វារ ផ្ទះអ្នកដទៃ ទានវត្ថុដែលបុគ្គលលះដោយការុណ្យចិត្ត និងប្រាណីនេះឯង ជារាជបណ្ដាការរបស់នាង ភាជន ដែលនាងកាន់ត្រាច់សូមទានគេនោះ ទុកជាគ្រឿងប្រដាប់ត្បូងរបស់នាង អនិច្ចាឪពុកនឹងទ្រាំអត់សេចក្ដីវេទនាអស់នេះបានឬ កាលឃើញកូនស្រីស្ពាយយាមនៅស្មារដើរសូមទានគេ ឪពុកបានសាងអកុសលកម្មទុកអំពីកាលណាហ៎្ន ទើបបានទទួលសេចក្ដីអវមាន (មើលងាយ) ដូចនេះ អនិច្ចា ឪពុករម្ងាប់ទុក្ខក្នុងរឿងនេះមិនបាន ហើយព្យាយាមដូចម្ដេច ៗ វាក៏មិនបាត់ក្រំក្នុង អាពុកប្រឹងអត់សង្កត់ណាស់ ទាស់តែស្គមទ្រមខ្លួន របស់ដែលផុតវិស័យសតិបញ្ញានឹងកែខៃ ឬអស់ផ្លូវនឹងដើរហើយ ឪពុកនឹងធ្វើម្ដេចបាន ឪពុកតាំងចិត្តថានឹងលើកឲ្យទៅអរជុន តែព្រះដ៏ធំជាម្ចាស់សួគ៌មកបណ្ដាលឲ្យឃ្លៀងឃ្លាតទៅយ៉ាងដទៃ ឪពុកដឹងច្បាស់ហើយថា ការយំខ្សឹកខ្សួលមិនជាប្រយោជន៍ តែទុក្ខនេះជាមរណទុក្ខរបស់បិតាហើយ បិតាមិនអាចនឹងរម្ងាប់បានបានដោយឧបាយយ៉ាងណាឡើយ ។
ធ្ឫស្ដ-ទយុម័ន ក្រាបទូលដោយសម្ដីដ៏ល្ហែមថា បពិត្រព្រះជនកនាថ សូមព្រះអង្គចូលបន្ទោរបង់នូវសេចក្ដីសោកសៅអស់នេះចេញ អំពីព្រះកោមលចុះព្រះករុណា អរជុនជាអ្នកបាននាងទៅជាប្រាកដហើយ ។
ព្រះរាជាមានព្រះអស្សុជលកំពុងហៀរហូរ ក៏ស្វាងចែសដោយពលវបីតិក្នុងខណៈនោះ ត្រាស់សួរជាប្រញាប់ថា មែនឬ ឯងដឹងបានយ៉ាងម្ដេច អើឯងនិយាយទៅមើល ។
ព្រះឱរសទូលប្រព្រឹត្តហេតុថា កាលព្រាហ្មណ៍នាំព្រះនាងបង (ព្រះជេដ្ឋកគិនី) ទៅកាន់ទីសំណាក់ ទូលព្រះបង្គំបានលបតាមទៅមើលមិនឲ្យគេឃើញ លុះគេចូលទៅក្នុងទីសំណាក់របស់គេ ទូលព្រះបង្គំផ្ទៀងត្រចៀកលបស្ដាប់អំពីក្រៅទ្វារ បានដឹងរឿងនេះច្បាស់ ក្នុងកាលដែលនិយាយរៀបរាប់ឲ្យមាតាគេស្ដាប់ ទូលព្រះបង្គំទើបដឹងបានថាព្រាហ្មណ៍ ១ ពួកគ្នា ៥ នាក់ ស្លៀកដណ្ដប់ស្បែកអម្រឹតនោះគឺ បាណ្ឌវកុមារបងប្អូនទាំង ៥ ប្លមអង្គមកមុខគួរអាសូរ បាណ្ឌពកុមារ និងមាតាបានសេចក្ដីព្រួយលំបាកជាបំផុត ព្រោះទុយោជន៍គិតឫស្យាដុតមន្ទីររបស់គេ ដើម្បីឲ្យស្លាប់ក្នុងគំនរភ្លើង តែគ្រោះជា ពាណ្ឌពកុមារដឹងខ្លួនបានជាមុន ទើបនាំគ្នារត់តាមផ្លូវបាដាល រួចអំពីភ័យមក បាននាំគ្នាដើរផ្លូវមកជាមួយនឹងពួកព្រាហ្មណ៍ ទាល់តែមកដល់ក្រុងបញ្ចាលនេះ ព្រះរាជាទ្រង់ជឿជាក់អស់សង្ស័យ ទើបត្រាស់ថា កូនឯងចូរទៅប្រាប់អគ្គមហាសេនាបតី ឲ្យគេទៅស៊ើបសួរយកសេចក្ដីពិតមកឲ្យបាន ។
ខ្ញុំរាជការមួយពួកទទួលរាជឱង្ការហើយ នាំគ្នាដើរសំដៅទៅផ្ទះស្មូនឆ្នាំង មន្ត្រីអម្បាលនោះចូលទៅថ្វាយគំនាប់បាណ្ឌពកុមារ ហើយម្នាក់ក្នុងពួកមន្ត្រីដែលទៅនោះ ទូលប្រព្រឹត្តហេតុដល់រាជកុមារដែលបាន ទ្រៅបទី ថាៈ យើងខ្ញុំនាំគ្នាសម្ដែងសេចក្ដីអំណរដែលលោកមានជ័យការដែលលោក សម្ដែងស្នាដៃក្នុងថ្ងៃនេះ ពួកអ្នកចម្រៀងនឹងចងជាបទកាព្យទុកសម្រាប់សង្គីតប្រគំច្រៀង ពួកចិន្តកវីរាជប្រាជ្ញពង្សាវតារនឹងចារឹករឿងនេះ ទុកក្នុងពង្សាវតារឲ្យខ្ចរខ្ចាយ និករជាតិទាំងឡាយក៏នឹងមនសិការចាំទុក រហូតកល្បាវសានដោយឆន្ទនិយម កាលក្សត្រិយ៍ទាំងឡាយបាញ់មិនត្រូវវង់នោះ ខត្តិយាធិបតីរបស់យើងព្រួយព្រះហឫទ័យថា ព្រះរាជធីតារបស់ព្រះអង្គ គង់តោងនៅជាលីវសាវកែរកគូគ្មានរហូតជីវិត រឿងនេះជាទុក្ខធំគ្របសង្កត់ព្រះហឫទ័យ តើឥឡូវនេះយើងខ្ញុំសូមអរគុណលោកយ៉ាងខ្ពស់ដែលលោកបានកំចាត់មេឃ មីរ ពោលគឺសេចក្ដីកង្វល់ដ៏ធំសឹងគ្របសង្កត់ព្រះហឫទ័យព្រះករុណាចេញទៅ បាន ក្នុងវេលានេះយើងខ្ញុំយល់ឃើញថា ក៏ល្មមនាំមកបញ្ចេញចែកគ្នាស្ដាប់បាន ហើយមិនមែនជាការល្មើស ក្នុងការរក្សាសេចក្ដីសម្ងាត់ក្នុងព្រះហឫទ័យនោះទេ គឺអំពីដើមមកទ្រង់បំណងនឹងឲ្យអរជុន អ្នកដែលល្បីនាមទួទៅទាំងសកលជម្ពូបានធីតារបស់ព្រះអង្គ តែវេលានេះក៏ទ្រង់ព្រះបីតិយ៉ាងលើសលន់ ព្រោះព្រះធីតាមិនតោងនៅជាលីវសាវកែ ហើយព្រះអង្គឆ្ងល់ខ្វល់ព្រះហឫទ័យជាពន្លឹក ចង់ជ្រាបជាតិត្រកូល នឹងស្រុកកំណើតរបស់អ្នកមានជ័យរហូតដល់វេលានោះ ដែលមកបានដឹកដៃ ទ្រៅបទី ព្រះរាជធីតាមក ។
បាណ្ឌពរាជកុមារអង្គធំ (គឺយុធិស្ឋិរ) ទទួលភារៈទទួលនិយាយតតបពួកខ្ញុំរាជការដែលមក ដោយព្រះអង្គឯងទ្រង់មានបន្ទូលថា ខសន្យាការស្វយម្ពរដែលស្ដេចក៏ទ្រង់ដ៏ទ្រង់នូវឥស្សរស័ក្ដិដ៏ ខ្ពង់ខ្ពស់របស់អ្នកទាំងឡាយ បានប្រកាសហើយនោះអ្នកទាំងឡាយនឹងយើងទាំងអស់គ្នា ក៏បានជ្រួតជ្រាបសព្វគ្រប់ហើយ អ្នកណាក៏អាចនឹងចូលទៅប្រឡងលថ្វីដៃបានគ្រប់ ៗ គ្នា បណ្ដាលដែលនៅក្នុងទីនោះ ឯខសន្យានោះសុភាពបុរសនេះណែ បានបដិព័ទ្ធហើយដោយប្រពៃ ព្រោះហេតុនេះព្រះធីតាជាម្ចាស់របស់អ្នកទាំងឡាយទើបបានជាគូ ភិរម្យរបស់គេ ទោះបីអាក្រក់ល្អក៏តាមយថាកម្ម ។
ពួកខ្ញុំរាជការអម្បាលនោះ ចេញទឹកមុខងឿង យុធិស្ឋិរមិនចង់ឲ្យខ្ញុំរាជការទាំងនោះងឿងឆ្ងល់ ទើបពោលទៅទៀតថា មនុស្សទួទៅគ្មានអ្នកណាមួយឡើយសង្ស័យថា អរជុនជាអ្នកចម្បាំងដ៏ឯករកគូប្រៀបគ្មាន ហើយតោងមិនសង្ស័យតទៅទៀតថា អរជុនប្រាកដ មិនមែនអ្នកដទៃមកអំពីណាដែលបានព្រះធីតាជាម្ចាស់របស់អ្នក យើងសូមសម្ដែងសេចក្ដីគាប់ចិត្តនឹងអនុមោទនាដល់ចៅហ្វាយនាយរបស់អ្នក ដែលបានឃើញការសម្រេចផលតាមប្រាថ្នា នូវរបស់សឹងគិតទុកមកជាយូរយារហើយនោះ ។
កាលពួកខ្ញុំរាជការបានស្ដាប់ដូចនោះ ក៏ក្រោកឡើងព្រមគ្នា ថ្វាយគំនាប់ឱនលំទោនហើយក៏លាទៅ សេចក្ដីបំណងរបស់គេវេលានេះក៏សម្រេចពិតឥតសង្ស័យ មកលសួរយកការពិតបាន តាមដែលម្ចាស់ជីវិតប្រើមក គេក៏រីករាយនាំគ្នាត្រឡប់ទៅក្រាបទូលប្រព្រឹត្តហេតុដល់ព្រះរាជា វិញថា ការដែលត្រាស់ប្រើទៅនោះ ឥឡូវសម្រេចដូចព្រះហឫទ័យបំណងហើយ ។
កាលបានសេចក្ដី តាមដែលត្រាស់ប្រើឲ្យទៅស៊ើបក្នុងជាន់ក្រោយនោះហើយ គ្រានោះត្រាស់ឲ្យមានមហោស្រពក្នុងព្រះរាជមន្ទីរ នឹងត្រាស់ឲ្យទៅអញ្ជើញបាណ្ឌវកុមារទាំង ៥ ចូលមកគាល់ មានការទទួលតាមខត្តិយប្រវេណី ក្នុងទីសម្រាប់ទទួលមន្ត្រី ទ្រង់ចូលទៅឱបឱរសប្រសា និងបងប្អូនទាំង ៤ អង្គ ទៀតតាមលំដាប់ ត្រាស់សន្ទរកថាទទួលសម្ពន្ធមិត្រមេត្រី នឹងទទួលប្រកាន់សព្វភ័យទាំងពួងក្នុងរាជធានីរបស់ព្រះអង្គ មិនឲ្យមានមោះថ្លោះការបាន ។
លំដាប់នោះទ្រង់ឲ្យចាត់ការស្វយម្ពរវិវាហមង្គល រាជធីតា ទ្រៅបទី សមស័ក្ដិ សមកិត្តិយស នៃខត្តិយធីតាគ្រប់ប្រការ ទាំងឲ្យមានការល្បែងលេងតាមទំនៀមវិវាហសម្ពោធ ពួកបាណ្ឌកុមារក៏ដោះគ្រឿងប្លមចេញ នៅជាសុខក្នុងអារក្ខារបស់ព្រះចៅបញ្ចាលរាជ ជារាជសម្ពន្ធមិត្រដ៏ប្រសើរស្មើចិត្តនោះហោង ។
មានការប្រជុំធំនៅក្រុងហស្ថិនបូរ ធ្ឫតរាស្ត្រប្រថាប់លើរាជបល្លង្កមានរាជបរិពារឈរព័ទ្ធជុំវិញត្រៀប បីដូចជាផ្កាយហេមរោមព្រះចន្ទស្ងាត់សម្លេងច្រៀប ប្រុងស្ដាប់សព្ទព្រះរាជតម្រាស់ ព្រះរាជាក៏ទ្រង់ក្រោកឡើងឈរ មានព្រះរាជឱង្ការសីហនាទត្រាស់ថា ។
ម្នាលមន្ត្រីទីប្រឹក្សាទាំងសម្ចាយដែលមកសន្និបាតក្នុងទីនេះ សុទ្ធតែជាអ្នកដែលយើងទុកចិត្តក្នុងរាជការផែនដី អ្នកទាំងឡាយជាគោលសិលារបស់ប្រទេស អាណាចក្ររបស់យើងដែលនឹងតាំងនៅបាន ក៏ព្រោះអាស្រ័យអ្នកទាំងឡាយជាភ្នែក ជាច្រមុះសេចក្ដីចម្រើនរុងរឿងថ្កើងកេរ្តិ៍ នឹងសេចក្ដីសុខសម្រាន្តរបស់រាស្ត្រដែលនឹងវឌ្ឍនាតទៅបាន ក៏ព្រោះអាស្រ័យអ្នកទាំងឡាយ សេចក្ដីសត្យសុចរិតនឹងផែនដីនៃអ្នករាល់គ្នា ក៏គ្មានផ្លូវឲ្យរង្គៀស សេចក្ដីដែលអ្នកទាំងឡាយភក្ដីនឹងយើង ក៏គ្មានបន្ទិលមួហ្មងសូម្បីប៉ុនល្អងធូលី របស់មោះហ្មងឆ្គងរាគីក៏គ្មានចូលមកលាយឡំក្នុងសេចធាតុពោលគឺ សេចក្ដីភក្ដីនេះឡើយ យើងឲ្យហៅអ្នកទាំងឡាយមកប្រជុំក្នុងគ្រានេះ ដើម្បីឲ្យអ្នករាល់គ្នាជួយពិគ្រោះបញ្ហាមួយ ៗ ដែលតែអំពីវិចារណញ្ញាណរបស់យើងតែម្នាក់ឯង មិនអាចនឹងទំពាឲ្យបែកទៅបាន សូមប្រើជាញាណអ្នករាល់គ្នាចូលជួយទំពាយើង សូមឲ្យអ្នកទាំងអស់ចូលសម្ដែងសេចក្ដីភក្ដីដល់យើង នឹងចូលបំពេញចំពោះដល់ផែនដីក្នុងគ្រានេះម្ដងទៀត អ្នកទាំងឡាយក៏ជ្រាបហើយថា ពួកបាណ្ឌពបានចងសម្ពន្ធមេត្រីនឹងព្រះរាជា ទ្រុបទ ដែលជាសឹកសត្រូវនឹងយើង ដើម្បីនឹងរំលាយលាងអមិត្រអ្នកគិតប្រទូស្តរាយ ឲ្យចេញចាកមាគ៌ាពោលគឺ ភយន្តរាយ អ្នកទាំងឡាយនឹងគិតធ្វើដូចម្ដេចស្រួល ។
ទុយោជន៍ក្រោកឡើងឈរ ពោលកែបញ្ហាជាដំបូងថា សេចក្ដីយល់របស់ទូលបង្គំជាខ្ញុំក្នុងរឿងនេះ គឺត្រូវឲ្យសូកពួកសេនាបតីព្រះចៅ ទ្រុបទ ធ្វើឲ្យបែកសាមគ្គីក្នុងរវាងពួកគេឡើងនេះជាឧបាយ ១ ខ ទូលបង្គំជាខ្ញុំនៅមានឧបាយក្នុងចិត្តមួយយ៉ាងទៀត ដែលនឹងឲ្យផលវិសេសជាងខមុន គឺត្រូវរិះរកទោសដ៏លាមក មកបាចប្រឡាក់នាង ទ្រៅបទី ឲ្យនាងនិយាយមិនចេញកែខ្លួនមិនរួច ខនេះជាហេតុធ្វើឲ្យពួកបាណ្ឌវក្រោធមួហ្មងហើយ លះលែងនាងចោល អំពីនោះមិត្រភ័ក្ដិរវាងពួកបាណ្ឌវ និងបញ្ចាលរាជក៏នឹងដាច់អំពីគ្នាទៅឯង ការដែលត្រូវធ្វើតអំពីនោះទៀត គឺដាក់ថ្នាំបំពុល ភីម យក្សធំឲ្យស្លាប់បង់ ប៉ុណ្ណេះក៏អស់រឿងអំពល់ចិត្តយើងទៅហើយ ទុយោជន៍អង្គុយចុះ កណ៌ក្រោកឡើងឈរថ្លែងមតិ ។
សូមទ្រង់អភ័យដល់ទូលព្រះបង្គំជាខ្ញុំ ក្នុងការដែលមានសេចក្ដីឃើញមិនដូចទ្រង់ទុយោជន៍ ដែលជាទីសំឡាញ់របស់យើង ទូលព្រះបង្គំឃើញមានថ្នាំកែតែមួយមុខ គឺអាស្រ័យកម្លាំងទាហានដ៏រឹងរិទ្ធិរបស់យើង ឲ្យបញ្ជូនទាហានទៅធ្វើសង្គ្រាមនឹងព្រះចៅ ទ្រុបទ ជាយ៉ាងឆាប់ ទូលព្រះបង្គំជឿថា កងទ័ពរបស់គេទុពលភាព គង់នឹងទប់ទល់កម្លាំងទាហានរបស់យើងមិនបាន ដែលនឹងលើកកម្លាំងទៅយាយីគ្រានេះ ត្រូវចាត់ការដោយរួសរាន់ ដើម្បីកុំឲ្យព្រះក្រិស្ណ ព្រះរាជាគុជរាត មានឱកាសលើកកម្លាំងមកជួយគេបាន ។
លំដាប់នោះ ព្រះចៅ ធ្ឫតរាស្ត្រត្រាស់សួរ ភីស្ម ក្សត្រិយ៍ជរាតើនឹងមានយោបល់យល់ឃើញដូចម្ដេច ភីស្ម ថ្លែងថា កាលបើព្រះករុណាសុំសេចក្ដីឃើញរបស់ទូលព្រះបង្គំ ក៏ត្រូវពោលតែពាក្យពិត តែបុរាណលោកថា (ពាក្យពិតរែងស្លែង) ទូលព្រះបង្គំយល់ឃើញថា តាមសិទ្ធិនៃរាជប្រវេណី យូធិស្និរជារជ្ជទាយាទ តាមច្បាប់ត្រូវបានរាជសម្បត្តិ បើព្រះករុណាមិនសព្វព្រះហឫទ័យនឹងលះរាជសម្បត្តិទាំងមូលឲ្យគេ សោត ក៏គួរបែងផែនដីឲ្យគេពាក់កណ្ដាល យុត្តិធម៌នឹងសេចក្ដីពិតត្រូវឲ្យទ្រង់ប្រតិបត្តិការក្នុងរឿងនេះ ដូចនេះ បើទ្រង់កើបកោយយកទ្រព្យសម្បត្តិទាំងភាគដែលគេត្រូវបានមកសោត ទូលបង្គំព្យាករណ៍ទុកវេលានេះថា សេចក្ដីវិនាសលិចលង់អាណាចក្ររបស់ទ្រង់ នឹងមកដល់ក្នុងមិនយូរ សេចក្ដីលោភលន់ហួសប្រមាណ នឹងនាំនូវសេចក្ដីវិនាសយ៉ាងធំមកឲ្យដល់ប្រយូរវង្សរបស់ទ្រង់ ដំណឹងដែលឧរសព្រះករុណាគិតប្រទុស្តនឹងដុតបងប្អូនទាំងរស់នោះ ល្បីរហូតទៅក្រៅអាណាចក្ររុកុ អ្នកស្រុកខាងក្នុងខាងក្រៅរាជអាណាចក្រពោលខ្ទាំងខ្ទប់ថា ទុយោជន៍គិតប្រទុស្តរាយទំលាយព្រះញាតិ ។
កណ៌ក្រោកឈរឡើងជាគម្រប់ពីរដង ដើម្បីបរិយាយវចនវោហាររបស់ ភីស្ម គេនិយាយថា ចិត្តរបស់ ភីស្ម ប្រកបដោយឆន្ទាគតិ ភ្នែករបស់ ភីស្ម ងងឹតក្នុងយុត្តិធម៌ វិចរណញាណរបស់ ភីស្ម ឃើញឆេវទៅក្នុងផ្លូវខុស ភីស្ម មានរោគាពាធឯណានិមួយមកបិទបាង ញ៉ាំងទស្សនញាណរបស់គេឲ្យវិកលទៅ រឿងនេះជាមុខក្រសួងរបស់ទីប្រឹក្សា ទីប្រឹក្សាតោងតបបញ្ហាឲ្យឆិតជិតទៅតែម្ដង ដោយទឹកចិត្តដ៏ត្រជាក់ មិនត្រូវញញើតនឹងគ្រឿងខ្ទាំងខ្ទប់ឯណានិមួយ សម្ដីទីប្រឹក្សាអ្នកប្រកបដោយសេចក្ដីប្រហែសធ្វេស និយាយចេញមកឃើញថា ខ្សត់វិចរណញាណមិនគិតឲ្យជុំជិតជ្រុងជ្រោយសិន រមែងនាំសេចក្ដីវិនាសមកឲ្យប្រទេស ។
ទោណអាចារ្យឃាត់កណ៌ថា ឈប់សិនទៅកណ៌អើយ ឈប់រលាស់អណ្ដាត ដែលប្រកបទៅដោយសេចក្ដីអួតទៅសិនទៅ អ្នកមិនបង្អង់និយាយ ទាល់តែសេចក្ដីវិនាសធ្លាក់មកលើខត្តិយចង្សរបស់យើងទៅឬ អាការធ្ងន់ណាស់ព្រះគុណអើយ កុំម៉្លោះពេក វិទូរក្រោកឈរឡើងពោលទទឹងទាស់នឹងមតិទុយោជន៍ថា ។
មុខងារនាទីរបស់ខ្ញុំ បង្គាប់ខ្ញុំឲ្យពោលចេញមកតាមសេចក្ដីពិតត្រង់ក្នុងចិត្ត ផលក្នុងទីបំផុតនឹងបង្កើតឡើងដូចម្ដេច ទុក ១ អន្លើ ថាបើបណ្ដោយឲ្យករណីហេតុដំណើរទៅដូចនេះ ក្នុងពេលមិនយូរ គង់នឹងប្រទះអានិដ្ឋារម្មណ៍ជាមិនខាន ព្រះនាមាភិធ័យនៃវង្សក្សត្រិយ៍របស់យើងនឹងសាបសូន្យទៅ ព្រោះហេតុនោះគំនិតរបស់យើងខ្ញុំ ក៏គឺនឹងឲ្យផ្សះផ្សាសេចក្ដីបែកសាមគ្គីរវាងព្រះញាតិវង្ស ដោយឧបាយឯណានិមួយដ៏ប្រពៃ តាមផ្លូវយុត្តិធម៌ ។
ការប្រឹក្សាគ្នាកឈប់ស្លេះតែប៉ុណ្ណេះ ព្រះចៅ ធ្ឫតរាស្ត្រ ក៏ប្រកាសកាត់សំនួន ជាពាក្យដាច់ខាតចេញមកថា ត្រូវទៅទទួលបាណ្ឌវក្សត្រិយ៍ដែលត្រូវនិរទេស ត្រឡប់មកកាន់ព្រះនគរវិញ យើងនឹងប្រគល់ផែនដីហស្ថិនបូរឲ្យពាក់កណ្ដាល ឲ្យបងប្អូនទាំង ៥ សេពសោយសម្បត្តិតាមខត្តិយប្រវេណី ។
លំដាប់នោះ ទើបទ្រង់ចាត់ឲ្យរាជទូតនាំរាជសាសន៍ទៅកាន់ក្រុងបញ្ចាល ដើម្បីនឹងអញ្ជើញ យុធិស្ឋិរ ព្រមទាំងប្អូនបួននាក់ត្រឡប់មកព្រះនគរ កាលរាជទូលអម្បាតនេះទៅដល់ក្រុងបញ្ចាល នាំគ្នាចូលគាល់ក៏ប្រទះគ្នានឹងបាណ្ឌវកុមារ កំពុងគាល់សន្ទនារីករាយ ជាមួយព្រះចៅ ទ្រុបទ ។
ព្រះរាជ ទ្រុបទ ត្រាស់ព្រះសូរសៀងយ៉ាងអាណោចអាធមថា យុធិស្ឋិរ គ្មានរឿងអ្វីក្នុងពង្សាវតាររបស់លោក នឹងដូចរឿងរបស់អ្នកទេ មុខគួរវេទនាអ្វីម៉្លេះ ដែលព្រះញាតិរបស់អ្នកត្រឡប់ទៅជាសត្រូវ ជាគូចងពៀរវេរានឹងគ្នាដូចនេះ ។
យុធិស្ឋិរ ពោល អារឿងលាភ រឿងអំណាច ទូលព្រះបង្គំមិនចង់ឃើញមុខវា វាធ្វើឲ្យបងប្អូនទាស់ទែងគ្នា ឪពុកនិងកូនទាស់គ្នា ទ្រព្យសម្បត្តិ អំណាច ស្ត្រី របស់ ៣ មុខនេះ ជាមារសម្រាប់ផ្ចាញ់មនុស្សយើងឲ្យវិនាសហីនហោចទៅ ។
ព្រះរាជា ទ្រុបទ ឡើងព្រះភ័ក្ដ្រច្រាលដោយលោហិត ត្រាស់ថា យើងសុំធ្វើពាក្យផ្ដេជ្ញាប្រកាសទុកក្នុងទីនេះ ថាបើអ្នកឯងមិនបានចំណែកព្រះនគរដោយស្រួលសោត យើងនឹងជួយអ្នកឯងដោយកម្លាំងអាវុធ ។
ខណៈនោះអ្នកភ្នាក់ងារមុខក្រសួងនាំទូតចូលទៅគាល់ ទូតអម្បាលនោះចូលទៅក្រាបចំពោះព្រះភ័ក្ដ្រក្រាបទូលថា ខត្តិយាធិបតីដ៏ជាម្ចាស់របស់ទូលព្រះបង្គំជាខ្ញុំ ត្រាស់បញ្ជាឲ្យនាំពារដ៏មានដ៏ជាមង្គលមកក្រាបទូលព្រះអង្គឲ្យ ទ្រង់ជ្រាប ដ្បិតព្រះរាជាមានព្រះហឫទ័យសោមនស្សណាស់ ដែលមកឃើញសេចក្ដីរួបរួមគ្នារវាងរាជត្រកូលទាំងពីរ គឺ បណ្ឌុ និង បញ្ចាល តែព្រះរាជាដ៏ជាប្រធាននៃកុរុរដ្ឋមានព្រះរាជហឫទ័យបំណងនឹងឃើញ វិមលភ័ក្ដ្រព្រះភាគិណៃទាំងប្រាំ ព្រះរាជជននីសោតក៏ចង់យល់ព្រះភ័ក្ដ្រយុវតីស្រីសុណិសា ប្រជាជនត្រៀមព្រមគ្នាហើយ ដើម្បីនឹងទទួលស្ដេច ។
ព្រះរាជា ទ្រុបទ មិនសព្វព្រះហឫទ័យក្នុងរឿងដែលបាណ្ឌវកុមារនឹងគ្នាត្រឡប់ទៅក្រុង ហស្ថិនបូរវិញ តែនឹងទ្រង់ហាមឃាត់សោត មើលទៅជាការមិនគួរ ក្នុងទីបំផុតក៏ទ្រង់អនុញ្ញាតតាមសុំ ។
បាណ្ឌពកុមារ ព្រមដោយព្រះជននី នឹងនាង ទ្រៅបទី ក៏រៀបចំរាជដំណើរ ស្ដេចដើរផ្លូវទៅថ្កានក្រុងហស្ថិនបូរ មានទាហាននឹងរាជបរិពារជាក្បួនហែហម នឹងមានភ្លេងត្រែសង្ខតូរ្យតន្ត្រីប្រគំសូរសព្ទទ្រហឹងអឺងអាប់ទៅ តាមមគ្គវិថី ។
កាលមកដល់ក្រុងហស្ថិបូរ មន្ត្រីខ្ញុំរាជការអ្នកធំចេញមកទទួលនៅទ្វារព្រះនគរ រាស្ត្រនិករទាំងពួងក៏ជ្រើមជ្រួលបបួលគ្នាមកទទួលស្ដេចជាទីស្រឡាញ់ របស់គេ ដោយបីតិដ៏មានកម្លាំងសឹងពុំអាចនឹងទប់ជើងឲ្យនឹង លុះឮសូរកាំភ្លើង ទឹង ទឹង ដែលគេបាញ់ថ្វាយគំនាប់ខ្ទរទាំងពសុធា អ្នកនគរក៏ចូលចិត្តបានថា បិយក្សត្រិយ៍របស់គេចូលមកក្នុងខេត្តព្រះនគរហើយ សេចក្ដីរីករាយរបស់រាស្ត្រទប់ជើងមកននឹង បណ្ដាស្រីប្រុស ចាស់ក្មេង តូចធំ ស្រោកស្ររហូរហៀរចេញមក ដើម្បីឃើញបាណ្ឌវក្សត្រិយ៍ ។ នៅទីព្រះរាជវាំង និងតាមផ្លូវថ្នល់ ដោតរាជវ័ត ឆ័ត្រទ្រង់ព្រោងព្រាត នៅមាត់ទ្វារនិមួយ ៗ ក៏សុទ្ធតែប្រដាប់ដោយគ្រឿងសម្ដែងសេចក្ដីបដិសណ្ឋារត្រេកអរទទួល នឹងជាទីប្រដាប់កិត្តិយសនៃខត្តិយរាជ លុះបាណ្ឌវកុមារចូលមកដល់ទីគាល់ព្រះចៅ ធ្ឫតរាស្ត្រ ក៏ស្ដេចចុះចាករាជបល្ល័ង្ក ត្រង់មកឱបក្មួយរាល់អង្គតាមលំដាប់ បាណ្ឌវកុមារក៏ក្រាបទៀបបាទយុគលទទួលពរ ព្រះរាជជិនី នឹងពួកនារីដែលមានបណ្ដាស័ក្ដិខ្ពស់ក្នុងរាជសំណាក់ក៏ដូចគ្នា នាំគ្នាទៅទទួល ទ្រៅបទី ទ្រៅបទីក៏ក្រាបចុះទៀបបាទ សម្ដែងសេចក្ដីគោរពតាមបែបសុភាពស្ត្រី មើលទៅកិរិយាមារយាទ និងរូបឆោមរបស់នាងជាទីត្រូវព្រះហឫទ័យ ព្រះរាជវង្សានុវង្សក្សត្រីជាយ៉ាងក្រៃពេក ពួកប្រយូររវង្សគ្រប់ព្រះអង្គ ក៏ស្រឡាញ់ពេញហឫទ័យ និងសរសើរគុណសម្បត្តិរបស់នាងជាអនេកប្រការ ។ ការផ្សះផ្សាររវាងព្រះញាតិដែលឃ្លាតគ្នាទៅ បានសះជាព្រមព្រៀងឡើងវិញដោយប្រការដូចនេះ មធុរកថារបស់ព្រះចៅ ធ្ឫតរាស្ត្រ ក៏ត្រាស់ប្រលោមលួងឲ្យសាមគ្គីគ្នាទៅវិញជាច្រើនប្រការ ទោះបីមិនស្និទ្ធគ្នាដូចអំពីដើមក៏អង្គឺក្ដី ទ្រង់ប្រាស្រ័យនឹងយុធិស្ឋិរជាក្មួយច្បងថា សេចក្ដីអារិចិត្តរវាងក្មួយនិងមា វេលានេះ រាប់ថាគ្មានហើយ តទៅខាងមុខសុំឲ្យមេត្រីរវាងរាជត្រកូលកុរុ និងបណ្ឌុគប្បីមានដល់គ្នា ដែលជាព្រះញាតិជីដូនមួយគ្នា មាសុខចិត្តបែងផែនដីឲ្យក្មួយពាក់កណ្ដាល ក្មួយនឹងតាំងរាជធានីឡើងថ្មីទៀតនៅខណ្ឌវបថ ឬនៅទីដទៃក៏បាន ហើយចូរគ្រប់គ្រងអាណាចក្ររបស់ក្មួយឲ្យជាសុខសម្រាន្តភិយ្យោយសចុះ ។
អាស្រ័យហេតុនេះ រាជអាណាចក្រក្រហស្ដិនបូរ ទើបត្រូវញែកជាពីរភាគ ទុយោជន៍រើសយកខេត្រផ្សេង ៗ ក្នុងទិសបូព៌ ដែលសម្បូណ៌ទៅដោយផលាផលជាសិទ្ធិរបស់ខ្លួន យុធិស្ឋិរបានភាគខាងលើ ដែលជាទីអរញ្ញប្រទេស តោងកាប់គាស់រានសាងជារាជធានីទីក្រុងឡើង ។រឿងមហាភារតយុទ្ធ
តមក បាណ្ឌវក្សត្រិយ៍ទាំង ៥ អង្គ ក៏នាំគ្នាទៅសាងរាជធានីទីក្រុងថ្មីនៅខណ្ឌវបថ ផ្ដើមកសាងកាប់គាស់ឈើព្រៃ ចូលចាំងជម្រះដី ទីទួលឲ្យរាបទៀបស្មើផ្ទៃ ស្រេចហើយនៃ ទើបសាងព្រះរាជមន្ទីរ ព្រមទៅដោយកំផែងដ៏វិចិត្រ ហាក់ដូចជាទេពនិម្មិត្រក៏ប្រហែលគ្នា តាំងនៅឆ្នេរទន្លេយមុនាខ្ពស់ត្រដឹមស្កឹមស្កៃ លេចកំពូលច្រូងច្រាងប្រាង្គលលៃគ្របទៅលើទន្លេ ជីកស្រះជីកគូនឹងបន្លាយជ្រលងអូរ សម្រាប់បង្ហូរទឹកចេញចូលតាមត្រូវការ ធ្វើទាំងឱទ្យានសួនផ្កា និងសួនច្បារផលាផលជុំវិញព្រះរាជមន្ទីរសុទ្ធសឹងតែព្រឹក្សាលតា ជាតិដ៏មានផ្លែផ្កា គួរជាទីទស្សនានៃអ្នកដែលបានទៅយល់ មានជ្រលងដងទឹកដ៏ថ្លា ហូរអំពីទន្លេយមុនាចូលទៅក្នុងឱទ្យាន ដក់ទៅក្នុងល្អាងដ៏មាននៅក្នុងសួនជាអន្លើ ៗ សម្រាប់ចិញ្ចឹមឈើព្រឹក្សាលតាជាតិឲ្យស្រស់ខ្ចីជានិច្ច មានហ្វូងរមាំងទ្រាយទន្សាយក្ដាន់ជាដើម ដើររកស៊ីស្មៅក្នុងត្រិណុទ្យានដ៏ខៀវខ្ចីវិស័យដូចជាព្រំដ៏ វិចិត្រ មានហ្វូងបក្សីនរជាតិ ហិចហើរឆ្វៀលឆ្វាត់ចាប់ព្រឹក្សា មយូរាដើរកែក្រាយក្បែរគុម្ពឈើ ខ្លះទំលើមែកឈើស្រសាស់ស្លាប ក្ងោកប៉ោលតោកនូវសេកចាប យាសយំកេបកាបតាមភាសា សកុណាឆ្លាស់ឆ្លើយរងំព្រៃ ត្រូវនឹងសម្លេងរៃយំងាំង ៗ ឮហើយភាន់ភាំងឈានឈប់ឈរស្ដាប់សព្វបក្សី ។ អាស្រ័យលោកសង្ខារតាក់តែងឡើង ដោយធម្មតាឯងខ្លះ អាស្រ័យវិទ្យារបស់បុគ្គលរចនាឡើងខ្លះ ឆោមលំអនៃធម្មជាតិទាំងឡាយនោះ ទើបប្រមូលមកមានព្រមនៅទីនោះ ជាទីសម្រាន្តរម្យរីករាយនៃអ្នកដ៏ជាម្ចាស់ លុះសាងស្រេចបាណ្ឌវក្សត្រិយ៍ក៏ស្ដេចឡើងគង់វាំងថ្មីតាមវិធីបុរាណ សម្មតនាមថា ឥន្ទ្របថ ព្រោះល្អប្រហែលរម្យស្ថានក្នុងត្រៃត្រឹង្សភពរបស់សម្ដេច អម្រិន្ទ្រាធិរាជ ។ គ្រានោះអ្នកនគរព្រមគ្នាអញ្ជើញយុធិស្ឋិរឡើងសោយរាជសម្បត្តិនា ក្រុងឥន្ទ្របថ ដោយម្លប់ពោធិសម្ភាររបស់ព្រះអង្គ ប្រទេសក៏ស្ដុកស្ដម្ភសម្បូណ៌ឡើងគ្រប់យ៉ាង ប្រជារាស្ត្រនៅជាសុខក្សេមក្សាន្តសព្វទិវារាត្រី ឥតមានភិតភ៏យដោយរឿងអ្វី ទ្រង់ផ្សាយព្រះរាជាបុភាពវាទចេញទៅបន្តិចម្ដង ៗ រឿយ ៗ ទៅ ទាល់តែឥន្ទ្របថរដ្ឋធំទូលាយជាងកំណត់ដើម មិនមែនតែមានដែនដីធំប៉ុណ្ណោះ នៅមានកម្លាំងរេហ៍ពលដ៏ក្លាហានជាអនេក ទ្រង់នៅអំណាចឥស្សរភាពក្នុងផ្លូវរដ្ឋប្រសាសនយ៉ាងស្រួច លុះព្រះយុធិស្ឋិរឃើញថា ការព្រះនគរបានចម្រើនធំទូលាយដល់ខ្នាតហើយការគ្រប់គ្រងក៏ ខ្ជាប់ខ្ជួនបរិបូណ៌គ្រប់យ៉ាងហើយ ទ្រង់នៅព្រះតេជានុភាព និងព្រះកិត្តិយសជាមហារាជា ទ្រង់ប្រាថ្នានិងធ្វើពិធីសូយយ័ជនកម៌ ការបូជាមហារាជ ដើម្បីប្រកាសឥស្សរភាពរបស់ទ្រង់ អ្នកជាមហារាជា ឲ្យប្រាកដទៅក្នុងពពួកក្សត្រីនោះដែរគ្រងនគរតូចតាចនៅជិតខាងរាជ រដ្ឋសីមា ទើបទ្រង់ប្រើអនុជាទាំង ៤ អង្គ ឲ្យយាត្រាទៅជាន់ដែនប្រទេសរាជជិតខាងអម្បាលនោះ ដើម្បីប្រកាសឥស្សរភាពជាក្សត្រិយ៍ធំលើនានាប្រទេសរាជ ពួកប្រទេសរាជដែលព្រមចុះចូល ក៏បានអញ្ជើញមកប្រជុំក្នុងពិធី សូយយ័ជនកម៌ ចំណែកឯប្រទេសដែលរឹងទទឹង ឬតស៊ូ ក៏ត្រូវប្រហារខ្ទេចទៅ ដែនដីក៏ត្រូវរឹបយកមករួមជាអាណាចក្រមហារាជាឥន្ទ្របថ ។ រាជសូយពិធីគ្រានេះ កើតផលសម្រេចយ៉ាងធំក្នុងផ្លូវរដ្ឋប្រសាសនោបាយ ធ្វើឲ្យព្រះ យុធិស្ឋិរ តាំងមាំនៅក្នុងរាជសម្បត្តិ បានផ្សាយរាជសម្បត្តិអាណាចក្រគ្របទៅលើសាមន្តរាជតូចធំទាំងឡាយ ជាបច្ច័យឲ្យព្រះអង្គមានមិត្រមេត្រី នឹងមហារាជាក្នុងប្រទេសឥណ្ឌាភាគលើជាច្រើនអង្គ ហើយជួយជ្ញជូនព្រះតេជានុភាព និងកិត្តិប្រវត្តិឲ្យខ្ចរខ្ចាយទួទៅក្នុងនានាប្រទេស ។ ស្រេចការពិធីនេះហើយមិនយូរប៉ុន្មាន ទុរយោជន៍ព្រមដោយរាជបរិពារ និងព្រះសសុនិ ជាបិតុលាធិរាជនៃគណៈក្សត្រិយ៍គោរព ស្ដេចទៅប្រពាតឯនគរឥន្ទ្របទ ដែលឧស្សាហ៍ស្ដេចទៅទាំងម៉្លេះ ដោយព្រះហឫទ័យពេញទៅដោយសេចក្ដីឬស្យា ជាងទៅសម្ដែងសេចក្ដីត្រេកអរក្នុងរឿងសាងរាជធានីថ្មី សារពើដែលទ្រង់បានឃើញ សារពើដែលទ្រង់បានស្ដាប់ សារពើដែលទ្រង់បានប្រារព្ធទៅដល់ សុទ្ធតែជាគ្រឿងរុញរុកឲ្យកើតសេចក្ដីឬស្យា និងអាឃាតឡើង នឹងមើលភូមិប្រទេសឥន្ទ្របទក៏ល្អឯកអស្ចារ្យ នឹងមើលទៅមុខមាត់ប្រជាជន ក៏រីករាយឆ្អែតឆ្អន់ទៅដោយសេចក្ដីសុខសម្រាន្ត ព្រះរាជាណាចក្ររុងរឿងសម្បូណ៌ព្រមពេញទៅដោយរបស់ដ៏មានតម្លៃ ជាទីគួរមើលគួរឃើញរបស់ដែលអស្ចារ្យបំផុតក៏គឺព្រះរាជវាំង ផុតវិស័យទុយោជន៍នឹងប្រទះឃើញក្នុងទីដទៃ ការដែលទៅក្រុងឥន្ទ្របទគ្រានេះ សង្កេតមើលអាកប្បកិរិយាក៏ដូចជាភ្ញៀវតាងប្រទេសទាំងពួង ដែលគេតែងទៅកាន់ប្រទេសនានាតាមសព្វមួយដង តែក្នុងហឫទ័យទុយោជន៍ ពេញទៅដោយសេចក្ដីក្ដៅក្រហាយដ៏លើសលន់ តែទៅដោយអំណាចដែលមកឃើញរបស់ចំឡែកអស្ចារ្យដូចនេះ ជាទីដឹកភ្នែកឲ្យមើលទាល់តែភ្លើន វេលាដែលទ្រង់យាងទតមហាស្ដាន ជួនកាលព្រះសិរទៅប៉ះនឹងជញ្ជាំង ដែលខាត់រលោងឡើងស្រមោលដូចជាកញ្ចក់ខ្ឌាំង ក្នុងកាលដែលទ្រង់ព្យាយាមនឹងយាងទៅត្រង់នោះ ដោយស្មានថាជាទីចន្លោះដល់ទៅ ១ កន្លែងទៀត ខណកាលទ្រង់យាងពីបន្ទប់ ១ ចូលទៅបន្ទប់ ១ ទៀត ទៅប្រទះកន្លែងបន្ទប់ទឹក ប្រប៉ា1 ដែលកំពុងខ្ពុលបញ្ចេញសុគន្ធសា ៗ មានអាការដូចជាគ្រាប់ភ្លៀងដ៏ល្អិត ធ្លាក់ចុះអំពីពិដានស្រោចទទឹកគ្រឿងទ្រង់ជោក ដល់ទៅមួយកន្លែងទៀតទ្រង់លាត់អង្ខើញព្រះភូសា ដោយសម្គាល់ថាជាល្អាងទឹក តែទឹកនោះជាផ្លូវដើរ ជារបស់វិការដោយថ្វីដៃជាងធ្វើបញ្ឆោតទុក ។ តែសេចក្ដីពិត មិនមែនជាពួកបាណ្ឌវក្សត្រិយ៍បំណងនឹងធ្វើលលេង ឬធ្វើដើម្បីឲ្យទ្រង់អាម៉ាស់មុខនោះទេ តែទុយោជន៍ឯងមានសន្ដានចិត្តជាបុគ្គលពាល ក៏ចេះតែចាំរើសយករឿងរញ៉ិករញុកបន្តិចបន្តួចនេះពូតឡើងជាដុំ ព្រោះប្រទះត្រង់រឿងដែលទ្រង់ល្ងើលកាលណា ពួកបាណ្ឌវក៏ទ្រង់សម្រួលកាលនោះ ដោយអត់មិនបានទ្រង់សម្រួលឃឹក ៗ តាមភេទជាញាតិស្និទ្ធិមិនមែនជាទ្រង់សម្រួលក្អាកក្អាយយ៉ាងកញ្ជះគេ នោះទេ ទុរយោជន៍នឹកអៀនខ្មាសក៏រករឿងចងអាឃាដទៅឯង ប្រញាប់ស្ដេចចេញមកពីទីក្រុងឥន្ទ្របទ លុះមកដល់ព្រះនគរ ក៏ទ្រង់លើកយករឿងដែលបរិវិតក្កនោះមកប្រារព្ធនឹងសកូនីជាបិតុលាថា ៖ ទ្រង់សកូនី ខ្ញុំឈឺចិត្តណាស់ ពួកបាណ្ឌវជាមនុស្សអាក្រក់សល់សែន បានត្រៀមការទុកធ្វើបាបខ្ញុំ ដោយឧបាយដ៏លែបខាយ មានទេវតាជាប្រធានព្រះតុល គំនិតរបស់គេគិតតែមើលងាយខ្ញុំប៉ុណ្ណោះ សេចក្ដីប្រមាទមើលងាយអស់នេះ ចត់ល្វីងជាងខ្លឹមឈើដែលល្វីងណាស់ទៅទៀត វាតាំងចិត្តមើលងាយប្រមាទគ្នាមែន ៗ ហេតុនោះពួកវាទើបដើរតាមខ្ញុំស្ររ ដូចជាឆ្កែតាមជើងដំរី ដើម្បីនឹងបានឃើញហេតុភេទដែលវាក្លែងធ្វើទតគឺវាចាំមើលតែខ្ញុំ ដែលភ្លាត់ដួលតិតដួលតូង អារឿងដួលវាក៏សំខាន់ណាស់ដែរ ដូចជាធ្លាក់អំពីទីខ្ពស់រលាត់ដៃជើងទៅអស់ក្រែល ព្រះរាជហឫទ័យព្រះជនកខ្ញុំសោតក៏ត្រជាក់ល្ហិម ដោយជរាភាពបៀតបៀន ឥឡូវនេះទ្រង់មិនអាចនឹងត្រិះរិះកែបញ្ហាដែលជំពាក់ទាក់ទិននឹង ជ្រៅសុខុមនេះបាន តែខនេះអស់យើងរាល់គ្នាដែលជាកូនប្រុសមានដៃមានជើងគ្រប់បរិបូណ៌ មិនត្រូវមើលបំណាំ ឬទ្រង់យល់ដូចម្ដេច ព្រះជនលោកជរាណាស់ហើយ ទ្រង់ចាំតែស្ដាប់ទីប្រឹក្សាយ៉ាងអព្យាក្រិត ទើបឯទីប្រឹក្សានោះសោតនិងទុកចិត្តវា ក៏ដូចជាទុកចិត្តអសិរពិស អាពួកចង្រៃវាលក់ម្ចាស់ឯងទ្រម វាទូលណែនាំឲ្យព្រះជនក បែងព្រះរាជអាណាចក្ររបស់ខ្ញុំឲ្យទៅពួកបាណ្ឌវពាក់កណ្ដាលដែលគេ មិនមានសិទ្ធិ ឬមុខក្រសួងនិងត្រូវបានសោះឡើយ ព្រះជនកលោកគំនិតស្រាលណាស់ បើប្រសិនជាត្រូវនិរទេសចេញអំពីព្រះរាជវាំងទៅម្ដង ប្រហែលជានឹងទ្រង់ជ្រាបព្រះអង្គថា ឱនេះទោសព្រោះចិញ្ចឹមអសិរពិសទុក ១ ក្រោលធំនោះឯង ខ្ញុំពោលមកទាំងនេះព្រោះជាការផ្ទុកផ្ទាល់ខ្លួន ព្រះបិតុលាក៏ឃើញនឹងព្រះនេត្រស្រាប់ហើយថា ពួកអធម៌សេនាបតីរបស់យើង បានកើបកោយព្រះរាជទ្រព្យអំពីព្រះឃ្លាំង ផ្ទុកផ្ទេរទៅឲ្យចាក់ទៅឲ្យពួកបាណ្ឌវប៉ុន្មាន ខ្ញុំមិនមែនជាកូនស្រី និងមកដេកយំហ៊ី ៗ តាមសភាពជាអ្នកចិត្តទន់នោះទេ ខ្ញុំចំជាកូនប្រុសខ្ញុំនឹងច្បាំងទាល់តែផុតដង្ហើមអស្សាសបស្សាស ជាទីបំផុត តែចង់ក្របែលអាពួកចង្រៃអប្បលក្សណ៍អស់នេះជាមុន ហើយនឹងងាប់ទៅក៏តាមការចុះ ខ្ញុំគ្នេរមើលឃើញថាកម្លាំងកងទ៍ពរបស់យើងក្នុងវេលានេះទន់ណាស់ មិនល្មមនឹងធ្វើការដណ្ដើមជ័យកណ្ដាលយុទ្ធភូមិជាមួយនឹងសឹក ព្រោះវាមានកម្លាំងរឹងរិទ្ធិ មានទាំងពួកសម្ពន្ធមិត្រជិតខាងជំនួយច្រើនផ្លូវ ឯសេចក្ដីលំអរុងរឿងក្នុងប្រទេសរបស់គេ ជាគ្រឿងធ្វើឲ្យរកាំក្នុងភ្នែកខ្ញុំណាស់ ស្មើដូចជាកន្ទុយថ្លែនដែលកើតក្នុងភ្នែក ខ្ញុំចង់តែស្លាប់ទៅជាជាងរស់នៅដោយសេចក្ដីអប្បយសដូចនេះ ខ្ញុំនឹងមានអាយុរស់នៅ សូម្បីដូចជីវិតក្អែកក៏តាមការចុះ ។ សកុនិ អង្គុយស្ដាប់រឿងផ្ដេសផ្ដាសនេះរឿយទៅ មិនមានឆ្លើយឆ្លងថាអ្វីដល់មួយម៉ាត់ ទាល់តែទុរយោជន៍ពោលចប់ចុះ គេជាខ្ញុំរាជការធ្លាប់តែប្រចិបប្រចែងម្ចាស់ ស្ទាត់ក្នុងការអង្គុយស្ដាប់ស្ងៀម ៗ នឹងស្ទាត់ក្នុងពិធីប្រតិបត្តិមិនឲ្យទាស់អធ្យាស្រ័យម្ចាស់ កាលឃើញទុរយោជន៍ខ្ញាល់នឹងពួកព្រះញាតិណាស់ណា ជាឱកាសនឹងបំពេញឡើងឲ្យដល់ការគេក៏ក្អែរពិសដាក់បន្ថែមឡើងឲ្យ ម្ចាស់រឹតតែក្ដៅក្រហាយឡើងជាងមុន ។ ទ្រង់មានបន្ទូលនេះគាប់ហើយ មើលទៅកម្រនឹងកាច់កម្លាំងពួកបាណ្ឌវបាន ព្រោះប្រទេសតូចធំរាប់អានគេ តែត្រង់ដែលទ្រង់ត្រាស់ថា ស្លាប់ទៅជាជាងរស់នៅដោយសេចក្ដីអប្បយស នោះជាព្រះតម្រិះដ៏ខុសសោះ សេចក្ដីអប្បយសប្រៀបដូចអាកាសធាតុក៏ថាបាន មិនដូចនោះទេ ក៏ដូចជាមុខដំបៅអាចនឹងរក្សាឲ្យសះជាទៅបានក្នុងមិនយូរ សេចក្ដីគិតមួយយ៉ាងបានមកដុះឡើងក្នុងចិត្តខ្ញុំ នឹងទូលឲ្យទ្រង់ជ្រាបដោយឧបាយមួយយ៉ាងឃើញបានការជាប្រាកដ គឺ យុធិស្ឋិរ ចូលចិត្តលេងស្ការមែងដឹងឮរាល់គ្នាហើយ ចំណែកឯខ្ញុំទ្រង់ក៏ទ្រង់ជ្រាបហើយ ដែលថាស្ទាត់ក្នុងការល្បែងស្កាយ៉ាងម្ដេច យុធិស្ឋិរ នៅទន់ហត្ថណាស់ ខ្ញុំអាចនឹងលេងយកជ័យជម្នះបានដោយឧបាយទាំងពាន់ផ្លូវ គឺខ្ញុំនឹងលេងដោយកូនស្កាបង្កប់សំណរជន្លរឲ្យបានចិត្តខ្លាំងឡើង ៗ ប្រមាណតែត្រឹមពាក់កណ្ដាលឡូ ខ្ញុំនឹងធ្វើឲ្យគេហោចទៅតែម្ដង នឹងលេងឲ្យអស់សាច់ឈាមទៅតែម្ដង នឹងរឹបយកទាល់តែកាន់អម្បែងដើរសុំទាន ឬ នឹងរឹតគាត់ឲ្យតឹងជាងនេះទៅទៀតក៏បាន ដោយសន្យាថា អ្នកចេញត្រូវចេញចាកព្រះនគរទៅនៅព្រៃកំសត់អស់វេលា ១២ ឆ្នាំ យើងអាចនឹងលាងសឹកសត្រូវរបស់យើងឲ្យអបជ័យរលីងទៅ ដោយគំនិតលែបខាយឧបាយកលខាងក្នុងដូចនេះ មិនមែនចេញមុខច្បាំងគ្នាក្ឌុងក្ឌាំងបំផ្លាញគ្រឿងយុទ្ធភណ្ឌទៅទទេ ៗ នោះទេ ។រឿងមហាភារតយុទ្ធ
ឥឡូវនេះទុរយោជន៍នឹងសកុនី បានរួមគំនិតគិតការត្រៀមទុកព្រមស្រេចហើយ លំដាប់នោះ ទុរយោជន៍ ក៏ចូលទៅគាល់ព្រះរាជបិតា ក្រាបចុះយុគលបាទ ទ្រង់ព្រះកន្សែងអាក់អួលទឹកព្រះនេត្រស្រក់ស្រស្រាក់ស្រោចភក្ត្រា ព្រះរាជបិតាឃើញអាការកូនសម្លាញ់ដូចនោះ ក៏ត្រាស់សួរដល់ហេតុផល ។ ព្រះជាម្ចាស់លើត្បូងចូលទ្រង់ជ្រាប សេចក្ដីល្អនៃក្រុងឥន្ទ្របទរបស់យុធិស្ឋិរ ជាជាងហស្ដិនបូររបស់យើង ដែលល្បីល្បាញពីណាមកហើយ ជាច្រើនភាគ ទីព្រះឃ្លាំងរបស់គេពេញទៅដោយមាស ប្រាក់ កែវកង ពេជ្រ និលចិន្ដាដ៏មានតម្លៃ រដ្ឋសីមារបស់គេសុទ្ធសឹងតែប្រាសាទច្រូងច្រាងច្រាលរន្ទាល ហាក់បីដូចជាយោងយឺតយកអំពីស្ថានសួគ៌ មកប្រតិស្ថានទុកនៅទីនោះសម្បត្តិទាំងនេះ ដើមឡើយយើងជាអ្នកអបលោកឲ្យគេ ឥឡូវនេះគេរុងរឿងហួសមុខមាត់យើងទៅហើយ គេធ្វើរឹកក្រអឺតក្រទមមើលងាយយើងយ៉ាងអ្នកព្រៃ ព្រះករុណា ទូលព្រះបង្គំខ្ញុំចាំចង់តែស្លាប់បង់ ជាសេចក្ដីពិតតាមប្រមាណមើល ទូលព្រះបង្គំជាខ្ញុំតាមដែលទទួលសេចក្ដីទោមនស្សទាំងនេះ គង់ជាមិនមានជីវិតរស់នៅរហូតមកបានក្រាបទូលរឿងនេះឲ្យទ្រង់ ជ្រាបទេ តែគ្រោះជាទ្រង់ សកុនិ បានជួយបន្ទោរទុកអម្បាលនេះចេញទៅបានខ្លះ រាប់ថាជាព្រះគុណយ៉ាងខ្ពស់ទ្រង់សម្ដែងបំភ្លឺឧបាយកលយ៉ាងឯក សម្រាប់នឹងកាច់កិនគូបរប័ក្សក្រគួតនឹងយើងឲ្យរលើងក្ឌូងទៅ លេសខនោះ ទ្រង់ សកុនិ ឲ្យប្រតិបត្តិដូចនេះ អញ្ជើញយុធិស្ឋិរមកលេងស្កាភ្នាល់គ្នា ពួកយើងត្រៀមការស្រេចហើយ ដែលនឹងធ្វើឲ្យគេអមរាជ័យរាល់ក្ដារទៅ ត្រាតែទូលព្រះបង្គំជាខ្ញុំបានរបស់ដែលខូចទៅត្រឡប់មកវិញ គឺថានឹងយករាជអាណាចក្រពាក់កណ្ដាល ដែលចែកទៅឲ្យគេមកវិញ បើគ្រោះអាក្រក់ទូលព្រះបង្គំជាខ្ញុំចាញ់គេក៏តាមយថាកម្ម ទូលព្រះបង្គំជាខ្ញុំសុខចិត្តទទួលបាបគ្រោះកម្មនោះដោយតុណ្ណីភាព ឲ្យគេជាព្រះរាជាតែមួយអង្គ ជំនួសទូលព្រះបង្គំជាខ្ញុំទាំងអស់ទៅចុះ ថាបើមិនដូចនោះទេ ត្រូវឲ្យទូលព្រះបង្គំជាខ្ញុំបានគ្រងអាណាចក្រទាំងមូល ដោយមិនចាំបាច់បែងប៉ាន់ឲ្យអ្នកឯណានីមួយតែដែលឲ្យធ្វើធំទាំង ពីរ ផ្កាយពីរដួងនឹងចរទៅក្នុងរាសីតែមួយជាមួយគ្នាមិនបានព្រះករុណា ។ ធ្ឫតរាស្ត្រត្រាស់តប កូនសម្លាញ់ឪពុក លោភកើតឡើងព្រោះទោស ទើបឯទោសនោះសោត បាននឹងសេចក្ដីវក់មួយរំពេច ៗ ប៉ុណ្ណោះ ម្ដេចបាបណ្ដាលឲ្យភ្លើងពិរោធចូលមកដុតរោលហឫទ័យរបស់បាឲ្យក្រៀម ក្រំទៅថ្វី ម្ដេចបានទើបមកគិតយាយីបងប្អូនឯងទៀត គេបានលំបាកតោកយ៉ាកមកក៏ល្មមហើយ ឲ្យគេនៅជាសុខផងចុះកូន ការស្វែងរករឿងទៅលើអ្នកមានអំណាចនជស័ក្ដិ ក៏ស្មើដូចជាដាស់រាជសីហ៍ដែលដេកលក់ឲ្យភ្ញាក់ អារឿងភ្នាល់បាកុំនាំមកនិយាយឲ្យបិតាឮ បិតាស្អប់ឈ្មោះបោះសម្លេងវាណាស់ វាប្រាប់ហេតុសេចក្ដីវិនាសនឹងគ្រោះថ្នាក់ប៉ុណ្ណោះ បិតាព្រឺក្បាលកាលមកគិតនឹងអនុញ្ញាតឲ្យបាលេងស្កាភ្នាល់គ្នានេះ តែចូលសួរវិទូរមើល គេនឹងមានសេចក្ដីដូចម្ដេចក្នុងរឿងនេះ ។ វិទូរ មិនបង្អង់ឲ្យសួរទាន់ ក្រោកឡើងឈរសុំរាជវរោកាសហើយសម្ដែងសេចក្ដីឃើញរបស់គេថាទេវ ព្រះអង្គរមែងទ្រង់ជ្រាបថា ទូលព្រះបង្គំជាខ្ញុំមិនធ្លាប់ជាអ្នកប្រចុបប្រចែងអ្នកណា សម្ដីទូលព្រះបង្គំជាខ្ញុំ ច្រើនតែឲ្យទោសដល់ទូលព្រះបង្គំវិញជាញយ ៗ គ្រានេះក៏ទៀត ព្រោះលោកថាពាក្យពិតរែងស្លែង ទូលព្រះបង្គំតោងសូមពោលតាមមតិរបស់ខ្លួន លោភចិត្តរបស់ម្ចាស់យើង ដែលទៅដណ្ដើមទ្រព្យសម្បត្តិរបស់បងប្អូនមកជារបស់ព្រះអង្គនោះ នឹងនាំឲ្យវិនាសទៅឯង លេសដែលទ្រង់គិតបំណងនឹងធ្វើទៅនោះ សុទ្ធតែហាយនកម្ម និងអំណោយផលអាក្រក់គួរខ្លាចណាស់ណា ទូលព្រះបង្គំជាខ្ញុំយល់ឃើញថាជាមុខក្រសួងរបស់ទូលបង្គំជាខ្ញុំ ត្រូវតែក្រាបទូលដាស់តឿនព្រះសតិទ្រង់ព្រះករុណា ។ សេចក្ដីមិនពេញព្រះហឫទ័យឲ្យលេងស្កាភ្នាល់ របស់ព្រះរាជានឹងពាក្យយល់ទាល់របស់វិទូរនេះ មិនធ្វើឲ្យទុរយោជន៍រសាយមនោមានទៅបាន ត្រឡប់ជាទ្វេរសេចក្ដីឬស្យាឲ្យចាស់ក្លាឡើង ចំណែកឯយុធិស្ឋិរជាអ្នកប្រកបដោយគុណសម្បត្តិផ្សេង ៗ ក៏មែនតែនៅទន់ ១ យ៉ាងគឺត្រង់សព្វព្រះហឫទ័យលេងស្កា ខនេះជាមារដ៏សំខាន់ ដែលព្រះអង្គមិនអាចនឹងតស៊ូវាបាន ។ កាលទ្រង់ជ្រាបថា មានល្បែងភ្នាល់ស្កានៅទីណា ក៏តោងស្ដេចទៅទត ឬទៅលេងជាមួយនឹងគេនៅទីនោះជាដរាប ព្រោះហេតុនោះ ការទុរយោជន៍អញ្ជើញទៅក្រសាលការភ្នាល់ ទ្រង់ឃើញជាកិត្តិយសមួយយ៉ាង គួរនឹងទទួលអញ្ជើញទៅភ្នាល់នឹងគេ ទើបស្ដេចចេញចាកឥន្ទ្របទបូរី នាំយកទាំងព្រះអនុជទាំង ៤ នឹងព្រះជននិជរានឹងទ្រៅបទី ទៅផង ។ ចាប់លេងភ្នាល់ស្កា ក្ដារដំបូង យុធិស្ឋិរ ចាញ់មួយពាន់ ក្នុងក្ដារត ៗ ទៅក៏ទន់ជាងគេជាដរាបក្នុងថ្ងៃគ្រោះមិនល្អនោះ ថ្ងៃព្រឹកឡើងទ្រង់ក្រសាលទៀត ក៏ចាញ់គេទៀត កាលចាញ់ណាស់ទៅ ក៏កើតក្ដៅក្រហាយខ្លាំងឡើង ៗ មាស ពេជ្រ សេះ ដំរី រថ ទ្រង់យកមកដាក់ភ្នាល់នឹងគេទៀត លំដាប់នោះទ្រង់យកព្រះរាជទ្រព្យក្នុងព្រះឃ្លាំងមកតាំងភ្នាល់ រួចអំពីនោះទ្រង់យករាជអាណាចក្រ របស់ទាំងពីរមុខនេះក៏រលាយទៅតាមគ្នាដូចមុន ទោះម្ល៉ឹងហើយ សេចក្ដីក្រហល់ក្រហាយក្នុងការល្បែងក៏មិនមានស្រាក ទ្រង់លើកយកព្រះអនុជទាំង ៤ តាំងភ្នាល់ អស់ព្រះអនុជទាំង ៤ ដាក់ព្រះអង្គឯងទៀត ក្នុងទីបំផុតដាក់នាង ទ្រៅបទី ក៏របូតបាត់ស្រមោលទៅទៀត ជាទីអប្បយសអាម៉ាស់មុខជាបំផុត ភីស្ម ទោណ និង វិទូរ មើលតែក្នុងចិត្តសែនស្លុតសែនសង្វេគវេទនា ចំណែកឯ កណ៌ ទុហសាសន និងពួកអ្នកគិតកោងអប្បល័ក្ខណ៍ទាំងប៉ុន្មាន អង្គុយលេង ទឹកមុខញញឹម ដោយឃើញផ្លូវបានប្រៀបយ៉ាងធំ ដូចមនោរថហើយ ។ ទីបំផុតដែលថារាប់ឈ្នះចាញ់គ្នា ក៏គឺត្រឹម ទ្រៅបទី ទុរយោជន៍ ត្រាស់ឲ្យ វិទូរ ទៅយកខ្លួននាងមកក្នុងបន្ទប់ទីប្រជុំរដ្ឋមន្ត្រី ដោយទ្រង់យល់ឃើញថា វេលានេះនាងមិនមែនជារាជិនី នាងធ្លាក់ទៅជាទាសីហើយ វិទូរ ក្រាបទូលអង្វរថា សុំព្រះហឫទ័យកុំទ្រង់ធ្វើដល់ម៉្លោះដែលនឹងនាំ ទ្រៅបទី មកកាន់ទីនេះ ជាការប្រមាទមើលងាយនាងហួសសមគួរ ជាហេតុឲ្យពួកបាណ្ឌវបណ្ដាលទោសខ្មួលខ្មាញ់ឡើងនឹងកើតហេតុធំ រឿងនេះតែខំធ្វើរំលោភទៅ សូម្បីតែទារកក្នុងប្រទេសឥន្ទ្របទក៏អត់មិនបាន ។ ទុរយោជន៍ពោលពាក្យទ្រគោះឲ្យ វិទូរ ជាច្រើន ត្រាស់ឲ្យរាជបុរសទៅកោះយកខ្លួននាង ទ្រៅបទី មក វិទូរ ជាអ្នកស្លូតសុចរិតដកតែដង្ហើមធំនឹងគិតតែក្នុងចិត្តថា ទុរយោជន៍បោះបង់ធម្មចរិយាហើយ សេចក្ដីទុច្ចរិតជាផ្លូវត្រង់ទៅអបាយ ឥឡូវទុយោជន៍ ក៏កិលនឹងចុះទៅកាន់ផ្លូវនោះហើយ ។ គ្រានោះទ្រៅបទីទេវី កំពុងប្រថាប់នៅក្នុងបន្ទប់ បន្តិចរាជបុរសទៅដល់ បើកទ្វារក្រាកចូលទៅ ទូលប្រវត្តិហេតុដល់នាងតាមព្រះរាជតម្រាស់ ទ្រៅបទី ធ្លាក់ព្រះហឫទ័យក្តុក តែដំកល់សតិសម្បជញ្ញៈទាន់ មានបន្ទូលនឹងសារ័ណទូត អ្នកមកកោះខ្លួន ថាម្នាលនាយ ត្រៀចយើងបានស្ដាប់សំដីអ្នកឯងនិយាយដូចនេះមែនឬ ព្រះរាជស្វាមីត្រាស់នឹងអ្នកដូចនេះឬ1 ទ្រង់អស់ព្រះរាជទ្រព្យហើយឬ ទើបយកព្រះរាជិនីទៅដាក់ភ្នាល់នឹងគេ ទ្រង់វិកលព្រះសតិទៅហើយឬ ។ ព្រះរាជទ្រព្យអស់ហើយក្រាបទូល ព្រះចៅ យុធិស្ឋិរ បង់ខាតសព្វសារពើដែលនៅក្នុងសេចក្ដីគ្រប់គ្រងរបស់ខ្លួន រហូតដល់មកុដ ព្រះអនុជ ព្រះរាជិនី ។ល។ ទាំងអស់ហើយ ។ ទ្រៅបទី ក្រោកឈរមានសវនិយដោយទោស, ថា ។ បើព្រះរាជារបស់យើងដាក់ព្រះអង្គជារបស់សម្រាប់ភ្នាល់នឹងគេ អំពីដើមទីទៅហើយសោត ព្រះអង្គក៏ក្លាយទៅជាទាសៈគេមួយរំពេចទៅហើយ ពីត្រឹមនោះមកព្រះអង្គមិនមានអំណាចនឹងមកយកខ្លួនយើងទៅ ដាក់ភ្នាល់ទៀតឡើយ ព្រោះហេតុថាធម្មតាជាតិជាខ្ញុំគេរមែងគ្មានទ្រព្យសម្បត្តិ នឹងមិនមានអំណាចនឹងលក់ដូររបស់អ្វីបាន ព្រោះហេតុនោះ គាត់ចូលនាំពាក្យនេះទៅក្រាបទូលព្រះភស្ដារបស់យើងថា គ្មានអ្នកណាមានអំណាចត្រូវបានទ្រៅបទី ។ រាជទូតត្រឡប់ទៅដល់ទីប្រជុំរបស់រដ្ឋមន្ត្រី ក៏នាំសម្ដីប្រជួសប្រសោករបស់នាងក្រាបទូលទុរយោជន៍ ទុរយោជន៍ក៏ខ្ញាល់ណើងដូចភ្លើងអគ្គិសនី ត្រាស់ប្រើទុហសាសនជាអនុជ ឲ្យទៅអូសយកនាងមាត់រឹងមកគាល់ជាឆាប់ ។ ទុហសាសនទៅដល់ដំណាក់ ចូលទៅក្នុងបន្ទប់ទ្រៅបទី ថ្លែងព្រះរាជឱង្ការថា ឱក្សត្របញ្ចាលព្រះនាងត្រូវគេយកទៅដាក់ភ្នាល់ ឥឡូវនេះព្រះនាងធ្លាក់ទៅជារបស់នៃអ្នកឈ្នះហើយ សម្ដេចព្រះជេដ្ឋាទុរយោជន៍ មានព្រះបន្ទូលឲ្យទៅគាល់ព្រះអង្គ ដែលជាម្ចាស់ម្នាយរបស់នាង អំពីនេះជាដើមទៅនាងធ្លាក់ទៅជាបាទបរិចារិការរបស់ព្រះអង្គហើយ ។ ទ្រៅបទីទេវី បានស្ដាប់ពាក្យប្រមាថមើលងាយនេះ ព្រះកាយញ័រចំប្រប់ ដោយសេចក្ដីខ្លាច និងក្រោធក្រៃពេក នាងយកព្រះហស្ថបាំងព្រះភ័ក្ដ្រមិនឲ្យទុហសាសនឃើញអាការដែលវិការ ទៅ ព្រះហឫទ័យញ័រតឺក ៗ រញ្ជួយទាំងសកលកាយ ខណៈនោះ នាងស្ទុះចេញអំពីកន្លែង ព្យាយាមនឹងរត់ចេញទៅខាងក្រៅ តែទុហសាសនកំណាចអប្រិយ៍ក៏ចាប់កន្ត្រាក់កេសារបស់នាងអ្នករន្ធត់អស់ អង្គ ហាក់បីដូចជាស្លឹកព្រឹក្សាខ្ចីត្រូវព្រះពាយបក់បោកមក អូសយកទៅ បីដូចជាយមបាលអូសសត្វនរក នាងលុតជង្គង់អង្វរទុហសាសនថា អើអ្នក អ្នកកុំមកប៉ះពាល់កាយខ្ញុំដោយដៃរបស់អ្នក ដែលមានបន្ទឹលជាប់ អ្នកក៏រមែងជ្រាបហើយថា សក់របស់ស្ត្រីស័ក្ដិសិទ្ធិ សុភាពស្ត្រីកាលមានគ្រឿងតែងកាយរយីករយាកដូចនេះ នឹងទៅរកអ្នកធំម្ដេចបាន តែទុហសាសនជាមនុស្សប្រកបដោយនិស្ស័យរបឹងរឹងរុស មិនព្រមស្ដាប់ពាក្យនាងអង្វរ គេតបនាងថា នាងមានគ្រឿងបិទបាំងកាយក្ដី អាក្រាតកាយក្ដី យើងមិនទទួលដឹង នាងត្រូវតែដើរតាមយើងជាឆាប់បង្អង់យឺតយូរមិនបាន ។ គ្រានោះទ្រៅបទីទោះបីមិនស្ម័គ្រនឹងទៅ ក៏តោងទៅទាំងរយីករយាក សក់របូតរលូតក្រញ៉ាញ់ក្រញ៉ាស់ ព្រោះត្រូវចាប់អូសដោយកំហល់កំហែង ព្រះនេត្រពេញទៅដោយអស្សុជលស្រក់សស្រាកស្រោចភ័ក្ដ្រាសុតាស្ត្រី ទ្រៅបទីទៅដល់ទីចំពោះព្រះភ័ក្ដ្រអ្នកធំទាំងឡាយ នាងក៏អភិប្រាយសុំទោសអ្នកធំជាមុនថា បពិត្រលោកទាំងឡាយដ៏ចម្រើន សូមលោកឲ្យអភ័យដល់ខ្ញុំដែលបានឈានចូលមកក្នុងទីប្រជុំនេះ ទាំងគ្រឿងស្លៀកពាក់ដ៏មិនគប្បី ។ ភីស្ម ទោណ និងអ្នកធំឯទៀតជាច្រើន កាលក្រឡេកទៅឃើញទ្រៅបទី ក៏ដាក់ភ័ក្ដ្រជ្រប់ដោយសេចក្ដីអៀនខ្មាសជួសនាង និងអាសូរដល់នាងជាពន្លឹក តែ ទុរយោជន៍ អ្នកមាននិស្ស័យរបឹង ឥតអាសូរដ៏តិចសោះ ស្រែកបង្គាប់ដោយសេចក្ដីវក់ថា ទុហសាសន ចូលសម្រាតសំពត់នាងចេញឲ្យដល់ស្បែក សម្រាតឲ្យរលីងទាំងខ្លួន ឲ្យបងសម្លឹងមើលឆោមឆវីរបស់ក្នុងយាមអាក្រាតកាយរនលនេះម្ដង ។ ការលាមកឥតខ្មាសដូចនេះ ធ្វើឲ្យអ្នកអង្គុយក្នុងទីប្រជុំនោះ បណ្ដាលឆុលឆួលទោសឡើងតែរាល់ ៗ គ្នា ទាល់តែម្នាក់ ឬពីរនាក់ក្នុងពួកនោះ យកដៃទៅចាប់ក្ដាប់ដងក្រប៊ី ក៏កិរិយាដែលគេយកដៃទៅចាប់ដងគ្រប៊ី មើលទៅហាក់ដូចជាធ្វើទោសចិត្តរបស់គេ ឲ្យធូរសាយទៅបាន ខ្លះបាត់ណែនក្នុងដើមទ្រូងគ្រាន់បើ ។ ដោយសន្ដានចិត្តជាបុគ្គលពោលជ្រោកជ្រាក ប្រាសចាកមេត្តា ទុហសាសន បានចូលទៅបោចរោចសម្រាតសំពត់អាវទ្រៅបទី តាមបង្គាប់ព្រះជេដ្ឋា ទ្រៅបទីស្រែកថា ចូរស្ដាប់ខ្ញុំម្ចាស់ផង លោកអ្នកធំទាំងឡាយ លោកក៏មានភរិយា និងបុត្រីដូចគ្នា លោកនឹងបណ្ដោយឲ្យស្រីអ្នកមានព្រហ្មចរិយ ត្រូវគេកំហែងលេងនៅមុខអស់លោកដូចនេះឬ ចូលជួយខ្ញុំម្ចាស់ផងព្រះអង្គ ចូលជួយឲ្យរួចពីសេចក្ដីអាសអាភាសអស់នេះផងព្រះគុណ ស្ងាត់ទៅមួយស្របក់ ទ្រៅបទីស្រែកម្ដងទៀតថា ម្ដេចស្ងៀមស្ងាត់រាល់គ្នាដូចនេះ គ្មាននរណានិមួយក្នុងពួកលោកលើកអង្គុលីឡើងការពារសមានស័ក្ដិនៃ ស្ត្រីដ៏រកមន្ទិលគ្មាននេះហើយឬ សេចក្ដីល្បីខ្ចរខ្ចាយជាតិរបស់គុរុ កិត្តិគុណចាស់របស់ភាតរវង្សសាបសូន្យអស់ទៅហើយឬ ក្សត្រិយ៍ទាំងឡាយលើកលែងជាអ្នកចម្បាំងហើយឬ ស៊ូនាំគ្នាអង្គុយមើលការលាមកដូចនេះបានឬហ្ន៎ ។ ភីស្ម ក្រោធមុខឡើងក្រហម ទោណ ខាំមាត់ ក្ដាប់ដៃប្រុងនឹងដាល់ វិទូរ ថ្ងូហឺ ៗ យកចិត្តជួយ ចំណែកឯ ភីម ជាអនុជយុធិស្ឋិរគ្រវីដំបងស្រែកប្រកាសជាពាក្យស្បថថា នឹងហុតឈាម ទូហសាសន ហើយនឹងយកជីវិត ទុរយោជន៍ ឲ្យបាន ដោយដំបងនេះមុនថ្ងៃដែលខ្លួនគេស្លាប់ ។ ទុរយោជន៍ធ្វើឫក្សសម្ដែងអំណាចយ៉ាងសម្បើមដោយមានជ័យជំនះ បែរមកត្រាស់នឹងយុធិស្ឋិរថា ទ្រង់ចូលពោលដោយពិតមកមើល ព្រោះទ្រង់តែងតែពោលពាក្យពិតរាល់វេលា ទ្រង់បង់រាជអាណាចក្រ បង់អនុភាតា បង់ខ្លួនរបស់ទ្រង់ មិនបង់តែប៉ុណ្ណោះបង់ទាំងមហេសីមកខ្ញុំមែនឬមិនមែន យុធិស្ឋិរមិនហើបមាត់ ចំណែកឯកណ៌ នឹកអស់សំណើចក៏សើចកាក តែ ភីស្ម អង្គុយសម្រក់ទឹកភ្នែកព្រិច ៗ មិនមានពោលថាម្ដេចសោះ ។ វេលានោះ ព្រះចៅធ្ឫតរាស្ត្រ កំពុងប្រថាប់នៅក្នុងព្រះរាជវាំងមិនបានទ្រង់ជ្រាបហេតុទេ ដែលកើតឡើងក្នុងទីប្រជុំរដ្ឋមន្ត្រីនោះឡើយ ព្រាហ្មណាចារ្យទាំងឡាយកំពុងស្វធ្យាយវទធម៌វត្តល្ងាច ខណៈនោះទ្រង់ឮសម្លេងសិង្គាល (ឆ្កែចចក) លូក្នុងព្រៃប្រាប់ហេតុអាក្រក់ដែលកើតឡើងក្នុងថ្ងៃនោះ ទ្រង់ក៏ធ្លាក់ព្រះហឫទ័យក្ដុក ព្រះកាយញ័រទ្រិច ៗ មួយស្របក់វិទូរទៅដល់ក្រាបទូលប្រវត្តិហេតុតាមដែល ទុរយោជន៍ ក៏ឡើង កាលទ្រង់ជ្រាបហេតុអប្បមង្គលដូចនោះ ហើយក៏ទ្រង់ព្រះកន្សែងត្រាស់ព្រះសូរសៀងញ័ររន្ធត់ថា អាកូនកម៌ វាធ្វើឲ្យព្រះរាជា ទ្រុបទ បាននូវសេចក្ដីអាសអាភាសហើយ ដោយប្រមាទមើលងាយធីតារបស់គេដ៏ជាវិសុទ្ធិកន្យា សុំពាក្យភាវនារបស់បិតាអ្នកកំពុងតែព្រួយសោកទុក្ខនៅវេលានេះ ចូលអភិបាលការពារភយន្តរាយនៃព្រះជាម្ចាស់ដ៏ជាធំក្នុងស្ថានសួគ៌ តាមដែលបានឮក្នុងហេតុភេទអាក្រក់នោះចុះ ។ គ្រានោះមានអ្នកនាំស្ដេចទៅរកនាងទ្រៅបទី ទ្រង់ត្រាស់នឹងនាងថា ម្នាលបុត្រីវិសុទ្ធិរាជា នាងជាទីសម្លាញ់ដួចដួងហឫទ័យរបស់បិតុល អនិច្ចាបុត្ររបស់ធំបានធ្វើសេចក្ដីកំហឹងដល់នាងជាទម្ងន់ នាងចូរឲ្យអភ័យដល់វាផងចុះ នឹងសុំទោសព្រះជាម្ចាស់លើស្ថានសួគ៌កុំឲ្យធ្លាក់លើត្បូងរបស់វា ក្មួយសម្លាញ់របស់ធំ នាងនឹងប្រាថ្នាអ្វីធំនឹងប្រទានឲ្យនាងគ្រប់យ៉ាង ។ ទ្រៅបទីពោលពាក្យថ្វាយជ័យដល់ព្រះរាជា អ្នកទ្រង់នូវមេត្តាគុណនឹងទូលសុំសេចក្ដីមេត្តាប្រោសជួយឲ្យ យិធិស្ឋិរ រាជស្វាមីរូចចាកភាវៈជាទាសៈ ទ្រង់ក៏ប្រទានឲ្យរួចមួយរំពេចព្រះចៅធ្ឫតរាស្ត្រ សុំឲ្យទេវីសម្ដែងសេចក្ដីប្រាថ្នាយ៉ាងដទៃតទៅទៀត នាងក្រាបទូលសុំឲ្យបាន សេះ រថ អាវុធ របស់គេមកវិញ សេចក្ដីប្រាថ្នាគ្រាទីពីរនេះព្រះចៅធ្ឫតរាស្ត្រក៏ទ្រង់ប្រទានឲ្យ ជាយ៉ាងឆាប់ ហើយសុំឲ្យនាងសម្ដែងសេចក្ដីប្រាថ្នា គ្រាទីបីតទៅ ទ្រៅបទីក្រាបទូលថា ខ្ញុំម្ចាស់ជាធីតាក្សត្រិយ៍ ខ្ញុំម្ចាស់អស់ប្រាថ្នារបស់ដទៃទៀតហើយ ប្រាថ្នាតែពីរដងប៉ុណ្ណេះក៏ល្មមហើយ នឹងប្រាថ្នាសព្វសារពើមិនគួរព្រះករុណា ។ បាណ្ឌវក្សត្រិយ៍ បានអនុញ្ញាតឲ្យត្រឡប់ទៅក្រុងឥន្ទ្របទវិញ វេលាចេញទៅអំពីក្រុងហស្ដិនបូរ ទុរយោជន៍ ក៏ចូលទៅគាល់ព្រះរាជបិតា ទូលបន្ទោសព្រះរាជបិតា ដោយសេចក្ដីពិរោធថា ល្អងធុលីព្រះបាទ អនុញ្ញាតឲ្យពួកបាណ្ឌវទាំង ៥ រួចទៅជាសុខ គេគិតតែនឹងធ្វើសង្គ្រាមសងសឹកយើង ព្រោះហេតុនោះសុំឲ្យទូលព្រះបង្គំជាខ្ញុំភ្នាល់ស្កានឹងគេមួយ ក្ដារទៀត ហើយកំរិតដែលនឹងភ្នាល់ម្ដងនេះដូចនេះ អ្នកចាញ់តោងត្រូវនិរទេសទៅនៅព្រៃកំណប់ ១២ ឆ្នាំ រួចអំពីនោះត្រូវពួនមុខនៅក្នុងទីសន្ដោស ១ ឆ្នាំទៀត យើងអាចនឹងចៀសវាងសឹកសង្គ្រាមបាន ដោយឧបាយយ៉ាងនេះប៉ុណ្ណោះ ។ ព្រះរាជាជាអ្នកមានសន្ដានចិត្តទន់ ក៏បណ្ដោយតាមរាជឱរសត្រាស់ បង្គាប់ឲ្យរាជឱរសទៅតាមបាណ្ឌវក្សត្រិយ៍អម្បាលនោះ ត្រឡប់មក ចាប់ផ្ដើមលេងស្កាភ្នាល់ម្ដងទៀត យុធិស្ឋិរ និង សកុនិ អង្គុយទល់មុខគ្នា ចាប់លេងទៅតាមតម្រិះ ហើយនឹងប្រុងជើងនឹងយកប្រៀបដោយសព្វខ្លួន សកុនិយកកូនស្កាបង្កប់សំណរមកលេងទៀត យុធិស្ឋិរក៏ចាញ់ទៅទៀតដូចដែល ក្នុងទីបំផុតព្រះអង្គនឹងអនុភាតាព្រមដោយទ្រៅបទី ក៏ត្រូវទទួលសេចក្ដីអបរាជ័យដ៏ជាផលនៃល្បែងស្កា គេនិរទេសចេញចាកនិវេសន៍មហាស្ថាន ។
បាណ្ឌវក្សត្រិយ៍ បងប្អូនទាំងប្រាំអង្គ ព្រមដោយទ្រៅបទីទេវី ត្រូវគេនិរទេសចាកភារា ក៏ស្ដេចនាំគ្នាលីលាចាកក្រុងសន្សឹម ៗ ទៅបែរព្រះភក្ដ្រឆ្ពោះសំដៅអារញ្ញប្រទេសដែនព្រៃ ព្រះភក្ដ្រស្លក់ស្លាំង ព្រះឱសស្ងួតក្រៀម ព្រះនេត្រអាប់ឥតរស្មី អ្នកដែលប្រទះឃើញស្ដេចតាមផ្លូវ តាមព្រៃ ក៏ដកដង្ហើមធំរាល់ ៗ គ្នា ស្ដេចនាំគ្នាយាត្រាតត្រុកទៅមិនមានចរចា ហាក់ដូចជាថា បើព្រះឱស្ឋចេញទៅសោត ក្រែងហួសកម្លាំង ហឫទ័យនឹងទទួលទ្រាំទ្របាន នៅវេលាមួយនោះ ទើបមួយអង្គក្នុងពួកនោះ មានបន្ទូលចេញមកថា អរជុនក្នុងរវាងនេះទៅទល់នឹងវេលាដែលខ្ញុំបានឃើញក្បាលទុរយោជន៍ ដោតនៅចុងព្រះសែងធួននេះ ខ្ញុំនឹងមិនបាននូវសេចក្ដីស្ងប់នឹងសុខជាដាច់ខាត ។ សហទេព ក៏គិតឃើញប្រហែលគ្នា ទើបឆ្លើយឆ្លងសំដីប្រណិធានរបស់ខ្លួនទៅថា ខ្ញុំនឹងមិនតម្លោះធ្នូនេះ ត្រាតែព្រួញធ្នូនេះបានស៊ីសាច់ផឹកឈាម អាចោរកំណាច អម្បាលនោះជាមុនសិន ។ អង្គទីបួន នឹកក្ដៅក្នុងព្រះហឫទ័យណាស់ ចង់ពោលពាក្យសម្បថទុកជាច្រើនយ៉ាង ទើបលើកព្រះហស្ថដ៏មាំឡើងពោលថា ដៃនេះនឹងមិនសម្រាកឲ្យសប្បាយ ត្រាតែលាងអាពួកកំណាចចិត្តទមិឡ ឲ្យរលីងទៅអំពីផែនធរណី ។ ចំណែកឯយុធិស្ឋិរ មិនត្រាស់ថាដូចម្ដេចឡើយ ដាក់ព្រះភក្ដ្រស្រងូត ខណៈដែលអនុភាពតាំងសេចក្ដីបំណងទុកផ្សេង ៗ គ្នា ព្រះអាការមើលទៅស្រងូត ពេញទៅដោយសេចក្ដីជញ្ជឹងដូចជាមិនដឹងជាមានហេតុការណ៍អ្វីខាងក្រៅ ចំពោះដឹងតែហេតុក្នុងចិត្តប៉ុណ្ណោះ ស្ដេចដំណើរទៅតាមមាគ៌ា ព្រះសិរឱនក្រងុលរុលតែទៅមុខនឹងក្រឡេកមើលនាយអាយសោះ ព្រះភក្ដ្រជោកទៅដោយអស្សុជល យូរ ៗ ក៏ដកដង្ហើមធំម្ដង ។ ឯទ្រៅបទីទេវីសោត មើលទៅមុខគួរអាសូរជាងស្ដេចប្រុស ៗ អស់នោះ នាងទ្រង់សំពត់អំបោះ មិនទ្រង់សំពត់អំបោះ និងទ្រង់សំពត់ព្រែដូចស្ដេចស្រីក្នុងព្រះនគរ ព្រះកេសារបស់នាងវែងសំយាកលើស្មាព្រះនេត្រាគយគន់មើលតែទៅដី មិនងើបងើយងាកមើលទៅទីដទៃ ហាក់បីដូចជាថា សេចក្ដីអាម៉ាស់មុខដែលនាងបានទទួលមកសង្កត់ព្រះហឫទ័យមិនអាចនឹង មើលទៅទីដទៃបាន តែខំមើលក៏នឹងទ្វេចំនួនច្រើនឡើង ។ នាងដើរហាលកំដៅថ្ងៃជារាល់ទិវា ឥតមានវេលាណាដែលហៅស្រួល ត្រូវតែកំដៅសូរ្យរង្សីគ្មានអ្វីបិទបាំងព្រះសិរ ឲ្យស្រន់អក់ក្ដៅក្នុងអង្គ ភក្ដ្រផង់របស់នាងត្រូវខ្យល់បក់បោកមកតាមផ្លូវ ក៏ក្រៀមក្រស់អស់រាសី លុះចូលវេលាសន្ធិយារាត្រីកាលណា ទឹកសន្សើមក៏ធ្លាក់បំព្រំបីដូចជាស្រប់ស្រោចភក្ដ្រនាង ហូរហៀររហាមលាយគ្នានឹងអស្សុជលធារា នាងខំយាត្រាតាមព្រះភស្ដាមុខគួរវេទនាមាល្បាយ ។ ដើរផ្លូវទៅគ្រានោះ កាលកន្លងទៅក៏ច្រើនទិវារាត្រីក្នុងទីបំផុត ក៏បានដល់ព្រៃធំ ១ ឈ្មោះថា កនកវ័ន ក្នុងព្រៃនោះងងឹតណាស់ណា នាំឲ្យទ្រង់សម្គាល់ទៅថា យប់សន្ធិយាមកដល់ឆាប់ខុសប្រក្រតី ដើមប្រឹក្សាក្នុងព្រៃនោះដុះដិតជិតគ្នា កម្រព្រានព្រៃណានឹងជ្រៀតជើងចូលទៅបាន នរណាមួយឈានចូលទៅហើយ ដែលមិនត្រូវបន្លាមុត – ធ្ពក់ ឬប៉ាស់នឹងដើមឈើនោះគ្មានដែលលំបាកជាងនេះទៅទៀត ក៏គឺផ្លូវក្នុងព្រៃនោះពេញទៅដោយដុំថ្ម ធំតូចរដិបរដុបទំគិច ជំពុបប៉ះព្រះបាទក្សត្រិយ៍ បងប្អូនអម្បាលនោះរហូតទៅ ជួនកាលជជ្រុលជជ្រកបោកប៉ះទៅលើឈើ លើថ្ម ជួនកាលក៏ភ្លាត់ធ្លាក់ទៅក្នុងជង្ហុក ព្រះបាទដែលទន់ត្រសូលរាល់ ៗ អង្គ ក៏ដាច់ដោចរលាត់ជាំដាំខ្ទេចខ្ទីមិនមានទីស្រួលត្រង់ណា ទោះបីម៉្លោះក្ដី ព្រៃធំត្រឈៃនោះបានជាទីអាស្រ័យម្លប់មួយយ៉ាងមិនត្រូវកំដៅថ្ងៃ ចែងចាំង ព្រោះបាំងទៅដោយស្លឹកឈើតែទាំងពីរយ៉ាង កម្រនឹងវិនិច្ឆ័យទៅថាយ៉ាងណាលំបាកជាងយ៉ាងណា ព្រោះកំដៅថ្ងៃក៏ដុតកំដៅកាយឲ្យក្រៀមក្រស់អាប់អស់រាសី បន្លាសោតក៏មុតធ្ពក់រលាត់ដាច់សាច់ចេញឈាម ។ ទីនោះតែព្រលប់ព្រិល ៗ ក៏ងងឹតដូចជាយប់ជ្រៅទៅហើយ រាត្រីសត្វក៏ចេញចាកអំពីទីលំនៅយាសយំទ្រហឹង តាមភេទភាសា គោចររកស៊ីលក្នុងព្រៃធំសំសាន បាណ្ឌវក្សត្រិយ៍ត្រូវគេនិរទេសចាកនិវេសន៍វាំងជ័យ តោងដើរព្រៃមកដល់ត្រង់នេះ តោងប្រទះនឹងភ័យក្នុងព្រៃមុខគួរស្ញែងនេះម្ដងទៀត ត្រង់ផ្លាស់ប្ដូរគ្នាទៅចាំយាម ប្រយ័ត្នការអន្តរាយឲ្យរាល់ ៗ អង្គ មានវេលាផ្ទំសម្រាកព្រះកាយបានមួយស្របក់ ៗ មួយអង្គគ្រាន់មានកម្លាំងនឹងចេញដើរទៅពីព្រលឹម ផ្ទំបន្តិចបន្តួចយ៉ាងគេរត់ភ័យបានធ្វើរត្តិសម័យឲ្យកន្លងទៅរហូត ដល់ភ្លឺដោយប្រការដូចនេះ ។ លុះព្រឹកឡើង បាណ្ឌវក្សត្រិយ៍នៅនិទ្រានៅឡើយ ព្រោះក្នុងអរញ្ញប្រទេសនោះងងឹតសូន្យសុង គ្មានពន្លឺលេចចូលទៅប្រាប់ម៉ោងវេលា មិនឃើញខែមិនឃើញផ្កាយ ជាគ្រឿងសម្គាល់ឲ្យដឹងរាត្រីកាល ថាគោចរទៅហើយបានប៉ុណ្ណេះប៉ុណ្ណោះ យាមប៉ុណ្ណេះយាមប៉ុណ្ណោះនាឡិកា សង្កេតដឹងបានតែដោយអាស្រ័យសម្លេងសត្វព្រៃ បាណ្ឌវក្សត្រិយ៍ដើរដេកនៅក្នុងព្រៃនកវ័ននោះ ទំរាំតែលេចចេញវាលក៏ច្រើនទិវារាត្រីតែជាប៉ុន្មានយប់ប៉ុន្មាន ថ្ងៃទ្រង់ចាំមិនបាន ព្រោះនឿយយ៉ាកលំបាកព្រះកាយពលដោយត្រេចវិលវល់ក្នុងព្រឹក្សព្រៃអស់ កម្លាំងល្ហិតល្ហៃ ព្រះហឫទ័យស្ញុលទៅតាមគ្នា ទាល់តែភ្លេចគិតនឹកដល់រឿងថ្ងៃ-ខែដែលកន្លងទៅ ដែលចាំបានខ្លះក៏ស្រពិចស្រពិល ។ ថ្ងៃនោះ ទ្រង់តើនឡើងហើយ ក៏នាំគ្នាដើរឆ្ពោះសំដៅទៅទិសលើ មានមួយថ្ងៃនោះ ក៏ទៅដល់ជាយព្រៃ ទៅដល់ដោយមិនទាន់ដឹងខ្លួន បានឃើញពន្លឺឆ្លុះមកខាងមុខក្នុងរយៈឆ្ងាយប្រហែលគ្នានឹងពន្លឺដែល ឆ្លុះចូលទៅក្នុងអណ្ដូងដ៏ជ្រៅ ទ្រង់មានសេចក្ដីសង្ឃឹម និងធូរក្នុងហឫទ័យតែរាល់ ៗ អង្គ ក៏នាំគ្នារូតរះដើរសំដៅទៅត្រង់ពន្លឺនោះ មួយស្របក់ក៏ចេញផុតអំពីព្រៃធំ ទៅដល់ទីដែលឃើញពន្លឺអំពីចម្ងាយ ទីនោះជាទីវាលខ្សាច់ធំ ឥតមានព្រឹក្សាសូម្បីមួយដើមដុះនៅទីនោះសោះឡើយ ការដែលនឹងដើរកាត់វាលខ្សាច់ទៅនោះ ជាការលំបាកមិនតិច នឹងទៅបានក៏តែសត្វឱដ្ឋដែលជាសត្វធន់ធា សម្រាប់បាណ្ឌវក្សត្រិយ៍ ឃើញជាលំបាកជាងដើររុករុលក្នុងព្រៃទាំងដប់ភាគជាប្រាកដ ព្រោះថាទ្រង់មានរាងកាយទន់ល្វេងល្វើយស្បើយកម្លាំងដោយដើរផ្លូវមក ជាយូរថ្ងៃណាស់ហើយ កំដៅថ្ងៃសោតក៏ក្ដៅដល់ទីនឹងដាក់ជើងសម្ផស្សដីស្ទើរពុំបាន លំបាកជាងដើរក្នុងព្រៃទាំងដប់ភាគ ពន្លឺព្រះអាទិត្យដែលចាំងមកត្រូវគ្រួស ឬថ្មតូច ៗ ក៏បែងចែកជារស្មីឆ្លុះព្រាត ៗ ចាំងចូលក្នុងចក្ខុបីដូចជាកញ្ចក់ត្រូវរស្មីព្រះអាទិត្យ ធ្វើឲ្យងងឹតព្រិលដើរពុំបាន សេចក្ដីក្ដៅធ្វើឲ្យស្ងួតកស្រេកទឹក ឯរឿងទឹកផឹកក្នុងទីនោះក៏រកគ្មានឃើញទំនងថានិងមានត្រង់ណាសោះ ឡើយ ទ្រង់សម្គាល់ក្នុងព្រះហឫទ័យថា មុខជានឹងដួលដាច់ខ្យល់ស្លាប់ ក្នុងកណ្ដាលវាលនោះជាមិនខាន ព្រោះអស់ព្រះកាយពលល្ហិតល្ហៃពេញបន្ទុកមកហើយ ក្រែងនឹងលើកជើងឈានដើរទៅទៀតពុំរួច ដើមព្រៃព្រឹក្សារ៉ុយ ៗ ដែលមាននៅទៀបទីនោះសោត ក៏មិនជាទីត្រជាក់ដូចក្នុងព្រៃធំ ព្រះពាយបក់បោកដោយទាំងកំដៅថ្ងៃ មកប៉ះពាល់ភក្ដ្រស្ងួតក្រៀម ក៏រឹបវឹបតែក្រំក្រៀមស្ងៀមណាស់ទៅទៀត ទោះបីម៉្លោះក្ដីទ្រង់ក៏បបួលបងប្អូនព្យាយាមដើរឆ្លងវាលខ្សាច់ ឬហៅថា ទន្លេខ្សាច់ទៅទាល់តែព្រលប់ទៀបយប់អស្ដង្គត វេលានោះទ្រង់បានឃើញអាស្រមមួយខ្នងតូច មានព្រៃឈើនឹងស្រះទឹកថ្លានៅជាខាងកើតជាទីត្រជាក់ត្រជុំសប្បាយ ល្មមនឹងបំបាត់ទុក្ខវេទនាដែលនឿយព្រួយមកតាមមាគ៌ាបានខ្លះ ទើបទ្រង់ដើរចូលទៅកាន់ទីនោះសំចតនៅក្នុងអាស្រម នឹងអាស្រ័យទឹកនៅក្នុងស្រះនោះគ្រាន់នឹងរក្សាជីវិតទុក ១ គ្រាសិន ។ អាស្រមនោះ តាំងនៅក្នុងញកភ្នំហិមាល័យ បាណ្ឌវក្សត្រិយ៍តាំងព្រះហឫទ័យនឹងអាស្រ័យនៅក្នុងអាស្រមនេះរហូត កាល ១២ ឆ្នាំ តាមកំណត់និរទេស មានភ្នំបែបជាបរិវារព័ទ្ធជុំវិញ ពាសពេញទៅដោយប្រឹក្សាលតាជាតិផ្សេង ៗ ជាដង្គុមត្រសុំត្រសាយសាខា ជារយ៉ារំយោលយោងយោនមានទាំងស៊ុំទ្រុមគុម្ពឈើស្លឹកជិតងងឹតសូន្យ សុង មុខគួរខ្លាចព្រឺព្រួច ព្រៃនោះឯងធម្មជាតិតាក់តែងឡើង ដូចនេះ មិនដែលមាននរណាអាចឈានជើងចូលទៅកាប់កាត់ឈើព្រៃនោះសោះឡើយ តាំងពីណា ៗ មកហើយ មិនដែលឮសម្លេងមនុស្សណាមួយ ដើរចូលទៅវីវរក្នុងមហាវ័ននោះដល់ម្ដងឡើយរាល់ ៗ រដូវ ព្រៃព្រឹក្សានោះចេះតែលូតលាស់ខៀវស្រស់ជាធម្មតា គួរជាទីទស្សនានៃអ្នកដែលបានទៅយង់យល់ ឬម្យ៉ាងវិញទៀត គួរហៅថាជាទីត្រជាក់ភ្នែក ក្នុងគិម្ហរដូវក៏មិនសុវក្ដៅពេក ក្នុងហេមន្តរដូវក៏មិនសូវរងារណាស់ តែយកស្រួលបំផុតក្នុងវស្សន្តរដូវត្រូវភ្លៀងធ្លាក់ជាទីត្រេជាក់ ត្រជំជាងរដូវទាំងពួង មេឃមីរបិទបាំងសូរិយាកាស រមែងឲ្យកើតស្រទំស្រទន់ត្រជាក់អាកាសធាតុ ទាំងម្លប់ដោយស្លឹកព្រៃព្រឹក្សាជាតិអំបាលនោះបាំងខាំងខណ្ឌមួយ ជាន់ទៀត ក៏រីតតែធ្វើឲ្យត្រជាក់ផែនពសុធា មានទាំងសន្សើមនឹងទឹកភ្លៀងធ្លាក់រៀង ៗ រ៉ុយ ៗ ប្រប្រុយចុះមក ប្រស់ព្រំលើគុម្ពឈើតូចធំទាំងឡាយ ត្រិណជាតិបានទទួលសេចក្ដីត្រជាក់ត្រជុំនៃធម្មជាតិ ក៏លូតលាស់ខៀវស្រស់ងងឹតដាសទៅទាំងផ្ទៃធរណី មើលទៅគួរជាទីទស្សនា កល់បីដូចជាព្រំចៀមធំដែលបុគ្គលយកទៅក្រាលទុកនៅទីនោះ មានទាំងហ្វូងសត្វចតុប្បាទយំគឹកកងរំពងព្រៃ ច្រឡំលាយទៅដោយសម្លេងបក្សីយំច្រេវច្រាវអឹងអាប់ទាំងផែនវនាល័យ ពន់ពីនោះមានទាំងជ្រលងដងអូរ ទឹកហូរចុះទៅតាមចន្លោះថ្ម ឮសន្ធឹកឈូ ៗ ឆរ ៗ ដោយអន្លើ ៗ ទីខ្លះក៏ហូរចាក់ទៅប៉ះលើផែនសិលាខ្ទាតគ្រាប់ប្រប្រុយហុយជា ផ្សែង ជួនកាលហូរប៉ះទៅលើផែនថ្ម ហើយហូរចូលទៅភ្លាំង ៗ ភ្លុង ៗ ច្រស់ខូងជាអន្លង់និងរអាង ផុតពីនោះទៅក៏ហូរសាចរាចជ្រួតជ្រាបទៅតាមគុម្ពឈើ គល់ព្រឹក្សាទាំងឡាយសម្រាប់ជប់លៀងព្រឹក្សាលតាជាតិទាំងពួង ឲ្យល្អខៀវស្រស់ជានិច្ចរាល់រដូវកាល ន័យថាព្រៃនោះជាទីអាស្រ័យនៅនៃទេពារ្ហសទាំងឡាយ ជួនកាលមើលទៅប្រហែលហាក់ភាពចម្លងនៃនិរយភូមិជាពន្លឹក មុខគួរព្រឺព្រួចក្នុងកោមលហឫទ័យ ។ ទីបំផុតនៃការដើរព្រៃនៃបាណ្ឌវក្សត្រិយ៍ ក៏ឈប់ត្រឹមនេះឃើញសមគួរតាមកំណត់ការសញ្ញានិរទេសហើយ បាណ្ឌវក្សត្រិយ៍បានអាស្រ័យនៅក្នុងព្រៃនោះ ១២ ឆ្នាំ ពេញតាមកម្រិតអាស្រ័យផ្លែឈើ មើលឈើ បន្លែព្រៃនឹងសាច់សត្វ ដែលទ្រង់ថ្លែងសរបានមកជាអាហារចិញ្ចឹមជីវិត ។ នាថ្ងៃ ១ នោះក្នុងរវាងដែលនៅព្រៃ អរជុនភ្នកនឹកដល់រឿងដើម ទើបនិយាយចេញមកថា ខ្ញុំនៅមានសេចក្ដីឆ្ងល់ថា មនុស្សណាមួយនឹងមានសេចក្ដីក្រំក្រៀម ទុក្ខទ្រមដូចយ៉ាងខ្ញុំខ្លះ យើងព្រាត់ព្រាកចាកព្រះនគរ ចាកសម្បត្តិ នឹងគណញាតិតូចធំទាំងឡាយ រាល់ ៗ ថ្ងៃដែលកន្លងទៅ មានតែទ្វេសេចក្ដីសោកសៅរបស់យើងឲ្យពេញពោរឡើង បីដូចជាថាចេះតែមន្ថែមទុក្ខសោកមកលើយើងឲ្យព្រៀបជានិច្ចនិរន្តរ៍ កាលនាងទ្រៅបទីទេវីចូលមកក្នុងប្រជុំ ហើយត្រូវគេចាប់សម្រាតសំពត់នាងផ្ចាញ់ផ្ចាលឲ្យយើងអាម៉ាស់មុខអ្នក តូចអ្នកធំទាំងពួង ការប្រមាទមើលងាយគ្នាក្នុងទីប្រជុំជនដូចនេះ ឈ្មោះថាប្រមាទដោយក្លាហាន ហួសចិត្តស្ត្រីដែលពេញទៅដោយសេចក្ដីអៀនខ្មាសនឹងទប់ទល់បាន យ៉ាងទេវីនឹងទ្រាំបានឬ អើម្ដេចគ្រានោះ ខ្ញុំក៏មិនក្របែលអាពួកកំណាចអស់នោះឲ្យខ្ទេចទៅតែអនិច្ចា ទាល់តែស្មើនេះមកហើយ នឹងទៅរាវរកយករឿងដែលកន្លងទៅហើយមកនិយាយ តើនឹងមានប្រយោជន៍អ្វី ។ ភីម បានឮដូចនោះទើបនិយាយផងថា មិនតែប៉ុណ្ណោះ ក្ដារដែលលេងគ្នាគ្រាក្រោយបំផុតនោះ មិនតែធ្វើវិចរណរបស់យើងឲ្យងងឹតទៅប៉ុណ្ណោះ វាធ្វើទាំងចក្ខុរបស់យើងឲ្យងងឹតទៅផង ក្នុងខណៈនោះយើងឃើញផលអាក្រក់បានក្រឡែត ៗ យើងក៏នៅតែភ្នាល់នឹងគេ ទាល់តែបោះធេងរលីងដូចជាគជ ឥឡូវនេះនឹងជាប្រយោជន៍អី ដែលមកយំស្ដាយទឹកដោះដែលកំពប់អស់ទៅហើយ។ អើ ក៏កាលខត្តិយរាជលើកលែងត្រង់សច្ច និងធម្ម ហើយទៅប្រព្រឹត្តក្នុងបទដែលវិន័យហាមមិនឲ្យប្រតិបត្តិ ក៏បានឈ្មោះថា ទ្រង់លើកលែងជាក្សត្រិយ៍គ្រងរាជ្យ កម៌ប្រកាសមកថា រាជសម្បត្តិ និងរាជអាណាចក្រនៃខត្តិយរាជនោះ រមែងត្រូវគេរឹបយកខ្លួនខត្តិយរាជនោះ ៗ សោតក៏រមែងអានុភាពនោះធ្វើទោសឲ្យត្រង់ជីវិតដោយបទសន្ដោស មានអាការដូចជាអ្នកទោសដែលលោកនរទេស ឲ្យទៅនៅព្រៃព្រោះហេតុតែល្បែងខត្រង់នេះក្នុងព្រះគម្ពីររបស់ យើង ពោលទុកថា ការលេងភ្នាល់ជាការបាបមិនដូចនោះឬ ឥឡូវយើងបានទទួលវិបាក សមតាមគម្ពីរពោលទុកមែនឬទេ យើងខូចព្រះនគរខូចឥស្សរភាព ខូចសព្វសារពើគង់នៅតែជីវិតដែលរកកិត្តិយសគ្មានសោះប៉ុណ្ណោះ យើងទៅអួតភ្នាល់នឹងគេមិនមានគិតអស់ប៉ុន្មានអស់ទៅ ចេះតែកើបកោយចាក់ទៅទាល់រលីងក្រើង ហ្នឹងគឺសេចក្ដីឆ្កួតរបស់យើង មិនមែនឬ ឥឡូវយើងជាប់នៅក្នុងផុកផុងហើយ មិនមែនឬ តែជារឿងដែលកន្លងទៅហើយ មិនគួរនិងនាំមកនីយាយថ្វី ឲ្យតែវាបែកពពុះមាត់ឥតអំពើរ យើងធ្វើខ្លួនយើងមិនស្រួលឯង ឲ្យមនុស្សទាំងលោកសើចឡកឡឺយបាន ៗ បន្ទាបខ្លួនចូលទៅលេងស្កា ទាល់តែចាញ់អស់ទ្រព្យធមធាន ហើយមិនស្កប់ ថែមទាំងព្រមឲ្យគេនិរទេសខ្លួនព្រោះល្បែងនោះទៀតផង ខសញ្ញាការនិរទេសពួកយើងនេះ វាធ្ងន់ខ្លួនពេកណាស់ ចងរឹតយើងមាំពេករើខ្លួនមិនរួច ស្មើដូចជាឲ្យទៅស្លាប់ក៏ថាបាន ។ នកុល កាលបានស្ដាប់ភីម អភិប្រាយសព្វ ៗ ក៏ទ្រង់ព្រះកន្សែងដោយមករំពឹងដល់ហេតុការណ៍ទៅខាងមុខ ដែលនឹងត្រូវបានប្រសព្វក្នុងថ្ងៃត ៗ ទៅ ទ្រង់ឈឺចិត្តជាបំផុត ទើបមានបន្ទូលថា ឱគ្រាគ្រោះថ្នាក់វិបត្តិសាត់មកដល់បុរសឯណានិមួយឃុំសតិទុកបាន នឹងចោលទូកដែលកំពុងលិចមុនរបស់ដទៃ តែនោះវាអស់ផ្លូវតែខៃហេតុការណ៍ដែលកំពុងប្រព្រឹត្តទៅហើយ វៀរលែងតែសាច់របស់គេ ។ សហទេពថែមមកទៀតថា ឱព្រះ សម្លេងដែលទ្រៅបទីថ្ងូរក្នុងបន្ទប់ប្រជុំរដ្ឋមន្ត្រីនោះ វាឮជាប់ត្រចៀកដល់សព្វថ្ងៃនេះ ព្រះទេវីត្រាស់ត្រូវច្បាប់ហើយ ព្រះរាជស្វាមីរបស់នាង ធ្លាក់ទៅក្នុងឋានៈជាទាសាហើយ រមែងគ្មានអំណាចតាមផ្លូវច្បាប់ដែលនឹងលក់នាង ឬនឹងយកនាងទៅដាក់ភ្នាល់ ម្ដេចយើងមិនលើកច្បាប់ត្រង់នេះឡើងជជែក ហើយសុំឲ្យការដំណើរទៅតាមនោះ តែគ្រានោះកំពុងជ្រួល ទាំងគេទាំងឯងប្រហែលជាគ្មាននរណាទាន់នឹកឃើញ វរតែទៅគិតអាណិតនាងតែរាល់គ្នា អ្នកតូចអ្នកធំបណ្ដាដែលនៅក្នុងទីប្រជុំនោះជាច្រើន អត់មិនបាននាំគ្នាទឹកភ្នែកទៅតាម ៗ គ្នា វៀរលែងតែទុយោជន៍ប៉ុណ្ណោះ ខ្ញុំចង់ដឹងណាស់ចិត្តថ្លើមវាដូចម្ដេចហ្ន៎ ។ យុធិស្ឋិរ អង្គុយស្ដាប់អនុជនទាំងបួនសន្តនាគ្នារហូតមកដល់វេលានេះ ដោយមិនចង់យល់ទាស់ តែអត់មិនបានទើបពោលជាផ្លូវប្រលោមចិត្តប្អូនថា កុំណា៎ កុំតូចចិត្តទៅថ្វី យើងបានស្បត់ទុកហើយថា នឹងធ្វើការកែកំហឹងវិញត្រាតែបាន ក្នុងថាននេះក្សត្រិយ៍ យើងត្រូវតែបដិបត្តិបការឲ្យសមដែលបានប្រណិធានទុករាល់មាត់ ទាំងនេះព្រោះកម្មរបស់យើង ៗ តោងទទួលសោយទុក្ខវេទនាអំបាលនេះ យើងនឹងគេចចៀសទៅណាក៏មិនរួច របស់ដែលត្រូវវិប័ត្ត ក៏ត្រូវតែវិប៍ត្ត របស់ដែលវិប័ត្តហើយសោត ក៏វប័ត្តរូចទៅហើយ មុខងាររបស់យើងវេលានេះមានតែចៀសវាងភ័យ ពឹងពួនមុខទៅតាមខសញ្ញាបន្តិចទៀតប៉ុណ្ណោះ សេចក្ដីលំបាកតោកយ៉ាករបស់យើង ក៏ស្បើយអស់ហើយ ។ ខសញ្ញា ដែលបាណ្ឌវក្សត្រិយ៍ត្រូវបដិបត្តិវេលានេះ ឈ្មោះថាអស់ហើយ នៅតែត្រង់លាក់ខ្លួនពួនភ័យ រក្សាខ្លួនទុកឲ្យបាន លុះគិតឃើញដូចនោះហើយ បាណ្ឌវភាតា ក៏នាំគ្នាផ្លាស់ទីកន្លែងរឿយទៅ ចេញចាកទីនេះ ទៅកាន់ទីនោះដូចជាមនុស្សកំសត់ដើរដេកព្រៃក៏ប្រហែលគ្នា ការដែលត្រេចពនេចរទៅដូចនេះ រមែងមានភ័យជុំវិញខ្លួន រមែងនឿយលំបាកកាយជាធម្មតា ព្រោះមានសភាពដ៏ជាធម្មតារបស់កាយ តែងអន្ទោលទៅតាមកាយ នឹងចៀសវាងផុតទៅមិនបាន គឺត្រូវកំដៅថ្ងៃ សេចក្ដីក្រហល់ក្រហាយស្រេកទឹកឃ្លានអាហារ សេចក្ដីនឿយព្រួយព្រះកាយពល ព្រះបាទដែលធ្លាប់តែទន់ត្រសូល ក៏ទៅជាក្រស់ក្រិនពុលពងបន្លាមុត ជំពប់ប៉ះបែកចេញលោហិត របស់អំបាលនេះជាទុក្ខវេទនា រាល់គ្រាដែលទ្រង់នាំគ្នាសញ្ចរពីត្រង់នេះទៅត្រង់ណោះ ។ វាមួយនោះ ទ្រង់យកអាវុធសម្រាប់អង្គ ទៅលាក់ទុកលើមែកឈើ ហើយនាំគ្នាចូលទៅកាន់ក្រុងវិរាជ ដើម្បីនឹងលាក់ខ្លួនពួនពឹងអាត្មានៅក្នុងក្រុងនោះ ឲ្យផុតភ័យន្តរាយ ព្រោះហេតុថា តាមខសញ្ញាការនិរទេស បញ្ញត្តិទុកថា បើពួកគោរពទៅប្រទះឃើញខ្លួនក្នុងរវាងសន្យានេះសោត ពួកបាណ្ឌវតោងត្រឡប់ទៅដើរព្រៃជាថ្មីវិញ ១២ ឆ្នាំទៀត ខត្រង់នេះពួកបាណ្ឌវត្រូវបតិបត្តិនិងប្រយ័ត្នអង្គឲ្យមែនទែនតាម ការ ។វាមួយនោះ ព្រះចៅក្រុងវិរាដប្រថាប់លើរាជាសនៈ ក្នុងព្រះទីនាំងវិនិច្ឆ័យ មានអមាត្យមុខមន្ត្រីបង្គំគាល់ត្រៀបត្រា ទ្រង់ស្ដាប់ដីកា និងពាក្យស្រែកថ្លែងទុករបស់បណ្ដារាស្ត្រ កំពុងទ្រង់វិនិច្ឆ័យសេចក្ដីឲ្យទៅតាមយុត្តិធម៌ ដល់ពួកដែលត្រូវបៀតបៀន ខណៈនោះទតព្រះនេត្រទៅឃើញប្រុសបួនប្រាំនាក់តែងកាយ យ៉ាងគ្រាំគ្រាឈរនៅទ្វារព្រះបរមរាជវាំង ទើបមានព្រះរាជឱង្កា ឲ្យរាជភត្តម្នាក់ទៅសួរថា អ្នកអម្បាលនោះជាអ្នកណា ត្រូវការអ្វី កាលបានទ្រង់ព្រះសណ្ដាប់សេចក្ដីនោះហើយ ត្រាស់ឲ្យហៅចូលមកមុខព្រះទីនាំង ព្រះរាជទានឱកាសឲ្យគេក្រាបទូលសេចក្ដីដល់ព្រះអង្គដោយត្រង់ គ្រានោះមួយអង្គក្នុងពួកបងប្អូនទាំងប្រាំក្រាបទូលថា គ្រោះអាក្រក់មុខគួរស្ញែងដែលបានឧប្បត្ដិដល់មហារាជយុធិស្ឋិរ ប្រហែលជាមានជ្រាបដល់ព្រះអង្គហើយ ហើយគ្រោះពួកទូលបង្គំជាខ្ញុំនេះ ជាភាគមួយក្នុងព្រះគ្រោះនោះដែរ គឺពួកទូលព្រះបង្គំជាខ្ញុំ ជាខ្ញុំរាជការមហារាជយុធិស្ឋិរកាលព្រះអង្គត្រូវនិរទេសចេញចាក ព្រះនគរហើយ ពួកទូលព្រះបង្គំក៏រងាក្នុងចិត្ត ដោយហេតុគ្មានទីពឹង ទើបត្រេចស្វែងរកចៅហ្វាយនាយដ៏សមគួរជាទីពឹងតទៅ បានឮព្រះកិត្តិគុណរបស់ព្រះអង្គដែលទ្រង់អើពើណាស់នោះ ទៅដឹកពួកទូលបង្គំឲ្យមកដល់ទីនេះ ពួកទូលព្រះបង្គំមានបំណងនឹងមករកការធ្វើក្នុងព្រះរាជសំណាក់ឯ ណានីមួយ តែគ្មានព្រះរាជាអង្គណាទទួលចិញ្ចឹម ចេះតែបដិសេធរាល់នគរ ក្នុងទីបំផុតទើបមកដល់ទីនេះ ពួកទូលព្រះបង្គំសូមប្រគល់កាយថ្វាយជីវិតនឹងព្រះអង្គសូមជ្រកកោន ក្រោមម្លប់ពោធិសម្ភារ ។ ព្រះរាជាបានទ្រង់ព្រះសណ្ដាប់ហើយ ក៏ស្លុតព្រះហឫទ័យពន់ប្រមាណ បែរព្រះភក្ដ្រទៅខាងសេនាបតីមានព្រះរាជតម្រាស់ថា ការនិរទេសយុធិស្ឋិរដោយផ្លូវអយុត្តិធម៌នេះ ធ្វើឲ្យយើងជារាជសម្ពន្ធមិត្រកើតទោមនស្សច្រើន ហើយធ្វើឲ្យបណ្ដារាស្ត្រពាសពេញទាំងផែនដីបានសេចក្ដីព្រួយលំបាក ច្រើន រាស្ត្រមានចំនួនជាច្រើនពាន់ នាំគ្នាក្រឡុកប៉ុកប៉ាកព្រាត់ចាកទីលំនៅ អាស្រ័យហេតុម្ចាស់ម្នាយរបស់គេត្រូវនិរទេសទៅដើរព្រៃ សេចក្ដីវក់របស់ទុរយោជន៍នេះនឹងនាំសេចក្ដីវិនាសដល់ខ្លួន យើងនឹងបដិសេធពាក្យសុំនេះមិនបាន គេមិនបានមកសុំទាន គេសុខចិត្តមករកការធ្វើ ខនេះសម្ដែងឲ្យឃើញច្បាស់ថា គេមិនមែនជាយាចកដើរសូមទានតាមថ្នល់ គាត់ចូលទទួលគេទុកសម្រាប់គាល់បម្រើយើង ។ បាណ្ឌវក្សត្រិយ៍ព្រមគ្នាធ្វើវន្ទាព្រះរាជា ហើយក៏ថយចេញមកអំពីមុខព្រះទីនាំង តអំពីនោះមកមួយស្របក់ មានស្ត្រីម្នាក់តែងកាយរយីករយាក ដើរចូលទៅក្នុងអន្តេបុរស្ថាន គឺព្រះរាជវាំងជាន់ក្នុង តែទម្រង់ឆោមល្អឥតខ្ចោះ អ្នកណាឃើញហើយក៏មានចិត្តបដិព័ទ្ធនឹងឆោមរបស់នាងស្ទើរភ្លាំងភ្លើ ស្មារតី ។ ព្រះរាជិនីព្រះចៅវិរាដត្រាស់សួរ នាងជាអ្នកណា នាងត្រូវការអ្វី ។ ខ្ញុំម្ចាស់ជាស្ត្រីកំសត់អត់ទីពឹង មានតែសេចក្ដីព្រួយប្រាណស្ទើរប្រេះទ្រូងស្លាប់ ។ នាងឈ្មោះអី ? មើលទៅព្រះភក្ដ្ររានី1 បណ្ដាលឲ្យឃើញថា ទ្រង់មេត្តាប្រណីដល់នាងជាប្រាកដ សេចក្ដីល្អរូបល្អឆោមរបស់បាងយ៉ាងត្រចេះត្រចង់ កិរិយាមារយាទដ៏រៀបរយឥតឆ្គង សមជាអ្នកមានត្រកូលឧត្ដមពង្ស តែមើលទៅបែបជាមនុស្សកើតទុក្ខ មុខស្លក់មើលទៅលក្ខណៈល្អអស្ចារ្យ ធ្វើឲ្យរានីនឹកឆ្ងល់ ទើបត្រាស់សួរថា រូបរាសីរបស់នាងម្ល៉េះ ម្ដេចក៏មិនកំចាត់ឧបទ្រពភ័យឲ្យឃ្លាឃ្លាតចេញទៅ ។ ព្រះមេម្ចាស់ ព្រះនាងទ្រៅបទី ទ្រង់នៅរូបសម្បត្តិយ៉ាងឆើតរកទីប្រៀបបានដោយក្រ ម្ដេចទ្រង់គង់ត្រូវគ្រោះកម្ម នាំឲ្យស្ដេចទទួលឧបទ្ទវអន្តរាយ តោងស្ដេចព្រាត់ព្រាកចាកព្រះនគរ នឹងសិរីរាជសម្បត្តិបាន កាលនាំមកធៀបនឹងរូបខ្ញុំម្ចាស់ ដែលគ្រាន់តែជាទាសីរបស់ព្រះទេវីសោតក៏តោងមិនសង្ស័យក្នុងរឿងនេះ ។ រានីត្រាស់សួរតទៅទៀតថា នាងត្រូវការអ្វី ហើយនាងក្រាបទូលទេពីថា ខ្ញុំម្ចាស់ត្រូវការមករកការឯណានីមួយធ្វើគ្រាន់នឹងបានចិញ្ចឹម ជីវិត ។ នាងសុខចិត្តនៅបម្រើយើងឬ ? សៃរិន្ធរីទទួលធ្វើនាទីនោះដោយតុណ្ណីភាព ហើយថ្វាយបង្គំលាថយចេញទៅនៅក្នុងបន្ទប់ពួកសាវឡិក (ពួកខ្ញុំរាជការស្ត្រី) ។ ម្ដងនេះយើងនឹងបានឃើញបន្ទប់ទីបន្ទំរបស់រានី វេលារាត្រីយាមយប់សន្ធយា ក្នុងបន្ទប់ព្រះទេវីអុជប្រទីបជ្វាលាភ្លឺព្រោងព្រាយ ពិដោឈ្ងុយឈ្ងប់សព្វសាយទៅដោយក្លិនប្រេងក្រអូបដែលអុជនោះ ទួទាំងល្វែងព្រះមន្ទីរ ជញ្ជាំងបន្ទប់ព្រះដំណាក់ធ្វើដោយមោរ៉ា សិលាឡាយថ្វីដៃជាងធ្វើដ៏វិចិត្រយ៉ាងឯក ឆ្លៅឆ្លុះរស្មីរលង់រលីងព្រិលនេត្រ ព្យួររំយោលរយ៉ាដែលថ្វីដៃប៉ាក់ជារូបផលាផល នឹងទងភ្ញីរស់រវើក មុខគួរមើលត្រកាលភ្នែក នឹងតាំងគ្រឿងតាំងដ៏មានតម្លៃឯទៀតជាច្រើន ទីផ្ទៃព្រះតំណាក់ក្រាលដោយសិលាទន់ ហើយក្រាលព្រំចៀមដ៏ទន់ត្រជាក់ជើងមានជាយប៉ាក់ចាក់ចំដោយខ្សែសយ មាសប្រាក់ មានព្រះទែនភ្លុកដ៏ចិញ្ចែងដាសសំពត់ព្រែ តាំងនៅកណ្ដាលបន្ទប់នេះ សៃរិន្ធរីតែងចូលគាល់បម្រើព្រះទេវីដល់ក្នុងបន្ទប់នេះ ។ ក្នុងបន្ទប់ ១ ទៀត មានរបៀបប្រហែលគ្នានេះ កិច្ចកលព្រះអនុជរបស់រានី កំពុងផ្ទំក្រៀមក្រំដាលដំក្នុងឧរាជាទម្ងន់ ជួនកាលក៏ថ្ងូររវើរវាយ ជួនកាលក៏ដកដង្ហើមធំឃូ ព្រះជេដ្ឋភគិនី រានីព្រះចៅវិរាដ ប្រថាប់ទៀបព្រះទែនភ្លុក យកព្រះហស្តស្ទាបព្រះនលាតអនុជ ដើម្បីនឹងរម្ងាប់សេចក្ដីឈឺចាប់ឲ្យធូរស្បើយទៅ តែក៏មិនស្បើយល្ហើយដូចនឹក លំដាប់នោះព្រះអនុជព្រះកន្សែងអាក់អួលហើយមានព្រះបន្ទូលចេញមកថា ម្ចាស់បងប្រហែលជាចោលប្អូនឲ្យស្លាប់បង់តែឯងហើយឬ ? មិនមែន ៗ ទេ បងមិននិយាយនឹងប្អូនឯងហើយ បើឯងនិយាយព្រើល ៗ ដូចនេះ អ្វីមកបញ្ចូលចិត្តឲ្យនឹកដល់មជ្ជុរាជ ប្អូនឯងប្រឈួនបន្តិចបន្តួចប៉ុណ្ណោះតើ មិនប៉ុន្មានថ្ងៃក៏ជា ជាប្រក្រតីទៅវិញ ។ កុំគប្បីនឹកដូចនោះឡើយម្ចាស់បង អាការរោគប្អូនគ្រានេះមិនមែនតិចតួចយ៉ាងម្ចាស់បងសម្គាល់ សមុដ្ឋានរោគនៅក្នុងចិត្ត ហើយដែលនឹងបាត់ទៅបាន ដោយហេតុពីរយ៉ាង ឯណានីមួយ គឺស្លាប់បងឬ ។ រានីត្រាស់កាត់សំនួនពាក់កណ្ដាលឡើងថាទៀតហើយ ៗ ប្អូនឯងនិយាយចេញឈ្មោះសេចក្ដីស្លាប់ទៀតហើយ ។ ល្អហើយ ថាបើដូចនោះ ទូលបង្គំតោងធ្វើមុខក្រាស់លមើល បើម្ចាស់បងប្រទានអភ័យរឿងមុខក្រាស់ ទូលបង្គំនឹងទូលរឿងពិតហើយ នឹងបញ្ចេញសេចក្ដីស្ងាត់កំបាំង នៃអាការរោគក្នុងខ្លួនឲ្យទ្រង់ជ្រាប ។ សេចក្ដីស្ងាត់កំបាំងអីប្រុសអើយ ? ម្ចាស់បងប្រទានទោសឲ្យទូលបង្គំឬ ? រានីនឹកឆ្ងល់ មិនដឹងបើនឹងមានសវនិយថាដូចម្ដេច ។ ព្រះនាងចូលព្រះហឫទ័យថា ចិត្តអនុជវរទៅដោយសេចក្ដីឈឺចាប់ មានសតិវិប្បលាសនិយាយរវើរវាយទៅ ព្រះនាងទ្រង់សន្និដ្ឋានថា សមុដ្ឋានអាការប្រឈួននៃព្រះអនុជគង់មកពីសេចក្ដីរញឹករញុក ឬសេចក្ដីខឹងរអីរអូវ សូម្បីតែបន្តិចបន្តួចក៏ដរទៅធំខ្លាំងឡើងបាន អាចធ្វើឲ្យអ្នកជម្ងឺមានអាការធ្ងន់ពៀបទៅបានព្រះនាងទ្រង់ចិន្ដា ថា គួរលួងលោមសួរយកសេចក្ដីពិត ដូចនេះ គង់ជាមិនទាស់ខុសអ្វី ព្រះនាងទើបត្រាស់លួងលោមដោយព្រះសូរសៀងដ៏ផ្អែមល្ហែមថាៈ កិច្ចក ! បាឯងឈឺអ្វីប្អូនសម្លាញ់បង ចូរប្រាប់បងឲ្យសព្វគ្រប់មកមើល ។ កិច្ចក ក៏បញ្ចេញសេចក្ដីស្ងាត់កំបាំងក្នុងចិត្ត ថ្វាយព្រះនាង បងទ្រង់ព្រះសណ្ដាប់ដោយឥតខ្មាសថា ឆោមល្អនៃនាងសៃរិន្ធរីសាវឡិកស្ដេចបង បានចូលមកសន្ធំក្នុងចិត្តទូលបង្គំទាំងថ្ងៃទាំងយប់ ការដែលនាងប្រើចុងភ្នែកក្រឡេកម្ដង ៗ ធ្វើឲ្យទូលបង្គំចាប់ចិត្តបដិព័ទ្ធមិនភ្លេច ១ វេលា តាំងអំពីខណៈដែលបានឃើញវរភក្ដ្ររបស់នាងមកទើសនឹងវេលានេះ ទូលបង្គំពេញទៅដោយសេចក្ដីទុក្ខក្ដុកក្ដួលអួលក្នុងឧរា ដោយហេតុត្រូវកាមសរ (សរ គឺកាម) របស់នាង ។ ទូលប៉ុណ្ណោះហើយ ក៏បណ្ដាលអាក់អួលឆួលឡើង ទឹកព្រះនេត្រត្រស្រក់ផ្លុក ៗ រានី ឃើញព្រះអនុជកន្សែង ក៏ចូលព្រះហឫទ័យថា នេះព្រោះសេចក្ដីស្រឡាញ់ មកគ្របរួបរឹតដួងចិត្តអនុជ ព្រះនាងក៏ទ្រង់ដាស់តឿនអនុជ ក្នុងរឿងដែលចងចិត្តស្រឡាញ់ ដ៏មិនគប្បី ជាហេតុនាំមកនូវសេចក្ដីអប្បយសថាៈ បាឯង មិននឹកដល់សេចក្ដីថោកទាបកិត្តិយស និងវង្សត្រកូល ដោយហេតុបន្ទាបខ្លួនទៅផ្ដេកផ្ដិតនិងនាងទាសីនេះឬ បាឯងធ្វើកេរ្តិ៍ឈ្មោះដ៏ល្អនៃបុព្វបុរសឲ្យសាបសូន្យទៅនឹងនាំមក នូវសេចក្ដីអប្បយស ដល់ខត្តិយវង្សដ៏ឧត្ដមសក្ដិ ដោយត្រូវនាងទាសីពត់ទាល់តែវរវឹកខួរ ការញញឹមញញែម ឬចោលកន្ទុយភ្នែកជាសម្បត្តិរបស់ស្ត្រីអ្នកលេង ចូរអ្នកត្រួតត្រាមើលឲ្យល្អ កុំបីទុំស៊ុនមុនស្រគាល កុំបីអាលគ្រុនមុនជម្ងឺ រឿននេះ ជាសេចក្ដីអប្រិយបំផុត មិនគួរប្រថុយប្រាណទៅផ្ដេកផ្ដិត សេចក្ដីស្រឡាញ់រមែងមានរាល់រូប អ្នកណាគេមិនឲ្យស្រឡាញ់ តែស្រឡាញ់ឲ្យគប្បី តែលោហិតប្រុសកម្លោះកំពុងពេញពាល ច្រើនតែញ៉ាំងសេចក្ដីវវឹកវរឲ្យកើតក្នុងចិត្ត ដោយមិនត្រិះត្រួតឲ្យសមគួរ នេះជាហេតុឲ្យខូចសមានសក្ដិនៃរាជត្រកូល និងជាមន្ទិលចៅហ្មងដល់គណៈ ។ កិច្ចកតបៈ ទូលបង្គំដឹងរឿងរ៉ាវអស់នេះសព្វគ្រប់អស់ហើយ តែប្រហែលស្ដេចបងនូវមិនទាន់ទ្រង់ជ្រាប មរណកាលរបស់ទូលបង្គំវាចូលមកជិតណាស់មកហើយ បើស្ដេចបងមានបំណងឲ្យទូលបង្គំស្លាប់ ឬនឹងមើលចិត្តទូលបង្គំសោត មិនចាំបាច់ស្ដេចបងនាំយកបរមត្ថចរិយាមកទេសនាច្រកត្រចៀកមនុស្ស ដែលទាបនឹងស្លាប់ដូចនេះទេ ។ រានី ត្រាស់ សេចក្ដីបំណងរបស់បង គឺថានឹងជួយប្អូនឲ្យផុតអំពីអប្បយសអាម៉ាស់មុខទាំងនេះជាប្រាកដ តែបងតូចចិត្តណាស់ប្អូន ដែលមកឃើញសណ្ហុវាចាពាក្យដាស់តឿនរបស់បង មានតែបក់ភ្លើងគឺសេចក្ដីឆ្កួតតណ្ហារបស់អ្នកឯងឲ្យឆេះរោលរាល ខ្លាំងឡើង ហាក់ដូចជាមកញុះប្អូនឯងឲ្យដើរទៅកាន់ផ្លូវវិនាសកម្ម តែបើចេតនារបស់ប្អូនបំណងនឹងយកឲ្យបាន ឬនឹងស្លាប់នោះ បងជាបងនឹងឲ្យប្អូនស្លាប់ម្ដេចបាន ត្រូវតែជ្រោមជ្រែងជួយជីវិតទុកសិន វៀរលែងតែរបស់ហួសវិស័យ ។ ត្រាស់ប៉ុណ្ណោះហើយ ព្រះទេពីក៏ចេញពីបន្ទប់នោះ មានសោវណីឲ្យហៅនាងស្នំ សៃរិន្ធរី ៗ ចូលមកគាល់ ឈរចំពោះមុខព្រះទីនាំងចាំស្ដាប់ព្រះសោវណី រានី ឃើញនាងចូលមកគាល់ហើយ តែក៏មិនត្រាស់ថាអ្វី ទ្រង់ប្រថាប់ព្រងើយ ដូចជាមានសេចក្ដីមួហ្មងអ្វីក្នុងព្រះហឫទ័យមួយយ៉ាង តែដែលពិត ព្រះនាងកំពុងរិះគិតរកប្រយោជន៍ដែលនឹងត្រាស់ចេញមក ព្រោះជារឿងសុខុម នឹងជារឿងមុខគួរខ្ពើម ព្រះនាងទើបជញ្ជឹងរកផ្លូវមួយស្របក់សិន ទើបមានព្រះសោវណីថា មុខគួរស្ដាយណាស់ណា ដែលមកឃើញកន្យាអ្នកឧត្ដមសម្បូណ៌ដោយគុណសម្បត្តិយ៉ាងនាងមកធ្លាក់ ទៅទាសី សម្រាប់បម្រើការក្នុងផ្ទះដូចនេះ ។ សៃរិន្ធរី តប នេះជាអកុសលកម្មរបស់ខ្ញុំម្ចាស់ វាតាមមកស្នងផល ។ រានី ត្រាស់ យើងឃើញច្បាស់ថា នាងឯងមិនមែនជាស្ត្រីធម្មតា ព្រោះមានសរសៃក្រសែលោហិតខៀវច្រើន ស្មើនឹងសរសៃលោហិតរបស់យើង ល្អហើយ នាងគង់ត្រេកអរកាលបានស្ដាប់ថា អនុជរបស់យើងមានសេចក្ដីស្នេហានាងឯង ហើយខ្លួនយើងក៏ពេញចិត្ត អនុជ ដែលបានឃើញនាងបាទបរិចារិការរបស់អនុជ ។ ពាក្យនេះមិនធ្វើឲ្យ សៃរិន្ធរី កើតក្រេកអរ ឬនឹកអស្ចារ្យក្នុងចិត្តសោះឡើយ ត្រឡប់ធ្វើឲ្យនាងក្រេវក្រោធពិរោធដូចអគ្រនីត្រូវពាយុទើបតបព្រះ រាជសោវណីថា វាអាម៉ាស់មុខណាស់ព្រះរាជិនី ម្ដេចព្រះមេម្ចាស់នឹកដល់រឿងនេះផង ខ្ញុំម្ចាស់មិនបានគិតមិនបាននឹកសោះឡើយថាព្រះមេម្ចាស់នឹង បន្ទាបព្រះអង្គ ចុះលេងក្នុងរឿងអប្រិយនេះដែលអ្នកជាទាំងពួងគេមិនដែលនិយាយ ឬប្រព្រឹត្តមកសោះ ខ្ញុំម្ចាស់ទើបនឹងដឹងបានក្នុងវារៈនេះជាដំបូងថា សក្ដិខ្ពស់នឹងកេរ្តិ៍ឈ្មោះល្អនោះ វាមិនបានជាប់នៅជាមួយគ្នាជានិច្ចទៅ ព្រះមេម្ចាស់ប្រហែលជាមិនដែលប្រទះឃើញនារីដែលស៊ូលះជីវិតរបស់ ខ្លួន ដើម្បីការពាររក្សាកិត្តិយសទុក ប្រហែលជាទ្រង់ធ្លាប់ប្រទះតែស្ត្រីដែលឮតែសម្លេងប្រាក់ក្រើង ក៏ញញឹមដាក់ ហើយបណ្ដាលឲ្យប្រុសសម្រេចដូចប្រាថ្នា ខ្ញុំម្ចាស់គ្មានពាក្យង្វីឡើយ ដែលនឹងក្រាបទូលឲ្យច្រើនទៅជាងនេះ មានតែពាក្យបញ្ចប់ពាក្យដើមបន្តិចទៅទៀតថា អំពីនេះជាដើមទៅ ខ្ញុំម្ចាស់មិនបានជាសាវឡិក គាល់បម្រើព្រះមេម្ចាស់តទៅហើយ មានអំណាចនឹងចង់ទៅណាទៅបានតាមចិត្ត ។ រានី ត្រាស់ជាប្រញាប់ថា កុំតូចចិត្តឡើយសាវឡិក ចូលឲ្យអភ័យដល់យើងចុះ ចូលភ្លេចពាក្យដែលយើងនិយាយអម្បាញទៅ កុំខឹងស្របាលឡើយ ចូរយកពែងសុរានេះទៅថ្វាយកិច្ចក ម្ល៉េះប្រហែលជាចាំមើលផ្លូវនាង ។ រានី សម្គាល់ថា ដែល សៃរិន្ធរី សម្ដែងអាការក្រវក្រោធ និងជាមាយាស្រី ព្រះនាងអស់សង្ស័យហើយ ជឿក្នុងព្រះហឫទ័យថា សៃរិន្ធរី គង់ត្រេកអរក្នុងរឿងដែលកិច្ចក មានចិត្តស្នេហាបដិព័ទ្ធនឹងខ្លួន ហើយជឿថា នាងគង់ត្រេកអរនឹងនាំពែងស្រាទៅថ្វាយកិច្ចក សៃរិន្ធរី ដឹងបានជាប្រាកដថា សុរាមួយពែងនេះ ជាឧបាយដើម្បីញ៉ាំងហេតុឲ្យសមផល ឲ្យអ្នកទាំងពីរគឺខ្លួននាងនិងកិច្ចកបានជួបគ្នាស្ងាត់ ៗ ក្នុងជាន់ដំបូងនាងគិតរេរា លុះគិតម្ដងទៀតនាងក៏ព្រមទៅ ដោយតាំងចិត្តខ្ជាប់ក្នុងកុសលរាសី ជាកម្លាំងសម្រាប់តទល់អាការកំហែងបង្ខំជម្រៅនៃបុរស នាងក៏ឱនគំនាប់ទទួលយកពែងសុរាអំពីព្រះហស្តរានី ក្នុងខណៈដែលនាងកំពុងដើរចូលទៅកាន់បន្ទប់កិច្ចកនោះ នាងនឹកតែក្នុងចិត្តថា វេលានេះយើងចូលទៅកាន់ទីជម្រូងជម្រះ ដូចចូលទៅក្នុងរង្វង់ស្នែងសត្វ យើងមិនដឹងបើនឹងប្រតិបត្តិដូចម្ដេចឲ្យរួចខ្លួន បើយើងទទឹងអាជ្ញារានីសោតទោសទណ្ឌនឹងធ្លាក់លើខ្លួនយើង ឥឡូវនឹងប្រថុយទៅរកកិច្ចក សេចក្ដីសៅហ្មងនឹងមានដល់ខ្លួនយើង ៗ នឹងគេចវេះទៅផ្លូវណាមិនរួច ហើយប្រសិនបើយើងប្រតិបត្តិតាមបញ្ជារានី អ្នកណានឹងជានាបានថា ការចូលទៅក្នុងបន្ទប់ស្ងាត់តែពីរនាក់ ហើយគ្មានគ្រឿងការពារខ្លួនផង វានឹងមិនឲ្យទោសដល់ខ្លួនយើងម្ដេចបាន អ្នកណានឹងធានាបានថា កិច្ចកនឹងមិនធ្វើអ្វី រឿងនេះសូម្បីតែស្រីអ្នកព្រៃដែលស្ដួចស្ដើងចរិយាសម្បត្តិវាក៏ គង់ខ្លាចច្រើនស្មើនឹងខ្លាចខ្លា តែទោះបីដូចម្ដេចក្ដី យើងនឹងព្យាយាមរក្សាកិត្តិយសរបស់យើងទុកដោយពេញកម្លាំង ដែលនឹងរក្សាបាន ទោះបីបង់ជីវិតក៏តាមការ សូមព្រះជាម្ចាស់លើស្ថានសួគ៌ចូលជួយអភិបាលខ្ញុំម្ចាស់ក្នុងគ្រា នេះ ។ ដោយសេចក្ដីគិតយ៉ាងនេះជាគ្រឿងឃុំចិត្ត នាងក៏ប្រថុយឈានជើងចូលទៅកាន់បន្ទប់កិច្ចក ឯហេតុការណ៍ដែលកើតឡើងនោះ វាក៏មិនខុសអីនិងដែលនាងស្មានទុក កិច្ចកកាលឃើញនាងចូលទៅតែម្នាក់ឯង ក៏នឹកញញឹមប្រឹមប្រិយ៍ក្នុងចិត្តក្រោកឡើងស្ទុះទៅនឹងឱបនាង ៗ គ្មានអាវិធនឹងការពារខ្លួនពិត តែនាងប្រុងខ្លួនទុកតស៊ូដោយកម្លាំងកាយ នាងទះតប់ខ្វាចខ្ញាំ ថ្ពររបូតអំពីដៃកិច្ចក ដែលកំពុងស្រវឹងសុរា រត់ចេញអំពីបន្ទប់ ។ ព្រះចៅក្រុងវិរាដវេលានោះ កំពុងប្រថាប់នៅក្នុងព្រះទីនាំងវិនិច្ឆ័យ ខណៈនោះមានស្ត្រីម្នាក់ ស្រែករត់ចូលទៅមុខព្រះទីនាំង ចូលទៅដល់បល្លង្កគង់ ដោយអាការអាចហ៊ាននឹងស្រែកថា អយុត្តិធម៌ អយុត្តិធម៌ ដ៏លាមក កើតឡើងក្នុងម្លប់សាលាយុត្តិធម៌ហើយ ព្រះរាជាអើយកាលស្ត្រីភាពអ្នកមានកម្លាំងតិច គ្មានទីពឹងពាក់ មកត្រូវញាំញីសមានសក្ដិលេងតាមអំពើចិត្ត ក្នុងខាងក្នុងកំផែង ៤ ជាន់នៃព្រះបរមមហារាជវាំងរបស់ព្រះអង្គដូចនេះ សេចក្ដីវិនាសសសៀរចូលជិតព្រះអង្គណាស់ហើយ ។ គ្រានោះមានមហាតលិកម្នាក់ ព្យាយាមបណ្ដេញនាងចេញអំពីទីនោះ ហៅនាង មេចំកួត មេកំព្រើល ៗ ខណៈនោះ កិច្ចកក៏តាមចូលមកក្នុងព្រះរោងគាល់ ចាប់សក់នាងដឹកយកទៅអំពីទីប្រជុំនោះ បណ្ដាអ្នកប្រជុំអម្បាលនោះមិនទាន់ដឹងថា កើតហេតុរឿងអ្វីឡើយ កាលកិច្ចកអូសចូលទៅក្នុងវាំង សៃរិន្ធរី បានស្រែករហូតផ្លូវសុំឲ្យប្រុសម្នាក់ឈរនៅជិតនោះជួយ ហើយមើលទៅដូចជាស្គាល់ប្រុសនោះផង តែខាងប្រុសនោះឃើញថាមិនគប្បីនឹងធ្វើអ៊ឹកធឹកវឹកវរកណ្ដាលផ្លូវ ថ្នល់ គ្រាន់តែខ្សឹបប្រាប់នាងថា ឲ្យនាងធ្វើមាយាឱនលំទោន ព្រមតាមគេទៅសិនទៅ ដល់វេលារាត្រីនឹងមានពួកមកជួយ មកនៅជិត ៗ នាង ដើម្បីនឹងជួយឲ្យរួចអំពីសេចក្ដីអប្បយស ។ សៃរិន្ធរី ក៏ប្រតិបត្តិតាម នាងស្ងៀមមិនមានសម្ដែងអាការទទឹងតទៅ ដើរតាមកិច្ចក ចូលទៅក្នុងបន្ទប់ដោយស្រួល កាលទាំងពីរចូលទៅផុតហើយ កិច្ចកក៏ចាក់គន្លឹះទ្វារគ្រិប ហើយពោលប្រលោមនាងថា កុំណ៎ា កុំកាត់មេត្រីក្ដីស្នេហារបស់បងឡើយវង់ភក្ដ្រដ៏ត្រឡុងដូចវង់ខែ នេះមកបណ្ដាលឲ្យបងវង្វេងស្មារតីទៅ ក្ដីស្នេហាដ៏ធ្ងន់មហិមាស្មើមហាបរពតបានមកគ្របសង្កត់ហឫទ័យរបស់ បង វេលានេះខ្លួនបងធ្លាក់ទៅជាទាសនៃសេចក្ដីស្រឡាញ់ហើយ គ្មានអ្វីនឹងបន្ធូបន្ថយទៀតទេ ក្រៅអំពីនាងព្រមព្រៀងទទួលបដិព័ទ្ធប៉ុណ្ណោះ កុំខឹងស្របាឡើយណាស្រស់ស្រីបងសូមផ្ញើមេត្រីក្ដីស្នេហាផង កុំឲ្យបងស្លាប់បង់អសោចិ៍អសារឥតការ ។ លំដាប់នោះ កិច្ចកខិតចូលជិតលាព្រះពាហា ជាទីបបួលឲ្យនាងឱប ហើយលោមតទៅទៀតថា សូមឲ្យបងឱបរឹតផ្ដិតទ្រូងបន្ដិចស្រស់ស្រី ដើម្បីបន្ទោរបង់នូវសេចក្ដីក្រហល់ក្រហាយ ដែលរុំរឹតចិត្តបង តអំពីនោះទៅ បងក៏ជារបស់នាង ៗ ក៏ជារបស់បង ជានិរន្ដរ៍ទៅណាពៅព្រលឹង ។ សៃរិន្ធរីញញឹមដោយឧបាយ ហើយក៏ស្ងៀមនៅ មិនបានតតបសម្ដី កិច្ចកក៏និយាយប្រលោមតលួងទៅថា សេចក្ដីអៀនខ្មាសឃើញប្រាកដនូវទឹកមុខយុវតីសៃរិន្ធរី វាមកអុជកងអគ្រនីក្នុងទ្រូងបងឲ្យរោលរាល កុំគេចមុខដ៏បំព្រងដូចដួងខែអំពីការសម្លឹងរបស់រៀមឡើយ កុំស្ងាត់ស្ងៀមសម្ដីពិរោះស្រណោះសោតទ្វារ ចូរបដិជ្ញាមកតែមួយម៉ាត់ អំពីវរឱស្ឋដ៏ប្រិមប្រិយដូចទទឹមព្រាយ ក៏អាចនឹងជួយរំសាយទុក្ខនិងជ្រោមជ្រែងជីវិតបងឲ្យគង់នៅបាន ។ ក្នុងទីបំផុតសៃរិន្ធរីក៏ស្នងវាទីថាៈ ម្ដេចទ្រង់ប្រញាប់ប្រញាល់ម្ល៉េះ ចាំឲ្យយប់យាមសន្ធិយាសិន ខ្ញុំម្ចាស់នឹងទៅណា ។ នាង ! ដឹងបានដោយក្រណាស់ សម្រាប់ចិត្តអ្នកគួរស្រឡាញ់កំពុងពេញជ្រួលគ្រប់ខណៈដង្ហើមចេញចូល នឹងបង្អង់ចាំវេលានេះវេលានោះ ៗ នឹងប្រែថាម្ដេច កិច្ចក តបដោយសម្លេងញ័ររន្ថាន់ ។ សេចក្ដីខ្មាសក្នុងខណៈនោះពន់ពេក តែនាងក្លែងតែងឧបាយធ្វើមុខញញឹម ហើយឲ្យពាក្យបដិញាណថា នឹងមករកក្នុងវេលាព្រលប់យប់នេះមិនខាន សូមទានឲ្យតែបន្ធូរបន្ធយសិន ។ កិច្ចកនិយាយម្ដងទៀតក្នុងទីបំផុតថា បងគាប់ចិត្ត អំណរគុណជាបំផុត មធុរសកថាប៉ុណ្ណោះ អាចជួយរក្សាដួងចិត្តជីវិតបងឲ្យគង់នៅបានឃើញពន្លឺព្រះអាទិត្យ តទៅ ខណៈនេះបងត្រឡប់ដឹងខ្លួនដូចអំពីដើមជីវិតរបស់បងប្រសិនជាមាន ប្រយោជន៍ដល់នាង សូម្បីតែបន្តិចបន្តួចក្ដីបងស៊ូលះឲ្យប្អូន ។ សម្រាប់ចិត្តគូស្រឡាញ់ ដែលកំពុងស្រឡាញ់ថ្មី ៗ ក្ដៅ ៗ ឃើញថា វេលាដែលកន្លងទៅយឺតយូរជាបំផុត ចូលបែបតម្រាភាសិតថា រាល់ ៗ ម៉ោងដែលកន្លងទៅម្យឺត ៗ នោះឃើញដូចជាយឹតយូរស្មើនឹងអាយុកាល បីដូជាតា កង់រថព្រះអាទិត្យជាប់ភក់ផុងដូចនោះ ទោះបីដូចនោះក្ដី រាត្រីកាលដែលកិច្ចកក្រវើនរន្ថាន់ក្នុងចិត្ត ក៏បានមកដល់ទីបំផុត វេលាសន្ធិយាចរមកដល់ មានស្រមោលងងឹតព្រិលឆៀងទៅខាងខ្មៅ បានជួយឧបត្ថម្ភ ទឹលចិត្តកិច្ចកកំពុងដើរញាប់តឹក ៗ ឲ្យរីករាយឡើងបានបន្ដិចដោយមានសេចក្ដីសង្ឃឹមបង្កើតឡើង តែមកដល់ត្រង់នេះហើយឃើញនាឡិកា ហាក់ដូចជាដើររឹតតែយឺតយូរជាងសព្វដង កិច្ចកផ្ទំលើព្រះទែនប្រុងឲន្ទ្រីយ៍ររៀសរវៃ ចាំស្ដាប់សូរជើងនាងឆោមលំអរនឹងឈានជើងចូលទៅរកខ្លួន ក្នុងទីបំផុតទ្វារបន្ទប់នោះ ក៏សន្សឹម ៗ បើកបន្តិច ៗ រូបស្រស់បំព្រងតែងខ្លួនទងវងជជាយបានចូលទៅដល់ក្នុងបន្ទប់នោះ កិច្ចកក្រឡេកឃើញញញឹមញញែមក្រោកឡើងអង្គុយ ហើយអញ្ជើញនាងឲ្យអង្គុយក្នុងរង្វង់ដៃ នាងស្សឹម ៗ ដើរចូលទៅកាន់ទីព្រះទែន ដោយគ្រឿងតែងកាយ ដោះគ្រឿងតែងកាយខាងក្រៅចេញភ្លាម យីអើមិនមែនស្រីទេតើ កិច្ចកឃើញច្បាស់ទៅជាអ្នកចម្បាំងម្នាក់រូបសម្បើមមកឈរនៅមុខគេ ហើយស្រែកគំរាមថា អាខ្មោចឥតខ្មាស អាឯងមិនដឹងទេឬ ជាស្ត្រីបរិសុទ្ធមិនលក់កិត្តិយសរបស់ខ្លួន ព្រោះឃើញលាភ ឥឡូវអាឯងចូលត្រៀមខ្លួនរឿងចិត្តខ្មៅរបស់អាឯង ដើម្បីចុះទៅកាន់និរយភូមិជាឆាប់ ។ និយាយតែប៉ុណ្ណោះ គេក៏ចាប់កិច្ចកកន្ត្រាក់អំពីព្រះទែនប្រហារជីវិតដោយក្ដាប់ដៃដ៏ មានឫទ្ធិស្លាប់បង់ ភីម អ្នកក្លែងខ្លួនជាស្ត្រី ក៏ប្រវាឡើងកំផែងវាំងកិច្ចក ចុះទៅដេកព្រងើយ គ្មានអ្នកឯណានីមួយក្នុងវាំងនោះ ដឹងថាមានហេតុកើតឡើង ។ ព្រឹកឡើងទាល់តែថ្ងៃហួស បន្ទប់ទីបន្ទំកិច្ចកនៅតែបិទ អ្នកទាំងពួងសង្ស័យ មានទទួលសវនិយទៅពិនិត្យមើល ដើម្បីឲ្យដឹងជាហេតុដូចម្ដេច លបើកទ្វារចូលទៅ អ្នកបម្រើនោះក៏ទច់ង៉ក់ធ្វើភ្នែកក្រលួង ព្រោះឃើញសពកិច្ចកដេកស្ដូក លោហិតច្រាលពាសទាំងល្វែង និងប្រឡាក់ទៅតាមខ្លួនសព កាលសេចក្ដីនោះជ្រាបទៅដល់ព្រះញាតិវង្ស ក៏ភ្ញាក់ផ្អើលតែរាល់គ្នា រានីជាព្រះជេដ្ឋភគនី ក៏ទៅជាខ្យល់ចាប់បាត់ស្មារតី ដោយអំណាចទោសឃោរឃៅ អ្នកអម្បាលនោះក៏រករឿងចោទថា នាងទាសីជាអ្នកសម្លាប់ តែមិនមានស្មរបន្ទាល់ល្មមយកជាការពិតបាន ព្រោះមានសេចក្ដីឃើញថា រឿងឃាដកម្ម ប្រុសមានរូបរាងមាំមួនយ៉ាងកិច្ចកនេះ ស្ត្រីមិនអាចនឹងធ្វើបាន ទោះបីដូចនោះក្ដី មនុស្សទាំងឡាយក៏មិនអស់សង្ស័យ នូវមានសេចក្ដីឃើញថារឿងឃាដកម្មគ្រានេះជាករណីហេតុស្ងាត់កំបាំង តែរានីទ្រង់សង្ស័យ ត្រង់ដែលថា សៃរិន្ធរី ជាអ្នកដើមហេតុ ដោយហេតុនេះព្រះនាងមិនបានបិទបាំងរឿងសង្កានេះទុក តែងត្រាស់ប៉ោច ៗ ជាញយ ៗ ថាតែឃើញមុខនាងទាសីកាលណាឲ្យនឹកជិននឹកស៊ីក្នុងចិត្ត ព្រោះតែឃើញហើយ បណ្ដាលតឿនព្រះហឫទ័យឲ្យព្រះនាងនឹកដល់មរណកម្មរបស់ព្រះអនុជ ក្នុងទីបំផុតព្រះរាជាក៏ត្រូវខ្យល់កួចត្រឡប់ត្រឡិននាំឲ្យជឿ ពាក្យព្រះមហេសី ត្រាស់ឲ្យចងដៃចងជើងសៃរិន្ធរី នាំយកទៅដុតទាំងរស់ ព្រមនឹងសពកិច្ចកលើជើងថ្ករជាមួយគ្នា ។ ឯនាងទាសីសៃរិន្ធរី ត្រូវគេផ្ចាញ់ផ្ចាលជាច្រើនម៉ោង ដើម្បីនឹងឲ្យនាងទទួលសារភាពតាមពិត តែនាងខំអត់ធន់ទារុណកម្មនោះ ដោយសេចក្ដីមានះក្លាហាន ដោយឈ្វេងយល់ច្បាស់ថា ពួកបាណ្ឌវក្សត្រិយ៍នឹងមកជួយនាងឲ្យរួចអំពីភ័យក្នុងវេលាមានឱកាស ការដែលត្រូវចងដៃចងជើងរឹតក្រញុះ ដូចជាគេចងជ្រូកនោះ ព្រះនាងពេញទៅដោយសេចក្ដីទុក្ខសោក នឹកស្រណោះស្ដាយព្រះអនុជដែលសុគតទៅ និងដិតចិត្តនឹងនាងទាសីជាទម្ងន់ ។ លំដាប់នោះ គេនាំនាងទៅកាន់សុសានប្រទេស2 មានទាហានប្រមាណ ៥០ នាក់ឃុំខ្លួននាងទៅ ដើម្បីការពារមិនឲ្យនាងរត់ និងចាំការពារមិនឲ្យពួកញាតិរបស់នាងមកដណ្ដើមយកខ្លួននាងទីបាន ។ ទីមេន3 នោះគេបានចាត់ចែងតម្កល់ជើងថ្ករ ត្រៀមទុកថ្វាយព្រះភ្លើងសពកិច្ចក ចំណែកឯនាងក៏ត្រូវបង្គាប់ឲ្យឡើងទៅដុតខ្លួនសម្លាប់លើជើងថ្ករ នេះ ព្រមនឹងសពកិច្ចកដែលគេចោទថានាងជាអ្នកសម្លាប់ តែមុននឹងឡើងទៅលើជើងថ្មរ គេបានអនុញ្ញាតឲ្យនាងប្រការសតិសេចក្ដីឯណានីមួយ មុនវេលាលាស្លាប់ ថាបើនាងមានបំណងនឹងពោលបច្ឆឹមវាចាលំដាប់នោះនាងក្រោកឡើងឈរដោយ អាចហាន ហើយនិយាយសម្លេងយ៉ាងច្បាស់លាស់ មិនមានរន្ធត់ថាៈ ម្នាលសុភាពបុរសទាំងឡាយ ប្រសិនជាអ្នកមកនឹកមួយរំបេចមើលថា បើមាតា ឬបងស្រី ប្អូនស្រី បុត្រី របស់អ្នក បាននូវសេចក្ដីអាម៉ាស់មុខ ព្រោះប្រុសដែលស្លាប់ទៅនេះ ទាំងនាងនោះឯងក៏មិនពេញចិត្តនឹងយកសម្មានសក្ដិរបស់ខ្លួនមកប្ដូរ នឹងប្រុសនេះ ដូចយ៉ាងខ្លួនខ្ញុំនេះ តើអ្នកនឹងចងដៃចងជើងយកនាងទៅដុតទាំងរស់ ព្រោះហេតុដែលនាងព្យាយាមនឹងការពារសេចក្ដីបរិសុទ្ធរបស់នាងឬ ខ្ញុំជឿថា អ្នកទាំងពួងគងនឹងប្រកែកព្រមគ្នាថា នឹងមិនធ្វើដល់នាងឡើយ ថាប់ដូចនោះសោតហេតុម្ដេចស្ត្រីកំសត់គ្មានផ្ទះសម្បែង គ្មានញាតិវង្ស គ្មានអ្វីបរិភោគចិញ្ចឹមជីវិត រស់នៅដោយត្រដរ ដោយអ្នកដទៃឲ្យទាន មកត្រូវទោសដូចនេះ ខុសនឹងអ្នកទាំងពួង ក្នុងមួយវេលាឬពីរបីមីនុតទៀត ខ្ញុំនឹងដុតជីវិតគ្មានខ្លួន តែចិត្តរបស់ខ្ញុំនឹងរង្គាត់ទៅក្នុងលោក ចិត្តរបស់ព្រហ្មចារិនីមិនចេះស្លាប់ ។ លុះនាងនិយាយចប់ចុះផុតមាត់ ឃើញបុរសម្នាក់ខ្មៅធំមាំរត់សំដៅទៅមាត់ទន្លេ ត្រង់ទីដែលនឹងថ្វាយព្រះភ្លើងសពកិច្ចក ស្រែកបណ្ដើរថា ខ្លួនគេកាន់រាជសារមក ដោយមានកិច្ចដ៏ប្រញាប់ គេរត់ចូលមកយ៉ាងលឿន ៗ ទាល់តែអ្នករក្សាការនឹងហាមឃាត់ ឬសួរយកសេចក្ដីមិនទាន់ ៗ ដឹងជាអ្នកណានោះមកល្អ ឬមកអាក្រក់ គេក៏ដល់មកទីប្រជុំជន រត់កាត់ហ្វូងអ្នករក្សាការដែលឈរត្រៀបជុំវិញ ក្រប៊ីដែលកាន់នៅដៃក៏វាត់ឆ្វេងវាត់ស្ដាំ ត្រូវដាច់ករធ្លាក់អំពីកាយរណែល ហើយស្រែកប្រកាសសម្លេងដ៏ខ្លាំងថា ៖ កិច្ចរបស់យើងដែលមកទាំងប្រញាប់ប្រញាល់នេះ ក៏គឺនឹងមកជួយស្ត្រីដែលជាប់ចំណងនេះ កិច្ចតទៀត គឺនឹងសម្ដែងឲ្យមនុស្សទាំងឡាយឃើញថា ដែលតូចមុខមុតនេះ (យកដៃចង្អុលទៅក្រប៊ី) នឹងប្រហារក្បាលអ្នករាល់គ្នាឲ្យកំបុតទៅបាន ។ និយាយដូចនោះហើយ គេក៏ស្ទុះប្រវារឡើងទៅលើជើងថ្ករទៅជួយស្រាយសៃរិន្ធរី ហើយនាំចុះមក វេលាត្រឡប់មក បានកាប់សម្លាប់គ្នានឹងពួកអ្នករក្សាការ ១ ភ្លេងធំ គេវាត់ឆ្វេងក្រហែលស្ដាំដោយក្រប៊ីសម្រាប់ដៃខ្លះ សាច់ដៃខ្លះ ដាច់ជើងស្លាប់ទៅប្រមាណ ២០ នាក់ ឈាមបាចប្រសាចពាសមាត់ទន្លេ ទីឈាបនកិច្ចក្លាយទៅជាទីចម្បាំង ពេញទៅដោយលោហិតមនុស្ស អ្នករស់រួចជីវិតទៅក៏មិនប៉ុន្មាននាក់ អ្នកដែលរួចអំពីមុខក្របី ក៏គឺអ្នកដែលគេចរត់ទៅជាមុន ស្រេចការកាប់សត្រូវដោយកម្លាំងក្លាមុខគួរព្រឺព្រួចប៉ុណ្ណោះហើយ បុរសនោះក៏ត្រកងសៃរិន្ធរីដាក់លើស្មាលីហិចយាត្រាទៅ ក្នុងរយៈផ្លូវឆ្ងាយផុតកន្ទុយភ្នែក ។រឿងមហាភារតយុទ្ធ
ក្នុងរវាងឆ្នាំទីបំផុតនៃការនិរទេសបាណ្ឌវក្សត្រិយ៍ ទុរយោជន៍បានព្យាយាមស៊ើបរក ទីសំណាក់ពាក់ពួនលាក់ខ្លួនពួកបាណ្ឌវជានិច្ច ចំណែកឯបាណ្ឌវក្សត្រិយ៍ក៏ពឹងពួនលាក់ខ្លួនយ៉ាងសុខុម គ្មានអ្នកណាដឹងដំណឹងឬឮរហើបរហាយសោះដូចប្រាកដហើយខាងដើម គ្រប់ ៗ ពួកកងក្រវែលដែលទុរយោជន៍ប្រើទៅឲ្យក្រវែលស៊ើបរកដំណឹងនោះ បានត្រឡប់វិលទៅវិញដោយប្រាសចាកផលដែលបំណងប៉ងទុក ទៅថ្លែងការណ៍ថ្វាយទុរយោជន៍ថា ពួកគេបានខ្មីឃ្មាតចេញទៅស៊ើបរកខ្លួនគ្រប់កន្លែងដែលមនុស្ស អាស្រ័យនៅ និងក្នុងដែនដងព្រៃរហោឋានមិនបានប្រទះយុធិស្ឋិរ ឬគ្រាន់តែឮដំណឹងរសិបរសៀបសោះ ទុរយោជន៍ទ្រង់សម្គាល់ថា សត្វសាហាវក្នុងព្រៃគង់ខាំស៊ីបាណ្ឌវក្សត្រិយ៍ទាំងប្រាំទៅហើយ ព្រោះពួកដែលត្រូវនិរទេសចាកនិវេសស្ថានទៅដើរព្រៃ មិនដែលរួចពីខ្លាខាំស៊ី ទុរយោជន៍រឹតតែជឿ ហើយទុកចិត្តជាខ្លាំងឡើងរាល់វេលាថា ពួកបាណ្ឌវគ្មានខ្លួនហើយ ទាំងនេះព្រោះព្រះហឫទ័យរបស់ទ្រង់ប្រាថ្នាតែឲ្យគូបដិបក្សសូន្យទៅ អំពីផែនដី ទើបស្រូតទុកដាក់ឲ្យទៅជាដូចនេះដូចនោះជាមុនឯទោណអាចារ្យ គ្មានចិត្តព្យាបាទបំណងស៊ីសាច់ច្របាច់ឈាមដូចនោះទេ ទាំងភីស្ម ដែលមានព្រះកេសាស្កូវព្រោង ក៏ដូចគ្នា មិនទ្រង់ជឿសោះថាបាណ្ឌវក្សត្រិយ៍អស់ព្រះជន្ម ព្រះអង្គមានព្រះជន្មាយុកាល ៨០ ឆ្នាំហើយ កិច្ចការទាំងពួងទ្រង់ត្រិះរិះរកហេតុផលឲ្យឃើញជាក់ស្ដែងសព្វ គ្រប់ ទើបបញ្ចេញវាចាក្នុងរឿងនេះ ក៏ទ្រង់រំឭកថា កុំអាលសន្និដ្ឋានដោយរួសរាន់ហួសទៅ ទ្រង់ទុកព្រះហឫទ័យថា ពួកបាណ្ឌវកាលនោះ ក៏ឈ្មោះថាមានពួកច្រើននៅក្នុងខ្លួនសត្វសាហាវយង់ឃ្នង មិនមែនមកប្រឡងរិទ្ធិពាធាយាយីបានដោយងាយ ៗ ទេ ទ្រង់អាចតស៊ូមនុស្សឬសត្វសាហាវរាប់ដោយចំនួនរយពាន់ នាយខ្មាន់ធ្នូយ៉ាងអរជុនជឿថា គង់ជាមិនត្រូវសឹកលបប្រទុស្តរាយបាន ព្រះហឫទ័យភីស្ម ទ្រង់ព្រួយតែទុរយោជន៍វិញ ក្រែងសត្រូវលបវាយបាន ដោយមិនដឹងខ្លួន ព្រោះមកប្រមាទជឿថា សត្វសាហាវខាំបាណ្ឌវក្សត្រិយ៍ស្លាប់បង់ហើយ ក្រិបាចារ្យ និងភីស្ម គេមិនបានសំងំទុកតែក្នុងចិត្ត កាលទុរយោជន៍ត្រាស់សួររឿងនេះ ក៏ក្រាបទូលមូលមតិតាមត្រង់ ៗ ចំពោះព្រះភក្ដ្រថា ៖
ទូលព្រះបង្គំមានសេចក្ដីកង្វល់អំពល់ចិត្ត គិតដល់រឿងនិរាសភ័យនៃព្រះអង្គពន់ពេក មិនសូវជាទៅនឹកដល់បាណ្ឌវក្សត្រិយ៍ដែលជឿថាប្រាសចាកភ័យ មានជីវិតរស់នៅដល់សព្វថ្ងៃនោះទេ ព្រះករុណា ព្រោះទោះបីអាក្រក់ល្អ ក៏ជារឿងរបស់គេ ក៏ឥឡូវឆ្នាំទី ១៣ នៃការនិរទេសទៀបនឹងអស់ហើយ គួរតែព្រះអង្គព្យាយាមផ្សះផ្សារការបាក់បែកគ្នាជាយូរឆ្នាំហើយ នេះ ឲ្យដាច់ស្រេចទៅ នឹងបានជាផ្លូវសុខកាយសប្បាយចិត្ត មិនតោងភ្ញាក់ផ្អើលតទៅ មិនដូចនោះនឹង ….. តែទូលព្រះបង្គំក្រែងព្រះហឫទ័យដែលនឹងក្រាបទូលរឿងពិត ដែលវានិងមកផ្ដាច់ជីវិតយកទៅក្នុងថ្ងៃឯណានីមួយក្នុងវេលាក្រោយ ។ ចារបុរស1 ដែលទុរយោជន៍ប្រើឲ្យទៅស៊ើប បានសេចក្ដីល្អិតល្អមកហើយ តែកាលឃើញថា ខ្លួនប្រកែកនឹងគេមិនរួច ទើបក្រាបទូលថា ទូលព្រះបង្គំជាខ្ញុំបានពត៌មានដ៏ល្អ គួរនឹងនាំមកក្រាបទូលឲ្យទ្រង់ជ្រាប យុធិស្ឋិរអស់ព្រះជន្មហើយជាប្រាកដ នៅមានពត៌មានល្អជាងនោះទៀត គឺកិច្ចកកុមារ ប្អូនថ្លៃព្រះចៅវិរាដ ក៏ស្លាប់ដោយដៃមនុស្សកំណាចប្រហារបង់ហើយ ទូលព្រះបង្គំត្រេកអរនឹងសង្ឃឹមទុកថា មិនប៉ុន្មានថ្ងៃ ទង់ជ័យនៃពួកកោរពដ៏ថ្កើងរិទ្ធិ នឹងទៅប្រតិស្ឋានលើកំពូលប្រាសាទ ព្រះចៅវិរាដរលាស់កន្ទុយយ៉ាងរំភើយ ។ ទុរយោជន៍នឹកញញឹមប្រប្រិមក្នុងកមលហឫទ័យ ដូចយ៉ាងកូនក្មេងកំពុងពេញពាល ត្រាស់ឲ្យរៀបកងទ័ពត្រៀមទុកដើម្បីនឹងលើកទៅវាយក្រុងវិរាដ ឲ្យសព្វគ្រប់ព្រមទាំងទាហានទាំងគ្រឿងយុទ្ធភ័ណ្ឌ ។ តមកពីរបីវេលា កងទ័ពកុរុមានសុសរម័ន អ្នកក្លៀវក្លារឹងរិទ្ធិក្រៃក្រៀងហ៊ានជាមេទ័ព បានលើកទ័ពយាត្រាត្រង់ទៅក្រុងវិរាដ សុទ្ធតែកងទ័ពដែលបានតាក់តែងយ៉ាងឯកគ្រប់ប្រការ ចាត់យ៉ាងផ្ចិតផ្ចង់តាំងពីផែនទីសម្រាប់ដើរទ័ពចូលទៅវាយនិង ការពារខ្លួន រហូតដល់ឡេវអាវពលទាហាន ចាត់ល្អរៀបរយដោយបែប ៗ គ្រប់យ៉ាង តាំងពីកាលណាមក កងទ័ពកុរុដែលលើកចេញពីក្រុងទៅ មិនដែលសម្ដែងអាការក្លារីករាយ ហើយនឹងបំណងយកជ័យជម្នះដូចនេះ រឿងសេចក្ដីស្លាប់កណ្ដាលសង្គ្រាមនោះ គេមិនបានគិតយកមកជាអារម្មណ៍ក្នុងចិត្តសោះឡើយ គេបញ្ជូនចិត្តឈោងចំពោះដល់ទីយុទ្ធភូមិឥតមានរួញរា មានតែស្រើបស្រាលសាទរហ៊ោកញ្ចៀវអឺងអាប់ស្ទើរដាច់ផែនពសុធា សេចក្ដីក្លាហានដូចនេះ លោកវាយតម្លៃថ្លៃជាងសេចក្ដីប្រាថ្នានៃអ្នកមានចិត្តលោភគិតតែខាង បាន ។ គ្រានោះព្រះចៅវិរាដបានទទួលថ្លែងការណ៍ថា សឹកលើកចូលមកជាន់ដែនវិរាដ ទ្រង់មានបញ្ជាឲ្យរួបរួមទាហាន ដើម្បីនឹងលើកទៅតទល់សឹកនឹងកម្ចាត់ឲ្យជ្រុះស្រឡះទៅអំពីដែន កុំឲ្យសឹកចូលមកដល់ក្រុងជាមុនទ្រង់ដំណើរកងទ័ពទៅទទួលសឹកនៅទី កណ្ដាលវាលធំ កងទ័ពទាំងសងខាងបានមកប្រទះប្រទល់មុខគ្នានៅទីនោះ ឈប់បង្អង់ស្ងៀមចាំស្ដាប់អាណត្តិសញ្ញា នឹងចូលធ្វើការតយុទ្ធគ្នា កងទ័ពទាំងសងខាងឈរប្រឈមទល់មុខគ្នា បីដូចជាថា អ្នកបញ្ជាកងទ័ពទាំងសងខាង កំពុងតាំងគ្រឿងថតរូបកងទ័ពមុខរបស់ខ្លួនដូចនោះ មួយស្របក់សុសរម័ន អ្នកបញ្ជាការកងទ័ពកុរុស្រែកប្រកាសថា ច្បាំង រន្ទះសម្លេងឮច្បាស់ទៅដល់កងទ័ពម្ខាង លំដាប់នោះកូនសរដូចគ្រាប់ភ្លៀង ក៏រត់វឺវូលើនភាកាស ពួយប្រជួសប្រច្រាសគ្នាទៅត្រង់ទិសទាំងសងខាងទំគិចគ្នាឮសូរឆាត ៗ ឆាប់ ៗ ក្នុងកណ្ដាលវេហា កូនសរខ្លះក៏ទៅត្រូវរាងកាយទាហានខាងសឹក កូនសរខ្លះ ក៏ធ្លាក់ដល់ដីឥតមានត្រូវការបច្ចាមិត្រ ទាំងពីរពួកក៏សង្ខុញចាប់ជិតប្រកិតចូលទៅកល់បីដូចលលកសមុទ្រ បុករុកលោលោតចូលទៅប្រហារគ្នានូវគ្នាដោយកូនសរ កាន់តែក្រាស់ឡើង ៗ ដោយលំដាប់ ឮសូរសព្ទអ៊ឹកធឹកគឹកកងខ្លាំងឡើង ៗ ស្ទើរកក្រើកអំពើកទាំងផែនពសុធា ចុងក្រោយមកយោធាទាំងសងខាងក៏ចូលប្រឡូកតស៊ូគ្នា ដោយដាវលំពែងអាវុធខ្លីសម្រាប់ដៃ ។ មេទ័ពទាំងសងខាង មិនតែដេញពលក្នុងបង្គាប់បញ្ជាខ្លួនឲ្យចូលប្រឡូកគ្នាប៉ុណ្ណោះ ខ្លួនឯងទាំងពីរប៉ែកបានច្បាំងផងដូចយ៉ាងពលទាហានកូនសរមេទ័ពខាង កុរុបាញ់មកត្រូវព្រះកាយព្រះរាជាវិរាដ មានរបួសបន្តិច សូម្បីត្រូវមានរបួសហើយក្ដី ទ្រង់ក៏នៅសម្ដែងសេចក្ដីក្លាហានច្បាំងរឿយទៅ ដើម្បីនាំសម្រើបចិត្តពលទាហានច្បាំងតទៅ សូម្បីទ្រង់យកព្រះហឫទ័យទុក្ខដាក់ម្ល៉ោះក្ដី ក្នុងជាន់ដំបូងនេះ នឹងផ្ទឹមមុខទាហានកុរុមិនបាន ព្រោះកងទ័ពវិរាដទន់ហាត់ ឬថាមិនសូវប្រសប់ក្នុងយុទ្ធវិធីក៏ថាបាន សេចក្ដីខនេះធ្វើឲ្យឃើញផលក្នុងខណៈនោះ គឺទាហានក្រុងវិរាដចេះតែថយក្រោយ រុកទៅមុខទើសទើទៅមិនរួច ថយទៅតាំងមាំហើយក៏របេះ ៗ ថយចូលទៅទៀត ក្នុងមិនយូរប៉ុន្មាន ក៏ថយផាយទៅតែម្ដង ទាល់តែឃើញថា ទប់ទល់កុរុមិននឹង ។ តមកបន្ដិច សុសរម័ន ចាប់ព្រះរាជាវិរាដបានក្នុងទីចម្បាំងពន្ធនាការនាំយកទៅទុកក្នុង កងទ័ពកុរុ ទាហានកុរុសប្បាយចិត្តរកអ្វីប្រៀបគ្មានស្រែកហ៊ោ ជយោ ៗ ឮសូរសព្ទគឹកកងស្ទើរផ្អៀងផែនប្រថពី កាលចាប់បានព្រះចៅវិរាដទៅហើយ ឈ្មោះថាចប់ ១ ភ្លេងប៉ុណ្ណោះ ការដែលមើលទៅឃើញម្ចាស់ជីវិតរបស់ខ្លួនដ៏ជាកំពូលទ័ព ជាប់អន្ទាក់នៅក្នុងកណ្ដាប់ដៃសឹកនោះឯង ជាអណត្តិសញ្ញាមកដាស់តឿនចិត្តអ្នកបង្គាប់ការគ្រប់ជាន់ ឲ្យក្រើនពលទាហានដែលកំពុងស្លុត ត្រឡប់ជាមានព្យាយាមរៀងខ្លួន ដើម្បីនឹងច្បាំងយកជ័យជម្នះមកវិញត្រាតែបាន ពួកទាហានវិរាដព្យាយាមច្បាំងរុករានដោយមានក្លាហាន យ៉ាងមិនគិតជីវិតដើម្បីជួយម្ចាស់របស់គេ ឲ្យរួចអំពីអន្ទាក់នៃអរិរាជសត្រូវ ខ្មួលខ្មាញ់ចូលទៅ មួយលើកហើយមួយលើកទៀត ក៏មិនកើតផលសម្រេចទៅបាន ដោយកម្លាំងសឹកកំពុងឃឹកឃាក់ខ្លាំងណាស់ ការសែលបែកផាយថយមករាល់ដង មុខគួរឲ្យទាហានរអាចិត្តតែមិនដូចនោះ ត្រឡប់ជាធ្វើឲ្យទាហានអស់នោះ កើតមានក្លាឡើង ចូលវាយមួយហ៊ឺទៀត កល់បីដូចជាលលកសមុទ្រគ្រាត្រូវពាយុបោកបក់ ការច្បាំងក្នុងលើកនេះឃើញថា ស្រុះគ្នាហើយឃើញញឹកដូចជាឡើង ៗ គេមិនបានរួមកម្លាំងព្រួតគ្នាវាយដោយអន្លើ ៗ ដូចកាលមុន គេពង្រីកថែវទាហានរាយរហូទទីចម្បាំង ក្នុងទីបំផុតទ័ពកុរុមានអាការធុញក្នុងចិត្តកើតសេចក្ដីរទីសរទាស មិនស្មើភាគការមានជ័យជម្នះ កើតសេចក្ដីរាយក្នុងជាន់ដំបូងនោះ ត្រឡប់ជារោយរៀវអន្ដរធានទៅ សឹកខាងក្រុងវិរាដឡើងចុងដៃ កាន់តែមានកម្លាំងហ៊ឹកហ៊ាក់គ្របមកលើខ្លួន លំដាប់នោះ ពល្លក (នេះជានឆាមប្លមរបស់ភីម គ្រាប្លមខ្លួនទៅនៅក្នុងវិរាដ) បានទៅជួយព្រះចៅវិរាដឲ្យរបូតរួចមកបាន ពួកសេនាទាហានរបស់ទ្រង់ នាំគ្នាហ៊ោគឹកកងរំពងទាំងទីយុទ្ធភូមិ ដោយមានជ័យ ម្ដងនេះជាវារព្រះរាជាវិរាដនិងធ្វើការសងសឹកវិញ ទាហានវិរាដចូលវាយកាន់តែស្រុះគ្នា ហើយញឹកឡើងព្រិប ៗ ឃើញបានផលល្អឡើងដោយលំដាប់ ទាល់តែទ័ពកុរុទ្រមិនបាន បែកខ្ចាត់ខ្ចាយផាយចូលក្រុងហស្ថិបុរ ចាប់បានសុសរម័នមេទ័ពកុរុបាន តែដើម្បីនឹងសម្ដែងមេត្តាចិត្ត ព្រះរាជាវិរាដត្រាស់ឲ្យលែងខ្លួនគេ ទៅនគរដើមវិញ ។ ទ័ពកុរុដែលទុរយោជន៍បញ្ជូនទៅធ្វើសង្គ្រាមនិងក្រុងវិរាស ដោយចិត្តមនោមានក្លាហាន ក៏ចប់ចុះដោយប្រការតែប៉ុណ្ណេះម្ដង ។ តែសង្គ្រាមដែលទន់ទាបចាញ់ប្រៀបគេគ្រានេះ មុខគួរទម្លាយសេចក្ដីព្រហ៊ើនយង់ឃ្នងរបស់ទុរយោជន៍ឲ្យថយចុះ តែមិនដូចនោះ ត្រឡប់ធ្វើជាឲ្យទុរយោជន៍កំរើបរិទ្ធិណាស់ ឡើងជាងមុនទៅទៀត ប្រញាប់រួបរួមកងទ័ពបានល្មមការហើយ ការលើកក្បួនទ័ពចេញទៅធ្វើសង្គ្រាមនឹងក្រុងវិរាដម្ដងទៀតជាគ្រា ទី ២ ដោយរួសរាន់ គ្រានេះទ្រង់នាំទ័ពដោយព្រះអង្គឯង ទុរយោជន៍លើកទ័ពទៅគ្រានេះ ចំពោះត្រូវនឹងវេលាដែលព្រះរាជាវិរាដមានរាជកិច្ច តោងស្ដេចចេញចាកព្រះនគរទៅ ដំណឹងទ័ពដឹងដល់សេនាបតីរបស់ព្រះអង្គ គេបានប្រជុំគ្នាជំនួសព្រះនេត្រព្រះស្រោត ដើម្បីប្រឹក្សារឿងដែលនឹងចាត់ការតស៊ូមហាភ័យដែលកើតឡើងក្នុង បច្ចុប្បន្នបន្ទាន់វេលា ក្នុងរវាងដែលព្រះរាជារបស់គេមិននៅ ព្រះរាជបុត្រ រជ្ជទាយាទបានទទួលដំណែងជាអ្នកបង្គាប់បញ្ជាកងទ័ព ពេញកិត្តិយស គេបានត្រៀមសេះ ដំរី និងគ្រឿងយុទ្ធភ័ណ្ឌគ្រប់មុខគ្រប់យ៉ាងដោយរួសរាន់ ទាំងកេណ្ឌទាហានបញ្ចូលថ្មីឡើងទៀត បំពេញចំនួនដែលខ្វះខាតក្នុងកាលសង្គ្រាមគ្រាមុនឲ្យធួនការដែល ប្រមើលទុក កើតរជោរជើបជ្រួលទួទាំងព្រះរាជាណាចក្រ សូម្បីតែស្រីក៏មានភាគជំនួយការទ័ពតាមកម្លាំងនិងសេចក្ដីអាចរបស់ ខ្លួន ត្រង់នេះគួរសរសើរសេចក្ដីសាមគ្គីអ្នកស្រុកវិរាដ ។ កាលត្រៀមការព្រមស្រេចហើយ ក៏បានដំណឹងរាជការសឹកមកម្ដងទៀតថា សឹកលើកចូលមកជាន់ដែនហើយ កងទាហានរក្សាក្រុងក៏ម្នីម្នាលើកទៅធ្វើការរាំងរាទប់អំពីចម្ងាយ កុំឲ្យចូលមកដល់ក្រុង ។ កងទ័ពទាំងពីរបានប្រទះគ្នាម្ដងទៀត ភាពនៃការប្រយុទ្ធបានដំណើរទៅយ៉ាងគ្រាមុន ផ្លាស់គ្នាឈ្នះចាញ់ជាធម្មតា សេនាទាហានទាំងពីរពួកមានចំនួនច្រើនអនេកអនន្ត ចូលតយុទ្ធគ្នាខ្មួលខ្មាញ់ឥតស្រាកស្រាន្ត ប្រហែលហាក់ដូចលលកសមុទ្រ ដេញគ្នាពពូនពពាន ប្រទះប្រទាក់គ្នាម្ដង ៗ ឮសូរគគ្រឹកគគ្រាំ សម្លេងស្រែកបង្អៅ សម្លេងថ្ងូរ ទ្រហោយំ ពាក្យស្បថ ពាក្យប្រមាទមើលងាយ ពាក្យផរុសវាទជេរប្រទេចនានា ទ្រហឹងអឺងកងទាំងដែនយុទ្ធភូមិ ។ ខណៈដែលកំពុងច្បាំង មានរឿងចម្លែកមួយយ៉ាង ដែលជាតិអ្នកចម្បាំងគេមិនធ្លាប់ប្រព្រឹត្ត ព្រះរាជបុត្រព្រះចៅវិរាដអ្នកជាកំពូលទ័ព បញ្ជាការកងទ័ពធំខាងវិរាដ ឃើញទាហានកាប់សម្លាប់គ្នាឈាមច្រាល ក៏ក្រាបជាន់ ខូចព្រះហឫទ័យទប់ពុំបាន ស្ដេចលបចុះអំពីរថសឹក គេចចេញចាកទីចម្បាំង បែរព្រះភក្ដ្រសំដៅបូរី លុះស្ដេចរត់ទៅមួយស្របក់ហើយ នាយសារថីរបស់ទ្រង់ ទើបដឹងថាស្ដេចបាតទៅអំពីព្រះរាជរថក្នុងជាន់ដំបូងដែលងាកទៅទៅ មិនឃើញគេ ស្មានថាព្រះរាជកុមារគង់សុគតដោយថ្វីដៃបច្ចាមិត្រ តែមិនឃើញលោហិតជាប់នៅនឹងព្រះទីនាំងទ្រង់ដល់ ១ ដំណក់សោះ នាំឲ្យគេឆ្ងល់ហើយសន្និដ្ឋានថា គង់ស្ដេចរត់ទៅជាប្រាកដ ទាហាន ១ ពួកនេះ បានទទួលបង្គាប់ឲ្យទៅតាមអញ្ជើញស្ដេចមកកាន់ទីយុទ្ធភូមិ យូរបន្តិចក៏ឃើញព្រះរាជកុមារកំឡាច ត្រូវទាហានឃុំខ្លួនដូចអ្នកទោស ឬដូចឈ្លើយសឹក នាំមកកាន់ទីចម្បាំងវិញ ពួកពលទាហានរបស់ទ្រង់ពោលស៊កសៀតថា មិនគួរឡើយនឹងមកសម្ដែងសេចក្ដីកំឡាចក្នុងវេលាកិត្តិយសខ្ពស់មុខ ឬគ្រាត៧ពចូលច្រមុះដូចនេះសូម្បីតែនាយសារថីរបស់ទ្រង់ ក៏អត់គំរោះគំរាមមិនបានថាក្រឡេកឃើញតែឈាម ក៏មុខឡើងស្លេកស្លាំង ព្រលឹងផាយបាតដូចស្ត្រីនាយសារថីអ្នកបររថសឹកនៃព្រះរាជកុមារ រមែងមាននិស្ស័យជាអ្នកចម្បាំង ហើយច្រើនតែជោរ អ្នកចម្បាំងដូចគ្នានឹងអ្នកអង្គុយលើរថនោះ អ្នកចម្បាំងកម្លោះតូចពោល គឺនាយសារថីនេះ គេអាក់ខានកាន់អាវុធនៅដៃយូរណាស់ហើយ គេគិតឃើញថា ការដែលគេនឹងចេញមុខធ្វើទៅនោះជាការសំខាន់ តែនឹកបារម្ភក្រែងព្រះរាជកុមារមេទ័ពនឹងគេចរត់ទៅទៀត សឹកនឹងចាប់ខ្លួនបាន ក៏បររថកាត់ទៅជ្រុងទីចម្បាំងដានម្ខាងដល់ទៅដើមឈើធំស៊ុំទ្រុម ក៏ឡើងទៅលើដើមឈើនោះ យកធ្នូរសរនិងបំពង់ព្រួញដ៏ក្រស់ក្រាស់របស់គេសឹងលាក់ទុកមកយូរ ហើយ ៗ ក៏ចុះមករកចៅហ្វាយឡើងបររថទៅ តាំងចិត្តនឹងមកជួយតស៊ូរាជសត្រូវ របស់ចៅហ្វាយនាយ ដោយកូនសរដែលច្រេះចាប់ក្រាំងនោះទាល់តែឃើញខ្មៅឃើញសរ ទើបទូលថា ទូលបង្គំនឹងបង្ហាញទ្រង់បាញ់ សេះវានឹងនាំរថទៅឯណា ក៏តាមតែវា មើលចុះទាហានកងទ័ពខាងសឹកលោះទៅច្រើនណាស់ហើយ ។ ទូលដូចនោះហើយ ក៏លើកសរឡើងបាញ់ចេញទៅជាច្រើនព្រួញ ព្រួញមួយទៅធ្លាក់នៅមុខព្រះភក្ដ្រភីស្ម កូនសរមួយទៀតទៅធ្លាក់ទៀបជើងទោណអាចារ្យខាងកងទ័ពកុរុ ។ ទោណអាចារ្យភ្ញាក់ខ្លួន លាន់មាត់ថា ច្បាស់ហើយកាលឃើញកូនសរបាញ់មកត្រង់ចំពោះហើយ គេចាប់កូនសរនោះបាន នឹងស្គាល់ខ្លួនអ្នកបាញ់ផង នឹងថាកូនសរដែលធ្លាក់ទៀបជើងគេនោះ អ្នកបាញ់មិនបានតម្រង់ក្បាលគេ អ្នកបាញ់បំណងឲ្យគ្រាន់តែជ្រិះជើងប៉ុណ្ណោះ ងាកទៅរកទុរយោជន៍អ្នកជាស្ដេចសឹក ទូលថា ឥឡូវនេះ ទូលបង្គំមានសេចក្ដីបារម្ភ ក្នុងរឿងដែលនឹងដណ្ដើមយកជ័យ កូនសរនេះមិនមែនកូនសរអ្នកដទៃឆ្ងាយ គឺកូនសរអរជុនជាសិស្សអ្នកមានថ្មីដៃរបស់ទូលព្រះបង្គំ សិស្សនេះបើទោះបីនៅក្នុងទីប្រទល់មុខគ្នាម្ខាងម្នាក់ គួរបាញ់ទៅត្រូវជាប្រាកដ ក៏មានបំណងនឹងបាញ់ឲ្យត្រូវខ្លួនទូលបង្គំ តែនេះគេចង់សម្ដែងសេចក្ដីគោរពដល់អាចារ្យចាស់របស់គេ ទើបបាញ់សរមកឲ្យគ្រាន់តែឆិតជើង ជាការគំនាប់ជំនួសខ្លួន ។ ទុរយោជន៍ មាយាទ្រង់សំរួលក្នុងកល ក្នុងព្រះហឫទ័យមានសេចក្ដីអំណរលន់លើស ដែលបានមកជួបព្រះញាតិ អ្នកត្រូវនិរទេសចាកនិវេសនស្ថាន តាមខសន្យាជាយូរមកហើយនោះ ទ្រងហ់អំណរទាំងនេះ ដោយទ្រង់តម្រិះថា ល្អហើយ ជួបគ្នាគ្រានេះ យើងនឹងបានន្ថែមទោសនិរទេសគេទៅទៀត ១២ ឆ្នាំ ។ ទុរយោជន៍ ក៏បញ្ចេញសេចក្ដីត្រេកអរក្នុងព្រះហឫទ័យឲ្យភីស្មស្ដាប់តែខាងភីស្ម មិនចង់រវល់ មិនចូលចិត្តនឹងរឿងសាងមហាស្ថានលើនភតល2 (គំនិតឆ្កួត) ហើយមិនចង់ចូលទៅនៅក្នុងមហាស្ថានដូចនោះ ដែលអ្នកដទៃនិម្មិតឡើង ខណៈដែលគេកំពុងសន្ទនាជាមួយនឹងទុរយោជន៍នោះ រថសឹកស្ដេចសឹកក្រុងវិរាដ ត្រង់ស្លេវមកក្នុងទីនោះ ឮសូរសន្ធឹកគគ្រឹកហាក់ដូចផ្គរលាន់ ថ្លែងសរបាចប្រសាចធ្លាក់មកចុះក្នុងកណញដាលកងទ័ពកុរុដូចគ្រាប់ ភ្លៀង គ្រាប់ភ្លៀងគឺកូនសរនោះមិនចំពោះតែធ្លាក់ទៅខាងមុខ បានធ្លាក់បាចប្រសាចទៅខាងឆ្វេងខាងស្ដាំរថសឹក ដែលបរសំដៅទៅទិសនោះ ៗ រថសឹកដ៏ពន្លឹកនោះ ចូលលិកលុយដេញពលខាងបច្ចាមិត្របែកញែកធ្លុងទៅ ជាន់ពលទាហានស្លាប់ត្រៀបត្រាកណ្ដាលទីចម្បាំង គ្រានោះនាយសារថីអ្នកមានថ្វីដៃ ទើបទូលស្ដេចសឹកថា តោងច្បាំងសឹកយ៉ាងនេះ មើលចុះ ពលទាហានបែកខ្ចាយទៅហើយ ពលទាហានរបស់ទ្រង់ ថាជាអ្នកមានជ័យ ។ ព្រះរាជឱរសព្រះចៅវិរាដអ្នកជាកំពូលទ័ពនៃក្រុងវិរាដ ក៏មានជ័យជម្នះសឹកដោយប្រការដូចនេះ សំឡេងនិកររាស្ត្រសព្ទសាធុការកងរំពង កណ្ដាលពួកសេនាទាហានដែលត្រូវអាវុធមុតជាទម្ងន់ ស្រែកថ្ងូររលូងនោះ ពួកអ្នកស្រុកក៏ហូរហៀរច្រៀតបៀតគ្នាមកពាសពេញផ្លូវថ្នល់ ដើម្បីសម្ដែងសេចក្ដីអំណរក្នុងរឿងមានជ័យ កាលស្រេចការកម្រាបសឹកហើយ អង្គក្សត្រិយ៍សឹកប្រទេសវិរាដក៏ស្ដេចឡើងប្រថាប់លើរថសឹក អធឹកទៅដោយចតុរង្គនិកាយត្រឡប់ថ្កានរាជធានី ទ្រង់សន្ទនារីករាយជាមួយនឹងនាយសារថីអ្នកភក្ដីរបស់ព្រះអង្គ មកតាមថ្នល់ក្នុងព្រះនគរ ។
សេចក្ដីស្ងប់ក្នុងប្រទេស និរាសភ័យអរិរាជសត្រូវ និរាសសេចក្ដីរន្ធត់នេះឯង ជាអាការដ៏សំខាន់នៃការតាំងនៅបាននៃជាតិ និងពាណិជ្ជកម្មសព្វសារពើដែលជាលានធំ សម្រាប់ធ្វើឲ្យធនសម្បត្តិក្នុងប្រទេសដំណើរឡើងទៅកាន់សេចក្ដី ចម្រើន ព្រះអង្គជាអ្នកគ្រងរាជនេះ ក៏បានយកព្រះហឫទ័យទុកដាក់មើលរាល់វេលា ទ្រព្យសម្បត្តិក៏សម្បូណ៌ឡើងក្នុងព្រះនគរ ទ្រង់ជ្រះថ្លាក្នុងសាសនកិច្ច សម្បូណ៌ដោយទស្សនៈ និងមតិ ទ្រង់ប្រើសេចក្ដីគិតអានកាញ់គ្នេ ដោយយោបល់តាមមតិរបស់ជាតិផ្សេង ៗ ឬរបស់គណៈ របស់បុគ្គលឯកជន ទ្រង់ចាត់តាំងរបៀបសមាគម និងទំនៀមជាប្រវេណីគតិទុករៀបរយ របស់អំបាលនេះជាធម្មតាប្រចាំនៅក្នុងរាជអាណាចក្រដ៏ធំនេះទួទៅ គ្មានអ្នកណា ១ ស្គាល់ឡើយថាគ្រប់គ្រងដូច្នេះ ៗ ខុសគន្លងធម៌ ទាំងទារុណកម្មក្ដី អធម្មិករាជក្ដី អយុត្តិធម៌ក្ដី គ្មានអ្នកណាស្គាល់ថាមុខមាត់វាយ៉ាងម៉េច ប្រជារាស្ត្ររាល់គ្នា មានសេចក្ដីភក្ដី និងពេញចិត្តណាស់ដែលបានម្ចាស់សមគួរ ជាប្រមុខមកសោយរាជ្យដូច្នេះ ។
ព្រះចៅ សាន្តនុ ស្ថិតនៅក្នុងរាជសម្បត្តិ ទាល់តែជរាភាពហើយ ក៏ស្ដេចទិវង្គតទៅតាមយថាកម្ម វិចិត្រវិរយ ជា មកុដកុមាររជ្ជទាយាទ បានឡើងសោយរាជ្យសម្បត្តិមក ក្សត្រិយ៍នេះ មានឱរសពីរអង្គ នាម ធ្ឫតរាស្ត្រ (ធតរជ្ជ) ១, បណ្ឌុ ១, កាលព្រះអង្គទិវង្គតបង់ទៅហើយ ក៏កើតជាបញ្ហាចោទគ្នាឡើងថា នឹងលើកលោកអង្គណាសោយរាជ្យ នេះជារឿងដ៏ជ្រៅសុខុម កម្រនិងទម្លុះទម្លាយទៅបាន ព្រោះថា ធ្ឫតរាស្ត្រ ជារាជបុត្រច្បង បើតាមព្រះវេណីត្រូវបានរាជសម្បត្តិ តែខ្វាក់បង់អំពីកំណើត ហេតុដូច្នោះរាជសម្បត្តិ ទើបធ្លាក់ទៅលើ បណ្ឌុ ជាអនុជវិញ ព្រមគ្នាអញ្ជើញ បណ្ឌុ ឡើងគ្រងពិភព ។
កាល បណ្ឌុ ឡើងសោយរាជ្យមក មិនយូរប៉ុន្មានក៏ទ្រង់រាជតម្រិះនឹងស្ដេចចេញទៅនៅព្រៃ សព្វព្រះហឫទ័យគ្រងជីវិតនៅដោយសេចក្ដីវិវេគវិញប្រសើរ តែមិនមានបន្ទូលឲ្យអ្នកឯណានិមួយដឹង ព្រោះក្រែងរាជបរិពារទាំងឡាយមិនយល់ព្រម តែក្នុងព្រះហឫទ័យក៏នៅតែបំណងដូច្នេះខ្ជាប់មិនចេះអស់ មិនចេះហើយ ក្នុងទីបំផុត ក៏ឲ្យកើតនឿយណាយដោយតូរ្យតន្ត្រី ដែលចោមរោមជុំវិញរាជបល្លង្ករាល់វេលា ទើបស្ដេចដាក់រាជសម្បត្តិចេញចាកព្រះនគរ ពនេចរទៅនៅព្រៃ នាំយកទាំងមហេសីសម្លាញ់ទៅផង លុះកាលកន្លងយូរមក ព្រះរាជា បណ្ឌុ ក៏ទិវង្គតក្នុងដំណាក់ព្រៃ ឬ អាស្រមនោះឯង មានឱរស ៥ អង្គ ទ្រង់នាម យុធិស្ឋិរ ល្បីនាមជាអ្នកធ្ងន់ក្នុងសច្ចៈ និងសទ្ធាជ្រះថ្លា ភីម ល្បីនាមថាទ្រង់នៅព្រះកាយ ពលមហិមា ខុសនឹងមនុស្សធម្មតា មនុស្សញញើតទួទៅ អរជុន ល្បីនាមថា មានថ្វីដៃក្នុងយុទ្ធវិធី និងការប្រើអាវុធ នកុល និង សហទេព មួយគូនេះជាកូនភ្លោះប្ងូនបន្ទាប់និងអរជុន ។
កាលដំណឹងទិវង្គតនៃព្រះចៅ បណ្ឌុ ឮទៅដល់ព្រះនគរ អ្នកនគរបានពាក់គ្រឿងកាន់ទុក្ខថ្វាយតាមប្រវេណី នឹងនាំគ្នាយំសោកសម្ដែងអាការស្ដាយព្រះអង្គ ហាក់បីដូចជាញាតិរបស់គេម្នាក់ស្លាប់ទៅដូច្នោះ ព្រះញាតិវង្សព្រមដោយរាជបរិពារបាននាំគ្នាទៅអញ្ជើញព្រះនាងដ៏ជា វិធរា និង បាណ្ឌពកុមារ ទាំង ៥ អង្គ ត្រឡប់ចូលមកកាន់ក្រុងហស្ដិនបុរវិញ ឲ្យសំណាក់នៅក្នុងវាំងព្រះចៅ ធ្ឫតរាស្ត្រ (ក្សត្រិយ៍ខ្វាក់) ចំណែកឯឱរសទាំង ៥ របស់ព្រះនាង ធ្ឫតរាស្ត្រ ជាបិតុលា ក៏ទ្រង់ឧបត្ថម្ភឲ្យរៀនសូត្រសិល្បសាស្ត្រផ្សេង ៗ ជាមួយនឹងឱរសរបស់ព្រះអង្គ មាន ទុរយោធន៍ ជាដើម ។
កាលរាជកុមារបងប្អូនទាំង ៥ អង្គ ចម្រើនវ័យធំឡើង រូបរាងសក្ដិសម ទ្រូងសាយ អវៈយវៈ ទាំងពួងបានលក្ខណៈគ្រប់យ៉ាងទាំងដំណើរយាត្រា និងកិរិយាមារយាទក៏ល្អមានរាសី ជាហេតុធ្វើឲ្យអ្នកនគរនឹកសង្ឃឹមក្នុងព្រះរាជកុមារទាំង ៥ ទ្វេរចំនួនច្រើនឡើងដោយលំដាប់ គុណសម្បត្តិជាទីនិយមនៃប្រជុំអនេកនិករជន ក្នុងព្រះរាជបិតា បានឆ្លាក់មកជាមត៌កដល់ព្រះរាជកុមារទាំង ៥ ពេញបន្ទុក យ៉ាងព្រះវររាជបិតា តែគុណសម្បត្តិទាំងនេះត្រឡប់ទៅជារបស់ស្លែង ធ្វើឲ្យ ទុរយោជន៍ ព្រមទាំងបងប្អូន និងបក្សពួករបស់ ទុរយោជន៍ នាំគ្នាឫស្យាក្នុង បាណ្ឌពកុមារ ដែលជាបងប្អូនជីដូនមួយផងគ្នាជាយ៉ាងក្រៃពេក ។
ព្រះកុមារទាំង ៥ បានសិក្សាការប្រើអាវុធផ្សេង ៗ រាល់ថ្ងៃក្នុងរាជសេដ្ឋាវិជ្ជា គឺការប្រើធ្នូសរ ការប្រើរថសឹក ការកាប់ដាវនិងដាវ ពួយ លំពែង គុន ដាល់ និងហាត់វិជ្ជាយ៉ាងដទៃទៀតជាច្រើនយ៉ាង ដែលជាភាគនៃរាជវត្ត ឬការហាត់សម្រាប់ ក្សត្រិយ៍ជាតិអ្នកចម្បាំងក្នុងសម័យនោះយ៉ាងស្ទាត់ គ្រូអ្នកបង្វឹកបង្ហាត់រាជកុមារ អំបាល ជាព្រាហ្មណ៍មានត្រកូលនាម ទោណ អាចារ្យជាប្រាជ្ញមានគុណគួររាប់អាន មានមុខងារជាអ្នកប្រិតប្រៀនវិជ្ជាទាហាន ដល់ក្សត្រិយ៍គ្រប់អង្គក្នុងត្រកូលនោះ ។
ទោណអាចារ្យ ត្រូវជាមាព្រះ ធ្ឫតរាស្ត្រ កំណត់ទុកថា កាលរាជកុមារ អំបាល នេះ រៀនយុទ្ធវិទ្យាចេះស្ទាត់ហើយ នឹងបានជាកម្លាំងជួយធ្វើសង្គ្រាមនឹងព្រះចៅ ទ្រុបទ ព្រះចៅផែនដីបញ្ចាលនគរ ដែលជារាជសត្រូវនឹងព្រះអង្គមកអំពីថ្ងៃមុន ។
ទោណអាចារ្យ យកចិត្តទុកដាក់ប្រៀនប្រដៅ ហើយស្រឡាញ់ប្រណី បាណ្ឌកុមារ ទាំង ៥ ជាសិស្សច្រើន ការរៀនគ្រានោះ អរជុនមានចំរឿនលឿនទៅមុខបងប្អូនពោះមួយ និងបងប្អូនជីដូនមួយទាំងអស់ ក្នុងផ្លូវវិទ្យាអ្នកចម្បាំង មានសតិបញ្ញាស្រួចជាងគេ ហើយជាអ្នកធ្ងន់ក្នុងហិរិឱត្តប្ប ប្រដៅជឿស្ដាប់ងាយជាងបងប្អូនទាំងពួង ការុណ្យចិត្តដែល ទោណអាចារ្យ សម្ដែងចេញមកខាងក្រៅដូច្នេះ ធ្វើឲ្យ ទុរយោជន៍ ទ្វេរសេចក្ដីឫស្យាក្នុងកុមារទាំង ៥ ថែមឡើងទៀតជាច្រើនហើយនិងឫស្យាស្អប់ អរជុន ដែលមានថ្វីដៃពូកែជាបំផុត ។
លុះកុមារ អំបាល នោះ រៀនវិជ្ជាទាហានចេះចប់បរិបូណ៌ហើយ បានមានការប្រឡងថ្វីដៃកុមារអ្នកចម្បាំងអំបាលនោះ មានបណ្ដាជនជាច្រើននាំគ្នាមកកាន់ទីប្រជុំ ដើម្បីមើលការប្រឡង បានទះដៃសម្ដែងសេចក្ដីត្រេកអរ ឮ សូរសព្ទទ្រហឹងអឺងកង ពួកអ្នកប្រឡង ក៏ចូលប្រឡង តាំងចិត្តប្រឹងប្រែងសម្ដែងថ្វីដៃយ៉ាងពេញកម្លាំង តែមិនយូរប៉ុន្មានការប្រឡងនោះ មិនត្រឹមតែសាកចំណេះវិជ្ជា ឬ សម្ដែងឲ្យល្អមើល ទាំងសងខាងបណ្ដាលទោសខ្លាំងឡើង ក៏ស៊ូគ្នាតែមែនទែន ទុរយោជន៍ ចាប់តស៊ូគ្នានឹង ភិម គូបដិបក្សទាំងពីរនេះ បានចូលប្រឡូកតយុទ្ធគ្នាយ៉ាងពេញថ្វីដៃទាំងសងខាងក៏រឹតតែបណ្ដាល ទោសខ្លាំងឡើង ៗ ស្ទើរតែនឹងហុតឈាមទៅវិញទៅមក គ្រានោះមានមនុស្សចូលទៅ ហាមដោយទទួលបញ្ជាពីព្រះរាជា និង ទោណអាចារ្យ ជាគ្រូធំ ទើបក្រោកចេញទៅ វេលារសៀលថ្ងៃនោះ មានអ្នកចម្បាំងប្លែកមុខ ចូលមកក្នុងទីប្រឡងម្នាក់ទៀតឈ្មោះថា កណ៌ តែជាត្រកូលដូចម្ដេចគ្មានអ្នកណាដឹងស្គាល់ បានចូលមកចាប់គូរតស៊ូគ្នានិង អរជុន ដែលជាអ្នកក្លៀវក្លាសំខាន់សម្ដែងស្នាដៃឲ្យអ្នកមើលទាំងឡាយឃើញថា ខ្លួនគេជាគូគួរគ្នានឹង អរជុន ទុរយោជន៍ ឃើញកម្លាំងស្នាដៃ កណ៌ ហើយក៏សព្វព្រះហឫទ័យណាស់ ឲ្យនាំខ្លួនចូលទៅគាល់ឯវាំង ប្រទានរង្វាន់ជាច្រើន ហើយទ្រង់ជប់លៀងទុកជាទាហានរបស់ព្រះអង្គ ។
ការប្រឡងថ្វីដៃគ្រានេះជាហេតុរុករុញ ទុរយោជន៍ ឲ្យកើតសេចក្ដីឫស្យាក្នុង បោណ្ឌកុមារ ណាស់ឡើង ដោយហេតុដែលទទាក់ទទួលមនុស្សមានជាតិដ៏ថោកទាប ដូចយ៉ាង កណ៌ ទុកនេះក៏ស្មើដូចជាយកឲ្យមកបង់ចុះក្នុងគំនរភ្លើង ឬថែមចំណីឲ្យភ្លើងក៏ប្រហែលគ្នា រមែងពោលអួតខ្លួន ហើយញុះញង់បងប្អូន ឬ មិត្តសម្លាញ់របស់គេឲ្យបែកគ្នា ។
កុមារទាំង ៥ បងប្អូនជាអ្នកកំព្រាបិតា បានសេចក្ដីចង្អៀតចង្អល់ក្ដៅក្រហាយជារាល់ថ្ងៃ តែក៏ទ្រាំអត់សង្កត់សេចក្ដីប្រមាទ និងសេចក្ដីមើលងាយគ្រប់ប្រការ ទាំងក្នុងព្រះរាជស្ថាន ទាំងក្នុងទីប្រជុំ មានកណ្ដាលថ្នល់ជាដើមមិនតតបវិញ មើលទៅមិនខុសអីនឹងឆ្កែ ឬ ឆ្មា ដែលជាសត្វតិរច្ឆាននោះឡើយ ធ្ឫតរាស្ត្រ ទ្រង់ជ្រាបការប្រមាទព្យាបាទ មើលងាយរបស់ ទុរយោជន៍ ដោយប្រាជ្ញាញាណ ដ៏ជាអ្នកឆ្លាសក្នុងរដ្ឋប្រសាសនោបាយ ហើយទ្រង់ក៏ឲ្យបន្លែងឋានក្មួយទាំង ៥ ឲ្យទៅនៅឯវារណាវ័ត ទោះបីម្លឹងហើយ ទុរយោជន៍ ជាមនុស្សប្រកបដោយ ប្រទុស្តចិត្តជាប្រក្រតី ក៏មិនបណ្ដាលឲ្យកុមារទាំង ៥ នៅជាសុខបានឡើយ នៅតាមទៅបៀតបៀនទៀត គឺទ្រង់ឲ្យសាងវាំង ១ ធំ ប្រកបដោយក្រមួនជ័រស្រល់ ជ័រទឹក និងវត្ថុដទៃទៀតដ៏ជាចំណីភ្លើង ហើយយកកំបោរបូកពីក្រៅយ៉ាងស្និទ្ធ ឲ្យមើលឃើញដូចយ៉ាងឥដ្ឋនិងសិលា ដើម្បីអញ្ជើញកុមារទាំង ៥ ឲ្យទៅនៅ ដេលសាងឡើងដូច្នេះ ដោយចេតនាបំណងនឹងបំផ្លាញ បោណ្ឌកុមារ ដោយអគ្រនី តែនៅមានអ្នកអាណិតគឺវិទូរ (ជាឱរសនៃគុរុ) ជាអ្នកមានសតិបញ្ញាវាងវៃ បានខ្សឹបប្រាប់ដំណឹងនេះឲ្យកុមារទាំង ៥ ដឹងខ្លួនជាមុន លុះសាងមន្ទីរស្រេច ទុរយោជន៍ ក៏អញ្ជើញកុមារទាំង ៥ ភាតា ឲ្យទៅអាស្រ័យនៅក្នុងវាំងថ្មីនោះ ដោយអាងហេតុថា ក្នុងព្រះមហារាជវាំងគ្មានដំណាក់នឹងនៅឲ្យគ្រប់គ្នា ។
វេលាគ្រោះអាក្រក់មកដល់ ក្នុងរាត្រីកាល ១ នោះយប់ងងឹតពពកខ្មៅមីរដេរដាស បិទបាំងអាកាសមើលមិនយល់អ្វី អ្នកស្រុកកំពុងដេកលក់សព្វរាល់ផ្ទះសម្បែងស្ងាត់ច្រៀប គ្មានមនុស្សដើរទៅមក តាមថ្នល់ហ្វូងដល់ម្នាក់ឡើយ ខណៈនោះវាំងធំដែលសាងឡើងថ្មី ក៏ស្រាប់តែលេចអណ្ដាតភ្លើងភ្លឺសន្ធោឡើង ឮ សន្ធឹកផូងផាំង ៗ មួយស្របក់ វាំងថ្មីនោះ ក៏ទ្រោមទៅជាផះអស់ បោណ្ឌកុមារ ក៏មិនឥតគំនិត ឬ ធ្វេសប្រហែសក្នុងរឿងនេះ បានទ្រង់ជ្រាបរហស្សកម្មមកយូរថ្ងៃជាមុនហើយ ទើបបលាយនាការគេចវះ អំពីអគ្គីភ័យទៅតាមផ្លូវក្នុងដី ផុតភ្នែក ទុរយោជន៍ និងអ្នកដទៃ គ្មានអ្នកណាដឹងយល់គ្រានោះ ទុរយោជន៍ ក៏រីករាយសប្បាយក្នុងចិត្តណាស់ ដែលបានទម្លាយគូសត្រូវបានសម្រេចដូចប្រាថ្នា ទំនងដូចគ្នានឹងពាលរាជា ១ អង្គទៀត ក្នុងបុរាណសម័យបានទ្រុងខ្លុយឆ្វេក ៗ ក្រសាលលេងជាទីរីករាយកោមលហឫទ័យក្នុងខណៈដែលភ្លើងកំពុងឆេះផូងផាំង នោះឯង ។
កម៌ មុខគួរស្ញែង ដែរ ទុរយោជន៍ បានធ្វើទៅដោយប្រទុស្តចិត្តគ្រានេះ ជាគ្រឿងសម្ដែងបំភ្លឺឲ្យបណ្ដារាស្ត្រទួទៅដឹងបានយ៉ាងច្បាស់ថា គិតនឹងដុត បោណ្ឌកុមារ ច្បង គឺ យុធិស្ឋិរ ដើម្បីយករាជសម្បត្តិជាសិទ្ធិដាច់ខាត មកជារបស់ខ្លួនទាំងមូល ទុរយោជន៍ បានគិតបិទបាំងរហស្សកម៌ ការសម្ងាត់នេះទុកយ៉ាងសំខាន់ តែបុរាណលោកតែងថា សេចក្ដីសម្ងាត់ដែលប្រឹងបិទបាំងណាស់ រមែងលេចចេញបាន សូម្បីកំបាំងនៅក្នុងដួងហឫទ័យរបស់បរមក្សត្រិយ៍ ព្រោះធម្មតាអណ្ដាតមិនចេះស្ងៀម រមែងរលាស់បញ្ចេញសូរសព្ទជាដំណឹងទៅខាងក្រៅជាអាចិនដំបូង ក៏គញរាន់តែខ្សឹបខ្សៀវគ្នា លុះកន្លងទៅបន្តិចមិនយូរប៉ុន្មាន ក៏លាន់ ឮ ចេញមកខ្លាំង ៗ យ៉ាងដែលសន្ទនាគ្នាធម្មតា គ្រប់ផ្ទះសម្បែង គ្រប់កន្លែងថ្នល់ផ្សារ ឥតមានកោតក្រែងស្ដេច ឬ ចៅហ្វាយនាយណាឡើយ ហេតុដែលកើតមកទាំងនេះ ជារឿងមុខគួរខ្ពើមរអើមណាស់ ហេតុនោះកាលកន្លងមកមិនយូរប៉ុន្មាន រហស្សកម៌នោះ ក៏លេចជ្រួតជ្រាបទួទៅ សម្លេងនិន្ទានិងផរុសវាទក៏ធ្លាក់មកត្រូវ ទុរយោជន៍ កលបីដូចជាគ្រាប់ភ្លៀងដែលធ្លាក់អំពីនភាកាស ។
ចំណែកឯកុមារទាំង ៥ ភាតា
ព្រមដោយព្រះជននីក៏នាំគ្នាលីលាចាកព្រះនគរ
បែរមុខឆ្ពោះសំដៅអារញ្ញប្រទេស យកព្រៃព្រឹក្សាជាទីពឹង
ក្នុងរវាងដែលពនេចរទៅ បានត្រូវកំដៅថ្ងៃត្រូវភ្លៀង
និងសេចក្ដីនឿយលំបាកស្រេកឃ្លានសព្វទិវារាត្រី
មានតែសេចក្ដីអំណត់អត់ធន់ គឺអធុវាសនខន្តីនេះឯង
ជាគ្រឿងការពារក្ដៅរងារ និងសេចក្ដីស្រេកឃ្លាន
ជួនកាលម្ដាយនិងកូនអស់កម្លាំងណាស់
ក៏នាំគ្នាឈប់សម្រាកកាយខាងមាគ៌ា កាលល្ហែហើយក៏នាំគ្នា
ត្រេចពនេចរតទៅ ជួនកាលក៏ត្រូវឆ្លងគង្គា
នាំគ្នាព្យាយាមហែលទៅកាន់ត្រើយនាយ
ខ្សែទឹកផាត់ផាយផ្កាប់ផ្ងារទំរាំតែដល់ត្រើយជលសារ
ដែលឆ្ងាយលន្លឹមលន្លោច ក៏អស់កម្លាំងទៀបដាច់ខ្យល់
បានរួចអំពីគ្រោះថ្នាក់ទៅម្ដង ៗ ហាក់ដូចបានកើតឡើងជាថ្មី
កាលរួចទៅហើយនឹងរកទីសំណាក់អាស្រ័យក៏មិនបាន
តោងនាំគ្នាដើរកាត់ភូមិប្រទេសដ៏ដាច់សង្វែងនោះសង្សឹម ៗ ទៅ
ទាល់តែមាតាស្ងួតកស្រេកទឹកខ្លាំងណាស់ ក៏ប្រះប្រាណលើប្រថពី ភីម
អាណិតម្ដាយក៏ខំត្រេចរកវារី តែក៏គ្មានអ្វីនឹងដួសដង
ទើបដោះសំពត់ឆ្នួតមកជ្រលក់ទឹក ឲ្យជោកហើយ
ក៏ម្នីម្នាយកមកពូតបន្តក់សម្រក់ចូលក្នុងមាត់មាតា
ជួយជីវិតមាតាឲ្យរួចបានទៅ ១ គ្រា តែទឹកក្នុងសំពត់នោះតិច
មិនល្មមនឹងរំលេមបំពង់កបងប្អូន ៤
នាក់ទៀតដែលនឿយលំបាកមកជាមួយគ្នាទាំងឃ្លានអាហារក៏សែនឃ្លាន
គ្មានប្រទះផលាផលឯណានីមួយ ដែលគួរនឹងបរិភោគក្នុងថ្ងៃនោះ
ម្ដាយនិងកូនមិនអាចនិងដើរផ្លូវទៅបាន
ក៏ឈប់សម្រាកកាយក្រោមដើមព្រៃព្រឹក្សា តែកាយនិងចិត្ត ភីម
មិនបានសម្រាកសម្រាន្តឡើយ ដោយអំណាចឈឺចាប់ក្ដួលក្ដៅក្នុងចិត្ត
និយាយរអ៊ូតែម្នាក់ឯងថា អ្នកណាមួយ
នឹងជៀសវាងលិខិតព្រះជាម្ចាស់លើស្ថានសួគ៌បាន ឱកម្មអើយកម្ម
កម្មដែលបងប្អូនយើង មកទ្រាំរងវេទនាគ្រានេះ
ចិត្តយើងក្ដៅអីក្ដៅម្ល៉េះ ទៅខាងមុខគ្រោះកាច
នឹងមានមកដល់យើងជាច្រើនទៀត ឬ យុធិស្ឋិរ ជាអ្នកគួរបានរាជសម្បត្តិ
ក្នុងប្រទេសកុរុរដ្ឋ ឥឡូវនេះមកដេក នៅកណ្ដាលដី កណ្ដាលខ្សាច់
នឹងរកកម្រាលក្រាលដេកប៉ុនបាតដៃក៏គ្មាន ចំណែកឯ ទុរយោជន៍
អ្នកដណ្ដើមរាជសម្បត្តិ គេដេកអង្គុយលើកម្រាល
ក្រាលលាតស្អាតព្រមពាសពេញដោយគ្រឿងតម្កើងកិត្តិយសនិងអានុភាព
ព្រះរៀមរបស់យើង ជាមនុស្សចិត្តទន់ មិនសូវចេះប្រកាន់ទោស
ក្រោធខឹងនឹងអ្នកឯណា ចេះតែឲ្យអភ័យដល់គេងាយ ៗ កុំអី …..
ម្ល៉េះគេសោយសុខសម្បត្តិត្រេកត្រអាល
ចិត្តគេរីករាយស្ទើរនឹងអណ្ដែតទៅជាប់នឹងស្ថានសួគ៌ ។រឿងមហាភារតយុទ្ធ
សុំឲ្យនឹកមើលចុះថា
ម្ដាយនិងកូនដែលត្រូវនិរទេសចាកនិវេសន៍រាជស្ថានទៅក្នុងយប់នោះ
រមែងល្ហិតល្ហៃយ៉ាងម្ដេច តែទោះបីម្ល៉ឹង
ជាតិខន្តិយអ្នកចម្បាំងរមែងមានមានះជាធម្មតា
នាំគ្នាដើរកាត់ព្រៃទៅដោយប្រមាណស្មានក្នុងចិត្ត
មិនដឹងជាគ្រោះកម្មវានិងនាំទៅដល់ណា ១
ទៀតនឹកបារម្មណ៍ក្រែងពួកសត្រូវដិតដោយតាមមកយាយី
ទើបដោះគ្រឿងទ្រង់ចេញអស់ យកផង់ធូលីខ្មៅមកប្រឡាក់លាបកាយ
ផ្លាស់ផ្លែងតែងខ្លួនជាយោគី ដើម្បីសុំទៅបន្តិចប៉ុណ្ណោះ
ឯព្រះជននីសោត ក៏តោងប្លមព្រះអង្គជាស្រីអនាថា។ខណៈដែលដើរផ្លូវមកក្នុងថ្ងៃ ១ នោះ ម្ដាយនិងកូនបានជួបនឹងព្រាហ្មណ៍ ១ ពួក គេប្រាប់ថា គេនឹងទៅក្នុងការ ស្វយម្ពរធិតា ព្រះចៅ បញ្ចារាជ ភារស្វយម្ពរ គ្រានេះ ជាការធំអឹកធឹក ភ្នែកមនុស្សនានា នឹងប្រទះឃើញបាន ក៏តែមួយដង មួយគ្រា ប៉ុណ្ណោះ បាណ្ឌពកុមារ បានឮដូច្នោះ ក៏រៀបចំខ្លួននឹងដើរផ្លូវទៅកាន់ដែនបញ្ចាល ដើម្បីនឹងជៀសចាកភយន្តរាយ ជាងដែលមានចំណង់នឹងទៅមើលការស្វយម្ពរ ។
មកដល់បញ្ចាលរាជធានី ជាប្រទេសបដិបក្សគ្នាមកអំពីដើម ត ត ទ្រង់ទើបធ្វើសង្គ្រាមនឹងគ្នាមកមិនយូរប៉ុន្មានដោយបញ្ជាការនៃ ទោណអាចារ្យ តែ ទោណអាចារ្យ ឲ្យលើកទោសព្រះចៅ បញ្ចលរាជ ដ៏ជាមច្ចាមិត្តទុកជីវិតឲ្យម្ដង ទាំងបានប្រគល់ដែនដីដែលមានជ័យជំនះឲ្យត្រឡប់ទៅវិញ តាំងអំពីនោះ ព្រះចៅ ទ្រុបទ ព្រះចៅផែនដីបញ្ចាលរដ្ឋឃើញសេចក្ដីក្លាហានក្នុងពិជ័យសង្គ្រាមនៃ បាណ្ឌពកុមារ ទាំង ៥ អង្គ ក៏ទ្រង់សព្វព្រះរាជហឫទ័យ មានចំណង់នឹងចង់លើករាជធីតាឲ្យជាបាទបរិចារិកា នៃ បាណ្ឌពកុមារ គឺនឹងទ្រង់លើកឲ្យ អរជុន តែរឿងនេះទ្រង់នឹកតែក្នុងព្រះរាជហឫទ័យ មិនបានចេញព្រះវាចា ឬប្រាប់ព្រះរាជតម្រិះនេះដល់អ្នកឯណា ព្រោះសិទ្ធិនៃការរើសគូ មិនមែននៅក្នុងអំណាចព្រះអង្គជាបិតា គឺស្រេចហើតតែនាងទ្រៅបទីដែលដ៏ជាធីតាស្មោះស្ម័គ្រ ឬ មិនស្មោះស្ម័គ្រ តែដើម្បីនឹងបដិបត្តិការឲ្យសមព្រះរាជហឫទ័យក្នុងរឿងនេះ ទើបទ្រង់ឲ្យចាត់ការ ១ យ៉ាង ដែលទ្រង់ជឿមាំក្នុងព្រះហឫទ័យថា នឹងធ្វើបានក៏តែអរជុនមួយនាក់ប៉ុណ្ណោះ គឺទ្រង់ឲ្យធ្វើមហាធនូ ១ ធំ និងរូបត្រីមាស ១ ឲ្យយកទៅព្យួរលើសសរខ្ពស់ មានចក្រវិលឆាល់អំពីក្រោម ក្នុងរឿងនេះមានខសន្យាថា អ្នកដែលជាគូព្រេងរបស់ព្រះរាជធីតា តោងអាចយិតមហាធនូនោះ បានដោយកម្លាំងដាក់ព្រួញផ្គងបាញ់ចាញទៅ ឲ្យព្រួញរត់ទៅតាមចន្លោះស្លាបចក្រ កុំឲ្យប៉ះពាល់ស្លាបចក្រ រហូតទៅត្រូវភ្នែកត្រីមាស ដែលព្យួរខាងលើ ឲ្យត្រីនោះធ្លាក់ចុះដល់ដី អនុញ្ញាតឲ្យអ្នកធ្វើការប្រឡង ដណ្ដើមយកនាងរាល់ ៗ គ្នា បាញ់តែប្រាំព្រួញប៉ុណ្ណោះ ព្រោះហេតុនោះបណ្ដាលអ្នកបាញ់ទាំងប៉ុន្មាន ទ្រង់ជឿថា មានតែអរជុនប៉ុណ្ណោះ អាចបាញ់ត្រូវវង់សម្គាល់បាន ។
សម្រាប់ក្នុងការ ស្វយម្ពរនេះព្រះចៅ បញ្ចាលរាជ មានព្រះរាជបញ្ជាឲ្យចូលចាំងជម្រះទីកន្លែងដ៏ធំហើយឲ្យសង់ព្រះ ពន្លាដាសសំពត់សមានកំពូលយ៉ាងមណ្ឌបបិទមាស ប្រដាប់មណីផ្សេង ៗ ច្រាលរន្ទាលមានការលៀងភោជនាហារ និងល្បែងលេងនានាក្នុងព្រះរាជវាំង ក្នុងវេលាមុនប្រឡងធនូសិល្បប្រមាណជាងពីរសប្ដាហ៍ (ជាងពីរអាទិត្យ) លុះដល់ថ្ងៃប្រឡងក្សត្រិយ៍ទាំងឡាយ ដែលប្រាថ្នាព្រះរាជធីតាជាបំណាច់ថ្វីដៃ ក៏នាំគ្នាមកសន្និបាតអង្គុយចាំត្រៀបត្រាតាមទីកន្លែងរបស់ខ្លួន ក្នុងរោងទងមុខព្រះពន្លាហ្លួងអង្គុយដំកង់ជាវង់ ដូចជារូបព្រះច័ន្ទពាក់កណ្ដាលដួងបែរមុខទៅព្រះពន្លា ។
លុះក្សត្រិយ៍ទាំងឡាយអង្គុយរៀបរយស្រួលហើយ នាង ទ្រៅបទី ក៏ស្ដេចយាត្រាចូលមកថ្កានទីប្រជុំ ព្រះហស្ថដ៏ទន់ភ្លន់ ដូចប្រមោយព្ធរាវណ៌ ក៏កាន់ភួងមាល័យមួយមកផង ភួងមាល័យនេះប្រៀបដូចព្រះវលញ្ចករ (ត្រា) ដែលនាងនឹងគប្បីប្រថាប់ក្នុងការរើសគូស្ងួនរបស់នាងឲ្យដាច់ខាត ទៅ ។
បណ្ដាក្សត្រិយ៍ដែលប្រជុំក្នុងការស្វយម្ពរគ្រានោះ មាន ទុរយោធន៍ កណ៌ បាណ្ឌពកុមារ បងប្អូន ៥ អង្គ ក្រិស្ណ ពលរាម ជាអនុជ ក្រិស្ណ ក្សត្រិយ៍យាទពច្រើនអង្គ ព្រះរាជា សិន្ទូ ព្រមទាំងឱរស (មិនប្រាកដថាប៉ុន្មានអង្គ) ព្រះរាជាចេតិ ព្រះរាជាកោសល ព្រះរាជាម័ទ្រ នៅមានក្សត្រិយ៍ក្រៅ អំពីដែលចេញព្រះនាមមកហើយជាច្រើនអង្គ តែ បាណ្ឌពកុមារ ទាំង ៥ មិនបានចូលទៅអង្គុយក្នុងចំណោម ក្សត្រិយ៍អម្បាលណោះទេ ទៅអង្គុយក្នុងចំណោមពួកព្រាហ្មណ៍មួយពួកផ្សេង ព្រោះទ្រង់ប្លមជាព្រាហ្មណ៍មកក្នុងវេលានោះ ភ្នែកមនុស្សទាំងអស់ក្នុងវេលានោះសម្លឹងមើលតែឆោមលំអនៃនាង ទ្រៅបទី ទីសន្និបាតនោះ សូម្បីមានមនុស្សច្រើនច្រៀតបៀតញៀតញាត់គ្នាទាំងម្ល៉ឹងក៏ស្ងាត់ សម្លេងឈឹងភ្លាម ក្នុងខណៈដែលធូស្តទយុម័ន ជាអនុជរបស់នាង ទ្រៅបទី សូត្រប្រកាសតាមប្រវេណីដូច្នេះ ។
ព្រះអង្គម្ចាស់ក្សត្រី ទ្រៅបទី ទ្រង់នៅឆោមឆើតឆាយ មកឈរនៅទីនេះ ៗ អ្នកណាអាចយិតធនូនេះបានហើយ បាញ់រហូតកងចក្រដែលកំពុងវិលទៅប្រហារភ្នែកត្រីខាងលើឯណោះ បើអ្នកនោះឯងជាផៅអ្នកនេះសោតនិងបាននាងចាបាទបរិចារិកា ។
សូត្រប្រកាសស្រេចហើយ ក៏ទ្រង់សូត្របញ្ជីរាយនាមវង្ស និងប្រវត្តិដោយសង្ខេប ពណ៌នាគុណសម្បត្តិនៃក្សត្រិយ៍អំបាលនោះឲ្យនាងស្ដាប់ហើយឲ្យនាងយក ភួងមាល័យទៅបំពាក់អ្នកនោះដែលបាញត្រូវវង់តាមដែលប្រកាសមកហើយ ។
លំដាប់នោះ ក៏ចាប់ផ្ដើមប្រឡងធនូសិល្បរើសស្នាដៃពូកែ ក្សត្រិយ៍អំបាលនោះ ខ្លះក៏នឹករាក្នុងព្រះហឫទ័យ ដែលមើលទៅឃើញមហាធនូដ៏សម្បើមនិងវង់ដែលចាំតែគេចព្រួញធនូ គិតថាម្ដេចក៏បាញ់មិនត្រូវ ឲ្យគ្រាន់តែយិតធនូបានក៏រាប់ថាវិសេសណាស់ទៅហើយ ក្សត្រិយ៍ទាំងឡាយចូលទៅប្រឡងម្ដង ១ អង្គ ៗ រួចហើយក៏ត្រឡប់មកអង្គុយតាមដើមវិញ ដោយមិនវិសេសប្លែកអ្វី ធ្វើឲ្យតែអ្នកអង្គុយចាំមើល លបអស់សំណើចលេងតែសាមីខ្លួន មានតែសេចក្ដីទោមនស្ស តូចចិត្តពន់ប្រមាណ ដែលខុសគំនិតគិតទុកមកនោះបែរជាមិនសមប្រាថ្នា ព្រះភក្ត្រមិនស្រួលតែរាល់អង្គពួកអ្នកច្បាំងដែលល្បីឈ្មោះទាំង ប៉ុន្មាន កាលដើរទៅជិតមហាធនូ ក៏ឲ្យរន្ធត់មុខស្លេកស្លាំង មិនអាចនឹងលើកមហាធនូនោះរួចឡើយ ខ្លះដើរចូលទៅខែងរែងជាងគេ ដោយអំណាចមានះខំធ្វើឫកឡើង តែក៏គង់ត្រឡប់មកអង្គុយដដែលវិញ មិនប្លែកទៅជាងអ្នកមុន ៗ ទាំងពួង អ្នកដែលធ្វើការមិនសម្រេចអម្បាលនោះ ខ្លះក៏ក្លែងធ្វើទឹកមុខឲ្យរីករាយ តែសេចក្ដីអៀនខ្មាសក្នុងចិត្ត ខ្លះក៏ធ្វើជាញញឹមបែបស្ងួត ៗ ។
លំដាប់នោះ កណ៌ ជាមនុស្សខ្លាំងពូកែយ៉ាងចំណាប់ ដើរចូលទៅកាន់មហាធនូ ចាប់យិតតម្លោះធនូមកបានភ្លាម ព្រះចៅ ទ្រុបទ និងឱរស ក៏ស្ញើបក្នុងព្រះហឫទ័យ ក្រែង កណ៌ ជាមនុស្សដែរព្រះអង្គមិនស្គាល់ជាតិកំណើតជាដូចម្ដេច ធ្វើការសម្រេច តែមុននឹងបាញ់ចេញទៅនាង ទ្រៅបទី បានស្រែកប្រកាសសេចក្ដីបំណងរបស់នាងថា នាងមិនសព្វព្រទ័យនឹង កណ៌ ដ៏ជាបុត្រនាយសារថី កណ៌ ចេញស្លក់ទឹកមុខ មានក្រសែឈាមទោសឡើងព្រល ៗ ទម្លាក់ធនូចុះហើយក៏ត្រឡប់មកអង្គុយតាមដើម ។
នៅមានអ្នកចូលទៅប្រឡងក្រោយ កណ៌ ទៀតជាច្រើនបានប្រឹងប្រែងក្លែងធ្វើមានះខែងរែង តែក៏មិនសម្រេចដូចប្រាថ្នា ខ្លះខិតខំហួសកម្លាំង ភ្លាត់ចំណាប់ដួលដេកច្រខែងលើផែនពសុធា បណ្ដាអ្នកអង្គុយមើលទាំងប៉ុន្មាន ក៏នាំគ្នាសើចលាន់ ដោយឃើញថាជារឿងគួរអស់សំណើចពួក បាណ្ឌពកុមារ ដែលអង្គុយនៅក្នុងកំឡុងពួកព្រាហ្មណ៍ ឃ្លាតអំពីពួកក្សត្រិយ៍ទៅបន្តិច អង្គុយមើលការគេព្រងើយ ហាក់បីដូចជាគ្មានកិច្ចការអ្វីជាមួយនឹងគេក្នុងថ្ងៃនោះទេ ខណៈនោះ មាណពឆោមស្រស់ប្រិមប្រិយមួយនាក់ ក្រោកដើរចេញមកអំពីពួកព្រាហ្មណ៍អម្បាលនោះ បណ្ដាអ្នកប្រជុំនៅទីនោះ ក៏នាំគ្នាសើចឃឹក ៗ ទួទៅទាំងព្រះលាន ព្រោះមកនឹកអស់សំណើចក្នុងចិត្តថា ព្រះ1 អ្នករៀនតែធម្មធម្មោ ម្ដេចក៏ក្លាមកប្រកួតអួតថ្វីដៃនឹងក្សត្រិយ៍ជាតិអ្នកចម្បាំងដែរ ។
អាស្រ័យហេតុនោះព្រាហ្មណ៍ខ្លះដែលអង្គុយនៅទីនោះ ទើបនិយាយឃាត់ព្រាហ្មណ៍កម្លោះអ្នករួមភេទជាមួយគ្នានោះថា កុំទៅប្រឡងនឹងគេអី អ្នកខ្លះនិយាយថា ជាតិព្រាហ្មណ៍រមែងមានថ្វីដៃគ្រប់យ៉ាង ទាំងការគិតអាន ទាំងការប្រើអាវុធផ្សេង ៗ មិនមែនចេះតែរឿងសីលពរប៉ុណ្ណោះទេ អ្នកខ្លះ គ្រាន់តែសម្លឹងមើលព្រាហ្មណ៍កម្លោះនោះ ដោយសេចក្ដីអស្ចារ្យឥតមានស្រដីថាអ្វី ព្រាហ្មណ៍កម្លោះដោយគ្រឿងយោគី ដ៏ធ្វើដោយស្បែកម្រឹគចេញគរទុកក្នុងទីម្ខាង ហើយដើរចូលទៅកណ្ដាលស្នាមយ៉ាងរាជសីហ មើលទៅទ្រូង និងស្មាសាយចង្កេះមូលយ៉ាងវាសុទេវិន ដើរប្រទក្សិណព្រមទាំងភាវនាតែក្នុងចិត្ត ចំណែកឯភ្នែកមនុស្សជាច្រើនពាន់ ក៏សម្លឹងចំពោះសំភីមើលតែឆោមព្រាហ្មណ៍កម្លោះ ៗ នោះ ក៏កែក្រាយចាប់លើកមហាធនូឡើង យិតតម្លោះក្រឹត មកដោយកម្លាំងដ៏មហិមា បណ្ដាអ្នកអង្គុយមើលជុំវិញស្នាម ក៏ទះដៃលាន់ នាំគ្នានិយាយសរសើរផ្សេង ៗ ត្រឹមតែយិតធនូទន់មកបានប៉ុណ្ណេះ នៅមិនទាន់អស់រឿង នៅមានការដែលសំខាន់ជាងនេះដែលគេត្រូវធ្វើ គឺបាញ់ត្រូវវង់ អ្នកមើលទាំងអស់ឈប់មើលឆោមព្រាហ្មណ៍ នាំគ្នាសម្លឹងឆ្ពោះតែទៅត្រង់វង់ មិនបានដាក់ភ្នែក ព្រោះជាវេលាដ៏សំខាន់ យកឈ្នះយកចាញ់គ្នាក្នុងវេលាប្រមាណមួយមីនុតទៀតប៉ុណ្ណឹង2 ។
គ្រានោះព្រាហ្មណ៍ក៏ទម្លាក់ក្រាញ់កែក្រាយរំពើន ហើយស្រងេវនេត្រតម្រង់ លែងតម្លោះធនូខ្វាប់ចេញទៅប្រហារភ្នែកត្រីមាសធ្លាក់ចុះដល់ធរណី ខាងអ្នកមើលក៏ទះដៃប្រែស ៗ លាន់ទាំងស្នាមធំ អ្នកដែលមានជ័យនោះជាអ្នកណាក៏តាម គេមិនត្រូវការនឹងគិតយកមកជាអារម្មណ៍ គេត្រូវការតែសប្បាយជាការធំ និងត្រូវការឲ្យដឹងផលជាបំផុតនៃការនោះ ដែលកំពុងតែឃ្លានដឹងរាល់គ្នា គឺបាញ់ត្រូវ ឬមិនត្រូវប៉ុណ្ណោះ ។
តែកាលណាពួកក្សត្រិយ៍ អ្នកទ្រង់មាលាសៀតរោមសត្វ ឬ ទ្រង់ឆ្នួត ដើរត្រង់ទៅកាន់ទីធនូសិល្បម្ដង ៗ ទ្រូងនាង ទ្រៅបទី ក៏ជួលច្រាលឡើងមកកាលនោះ ត្រីមាសដែលព្យួរតែងតោងលើកងចក្រ ជាគ្រឿងសម្គាល់យថាកម្មរបស់នាង ឥឡូវនេះ នាងក៏កាន់តែរីករាយក្នុងហឫទ័យខ្លះហើយ ចិត្តរបស់នាងនៅចាប់ប្រតិព័ទ្ធនឹងប្រុសកម្លោះ ដែលមានស្បែកខ្លា ជាគ្រឿងដណ្ដប់កាយនោះ តាំងតែគេឈានជើងទៅកណ្ដាលស្នាម នាងក៏នឹកស្នេហាជាងក្សត្រិយ៍ទាំងឡាយ ដែលទ្រង់ប្រែពណ៌ស្វាយ ទោះបីនាងមិនបានគិតទុកពីដើមថា ប្រុសកម្លោះនោះនឹងចូលមកធ្វើការប្រកួតថ្វីដៃនឹងគេក៏ពិត តែខណៈដែលគេឈរកណ្ដាលស្នាមនឹងធ្វើការប្រឡង ចិត្តរបស់នាងរំជួល ដោយចង់ឲ្យគេបានទទួលសេចក្ដីអំណរវេលានេះ ក៏សមដូចមនោរថរបស់នាងហើយ នាងញញឹមដោយអារម្មណ៍ដ៏រីករាយ ទើបយាងយាត្រាទៅរកអ្នកដ៏មានជ័យដោយរួសរាន់ យកភួងមាល័យទៅបំពាក់ក ឲ្យប្រុសកម្លោះ ជាគ្រឿងប្រកាសសិទ្ធិជាដាច់ខាតថា ប្រុសកម្លោះនេះជាគូភិរម្យរបស់នាង បីដូចជាប្រថាប់ដោយព្រះវលញ្ចករ ។
ការដែលមើលទៅឃើញ ទ្រៅបទី យកភួងផ្កាទៅបំពាក់ឲ្យអ្នកមានជ័យនោះ បណ្ដាអ្នករួមការប្រឡងជាមួយគ្នា តែមិនសម្រេចសមប្រាថ្នា នាំគ្នាមកអង្គុយជូតញើសនោះ ក៏បណ្ដាលឲ្យកើតសេចក្ដីឫស្យា និងសេចក្ដីឈឺចិត្ត រោលរាលក្នុងចិត្តមហិមា នឹងទប់ទល់អាត្មាពុំបាន ក៏ប្រឹក្សាគ្នាហើយយល់ឃើញព្រមគ្នាថា ត្រូវតែសម្លាប់អ្នកដែលមានជ័យ ដែលមិនប្រាកដនាមនេះមួយរំពេចជាដាច់ខាត នឹងទុកវាឲ្យរស់នៅនិងកើតសេចក្ដីអប្បយសដល់គេឯងរាល់គ្នាទួទៅ ត្បិតវាជាយាចកដើរតែសូមទានគេតាមថ្នល់ ហើយមកបានធីតាក្សត្រិយ៍ ជាបាទបរិចារិកាដូច្នេះ ធ្វើឲ្យអាម៉ាស់មុខ ធ្វើឲ្យអាប់ឱនកិត្តិយស ព្រោះវាមកមើលងាយរាជត្រកូល កំពូលឥសូររបស់យើង ត្រូវឃុំខ្លួននាង ទ្រៅបទី ទុកព្រោះជាស្រីអត់ខ្មាស ដាក់ខ្លួនបន្ទាបត្រកូលសុខចិត្តយកព្រាហ្មណ៍អនាថាជាភស្ដាមើលងាយ បារមីព្រះបិតា និងព្រះរាជាទាំងឡាយ ដ៏ជារាជសម្ពន្ធមិត្រសឹងទ្រង់នូវកិត្តិយសដ៏ខ្ពង់ខ្ពស់ យើងរាល់គ្នានឹងមើលចំណាំតទៅទៀតពុំបានឡើយ។
ភ្លាមស្រែកគំរាមលាន់ដោយក្រោធក្ដាត់ ពួកក្សត្រិយ៍អ្នកធនូសិល្បទាំងប៉ុន្មាន ក៏លោកចេញអំពីកន្លែង រាំក្របីចិញ្ចែងចូលទៅរកព្រាហ្មណ៍កម្លោះ ដែលបាននាងជាបំណាច់ កើតតស៊ូគ្នាឡើងជាកោលាហល គ្មានអ្នកណាអាចនឹងរម្ងាប់បាន ការយម្ពរក្លាយទៅជាការកាប់សម្លាប់គ្នាកណ្ដាលស្នាមធំ ក្សត្រិយ៍ទាំងឡាយដែលមកដើម្បីបាននាង ត្រឡប់ជាមកដេករនៀលលើផែនពសុធានាំគ្នាចូលមកក្នុងអន្ទាក់ មច្ចុរាជដោយអង្គឺហេតុដ៏គួរសម កណ៌ ជាអ្នកល្បីនាមបានចូលប្រឡងយុទ្ធនិងពួកព្រាហ្មណ៍អ្នកមានជ័យ តទល់គ្នាល្មួតអស់វេលាជាយូរ មួយចាក់ មួយកាប់ មួយកាប់ មួយកាត់ មួយកែង មួយគេច កែក្រាយរារង មួយរុកមួយរុញសង្ខុញចូលជិត សង្ឃករិរោមតរេរារាំខ្ញង់កលបីដូចខ្យល់កំបុតត្បូង ប្រហារត្រូវដៃជើងព្រាហ្មណ៍ដោយព្រួញធនូជាច្រើនអន្លើ រាប់ថាបាញ់ត្រង់គ្រាន់បើ ។
ទ្រៅបទី វេលានោះជាទុក្ខតឹងទ្រូងណាស់ណា នឹកប្រទេចផ្ដាសាមរត៌កនៃសេចក្ដីលំអឆោមរបស់នាងតែក្នុងចិត្ត ដែលជាហេតុឲ្យកើតកាប់សម្លាប់គ្នា លោហិតច្រាលពាសស្នាម តែតមកបន្តិច នាងក៏រម្ងាប់ទុក្ខនោះបាន ដោយឃើញថាខ្លួននាងគ្មានមន្ទិលសៅហ្មង ប្រការ ១ ទៀត ជីវិតរបស់ប្រុសដែលជាគូរបស់នាងសោត ក៏ប្រាសចាកអន្តរាយ ត្បិតវេលានេះ កណ៌ ឈប់តស៊ូហើយ ដោយឃើញថាបើពួកគេខំតស៊ូទៅ ក៏គង់ស្លាប់ក្នុងកណ្ដាលដៃព្រាហ្មណ៍កម្លោះនេះជាមិនខាន គិតដូច្នោះហើយគេក៏ស្រែកសួរព្រាហ្មណ៍នោះជាផ្លូវញ៉មខ្លាចថ្វីដៃ ថា ម្នាលលោក លោកជាត្រកូលព្រាហ្មណ៍មែន ឬ តែភាពនិងមានះរបស់លោកសម្ដែងឲ្យឃើញថា មិនមែនជាត្រកូលព្រាហ្មណ៍ឯណាមានថ្វីដៃ អាចនឹងមកតដៃនិងក្សត្រិយ៍បាន វៀរលែងតែបរសុរាម (រាមាសូរ) ដែលប្រាកដតាមបរម្បរាគតិថា បានប្រហារក្សត្រិយ៍ទួទៅ ទាំងលោក ឯយាចកអានាថា ធ្លាប់តែដើរសូមទានគេរាល់ផ្ទះរាល់រៀនផ្សារ និង ថាជាអ្នកស្ទាត់ចម្បាំងមិនបានពិតដូច្នេះ បណ្ដាអ្នកចម្បាំងដូចគ្នា គ្មានអ្នកណាមានថ្វីដៃច្បាំងល្អដូច អរជុន ក្នុងពពួកមនុស្សដែលគ្រងជីវិតរបស់នៅសព្វថ្ងៃនេះ និងតដៃនឹងយើងបាន ក៏តែមួយ អរជុន ប៉ុណ្ណោះ ក្រៅអំពីនោះគ្មាន ។
ព្រាហ្មណ៍កម្លោះញញឹមតប ហើយដើរចូលទៅកាន់ទីកន្លែងដើម ទ្រៅបទី ក៏លីលាតាមគូស្ងួនរបស់នាងទៅ ។
រឿងមហាភារតយុទ្ធ
ស្រីអនាថា អាស្រ័យនៅក្នុងរោងនាយស្មូនឆ្នាំង
ចាំមើលផ្លូវកូនទាំង ៥ ដែលនាំគ្នាទៅមើលការស្វយម្ពរនាង ទ្រៅបទី
បុត្រទៅបាត់យូរពេកខុសពេលវេលា នាងក៏ព្រួយក្នុងចិន្ដា
ក្រែងថាកើតហេតុភេទភ័យឡើងក្នុងស្រុកគេ ខណៈនោះ
នាងឮសូរសន្ធឹកជើងដើរចូលមកដល់ ដឹកទាំងដៃនាងក្រមុំមួយមកផង
សឹងតែកាយដោយគ្រឿងប្រដាប់ដ៏វិចិត្រ
សុទ្ធតែពេជ្រ-និលចិន្ដាព្រោងព្រាយ
ខណៈដែលបែរទៅឃើញនាងធីតាទ្រង់នូវឆោមឆើតឆាយ
សេចក្ដីបីតិត្រេកអរក៏ផ្សាយសព្វសារព៌ាង្គរាងកាយ
គ្រាន់តែក្រឡេកទៅឃើញ នាងក៏នឹករឿងរហូត
មាតានិងបុត្រក៏សន្ទនាប្រាស្រ័យគ្នាតាមទំនៀម ព្រះរាជកុមារទាំង ៥
ក៏ទូលរៀបរាប់រឿងសិទ្ធិជោគដែលខ្លួនធ្វើការមានថ្វីដៃ ឲ្យនាង
ជននី ស្ដាប់ តាំងពីដើមដល់ចុង ។ឥឡូវនេះ នឹងសម្ដែងអំពីហេតុការណ៍ ដែលប្រព្រឹត្តទៅក្នុងព្រះរាជវាំងក្រុងបញ្ចាល ព្រះរាជ ទ្រុបទ ប្រថាប់ក្នុងបន្ទប់ក្រឡាព្រះបន្ទំតែមួយព្រះអង្គ ក្រៅអំពីនោះក៏មានអ្នកថ្វាយង៉ានផ្លិត (អ្នកបក់ថ្វាយ) ទ្រង់ជញ្ជឹងជ្រប់ដល់ព្រះគ្រោះរបស់ព្រះអង្គ បន្តិចស្ដេចក្រោកឡើងទឹងតាំងធាក់អ្នកនេះអ្នកនោះ ដែលនៅជិតថ្វាយង៉ានផ្លិតក្នុងវេលានោះ ខណៈនោះព្រះរាជឱរសចូលទៅគាល់ក្នុងបន្ទប់ មានភក្ដ្រផូរផង់ញញឹមញញែមរីករាយព្រះរាជាធ្វើព្រះភក្ដ្រតឹងធ្មឹង ទៅរកឱរស លុះស្វាងព្រះក្រោធហើយត្រាស់សួរថា ទ្រៅបទី នៅឯណា អ្នកណាបាននាង ឱកូនសំឡាញ់ឪពុក ព្រះសូរសៀងដែលត្រាស់ចេញមក ញ័រហើយស្អកស្អា ទ្រង់គង់ស្ងៀមបន្តិចត្រាស់តទៅទៀតថា ឱកូនឪពុក អំពីនេះជាដើមទៅនាងតោងដើរសូមទានគេចិញ្ចឹមពោះរាល់មាត់ទ្វារ ផ្ទះអ្នកដទៃ ទានវត្ថុដែលបុគ្គលលះដោយការុណ្យចិត្ត និងប្រាណីនេះឯង ជារាជបណ្ដាការរបស់នាង ភាជន ដែលនាងកាន់ត្រាច់សូមទានគេនោះ ទុកជាគ្រឿងប្រដាប់ត្បូងរបស់នាង អនិច្ចាឪពុកនឹងទ្រាំអត់សេចក្ដីវេទនាអស់នេះបានឬ កាលឃើញកូនស្រីស្ពាយយាមនៅស្មារដើរសូមទានគេ ឪពុកបានសាងអកុសលកម្មទុកអំពីកាលណាហ៎្ន ទើបបានទទួលសេចក្ដីអវមាន (មើលងាយ) ដូចនេះ អនិច្ចា ឪពុករម្ងាប់ទុក្ខក្នុងរឿងនេះមិនបាន ហើយព្យាយាមដូចម្ដេច ៗ វាក៏មិនបាត់ក្រំក្នុង អាពុកប្រឹងអត់សង្កត់ណាស់ ទាស់តែស្គមទ្រមខ្លួន របស់ដែលផុតវិស័យសតិបញ្ញានឹងកែខៃ ឬអស់ផ្លូវនឹងដើរហើយ ឪពុកនឹងធ្វើម្ដេចបាន ឪពុកតាំងចិត្តថានឹងលើកឲ្យទៅអរជុន តែព្រះដ៏ធំជាម្ចាស់សួគ៌មកបណ្ដាលឲ្យឃ្លៀងឃ្លាតទៅយ៉ាងដទៃ ឪពុកដឹងច្បាស់ហើយថា ការយំខ្សឹកខ្សួលមិនជាប្រយោជន៍ តែទុក្ខនេះជាមរណទុក្ខរបស់បិតាហើយ បិតាមិនអាចនឹងរម្ងាប់បានបានដោយឧបាយយ៉ាងណាឡើយ ។
ធ្ឫស្ដ-ទយុម័ន ក្រាបទូលដោយសម្ដីដ៏ល្ហែមថា បពិត្រព្រះជនកនាថ សូមព្រះអង្គចូលបន្ទោរបង់នូវសេចក្ដីសោកសៅអស់នេះចេញ អំពីព្រះកោមលចុះព្រះករុណា អរជុនជាអ្នកបាននាងទៅជាប្រាកដហើយ ។
ព្រះរាជាមានព្រះអស្សុជលកំពុងហៀរហូរ ក៏ស្វាងចែសដោយពលវបីតិក្នុងខណៈនោះ ត្រាស់សួរជាប្រញាប់ថា មែនឬ ឯងដឹងបានយ៉ាងម្ដេច អើឯងនិយាយទៅមើល ។
ព្រះឱរសទូលប្រព្រឹត្តហេតុថា កាលព្រាហ្មណ៍នាំព្រះនាងបង (ព្រះជេដ្ឋកគិនី) ទៅកាន់ទីសំណាក់ ទូលព្រះបង្គំបានលបតាមទៅមើលមិនឲ្យគេឃើញ លុះគេចូលទៅក្នុងទីសំណាក់របស់គេ ទូលព្រះបង្គំផ្ទៀងត្រចៀកលបស្ដាប់អំពីក្រៅទ្វារ បានដឹងរឿងនេះច្បាស់ ក្នុងកាលដែលនិយាយរៀបរាប់ឲ្យមាតាគេស្ដាប់ ទូលព្រះបង្គំទើបដឹងបានថាព្រាហ្មណ៍ ១ ពួកគ្នា ៥ នាក់ ស្លៀកដណ្ដប់ស្បែកអម្រឹតនោះគឺ បាណ្ឌវកុមារបងប្អូនទាំង ៥ ប្លមអង្គមកមុខគួរអាសូរ បាណ្ឌពកុមារ និងមាតាបានសេចក្ដីព្រួយលំបាកជាបំផុត ព្រោះទុយោជន៍គិតឫស្យាដុតមន្ទីររបស់គេ ដើម្បីឲ្យស្លាប់ក្នុងគំនរភ្លើង តែគ្រោះជា ពាណ្ឌពកុមារដឹងខ្លួនបានជាមុន ទើបនាំគ្នារត់តាមផ្លូវបាដាល រួចអំពីភ័យមក បាននាំគ្នាដើរផ្លូវមកជាមួយនឹងពួកព្រាហ្មណ៍ ទាល់តែមកដល់ក្រុងបញ្ចាលនេះ ព្រះរាជាទ្រង់ជឿជាក់អស់សង្ស័យ ទើបត្រាស់ថា កូនឯងចូរទៅប្រាប់អគ្គមហាសេនាបតី ឲ្យគេទៅស៊ើបសួរយកសេចក្ដីពិតមកឲ្យបាន ។
ខ្ញុំរាជការមួយពួកទទួលរាជឱង្ការហើយ នាំគ្នាដើរសំដៅទៅផ្ទះស្មូនឆ្នាំង មន្ត្រីអម្បាលនោះចូលទៅថ្វាយគំនាប់បាណ្ឌពកុមារ ហើយម្នាក់ក្នុងពួកមន្ត្រីដែលទៅនោះ ទូលប្រព្រឹត្តហេតុដល់រាជកុមារដែលបាន ទ្រៅបទី ថាៈ យើងខ្ញុំនាំគ្នាសម្ដែងសេចក្ដីអំណរដែលលោកមានជ័យការដែលលោក សម្ដែងស្នាដៃក្នុងថ្ងៃនេះ ពួកអ្នកចម្រៀងនឹងចងជាបទកាព្យទុកសម្រាប់សង្គីតប្រគំច្រៀង ពួកចិន្តកវីរាជប្រាជ្ញពង្សាវតារនឹងចារឹករឿងនេះ ទុកក្នុងពង្សាវតារឲ្យខ្ចរខ្ចាយ និករជាតិទាំងឡាយក៏នឹងមនសិការចាំទុក រហូតកល្បាវសានដោយឆន្ទនិយម កាលក្សត្រិយ៍ទាំងឡាយបាញ់មិនត្រូវវង់នោះ ខត្តិយាធិបតីរបស់យើងព្រួយព្រះហឫទ័យថា ព្រះរាជធីតារបស់ព្រះអង្គ គង់តោងនៅជាលីវសាវកែរកគូគ្មានរហូតជីវិត រឿងនេះជាទុក្ខធំគ្របសង្កត់ព្រះហឫទ័យ តើឥឡូវនេះយើងខ្ញុំសូមអរគុណលោកយ៉ាងខ្ពស់ដែលលោកបានកំចាត់មេឃ មីរ ពោលគឺសេចក្ដីកង្វល់ដ៏ធំសឹងគ្របសង្កត់ព្រះហឫទ័យព្រះករុណាចេញទៅ បាន ក្នុងវេលានេះយើងខ្ញុំយល់ឃើញថា ក៏ល្មមនាំមកបញ្ចេញចែកគ្នាស្ដាប់បាន ហើយមិនមែនជាការល្មើស ក្នុងការរក្សាសេចក្ដីសម្ងាត់ក្នុងព្រះហឫទ័យនោះទេ គឺអំពីដើមមកទ្រង់បំណងនឹងឲ្យអរជុន អ្នកដែលល្បីនាមទួទៅទាំងសកលជម្ពូបានធីតារបស់ព្រះអង្គ តែវេលានេះក៏ទ្រង់ព្រះបីតិយ៉ាងលើសលន់ ព្រោះព្រះធីតាមិនតោងនៅជាលីវសាវកែ ហើយព្រះអង្គឆ្ងល់ខ្វល់ព្រះហឫទ័យជាពន្លឹក ចង់ជ្រាបជាតិត្រកូល នឹងស្រុកកំណើតរបស់អ្នកមានជ័យរហូតដល់វេលានោះ ដែលមកបានដឹកដៃ ទ្រៅបទី ព្រះរាជធីតាមក ។
បាណ្ឌពរាជកុមារអង្គធំ (គឺយុធិស្ឋិរ) ទទួលភារៈទទួលនិយាយតតបពួកខ្ញុំរាជការដែលមក ដោយព្រះអង្គឯងទ្រង់មានបន្ទូលថា ខសន្យាការស្វយម្ពរដែលស្ដេចក៏ទ្រង់ដ៏ទ្រង់នូវឥស្សរស័ក្ដិដ៏ ខ្ពង់ខ្ពស់របស់អ្នកទាំងឡាយ បានប្រកាសហើយនោះអ្នកទាំងឡាយនឹងយើងទាំងអស់គ្នា ក៏បានជ្រួតជ្រាបសព្វគ្រប់ហើយ អ្នកណាក៏អាចនឹងចូលទៅប្រឡងលថ្វីដៃបានគ្រប់ ៗ គ្នា បណ្ដាលដែលនៅក្នុងទីនោះ ឯខសន្យានោះសុភាពបុរសនេះណែ បានបដិព័ទ្ធហើយដោយប្រពៃ ព្រោះហេតុនេះព្រះធីតាជាម្ចាស់របស់អ្នកទាំងឡាយទើបបានជាគូ ភិរម្យរបស់គេ ទោះបីអាក្រក់ល្អក៏តាមយថាកម្ម ។
ពួកខ្ញុំរាជការអម្បាលនោះ ចេញទឹកមុខងឿង យុធិស្ឋិរមិនចង់ឲ្យខ្ញុំរាជការទាំងនោះងឿងឆ្ងល់ ទើបពោលទៅទៀតថា មនុស្សទួទៅគ្មានអ្នកណាមួយឡើយសង្ស័យថា អរជុនជាអ្នកចម្បាំងដ៏ឯករកគូប្រៀបគ្មាន ហើយតោងមិនសង្ស័យតទៅទៀតថា អរជុនប្រាកដ មិនមែនអ្នកដទៃមកអំពីណាដែលបានព្រះធីតាជាម្ចាស់របស់អ្នក យើងសូមសម្ដែងសេចក្ដីគាប់ចិត្តនឹងអនុមោទនាដល់ចៅហ្វាយនាយរបស់អ្នក ដែលបានឃើញការសម្រេចផលតាមប្រាថ្នា នូវរបស់សឹងគិតទុកមកជាយូរយារហើយនោះ ។
កាលពួកខ្ញុំរាជការបានស្ដាប់ដូចនោះ ក៏ក្រោកឡើងព្រមគ្នា ថ្វាយគំនាប់ឱនលំទោនហើយក៏លាទៅ សេចក្ដីបំណងរបស់គេវេលានេះក៏សម្រេចពិតឥតសង្ស័យ មកលសួរយកការពិតបាន តាមដែលម្ចាស់ជីវិតប្រើមក គេក៏រីករាយនាំគ្នាត្រឡប់ទៅក្រាបទូលប្រព្រឹត្តហេតុដល់ព្រះរាជា វិញថា ការដែលត្រាស់ប្រើទៅនោះ ឥឡូវសម្រេចដូចព្រះហឫទ័យបំណងហើយ ។
កាលបានសេចក្ដី តាមដែលត្រាស់ប្រើឲ្យទៅស៊ើបក្នុងជាន់ក្រោយនោះហើយ គ្រានោះត្រាស់ឲ្យមានមហោស្រពក្នុងព្រះរាជមន្ទីរ នឹងត្រាស់ឲ្យទៅអញ្ជើញបាណ្ឌវកុមារទាំង ៥ ចូលមកគាល់ មានការទទួលតាមខត្តិយប្រវេណី ក្នុងទីសម្រាប់ទទួលមន្ត្រី ទ្រង់ចូលទៅឱបឱរសប្រសា និងបងប្អូនទាំង ៤ អង្គ ទៀតតាមលំដាប់ ត្រាស់សន្ទរកថាទទួលសម្ពន្ធមិត្រមេត្រី នឹងទទួលប្រកាន់សព្វភ័យទាំងពួងក្នុងរាជធានីរបស់ព្រះអង្គ មិនឲ្យមានមោះថ្លោះការបាន ។
លំដាប់នោះទ្រង់ឲ្យចាត់ការស្វយម្ពរវិវាហមង្គល រាជធីតា ទ្រៅបទី សមស័ក្ដិ សមកិត្តិយស នៃខត្តិយធីតាគ្រប់ប្រការ ទាំងឲ្យមានការល្បែងលេងតាមទំនៀមវិវាហសម្ពោធ ពួកបាណ្ឌកុមារក៏ដោះគ្រឿងប្លមចេញ នៅជាសុខក្នុងអារក្ខារបស់ព្រះចៅបញ្ចាលរាជ ជារាជសម្ពន្ធមិត្រដ៏ប្រសើរស្មើចិត្តនោះហោង ។
រឿងមហាភារតយុទ្ធ
កាល ទ្រៅបទី អភិសេកសមរស និងអរជុនកុមារសម្រេចហើយ
បាណ្ឌវក្សត្រិយ៍ក៏នៅជាសុខក្នុងអំណាចរក្ខានៃបញ្ចាលរាជ
ការគ្រប់គ្រងរក្សាដូចនេះ ជាទីត្រូវហឫទ័យបាណ្ឌវក្សត្រិយ៍ណាស់
នឹងប្លមអង្គដើរហើរទៅឯណាដូចអំពីដើមទៀតពុំបានឡើយ
ព្រោះទុយោជន៍បានឃើញហើយចាំបានជាប្រាកដថា
រាជកុមារអម្បាលនេះនៅមានជីវិតរស់នៅ
ទុយោជន៍គង់ជាភ្ញាក់ខ្លួនមិនតិចដែរ
មកឃើញបាណ្ឌវក្សត្រិយ៍នៅមានជីវិតរស់នៅក្នុងលោក
ហើយគង់នឹងឆ្ងល់ក្នុងហឫទ័យជាបំផុត ដែលមកឃើញអរជុនមានជ័យ
បាននាងក្សត្រិយ៍បញ្ចាល ជាបាទបរិចារិការ
នោះចិត្តឫស្យារបស់ទុយោជន៍គង់ឈួលឡើងរកទីបំផុតគ្មាន
ដែលមកឃើញព្រះញាតិ
ដែលព្រះអង្គធ្វើឧបាយនឹងបំផ្លាញឲ្យវិនាសក្នុងអគ្រនីនោះ
មកចងស្ពានមេត្រីនឹងព្រះចៅ ទ្រុបទ
ដែលជាសត្រូវនឹងព្រះអង្គតាំងពីកាលណាមកហើយ ។មានការប្រជុំធំនៅក្រុងហស្ថិនបូរ ធ្ឫតរាស្ត្រប្រថាប់លើរាជបល្លង្កមានរាជបរិពារឈរព័ទ្ធជុំវិញត្រៀប បីដូចជាផ្កាយហេមរោមព្រះចន្ទស្ងាត់សម្លេងច្រៀប ប្រុងស្ដាប់សព្ទព្រះរាជតម្រាស់ ព្រះរាជាក៏ទ្រង់ក្រោកឡើងឈរ មានព្រះរាជឱង្ការសីហនាទត្រាស់ថា ។
ម្នាលមន្ត្រីទីប្រឹក្សាទាំងសម្ចាយដែលមកសន្និបាតក្នុងទីនេះ សុទ្ធតែជាអ្នកដែលយើងទុកចិត្តក្នុងរាជការផែនដី អ្នកទាំងឡាយជាគោលសិលារបស់ប្រទេស អាណាចក្ររបស់យើងដែលនឹងតាំងនៅបាន ក៏ព្រោះអាស្រ័យអ្នកទាំងឡាយជាភ្នែក ជាច្រមុះសេចក្ដីចម្រើនរុងរឿងថ្កើងកេរ្តិ៍ នឹងសេចក្ដីសុខសម្រាន្តរបស់រាស្ត្រដែលនឹងវឌ្ឍនាតទៅបាន ក៏ព្រោះអាស្រ័យអ្នកទាំងឡាយ សេចក្ដីសត្យសុចរិតនឹងផែនដីនៃអ្នករាល់គ្នា ក៏គ្មានផ្លូវឲ្យរង្គៀស សេចក្ដីដែលអ្នកទាំងឡាយភក្ដីនឹងយើង ក៏គ្មានបន្ទិលមួហ្មងសូម្បីប៉ុនល្អងធូលី របស់មោះហ្មងឆ្គងរាគីក៏គ្មានចូលមកលាយឡំក្នុងសេចធាតុពោលគឺ សេចក្ដីភក្ដីនេះឡើយ យើងឲ្យហៅអ្នកទាំងឡាយមកប្រជុំក្នុងគ្រានេះ ដើម្បីឲ្យអ្នករាល់គ្នាជួយពិគ្រោះបញ្ហាមួយ ៗ ដែលតែអំពីវិចារណញ្ញាណរបស់យើងតែម្នាក់ឯង មិនអាចនឹងទំពាឲ្យបែកទៅបាន សូមប្រើជាញាណអ្នករាល់គ្នាចូលជួយទំពាយើង សូមឲ្យអ្នកទាំងអស់ចូលសម្ដែងសេចក្ដីភក្ដីដល់យើង នឹងចូលបំពេញចំពោះដល់ផែនដីក្នុងគ្រានេះម្ដងទៀត អ្នកទាំងឡាយក៏ជ្រាបហើយថា ពួកបាណ្ឌពបានចងសម្ពន្ធមេត្រីនឹងព្រះរាជា ទ្រុបទ ដែលជាសឹកសត្រូវនឹងយើង ដើម្បីនឹងរំលាយលាងអមិត្រអ្នកគិតប្រទូស្តរាយ ឲ្យចេញចាកមាគ៌ាពោលគឺ ភយន្តរាយ អ្នកទាំងឡាយនឹងគិតធ្វើដូចម្ដេចស្រួល ។
ទុយោជន៍ក្រោកឡើងឈរ ពោលកែបញ្ហាជាដំបូងថា សេចក្ដីយល់របស់ទូលបង្គំជាខ្ញុំក្នុងរឿងនេះ គឺត្រូវឲ្យសូកពួកសេនាបតីព្រះចៅ ទ្រុបទ ធ្វើឲ្យបែកសាមគ្គីក្នុងរវាងពួកគេឡើងនេះជាឧបាយ ១ ខ ទូលបង្គំជាខ្ញុំនៅមានឧបាយក្នុងចិត្តមួយយ៉ាងទៀត ដែលនឹងឲ្យផលវិសេសជាងខមុន គឺត្រូវរិះរកទោសដ៏លាមក មកបាចប្រឡាក់នាង ទ្រៅបទី ឲ្យនាងនិយាយមិនចេញកែខ្លួនមិនរួច ខនេះជាហេតុធ្វើឲ្យពួកបាណ្ឌវក្រោធមួហ្មងហើយ លះលែងនាងចោល អំពីនោះមិត្រភ័ក្ដិរវាងពួកបាណ្ឌវ និងបញ្ចាលរាជក៏នឹងដាច់អំពីគ្នាទៅឯង ការដែលត្រូវធ្វើតអំពីនោះទៀត គឺដាក់ថ្នាំបំពុល ភីម យក្សធំឲ្យស្លាប់បង់ ប៉ុណ្ណេះក៏អស់រឿងអំពល់ចិត្តយើងទៅហើយ ទុយោជន៍អង្គុយចុះ កណ៌ក្រោកឡើងឈរថ្លែងមតិ ។
សូមទ្រង់អភ័យដល់ទូលព្រះបង្គំជាខ្ញុំ ក្នុងការដែលមានសេចក្ដីឃើញមិនដូចទ្រង់ទុយោជន៍ ដែលជាទីសំឡាញ់របស់យើង ទូលព្រះបង្គំឃើញមានថ្នាំកែតែមួយមុខ គឺអាស្រ័យកម្លាំងទាហានដ៏រឹងរិទ្ធិរបស់យើង ឲ្យបញ្ជូនទាហានទៅធ្វើសង្គ្រាមនឹងព្រះចៅ ទ្រុបទ ជាយ៉ាងឆាប់ ទូលព្រះបង្គំជឿថា កងទ័ពរបស់គេទុពលភាព គង់នឹងទប់ទល់កម្លាំងទាហានរបស់យើងមិនបាន ដែលនឹងលើកកម្លាំងទៅយាយីគ្រានេះ ត្រូវចាត់ការដោយរួសរាន់ ដើម្បីកុំឲ្យព្រះក្រិស្ណ ព្រះរាជាគុជរាត មានឱកាសលើកកម្លាំងមកជួយគេបាន ។
លំដាប់នោះ ព្រះចៅ ធ្ឫតរាស្ត្រត្រាស់សួរ ភីស្ម ក្សត្រិយ៍ជរាតើនឹងមានយោបល់យល់ឃើញដូចម្ដេច ភីស្ម ថ្លែងថា កាលបើព្រះករុណាសុំសេចក្ដីឃើញរបស់ទូលព្រះបង្គំ ក៏ត្រូវពោលតែពាក្យពិត តែបុរាណលោកថា (ពាក្យពិតរែងស្លែង) ទូលព្រះបង្គំយល់ឃើញថា តាមសិទ្ធិនៃរាជប្រវេណី យូធិស្និរជារជ្ជទាយាទ តាមច្បាប់ត្រូវបានរាជសម្បត្តិ បើព្រះករុណាមិនសព្វព្រះហឫទ័យនឹងលះរាជសម្បត្តិទាំងមូលឲ្យគេ សោត ក៏គួរបែងផែនដីឲ្យគេពាក់កណ្ដាល យុត្តិធម៌នឹងសេចក្ដីពិតត្រូវឲ្យទ្រង់ប្រតិបត្តិការក្នុងរឿងនេះ ដូចនេះ បើទ្រង់កើបកោយយកទ្រព្យសម្បត្តិទាំងភាគដែលគេត្រូវបានមកសោត ទូលបង្គំព្យាករណ៍ទុកវេលានេះថា សេចក្ដីវិនាសលិចលង់អាណាចក្ររបស់ទ្រង់ នឹងមកដល់ក្នុងមិនយូរ សេចក្ដីលោភលន់ហួសប្រមាណ នឹងនាំនូវសេចក្ដីវិនាសយ៉ាងធំមកឲ្យដល់ប្រយូរវង្សរបស់ទ្រង់ ដំណឹងដែលឧរសព្រះករុណាគិតប្រទុស្តនឹងដុតបងប្អូនទាំងរស់នោះ ល្បីរហូតទៅក្រៅអាណាចក្ររុកុ អ្នកស្រុកខាងក្នុងខាងក្រៅរាជអាណាចក្រពោលខ្ទាំងខ្ទប់ថា ទុយោជន៍គិតប្រទុស្តរាយទំលាយព្រះញាតិ ។
កណ៌ក្រោកឈរឡើងជាគម្រប់ពីរដង ដើម្បីបរិយាយវចនវោហាររបស់ ភីស្ម គេនិយាយថា ចិត្តរបស់ ភីស្ម ប្រកបដោយឆន្ទាគតិ ភ្នែករបស់ ភីស្ម ងងឹតក្នុងយុត្តិធម៌ វិចរណញាណរបស់ ភីស្ម ឃើញឆេវទៅក្នុងផ្លូវខុស ភីស្ម មានរោគាពាធឯណានិមួយមកបិទបាង ញ៉ាំងទស្សនញាណរបស់គេឲ្យវិកលទៅ រឿងនេះជាមុខក្រសួងរបស់ទីប្រឹក្សា ទីប្រឹក្សាតោងតបបញ្ហាឲ្យឆិតជិតទៅតែម្ដង ដោយទឹកចិត្តដ៏ត្រជាក់ មិនត្រូវញញើតនឹងគ្រឿងខ្ទាំងខ្ទប់ឯណានិមួយ សម្ដីទីប្រឹក្សាអ្នកប្រកបដោយសេចក្ដីប្រហែសធ្វេស និយាយចេញមកឃើញថា ខ្សត់វិចរណញាណមិនគិតឲ្យជុំជិតជ្រុងជ្រោយសិន រមែងនាំសេចក្ដីវិនាសមកឲ្យប្រទេស ។
ទោណអាចារ្យឃាត់កណ៌ថា ឈប់សិនទៅកណ៌អើយ ឈប់រលាស់អណ្ដាត ដែលប្រកបទៅដោយសេចក្ដីអួតទៅសិនទៅ អ្នកមិនបង្អង់និយាយ ទាល់តែសេចក្ដីវិនាសធ្លាក់មកលើខត្តិយចង្សរបស់យើងទៅឬ អាការធ្ងន់ណាស់ព្រះគុណអើយ កុំម៉្លោះពេក វិទូរក្រោកឈរឡើងពោលទទឹងទាស់នឹងមតិទុយោជន៍ថា ។
មុខងារនាទីរបស់ខ្ញុំ បង្គាប់ខ្ញុំឲ្យពោលចេញមកតាមសេចក្ដីពិតត្រង់ក្នុងចិត្ត ផលក្នុងទីបំផុតនឹងបង្កើតឡើងដូចម្ដេច ទុក ១ អន្លើ ថាបើបណ្ដោយឲ្យករណីហេតុដំណើរទៅដូចនេះ ក្នុងពេលមិនយូរ គង់នឹងប្រទះអានិដ្ឋារម្មណ៍ជាមិនខាន ព្រះនាមាភិធ័យនៃវង្សក្សត្រិយ៍របស់យើងនឹងសាបសូន្យទៅ ព្រោះហេតុនោះគំនិតរបស់យើងខ្ញុំ ក៏គឺនឹងឲ្យផ្សះផ្សាសេចក្ដីបែកសាមគ្គីរវាងព្រះញាតិវង្ស ដោយឧបាយឯណានិមួយដ៏ប្រពៃ តាមផ្លូវយុត្តិធម៌ ។
ការប្រឹក្សាគ្នាកឈប់ស្លេះតែប៉ុណ្ណេះ ព្រះចៅ ធ្ឫតរាស្ត្រ ក៏ប្រកាសកាត់សំនួន ជាពាក្យដាច់ខាតចេញមកថា ត្រូវទៅទទួលបាណ្ឌវក្សត្រិយ៍ដែលត្រូវនិរទេស ត្រឡប់មកកាន់ព្រះនគរវិញ យើងនឹងប្រគល់ផែនដីហស្ថិនបូរឲ្យពាក់កណ្ដាល ឲ្យបងប្អូនទាំង ៥ សេពសោយសម្បត្តិតាមខត្តិយប្រវេណី ។
លំដាប់នោះ ទើបទ្រង់ចាត់ឲ្យរាជទូតនាំរាជសាសន៍ទៅកាន់ក្រុងបញ្ចាល ដើម្បីនឹងអញ្ជើញ យុធិស្ឋិរ ព្រមទាំងប្អូនបួននាក់ត្រឡប់មកព្រះនគរ កាលរាជទូលអម្បាតនេះទៅដល់ក្រុងបញ្ចាល នាំគ្នាចូលគាល់ក៏ប្រទះគ្នានឹងបាណ្ឌវកុមារ កំពុងគាល់សន្ទនារីករាយ ជាមួយព្រះចៅ ទ្រុបទ ។
ព្រះរាជ ទ្រុបទ ត្រាស់ព្រះសូរសៀងយ៉ាងអាណោចអាធមថា យុធិស្ឋិរ គ្មានរឿងអ្វីក្នុងពង្សាវតាររបស់លោក នឹងដូចរឿងរបស់អ្នកទេ មុខគួរវេទនាអ្វីម៉្លេះ ដែលព្រះញាតិរបស់អ្នកត្រឡប់ទៅជាសត្រូវ ជាគូចងពៀរវេរានឹងគ្នាដូចនេះ ។
យុធិស្ឋិរ ពោល អារឿងលាភ រឿងអំណាច ទូលព្រះបង្គំមិនចង់ឃើញមុខវា វាធ្វើឲ្យបងប្អូនទាស់ទែងគ្នា ឪពុកនិងកូនទាស់គ្នា ទ្រព្យសម្បត្តិ អំណាច ស្ត្រី របស់ ៣ មុខនេះ ជាមារសម្រាប់ផ្ចាញ់មនុស្សយើងឲ្យវិនាសហីនហោចទៅ ។
ព្រះរាជា ទ្រុបទ ឡើងព្រះភ័ក្ដ្រច្រាលដោយលោហិត ត្រាស់ថា យើងសុំធ្វើពាក្យផ្ដេជ្ញាប្រកាសទុកក្នុងទីនេះ ថាបើអ្នកឯងមិនបានចំណែកព្រះនគរដោយស្រួលសោត យើងនឹងជួយអ្នកឯងដោយកម្លាំងអាវុធ ។
ខណៈនោះអ្នកភ្នាក់ងារមុខក្រសួងនាំទូតចូលទៅគាល់ ទូតអម្បាលនោះចូលទៅក្រាបចំពោះព្រះភ័ក្ដ្រក្រាបទូលថា ខត្តិយាធិបតីដ៏ជាម្ចាស់របស់ទូលព្រះបង្គំជាខ្ញុំ ត្រាស់បញ្ជាឲ្យនាំពារដ៏មានដ៏ជាមង្គលមកក្រាបទូលព្រះអង្គឲ្យ ទ្រង់ជ្រាប ដ្បិតព្រះរាជាមានព្រះហឫទ័យសោមនស្សណាស់ ដែលមកឃើញសេចក្ដីរួបរួមគ្នារវាងរាជត្រកូលទាំងពីរ គឺ បណ្ឌុ និង បញ្ចាល តែព្រះរាជាដ៏ជាប្រធាននៃកុរុរដ្ឋមានព្រះរាជហឫទ័យបំណងនឹងឃើញ វិមលភ័ក្ដ្រព្រះភាគិណៃទាំងប្រាំ ព្រះរាជជននីសោតក៏ចង់យល់ព្រះភ័ក្ដ្រយុវតីស្រីសុណិសា ប្រជាជនត្រៀមព្រមគ្នាហើយ ដើម្បីនឹងទទួលស្ដេច ។
ព្រះរាជា ទ្រុបទ មិនសព្វព្រះហឫទ័យក្នុងរឿងដែលបាណ្ឌវកុមារនឹងគ្នាត្រឡប់ទៅក្រុង ហស្ថិនបូរវិញ តែនឹងទ្រង់ហាមឃាត់សោត មើលទៅជាការមិនគួរ ក្នុងទីបំផុតក៏ទ្រង់អនុញ្ញាតតាមសុំ ។
បាណ្ឌពកុមារ ព្រមដោយព្រះជននី នឹងនាង ទ្រៅបទី ក៏រៀបចំរាជដំណើរ ស្ដេចដើរផ្លូវទៅថ្កានក្រុងហស្ថិនបូរ មានទាហាននឹងរាជបរិពារជាក្បួនហែហម នឹងមានភ្លេងត្រែសង្ខតូរ្យតន្ត្រីប្រគំសូរសព្ទទ្រហឹងអឺងអាប់ទៅ តាមមគ្គវិថី ។
កាលមកដល់ក្រុងហស្ថិបូរ មន្ត្រីខ្ញុំរាជការអ្នកធំចេញមកទទួលនៅទ្វារព្រះនគរ រាស្ត្រនិករទាំងពួងក៏ជ្រើមជ្រួលបបួលគ្នាមកទទួលស្ដេចជាទីស្រឡាញ់ របស់គេ ដោយបីតិដ៏មានកម្លាំងសឹងពុំអាចនឹងទប់ជើងឲ្យនឹង លុះឮសូរកាំភ្លើង ទឹង ទឹង ដែលគេបាញ់ថ្វាយគំនាប់ខ្ទរទាំងពសុធា អ្នកនគរក៏ចូលចិត្តបានថា បិយក្សត្រិយ៍របស់គេចូលមកក្នុងខេត្តព្រះនគរហើយ សេចក្ដីរីករាយរបស់រាស្ត្រទប់ជើងមកននឹង បណ្ដាស្រីប្រុស ចាស់ក្មេង តូចធំ ស្រោកស្ររហូរហៀរចេញមក ដើម្បីឃើញបាណ្ឌវក្សត្រិយ៍ ។ នៅទីព្រះរាជវាំង និងតាមផ្លូវថ្នល់ ដោតរាជវ័ត ឆ័ត្រទ្រង់ព្រោងព្រាត នៅមាត់ទ្វារនិមួយ ៗ ក៏សុទ្ធតែប្រដាប់ដោយគ្រឿងសម្ដែងសេចក្ដីបដិសណ្ឋារត្រេកអរទទួល នឹងជាទីប្រដាប់កិត្តិយសនៃខត្តិយរាជ លុះបាណ្ឌវកុមារចូលមកដល់ទីគាល់ព្រះចៅ ធ្ឫតរាស្ត្រ ក៏ស្ដេចចុះចាករាជបល្ល័ង្ក ត្រង់មកឱបក្មួយរាល់អង្គតាមលំដាប់ បាណ្ឌវកុមារក៏ក្រាបទៀបបាទយុគលទទួលពរ ព្រះរាជជិនី នឹងពួកនារីដែលមានបណ្ដាស័ក្ដិខ្ពស់ក្នុងរាជសំណាក់ក៏ដូចគ្នា នាំគ្នាទៅទទួល ទ្រៅបទី ទ្រៅបទីក៏ក្រាបចុះទៀបបាទ សម្ដែងសេចក្ដីគោរពតាមបែបសុភាពស្ត្រី មើលទៅកិរិយាមារយាទ និងរូបឆោមរបស់នាងជាទីត្រូវព្រះហឫទ័យ ព្រះរាជវង្សានុវង្សក្សត្រីជាយ៉ាងក្រៃពេក ពួកប្រយូររវង្សគ្រប់ព្រះអង្គ ក៏ស្រឡាញ់ពេញហឫទ័យ និងសរសើរគុណសម្បត្តិរបស់នាងជាអនេកប្រការ ។ ការផ្សះផ្សាររវាងព្រះញាតិដែលឃ្លាតគ្នាទៅ បានសះជាព្រមព្រៀងឡើងវិញដោយប្រការដូចនេះ មធុរកថារបស់ព្រះចៅ ធ្ឫតរាស្ត្រ ក៏ត្រាស់ប្រលោមលួងឲ្យសាមគ្គីគ្នាទៅវិញជាច្រើនប្រការ ទោះបីមិនស្និទ្ធគ្នាដូចអំពីដើមក៏អង្គឺក្ដី ទ្រង់ប្រាស្រ័យនឹងយុធិស្ឋិរជាក្មួយច្បងថា សេចក្ដីអារិចិត្តរវាងក្មួយនិងមា វេលានេះ រាប់ថាគ្មានហើយ តទៅខាងមុខសុំឲ្យមេត្រីរវាងរាជត្រកូលកុរុ និងបណ្ឌុគប្បីមានដល់គ្នា ដែលជាព្រះញាតិជីដូនមួយគ្នា មាសុខចិត្តបែងផែនដីឲ្យក្មួយពាក់កណ្ដាល ក្មួយនឹងតាំងរាជធានីឡើងថ្មីទៀតនៅខណ្ឌវបថ ឬនៅទីដទៃក៏បាន ហើយចូរគ្រប់គ្រងអាណាចក្ររបស់ក្មួយឲ្យជាសុខសម្រាន្តភិយ្យោយសចុះ ។
អាស្រ័យហេតុនេះ រាជអាណាចក្រក្រហស្ដិនបូរ ទើបត្រូវញែកជាពីរភាគ ទុយោជន៍រើសយកខេត្រផ្សេង ៗ ក្នុងទិសបូព៌ ដែលសម្បូណ៌ទៅដោយផលាផលជាសិទ្ធិរបស់ខ្លួន យុធិស្ឋិរបានភាគខាងលើ ដែលជាទីអរញ្ញប្រទេស តោងកាប់គាស់រានសាងជារាជធានីទីក្រុងឡើង ។រឿងមហាភារតយុទ្ធ
តមក បាណ្ឌវក្សត្រិយ៍ទាំង ៥ អង្គ ក៏នាំគ្នាទៅសាងរាជធានីទីក្រុងថ្មីនៅខណ្ឌវបថ ផ្ដើមកសាងកាប់គាស់ឈើព្រៃ ចូលចាំងជម្រះដី ទីទួលឲ្យរាបទៀបស្មើផ្ទៃ ស្រេចហើយនៃ ទើបសាងព្រះរាជមន្ទីរ ព្រមទៅដោយកំផែងដ៏វិចិត្រ ហាក់ដូចជាទេពនិម្មិត្រក៏ប្រហែលគ្នា តាំងនៅឆ្នេរទន្លេយមុនាខ្ពស់ត្រដឹមស្កឹមស្កៃ លេចកំពូលច្រូងច្រាងប្រាង្គលលៃគ្របទៅលើទន្លេ ជីកស្រះជីកគូនឹងបន្លាយជ្រលងអូរ សម្រាប់បង្ហូរទឹកចេញចូលតាមត្រូវការ ធ្វើទាំងឱទ្យានសួនផ្កា និងសួនច្បារផលាផលជុំវិញព្រះរាជមន្ទីរសុទ្ធសឹងតែព្រឹក្សាលតា ជាតិដ៏មានផ្លែផ្កា គួរជាទីទស្សនានៃអ្នកដែលបានទៅយល់ មានជ្រលងដងទឹកដ៏ថ្លា ហូរអំពីទន្លេយមុនាចូលទៅក្នុងឱទ្យាន ដក់ទៅក្នុងល្អាងដ៏មាននៅក្នុងសួនជាអន្លើ ៗ សម្រាប់ចិញ្ចឹមឈើព្រឹក្សាលតាជាតិឲ្យស្រស់ខ្ចីជានិច្ច មានហ្វូងរមាំងទ្រាយទន្សាយក្ដាន់ជាដើម ដើររកស៊ីស្មៅក្នុងត្រិណុទ្យានដ៏ខៀវខ្ចីវិស័យដូចជាព្រំដ៏ វិចិត្រ មានហ្វូងបក្សីនរជាតិ ហិចហើរឆ្វៀលឆ្វាត់ចាប់ព្រឹក្សា មយូរាដើរកែក្រាយក្បែរគុម្ពឈើ ខ្លះទំលើមែកឈើស្រសាស់ស្លាប ក្ងោកប៉ោលតោកនូវសេកចាប យាសយំកេបកាបតាមភាសា សកុណាឆ្លាស់ឆ្លើយរងំព្រៃ ត្រូវនឹងសម្លេងរៃយំងាំង ៗ ឮហើយភាន់ភាំងឈានឈប់ឈរស្ដាប់សព្វបក្សី ។ អាស្រ័យលោកសង្ខារតាក់តែងឡើង ដោយធម្មតាឯងខ្លះ អាស្រ័យវិទ្យារបស់បុគ្គលរចនាឡើងខ្លះ ឆោមលំអនៃធម្មជាតិទាំងឡាយនោះ ទើបប្រមូលមកមានព្រមនៅទីនោះ ជាទីសម្រាន្តរម្យរីករាយនៃអ្នកដ៏ជាម្ចាស់ លុះសាងស្រេចបាណ្ឌវក្សត្រិយ៍ក៏ស្ដេចឡើងគង់វាំងថ្មីតាមវិធីបុរាណ សម្មតនាមថា ឥន្ទ្របថ ព្រោះល្អប្រហែលរម្យស្ថានក្នុងត្រៃត្រឹង្សភពរបស់សម្ដេច អម្រិន្ទ្រាធិរាជ ។ គ្រានោះអ្នកនគរព្រមគ្នាអញ្ជើញយុធិស្ឋិរឡើងសោយរាជសម្បត្តិនា ក្រុងឥន្ទ្របថ ដោយម្លប់ពោធិសម្ភាររបស់ព្រះអង្គ ប្រទេសក៏ស្ដុកស្ដម្ភសម្បូណ៌ឡើងគ្រប់យ៉ាង ប្រជារាស្ត្រនៅជាសុខក្សេមក្សាន្តសព្វទិវារាត្រី ឥតមានភិតភ៏យដោយរឿងអ្វី ទ្រង់ផ្សាយព្រះរាជាបុភាពវាទចេញទៅបន្តិចម្ដង ៗ រឿយ ៗ ទៅ ទាល់តែឥន្ទ្របថរដ្ឋធំទូលាយជាងកំណត់ដើម មិនមែនតែមានដែនដីធំប៉ុណ្ណោះ នៅមានកម្លាំងរេហ៍ពលដ៏ក្លាហានជាអនេក ទ្រង់នៅអំណាចឥស្សរភាពក្នុងផ្លូវរដ្ឋប្រសាសនយ៉ាងស្រួច លុះព្រះយុធិស្ឋិរឃើញថា ការព្រះនគរបានចម្រើនធំទូលាយដល់ខ្នាតហើយការគ្រប់គ្រងក៏ ខ្ជាប់ខ្ជួនបរិបូណ៌គ្រប់យ៉ាងហើយ ទ្រង់នៅព្រះតេជានុភាព និងព្រះកិត្តិយសជាមហារាជា ទ្រង់ប្រាថ្នានិងធ្វើពិធីសូយយ័ជនកម៌ ការបូជាមហារាជ ដើម្បីប្រកាសឥស្សរភាពរបស់ទ្រង់ អ្នកជាមហារាជា ឲ្យប្រាកដទៅក្នុងពពួកក្សត្រីនោះដែរគ្រងនគរតូចតាចនៅជិតខាងរាជ រដ្ឋសីមា ទើបទ្រង់ប្រើអនុជាទាំង ៤ អង្គ ឲ្យយាត្រាទៅជាន់ដែនប្រទេសរាជជិតខាងអម្បាលនោះ ដើម្បីប្រកាសឥស្សរភាពជាក្សត្រិយ៍ធំលើនានាប្រទេសរាជ ពួកប្រទេសរាជដែលព្រមចុះចូល ក៏បានអញ្ជើញមកប្រជុំក្នុងពិធី សូយយ័ជនកម៌ ចំណែកឯប្រទេសដែលរឹងទទឹង ឬតស៊ូ ក៏ត្រូវប្រហារខ្ទេចទៅ ដែនដីក៏ត្រូវរឹបយកមករួមជាអាណាចក្រមហារាជាឥន្ទ្របថ ។ រាជសូយពិធីគ្រានេះ កើតផលសម្រេចយ៉ាងធំក្នុងផ្លូវរដ្ឋប្រសាសនោបាយ ធ្វើឲ្យព្រះ យុធិស្ឋិរ តាំងមាំនៅក្នុងរាជសម្បត្តិ បានផ្សាយរាជសម្បត្តិអាណាចក្រគ្របទៅលើសាមន្តរាជតូចធំទាំងឡាយ ជាបច្ច័យឲ្យព្រះអង្គមានមិត្រមេត្រី នឹងមហារាជាក្នុងប្រទេសឥណ្ឌាភាគលើជាច្រើនអង្គ ហើយជួយជ្ញជូនព្រះតេជានុភាព និងកិត្តិប្រវត្តិឲ្យខ្ចរខ្ចាយទួទៅក្នុងនានាប្រទេស ។ ស្រេចការពិធីនេះហើយមិនយូរប៉ុន្មាន ទុរយោជន៍ព្រមដោយរាជបរិពារ និងព្រះសសុនិ ជាបិតុលាធិរាជនៃគណៈក្សត្រិយ៍គោរព ស្ដេចទៅប្រពាតឯនគរឥន្ទ្របទ ដែលឧស្សាហ៍ស្ដេចទៅទាំងម៉្លេះ ដោយព្រះហឫទ័យពេញទៅដោយសេចក្ដីឬស្យា ជាងទៅសម្ដែងសេចក្ដីត្រេកអរក្នុងរឿងសាងរាជធានីថ្មី សារពើដែលទ្រង់បានឃើញ សារពើដែលទ្រង់បានស្ដាប់ សារពើដែលទ្រង់បានប្រារព្ធទៅដល់ សុទ្ធតែជាគ្រឿងរុញរុកឲ្យកើតសេចក្ដីឬស្យា និងអាឃាតឡើង នឹងមើលភូមិប្រទេសឥន្ទ្របទក៏ល្អឯកអស្ចារ្យ នឹងមើលទៅមុខមាត់ប្រជាជន ក៏រីករាយឆ្អែតឆ្អន់ទៅដោយសេចក្ដីសុខសម្រាន្ត ព្រះរាជាណាចក្ររុងរឿងសម្បូណ៌ព្រមពេញទៅដោយរបស់ដ៏មានតម្លៃ ជាទីគួរមើលគួរឃើញរបស់ដែលអស្ចារ្យបំផុតក៏គឺព្រះរាជវាំង ផុតវិស័យទុយោជន៍នឹងប្រទះឃើញក្នុងទីដទៃ ការដែលទៅក្រុងឥន្ទ្របទគ្រានេះ សង្កេតមើលអាកប្បកិរិយាក៏ដូចជាភ្ញៀវតាងប្រទេសទាំងពួង ដែលគេតែងទៅកាន់ប្រទេសនានាតាមសព្វមួយដង តែក្នុងហឫទ័យទុយោជន៍ ពេញទៅដោយសេចក្ដីក្ដៅក្រហាយដ៏លើសលន់ តែទៅដោយអំណាចដែលមកឃើញរបស់ចំឡែកអស្ចារ្យដូចនេះ ជាទីដឹកភ្នែកឲ្យមើលទាល់តែភ្លើន វេលាដែលទ្រង់យាងទតមហាស្ដាន ជួនកាលព្រះសិរទៅប៉ះនឹងជញ្ជាំង ដែលខាត់រលោងឡើងស្រមោលដូចជាកញ្ចក់ខ្ឌាំង ក្នុងកាលដែលទ្រង់ព្យាយាមនឹងយាងទៅត្រង់នោះ ដោយស្មានថាជាទីចន្លោះដល់ទៅ ១ កន្លែងទៀត ខណកាលទ្រង់យាងពីបន្ទប់ ១ ចូលទៅបន្ទប់ ១ ទៀត ទៅប្រទះកន្លែងបន្ទប់ទឹក ប្រប៉ា1 ដែលកំពុងខ្ពុលបញ្ចេញសុគន្ធសា ៗ មានអាការដូចជាគ្រាប់ភ្លៀងដ៏ល្អិត ធ្លាក់ចុះអំពីពិដានស្រោចទទឹកគ្រឿងទ្រង់ជោក ដល់ទៅមួយកន្លែងទៀតទ្រង់លាត់អង្ខើញព្រះភូសា ដោយសម្គាល់ថាជាល្អាងទឹក តែទឹកនោះជាផ្លូវដើរ ជារបស់វិការដោយថ្វីដៃជាងធ្វើបញ្ឆោតទុក ។ តែសេចក្ដីពិត មិនមែនជាពួកបាណ្ឌវក្សត្រិយ៍បំណងនឹងធ្វើលលេង ឬធ្វើដើម្បីឲ្យទ្រង់អាម៉ាស់មុខនោះទេ តែទុយោជន៍ឯងមានសន្ដានចិត្តជាបុគ្គលពាល ក៏ចេះតែចាំរើសយករឿងរញ៉ិករញុកបន្តិចបន្តួចនេះពូតឡើងជាដុំ ព្រោះប្រទះត្រង់រឿងដែលទ្រង់ល្ងើលកាលណា ពួកបាណ្ឌវក៏ទ្រង់សម្រួលកាលនោះ ដោយអត់មិនបានទ្រង់សម្រួលឃឹក ៗ តាមភេទជាញាតិស្និទ្ធិមិនមែនជាទ្រង់សម្រួលក្អាកក្អាយយ៉ាងកញ្ជះគេ នោះទេ ទុរយោជន៍នឹកអៀនខ្មាសក៏រករឿងចងអាឃាដទៅឯង ប្រញាប់ស្ដេចចេញមកពីទីក្រុងឥន្ទ្របទ លុះមកដល់ព្រះនគរ ក៏ទ្រង់លើកយករឿងដែលបរិវិតក្កនោះមកប្រារព្ធនឹងសកូនីជាបិតុលាថា ៖ ទ្រង់សកូនី ខ្ញុំឈឺចិត្តណាស់ ពួកបាណ្ឌវជាមនុស្សអាក្រក់សល់សែន បានត្រៀមការទុកធ្វើបាបខ្ញុំ ដោយឧបាយដ៏លែបខាយ មានទេវតាជាប្រធានព្រះតុល គំនិតរបស់គេគិតតែមើលងាយខ្ញុំប៉ុណ្ណោះ សេចក្ដីប្រមាទមើលងាយអស់នេះ ចត់ល្វីងជាងខ្លឹមឈើដែលល្វីងណាស់ទៅទៀត វាតាំងចិត្តមើលងាយប្រមាទគ្នាមែន ៗ ហេតុនោះពួកវាទើបដើរតាមខ្ញុំស្ររ ដូចជាឆ្កែតាមជើងដំរី ដើម្បីនឹងបានឃើញហេតុភេទដែលវាក្លែងធ្វើទតគឺវាចាំមើលតែខ្ញុំ ដែលភ្លាត់ដួលតិតដួលតូង អារឿងដួលវាក៏សំខាន់ណាស់ដែរ ដូចជាធ្លាក់អំពីទីខ្ពស់រលាត់ដៃជើងទៅអស់ក្រែល ព្រះរាជហឫទ័យព្រះជនកខ្ញុំសោតក៏ត្រជាក់ល្ហិម ដោយជរាភាពបៀតបៀន ឥឡូវនេះទ្រង់មិនអាចនឹងត្រិះរិះកែបញ្ហាដែលជំពាក់ទាក់ទិននឹង ជ្រៅសុខុមនេះបាន តែខនេះអស់យើងរាល់គ្នាដែលជាកូនប្រុសមានដៃមានជើងគ្រប់បរិបូណ៌ មិនត្រូវមើលបំណាំ ឬទ្រង់យល់ដូចម្ដេច ព្រះជនលោកជរាណាស់ហើយ ទ្រង់ចាំតែស្ដាប់ទីប្រឹក្សាយ៉ាងអព្យាក្រិត ទើបឯទីប្រឹក្សានោះសោតនិងទុកចិត្តវា ក៏ដូចជាទុកចិត្តអសិរពិស អាពួកចង្រៃវាលក់ម្ចាស់ឯងទ្រម វាទូលណែនាំឲ្យព្រះជនក បែងព្រះរាជអាណាចក្ររបស់ខ្ញុំឲ្យទៅពួកបាណ្ឌវពាក់កណ្ដាលដែលគេ មិនមានសិទ្ធិ ឬមុខក្រសួងនិងត្រូវបានសោះឡើយ ព្រះជនកលោកគំនិតស្រាលណាស់ បើប្រសិនជាត្រូវនិរទេសចេញអំពីព្រះរាជវាំងទៅម្ដង ប្រហែលជានឹងទ្រង់ជ្រាបព្រះអង្គថា ឱនេះទោសព្រោះចិញ្ចឹមអសិរពិសទុក ១ ក្រោលធំនោះឯង ខ្ញុំពោលមកទាំងនេះព្រោះជាការផ្ទុកផ្ទាល់ខ្លួន ព្រះបិតុលាក៏ឃើញនឹងព្រះនេត្រស្រាប់ហើយថា ពួកអធម៌សេនាបតីរបស់យើង បានកើបកោយព្រះរាជទ្រព្យអំពីព្រះឃ្លាំង ផ្ទុកផ្ទេរទៅឲ្យចាក់ទៅឲ្យពួកបាណ្ឌវប៉ុន្មាន ខ្ញុំមិនមែនជាកូនស្រី និងមកដេកយំហ៊ី ៗ តាមសភាពជាអ្នកចិត្តទន់នោះទេ ខ្ញុំចំជាកូនប្រុសខ្ញុំនឹងច្បាំងទាល់តែផុតដង្ហើមអស្សាសបស្សាស ជាទីបំផុត តែចង់ក្របែលអាពួកចង្រៃអប្បលក្សណ៍អស់នេះជាមុន ហើយនឹងងាប់ទៅក៏តាមការចុះ ខ្ញុំគ្នេរមើលឃើញថាកម្លាំងកងទ៍ពរបស់យើងក្នុងវេលានេះទន់ណាស់ មិនល្មមនឹងធ្វើការដណ្ដើមជ័យកណ្ដាលយុទ្ធភូមិជាមួយនឹងសឹក ព្រោះវាមានកម្លាំងរឹងរិទ្ធិ មានទាំងពួកសម្ពន្ធមិត្រជិតខាងជំនួយច្រើនផ្លូវ ឯសេចក្ដីលំអរុងរឿងក្នុងប្រទេសរបស់គេ ជាគ្រឿងធ្វើឲ្យរកាំក្នុងភ្នែកខ្ញុំណាស់ ស្មើដូចជាកន្ទុយថ្លែនដែលកើតក្នុងភ្នែក ខ្ញុំចង់តែស្លាប់ទៅជាជាងរស់នៅដោយសេចក្ដីអប្បយសដូចនេះ ខ្ញុំនឹងមានអាយុរស់នៅ សូម្បីដូចជីវិតក្អែកក៏តាមការចុះ ។ សកុនិ អង្គុយស្ដាប់រឿងផ្ដេសផ្ដាសនេះរឿយទៅ មិនមានឆ្លើយឆ្លងថាអ្វីដល់មួយម៉ាត់ ទាល់តែទុរយោជន៍ពោលចប់ចុះ គេជាខ្ញុំរាជការធ្លាប់តែប្រចិបប្រចែងម្ចាស់ ស្ទាត់ក្នុងការអង្គុយស្ដាប់ស្ងៀម ៗ នឹងស្ទាត់ក្នុងពិធីប្រតិបត្តិមិនឲ្យទាស់អធ្យាស្រ័យម្ចាស់ កាលឃើញទុរយោជន៍ខ្ញាល់នឹងពួកព្រះញាតិណាស់ណា ជាឱកាសនឹងបំពេញឡើងឲ្យដល់ការគេក៏ក្អែរពិសដាក់បន្ថែមឡើងឲ្យ ម្ចាស់រឹតតែក្ដៅក្រហាយឡើងជាងមុន ។ ទ្រង់មានបន្ទូលនេះគាប់ហើយ មើលទៅកម្រនឹងកាច់កម្លាំងពួកបាណ្ឌវបាន ព្រោះប្រទេសតូចធំរាប់អានគេ តែត្រង់ដែលទ្រង់ត្រាស់ថា ស្លាប់ទៅជាជាងរស់នៅដោយសេចក្ដីអប្បយស នោះជាព្រះតម្រិះដ៏ខុសសោះ សេចក្ដីអប្បយសប្រៀបដូចអាកាសធាតុក៏ថាបាន មិនដូចនោះទេ ក៏ដូចជាមុខដំបៅអាចនឹងរក្សាឲ្យសះជាទៅបានក្នុងមិនយូរ សេចក្ដីគិតមួយយ៉ាងបានមកដុះឡើងក្នុងចិត្តខ្ញុំ នឹងទូលឲ្យទ្រង់ជ្រាបដោយឧបាយមួយយ៉ាងឃើញបានការជាប្រាកដ គឺ យុធិស្ឋិរ ចូលចិត្តលេងស្ការមែងដឹងឮរាល់គ្នាហើយ ចំណែកឯខ្ញុំទ្រង់ក៏ទ្រង់ជ្រាបហើយ ដែលថាស្ទាត់ក្នុងការល្បែងស្កាយ៉ាងម្ដេច យុធិស្ឋិរ នៅទន់ហត្ថណាស់ ខ្ញុំអាចនឹងលេងយកជ័យជម្នះបានដោយឧបាយទាំងពាន់ផ្លូវ គឺខ្ញុំនឹងលេងដោយកូនស្កាបង្កប់សំណរជន្លរឲ្យបានចិត្តខ្លាំងឡើង ៗ ប្រមាណតែត្រឹមពាក់កណ្ដាលឡូ ខ្ញុំនឹងធ្វើឲ្យគេហោចទៅតែម្ដង នឹងលេងឲ្យអស់សាច់ឈាមទៅតែម្ដង នឹងរឹបយកទាល់តែកាន់អម្បែងដើរសុំទាន ឬ នឹងរឹតគាត់ឲ្យតឹងជាងនេះទៅទៀតក៏បាន ដោយសន្យាថា អ្នកចេញត្រូវចេញចាកព្រះនគរទៅនៅព្រៃកំសត់អស់វេលា ១២ ឆ្នាំ យើងអាចនឹងលាងសឹកសត្រូវរបស់យើងឲ្យអបជ័យរលីងទៅ ដោយគំនិតលែបខាយឧបាយកលខាងក្នុងដូចនេះ មិនមែនចេញមុខច្បាំងគ្នាក្ឌុងក្ឌាំងបំផ្លាញគ្រឿងយុទ្ធភណ្ឌទៅទទេ ៗ នោះទេ ។រឿងមហាភារតយុទ្ធ
ឥឡូវនេះទុរយោជន៍នឹងសកុនី បានរួមគំនិតគិតការត្រៀមទុកព្រមស្រេចហើយ លំដាប់នោះ ទុរយោជន៍ ក៏ចូលទៅគាល់ព្រះរាជបិតា ក្រាបចុះយុគលបាទ ទ្រង់ព្រះកន្សែងអាក់អួលទឹកព្រះនេត្រស្រក់ស្រស្រាក់ស្រោចភក្ត្រា ព្រះរាជបិតាឃើញអាការកូនសម្លាញ់ដូចនោះ ក៏ត្រាស់សួរដល់ហេតុផល ។ ព្រះជាម្ចាស់លើត្បូងចូលទ្រង់ជ្រាប សេចក្ដីល្អនៃក្រុងឥន្ទ្របទរបស់យុធិស្ឋិរ ជាជាងហស្ដិនបូររបស់យើង ដែលល្បីល្បាញពីណាមកហើយ ជាច្រើនភាគ ទីព្រះឃ្លាំងរបស់គេពេញទៅដោយមាស ប្រាក់ កែវកង ពេជ្រ និលចិន្ដាដ៏មានតម្លៃ រដ្ឋសីមារបស់គេសុទ្ធសឹងតែប្រាសាទច្រូងច្រាងច្រាលរន្ទាល ហាក់បីដូចជាយោងយឺតយកអំពីស្ថានសួគ៌ មកប្រតិស្ថានទុកនៅទីនោះសម្បត្តិទាំងនេះ ដើមឡើយយើងជាអ្នកអបលោកឲ្យគេ ឥឡូវនេះគេរុងរឿងហួសមុខមាត់យើងទៅហើយ គេធ្វើរឹកក្រអឺតក្រទមមើលងាយយើងយ៉ាងអ្នកព្រៃ ព្រះករុណា ទូលព្រះបង្គំខ្ញុំចាំចង់តែស្លាប់បង់ ជាសេចក្ដីពិតតាមប្រមាណមើល ទូលព្រះបង្គំជាខ្ញុំតាមដែលទទួលសេចក្ដីទោមនស្សទាំងនេះ គង់ជាមិនមានជីវិតរស់នៅរហូតមកបានក្រាបទូលរឿងនេះឲ្យទ្រង់ ជ្រាបទេ តែគ្រោះជាទ្រង់ សកុនិ បានជួយបន្ទោរទុកអម្បាលនេះចេញទៅបានខ្លះ រាប់ថាជាព្រះគុណយ៉ាងខ្ពស់ទ្រង់សម្ដែងបំភ្លឺឧបាយកលយ៉ាងឯក សម្រាប់នឹងកាច់កិនគូបរប័ក្សក្រគួតនឹងយើងឲ្យរលើងក្ឌូងទៅ លេសខនោះ ទ្រង់ សកុនិ ឲ្យប្រតិបត្តិដូចនេះ អញ្ជើញយុធិស្ឋិរមកលេងស្កាភ្នាល់គ្នា ពួកយើងត្រៀមការស្រេចហើយ ដែលនឹងធ្វើឲ្យគេអមរាជ័យរាល់ក្ដារទៅ ត្រាតែទូលព្រះបង្គំជាខ្ញុំបានរបស់ដែលខូចទៅត្រឡប់មកវិញ គឺថានឹងយករាជអាណាចក្រពាក់កណ្ដាល ដែលចែកទៅឲ្យគេមកវិញ បើគ្រោះអាក្រក់ទូលព្រះបង្គំជាខ្ញុំចាញ់គេក៏តាមយថាកម្ម ទូលព្រះបង្គំជាខ្ញុំសុខចិត្តទទួលបាបគ្រោះកម្មនោះដោយតុណ្ណីភាព ឲ្យគេជាព្រះរាជាតែមួយអង្គ ជំនួសទូលព្រះបង្គំជាខ្ញុំទាំងអស់ទៅចុះ ថាបើមិនដូចនោះទេ ត្រូវឲ្យទូលព្រះបង្គំជាខ្ញុំបានគ្រងអាណាចក្រទាំងមូល ដោយមិនចាំបាច់បែងប៉ាន់ឲ្យអ្នកឯណានីមួយតែដែលឲ្យធ្វើធំទាំង ពីរ ផ្កាយពីរដួងនឹងចរទៅក្នុងរាសីតែមួយជាមួយគ្នាមិនបានព្រះករុណា ។ ធ្ឫតរាស្ត្រត្រាស់តប កូនសម្លាញ់ឪពុក លោភកើតឡើងព្រោះទោស ទើបឯទោសនោះសោត បាននឹងសេចក្ដីវក់មួយរំពេច ៗ ប៉ុណ្ណោះ ម្ដេចបាបណ្ដាលឲ្យភ្លើងពិរោធចូលមកដុតរោលហឫទ័យរបស់បាឲ្យក្រៀម ក្រំទៅថ្វី ម្ដេចបានទើបមកគិតយាយីបងប្អូនឯងទៀត គេបានលំបាកតោកយ៉ាកមកក៏ល្មមហើយ ឲ្យគេនៅជាសុខផងចុះកូន ការស្វែងរករឿងទៅលើអ្នកមានអំណាចនជស័ក្ដិ ក៏ស្មើដូចជាដាស់រាជសីហ៍ដែលដេកលក់ឲ្យភ្ញាក់ អារឿងភ្នាល់បាកុំនាំមកនិយាយឲ្យបិតាឮ បិតាស្អប់ឈ្មោះបោះសម្លេងវាណាស់ វាប្រាប់ហេតុសេចក្ដីវិនាសនឹងគ្រោះថ្នាក់ប៉ុណ្ណោះ បិតាព្រឺក្បាលកាលមកគិតនឹងអនុញ្ញាតឲ្យបាលេងស្កាភ្នាល់គ្នានេះ តែចូលសួរវិទូរមើល គេនឹងមានសេចក្ដីដូចម្ដេចក្នុងរឿងនេះ ។ វិទូរ មិនបង្អង់ឲ្យសួរទាន់ ក្រោកឡើងឈរសុំរាជវរោកាសហើយសម្ដែងសេចក្ដីឃើញរបស់គេថាទេវ ព្រះអង្គរមែងទ្រង់ជ្រាបថា ទូលព្រះបង្គំជាខ្ញុំមិនធ្លាប់ជាអ្នកប្រចុបប្រចែងអ្នកណា សម្ដីទូលព្រះបង្គំជាខ្ញុំ ច្រើនតែឲ្យទោសដល់ទូលព្រះបង្គំវិញជាញយ ៗ គ្រានេះក៏ទៀត ព្រោះលោកថាពាក្យពិតរែងស្លែង ទូលព្រះបង្គំតោងសូមពោលតាមមតិរបស់ខ្លួន លោភចិត្តរបស់ម្ចាស់យើង ដែលទៅដណ្ដើមទ្រព្យសម្បត្តិរបស់បងប្អូនមកជារបស់ព្រះអង្គនោះ នឹងនាំឲ្យវិនាសទៅឯង លេសដែលទ្រង់គិតបំណងនឹងធ្វើទៅនោះ សុទ្ធតែហាយនកម្ម និងអំណោយផលអាក្រក់គួរខ្លាចណាស់ណា ទូលព្រះបង្គំជាខ្ញុំយល់ឃើញថាជាមុខក្រសួងរបស់ទូលបង្គំជាខ្ញុំ ត្រូវតែក្រាបទូលដាស់តឿនព្រះសតិទ្រង់ព្រះករុណា ។ សេចក្ដីមិនពេញព្រះហឫទ័យឲ្យលេងស្កាភ្នាល់ របស់ព្រះរាជានឹងពាក្យយល់ទាល់របស់វិទូរនេះ មិនធ្វើឲ្យទុរយោជន៍រសាយមនោមានទៅបាន ត្រឡប់ជាទ្វេរសេចក្ដីឬស្យាឲ្យចាស់ក្លាឡើង ចំណែកឯយុធិស្ឋិរជាអ្នកប្រកបដោយគុណសម្បត្តិផ្សេង ៗ ក៏មែនតែនៅទន់ ១ យ៉ាងគឺត្រង់សព្វព្រះហឫទ័យលេងស្កា ខនេះជាមារដ៏សំខាន់ ដែលព្រះអង្គមិនអាចនឹងតស៊ូវាបាន ។ កាលទ្រង់ជ្រាបថា មានល្បែងភ្នាល់ស្កានៅទីណា ក៏តោងស្ដេចទៅទត ឬទៅលេងជាមួយនឹងគេនៅទីនោះជាដរាប ព្រោះហេតុនោះ ការទុរយោជន៍អញ្ជើញទៅក្រសាលការភ្នាល់ ទ្រង់ឃើញជាកិត្តិយសមួយយ៉ាង គួរនឹងទទួលអញ្ជើញទៅភ្នាល់នឹងគេ ទើបស្ដេចចេញចាកឥន្ទ្របទបូរី នាំយកទាំងព្រះអនុជទាំង ៤ នឹងព្រះជននិជរានឹងទ្រៅបទី ទៅផង ។ ចាប់លេងភ្នាល់ស្កា ក្ដារដំបូង យុធិស្ឋិរ ចាញ់មួយពាន់ ក្នុងក្ដារត ៗ ទៅក៏ទន់ជាងគេជាដរាបក្នុងថ្ងៃគ្រោះមិនល្អនោះ ថ្ងៃព្រឹកឡើងទ្រង់ក្រសាលទៀត ក៏ចាញ់គេទៀត កាលចាញ់ណាស់ទៅ ក៏កើតក្ដៅក្រហាយខ្លាំងឡើង ៗ មាស ពេជ្រ សេះ ដំរី រថ ទ្រង់យកមកដាក់ភ្នាល់នឹងគេទៀត លំដាប់នោះទ្រង់យកព្រះរាជទ្រព្យក្នុងព្រះឃ្លាំងមកតាំងភ្នាល់ រួចអំពីនោះទ្រង់យករាជអាណាចក្រ របស់ទាំងពីរមុខនេះក៏រលាយទៅតាមគ្នាដូចមុន ទោះម្ល៉ឹងហើយ សេចក្ដីក្រហល់ក្រហាយក្នុងការល្បែងក៏មិនមានស្រាក ទ្រង់លើកយកព្រះអនុជទាំង ៤ តាំងភ្នាល់ អស់ព្រះអនុជទាំង ៤ ដាក់ព្រះអង្គឯងទៀត ក្នុងទីបំផុតដាក់នាង ទ្រៅបទី ក៏របូតបាត់ស្រមោលទៅទៀត ជាទីអប្បយសអាម៉ាស់មុខជាបំផុត ភីស្ម ទោណ និង វិទូរ មើលតែក្នុងចិត្តសែនស្លុតសែនសង្វេគវេទនា ចំណែកឯ កណ៌ ទុហសាសន និងពួកអ្នកគិតកោងអប្បល័ក្ខណ៍ទាំងប៉ុន្មាន អង្គុយលេង ទឹកមុខញញឹម ដោយឃើញផ្លូវបានប្រៀបយ៉ាងធំ ដូចមនោរថហើយ ។ ទីបំផុតដែលថារាប់ឈ្នះចាញ់គ្នា ក៏គឺត្រឹម ទ្រៅបទី ទុរយោជន៍ ត្រាស់ឲ្យ វិទូរ ទៅយកខ្លួននាងមកក្នុងបន្ទប់ទីប្រជុំរដ្ឋមន្ត្រី ដោយទ្រង់យល់ឃើញថា វេលានេះនាងមិនមែនជារាជិនី នាងធ្លាក់ទៅជាទាសីហើយ វិទូរ ក្រាបទូលអង្វរថា សុំព្រះហឫទ័យកុំទ្រង់ធ្វើដល់ម៉្លោះដែលនឹងនាំ ទ្រៅបទី មកកាន់ទីនេះ ជាការប្រមាទមើលងាយនាងហួសសមគួរ ជាហេតុឲ្យពួកបាណ្ឌវបណ្ដាលទោសខ្មួលខ្មាញ់ឡើងនឹងកើតហេតុធំ រឿងនេះតែខំធ្វើរំលោភទៅ សូម្បីតែទារកក្នុងប្រទេសឥន្ទ្របទក៏អត់មិនបាន ។ ទុរយោជន៍ពោលពាក្យទ្រគោះឲ្យ វិទូរ ជាច្រើន ត្រាស់ឲ្យរាជបុរសទៅកោះយកខ្លួននាង ទ្រៅបទី មក វិទូរ ជាអ្នកស្លូតសុចរិតដកតែដង្ហើមធំនឹងគិតតែក្នុងចិត្តថា ទុរយោជន៍បោះបង់ធម្មចរិយាហើយ សេចក្ដីទុច្ចរិតជាផ្លូវត្រង់ទៅអបាយ ឥឡូវទុយោជន៍ ក៏កិលនឹងចុះទៅកាន់ផ្លូវនោះហើយ ។ គ្រានោះទ្រៅបទីទេវី កំពុងប្រថាប់នៅក្នុងបន្ទប់ បន្តិចរាជបុរសទៅដល់ បើកទ្វារក្រាកចូលទៅ ទូលប្រវត្តិហេតុដល់នាងតាមព្រះរាជតម្រាស់ ទ្រៅបទី ធ្លាក់ព្រះហឫទ័យក្តុក តែដំកល់សតិសម្បជញ្ញៈទាន់ មានបន្ទូលនឹងសារ័ណទូត អ្នកមកកោះខ្លួន ថាម្នាលនាយ ត្រៀចយើងបានស្ដាប់សំដីអ្នកឯងនិយាយដូចនេះមែនឬ ព្រះរាជស្វាមីត្រាស់នឹងអ្នកដូចនេះឬ1 ទ្រង់អស់ព្រះរាជទ្រព្យហើយឬ ទើបយកព្រះរាជិនីទៅដាក់ភ្នាល់នឹងគេ ទ្រង់វិកលព្រះសតិទៅហើយឬ ។ ព្រះរាជទ្រព្យអស់ហើយក្រាបទូល ព្រះចៅ យុធិស្ឋិរ បង់ខាតសព្វសារពើដែលនៅក្នុងសេចក្ដីគ្រប់គ្រងរបស់ខ្លួន រហូតដល់មកុដ ព្រះអនុជ ព្រះរាជិនី ។ល។ ទាំងអស់ហើយ ។ ទ្រៅបទី ក្រោកឈរមានសវនិយដោយទោស, ថា ។ បើព្រះរាជារបស់យើងដាក់ព្រះអង្គជារបស់សម្រាប់ភ្នាល់នឹងគេ អំពីដើមទីទៅហើយសោត ព្រះអង្គក៏ក្លាយទៅជាទាសៈគេមួយរំពេចទៅហើយ ពីត្រឹមនោះមកព្រះអង្គមិនមានអំណាចនឹងមកយកខ្លួនយើងទៅ ដាក់ភ្នាល់ទៀតឡើយ ព្រោះហេតុថាធម្មតាជាតិជាខ្ញុំគេរមែងគ្មានទ្រព្យសម្បត្តិ នឹងមិនមានអំណាចនឹងលក់ដូររបស់អ្វីបាន ព្រោះហេតុនោះ គាត់ចូលនាំពាក្យនេះទៅក្រាបទូលព្រះភស្ដារបស់យើងថា គ្មានអ្នកណាមានអំណាចត្រូវបានទ្រៅបទី ។ រាជទូតត្រឡប់ទៅដល់ទីប្រជុំរបស់រដ្ឋមន្ត្រី ក៏នាំសម្ដីប្រជួសប្រសោករបស់នាងក្រាបទូលទុរយោជន៍ ទុរយោជន៍ក៏ខ្ញាល់ណើងដូចភ្លើងអគ្គិសនី ត្រាស់ប្រើទុហសាសនជាអនុជ ឲ្យទៅអូសយកនាងមាត់រឹងមកគាល់ជាឆាប់ ។ ទុហសាសនទៅដល់ដំណាក់ ចូលទៅក្នុងបន្ទប់ទ្រៅបទី ថ្លែងព្រះរាជឱង្ការថា ឱក្សត្របញ្ចាលព្រះនាងត្រូវគេយកទៅដាក់ភ្នាល់ ឥឡូវនេះព្រះនាងធ្លាក់ទៅជារបស់នៃអ្នកឈ្នះហើយ សម្ដេចព្រះជេដ្ឋាទុរយោជន៍ មានព្រះបន្ទូលឲ្យទៅគាល់ព្រះអង្គ ដែលជាម្ចាស់ម្នាយរបស់នាង អំពីនេះជាដើមទៅនាងធ្លាក់ទៅជាបាទបរិចារិការរបស់ព្រះអង្គហើយ ។ ទ្រៅបទីទេវី បានស្ដាប់ពាក្យប្រមាថមើលងាយនេះ ព្រះកាយញ័រចំប្រប់ ដោយសេចក្ដីខ្លាច និងក្រោធក្រៃពេក នាងយកព្រះហស្ថបាំងព្រះភ័ក្ដ្រមិនឲ្យទុហសាសនឃើញអាការដែលវិការ ទៅ ព្រះហឫទ័យញ័រតឺក ៗ រញ្ជួយទាំងសកលកាយ ខណៈនោះ នាងស្ទុះចេញអំពីកន្លែង ព្យាយាមនឹងរត់ចេញទៅខាងក្រៅ តែទុហសាសនកំណាចអប្រិយ៍ក៏ចាប់កន្ត្រាក់កេសារបស់នាងអ្នករន្ធត់អស់ អង្គ ហាក់បីដូចជាស្លឹកព្រឹក្សាខ្ចីត្រូវព្រះពាយបក់បោកមក អូសយកទៅ បីដូចជាយមបាលអូសសត្វនរក នាងលុតជង្គង់អង្វរទុហសាសនថា អើអ្នក អ្នកកុំមកប៉ះពាល់កាយខ្ញុំដោយដៃរបស់អ្នក ដែលមានបន្ទឹលជាប់ អ្នកក៏រមែងជ្រាបហើយថា សក់របស់ស្ត្រីស័ក្ដិសិទ្ធិ សុភាពស្ត្រីកាលមានគ្រឿងតែងកាយរយីករយាកដូចនេះ នឹងទៅរកអ្នកធំម្ដេចបាន តែទុហសាសនជាមនុស្សប្រកបដោយនិស្ស័យរបឹងរឹងរុស មិនព្រមស្ដាប់ពាក្យនាងអង្វរ គេតបនាងថា នាងមានគ្រឿងបិទបាំងកាយក្ដី អាក្រាតកាយក្ដី យើងមិនទទួលដឹង នាងត្រូវតែដើរតាមយើងជាឆាប់បង្អង់យឺតយូរមិនបាន ។ គ្រានោះទ្រៅបទីទោះបីមិនស្ម័គ្រនឹងទៅ ក៏តោងទៅទាំងរយីករយាក សក់របូតរលូតក្រញ៉ាញ់ក្រញ៉ាស់ ព្រោះត្រូវចាប់អូសដោយកំហល់កំហែង ព្រះនេត្រពេញទៅដោយអស្សុជលស្រក់សស្រាកស្រោចភ័ក្ដ្រាសុតាស្ត្រី ទ្រៅបទីទៅដល់ទីចំពោះព្រះភ័ក្ដ្រអ្នកធំទាំងឡាយ នាងក៏អភិប្រាយសុំទោសអ្នកធំជាមុនថា បពិត្រលោកទាំងឡាយដ៏ចម្រើន សូមលោកឲ្យអភ័យដល់ខ្ញុំដែលបានឈានចូលមកក្នុងទីប្រជុំនេះ ទាំងគ្រឿងស្លៀកពាក់ដ៏មិនគប្បី ។ ភីស្ម ទោណ និងអ្នកធំឯទៀតជាច្រើន កាលក្រឡេកទៅឃើញទ្រៅបទី ក៏ដាក់ភ័ក្ដ្រជ្រប់ដោយសេចក្ដីអៀនខ្មាសជួសនាង និងអាសូរដល់នាងជាពន្លឹក តែ ទុរយោជន៍ អ្នកមាននិស្ស័យរបឹង ឥតអាសូរដ៏តិចសោះ ស្រែកបង្គាប់ដោយសេចក្ដីវក់ថា ទុហសាសន ចូលសម្រាតសំពត់នាងចេញឲ្យដល់ស្បែក សម្រាតឲ្យរលីងទាំងខ្លួន ឲ្យបងសម្លឹងមើលឆោមឆវីរបស់ក្នុងយាមអាក្រាតកាយរនលនេះម្ដង ។ ការលាមកឥតខ្មាសដូចនេះ ធ្វើឲ្យអ្នកអង្គុយក្នុងទីប្រជុំនោះ បណ្ដាលឆុលឆួលទោសឡើងតែរាល់ ៗ គ្នា ទាល់តែម្នាក់ ឬពីរនាក់ក្នុងពួកនោះ យកដៃទៅចាប់ក្ដាប់ដងក្រប៊ី ក៏កិរិយាដែលគេយកដៃទៅចាប់ដងគ្រប៊ី មើលទៅហាក់ដូចជាធ្វើទោសចិត្តរបស់គេ ឲ្យធូរសាយទៅបាន ខ្លះបាត់ណែនក្នុងដើមទ្រូងគ្រាន់បើ ។ ដោយសន្ដានចិត្តជាបុគ្គលពោលជ្រោកជ្រាក ប្រាសចាកមេត្តា ទុហសាសន បានចូលទៅបោចរោចសម្រាតសំពត់អាវទ្រៅបទី តាមបង្គាប់ព្រះជេដ្ឋា ទ្រៅបទីស្រែកថា ចូរស្ដាប់ខ្ញុំម្ចាស់ផង លោកអ្នកធំទាំងឡាយ លោកក៏មានភរិយា និងបុត្រីដូចគ្នា លោកនឹងបណ្ដោយឲ្យស្រីអ្នកមានព្រហ្មចរិយ ត្រូវគេកំហែងលេងនៅមុខអស់លោកដូចនេះឬ ចូលជួយខ្ញុំម្ចាស់ផងព្រះអង្គ ចូលជួយឲ្យរួចពីសេចក្ដីអាសអាភាសអស់នេះផងព្រះគុណ ស្ងាត់ទៅមួយស្របក់ ទ្រៅបទីស្រែកម្ដងទៀតថា ម្ដេចស្ងៀមស្ងាត់រាល់គ្នាដូចនេះ គ្មាននរណានិមួយក្នុងពួកលោកលើកអង្គុលីឡើងការពារសមានស័ក្ដិនៃ ស្ត្រីដ៏រកមន្ទិលគ្មាននេះហើយឬ សេចក្ដីល្បីខ្ចរខ្ចាយជាតិរបស់គុរុ កិត្តិគុណចាស់របស់ភាតរវង្សសាបសូន្យអស់ទៅហើយឬ ក្សត្រិយ៍ទាំងឡាយលើកលែងជាអ្នកចម្បាំងហើយឬ ស៊ូនាំគ្នាអង្គុយមើលការលាមកដូចនេះបានឬហ្ន៎ ។ ភីស្ម ក្រោធមុខឡើងក្រហម ទោណ ខាំមាត់ ក្ដាប់ដៃប្រុងនឹងដាល់ វិទូរ ថ្ងូហឺ ៗ យកចិត្តជួយ ចំណែកឯ ភីម ជាអនុជយុធិស្ឋិរគ្រវីដំបងស្រែកប្រកាសជាពាក្យស្បថថា នឹងហុតឈាម ទូហសាសន ហើយនឹងយកជីវិត ទុរយោជន៍ ឲ្យបាន ដោយដំបងនេះមុនថ្ងៃដែលខ្លួនគេស្លាប់ ។ ទុរយោជន៍ធ្វើឫក្សសម្ដែងអំណាចយ៉ាងសម្បើមដោយមានជ័យជំនះ បែរមកត្រាស់នឹងយុធិស្ឋិរថា ទ្រង់ចូលពោលដោយពិតមកមើល ព្រោះទ្រង់តែងតែពោលពាក្យពិតរាល់វេលា ទ្រង់បង់រាជអាណាចក្រ បង់អនុភាតា បង់ខ្លួនរបស់ទ្រង់ មិនបង់តែប៉ុណ្ណោះបង់ទាំងមហេសីមកខ្ញុំមែនឬមិនមែន យុធិស្ឋិរមិនហើបមាត់ ចំណែកឯកណ៌ នឹកអស់សំណើចក៏សើចកាក តែ ភីស្ម អង្គុយសម្រក់ទឹកភ្នែកព្រិច ៗ មិនមានពោលថាម្ដេចសោះ ។ វេលានោះ ព្រះចៅធ្ឫតរាស្ត្រ កំពុងប្រថាប់នៅក្នុងព្រះរាជវាំងមិនបានទ្រង់ជ្រាបហេតុទេ ដែលកើតឡើងក្នុងទីប្រជុំរដ្ឋមន្ត្រីនោះឡើយ ព្រាហ្មណាចារ្យទាំងឡាយកំពុងស្វធ្យាយវទធម៌វត្តល្ងាច ខណៈនោះទ្រង់ឮសម្លេងសិង្គាល (ឆ្កែចចក) លូក្នុងព្រៃប្រាប់ហេតុអាក្រក់ដែលកើតឡើងក្នុងថ្ងៃនោះ ទ្រង់ក៏ធ្លាក់ព្រះហឫទ័យក្ដុក ព្រះកាយញ័រទ្រិច ៗ មួយស្របក់វិទូរទៅដល់ក្រាបទូលប្រវត្តិហេតុតាមដែល ទុរយោជន៍ ក៏ឡើង កាលទ្រង់ជ្រាបហេតុអប្បមង្គលដូចនោះ ហើយក៏ទ្រង់ព្រះកន្សែងត្រាស់ព្រះសូរសៀងញ័ររន្ធត់ថា អាកូនកម៌ វាធ្វើឲ្យព្រះរាជា ទ្រុបទ បាននូវសេចក្ដីអាសអាភាសហើយ ដោយប្រមាទមើលងាយធីតារបស់គេដ៏ជាវិសុទ្ធិកន្យា សុំពាក្យភាវនារបស់បិតាអ្នកកំពុងតែព្រួយសោកទុក្ខនៅវេលានេះ ចូលអភិបាលការពារភយន្តរាយនៃព្រះជាម្ចាស់ដ៏ជាធំក្នុងស្ថានសួគ៌ តាមដែលបានឮក្នុងហេតុភេទអាក្រក់នោះចុះ ។ គ្រានោះមានអ្នកនាំស្ដេចទៅរកនាងទ្រៅបទី ទ្រង់ត្រាស់នឹងនាងថា ម្នាលបុត្រីវិសុទ្ធិរាជា នាងជាទីសម្លាញ់ដួចដួងហឫទ័យរបស់បិតុល អនិច្ចាបុត្ររបស់ធំបានធ្វើសេចក្ដីកំហឹងដល់នាងជាទម្ងន់ នាងចូរឲ្យអភ័យដល់វាផងចុះ នឹងសុំទោសព្រះជាម្ចាស់លើស្ថានសួគ៌កុំឲ្យធ្លាក់លើត្បូងរបស់វា ក្មួយសម្លាញ់របស់ធំ នាងនឹងប្រាថ្នាអ្វីធំនឹងប្រទានឲ្យនាងគ្រប់យ៉ាង ។ ទ្រៅបទីពោលពាក្យថ្វាយជ័យដល់ព្រះរាជា អ្នកទ្រង់នូវមេត្តាគុណនឹងទូលសុំសេចក្ដីមេត្តាប្រោសជួយឲ្យ យិធិស្ឋិរ រាជស្វាមីរូចចាកភាវៈជាទាសៈ ទ្រង់ក៏ប្រទានឲ្យរួចមួយរំពេចព្រះចៅធ្ឫតរាស្ត្រ សុំឲ្យទេវីសម្ដែងសេចក្ដីប្រាថ្នាយ៉ាងដទៃតទៅទៀត នាងក្រាបទូលសុំឲ្យបាន សេះ រថ អាវុធ របស់គេមកវិញ សេចក្ដីប្រាថ្នាគ្រាទីពីរនេះព្រះចៅធ្ឫតរាស្ត្រក៏ទ្រង់ប្រទានឲ្យ ជាយ៉ាងឆាប់ ហើយសុំឲ្យនាងសម្ដែងសេចក្ដីប្រាថ្នា គ្រាទីបីតទៅ ទ្រៅបទីក្រាបទូលថា ខ្ញុំម្ចាស់ជាធីតាក្សត្រិយ៍ ខ្ញុំម្ចាស់អស់ប្រាថ្នារបស់ដទៃទៀតហើយ ប្រាថ្នាតែពីរដងប៉ុណ្ណេះក៏ល្មមហើយ នឹងប្រាថ្នាសព្វសារពើមិនគួរព្រះករុណា ។ បាណ្ឌវក្សត្រិយ៍ បានអនុញ្ញាតឲ្យត្រឡប់ទៅក្រុងឥន្ទ្របទវិញ វេលាចេញទៅអំពីក្រុងហស្ដិនបូរ ទុរយោជន៍ ក៏ចូលទៅគាល់ព្រះរាជបិតា ទូលបន្ទោសព្រះរាជបិតា ដោយសេចក្ដីពិរោធថា ល្អងធុលីព្រះបាទ អនុញ្ញាតឲ្យពួកបាណ្ឌវទាំង ៥ រួចទៅជាសុខ គេគិតតែនឹងធ្វើសង្គ្រាមសងសឹកយើង ព្រោះហេតុនោះសុំឲ្យទូលព្រះបង្គំជាខ្ញុំភ្នាល់ស្កានឹងគេមួយ ក្ដារទៀត ហើយកំរិតដែលនឹងភ្នាល់ម្ដងនេះដូចនេះ អ្នកចាញ់តោងត្រូវនិរទេសទៅនៅព្រៃកំណប់ ១២ ឆ្នាំ រួចអំពីនោះត្រូវពួនមុខនៅក្នុងទីសន្ដោស ១ ឆ្នាំទៀត យើងអាចនឹងចៀសវាងសឹកសង្គ្រាមបាន ដោយឧបាយយ៉ាងនេះប៉ុណ្ណោះ ។ ព្រះរាជាជាអ្នកមានសន្ដានចិត្តទន់ ក៏បណ្ដោយតាមរាជឱរសត្រាស់ បង្គាប់ឲ្យរាជឱរសទៅតាមបាណ្ឌវក្សត្រិយ៍អម្បាលនោះ ត្រឡប់មក ចាប់ផ្ដើមលេងស្កាភ្នាល់ម្ដងទៀត យុធិស្ឋិរ និង សកុនិ អង្គុយទល់មុខគ្នា ចាប់លេងទៅតាមតម្រិះ ហើយនឹងប្រុងជើងនឹងយកប្រៀបដោយសព្វខ្លួន សកុនិយកកូនស្កាបង្កប់សំណរមកលេងទៀត យុធិស្ឋិរក៏ចាញ់ទៅទៀតដូចដែល ក្នុងទីបំផុតព្រះអង្គនឹងអនុភាតាព្រមដោយទ្រៅបទី ក៏ត្រូវទទួលសេចក្ដីអបរាជ័យដ៏ជាផលនៃល្បែងស្កា គេនិរទេសចេញចាកនិវេសន៍មហាស្ថាន ។
បាណ្ឌវក្សត្រិយ៍ បងប្អូនទាំងប្រាំអង្គ ព្រមដោយទ្រៅបទីទេវី ត្រូវគេនិរទេសចាកភារា ក៏ស្ដេចនាំគ្នាលីលាចាកក្រុងសន្សឹម ៗ ទៅបែរព្រះភក្ដ្រឆ្ពោះសំដៅអារញ្ញប្រទេសដែនព្រៃ ព្រះភក្ដ្រស្លក់ស្លាំង ព្រះឱសស្ងួតក្រៀម ព្រះនេត្រអាប់ឥតរស្មី អ្នកដែលប្រទះឃើញស្ដេចតាមផ្លូវ តាមព្រៃ ក៏ដកដង្ហើមធំរាល់ ៗ គ្នា ស្ដេចនាំគ្នាយាត្រាតត្រុកទៅមិនមានចរចា ហាក់ដូចជាថា បើព្រះឱស្ឋចេញទៅសោត ក្រែងហួសកម្លាំង ហឫទ័យនឹងទទួលទ្រាំទ្របាន នៅវេលាមួយនោះ ទើបមួយអង្គក្នុងពួកនោះ មានបន្ទូលចេញមកថា អរជុនក្នុងរវាងនេះទៅទល់នឹងវេលាដែលខ្ញុំបានឃើញក្បាលទុរយោជន៍ ដោតនៅចុងព្រះសែងធួននេះ ខ្ញុំនឹងមិនបាននូវសេចក្ដីស្ងប់នឹងសុខជាដាច់ខាត ។ សហទេព ក៏គិតឃើញប្រហែលគ្នា ទើបឆ្លើយឆ្លងសំដីប្រណិធានរបស់ខ្លួនទៅថា ខ្ញុំនឹងមិនតម្លោះធ្នូនេះ ត្រាតែព្រួញធ្នូនេះបានស៊ីសាច់ផឹកឈាម អាចោរកំណាច អម្បាលនោះជាមុនសិន ។ អង្គទីបួន នឹកក្ដៅក្នុងព្រះហឫទ័យណាស់ ចង់ពោលពាក្យសម្បថទុកជាច្រើនយ៉ាង ទើបលើកព្រះហស្ថដ៏មាំឡើងពោលថា ដៃនេះនឹងមិនសម្រាកឲ្យសប្បាយ ត្រាតែលាងអាពួកកំណាចចិត្តទមិឡ ឲ្យរលីងទៅអំពីផែនធរណី ។ ចំណែកឯយុធិស្ឋិរ មិនត្រាស់ថាដូចម្ដេចឡើយ ដាក់ព្រះភក្ដ្រស្រងូត ខណៈដែលអនុភាពតាំងសេចក្ដីបំណងទុកផ្សេង ៗ គ្នា ព្រះអាការមើលទៅស្រងូត ពេញទៅដោយសេចក្ដីជញ្ជឹងដូចជាមិនដឹងជាមានហេតុការណ៍អ្វីខាងក្រៅ ចំពោះដឹងតែហេតុក្នុងចិត្តប៉ុណ្ណោះ ស្ដេចដំណើរទៅតាមមាគ៌ា ព្រះសិរឱនក្រងុលរុលតែទៅមុខនឹងក្រឡេកមើលនាយអាយសោះ ព្រះភក្ដ្រជោកទៅដោយអស្សុជល យូរ ៗ ក៏ដកដង្ហើមធំម្ដង ។ ឯទ្រៅបទីទេវីសោត មើលទៅមុខគួរអាសូរជាងស្ដេចប្រុស ៗ អស់នោះ នាងទ្រង់សំពត់អំបោះ មិនទ្រង់សំពត់អំបោះ និងទ្រង់សំពត់ព្រែដូចស្ដេចស្រីក្នុងព្រះនគរ ព្រះកេសារបស់នាងវែងសំយាកលើស្មាព្រះនេត្រាគយគន់មើលតែទៅដី មិនងើបងើយងាកមើលទៅទីដទៃ ហាក់បីដូចជាថា សេចក្ដីអាម៉ាស់មុខដែលនាងបានទទួលមកសង្កត់ព្រះហឫទ័យមិនអាចនឹង មើលទៅទីដទៃបាន តែខំមើលក៏នឹងទ្វេចំនួនច្រើនឡើង ។ នាងដើរហាលកំដៅថ្ងៃជារាល់ទិវា ឥតមានវេលាណាដែលហៅស្រួល ត្រូវតែកំដៅសូរ្យរង្សីគ្មានអ្វីបិទបាំងព្រះសិរ ឲ្យស្រន់អក់ក្ដៅក្នុងអង្គ ភក្ដ្រផង់របស់នាងត្រូវខ្យល់បក់បោកមកតាមផ្លូវ ក៏ក្រៀមក្រស់អស់រាសី លុះចូលវេលាសន្ធិយារាត្រីកាលណា ទឹកសន្សើមក៏ធ្លាក់បំព្រំបីដូចជាស្រប់ស្រោចភក្ដ្រនាង ហូរហៀររហាមលាយគ្នានឹងអស្សុជលធារា នាងខំយាត្រាតាមព្រះភស្ដាមុខគួរវេទនាមាល្បាយ ។ ដើរផ្លូវទៅគ្រានោះ កាលកន្លងទៅក៏ច្រើនទិវារាត្រីក្នុងទីបំផុត ក៏បានដល់ព្រៃធំ ១ ឈ្មោះថា កនកវ័ន ក្នុងព្រៃនោះងងឹតណាស់ណា នាំឲ្យទ្រង់សម្គាល់ទៅថា យប់សន្ធិយាមកដល់ឆាប់ខុសប្រក្រតី ដើមប្រឹក្សាក្នុងព្រៃនោះដុះដិតជិតគ្នា កម្រព្រានព្រៃណានឹងជ្រៀតជើងចូលទៅបាន នរណាមួយឈានចូលទៅហើយ ដែលមិនត្រូវបន្លាមុត – ធ្ពក់ ឬប៉ាស់នឹងដើមឈើនោះគ្មានដែលលំបាកជាងនេះទៅទៀត ក៏គឺផ្លូវក្នុងព្រៃនោះពេញទៅដោយដុំថ្ម ធំតូចរដិបរដុបទំគិច ជំពុបប៉ះព្រះបាទក្សត្រិយ៍ បងប្អូនអម្បាលនោះរហូតទៅ ជួនកាលជជ្រុលជជ្រកបោកប៉ះទៅលើឈើ លើថ្ម ជួនកាលក៏ភ្លាត់ធ្លាក់ទៅក្នុងជង្ហុក ព្រះបាទដែលទន់ត្រសូលរាល់ ៗ អង្គ ក៏ដាច់ដោចរលាត់ជាំដាំខ្ទេចខ្ទីមិនមានទីស្រួលត្រង់ណា ទោះបីម៉្លោះក្ដី ព្រៃធំត្រឈៃនោះបានជាទីអាស្រ័យម្លប់មួយយ៉ាងមិនត្រូវកំដៅថ្ងៃ ចែងចាំង ព្រោះបាំងទៅដោយស្លឹកឈើតែទាំងពីរយ៉ាង កម្រនឹងវិនិច្ឆ័យទៅថាយ៉ាងណាលំបាកជាងយ៉ាងណា ព្រោះកំដៅថ្ងៃក៏ដុតកំដៅកាយឲ្យក្រៀមក្រស់អាប់អស់រាសី បន្លាសោតក៏មុតធ្ពក់រលាត់ដាច់សាច់ចេញឈាម ។ ទីនោះតែព្រលប់ព្រិល ៗ ក៏ងងឹតដូចជាយប់ជ្រៅទៅហើយ រាត្រីសត្វក៏ចេញចាកអំពីទីលំនៅយាសយំទ្រហឹង តាមភេទភាសា គោចររកស៊ីលក្នុងព្រៃធំសំសាន បាណ្ឌវក្សត្រិយ៍ត្រូវគេនិរទេសចាកនិវេសន៍វាំងជ័យ តោងដើរព្រៃមកដល់ត្រង់នេះ តោងប្រទះនឹងភ័យក្នុងព្រៃមុខគួរស្ញែងនេះម្ដងទៀត ត្រង់ផ្លាស់ប្ដូរគ្នាទៅចាំយាម ប្រយ័ត្នការអន្តរាយឲ្យរាល់ ៗ អង្គ មានវេលាផ្ទំសម្រាកព្រះកាយបានមួយស្របក់ ៗ មួយអង្គគ្រាន់មានកម្លាំងនឹងចេញដើរទៅពីព្រលឹម ផ្ទំបន្តិចបន្តួចយ៉ាងគេរត់ភ័យបានធ្វើរត្តិសម័យឲ្យកន្លងទៅរហូត ដល់ភ្លឺដោយប្រការដូចនេះ ។ លុះព្រឹកឡើង បាណ្ឌវក្សត្រិយ៍នៅនិទ្រានៅឡើយ ព្រោះក្នុងអរញ្ញប្រទេសនោះងងឹតសូន្យសុង គ្មានពន្លឺលេចចូលទៅប្រាប់ម៉ោងវេលា មិនឃើញខែមិនឃើញផ្កាយ ជាគ្រឿងសម្គាល់ឲ្យដឹងរាត្រីកាល ថាគោចរទៅហើយបានប៉ុណ្ណេះប៉ុណ្ណោះ យាមប៉ុណ្ណេះយាមប៉ុណ្ណោះនាឡិកា សង្កេតដឹងបានតែដោយអាស្រ័យសម្លេងសត្វព្រៃ បាណ្ឌវក្សត្រិយ៍ដើរដេកនៅក្នុងព្រៃនកវ័ននោះ ទំរាំតែលេចចេញវាលក៏ច្រើនទិវារាត្រីតែជាប៉ុន្មានយប់ប៉ុន្មាន ថ្ងៃទ្រង់ចាំមិនបាន ព្រោះនឿយយ៉ាកលំបាកព្រះកាយពលដោយត្រេចវិលវល់ក្នុងព្រឹក្សព្រៃអស់ កម្លាំងល្ហិតល្ហៃ ព្រះហឫទ័យស្ញុលទៅតាមគ្នា ទាល់តែភ្លេចគិតនឹកដល់រឿងថ្ងៃ-ខែដែលកន្លងទៅ ដែលចាំបានខ្លះក៏ស្រពិចស្រពិល ។ ថ្ងៃនោះ ទ្រង់តើនឡើងហើយ ក៏នាំគ្នាដើរឆ្ពោះសំដៅទៅទិសលើ មានមួយថ្ងៃនោះ ក៏ទៅដល់ជាយព្រៃ ទៅដល់ដោយមិនទាន់ដឹងខ្លួន បានឃើញពន្លឺឆ្លុះមកខាងមុខក្នុងរយៈឆ្ងាយប្រហែលគ្នានឹងពន្លឺដែល ឆ្លុះចូលទៅក្នុងអណ្ដូងដ៏ជ្រៅ ទ្រង់មានសេចក្ដីសង្ឃឹម និងធូរក្នុងហឫទ័យតែរាល់ ៗ អង្គ ក៏នាំគ្នារូតរះដើរសំដៅទៅត្រង់ពន្លឺនោះ មួយស្របក់ក៏ចេញផុតអំពីព្រៃធំ ទៅដល់ទីដែលឃើញពន្លឺអំពីចម្ងាយ ទីនោះជាទីវាលខ្សាច់ធំ ឥតមានព្រឹក្សាសូម្បីមួយដើមដុះនៅទីនោះសោះឡើយ ការដែលនឹងដើរកាត់វាលខ្សាច់ទៅនោះ ជាការលំបាកមិនតិច នឹងទៅបានក៏តែសត្វឱដ្ឋដែលជាសត្វធន់ធា សម្រាប់បាណ្ឌវក្សត្រិយ៍ ឃើញជាលំបាកជាងដើររុករុលក្នុងព្រៃទាំងដប់ភាគជាប្រាកដ ព្រោះថាទ្រង់មានរាងកាយទន់ល្វេងល្វើយស្បើយកម្លាំងដោយដើរផ្លូវមក ជាយូរថ្ងៃណាស់ហើយ កំដៅថ្ងៃសោតក៏ក្ដៅដល់ទីនឹងដាក់ជើងសម្ផស្សដីស្ទើរពុំបាន លំបាកជាងដើរក្នុងព្រៃទាំងដប់ភាគ ពន្លឺព្រះអាទិត្យដែលចាំងមកត្រូវគ្រួស ឬថ្មតូច ៗ ក៏បែងចែកជារស្មីឆ្លុះព្រាត ៗ ចាំងចូលក្នុងចក្ខុបីដូចជាកញ្ចក់ត្រូវរស្មីព្រះអាទិត្យ ធ្វើឲ្យងងឹតព្រិលដើរពុំបាន សេចក្ដីក្ដៅធ្វើឲ្យស្ងួតកស្រេកទឹក ឯរឿងទឹកផឹកក្នុងទីនោះក៏រកគ្មានឃើញទំនងថានិងមានត្រង់ណាសោះ ឡើយ ទ្រង់សម្គាល់ក្នុងព្រះហឫទ័យថា មុខជានឹងដួលដាច់ខ្យល់ស្លាប់ ក្នុងកណ្ដាលវាលនោះជាមិនខាន ព្រោះអស់ព្រះកាយពលល្ហិតល្ហៃពេញបន្ទុកមកហើយ ក្រែងនឹងលើកជើងឈានដើរទៅទៀតពុំរួច ដើមព្រៃព្រឹក្សារ៉ុយ ៗ ដែលមាននៅទៀបទីនោះសោត ក៏មិនជាទីត្រជាក់ដូចក្នុងព្រៃធំ ព្រះពាយបក់បោកដោយទាំងកំដៅថ្ងៃ មកប៉ះពាល់ភក្ដ្រស្ងួតក្រៀម ក៏រឹបវឹបតែក្រំក្រៀមស្ងៀមណាស់ទៅទៀត ទោះបីម៉្លោះក្ដីទ្រង់ក៏បបួលបងប្អូនព្យាយាមដើរឆ្លងវាលខ្សាច់ ឬហៅថា ទន្លេខ្សាច់ទៅទាល់តែព្រលប់ទៀបយប់អស្ដង្គត វេលានោះទ្រង់បានឃើញអាស្រមមួយខ្នងតូច មានព្រៃឈើនឹងស្រះទឹកថ្លានៅជាខាងកើតជាទីត្រជាក់ត្រជុំសប្បាយ ល្មមនឹងបំបាត់ទុក្ខវេទនាដែលនឿយព្រួយមកតាមមាគ៌ាបានខ្លះ ទើបទ្រង់ដើរចូលទៅកាន់ទីនោះសំចតនៅក្នុងអាស្រម នឹងអាស្រ័យទឹកនៅក្នុងស្រះនោះគ្រាន់នឹងរក្សាជីវិតទុក ១ គ្រាសិន ។ អាស្រមនោះ តាំងនៅក្នុងញកភ្នំហិមាល័យ បាណ្ឌវក្សត្រិយ៍តាំងព្រះហឫទ័យនឹងអាស្រ័យនៅក្នុងអាស្រមនេះរហូត កាល ១២ ឆ្នាំ តាមកំណត់និរទេស មានភ្នំបែបជាបរិវារព័ទ្ធជុំវិញ ពាសពេញទៅដោយប្រឹក្សាលតាជាតិផ្សេង ៗ ជាដង្គុមត្រសុំត្រសាយសាខា ជារយ៉ារំយោលយោងយោនមានទាំងស៊ុំទ្រុមគុម្ពឈើស្លឹកជិតងងឹតសូន្យ សុង មុខគួរខ្លាចព្រឺព្រួច ព្រៃនោះឯងធម្មជាតិតាក់តែងឡើង ដូចនេះ មិនដែលមាននរណាអាចឈានជើងចូលទៅកាប់កាត់ឈើព្រៃនោះសោះឡើយ តាំងពីណា ៗ មកហើយ មិនដែលឮសម្លេងមនុស្សណាមួយ ដើរចូលទៅវីវរក្នុងមហាវ័ននោះដល់ម្ដងឡើយរាល់ ៗ រដូវ ព្រៃព្រឹក្សានោះចេះតែលូតលាស់ខៀវស្រស់ជាធម្មតា គួរជាទីទស្សនានៃអ្នកដែលបានទៅយង់យល់ ឬម្យ៉ាងវិញទៀត គួរហៅថាជាទីត្រជាក់ភ្នែក ក្នុងគិម្ហរដូវក៏មិនសុវក្ដៅពេក ក្នុងហេមន្តរដូវក៏មិនសូវរងារណាស់ តែយកស្រួលបំផុតក្នុងវស្សន្តរដូវត្រូវភ្លៀងធ្លាក់ជាទីត្រេជាក់ ត្រជំជាងរដូវទាំងពួង មេឃមីរបិទបាំងសូរិយាកាស រមែងឲ្យកើតស្រទំស្រទន់ត្រជាក់អាកាសធាតុ ទាំងម្លប់ដោយស្លឹកព្រៃព្រឹក្សាជាតិអំបាលនោះបាំងខាំងខណ្ឌមួយ ជាន់ទៀត ក៏រីតតែធ្វើឲ្យត្រជាក់ផែនពសុធា មានទាំងសន្សើមនឹងទឹកភ្លៀងធ្លាក់រៀង ៗ រ៉ុយ ៗ ប្រប្រុយចុះមក ប្រស់ព្រំលើគុម្ពឈើតូចធំទាំងឡាយ ត្រិណជាតិបានទទួលសេចក្ដីត្រជាក់ត្រជុំនៃធម្មជាតិ ក៏លូតលាស់ខៀវស្រស់ងងឹតដាសទៅទាំងផ្ទៃធរណី មើលទៅគួរជាទីទស្សនា កល់បីដូចជាព្រំចៀមធំដែលបុគ្គលយកទៅក្រាលទុកនៅទីនោះ មានទាំងហ្វូងសត្វចតុប្បាទយំគឹកកងរំពងព្រៃ ច្រឡំលាយទៅដោយសម្លេងបក្សីយំច្រេវច្រាវអឹងអាប់ទាំងផែនវនាល័យ ពន់ពីនោះមានទាំងជ្រលងដងអូរ ទឹកហូរចុះទៅតាមចន្លោះថ្ម ឮសន្ធឹកឈូ ៗ ឆរ ៗ ដោយអន្លើ ៗ ទីខ្លះក៏ហូរចាក់ទៅប៉ះលើផែនសិលាខ្ទាតគ្រាប់ប្រប្រុយហុយជា ផ្សែង ជួនកាលហូរប៉ះទៅលើផែនថ្ម ហើយហូរចូលទៅភ្លាំង ៗ ភ្លុង ៗ ច្រស់ខូងជាអន្លង់និងរអាង ផុតពីនោះទៅក៏ហូរសាចរាចជ្រួតជ្រាបទៅតាមគុម្ពឈើ គល់ព្រឹក្សាទាំងឡាយសម្រាប់ជប់លៀងព្រឹក្សាលតាជាតិទាំងពួង ឲ្យល្អខៀវស្រស់ជានិច្ចរាល់រដូវកាល ន័យថាព្រៃនោះជាទីអាស្រ័យនៅនៃទេពារ្ហសទាំងឡាយ ជួនកាលមើលទៅប្រហែលហាក់ភាពចម្លងនៃនិរយភូមិជាពន្លឹក មុខគួរព្រឺព្រួចក្នុងកោមលហឫទ័យ ។ ទីបំផុតនៃការដើរព្រៃនៃបាណ្ឌវក្សត្រិយ៍ ក៏ឈប់ត្រឹមនេះឃើញសមគួរតាមកំណត់ការសញ្ញានិរទេសហើយ បាណ្ឌវក្សត្រិយ៍បានអាស្រ័យនៅក្នុងព្រៃនោះ ១២ ឆ្នាំ ពេញតាមកម្រិតអាស្រ័យផ្លែឈើ មើលឈើ បន្លែព្រៃនឹងសាច់សត្វ ដែលទ្រង់ថ្លែងសរបានមកជាអាហារចិញ្ចឹមជីវិត ។ នាថ្ងៃ ១ នោះក្នុងរវាងដែលនៅព្រៃ អរជុនភ្នកនឹកដល់រឿងដើម ទើបនិយាយចេញមកថា ខ្ញុំនៅមានសេចក្ដីឆ្ងល់ថា មនុស្សណាមួយនឹងមានសេចក្ដីក្រំក្រៀម ទុក្ខទ្រមដូចយ៉ាងខ្ញុំខ្លះ យើងព្រាត់ព្រាកចាកព្រះនគរ ចាកសម្បត្តិ នឹងគណញាតិតូចធំទាំងឡាយ រាល់ ៗ ថ្ងៃដែលកន្លងទៅ មានតែទ្វេសេចក្ដីសោកសៅរបស់យើងឲ្យពេញពោរឡើង បីដូចជាថាចេះតែមន្ថែមទុក្ខសោកមកលើយើងឲ្យព្រៀបជានិច្ចនិរន្តរ៍ កាលនាងទ្រៅបទីទេវីចូលមកក្នុងប្រជុំ ហើយត្រូវគេចាប់សម្រាតសំពត់នាងផ្ចាញ់ផ្ចាលឲ្យយើងអាម៉ាស់មុខអ្នក តូចអ្នកធំទាំងពួង ការប្រមាទមើលងាយគ្នាក្នុងទីប្រជុំជនដូចនេះ ឈ្មោះថាប្រមាទដោយក្លាហាន ហួសចិត្តស្ត្រីដែលពេញទៅដោយសេចក្ដីអៀនខ្មាសនឹងទប់ទល់បាន យ៉ាងទេវីនឹងទ្រាំបានឬ អើម្ដេចគ្រានោះ ខ្ញុំក៏មិនក្របែលអាពួកកំណាចអស់នោះឲ្យខ្ទេចទៅតែអនិច្ចា ទាល់តែស្មើនេះមកហើយ នឹងទៅរាវរកយករឿងដែលកន្លងទៅហើយមកនិយាយ តើនឹងមានប្រយោជន៍អ្វី ។ ភីម បានឮដូចនោះទើបនិយាយផងថា មិនតែប៉ុណ្ណោះ ក្ដារដែលលេងគ្នាគ្រាក្រោយបំផុតនោះ មិនតែធ្វើវិចរណរបស់យើងឲ្យងងឹតទៅប៉ុណ្ណោះ វាធ្វើទាំងចក្ខុរបស់យើងឲ្យងងឹតទៅផង ក្នុងខណៈនោះយើងឃើញផលអាក្រក់បានក្រឡែត ៗ យើងក៏នៅតែភ្នាល់នឹងគេ ទាល់តែបោះធេងរលីងដូចជាគជ ឥឡូវនេះនឹងជាប្រយោជន៍អី ដែលមកយំស្ដាយទឹកដោះដែលកំពប់អស់ទៅហើយ។ អើ ក៏កាលខត្តិយរាជលើកលែងត្រង់សច្ច និងធម្ម ហើយទៅប្រព្រឹត្តក្នុងបទដែលវិន័យហាមមិនឲ្យប្រតិបត្តិ ក៏បានឈ្មោះថា ទ្រង់លើកលែងជាក្សត្រិយ៍គ្រងរាជ្យ កម៌ប្រកាសមកថា រាជសម្បត្តិ និងរាជអាណាចក្រនៃខត្តិយរាជនោះ រមែងត្រូវគេរឹបយកខ្លួនខត្តិយរាជនោះ ៗ សោតក៏រមែងអានុភាពនោះធ្វើទោសឲ្យត្រង់ជីវិតដោយបទសន្ដោស មានអាការដូចជាអ្នកទោសដែលលោកនរទេស ឲ្យទៅនៅព្រៃព្រោះហេតុតែល្បែងខត្រង់នេះក្នុងព្រះគម្ពីររបស់ យើង ពោលទុកថា ការលេងភ្នាល់ជាការបាបមិនដូចនោះឬ ឥឡូវយើងបានទទួលវិបាក សមតាមគម្ពីរពោលទុកមែនឬទេ យើងខូចព្រះនគរខូចឥស្សរភាព ខូចសព្វសារពើគង់នៅតែជីវិតដែលរកកិត្តិយសគ្មានសោះប៉ុណ្ណោះ យើងទៅអួតភ្នាល់នឹងគេមិនមានគិតអស់ប៉ុន្មានអស់ទៅ ចេះតែកើបកោយចាក់ទៅទាល់រលីងក្រើង ហ្នឹងគឺសេចក្ដីឆ្កួតរបស់យើង មិនមែនឬ ឥឡូវយើងជាប់នៅក្នុងផុកផុងហើយ មិនមែនឬ តែជារឿងដែលកន្លងទៅហើយ មិនគួរនិងនាំមកនីយាយថ្វី ឲ្យតែវាបែកពពុះមាត់ឥតអំពើរ យើងធ្វើខ្លួនយើងមិនស្រួលឯង ឲ្យមនុស្សទាំងលោកសើចឡកឡឺយបាន ៗ បន្ទាបខ្លួនចូលទៅលេងស្កា ទាល់តែចាញ់អស់ទ្រព្យធមធាន ហើយមិនស្កប់ ថែមទាំងព្រមឲ្យគេនិរទេសខ្លួនព្រោះល្បែងនោះទៀតផង ខសញ្ញាការនិរទេសពួកយើងនេះ វាធ្ងន់ខ្លួនពេកណាស់ ចងរឹតយើងមាំពេករើខ្លួនមិនរួច ស្មើដូចជាឲ្យទៅស្លាប់ក៏ថាបាន ។ នកុល កាលបានស្ដាប់ភីម អភិប្រាយសព្វ ៗ ក៏ទ្រង់ព្រះកន្សែងដោយមករំពឹងដល់ហេតុការណ៍ទៅខាងមុខ ដែលនឹងត្រូវបានប្រសព្វក្នុងថ្ងៃត ៗ ទៅ ទ្រង់ឈឺចិត្តជាបំផុត ទើបមានបន្ទូលថា ឱគ្រាគ្រោះថ្នាក់វិបត្តិសាត់មកដល់បុរសឯណានិមួយឃុំសតិទុកបាន នឹងចោលទូកដែលកំពុងលិចមុនរបស់ដទៃ តែនោះវាអស់ផ្លូវតែខៃហេតុការណ៍ដែលកំពុងប្រព្រឹត្តទៅហើយ វៀរលែងតែសាច់របស់គេ ។ សហទេពថែមមកទៀតថា ឱព្រះ សម្លេងដែលទ្រៅបទីថ្ងូរក្នុងបន្ទប់ប្រជុំរដ្ឋមន្ត្រីនោះ វាឮជាប់ត្រចៀកដល់សព្វថ្ងៃនេះ ព្រះទេវីត្រាស់ត្រូវច្បាប់ហើយ ព្រះរាជស្វាមីរបស់នាង ធ្លាក់ទៅក្នុងឋានៈជាទាសាហើយ រមែងគ្មានអំណាចតាមផ្លូវច្បាប់ដែលនឹងលក់នាង ឬនឹងយកនាងទៅដាក់ភ្នាល់ ម្ដេចយើងមិនលើកច្បាប់ត្រង់នេះឡើងជជែក ហើយសុំឲ្យការដំណើរទៅតាមនោះ តែគ្រានោះកំពុងជ្រួល ទាំងគេទាំងឯងប្រហែលជាគ្មាននរណាទាន់នឹកឃើញ វរតែទៅគិតអាណិតនាងតែរាល់គ្នា អ្នកតូចអ្នកធំបណ្ដាដែលនៅក្នុងទីប្រជុំនោះជាច្រើន អត់មិនបាននាំគ្នាទឹកភ្នែកទៅតាម ៗ គ្នា វៀរលែងតែទុយោជន៍ប៉ុណ្ណោះ ខ្ញុំចង់ដឹងណាស់ចិត្តថ្លើមវាដូចម្ដេចហ្ន៎ ។ យុធិស្ឋិរ អង្គុយស្ដាប់អនុជនទាំងបួនសន្តនាគ្នារហូតមកដល់វេលានេះ ដោយមិនចង់យល់ទាស់ តែអត់មិនបានទើបពោលជាផ្លូវប្រលោមចិត្តប្អូនថា កុំណា៎ កុំតូចចិត្តទៅថ្វី យើងបានស្បត់ទុកហើយថា នឹងធ្វើការកែកំហឹងវិញត្រាតែបាន ក្នុងថាននេះក្សត្រិយ៍ យើងត្រូវតែបដិបត្តិបការឲ្យសមដែលបានប្រណិធានទុករាល់មាត់ ទាំងនេះព្រោះកម្មរបស់យើង ៗ តោងទទួលសោយទុក្ខវេទនាអំបាលនេះ យើងនឹងគេចចៀសទៅណាក៏មិនរួច របស់ដែលត្រូវវិប័ត្ត ក៏ត្រូវតែវិប៍ត្ត របស់ដែលវិប័ត្តហើយសោត ក៏វប័ត្តរូចទៅហើយ មុខងាររបស់យើងវេលានេះមានតែចៀសវាងភ័យ ពឹងពួនមុខទៅតាមខសញ្ញាបន្តិចទៀតប៉ុណ្ណោះ សេចក្ដីលំបាកតោកយ៉ាករបស់យើង ក៏ស្បើយអស់ហើយ ។ ខសញ្ញា ដែលបាណ្ឌវក្សត្រិយ៍ត្រូវបដិបត្តិវេលានេះ ឈ្មោះថាអស់ហើយ នៅតែត្រង់លាក់ខ្លួនពួនភ័យ រក្សាខ្លួនទុកឲ្យបាន លុះគិតឃើញដូចនោះហើយ បាណ្ឌវភាតា ក៏នាំគ្នាផ្លាស់ទីកន្លែងរឿយទៅ ចេញចាកទីនេះ ទៅកាន់ទីនោះដូចជាមនុស្សកំសត់ដើរដេកព្រៃក៏ប្រហែលគ្នា ការដែលត្រេចពនេចរទៅដូចនេះ រមែងមានភ័យជុំវិញខ្លួន រមែងនឿយលំបាកកាយជាធម្មតា ព្រោះមានសភាពដ៏ជាធម្មតារបស់កាយ តែងអន្ទោលទៅតាមកាយ នឹងចៀសវាងផុតទៅមិនបាន គឺត្រូវកំដៅថ្ងៃ សេចក្ដីក្រហល់ក្រហាយស្រេកទឹកឃ្លានអាហារ សេចក្ដីនឿយព្រួយព្រះកាយពល ព្រះបាទដែលធ្លាប់តែទន់ត្រសូល ក៏ទៅជាក្រស់ក្រិនពុលពងបន្លាមុត ជំពប់ប៉ះបែកចេញលោហិត របស់អំបាលនេះជាទុក្ខវេទនា រាល់គ្រាដែលទ្រង់នាំគ្នាសញ្ចរពីត្រង់នេះទៅត្រង់ណោះ ។ វាមួយនោះ ទ្រង់យកអាវុធសម្រាប់អង្គ ទៅលាក់ទុកលើមែកឈើ ហើយនាំគ្នាចូលទៅកាន់ក្រុងវិរាជ ដើម្បីនឹងលាក់ខ្លួនពួនពឹងអាត្មានៅក្នុងក្រុងនោះ ឲ្យផុតភ័យន្តរាយ ព្រោះហេតុថា តាមខសញ្ញាការនិរទេស បញ្ញត្តិទុកថា បើពួកគោរពទៅប្រទះឃើញខ្លួនក្នុងរវាងសន្យានេះសោត ពួកបាណ្ឌវតោងត្រឡប់ទៅដើរព្រៃជាថ្មីវិញ ១២ ឆ្នាំទៀត ខត្រង់នេះពួកបាណ្ឌវត្រូវបតិបត្តិនិងប្រយ័ត្នអង្គឲ្យមែនទែនតាម ការ ។វាមួយនោះ ព្រះចៅក្រុងវិរាដប្រថាប់លើរាជាសនៈ ក្នុងព្រះទីនាំងវិនិច្ឆ័យ មានអមាត្យមុខមន្ត្រីបង្គំគាល់ត្រៀបត្រា ទ្រង់ស្ដាប់ដីកា និងពាក្យស្រែកថ្លែងទុករបស់បណ្ដារាស្ត្រ កំពុងទ្រង់វិនិច្ឆ័យសេចក្ដីឲ្យទៅតាមយុត្តិធម៌ ដល់ពួកដែលត្រូវបៀតបៀន ខណៈនោះទតព្រះនេត្រទៅឃើញប្រុសបួនប្រាំនាក់តែងកាយ យ៉ាងគ្រាំគ្រាឈរនៅទ្វារព្រះបរមរាជវាំង ទើបមានព្រះរាជឱង្កា ឲ្យរាជភត្តម្នាក់ទៅសួរថា អ្នកអម្បាលនោះជាអ្នកណា ត្រូវការអ្វី កាលបានទ្រង់ព្រះសណ្ដាប់សេចក្ដីនោះហើយ ត្រាស់ឲ្យហៅចូលមកមុខព្រះទីនាំង ព្រះរាជទានឱកាសឲ្យគេក្រាបទូលសេចក្ដីដល់ព្រះអង្គដោយត្រង់ គ្រានោះមួយអង្គក្នុងពួកបងប្អូនទាំងប្រាំក្រាបទូលថា គ្រោះអាក្រក់មុខគួរស្ញែងដែលបានឧប្បត្ដិដល់មហារាជយុធិស្ឋិរ ប្រហែលជាមានជ្រាបដល់ព្រះអង្គហើយ ហើយគ្រោះពួកទូលបង្គំជាខ្ញុំនេះ ជាភាគមួយក្នុងព្រះគ្រោះនោះដែរ គឺពួកទូលព្រះបង្គំជាខ្ញុំ ជាខ្ញុំរាជការមហារាជយុធិស្ឋិរកាលព្រះអង្គត្រូវនិរទេសចេញចាក ព្រះនគរហើយ ពួកទូលព្រះបង្គំក៏រងាក្នុងចិត្ត ដោយហេតុគ្មានទីពឹង ទើបត្រេចស្វែងរកចៅហ្វាយនាយដ៏សមគួរជាទីពឹងតទៅ បានឮព្រះកិត្តិគុណរបស់ព្រះអង្គដែលទ្រង់អើពើណាស់នោះ ទៅដឹកពួកទូលបង្គំឲ្យមកដល់ទីនេះ ពួកទូលព្រះបង្គំមានបំណងនឹងមករកការធ្វើក្នុងព្រះរាជសំណាក់ឯ ណានីមួយ តែគ្មានព្រះរាជាអង្គណាទទួលចិញ្ចឹម ចេះតែបដិសេធរាល់នគរ ក្នុងទីបំផុតទើបមកដល់ទីនេះ ពួកទូលព្រះបង្គំសូមប្រគល់កាយថ្វាយជីវិតនឹងព្រះអង្គសូមជ្រកកោន ក្រោមម្លប់ពោធិសម្ភារ ។ ព្រះរាជាបានទ្រង់ព្រះសណ្ដាប់ហើយ ក៏ស្លុតព្រះហឫទ័យពន់ប្រមាណ បែរព្រះភក្ដ្រទៅខាងសេនាបតីមានព្រះរាជតម្រាស់ថា ការនិរទេសយុធិស្ឋិរដោយផ្លូវអយុត្តិធម៌នេះ ធ្វើឲ្យយើងជារាជសម្ពន្ធមិត្រកើតទោមនស្សច្រើន ហើយធ្វើឲ្យបណ្ដារាស្ត្រពាសពេញទាំងផែនដីបានសេចក្ដីព្រួយលំបាក ច្រើន រាស្ត្រមានចំនួនជាច្រើនពាន់ នាំគ្នាក្រឡុកប៉ុកប៉ាកព្រាត់ចាកទីលំនៅ អាស្រ័យហេតុម្ចាស់ម្នាយរបស់គេត្រូវនិរទេសទៅដើរព្រៃ សេចក្ដីវក់របស់ទុរយោជន៍នេះនឹងនាំសេចក្ដីវិនាសដល់ខ្លួន យើងនឹងបដិសេធពាក្យសុំនេះមិនបាន គេមិនបានមកសុំទាន គេសុខចិត្តមករកការធ្វើ ខនេះសម្ដែងឲ្យឃើញច្បាស់ថា គេមិនមែនជាយាចកដើរសូមទានតាមថ្នល់ គាត់ចូលទទួលគេទុកសម្រាប់គាល់បម្រើយើង ។ បាណ្ឌវក្សត្រិយ៍ព្រមគ្នាធ្វើវន្ទាព្រះរាជា ហើយក៏ថយចេញមកអំពីមុខព្រះទីនាំង តអំពីនោះមកមួយស្របក់ មានស្ត្រីម្នាក់តែងកាយរយីករយាក ដើរចូលទៅក្នុងអន្តេបុរស្ថាន គឺព្រះរាជវាំងជាន់ក្នុង តែទម្រង់ឆោមល្អឥតខ្ចោះ អ្នកណាឃើញហើយក៏មានចិត្តបដិព័ទ្ធនឹងឆោមរបស់នាងស្ទើរភ្លាំងភ្លើ ស្មារតី ។ ព្រះរាជិនីព្រះចៅវិរាដត្រាស់សួរ នាងជាអ្នកណា នាងត្រូវការអ្វី ។ ខ្ញុំម្ចាស់ជាស្ត្រីកំសត់អត់ទីពឹង មានតែសេចក្ដីព្រួយប្រាណស្ទើរប្រេះទ្រូងស្លាប់ ។ នាងឈ្មោះអី ? មើលទៅព្រះភក្ដ្ររានី1 បណ្ដាលឲ្យឃើញថា ទ្រង់មេត្តាប្រណីដល់នាងជាប្រាកដ សេចក្ដីល្អរូបល្អឆោមរបស់បាងយ៉ាងត្រចេះត្រចង់ កិរិយាមារយាទដ៏រៀបរយឥតឆ្គង សមជាអ្នកមានត្រកូលឧត្ដមពង្ស តែមើលទៅបែបជាមនុស្សកើតទុក្ខ មុខស្លក់មើលទៅលក្ខណៈល្អអស្ចារ្យ ធ្វើឲ្យរានីនឹកឆ្ងល់ ទើបត្រាស់សួរថា រូបរាសីរបស់នាងម្ល៉េះ ម្ដេចក៏មិនកំចាត់ឧបទ្រពភ័យឲ្យឃ្លាឃ្លាតចេញទៅ ។ ព្រះមេម្ចាស់ ព្រះនាងទ្រៅបទី ទ្រង់នៅរូបសម្បត្តិយ៉ាងឆើតរកទីប្រៀបបានដោយក្រ ម្ដេចទ្រង់គង់ត្រូវគ្រោះកម្ម នាំឲ្យស្ដេចទទួលឧបទ្ទវអន្តរាយ តោងស្ដេចព្រាត់ព្រាកចាកព្រះនគរ នឹងសិរីរាជសម្បត្តិបាន កាលនាំមកធៀបនឹងរូបខ្ញុំម្ចាស់ ដែលគ្រាន់តែជាទាសីរបស់ព្រះទេវីសោតក៏តោងមិនសង្ស័យក្នុងរឿងនេះ ។ រានីត្រាស់សួរតទៅទៀតថា នាងត្រូវការអ្វី ហើយនាងក្រាបទូលទេពីថា ខ្ញុំម្ចាស់ត្រូវការមករកការឯណានីមួយធ្វើគ្រាន់នឹងបានចិញ្ចឹម ជីវិត ។ នាងសុខចិត្តនៅបម្រើយើងឬ ? សៃរិន្ធរីទទួលធ្វើនាទីនោះដោយតុណ្ណីភាព ហើយថ្វាយបង្គំលាថយចេញទៅនៅក្នុងបន្ទប់ពួកសាវឡិក (ពួកខ្ញុំរាជការស្ត្រី) ។ ម្ដងនេះយើងនឹងបានឃើញបន្ទប់ទីបន្ទំរបស់រានី វេលារាត្រីយាមយប់សន្ធយា ក្នុងបន្ទប់ព្រះទេវីអុជប្រទីបជ្វាលាភ្លឺព្រោងព្រាយ ពិដោឈ្ងុយឈ្ងប់សព្វសាយទៅដោយក្លិនប្រេងក្រអូបដែលអុជនោះ ទួទាំងល្វែងព្រះមន្ទីរ ជញ្ជាំងបន្ទប់ព្រះដំណាក់ធ្វើដោយមោរ៉ា សិលាឡាយថ្វីដៃជាងធ្វើដ៏វិចិត្រយ៉ាងឯក ឆ្លៅឆ្លុះរស្មីរលង់រលីងព្រិលនេត្រ ព្យួររំយោលរយ៉ាដែលថ្វីដៃប៉ាក់ជារូបផលាផល នឹងទងភ្ញីរស់រវើក មុខគួរមើលត្រកាលភ្នែក នឹងតាំងគ្រឿងតាំងដ៏មានតម្លៃឯទៀតជាច្រើន ទីផ្ទៃព្រះតំណាក់ក្រាលដោយសិលាទន់ ហើយក្រាលព្រំចៀមដ៏ទន់ត្រជាក់ជើងមានជាយប៉ាក់ចាក់ចំដោយខ្សែសយ មាសប្រាក់ មានព្រះទែនភ្លុកដ៏ចិញ្ចែងដាសសំពត់ព្រែ តាំងនៅកណ្ដាលបន្ទប់នេះ សៃរិន្ធរីតែងចូលគាល់បម្រើព្រះទេវីដល់ក្នុងបន្ទប់នេះ ។ ក្នុងបន្ទប់ ១ ទៀត មានរបៀបប្រហែលគ្នានេះ កិច្ចកលព្រះអនុជរបស់រានី កំពុងផ្ទំក្រៀមក្រំដាលដំក្នុងឧរាជាទម្ងន់ ជួនកាលក៏ថ្ងូររវើរវាយ ជួនកាលក៏ដកដង្ហើមធំឃូ ព្រះជេដ្ឋភគិនី រានីព្រះចៅវិរាដ ប្រថាប់ទៀបព្រះទែនភ្លុក យកព្រះហស្តស្ទាបព្រះនលាតអនុជ ដើម្បីនឹងរម្ងាប់សេចក្ដីឈឺចាប់ឲ្យធូរស្បើយទៅ តែក៏មិនស្បើយល្ហើយដូចនឹក លំដាប់នោះព្រះអនុជព្រះកន្សែងអាក់អួលហើយមានព្រះបន្ទូលចេញមកថា ម្ចាស់បងប្រហែលជាចោលប្អូនឲ្យស្លាប់បង់តែឯងហើយឬ ? មិនមែន ៗ ទេ បងមិននិយាយនឹងប្អូនឯងហើយ បើឯងនិយាយព្រើល ៗ ដូចនេះ អ្វីមកបញ្ចូលចិត្តឲ្យនឹកដល់មជ្ជុរាជ ប្អូនឯងប្រឈួនបន្តិចបន្តួចប៉ុណ្ណោះតើ មិនប៉ុន្មានថ្ងៃក៏ជា ជាប្រក្រតីទៅវិញ ។ កុំគប្បីនឹកដូចនោះឡើយម្ចាស់បង អាការរោគប្អូនគ្រានេះមិនមែនតិចតួចយ៉ាងម្ចាស់បងសម្គាល់ សមុដ្ឋានរោគនៅក្នុងចិត្ត ហើយដែលនឹងបាត់ទៅបាន ដោយហេតុពីរយ៉ាង ឯណានីមួយ គឺស្លាប់បងឬ ។ រានីត្រាស់កាត់សំនួនពាក់កណ្ដាលឡើងថាទៀតហើយ ៗ ប្អូនឯងនិយាយចេញឈ្មោះសេចក្ដីស្លាប់ទៀតហើយ ។ ល្អហើយ ថាបើដូចនោះ ទូលបង្គំតោងធ្វើមុខក្រាស់លមើល បើម្ចាស់បងប្រទានអភ័យរឿងមុខក្រាស់ ទូលបង្គំនឹងទូលរឿងពិតហើយ នឹងបញ្ចេញសេចក្ដីស្ងាត់កំបាំង នៃអាការរោគក្នុងខ្លួនឲ្យទ្រង់ជ្រាប ។ សេចក្ដីស្ងាត់កំបាំងអីប្រុសអើយ ? ម្ចាស់បងប្រទានទោសឲ្យទូលបង្គំឬ ? រានីនឹកឆ្ងល់ មិនដឹងបើនឹងមានសវនិយថាដូចម្ដេច ។ ព្រះនាងចូលព្រះហឫទ័យថា ចិត្តអនុជវរទៅដោយសេចក្ដីឈឺចាប់ មានសតិវិប្បលាសនិយាយរវើរវាយទៅ ព្រះនាងទ្រង់សន្និដ្ឋានថា សមុដ្ឋានអាការប្រឈួននៃព្រះអនុជគង់មកពីសេចក្ដីរញឹករញុក ឬសេចក្ដីខឹងរអីរអូវ សូម្បីតែបន្តិចបន្តួចក៏ដរទៅធំខ្លាំងឡើងបាន អាចធ្វើឲ្យអ្នកជម្ងឺមានអាការធ្ងន់ពៀបទៅបានព្រះនាងទ្រង់ចិន្ដា ថា គួរលួងលោមសួរយកសេចក្ដីពិត ដូចនេះ គង់ជាមិនទាស់ខុសអ្វី ព្រះនាងទើបត្រាស់លួងលោមដោយព្រះសូរសៀងដ៏ផ្អែមល្ហែមថាៈ កិច្ចក ! បាឯងឈឺអ្វីប្អូនសម្លាញ់បង ចូរប្រាប់បងឲ្យសព្វគ្រប់មកមើល ។ កិច្ចក ក៏បញ្ចេញសេចក្ដីស្ងាត់កំបាំងក្នុងចិត្ត ថ្វាយព្រះនាង បងទ្រង់ព្រះសណ្ដាប់ដោយឥតខ្មាសថា ឆោមល្អនៃនាងសៃរិន្ធរីសាវឡិកស្ដេចបង បានចូលមកសន្ធំក្នុងចិត្តទូលបង្គំទាំងថ្ងៃទាំងយប់ ការដែលនាងប្រើចុងភ្នែកក្រឡេកម្ដង ៗ ធ្វើឲ្យទូលបង្គំចាប់ចិត្តបដិព័ទ្ធមិនភ្លេច ១ វេលា តាំងអំពីខណៈដែលបានឃើញវរភក្ដ្ររបស់នាងមកទើសនឹងវេលានេះ ទូលបង្គំពេញទៅដោយសេចក្ដីទុក្ខក្ដុកក្ដួលអួលក្នុងឧរា ដោយហេតុត្រូវកាមសរ (សរ គឺកាម) របស់នាង ។ ទូលប៉ុណ្ណោះហើយ ក៏បណ្ដាលអាក់អួលឆួលឡើង ទឹកព្រះនេត្រត្រស្រក់ផ្លុក ៗ រានី ឃើញព្រះអនុជកន្សែង ក៏ចូលព្រះហឫទ័យថា នេះព្រោះសេចក្ដីស្រឡាញ់ មកគ្របរួបរឹតដួងចិត្តអនុជ ព្រះនាងក៏ទ្រង់ដាស់តឿនអនុជ ក្នុងរឿងដែលចងចិត្តស្រឡាញ់ ដ៏មិនគប្បី ជាហេតុនាំមកនូវសេចក្ដីអប្បយសថាៈ បាឯង មិននឹកដល់សេចក្ដីថោកទាបកិត្តិយស និងវង្សត្រកូល ដោយហេតុបន្ទាបខ្លួនទៅផ្ដេកផ្ដិតនិងនាងទាសីនេះឬ បាឯងធ្វើកេរ្តិ៍ឈ្មោះដ៏ល្អនៃបុព្វបុរសឲ្យសាបសូន្យទៅនឹងនាំមក នូវសេចក្ដីអប្បយស ដល់ខត្តិយវង្សដ៏ឧត្ដមសក្ដិ ដោយត្រូវនាងទាសីពត់ទាល់តែវរវឹកខួរ ការញញឹមញញែម ឬចោលកន្ទុយភ្នែកជាសម្បត្តិរបស់ស្ត្រីអ្នកលេង ចូរអ្នកត្រួតត្រាមើលឲ្យល្អ កុំបីទុំស៊ុនមុនស្រគាល កុំបីអាលគ្រុនមុនជម្ងឺ រឿននេះ ជាសេចក្ដីអប្រិយបំផុត មិនគួរប្រថុយប្រាណទៅផ្ដេកផ្ដិត សេចក្ដីស្រឡាញ់រមែងមានរាល់រូប អ្នកណាគេមិនឲ្យស្រឡាញ់ តែស្រឡាញ់ឲ្យគប្បី តែលោហិតប្រុសកម្លោះកំពុងពេញពាល ច្រើនតែញ៉ាំងសេចក្ដីវវឹកវរឲ្យកើតក្នុងចិត្ត ដោយមិនត្រិះត្រួតឲ្យសមគួរ នេះជាហេតុឲ្យខូចសមានសក្ដិនៃរាជត្រកូល និងជាមន្ទិលចៅហ្មងដល់គណៈ ។ កិច្ចកតបៈ ទូលបង្គំដឹងរឿងរ៉ាវអស់នេះសព្វគ្រប់អស់ហើយ តែប្រហែលស្ដេចបងនូវមិនទាន់ទ្រង់ជ្រាប មរណកាលរបស់ទូលបង្គំវាចូលមកជិតណាស់មកហើយ បើស្ដេចបងមានបំណងឲ្យទូលបង្គំស្លាប់ ឬនឹងមើលចិត្តទូលបង្គំសោត មិនចាំបាច់ស្ដេចបងនាំយកបរមត្ថចរិយាមកទេសនាច្រកត្រចៀកមនុស្ស ដែលទាបនឹងស្លាប់ដូចនេះទេ ។ រានី ត្រាស់ សេចក្ដីបំណងរបស់បង គឺថានឹងជួយប្អូនឲ្យផុតអំពីអប្បយសអាម៉ាស់មុខទាំងនេះជាប្រាកដ តែបងតូចចិត្តណាស់ប្អូន ដែលមកឃើញសណ្ហុវាចាពាក្យដាស់តឿនរបស់បង មានតែបក់ភ្លើងគឺសេចក្ដីឆ្កួតតណ្ហារបស់អ្នកឯងឲ្យឆេះរោលរាល ខ្លាំងឡើង ហាក់ដូចជាមកញុះប្អូនឯងឲ្យដើរទៅកាន់ផ្លូវវិនាសកម្ម តែបើចេតនារបស់ប្អូនបំណងនឹងយកឲ្យបាន ឬនឹងស្លាប់នោះ បងជាបងនឹងឲ្យប្អូនស្លាប់ម្ដេចបាន ត្រូវតែជ្រោមជ្រែងជួយជីវិតទុកសិន វៀរលែងតែរបស់ហួសវិស័យ ។ ត្រាស់ប៉ុណ្ណោះហើយ ព្រះទេពីក៏ចេញពីបន្ទប់នោះ មានសោវណីឲ្យហៅនាងស្នំ សៃរិន្ធរី ៗ ចូលមកគាល់ ឈរចំពោះមុខព្រះទីនាំងចាំស្ដាប់ព្រះសោវណី រានី ឃើញនាងចូលមកគាល់ហើយ តែក៏មិនត្រាស់ថាអ្វី ទ្រង់ប្រថាប់ព្រងើយ ដូចជាមានសេចក្ដីមួហ្មងអ្វីក្នុងព្រះហឫទ័យមួយយ៉ាង តែដែលពិត ព្រះនាងកំពុងរិះគិតរកប្រយោជន៍ដែលនឹងត្រាស់ចេញមក ព្រោះជារឿងសុខុម នឹងជារឿងមុខគួរខ្ពើម ព្រះនាងទើបជញ្ជឹងរកផ្លូវមួយស្របក់សិន ទើបមានព្រះសោវណីថា មុខគួរស្ដាយណាស់ណា ដែលមកឃើញកន្យាអ្នកឧត្ដមសម្បូណ៌ដោយគុណសម្បត្តិយ៉ាងនាងមកធ្លាក់ ទៅទាសី សម្រាប់បម្រើការក្នុងផ្ទះដូចនេះ ។ សៃរិន្ធរី តប នេះជាអកុសលកម្មរបស់ខ្ញុំម្ចាស់ វាតាមមកស្នងផល ។ រានី ត្រាស់ យើងឃើញច្បាស់ថា នាងឯងមិនមែនជាស្ត្រីធម្មតា ព្រោះមានសរសៃក្រសែលោហិតខៀវច្រើន ស្មើនឹងសរសៃលោហិតរបស់យើង ល្អហើយ នាងគង់ត្រេកអរកាលបានស្ដាប់ថា អនុជរបស់យើងមានសេចក្ដីស្នេហានាងឯង ហើយខ្លួនយើងក៏ពេញចិត្ត អនុជ ដែលបានឃើញនាងបាទបរិចារិការរបស់អនុជ ។ ពាក្យនេះមិនធ្វើឲ្យ សៃរិន្ធរី កើតក្រេកអរ ឬនឹកអស្ចារ្យក្នុងចិត្តសោះឡើយ ត្រឡប់ធ្វើឲ្យនាងក្រេវក្រោធពិរោធដូចអគ្រនីត្រូវពាយុទើបតបព្រះ រាជសោវណីថា វាអាម៉ាស់មុខណាស់ព្រះរាជិនី ម្ដេចព្រះមេម្ចាស់នឹកដល់រឿងនេះផង ខ្ញុំម្ចាស់មិនបានគិតមិនបាននឹកសោះឡើយថាព្រះមេម្ចាស់នឹង បន្ទាបព្រះអង្គ ចុះលេងក្នុងរឿងអប្រិយនេះដែលអ្នកជាទាំងពួងគេមិនដែលនិយាយ ឬប្រព្រឹត្តមកសោះ ខ្ញុំម្ចាស់ទើបនឹងដឹងបានក្នុងវារៈនេះជាដំបូងថា សក្ដិខ្ពស់នឹងកេរ្តិ៍ឈ្មោះល្អនោះ វាមិនបានជាប់នៅជាមួយគ្នាជានិច្ចទៅ ព្រះមេម្ចាស់ប្រហែលជាមិនដែលប្រទះឃើញនារីដែលស៊ូលះជីវិតរបស់ ខ្លួន ដើម្បីការពាររក្សាកិត្តិយសទុក ប្រហែលជាទ្រង់ធ្លាប់ប្រទះតែស្ត្រីដែលឮតែសម្លេងប្រាក់ក្រើង ក៏ញញឹមដាក់ ហើយបណ្ដាលឲ្យប្រុសសម្រេចដូចប្រាថ្នា ខ្ញុំម្ចាស់គ្មានពាក្យង្វីឡើយ ដែលនឹងក្រាបទូលឲ្យច្រើនទៅជាងនេះ មានតែពាក្យបញ្ចប់ពាក្យដើមបន្តិចទៅទៀតថា អំពីនេះជាដើមទៅ ខ្ញុំម្ចាស់មិនបានជាសាវឡិក គាល់បម្រើព្រះមេម្ចាស់តទៅហើយ មានអំណាចនឹងចង់ទៅណាទៅបានតាមចិត្ត ។ រានី ត្រាស់ជាប្រញាប់ថា កុំតូចចិត្តឡើយសាវឡិក ចូលឲ្យអភ័យដល់យើងចុះ ចូលភ្លេចពាក្យដែលយើងនិយាយអម្បាញទៅ កុំខឹងស្របាលឡើយ ចូរយកពែងសុរានេះទៅថ្វាយកិច្ចក ម្ល៉េះប្រហែលជាចាំមើលផ្លូវនាង ។ រានី សម្គាល់ថា ដែល សៃរិន្ធរី សម្ដែងអាការក្រវក្រោធ និងជាមាយាស្រី ព្រះនាងអស់សង្ស័យហើយ ជឿក្នុងព្រះហឫទ័យថា សៃរិន្ធរី គង់ត្រេកអរក្នុងរឿងដែលកិច្ចក មានចិត្តស្នេហាបដិព័ទ្ធនឹងខ្លួន ហើយជឿថា នាងគង់ត្រេកអរនឹងនាំពែងស្រាទៅថ្វាយកិច្ចក សៃរិន្ធរី ដឹងបានជាប្រាកដថា សុរាមួយពែងនេះ ជាឧបាយដើម្បីញ៉ាំងហេតុឲ្យសមផល ឲ្យអ្នកទាំងពីរគឺខ្លួននាងនិងកិច្ចកបានជួបគ្នាស្ងាត់ ៗ ក្នុងជាន់ដំបូងនាងគិតរេរា លុះគិតម្ដងទៀតនាងក៏ព្រមទៅ ដោយតាំងចិត្តខ្ជាប់ក្នុងកុសលរាសី ជាកម្លាំងសម្រាប់តទល់អាការកំហែងបង្ខំជម្រៅនៃបុរស នាងក៏ឱនគំនាប់ទទួលយកពែងសុរាអំពីព្រះហស្តរានី ក្នុងខណៈដែលនាងកំពុងដើរចូលទៅកាន់បន្ទប់កិច្ចកនោះ នាងនឹកតែក្នុងចិត្តថា វេលានេះយើងចូលទៅកាន់ទីជម្រូងជម្រះ ដូចចូលទៅក្នុងរង្វង់ស្នែងសត្វ យើងមិនដឹងបើនឹងប្រតិបត្តិដូចម្ដេចឲ្យរួចខ្លួន បើយើងទទឹងអាជ្ញារានីសោតទោសទណ្ឌនឹងធ្លាក់លើខ្លួនយើង ឥឡូវនឹងប្រថុយទៅរកកិច្ចក សេចក្ដីសៅហ្មងនឹងមានដល់ខ្លួនយើង ៗ នឹងគេចវេះទៅផ្លូវណាមិនរួច ហើយប្រសិនបើយើងប្រតិបត្តិតាមបញ្ជារានី អ្នកណានឹងជានាបានថា ការចូលទៅក្នុងបន្ទប់ស្ងាត់តែពីរនាក់ ហើយគ្មានគ្រឿងការពារខ្លួនផង វានឹងមិនឲ្យទោសដល់ខ្លួនយើងម្ដេចបាន អ្នកណានឹងធានាបានថា កិច្ចកនឹងមិនធ្វើអ្វី រឿងនេះសូម្បីតែស្រីអ្នកព្រៃដែលស្ដួចស្ដើងចរិយាសម្បត្តិវាក៏ គង់ខ្លាចច្រើនស្មើនឹងខ្លាចខ្លា តែទោះបីដូចម្ដេចក្ដី យើងនឹងព្យាយាមរក្សាកិត្តិយសរបស់យើងទុកដោយពេញកម្លាំង ដែលនឹងរក្សាបាន ទោះបីបង់ជីវិតក៏តាមការ សូមព្រះជាម្ចាស់លើស្ថានសួគ៌ចូលជួយអភិបាលខ្ញុំម្ចាស់ក្នុងគ្រា នេះ ។ ដោយសេចក្ដីគិតយ៉ាងនេះជាគ្រឿងឃុំចិត្ត នាងក៏ប្រថុយឈានជើងចូលទៅកាន់បន្ទប់កិច្ចក ឯហេតុការណ៍ដែលកើតឡើងនោះ វាក៏មិនខុសអីនិងដែលនាងស្មានទុក កិច្ចកកាលឃើញនាងចូលទៅតែម្នាក់ឯង ក៏នឹកញញឹមប្រឹមប្រិយ៍ក្នុងចិត្តក្រោកឡើងស្ទុះទៅនឹងឱបនាង ៗ គ្មានអាវិធនឹងការពារខ្លួនពិត តែនាងប្រុងខ្លួនទុកតស៊ូដោយកម្លាំងកាយ នាងទះតប់ខ្វាចខ្ញាំ ថ្ពររបូតអំពីដៃកិច្ចក ដែលកំពុងស្រវឹងសុរា រត់ចេញអំពីបន្ទប់ ។ ព្រះចៅក្រុងវិរាដវេលានោះ កំពុងប្រថាប់នៅក្នុងព្រះទីនាំងវិនិច្ឆ័យ ខណៈនោះមានស្ត្រីម្នាក់ ស្រែករត់ចូលទៅមុខព្រះទីនាំង ចូលទៅដល់បល្លង្កគង់ ដោយអាការអាចហ៊ាននឹងស្រែកថា អយុត្តិធម៌ អយុត្តិធម៌ ដ៏លាមក កើតឡើងក្នុងម្លប់សាលាយុត្តិធម៌ហើយ ព្រះរាជាអើយកាលស្ត្រីភាពអ្នកមានកម្លាំងតិច គ្មានទីពឹងពាក់ មកត្រូវញាំញីសមានសក្ដិលេងតាមអំពើចិត្ត ក្នុងខាងក្នុងកំផែង ៤ ជាន់នៃព្រះបរមមហារាជវាំងរបស់ព្រះអង្គដូចនេះ សេចក្ដីវិនាសសសៀរចូលជិតព្រះអង្គណាស់ហើយ ។ គ្រានោះមានមហាតលិកម្នាក់ ព្យាយាមបណ្ដេញនាងចេញអំពីទីនោះ ហៅនាង មេចំកួត មេកំព្រើល ៗ ខណៈនោះ កិច្ចកក៏តាមចូលមកក្នុងព្រះរោងគាល់ ចាប់សក់នាងដឹកយកទៅអំពីទីប្រជុំនោះ បណ្ដាអ្នកប្រជុំអម្បាលនោះមិនទាន់ដឹងថា កើតហេតុរឿងអ្វីឡើយ កាលកិច្ចកអូសចូលទៅក្នុងវាំង សៃរិន្ធរី បានស្រែករហូតផ្លូវសុំឲ្យប្រុសម្នាក់ឈរនៅជិតនោះជួយ ហើយមើលទៅដូចជាស្គាល់ប្រុសនោះផង តែខាងប្រុសនោះឃើញថាមិនគប្បីនឹងធ្វើអ៊ឹកធឹកវឹកវរកណ្ដាលផ្លូវ ថ្នល់ គ្រាន់តែខ្សឹបប្រាប់នាងថា ឲ្យនាងធ្វើមាយាឱនលំទោន ព្រមតាមគេទៅសិនទៅ ដល់វេលារាត្រីនឹងមានពួកមកជួយ មកនៅជិត ៗ នាង ដើម្បីនឹងជួយឲ្យរួចអំពីសេចក្ដីអប្បយស ។ សៃរិន្ធរី ក៏ប្រតិបត្តិតាម នាងស្ងៀមមិនមានសម្ដែងអាការទទឹងតទៅ ដើរតាមកិច្ចក ចូលទៅក្នុងបន្ទប់ដោយស្រួល កាលទាំងពីរចូលទៅផុតហើយ កិច្ចកក៏ចាក់គន្លឹះទ្វារគ្រិប ហើយពោលប្រលោមនាងថា កុំណ៎ា កុំកាត់មេត្រីក្ដីស្នេហារបស់បងឡើយវង់ភក្ដ្រដ៏ត្រឡុងដូចវង់ខែ នេះមកបណ្ដាលឲ្យបងវង្វេងស្មារតីទៅ ក្ដីស្នេហាដ៏ធ្ងន់មហិមាស្មើមហាបរពតបានមកគ្របសង្កត់ហឫទ័យរបស់ បង វេលានេះខ្លួនបងធ្លាក់ទៅជាទាសនៃសេចក្ដីស្រឡាញ់ហើយ គ្មានអ្វីនឹងបន្ធូបន្ថយទៀតទេ ក្រៅអំពីនាងព្រមព្រៀងទទួលបដិព័ទ្ធប៉ុណ្ណោះ កុំខឹងស្របាឡើយណាស្រស់ស្រីបងសូមផ្ញើមេត្រីក្ដីស្នេហាផង កុំឲ្យបងស្លាប់បង់អសោចិ៍អសារឥតការ ។ លំដាប់នោះ កិច្ចកខិតចូលជិតលាព្រះពាហា ជាទីបបួលឲ្យនាងឱប ហើយលោមតទៅទៀតថា សូមឲ្យបងឱបរឹតផ្ដិតទ្រូងបន្ដិចស្រស់ស្រី ដើម្បីបន្ទោរបង់នូវសេចក្ដីក្រហល់ក្រហាយ ដែលរុំរឹតចិត្តបង តអំពីនោះទៅ បងក៏ជារបស់នាង ៗ ក៏ជារបស់បង ជានិរន្ដរ៍ទៅណាពៅព្រលឹង ។ សៃរិន្ធរីញញឹមដោយឧបាយ ហើយក៏ស្ងៀមនៅ មិនបានតតបសម្ដី កិច្ចកក៏និយាយប្រលោមតលួងទៅថា សេចក្ដីអៀនខ្មាសឃើញប្រាកដនូវទឹកមុខយុវតីសៃរិន្ធរី វាមកអុជកងអគ្រនីក្នុងទ្រូងបងឲ្យរោលរាល កុំគេចមុខដ៏បំព្រងដូចដួងខែអំពីការសម្លឹងរបស់រៀមឡើយ កុំស្ងាត់ស្ងៀមសម្ដីពិរោះស្រណោះសោតទ្វារ ចូរបដិជ្ញាមកតែមួយម៉ាត់ អំពីវរឱស្ឋដ៏ប្រិមប្រិយដូចទទឹមព្រាយ ក៏អាចនឹងជួយរំសាយទុក្ខនិងជ្រោមជ្រែងជីវិតបងឲ្យគង់នៅបាន ។ ក្នុងទីបំផុតសៃរិន្ធរីក៏ស្នងវាទីថាៈ ម្ដេចទ្រង់ប្រញាប់ប្រញាល់ម្ល៉េះ ចាំឲ្យយប់យាមសន្ធិយាសិន ខ្ញុំម្ចាស់នឹងទៅណា ។ នាង ! ដឹងបានដោយក្រណាស់ សម្រាប់ចិត្តអ្នកគួរស្រឡាញ់កំពុងពេញជ្រួលគ្រប់ខណៈដង្ហើមចេញចូល នឹងបង្អង់ចាំវេលានេះវេលានោះ ៗ នឹងប្រែថាម្ដេច កិច្ចក តបដោយសម្លេងញ័ររន្ថាន់ ។ សេចក្ដីខ្មាសក្នុងខណៈនោះពន់ពេក តែនាងក្លែងតែងឧបាយធ្វើមុខញញឹម ហើយឲ្យពាក្យបដិញាណថា នឹងមករកក្នុងវេលាព្រលប់យប់នេះមិនខាន សូមទានឲ្យតែបន្ធូរបន្ធយសិន ។ កិច្ចកនិយាយម្ដងទៀតក្នុងទីបំផុតថា បងគាប់ចិត្ត អំណរគុណជាបំផុត មធុរសកថាប៉ុណ្ណោះ អាចជួយរក្សាដួងចិត្តជីវិតបងឲ្យគង់នៅបានឃើញពន្លឺព្រះអាទិត្យ តទៅ ខណៈនេះបងត្រឡប់ដឹងខ្លួនដូចអំពីដើមជីវិតរបស់បងប្រសិនជាមាន ប្រយោជន៍ដល់នាង សូម្បីតែបន្តិចបន្តួចក្ដីបងស៊ូលះឲ្យប្អូន ។ សម្រាប់ចិត្តគូស្រឡាញ់ ដែលកំពុងស្រឡាញ់ថ្មី ៗ ក្ដៅ ៗ ឃើញថា វេលាដែលកន្លងទៅយឺតយូរជាបំផុត ចូលបែបតម្រាភាសិតថា រាល់ ៗ ម៉ោងដែលកន្លងទៅម្យឺត ៗ នោះឃើញដូចជាយឹតយូរស្មើនឹងអាយុកាល បីដូជាតា កង់រថព្រះអាទិត្យជាប់ភក់ផុងដូចនោះ ទោះបីដូចនោះក្ដី រាត្រីកាលដែលកិច្ចកក្រវើនរន្ថាន់ក្នុងចិត្ត ក៏បានមកដល់ទីបំផុត វេលាសន្ធិយាចរមកដល់ មានស្រមោលងងឹតព្រិលឆៀងទៅខាងខ្មៅ បានជួយឧបត្ថម្ភ ទឹលចិត្តកិច្ចកកំពុងដើរញាប់តឹក ៗ ឲ្យរីករាយឡើងបានបន្ដិចដោយមានសេចក្ដីសង្ឃឹមបង្កើតឡើង តែមកដល់ត្រង់នេះហើយឃើញនាឡិកា ហាក់ដូចជាដើររឹតតែយឺតយូរជាងសព្វដង កិច្ចកផ្ទំលើព្រះទែនប្រុងឲន្ទ្រីយ៍ររៀសរវៃ ចាំស្ដាប់សូរជើងនាងឆោមលំអរនឹងឈានជើងចូលទៅរកខ្លួន ក្នុងទីបំផុតទ្វារបន្ទប់នោះ ក៏សន្សឹម ៗ បើកបន្តិច ៗ រូបស្រស់បំព្រងតែងខ្លួនទងវងជជាយបានចូលទៅដល់ក្នុងបន្ទប់នោះ កិច្ចកក្រឡេកឃើញញញឹមញញែមក្រោកឡើងអង្គុយ ហើយអញ្ជើញនាងឲ្យអង្គុយក្នុងរង្វង់ដៃ នាងស្សឹម ៗ ដើរចូលទៅកាន់ទីព្រះទែន ដោយគ្រឿងតែងកាយ ដោះគ្រឿងតែងកាយខាងក្រៅចេញភ្លាម យីអើមិនមែនស្រីទេតើ កិច្ចកឃើញច្បាស់ទៅជាអ្នកចម្បាំងម្នាក់រូបសម្បើមមកឈរនៅមុខគេ ហើយស្រែកគំរាមថា អាខ្មោចឥតខ្មាស អាឯងមិនដឹងទេឬ ជាស្ត្រីបរិសុទ្ធមិនលក់កិត្តិយសរបស់ខ្លួន ព្រោះឃើញលាភ ឥឡូវអាឯងចូលត្រៀមខ្លួនរឿងចិត្តខ្មៅរបស់អាឯង ដើម្បីចុះទៅកាន់និរយភូមិជាឆាប់ ។ និយាយតែប៉ុណ្ណោះ គេក៏ចាប់កិច្ចកកន្ត្រាក់អំពីព្រះទែនប្រហារជីវិតដោយក្ដាប់ដៃដ៏ មានឫទ្ធិស្លាប់បង់ ភីម អ្នកក្លែងខ្លួនជាស្ត្រី ក៏ប្រវាឡើងកំផែងវាំងកិច្ចក ចុះទៅដេកព្រងើយ គ្មានអ្នកឯណានីមួយក្នុងវាំងនោះ ដឹងថាមានហេតុកើតឡើង ។ ព្រឹកឡើងទាល់តែថ្ងៃហួស បន្ទប់ទីបន្ទំកិច្ចកនៅតែបិទ អ្នកទាំងពួងសង្ស័យ មានទទួលសវនិយទៅពិនិត្យមើល ដើម្បីឲ្យដឹងជាហេតុដូចម្ដេច លបើកទ្វារចូលទៅ អ្នកបម្រើនោះក៏ទច់ង៉ក់ធ្វើភ្នែកក្រលួង ព្រោះឃើញសពកិច្ចកដេកស្ដូក លោហិតច្រាលពាសទាំងល្វែង និងប្រឡាក់ទៅតាមខ្លួនសព កាលសេចក្ដីនោះជ្រាបទៅដល់ព្រះញាតិវង្ស ក៏ភ្ញាក់ផ្អើលតែរាល់គ្នា រានីជាព្រះជេដ្ឋភគនី ក៏ទៅជាខ្យល់ចាប់បាត់ស្មារតី ដោយអំណាចទោសឃោរឃៅ អ្នកអម្បាលនោះក៏រករឿងចោទថា នាងទាសីជាអ្នកសម្លាប់ តែមិនមានស្មរបន្ទាល់ល្មមយកជាការពិតបាន ព្រោះមានសេចក្ដីឃើញថា រឿងឃាដកម្ម ប្រុសមានរូបរាងមាំមួនយ៉ាងកិច្ចកនេះ ស្ត្រីមិនអាចនឹងធ្វើបាន ទោះបីដូចនោះក្ដី មនុស្សទាំងឡាយក៏មិនអស់សង្ស័យ នូវមានសេចក្ដីឃើញថារឿងឃាដកម្មគ្រានេះជាករណីហេតុស្ងាត់កំបាំង តែរានីទ្រង់សង្ស័យ ត្រង់ដែលថា សៃរិន្ធរី ជាអ្នកដើមហេតុ ដោយហេតុនេះព្រះនាងមិនបានបិទបាំងរឿងសង្កានេះទុក តែងត្រាស់ប៉ោច ៗ ជាញយ ៗ ថាតែឃើញមុខនាងទាសីកាលណាឲ្យនឹកជិននឹកស៊ីក្នុងចិត្ត ព្រោះតែឃើញហើយ បណ្ដាលតឿនព្រះហឫទ័យឲ្យព្រះនាងនឹកដល់មរណកម្មរបស់ព្រះអនុជ ក្នុងទីបំផុតព្រះរាជាក៏ត្រូវខ្យល់កួចត្រឡប់ត្រឡិននាំឲ្យជឿ ពាក្យព្រះមហេសី ត្រាស់ឲ្យចងដៃចងជើងសៃរិន្ធរី នាំយកទៅដុតទាំងរស់ ព្រមនឹងសពកិច្ចកលើជើងថ្ករជាមួយគ្នា ។ ឯនាងទាសីសៃរិន្ធរី ត្រូវគេផ្ចាញ់ផ្ចាលជាច្រើនម៉ោង ដើម្បីនឹងឲ្យនាងទទួលសារភាពតាមពិត តែនាងខំអត់ធន់ទារុណកម្មនោះ ដោយសេចក្ដីមានះក្លាហាន ដោយឈ្វេងយល់ច្បាស់ថា ពួកបាណ្ឌវក្សត្រិយ៍នឹងមកជួយនាងឲ្យរួចអំពីភ័យក្នុងវេលាមានឱកាស ការដែលត្រូវចងដៃចងជើងរឹតក្រញុះ ដូចជាគេចងជ្រូកនោះ ព្រះនាងពេញទៅដោយសេចក្ដីទុក្ខសោក នឹកស្រណោះស្ដាយព្រះអនុជដែលសុគតទៅ និងដិតចិត្តនឹងនាងទាសីជាទម្ងន់ ។ លំដាប់នោះ គេនាំនាងទៅកាន់សុសានប្រទេស2 មានទាហានប្រមាណ ៥០ នាក់ឃុំខ្លួននាងទៅ ដើម្បីការពារមិនឲ្យនាងរត់ និងចាំការពារមិនឲ្យពួកញាតិរបស់នាងមកដណ្ដើមយកខ្លួននាងទីបាន ។ ទីមេន3 នោះគេបានចាត់ចែងតម្កល់ជើងថ្ករ ត្រៀមទុកថ្វាយព្រះភ្លើងសពកិច្ចក ចំណែកឯនាងក៏ត្រូវបង្គាប់ឲ្យឡើងទៅដុតខ្លួនសម្លាប់លើជើងថ្ករ នេះ ព្រមនឹងសពកិច្ចកដែលគេចោទថានាងជាអ្នកសម្លាប់ តែមុននឹងឡើងទៅលើជើងថ្មរ គេបានអនុញ្ញាតឲ្យនាងប្រការសតិសេចក្ដីឯណានីមួយ មុនវេលាលាស្លាប់ ថាបើនាងមានបំណងនឹងពោលបច្ឆឹមវាចាលំដាប់នោះនាងក្រោកឡើងឈរដោយ អាចហាន ហើយនិយាយសម្លេងយ៉ាងច្បាស់លាស់ មិនមានរន្ធត់ថាៈ ម្នាលសុភាពបុរសទាំងឡាយ ប្រសិនជាអ្នកមកនឹកមួយរំបេចមើលថា បើមាតា ឬបងស្រី ប្អូនស្រី បុត្រី របស់អ្នក បាននូវសេចក្ដីអាម៉ាស់មុខ ព្រោះប្រុសដែលស្លាប់ទៅនេះ ទាំងនាងនោះឯងក៏មិនពេញចិត្តនឹងយកសម្មានសក្ដិរបស់ខ្លួនមកប្ដូរ នឹងប្រុសនេះ ដូចយ៉ាងខ្លួនខ្ញុំនេះ តើអ្នកនឹងចងដៃចងជើងយកនាងទៅដុតទាំងរស់ ព្រោះហេតុដែលនាងព្យាយាមនឹងការពារសេចក្ដីបរិសុទ្ធរបស់នាងឬ ខ្ញុំជឿថា អ្នកទាំងពួងគងនឹងប្រកែកព្រមគ្នាថា នឹងមិនធ្វើដល់នាងឡើយ ថាប់ដូចនោះសោតហេតុម្ដេចស្ត្រីកំសត់គ្មានផ្ទះសម្បែង គ្មានញាតិវង្ស គ្មានអ្វីបរិភោគចិញ្ចឹមជីវិត រស់នៅដោយត្រដរ ដោយអ្នកដទៃឲ្យទាន មកត្រូវទោសដូចនេះ ខុសនឹងអ្នកទាំងពួង ក្នុងមួយវេលាឬពីរបីមីនុតទៀត ខ្ញុំនឹងដុតជីវិតគ្មានខ្លួន តែចិត្តរបស់ខ្ញុំនឹងរង្គាត់ទៅក្នុងលោក ចិត្តរបស់ព្រហ្មចារិនីមិនចេះស្លាប់ ។ លុះនាងនិយាយចប់ចុះផុតមាត់ ឃើញបុរសម្នាក់ខ្មៅធំមាំរត់សំដៅទៅមាត់ទន្លេ ត្រង់ទីដែលនឹងថ្វាយព្រះភ្លើងសពកិច្ចក ស្រែកបណ្ដើរថា ខ្លួនគេកាន់រាជសារមក ដោយមានកិច្ចដ៏ប្រញាប់ គេរត់ចូលមកយ៉ាងលឿន ៗ ទាល់តែអ្នករក្សាការនឹងហាមឃាត់ ឬសួរយកសេចក្ដីមិនទាន់ ៗ ដឹងជាអ្នកណានោះមកល្អ ឬមកអាក្រក់ គេក៏ដល់មកទីប្រជុំជន រត់កាត់ហ្វូងអ្នករក្សាការដែលឈរត្រៀបជុំវិញ ក្រប៊ីដែលកាន់នៅដៃក៏វាត់ឆ្វេងវាត់ស្ដាំ ត្រូវដាច់ករធ្លាក់អំពីកាយរណែល ហើយស្រែកប្រកាសសម្លេងដ៏ខ្លាំងថា ៖ កិច្ចរបស់យើងដែលមកទាំងប្រញាប់ប្រញាល់នេះ ក៏គឺនឹងមកជួយស្ត្រីដែលជាប់ចំណងនេះ កិច្ចតទៀត គឺនឹងសម្ដែងឲ្យមនុស្សទាំងឡាយឃើញថា ដែលតូចមុខមុតនេះ (យកដៃចង្អុលទៅក្រប៊ី) នឹងប្រហារក្បាលអ្នករាល់គ្នាឲ្យកំបុតទៅបាន ។ និយាយដូចនោះហើយ គេក៏ស្ទុះប្រវារឡើងទៅលើជើងថ្ករទៅជួយស្រាយសៃរិន្ធរី ហើយនាំចុះមក វេលាត្រឡប់មក បានកាប់សម្លាប់គ្នានឹងពួកអ្នករក្សាការ ១ ភ្លេងធំ គេវាត់ឆ្វេងក្រហែលស្ដាំដោយក្រប៊ីសម្រាប់ដៃខ្លះ សាច់ដៃខ្លះ ដាច់ជើងស្លាប់ទៅប្រមាណ ២០ នាក់ ឈាមបាចប្រសាចពាសមាត់ទន្លេ ទីឈាបនកិច្ចក្លាយទៅជាទីចម្បាំង ពេញទៅដោយលោហិតមនុស្ស អ្នករស់រួចជីវិតទៅក៏មិនប៉ុន្មាននាក់ អ្នកដែលរួចអំពីមុខក្របី ក៏គឺអ្នកដែលគេចរត់ទៅជាមុន ស្រេចការកាប់សត្រូវដោយកម្លាំងក្លាមុខគួរព្រឺព្រួចប៉ុណ្ណោះហើយ បុរសនោះក៏ត្រកងសៃរិន្ធរីដាក់លើស្មាលីហិចយាត្រាទៅ ក្នុងរយៈផ្លូវឆ្ងាយផុតកន្ទុយភ្នែក ។រឿងមហាភារតយុទ្ធ
ក្នុងរវាងឆ្នាំទីបំផុតនៃការនិរទេសបាណ្ឌវក្សត្រិយ៍ ទុរយោជន៍បានព្យាយាមស៊ើបរក ទីសំណាក់ពាក់ពួនលាក់ខ្លួនពួកបាណ្ឌវជានិច្ច ចំណែកឯបាណ្ឌវក្សត្រិយ៍ក៏ពឹងពួនលាក់ខ្លួនយ៉ាងសុខុម គ្មានអ្នកណាដឹងដំណឹងឬឮរហើបរហាយសោះដូចប្រាកដហើយខាងដើម គ្រប់ ៗ ពួកកងក្រវែលដែលទុរយោជន៍ប្រើទៅឲ្យក្រវែលស៊ើបរកដំណឹងនោះ បានត្រឡប់វិលទៅវិញដោយប្រាសចាកផលដែលបំណងប៉ងទុក ទៅថ្លែងការណ៍ថ្វាយទុរយោជន៍ថា ពួកគេបានខ្មីឃ្មាតចេញទៅស៊ើបរកខ្លួនគ្រប់កន្លែងដែលមនុស្ស អាស្រ័យនៅ និងក្នុងដែនដងព្រៃរហោឋានមិនបានប្រទះយុធិស្ឋិរ ឬគ្រាន់តែឮដំណឹងរសិបរសៀបសោះ ទុរយោជន៍ទ្រង់សម្គាល់ថា សត្វសាហាវក្នុងព្រៃគង់ខាំស៊ីបាណ្ឌវក្សត្រិយ៍ទាំងប្រាំទៅហើយ ព្រោះពួកដែលត្រូវនិរទេសចាកនិវេសស្ថានទៅដើរព្រៃ មិនដែលរួចពីខ្លាខាំស៊ី ទុរយោជន៍រឹតតែជឿ ហើយទុកចិត្តជាខ្លាំងឡើងរាល់វេលាថា ពួកបាណ្ឌវគ្មានខ្លួនហើយ ទាំងនេះព្រោះព្រះហឫទ័យរបស់ទ្រង់ប្រាថ្នាតែឲ្យគូបដិបក្សសូន្យទៅ អំពីផែនដី ទើបស្រូតទុកដាក់ឲ្យទៅជាដូចនេះដូចនោះជាមុនឯទោណអាចារ្យ គ្មានចិត្តព្យាបាទបំណងស៊ីសាច់ច្របាច់ឈាមដូចនោះទេ ទាំងភីស្ម ដែលមានព្រះកេសាស្កូវព្រោង ក៏ដូចគ្នា មិនទ្រង់ជឿសោះថាបាណ្ឌវក្សត្រិយ៍អស់ព្រះជន្ម ព្រះអង្គមានព្រះជន្មាយុកាល ៨០ ឆ្នាំហើយ កិច្ចការទាំងពួងទ្រង់ត្រិះរិះរកហេតុផលឲ្យឃើញជាក់ស្ដែងសព្វ គ្រប់ ទើបបញ្ចេញវាចាក្នុងរឿងនេះ ក៏ទ្រង់រំឭកថា កុំអាលសន្និដ្ឋានដោយរួសរាន់ហួសទៅ ទ្រង់ទុកព្រះហឫទ័យថា ពួកបាណ្ឌវកាលនោះ ក៏ឈ្មោះថាមានពួកច្រើននៅក្នុងខ្លួនសត្វសាហាវយង់ឃ្នង មិនមែនមកប្រឡងរិទ្ធិពាធាយាយីបានដោយងាយ ៗ ទេ ទ្រង់អាចតស៊ូមនុស្សឬសត្វសាហាវរាប់ដោយចំនួនរយពាន់ នាយខ្មាន់ធ្នូយ៉ាងអរជុនជឿថា គង់ជាមិនត្រូវសឹកលបប្រទុស្តរាយបាន ព្រះហឫទ័យភីស្ម ទ្រង់ព្រួយតែទុរយោជន៍វិញ ក្រែងសត្រូវលបវាយបាន ដោយមិនដឹងខ្លួន ព្រោះមកប្រមាទជឿថា សត្វសាហាវខាំបាណ្ឌវក្សត្រិយ៍ស្លាប់បង់ហើយ ក្រិបាចារ្យ និងភីស្ម គេមិនបានសំងំទុកតែក្នុងចិត្ត កាលទុរយោជន៍ត្រាស់សួររឿងនេះ ក៏ក្រាបទូលមូលមតិតាមត្រង់ ៗ ចំពោះព្រះភក្ដ្រថា ៖
ទូលព្រះបង្គំមានសេចក្ដីកង្វល់អំពល់ចិត្ត គិតដល់រឿងនិរាសភ័យនៃព្រះអង្គពន់ពេក មិនសូវជាទៅនឹកដល់បាណ្ឌវក្សត្រិយ៍ដែលជឿថាប្រាសចាកភ័យ មានជីវិតរស់នៅដល់សព្វថ្ងៃនោះទេ ព្រះករុណា ព្រោះទោះបីអាក្រក់ល្អ ក៏ជារឿងរបស់គេ ក៏ឥឡូវឆ្នាំទី ១៣ នៃការនិរទេសទៀបនឹងអស់ហើយ គួរតែព្រះអង្គព្យាយាមផ្សះផ្សារការបាក់បែកគ្នាជាយូរឆ្នាំហើយ នេះ ឲ្យដាច់ស្រេចទៅ នឹងបានជាផ្លូវសុខកាយសប្បាយចិត្ត មិនតោងភ្ញាក់ផ្អើលតទៅ មិនដូចនោះនឹង ….. តែទូលព្រះបង្គំក្រែងព្រះហឫទ័យដែលនឹងក្រាបទូលរឿងពិត ដែលវានិងមកផ្ដាច់ជីវិតយកទៅក្នុងថ្ងៃឯណានីមួយក្នុងវេលាក្រោយ ។ ចារបុរស1 ដែលទុរយោជន៍ប្រើឲ្យទៅស៊ើប បានសេចក្ដីល្អិតល្អមកហើយ តែកាលឃើញថា ខ្លួនប្រកែកនឹងគេមិនរួច ទើបក្រាបទូលថា ទូលព្រះបង្គំជាខ្ញុំបានពត៌មានដ៏ល្អ គួរនឹងនាំមកក្រាបទូលឲ្យទ្រង់ជ្រាប យុធិស្ឋិរអស់ព្រះជន្មហើយជាប្រាកដ នៅមានពត៌មានល្អជាងនោះទៀត គឺកិច្ចកកុមារ ប្អូនថ្លៃព្រះចៅវិរាដ ក៏ស្លាប់ដោយដៃមនុស្សកំណាចប្រហារបង់ហើយ ទូលព្រះបង្គំត្រេកអរនឹងសង្ឃឹមទុកថា មិនប៉ុន្មានថ្ងៃ ទង់ជ័យនៃពួកកោរពដ៏ថ្កើងរិទ្ធិ នឹងទៅប្រតិស្ឋានលើកំពូលប្រាសាទ ព្រះចៅវិរាដរលាស់កន្ទុយយ៉ាងរំភើយ ។ ទុរយោជន៍នឹកញញឹមប្រប្រិមក្នុងកមលហឫទ័យ ដូចយ៉ាងកូនក្មេងកំពុងពេញពាល ត្រាស់ឲ្យរៀបកងទ័ពត្រៀមទុកដើម្បីនឹងលើកទៅវាយក្រុងវិរាដ ឲ្យសព្វគ្រប់ព្រមទាំងទាហានទាំងគ្រឿងយុទ្ធភ័ណ្ឌ ។ តមកពីរបីវេលា កងទ័ពកុរុមានសុសរម័ន អ្នកក្លៀវក្លារឹងរិទ្ធិក្រៃក្រៀងហ៊ានជាមេទ័ព បានលើកទ័ពយាត្រាត្រង់ទៅក្រុងវិរាដ សុទ្ធតែកងទ័ពដែលបានតាក់តែងយ៉ាងឯកគ្រប់ប្រការ ចាត់យ៉ាងផ្ចិតផ្ចង់តាំងពីផែនទីសម្រាប់ដើរទ័ពចូលទៅវាយនិង ការពារខ្លួន រហូតដល់ឡេវអាវពលទាហាន ចាត់ល្អរៀបរយដោយបែប ៗ គ្រប់យ៉ាង តាំងពីកាលណាមក កងទ័ពកុរុដែលលើកចេញពីក្រុងទៅ មិនដែលសម្ដែងអាការក្លារីករាយ ហើយនឹងបំណងយកជ័យជម្នះដូចនេះ រឿងសេចក្ដីស្លាប់កណ្ដាលសង្គ្រាមនោះ គេមិនបានគិតយកមកជាអារម្មណ៍ក្នុងចិត្តសោះឡើយ គេបញ្ជូនចិត្តឈោងចំពោះដល់ទីយុទ្ធភូមិឥតមានរួញរា មានតែស្រើបស្រាលសាទរហ៊ោកញ្ចៀវអឺងអាប់ស្ទើរដាច់ផែនពសុធា សេចក្ដីក្លាហានដូចនេះ លោកវាយតម្លៃថ្លៃជាងសេចក្ដីប្រាថ្នានៃអ្នកមានចិត្តលោភគិតតែខាង បាន ។ គ្រានោះព្រះចៅវិរាដបានទទួលថ្លែងការណ៍ថា សឹកលើកចូលមកជាន់ដែនវិរាដ ទ្រង់មានបញ្ជាឲ្យរួបរួមទាហាន ដើម្បីនឹងលើកទៅតទល់សឹកនឹងកម្ចាត់ឲ្យជ្រុះស្រឡះទៅអំពីដែន កុំឲ្យសឹកចូលមកដល់ក្រុងជាមុនទ្រង់ដំណើរកងទ័ពទៅទទួលសឹកនៅទី កណ្ដាលវាលធំ កងទ័ពទាំងសងខាងបានមកប្រទះប្រទល់មុខគ្នានៅទីនោះ ឈប់បង្អង់ស្ងៀមចាំស្ដាប់អាណត្តិសញ្ញា នឹងចូលធ្វើការតយុទ្ធគ្នា កងទ័ពទាំងសងខាងឈរប្រឈមទល់មុខគ្នា បីដូចជាថា អ្នកបញ្ជាកងទ័ពទាំងសងខាង កំពុងតាំងគ្រឿងថតរូបកងទ័ពមុខរបស់ខ្លួនដូចនោះ មួយស្របក់សុសរម័ន អ្នកបញ្ជាការកងទ័ពកុរុស្រែកប្រកាសថា ច្បាំង រន្ទះសម្លេងឮច្បាស់ទៅដល់កងទ័ពម្ខាង លំដាប់នោះកូនសរដូចគ្រាប់ភ្លៀង ក៏រត់វឺវូលើនភាកាស ពួយប្រជួសប្រច្រាសគ្នាទៅត្រង់ទិសទាំងសងខាងទំគិចគ្នាឮសូរឆាត ៗ ឆាប់ ៗ ក្នុងកណ្ដាលវេហា កូនសរខ្លះក៏ទៅត្រូវរាងកាយទាហានខាងសឹក កូនសរខ្លះ ក៏ធ្លាក់ដល់ដីឥតមានត្រូវការបច្ចាមិត្រ ទាំងពីរពួកក៏សង្ខុញចាប់ជិតប្រកិតចូលទៅកល់បីដូចលលកសមុទ្រ បុករុកលោលោតចូលទៅប្រហារគ្នានូវគ្នាដោយកូនសរ កាន់តែក្រាស់ឡើង ៗ ដោយលំដាប់ ឮសូរសព្ទអ៊ឹកធឹកគឹកកងខ្លាំងឡើង ៗ ស្ទើរកក្រើកអំពើកទាំងផែនពសុធា ចុងក្រោយមកយោធាទាំងសងខាងក៏ចូលប្រឡូកតស៊ូគ្នា ដោយដាវលំពែងអាវុធខ្លីសម្រាប់ដៃ ។ មេទ័ពទាំងសងខាង មិនតែដេញពលក្នុងបង្គាប់បញ្ជាខ្លួនឲ្យចូលប្រឡូកគ្នាប៉ុណ្ណោះ ខ្លួនឯងទាំងពីរប៉ែកបានច្បាំងផងដូចយ៉ាងពលទាហានកូនសរមេទ័ពខាង កុរុបាញ់មកត្រូវព្រះកាយព្រះរាជាវិរាដ មានរបួសបន្តិច សូម្បីត្រូវមានរបួសហើយក្ដី ទ្រង់ក៏នៅសម្ដែងសេចក្ដីក្លាហានច្បាំងរឿយទៅ ដើម្បីនាំសម្រើបចិត្តពលទាហានច្បាំងតទៅ សូម្បីទ្រង់យកព្រះហឫទ័យទុក្ខដាក់ម្ល៉ោះក្ដី ក្នុងជាន់ដំបូងនេះ នឹងផ្ទឹមមុខទាហានកុរុមិនបាន ព្រោះកងទ័ពវិរាដទន់ហាត់ ឬថាមិនសូវប្រសប់ក្នុងយុទ្ធវិធីក៏ថាបាន សេចក្ដីខនេះធ្វើឲ្យឃើញផលក្នុងខណៈនោះ គឺទាហានក្រុងវិរាដចេះតែថយក្រោយ រុកទៅមុខទើសទើទៅមិនរួច ថយទៅតាំងមាំហើយក៏របេះ ៗ ថយចូលទៅទៀត ក្នុងមិនយូរប៉ុន្មាន ក៏ថយផាយទៅតែម្ដង ទាល់តែឃើញថា ទប់ទល់កុរុមិននឹង ។ តមកបន្ដិច សុសរម័ន ចាប់ព្រះរាជាវិរាដបានក្នុងទីចម្បាំងពន្ធនាការនាំយកទៅទុកក្នុង កងទ័ពកុរុ ទាហានកុរុសប្បាយចិត្តរកអ្វីប្រៀបគ្មានស្រែកហ៊ោ ជយោ ៗ ឮសូរសព្ទគឹកកងស្ទើរផ្អៀងផែនប្រថពី កាលចាប់បានព្រះចៅវិរាដទៅហើយ ឈ្មោះថាចប់ ១ ភ្លេងប៉ុណ្ណោះ ការដែលមើលទៅឃើញម្ចាស់ជីវិតរបស់ខ្លួនដ៏ជាកំពូលទ័ព ជាប់អន្ទាក់នៅក្នុងកណ្ដាប់ដៃសឹកនោះឯង ជាអណត្តិសញ្ញាមកដាស់តឿនចិត្តអ្នកបង្គាប់ការគ្រប់ជាន់ ឲ្យក្រើនពលទាហានដែលកំពុងស្លុត ត្រឡប់ជាមានព្យាយាមរៀងខ្លួន ដើម្បីនឹងច្បាំងយកជ័យជម្នះមកវិញត្រាតែបាន ពួកទាហានវិរាដព្យាយាមច្បាំងរុករានដោយមានក្លាហាន យ៉ាងមិនគិតជីវិតដើម្បីជួយម្ចាស់របស់គេ ឲ្យរួចអំពីអន្ទាក់នៃអរិរាជសត្រូវ ខ្មួលខ្មាញ់ចូលទៅ មួយលើកហើយមួយលើកទៀត ក៏មិនកើតផលសម្រេចទៅបាន ដោយកម្លាំងសឹកកំពុងឃឹកឃាក់ខ្លាំងណាស់ ការសែលបែកផាយថយមករាល់ដង មុខគួរឲ្យទាហានរអាចិត្តតែមិនដូចនោះ ត្រឡប់ជាធ្វើឲ្យទាហានអស់នោះ កើតមានក្លាឡើង ចូលវាយមួយហ៊ឺទៀត កល់បីដូចជាលលកសមុទ្រគ្រាត្រូវពាយុបោកបក់ ការច្បាំងក្នុងលើកនេះឃើញថា ស្រុះគ្នាហើយឃើញញឹកដូចជាឡើង ៗ គេមិនបានរួមកម្លាំងព្រួតគ្នាវាយដោយអន្លើ ៗ ដូចកាលមុន គេពង្រីកថែវទាហានរាយរហូទទីចម្បាំង ក្នុងទីបំផុតទ័ពកុរុមានអាការធុញក្នុងចិត្តកើតសេចក្ដីរទីសរទាស មិនស្មើភាគការមានជ័យជម្នះ កើតសេចក្ដីរាយក្នុងជាន់ដំបូងនោះ ត្រឡប់ជារោយរៀវអន្ដរធានទៅ សឹកខាងក្រុងវិរាដឡើងចុងដៃ កាន់តែមានកម្លាំងហ៊ឹកហ៊ាក់គ្របមកលើខ្លួន លំដាប់នោះ ពល្លក (នេះជានឆាមប្លមរបស់ភីម គ្រាប្លមខ្លួនទៅនៅក្នុងវិរាដ) បានទៅជួយព្រះចៅវិរាដឲ្យរបូតរួចមកបាន ពួកសេនាទាហានរបស់ទ្រង់ នាំគ្នាហ៊ោគឹកកងរំពងទាំងទីយុទ្ធភូមិ ដោយមានជ័យ ម្ដងនេះជាវារព្រះរាជាវិរាដនិងធ្វើការសងសឹកវិញ ទាហានវិរាដចូលវាយកាន់តែស្រុះគ្នា ហើយញឹកឡើងព្រិប ៗ ឃើញបានផលល្អឡើងដោយលំដាប់ ទាល់តែទ័ពកុរុទ្រមិនបាន បែកខ្ចាត់ខ្ចាយផាយចូលក្រុងហស្ថិបុរ ចាប់បានសុសរម័នមេទ័ពកុរុបាន តែដើម្បីនឹងសម្ដែងមេត្តាចិត្ត ព្រះរាជាវិរាដត្រាស់ឲ្យលែងខ្លួនគេ ទៅនគរដើមវិញ ។ ទ័ពកុរុដែលទុរយោជន៍បញ្ជូនទៅធ្វើសង្គ្រាមនិងក្រុងវិរាស ដោយចិត្តមនោមានក្លាហាន ក៏ចប់ចុះដោយប្រការតែប៉ុណ្ណេះម្ដង ។ តែសង្គ្រាមដែលទន់ទាបចាញ់ប្រៀបគេគ្រានេះ មុខគួរទម្លាយសេចក្ដីព្រហ៊ើនយង់ឃ្នងរបស់ទុរយោជន៍ឲ្យថយចុះ តែមិនដូចនោះ ត្រឡប់ធ្វើជាឲ្យទុរយោជន៍កំរើបរិទ្ធិណាស់ ឡើងជាងមុនទៅទៀត ប្រញាប់រួបរួមកងទ័ពបានល្មមការហើយ ការលើកក្បួនទ័ពចេញទៅធ្វើសង្គ្រាមនឹងក្រុងវិរាដម្ដងទៀតជាគ្រា ទី ២ ដោយរួសរាន់ គ្រានេះទ្រង់នាំទ័ពដោយព្រះអង្គឯង ទុរយោជន៍លើកទ័ពទៅគ្រានេះ ចំពោះត្រូវនឹងវេលាដែលព្រះរាជាវិរាដមានរាជកិច្ច តោងស្ដេចចេញចាកព្រះនគរទៅ ដំណឹងទ័ពដឹងដល់សេនាបតីរបស់ព្រះអង្គ គេបានប្រជុំគ្នាជំនួសព្រះនេត្រព្រះស្រោត ដើម្បីប្រឹក្សារឿងដែលនឹងចាត់ការតស៊ូមហាភ័យដែលកើតឡើងក្នុង បច្ចុប្បន្នបន្ទាន់វេលា ក្នុងរវាងដែលព្រះរាជារបស់គេមិននៅ ព្រះរាជបុត្រ រជ្ជទាយាទបានទទួលដំណែងជាអ្នកបង្គាប់បញ្ជាកងទ័ព ពេញកិត្តិយស គេបានត្រៀមសេះ ដំរី និងគ្រឿងយុទ្ធភ័ណ្ឌគ្រប់មុខគ្រប់យ៉ាងដោយរួសរាន់ ទាំងកេណ្ឌទាហានបញ្ចូលថ្មីឡើងទៀត បំពេញចំនួនដែលខ្វះខាតក្នុងកាលសង្គ្រាមគ្រាមុនឲ្យធួនការដែល ប្រមើលទុក កើតរជោរជើបជ្រួលទួទាំងព្រះរាជាណាចក្រ សូម្បីតែស្រីក៏មានភាគជំនួយការទ័ពតាមកម្លាំងនិងសេចក្ដីអាចរបស់ ខ្លួន ត្រង់នេះគួរសរសើរសេចក្ដីសាមគ្គីអ្នកស្រុកវិរាដ ។ កាលត្រៀមការព្រមស្រេចហើយ ក៏បានដំណឹងរាជការសឹកមកម្ដងទៀតថា សឹកលើកចូលមកជាន់ដែនហើយ កងទាហានរក្សាក្រុងក៏ម្នីម្នាលើកទៅធ្វើការរាំងរាទប់អំពីចម្ងាយ កុំឲ្យចូលមកដល់ក្រុង ។ កងទ័ពទាំងពីរបានប្រទះគ្នាម្ដងទៀត ភាពនៃការប្រយុទ្ធបានដំណើរទៅយ៉ាងគ្រាមុន ផ្លាស់គ្នាឈ្នះចាញ់ជាធម្មតា សេនាទាហានទាំងពីរពួកមានចំនួនច្រើនអនេកអនន្ត ចូលតយុទ្ធគ្នាខ្មួលខ្មាញ់ឥតស្រាកស្រាន្ត ប្រហែលហាក់ដូចលលកសមុទ្រ ដេញគ្នាពពូនពពាន ប្រទះប្រទាក់គ្នាម្ដង ៗ ឮសូរគគ្រឹកគគ្រាំ សម្លេងស្រែកបង្អៅ សម្លេងថ្ងូរ ទ្រហោយំ ពាក្យស្បថ ពាក្យប្រមាទមើលងាយ ពាក្យផរុសវាទជេរប្រទេចនានា ទ្រហឹងអឺងកងទាំងដែនយុទ្ធភូមិ ។ ខណៈដែលកំពុងច្បាំង មានរឿងចម្លែកមួយយ៉ាង ដែលជាតិអ្នកចម្បាំងគេមិនធ្លាប់ប្រព្រឹត្ត ព្រះរាជបុត្រព្រះចៅវិរាដអ្នកជាកំពូលទ័ព បញ្ជាការកងទ័ពធំខាងវិរាដ ឃើញទាហានកាប់សម្លាប់គ្នាឈាមច្រាល ក៏ក្រាបជាន់ ខូចព្រះហឫទ័យទប់ពុំបាន ស្ដេចលបចុះអំពីរថសឹក គេចចេញចាកទីចម្បាំង បែរព្រះភក្ដ្រសំដៅបូរី លុះស្ដេចរត់ទៅមួយស្របក់ហើយ នាយសារថីរបស់ទ្រង់ ទើបដឹងថាស្ដេចបាតទៅអំពីព្រះរាជរថក្នុងជាន់ដំបូងដែលងាកទៅទៅ មិនឃើញគេ ស្មានថាព្រះរាជកុមារគង់សុគតដោយថ្វីដៃបច្ចាមិត្រ តែមិនឃើញលោហិតជាប់នៅនឹងព្រះទីនាំងទ្រង់ដល់ ១ ដំណក់សោះ នាំឲ្យគេឆ្ងល់ហើយសន្និដ្ឋានថា គង់ស្ដេចរត់ទៅជាប្រាកដ ទាហាន ១ ពួកនេះ បានទទួលបង្គាប់ឲ្យទៅតាមអញ្ជើញស្ដេចមកកាន់ទីយុទ្ធភូមិ យូរបន្តិចក៏ឃើញព្រះរាជកុមារកំឡាច ត្រូវទាហានឃុំខ្លួនដូចអ្នកទោស ឬដូចឈ្លើយសឹក នាំមកកាន់ទីចម្បាំងវិញ ពួកពលទាហានរបស់ទ្រង់ពោលស៊កសៀតថា មិនគួរឡើយនឹងមកសម្ដែងសេចក្ដីកំឡាចក្នុងវេលាកិត្តិយសខ្ពស់មុខ ឬគ្រាត៧ពចូលច្រមុះដូចនេះសូម្បីតែនាយសារថីរបស់ទ្រង់ ក៏អត់គំរោះគំរាមមិនបានថាក្រឡេកឃើញតែឈាម ក៏មុខឡើងស្លេកស្លាំង ព្រលឹងផាយបាតដូចស្ត្រីនាយសារថីអ្នកបររថសឹកនៃព្រះរាជកុមារ រមែងមាននិស្ស័យជាអ្នកចម្បាំង ហើយច្រើនតែជោរ អ្នកចម្បាំងដូចគ្នានឹងអ្នកអង្គុយលើរថនោះ អ្នកចម្បាំងកម្លោះតូចពោល គឺនាយសារថីនេះ គេអាក់ខានកាន់អាវុធនៅដៃយូរណាស់ហើយ គេគិតឃើញថា ការដែលគេនឹងចេញមុខធ្វើទៅនោះជាការសំខាន់ តែនឹកបារម្ភក្រែងព្រះរាជកុមារមេទ័ពនឹងគេចរត់ទៅទៀត សឹកនឹងចាប់ខ្លួនបាន ក៏បររថកាត់ទៅជ្រុងទីចម្បាំងដានម្ខាងដល់ទៅដើមឈើធំស៊ុំទ្រុម ក៏ឡើងទៅលើដើមឈើនោះ យកធ្នូរសរនិងបំពង់ព្រួញដ៏ក្រស់ក្រាស់របស់គេសឹងលាក់ទុកមកយូរ ហើយ ៗ ក៏ចុះមករកចៅហ្វាយឡើងបររថទៅ តាំងចិត្តនឹងមកជួយតស៊ូរាជសត្រូវ របស់ចៅហ្វាយនាយ ដោយកូនសរដែលច្រេះចាប់ក្រាំងនោះទាល់តែឃើញខ្មៅឃើញសរ ទើបទូលថា ទូលបង្គំនឹងបង្ហាញទ្រង់បាញ់ សេះវានឹងនាំរថទៅឯណា ក៏តាមតែវា មើលចុះទាហានកងទ័ពខាងសឹកលោះទៅច្រើនណាស់ហើយ ។ ទូលដូចនោះហើយ ក៏លើកសរឡើងបាញ់ចេញទៅជាច្រើនព្រួញ ព្រួញមួយទៅធ្លាក់នៅមុខព្រះភក្ដ្រភីស្ម កូនសរមួយទៀតទៅធ្លាក់ទៀបជើងទោណអាចារ្យខាងកងទ័ពកុរុ ។ ទោណអាចារ្យភ្ញាក់ខ្លួន លាន់មាត់ថា ច្បាស់ហើយកាលឃើញកូនសរបាញ់មកត្រង់ចំពោះហើយ គេចាប់កូនសរនោះបាន នឹងស្គាល់ខ្លួនអ្នកបាញ់ផង នឹងថាកូនសរដែលធ្លាក់ទៀបជើងគេនោះ អ្នកបាញ់មិនបានតម្រង់ក្បាលគេ អ្នកបាញ់បំណងឲ្យគ្រាន់តែជ្រិះជើងប៉ុណ្ណោះ ងាកទៅរកទុរយោជន៍អ្នកជាស្ដេចសឹក ទូលថា ឥឡូវនេះ ទូលបង្គំមានសេចក្ដីបារម្ភ ក្នុងរឿងដែលនឹងដណ្ដើមយកជ័យ កូនសរនេះមិនមែនកូនសរអ្នកដទៃឆ្ងាយ គឺកូនសរអរជុនជាសិស្សអ្នកមានថ្មីដៃរបស់ទូលព្រះបង្គំ សិស្សនេះបើទោះបីនៅក្នុងទីប្រទល់មុខគ្នាម្ខាងម្នាក់ គួរបាញ់ទៅត្រូវជាប្រាកដ ក៏មានបំណងនឹងបាញ់ឲ្យត្រូវខ្លួនទូលបង្គំ តែនេះគេចង់សម្ដែងសេចក្ដីគោរពដល់អាចារ្យចាស់របស់គេ ទើបបាញ់សរមកឲ្យគ្រាន់តែឆិតជើង ជាការគំនាប់ជំនួសខ្លួន ។ ទុរយោជន៍ មាយាទ្រង់សំរួលក្នុងកល ក្នុងព្រះហឫទ័យមានសេចក្ដីអំណរលន់លើស ដែលបានមកជួបព្រះញាតិ អ្នកត្រូវនិរទេសចាកនិវេសនស្ថាន តាមខសន្យាជាយូរមកហើយនោះ ទ្រងហ់អំណរទាំងនេះ ដោយទ្រង់តម្រិះថា ល្អហើយ ជួបគ្នាគ្រានេះ យើងនឹងបានន្ថែមទោសនិរទេសគេទៅទៀត ១២ ឆ្នាំ ។ ទុរយោជន៍ ក៏បញ្ចេញសេចក្ដីត្រេកអរក្នុងព្រះហឫទ័យឲ្យភីស្មស្ដាប់តែខាងភីស្ម មិនចង់រវល់ មិនចូលចិត្តនឹងរឿងសាងមហាស្ថានលើនភតល2 (គំនិតឆ្កួត) ហើយមិនចង់ចូលទៅនៅក្នុងមហាស្ថានដូចនោះ ដែលអ្នកដទៃនិម្មិតឡើង ខណៈដែលគេកំពុងសន្ទនាជាមួយនឹងទុរយោជន៍នោះ រថសឹកស្ដេចសឹកក្រុងវិរាដ ត្រង់ស្លេវមកក្នុងទីនោះ ឮសូរសន្ធឹកគគ្រឹកហាក់ដូចផ្គរលាន់ ថ្លែងសរបាចប្រសាចធ្លាក់មកចុះក្នុងកណញដាលកងទ័ពកុរុដូចគ្រាប់ ភ្លៀង គ្រាប់ភ្លៀងគឺកូនសរនោះមិនចំពោះតែធ្លាក់ទៅខាងមុខ បានធ្លាក់បាចប្រសាចទៅខាងឆ្វេងខាងស្ដាំរថសឹក ដែលបរសំដៅទៅទិសនោះ ៗ រថសឹកដ៏ពន្លឹកនោះ ចូលលិកលុយដេញពលខាងបច្ចាមិត្របែកញែកធ្លុងទៅ ជាន់ពលទាហានស្លាប់ត្រៀបត្រាកណ្ដាលទីចម្បាំង គ្រានោះនាយសារថីអ្នកមានថ្វីដៃ ទើបទូលស្ដេចសឹកថា តោងច្បាំងសឹកយ៉ាងនេះ មើលចុះ ពលទាហានបែកខ្ចាយទៅហើយ ពលទាហានរបស់ទ្រង់ ថាជាអ្នកមានជ័យ ។ ព្រះរាជឱរសព្រះចៅវិរាដអ្នកជាកំពូលទ័ពនៃក្រុងវិរាដ ក៏មានជ័យជម្នះសឹកដោយប្រការដូចនេះ សំឡេងនិកររាស្ត្រសព្ទសាធុការកងរំពង កណ្ដាលពួកសេនាទាហានដែលត្រូវអាវុធមុតជាទម្ងន់ ស្រែកថ្ងូររលូងនោះ ពួកអ្នកស្រុកក៏ហូរហៀរច្រៀតបៀតគ្នាមកពាសពេញផ្លូវថ្នល់ ដើម្បីសម្ដែងសេចក្ដីអំណរក្នុងរឿងមានជ័យ កាលស្រេចការកម្រាបសឹកហើយ អង្គក្សត្រិយ៍សឹកប្រទេសវិរាដក៏ស្ដេចឡើងប្រថាប់លើរថសឹក អធឹកទៅដោយចតុរង្គនិកាយត្រឡប់ថ្កានរាជធានី ទ្រង់សន្ទនារីករាយជាមួយនឹងនាយសារថីអ្នកភក្ដីរបស់ព្រះអង្គ មកតាមថ្នល់ក្នុងព្រះនគរ ។
រឿងមហាភារតយុទ្ធ
ថ្ងៃតមកអំពីថ្ងៃដែលមានជ័យ មានការប្រជុំធំជាផ្លូវរាជការ
ដើម្បីប្រកាសពត៌ដ៏មានដ៏មុខគួរបីតិត្រេកអរឲ្យប្រាកដកិត្តិយសទួទៅ
ថា កងទ័ពក្រុងវិរាដមានជ័យជម្នះកងទ័ពកុរុយ៉ាងស្រស់
មុខព្រះទីនាំងគំនាល់ពេញទៅដោយមនុស្ស
ច្រៀតបៀតញៀតញាក់គ្នាស្ទើរដកដង្ហើមមិនរួច
អ្នកដំណាងរាស្ត្រគ្រប់ពួកគ្រប់ជាន់បាននាំគ្នាមកកុះករ
ដើម្បីមានចំណែកនៃសេចក្ដីសោមនស្សរីករាយ
វេលាមុនដែលព្រះចៅវិរាដនិងស្ដេចយាងចេញកាត់ទីប្រជុំ
មានរឿងចម្លែកប្លែកអស្ចារ្យមុខគួរឆ្ងល់
គឺមានមនុស្សប្លែកមុខម្នាក់ឡើងទៅអង្គុយលើបល្លង្គគង់ព្រះ
រាជាធិរាជ បួននាក់ទៀតមុខមាត់ប្លែកដែរ តែងកាយយ៉ាងក្សត្រិយ៍
ឈរសម្លែងកិរិយាគោរព ឬគាល់ជុំវិញបល្លង្គនោះ
នេះជាឧប្បត្តិហេតុដ៏កំបាំងធ្វើឲ្យទីប្រជុំមានសេចក្ដីងើលឆ្ងល់
ជាបំផុត តែគ្មាននិកររាស្ត្រណាមួយហ៊ានហើបមាត់បរិហារថាម្ដេច
បានតែខ្សឹបខ្សៀវគ្នាតិច ៗ និងសំឡឹងមើល ហើយមើលទៀត ដោយសង្ស័យ
អ្នកប្លែកមុខនេះជាអ្នកណាហ្ន៎
តែគង់ជាមិនមែនអ្នកក្បត់ដណ្ដើមរាជសម្បត្តិ
អ្នកខ្លះនឹកឃើញស្រពិចស្រពិល មើលទៅប្រហែល ៗ
ជានឹងចាំមុខអ្នកប្លែកមុខអម្បាលនេះបានពីរបីនាក់
តែនឹកមិនឃើញថាជាឈ្មោះអ្វី
ឯអ្នកដែលមិនធ្លាប់ឃើញព្រះភក្ដ្រព្រះរាជាវិរាដ ក៏មិនមានសង្ស័យ ។
ខណៈអ្នកមើលទាំងឡាយកំពុងនឹកស្មានទៅផ្សេង ៗ នានា ព្រះរាជាវិរាដ ក៏ស្ដេចយាងចូលមកក្នុងព្រះទីនាំងគំនាល់ព្រះភក្ដ្រឡើងក្រហម កាលទតឃើញអ្នកប្លែកមុខបង្ហាញឡើងទៅអង្គុយលើបល្លង្ករបស់ព្រះអង្គ ទ្រង់សម្គាល់ក្នុងព្រះហឫទ័យថា ខ្ញុំរាជការក្នុងព្រះដំណាក់ ព្រមគ្នាចាត់ឧប្បត្ដិឡើង ជាកិច្ចសម្ពោធិការមានជ័យជម្នះពួកកុរុព្រះលោហិត ពុះខ្មួលជ្រួលក្នុងព្រះវរកាយ កាលមកនឹកដល់សេចក្ដីមុខក្រាស់ ឥតខ្មាសរបស់ពួករាជបរិពារឡើងមក គួរឬមកបណ្ដោយឲ្យកញ្ជះគេឡើងទៅអង្គុយលើរាជបល្លង្កសប្បាយ ជាការទុរាចារដល់ព្រះទីនាំងដ៏សក្ដិសិទ្ធិរបស់ខត្តិយរាជជាបំផុត ទ្រង់រំពឹងថា សេចក្ដីបញ្ចើចលលេងដូចនេះប្លែកណាស់ណា វាគង់នឹងកាត់ក្បាលអញក្នុង ១ ថ្ងៃមិនខាន ។ លុះស្ដេចយាងចូលមកជិត ទ្រង់ចាំមុខអ្នកអង្គុយលើបល្លង្កនោះបានថា អ្នកនោះជាអ្នកបម្រើការរបស់ព្រះអង្គ គឺអ្នកកម្សត់ ដែលព្រះអង្គទទួលគេទុកឲ្យនៅ ជាខ្ញុំល្អងធូលីព្រះបាទដផយសេចក្ដីករុណាដល់គេនោះឯង កាលទ្រង់ជ្រាបដូចនោះ ក៏បណ្ដាលព្រះទោសហឺខ្លាំងឡើងទៀត ត្រាស់ព្រះសូរសៀងក្រេវថា យ៉ាងម៉េចនេះវើយ ។ តន្តរបាល សេនាបតីម្នាក់ក្រោកឈរឡើង ក្រាបទូលថា សូមទ្រង់បន្ទោរព្រះទោសសិនព្រះករុណា អ្នកប្លែកមុខអង្គុយលើបល្លង្ករបស់ព្រះអង្គនោះ មិនមែនដទៃឆ្ងាយ គឺមហារាជយុធិស្ឋិរ គួរសរសើរថា យើងជាអ្នកមានភ័ព្វដ៏ប្រសើរដែលព្រះរាជាដ៏ជាប្រមុខនៃក្សត្រិយ៍ ទាំងឡាយបានមកប្រថាប់ជាប្រធានក្នុងទីនេះ ។ ព្រះរាជាវិរាដទ្រង់ត្រាស់មិនចេញមួយស្របក់ ជីពចរដើរខ្លាំង ហើយញាប់ញ័រតឹក ៗ ឲ្យនឹកឆ្ងល់ខ្វល់ក្នុងព្រះហឫទ័យ ព្រះហឫទ័យស្ទុះស្ទះឆ្វាត់ឆ្វែងមួយរយមួយពាន់សានឹងយកជាការអ្វី មិនបាន លុះទ្រង់រំពឹងមួយស្របក់ធំសេចក្ដីសន្ធិះនោះក៏រលាយបាត់ទៅ ទើបទ្រង់ថ្វាយគំនាប់មហារាជយុធិស្ឋិរដោយគោរពហើយទូលថា សូមមេត្តាប្រោសព្រះរាជទានទោសព្រះករុណាចូលព្រះទានអហោសិកម្មដល់ ទូលបង្គំ ដែលប្រមាថភ្លាំងភ្លាត់ទៅហើយ សូមព្រះអង្គទទួលទូលបង្គំទុកជាខ្ញុំតទៅព្រះករុណា ។ ត្រាស់ប៉ុណ្ណោះហើយ ក៏ទ្រង់ព្រះកន្សែងអាក់អួលដោយទ្រង់រឭកឡើងមកដល់កាលដែលកន្លងទៅ ហើយ រវាងដែលបាណ្ឌវក្សត្រិយ៍ប្លមអង្គមកនៅបម្រើព្រះអង្គយ៉ាវបាវ ទ្រង់តូចព្រះទ័យជាទម្ងន់ កាលមកគិតដល់ការដែលបានប្រើប្រាស់មហារាជ ដូចបាវព្រាវទ្រង់ជ្រាបព្រះអង្គថា បានកន្លងអកុសលកម្មមួយយ៉ាងដែលគ្មានផ្លូវនឹងអច្ចយោទោសនេះបាន ក្រៅចាកស្លាប់បង់ប៉ុណ្ណោះ ។ យុធិស្ឋិរឃើញព្រះរាជាជាទុក្ខដល់អំពើល្មើសដូចនោះ ក៏ស្ដេចក្រោកឡើងឈរមុខបល្លង្ក ឱបអង្គព្រះរាជាហើយត្រាស់ថា ខ្ញុំនឹងអហោសិកម្មសេចក្ដីប្រមាទភ្លាំងភ្លាត់ ដែលទ្រង់មិនបានធ្វើសោះ យ៉ាងដូចម្ដេច ខ្ញុំវិញគួរតែសូមអភ័យ នឹងអំណរគុណបុណ្យទ្រង់ដែលមេត្តាឲ្យខ្ញុំសំណាក់ពាក់អាស្រ័យនឹង ទ្រង់ ឧបត្ថម្ភការពារអន្តរាយក្នុងគ្រាគ្រោះថ្នាក់នេះ ។ មិនដូចនោះទេ ព្រះករុណាបើប្រសិនជាមានហេតុល្អកើតឡើងក្នុងទីនេះសោតក៏មែនដទៃ ឆ្ងាយ គឺថ្វីដៃសម្ងាត់ដែលបានអបលោកព្រះអង្គក្នុងដំណែងជាចៅហ្វាយជីវិត ជាខ្ញុំព្រះអង្គ ។ អើ អើ ចូរលើកពាក្យសំណើរនេះ ទុកអធិប្បាយក្នុងកាលដទៃចុះ ទ្រង់ជ្រាបឬទេថា យើងបានវាយកងទ័ពកុរុដែលរុករានចូលមកជាន់ដែនក្នុងគ្រាទី ២ ឲ្យបាក់បបរត់ខ្ចាត់ផាយទៅវិញ ក្នុងកាលទ្រង់មិននៅ ។ ទូលបង្គំទើបនឹងដឹងឥឡូវនេះឯងព្រះករុណាមិនទុកព្រះទ័យឬ ដែលនឹងឲ្យទូលបង្គំដឹងខ្លះថា ព្រះអរជុនរបស់ព្រះអង្គនឹងរាជិនីទ្រៅបទី ឥឡូវនេះសំណាក់នៅឯណា ។ គេសំណាក់នៅទីនេះទាំងអស់ តែប្លែងផ្លាស់នាមយ៉ាងដទៃ ៗ ដើម្បីបំបិទបំបាំងឈ្មោះដើម នេះគឺនកុលមាននាមជាគ្រន្ថិត នេះសហទេពផ្លាស់នាមជាតន្តរបាល ជាអមាត្យរបស់ទ្រង់ នេះអរជុន ជានាយសារថីរបស់ទ្រង់ នេភីម ផ្លាស់នាមជា ពល្លក ជាអ្នកសម្លាប់កិច្ចការខ្ញុំមានសេចក្ដីតូចចិត្តច្រើន ដែលទើបនឹងលាន់វាចាក្នុងវេលានេះ ឯទ្រៅបទីទេវីផ្លាស់នាមជា សៃរិន្ធរីជាសាវឡឹកអ្នកគាល់បម្រើជិតដិតរបស់ព្រះរានីវិរាដដែល កិច្ចក វង្វេងលង់ស្រឡាញ់ទាល់តែស្លាប់ខ្លួន ព្រះរាជាទ្រង់ស្ដាប់យុធិស្ឋិរថ្លែងរឿងរ៉ាវរហូតមកដល់ត្រង់នេះ ក៏មានសេចក្ដីឆ្ងល់នឹងអស្ចារ្យក្នុងព្រះហឫទ័យ កាលកិរិយានៃកិច្ចកជារឿងឲ្យកើតសោកសៅក្នុងកាលដ៏កន្លងទៅពិត តែវេលានេះមិនមកប៉ះពាល់ព្រះហឫទ៧យដូចរឿងដេលត្រាស់ឲ្យចងដៃចង ជើងទ្រៅបទីបោះក្នុងគំនរអគ្រនី វេលានេះទ្រង់ឃើញថា មរណភ័យ ដែលកិច្ចកបានទទួលនោះជាទោសទណ្ឌដ៏សាល សម្រាប់លាមកដែលកិច្ចកបំណងនឹងលើកខ្លួនផ្ទឹម និងស្រីម្នាក់ដែលសក្ដិសិទ្ធិជាងមាតាបង្កើត បរិសុទ្ធជាងទេពធីតាក្នុងឋានសួគ៌ ទ្រង់ឃើញទោសព្រះអង្គឯងដែលបានព្រមព្រៀងឲ្យព្រះមហេសី ធ្វើការកាច់កិនសម្មានសក្ដិព្រះរាជិនីទ្រៅបទី អ្នកបរិសុទ្ធរកមន្ទិលគ្មានទោះបីយុធិស្ឋិរលួងលោមយកចិត្តដូចម្ដេច ក្ដី ក៏មិនបាត់ក្ដៅក្ដួលហឫទ័យ កាលមករឭកដល់រឿងប្រមាទភ្លាំងភ្លាត់ដែលកន្លងទៅហើយក៏កើត វិប្បដិសារីរសាប់រសល់ខ្វល់ខ្វែងចិន្ដាយុធិស្ឋិរទើបអញ្ជើញទ្រង់ ឲ្យចូលទីសៃយាសន៍ព្រោះការនិទ្រាជាឱសថ សម្រាប់រម្ងាប់សេចក្ដីទុក្ខសោកបានមួយយ៉ាងហើយត្រាស់ថា យើងឈប់និយាយហើយ បើសម្ដីរបស់យើង ដែលនិយាយចេញទៅចេះតែធ្វើឲ្យអស្សុជលរបស់ទ្រង់ ហៀរហូរដូចនេះម្នាលមហារាជរឿងដែលកន្លងទៅហើយគួរគប្បីដឹងថា វារួចទៅហើយ មិនគួរនឹងអំពល់ទៅរំពឹងយកមកវិញ ឲ្យវាកើតសោកស្រណោះទទេ ៗ សឹងរកខ្លឹមសារបន្តិចគ្មាន លោកអ្នកមានបណ្ដាសក្ដិខ្ពស់ជាងខ្ញុំជាច្រើនអ្នកបានប្រសប់ភព សេចក្ដីលំបាកលំបិន ជាងសេចក្ដីលំបាកដែលឧប្បត្ដិដល់ខ្លួនខ្ញុំក្នុងគ្រានេះជាច្រើន ទ្រង់មកបង្ហូរអស្សុជលសស្រាក់ដូចនេះ ធ្វើឲ្យចិត្តខ្ញុំខ្លោចផ្សាពន់ប្រមាណជាងពាក្យប្រមាទមើលងាយ ដែលទ្រង់ធ្វើដល់ខ្ញុំដោយមិនដឹងខ្លួននោះវិញឬឈឺចាប់ជាងការ ធ្ងន់ឯណានិមួយ ដែលទ្រង់នឹងគប្បីបង្គាប់ឲ្យខ្ញុំធ្វើ ទ្រង់ក៏ជាប្រាជ្ញកាលណាហ្ន៎ បញ្ញារបស់ទ្រង់នឹងប្រតិបត្តិរក្សាព្រះអង្គទ្រង់ បើទ្រង់រម្ងាប់ព្រះហឫទ័យក្នុងរឿងនោះសម្រាប់ព្រះអង្គទ្រង់មិន បាន ក៏ចូលរម្ងាត់ដើម្បីឃើញដល់ខ្ញុំចុះ ។ វេលានេះព្រះរាជាវិរាដទ្រង់រម្ងាប់ត្រឡប់ព្រះហឫទ័យបាន ហើយដោយទ្រង់ចិន្ដាថា រឿងទុក្ខទោមនស្សនេះ មិនមែនឲ្យក្ដៅក្រហាយតែខ្លួនឯងទេ ជាផ្លូវឲ្យក្ដៅក្រហាយដល់រាជាធិរាជ របស់ទ្រង់ផង ដោយប្រការដូចនេះ ទើបទ្រង់ព្យាយាមយ៉ាងពេញសតិបញ្ញា ដើម្បីហាមឃាត់អស្សុជលធារា ។ តាំងពីយុធិស្ឋិរ ត្រូវនិរទេសទៅដើរព្រៃ ការទារុណកម្មលមកជាច្រើនយ៉ាងដែលកើតឡើងក្នុងរដ្ឋសីមាឥន្ទ្របថ អយុត្តិធម៌ និងការគ្រប់គ្រងមិនត្រូវទំនៀមបានកើតឡើងទួទៅទាំងព្រះរាជអាណា ចក្រ ព្រះរាជវាំង ឥន្ទ្របថគ្រាមួយនោះល្អចិញ្ចែងរកទីប្រៀបគ្មាន ឥឡូវនេះក្លាយទៅជាសំបុកប្រចៀវនឹងព្រាបទាំងឡាយ មានចោរលួចប្លន់បៀតបៀនអ្នកស្រុកឲ្យបានសេចក្ដីក្ដៅក្រហាយជាញឹកញយ របៀបការគ្រប់គ្រងបានផ្លាស់ប្ដូរខុសរូបដើមជាច្រើន ព្រោះប្រទេសនិមួយ ៗ ដែលនឹងចម្រើនរុងរឿងនឹងពោលសរុបរួមតែក្នុង ១ ម៉ាត់ថា អំណាចជាធម៌ នេះជារបៀបអ្នកធ្វើការគ្រប់គ្រងប្រទេស នឹងអ្នកនៅក្រោមសេចក្ដីគ្រប់គ្រង ប្រទេសឥន្ទ្របថដែលធ្លាប់សុខសាន្តត្រាណនិរាសភ័យមក អំពីដើមត្រឡប់ទៅជាចលាចលស្អុះស្អាប់និកររាស្ត្រទាំងឡាយ ចង់ឲ្យតែយុធិស្ឋិរត្រឡប់ទៅព្រះនគរវិញ គេនាំគ្នារាប់ខែរាប់ឆ្នាំ ចាំមើលផ្លូវបិយមហារាជរបស់គេដោយសេចក្ដីរំជួលចិត្ត ពណ៌មានរឿងបាណ្ឌវក្សត្រិយ៍ស្ដេចទៅនៅក្នុងសំណាក់វិរាដបានល្បីទួទៅ ក្នុងនានាប្រទេស ពួកក្សត្រិយ៍សាមន្តរាជដែលនៅក្នុងសេចក្ដីគ្រប់គ្រងរបស់ក្សត្រិយ៍ មហាសាលយុធិស្ឋិរ បាននាំគ្នាម្នីម្នាទៅថ្កានក្រុង ដើម្បីសម្ដែងសេចក្ដីគោរព នឹងថ្វាយសេចក្ដីដល់បរមក្សត្រិយ៍ដ៏ជាចៅហ្វាយនាយរបស់គេ អ្នកខ្លះតោងដើរជើងទៅ មានសេចក្ដីនឿយលំបាកដោយមាគ៌ាដ៏ឆ្ងាយ ដើម្បីឃើញព្រះភក្ដ្រមហារាជារបស់គេម្ដងទៀត អ្នកខ្លះក៏នឹកឫស្យាព្រះចៅវិរាដ ដែលឲ្យយុធិស្ឋិរសំណាក់អាស្រ័យនៅក្នុងម្លប់សំយ៉ាប ។ តែយុធិស្ឋិរនឹងត្រឡប់ទៅនគរវិញ ដោយសុវត្ថភាពមិនបាន ដោយទ្រង់ជ្រាបថា នឹងតោងច្បាំងគ្រប់ជំហាន ដែលឈានត្រឡប់ទៅវិញ ទើបទ្រង់ប្រឹក្សានឹងព្រះរាជាវិរាដរាជសម្ពន្ធមិត្រក្នុងរឿងនេះ ដើម្បីកំណត់គ្រោងការសង្គ្រាម ដែលនឹងលើកទៅវាយយកផែនដីរបស់ព្រះអង្គ ដែលបណ្ដាលឲ្យយើងត្រូវនិរទេសនោះសព្វគ្រប់ហើយ ពង្សសាវតារដ៏ល្បីនាមក្នុងជីវិតរបស់ខ្ញុំអាចនឹងសរុបបានក្នុង ពាក្យមួយម៉ាត់ថា ការភ្នាល់ប៉ុណ្ណោះឯង ខ្ញុំយកអាណាចក្រ និងឥស្សរភាពទៅភ្នាល់នឹងគេ ចាញ់គេរាល់ក្ដារ មិនថាក្ដារណា តែបង់ចុះក៏បាត់ទៅ មិនបង់តែមកុដរបស់ខ្ញុំ បង់ទាំងខ្លួនធ្លាក់ទៅខ្ញុំគេផង ព្រមទាំងទ្រៅបទីត្រូវជាបណ្ដូលចិត្ត តែដែលបង់នាងទៅ ខ្ញុំមិនសូវទោមនស្សតូចចិត្តស្មើនឹងអាម៉ាស់មុខ ត្រង់ដែលទុហសាសន វាចាប់សម្រាតនាងកណ្ដាលទីប្រជុំជន គ្រានោះចិត្តខ្ញុំស្លុតសង្វេគស្ទើរទ្រាំពុំបាន តែបានព្រះករុណាធិគុណព្រះអយ្យកោ ភីស្មៈ ដែលទ្រង់បានពោលជាផ្លូវប្រឹក្សាថា ការដែលធ្វើទោសទណ្ឌកម្ម ដល់យើង សុំឲ្យជាការធ្វើនិរទេសចេញចាកនិវេសស្ថាន រហូតវេលា ១៣ ឆ្នាំ ជាកំណត់ យើងក៏ព្រមទទួលទណ្ឌកម្មនោះ ដោយតុណ្ហីភាព ទោះបីទណ្ឌកម្មនោះតឹងរឹងម្ល៉ោះក្ដីឥតថា យើងបានទទួលសោយទរមានកម្មលំបាកលំបិនដល់ខ្នាត រហូតកាលកំណត់និរទេសក្នុងរវាងនោះពេញទៅដោយសេចក្ដីទុក្ខព្រមទាំង អន្ធការ ទើបនឹងបានឃើញពន្លឺដ៏រុងរឿង ពោលគឺសេចក្ដីមេត្តារបស់ទ្រង់ ដែលទ្រង់ទទាក់ទទួលឲ្យទៅជាសុខក្នុងអំណាច អារក្ខាក្នុងរាជដំណាក់នោះ ឥឡូវនេះយើងខ្ញុំបានទទួលនិរទេសទណ្ឌកម្មនោះដោយសុចរិតគ្រប់ធុនបាន កំណត់ហើយ បានប្រតិបត្តិយ៉ាងតឹងរឹងតាមខសន្យាដែលចងរឹតខ្ញុំនោះគញរប់ប្រការ វេលានេះខ្ញុំមានសេចក្ដីធូរស្រួលក្នុងចិត្តគិតនឹងត្រឡប់ទៅស្រុក ទេសរបស់ខ្ញុំវិញ នឹងទ្រាំដើរទៅសំចតឯណោះបន្តិចឯណេះបន្តិចដូចចចក រហូតនិរន្តរកាលទៅមិនបាន ។ ព្រះរាជាវិរាដតបថា ទូលបង្គំជឿជាប្រាកដថា នឹងបានព្រះនគរមកវិញ ដោយមិនតោងធ្វើសង្គ្រាមនោះជាមិនខាន ក្រប៊ីរបស់យើងតែមួយយ៉ាងប៉ុណ្ណោះ អាចនឹងចាត់ការវិវាទឲ្យស្ងប់ទៅបាន ឬឲ្យដាច់ស្រេច ព្រោះថាអ្វីដែលបង់ទៅដោយអយុត្តិធម៌នោះ កម្រនឹងត្រឡប់បានមកវិញដោយប្រតិភាព ។ ក្នុងខនេះទ្រៅបទីក៏យល់ឃើញផង នាងជាស្រីក៏មែន តែនាងធីតាក្សត្រិយ៍ជាតិអ្នកចម្បាំង ហើយជាមហេសិក្សត្រិយ៍ នាងទើបមានសវនិយថា ការដែលព្យាយាមសំរួបសំរួនបងប្អូន ដែលទាក់ទងខ្វែងគំនិតគ្នគ្រានេះស្នើដូចយល់ស្រប ការទុច្ចរិតបង់ពាក្យសត្រូវបានទទួលរង្វាន់តែ ១ យ៉ាង គឺមរណៈទុរយោជន៍ យកប្រៀបទ្រង់យ៉ាងដូចម្ដេចខ្លះ គេឆ្លាសបញ្ឆោតទ្រង់ឲ្យចូលទៅក្នុងអង្គប់យ៉ាងម៉េច គេក្លែងតែងវោហារធ្វើជាលេងល្បែងភ្នាល់យ៉ាងញាតិយ៉ាងមិត្រ តែកលគិតយករាជអាណាចក្ររបស់ទ្រង់ទៅ បណ្ដេញទ្រង់ឲ្យចុះចាកផ្ទះសម្បែង នឹងចាកប្រយូរវង្សរបស់ទ្រង់យ៉ាងម៉េច ព្រះហឫទ័យរបស់ទ្រង់គង់ជារាក់មិនចាក់ធ្លុះទៅក្នុងឧបាយកលនោះ ទើបប្រមាទភ្លាំងភ្លាត់ទៅជ្រៅដល់ម្ល៉េះ ឲ្យការសង្គ្រាម ៗ យ៉ាងចេញមុខនេះវិញវិនិច្ឆ័យ ទើបនឹងដឹងថា ខាងណាខុសធម៌ខាងណាត្រូវធម៌ ។ ព្រះយុធិស្ឋិរ តបដោយគិតទុកមកហើយថា បងចង់លចិត្តនាងមើលក្នុងរឿងនេះ តើជាយង់យលដូចម្ដេច បងនឹងបញ្ជូនទូតមួយប៉ែកទៅកាន់រាជដំណាក់ ស្រីក្ឫស្ណ1 ព្រះរាជាប្រទេសទ្វារក ឲ្យយកចិត្តឈឺឆ្អាលខាងបងក្នុងការសង្គ្រាមគ្រានេះ អរជុននេះឯងជាទូតរបស់បង ។ ព្រឹកឡើងថ្ងៃតអំពីនោះ អរជុនក៏អញ្ជើញរាជសាសន៍ទៅកាន់ក្រុងទ្វារកជាព្រះនគររបស់ព្រះ ក្ឫស្ណ (ក្រិស្ណ) សឹងតាំងនៅមាត់ទន្លេខាងលិចរយៈផ្លូវឆ្ងាយ ក្នុងដែនឥឡូវនេះហៅថាគូជរាត អរជុនធ្លាប់ទៅមកកាន់រាជសំណាក់ក្ឫស្ណឆ្នាំដំបូង ៗ ក្នុងរវាង ១២ ឆ្នាំ ដែលត្រូវនិរទេសនោះ រាជកុមារទាំងពីរនេះជាសម្ពន្ធមិត្រ ស្និទ្ធស្នាលគ្នាច្រើនទាំងជាប់ជាព្រះញាតិនឹងគ្នាផង ក្នុងឱកាសដែលទៅគ្រានោះ អរជុនបានឃើញក្សត្រិយ៍ ១ អង្គ តែងកាយរៀបរយដើរចូលទៅក្នុងរាជវាំងទ្វារក ចូលមុនអរជុនមិនប៉ុន្មានជំហាន មើលទៅភាពក្សត្រិយ៍នោះ ឃើញថាជាអ្នកដើរផ្លូវឆ្ងាយដូចគ្នា ហើយមើលទៅឃើញថា មានធុរៈប្រញាប់ដូចគ្នាអ្នកយាមទ្វារអនុញ្ញាតឲ្យចូលទៅដោយស្រួល មើលទៅកិរិយាដូចជាព្រះរាជមិត្រ ឬព្រះញាតិនឹងព្រះរាជក្ឫស្ណ អរជុននឹកឆ្ងល់ថា ជាអ្នកណាហ្ន៎តែគ្មានវេលានឹងសាកសួរឲ្យអស់សង្ស័យ ក្នុងរឿងដ៏ឥតប្រយោជន៍ ព្រោះទ្រង់មកជាការរាជការរួសរាន់ព្រះហឫទ័យខ្វល់ទៅតែក្នុងរឿង រាជការ ។ កាលស្ដេចចូលទៅដល់ទ្វារវាំងនាយទ្វារបាល ក៏អនុញ្ញាតឲ្យចូលទៅដោយស្រួលដូចគ្នា ដោយមិនចាំបាច់ធ្វើរបៀបយ៉ាងម្ដេច តែវេលានោះ បានទ្រង់ជ្រាបថាក្ឫស្ណកំពុងផ្ទំសម្រាន្តនិន្ទ្រារម្មណ៍ក្នុងវេលា រសៀលទ្រង់ ក៏ចូលទៅក្នុងបន្ទប់ក្រលាបន្ទំ តែមិនមែនជាប្រុសទៅដាស់ចូលទៅរង់ចាំក្នុងទីនោះតែម្ដង ដើម្បីកុំឲ្យខាតវេលា កាលស្ដេចតើនឡើងនឹងបានទូលស្នើតាមការខណៈដែលអរជុនឈានចូលទៅ ក្នុងបន្ទប់ក្រលាបន្ទំ ព្រះរាជាមានភ្ញៀវម្នាក់ទៀតជ្រៀតដើរចូលទៅផង ដើរស្រាវជើងទៅមុខអរជុនពីរបីជំហាន រាជកុមារអង្គនោះវាយរឹកធំ ចូលទៅឈរខាងដើមព្រះទែនបន្ទំក្បែរព្រះសីរ អរជុនចូលទៅឈរខាងចុងព្រះទែនការ ដែលមានមនុស្សពព្រូសពប្រាស់ធ្វើឲ្យព្រះរាជាតើនបន្ទំ កាលបើកព្រះនេត្រឡើងក៏ឃើញអរជុនដែលនៅចុងព្រះបាទមុន ដោយសេចក្ដីបីតិព្រឺព្រួច ដែលបានជួបព្រះរាជសម្ពន្ធមិត្រដ៏ស្និទ្ឌស្នាល ក៏ត្រាស់សួរដោយរួសរាន់ថា អរជុនទ្រង់មកពីអង្កាល យើងមានសេចក្ដីសោមនស្សណាស់ ដែលបានឃើញមុខបិយមិត្រ ។ ទូលបង្គំទើបនឹងមកអម្បាញ់មិញ ។ ទូលបង្គំមកមុននេះជាសម្ដីអ្នកម្នាក់និយាយកាត់ឡើង ពាក់កណ្ដាលភ្ញៀវដែលមករកម្ខាងនោះ គឺតុរយោជន៍ កាលក្រិស្ណ ប្រែព្រះភក្ដ្រទៅខាងអ្នកនិយាយក្រោយនេះ ឃើញក្រិស្ណ ឈរខាងដើមព្រះទែនថ្វយគំនាប់ ក៏ត្រាស់ថា យូរហើយណា ទើបនឹងមកជួបគ្នាក្នុងថ្ងៃនេះសិទ្ធិជោគស្លោកល្អនាំទ្រង់ឲ្យមក ដល់ទីនេះ ។ ទុរយោជន៍ចង់បានក្រិស្ណជាសម្ពន្ធមិត្រ ដោយសិនិទ្ធភាពជាអ្នកមកដល់មុន (ព្រោះព្រះវេណីក្សត្រិយ៍ឥណ្ឌូបុរាណ ថាបើកើតហេតុទាស់ទែងគ្នាឡើង នឹងសុំឲ្យជួយរវាងបរប័ក្ស គេច្រើនតែទទួលជួយខាងអ្នកមកដល់មុន) មិនបានប្រាស្រ័យបដិសន្ទនាឲ្យយឺតយូរពោលតែកំបុត ៗ ថា ទូលបង្គំសូមឲ្យព្រះអង្គមានភាគជំនួយក្នុងការសង្គ្រាម ដែលនឹងមានមក សូមព្រះអង្គជាបក្សខាងទូលបង្គំ ។ អរជុនមិនបានស្រែកសុំសេចក្ដីជំនួយយកប្រៀបមុន ក្រោយដូចនោះ អង្គុយតែស្ងៀមក្រិស្ណជញ្ជឹងមួយស្របក់ក៏ត្រាស់ថា ខ្ញុំឥតមានទើសទាល់ទេ ក្នុងការដែលនឹងប្រគល់កម្លាំងយោធារបស់ខ្ញុំ ដើម្បីជាប្រយោជន៍ដល់ទ្រង់ឯណានិមួយ ឬទាំងសងខាង តែខ្ញុំសុំនិយាយបំភ្លឺត្រង់នេះសិន តាមសេចក្ដីយល់ឃើញរបស់ខ្ញុំ អ្នកទាំងពីរមានភាគស្មើគ្នា ដើម្បីនឹងរក្សាជញ្ជាំងត្រាជូរឲ្យទៀតត្រង់ រវាងសេចក្ដីសម្ពន្ធមិត្រសម្រាប់ខ្លួន នឹងសម្រាប់ប្រទេស ខ្ញុំសុំប្រគល់កងទ័ពជើងគោកនិងកម្លាំងទ្រព្យទាំងមូលអាណាចក្រឲ្យ ម្ខាង តែម្ខាងទៀត ខ្ញុំចង់ប្រគល់ខ្លួនខ្ញុំ ឲ្យដោយមិនបានកាន់អាវុធ ឬពាក់ក្រិស្ណគញរឿងការពារខ្លួន ឥឡូវនេះសូមឲ្យទ្រង់ទាំងសងខាងរើសយកតាមគាប់ចិត្តចុះ ។ ទុរយោជន៍ទូលដោយរួសរាន់ថា ទូលបង្គំសុំទទួលយកខាងកងទ័ពគោក និងធនទ្រព្យទាំងពួងជារបស់ខាងទូលបង្គំ ។ អរជុនទូលថា ទូលបង្គំមានសេចក្ដីអំណរលន់ ដែលបានក្រិស្ណជាពួកខាងទូលបង្គំ ទូលបង្គំវាយតម្លៃមិត្តភាពយ៉ាងក្រិស្ណ ខ្ពស់ជាងកម្លាំងពលទាហានរបស់ព្រះអង្គ ។ គ្រានោះកងទ័ពគោករបស់ព្រះចៅក្រិស្ណ ក៏ចាត់ចែងលើកទៅ ក្រុងហស្តិនបុរ ដោយរួសរាន់ ទុរយោជន៍ជាអ្នកនាំទ័ពទៅឯង ក្នុងវេលាជាមួយគ្នានោះ ក្រិស្ណក៏ស្ដេចតាមអរជុនទៅឯក្រុងវិរាដស្ដេចទៅគ្រានេះគ្មានកាន់ អាវុធគ្មានរាជបុរសតាមស្ដេចទៅផងទេ កាលក្សត្រិយ៍ទាំងពីរទៅដល់រាជដំណាក់ព្រះចៅវិរាដហើយ មានការប្រជុំប្រឹក្សាសើរើរឿងបាណ្ឌវក្សត្រិយ៍ ក្រិស្ណប្រថាប់ជាប្រធានក្នុងទីប្រជុំនោះ ទ្រង់ព្យាយាមតែនឹងបំបាត់មិនឲ្យកើតសង្គ្រាមកាប់សម្លាប់គ្នា វេលានោះទ្រង់ក្រោកឈរឡើងពោលសុន្ទរកថា សំរួបរំរួល ដើម្បីឲ្យស្ងប់សឹក ដើម្បីសេចក្ដីជាមិត្រ ក្នុងទីបំផុតបានព្រមព្រៀងគ្នាតាមពាក្យណែនាំរបស់ក្រិស្ណឲ្យ បញ្ជូនទូតទៅគាល់រាជាធតរាស្ត្រព្រះញាតិជាន់អ្នកធំ ដើម្បីធ្វើការសាមគ្គីរសគ្នានិងគោរព ។
រឿងនេះធ្វើការដកយកចេញពី ស្នាដៃកូនខ្មែរ

No comments:
Post a Comment