Tuesday, August 12, 2014

រឿងផ្កាស្រពោន


ខ្ញុំបាទឈ្មោះ​ ហេង​​ សុខ ធឿន បានបង្កើតវើបសាយនេះឡើងដើម្បីតម្រូវការនិស្សិតអាយធី។ មេរៀននេះជាភាសាខ្មែរ :ហើយមានទទួលបង្កើត Blogspot និង  web site ទំនាកទំនងតាមរយ:  ​​​      ​0967804106 E-mail:hengthoeurn999@gmail.com  ...

រឿងផ្កាស្រពោនភាគទី១

រទេះភ្លើងបោលលឿនដូចព្យុះកាត់ព្រៃខ្លុង និងព្រិចរត់ឆ្លងអូរ ហើយជ្រែកពុះជើងភ្នំ ដោយបញ្ចេញសន្ធឹកខ្ទ័ររំពងធ្វើឲ្យរញ្ជួយផែនពសុធា។
បន្តិចក្រោយមកយាននោះក៏បើកផុតជួរភ្នំ និងព្រៃស្ងាត់អស់ ហើយប្រសិនបើជាគេអើតតាមបង្អួចនៃទូណាមួយទៅ គេនឹងឃើញវាលស្រែដ៏មានភ្លឺខ្មៅប្រផេះ ខ្វែងកាត់គ្នាជាក្រឡាចត្រង្គប្រកបដោយកិរិយាចេះរត់ថយក្រោយវិញ។
វាលស្រែ! វាលស្រែ! ពាសពេញតៗ ជាប់គ្នាដល់ជើងព្រៃដែលគេមើលទៅឃើញខៀវសន្លឹម។
នៅក្នុងវាលស្រែ សុទ្ធតែមានទឹកសស្ងាច ពេញព្រៀបដែលខ្យល់រំហើយបោកបក់បណ្តាលឲ្យកើតជារលកពព្រាំមកយោលដើមស្រូវខ្ចី ពណ៌បៃតងស្រស់។
នៅក្នុងជំពូកគុម្ពស្រូវនោះ មានផ្កាត្រកួនពណ៌ស្វាយ ផ្កាក្រជីបពណ៌ក្រហមឆ្អៅ ផ្កាអញ្ចាញពណ៌លឿងដូចមាសឆ្អិន លាយឡំគ្នាត្រង់នេះបន្តិច ត្រង់នោះបន្តិច។បុប្ផាទាំងនេះ ហាក់ដូចជាឧប្បត្តិកឡើង សម្រាប់ជាគ្រឿងលំអនៃសំពត់ព្រំពណ៌បៃតង ដែលលាតសន្ធឹងក្រោមមេឃស្រកានាគ និងក្រោមរស្មីថ្លាត្រចះនៃព្រះសុរិយា។
នៅក្នុងទឹកថ្លាខ្យង កុកចុះរកស៊ីសព្រាតទាំងហ្វូងៗ និងមានគ្រួសារ ឬចង្កៀលខ្យង ដើរគូៗវា។ ឆ្ងាយពីទីនោះបន្តិចទៅហ្វូងប្រវឹកហែលប្រដេញគ្នាតាមគុម្ពវល្លិវារីជាតិ។ ឯពូកអ្នកស្ទូងដែលស្លៀកពាក់ខ្មៅ ហើយប្រឡាក់ភក់ស្រមកបាននាំគ្នាងើបមើលខ្សែរទេះភ្លើងធ្វើភ្នែកស្លឹង។
ពូកសិស្សវិទ្យាល័យដែលត្រូវបានឈប់សម្រាកពីរខែ បានស្រុះគ្នាធ្វើដំណើរត្រឡប់ចូលទៅក្រុងបាត់ដំបង់វិញ ដោយអ៊ឹកធឹក៖ ខ្លះផ្លុំគែន ខ្លះទះដៃ ខ្លះទន្ទ្រាំក្តារបន្ទះ ហើយខ្លះច្រៀងទំនុកបារាំង ដែលគេធ្លាប់ឮអ្នកលេងកុនឈ្មោះទីណូរូសស៊ីច្រៀង។ក្មេងមួយនាក់ឈ្មោះបូណា ចេះប្រសប់យ៉ាងចំឡែកខាងធ្វើត្រាប់សម្តី និងកិរិយានៃគ្រូអាចារ្យ ដែលជាហេតុបណ្តាលឲ្យសំណើចផ្ទុះឡើងឮទ្រហឹងអឺងអាប់។ យុវជនខ្លះទៀតដែលមានឫកពាជាអ្នកសុភាពរម្យទម ឈរនៅមាត់បង្អួចមើលសត្វហើរមនុស្សខ្លះធ្វើការ និងទេសភាពនានា ហើយមានទឹកមុខរីកថ្លាហាក់ដូចជាមានជួបនឹងមិត្រភក្តិ។
វ៉ាកងធំ! អ្នកទាំងឡាយគង់ជ្រាបស្រាប់ហើយ នូវកម្លាំងនៃសេចក្តីសប្បាយដែលពង្រីកទ្រូង នៃយុវជនលាសាលារៀន នៅពេលដែលចំពើបលើ ឈប់ពីរខែ វ៉ាកងធំ! ឈប់ពីរខែ! ពាក្យចម្លែកអស្ចារ្យដែលបើកទ្វារជើងមេឃធំ ទូលាយទៅខាងមុខបាន។បក្សាដែលគេបង្ខាំងនៅក្នុងទ្រូង ហើយបើគេបើកទ្វារលែងទៅ មានសេចក្តីត្រេកអរ យ៉ាងណាមិញក្មេងសិស្សទាំងឡាយក៏សប្បាយយ៉ាងនោះដែល។ ខ្លួនគេដូចជាស្រាលចង់រសាត់អណ្តែតទៅតាមអាកាស កិរិយាគេដូចជាមនុស្សស្រវឹង គឺស្រវឹងនឹងសេរីភាព! ឈប់ពីរខែ! គេមិនដែលឃើញសប្បាយអ្វីបានយូរដល់ម្ល៉េះទេ។គេរួចពីចំណងការរៀនសូត្រ ដែលត្រូវបំពេញរាល់ថ្ងៃជាអចិន្ត្រៃយ៍។លាហើយសៀវភៅធំៗដ៏មានវិជ្ជាពិបាក ឡើងងងឹតមុខ! លាហើយសម្លេងគ្រូអាចារ្យដែលបង្ខិតបង្ខំស្តីបន្ទោស លាហើយគ្រែដំណេកដែលមានសង្កើចពាសពេញ! លាហើយកន្លែងទទួលភោជនាហារដែលធំក្លិនឆ្អាបៗជាប់នឹងច្រមុះ! លាហើយពួកម៉ាកដែលធ្លាប់ស្រឡាញ់គ្នា ដែលខំប្រកួតប្រណាំងគ្នា…លាហើយ! លាហើយ! លាហើយ! គេនឹងទៅជួបជុំឪពុកម្តាយ បងប្អូនញាតិសន្តាន។គេនឹងបានដេកអស់ពេលតាមចំណង់ បរិភោគតាមឃ្លាន ដើរលេងតាមកំសាន្ត។ឈប់ពីរខែ ជយោ!
ក្នុងចំណោមជនដែលកំពុងត្រេកត្រអាលយ៉ាងនេះ! អ្នកទាំងឡាយគ្មាននឹកនាថានឹងមាននរណាធ្វើមុខជូរ កើតទុក្ខបានឡើយ។តែបើសម្លឹងគយគន់ឲ្យហ្មត់ចត់ទៅ ក៏នឹងឃើញកុមារម្នាក់ដែលមានរូបរាងដូចជាចៅចិន មានអាយុប្រហែល១៨ឆ្នាំ មុខរាហ៍ សម្បុរជ្រះ ទឹកមុខស្ងប់ស្រពោននៅក្នុងយានតែម្នាក់ឯង។ឯសក់សំពោង ដែលអណ្តែតសំផុរទៅដោយល្បឿនខ្យល់ និងខោអាវសៗ កាត់តាមនិយមអឺរ៉ុប ដែលមានប្រឡាក់ពាសពេញ សម្តែងឲ្យឃើញថា អ្នកកម្លោះមានទុក្ខជាទម្ងន់។
ស្ថានីយអូរស្រឡៅ! ក្មេងនោះក្រោកឈរឡើង ហើយអើតតាមបង្អួចមើលទៅខាងកើត។ក្នុងគ្រានោះ អារម្មណ៍ផ្សេងៗក៏ស្ទុះមកបបោសអង្អែលព្រលឹងនាយកម្លោះ មានសភាពដូចជាវាយោររហៀកៗដែលតែងរំហើយរាត្រីនៃរដូវក្តៅ។ឱវាលស្រែនេះ! ជួរដងអូរនេះ! ឱ! ត្រដោកហ្វូងគោក្របីដែលស៊ីស្មៅព្រាតនោះ! ខ្លួនបានធ្លាប់ស្គាល់ ធ្លាប់ប្រទះ តែទោះយ៉ាងណាក៏ដោយ ខ្លួនមិនចេះចិនឆ្អន់សោះ នៅមានសេចក្តីប្រតិព័ទ្ធដូចមិត្រសម្លាញ់ជានិច្ច។
កុមារគិតក្នុងចិន្តាថា៖ ឱភូមិកំណើតអើយ! នៅកំបាំងតែដងអូរពីរសង្កាត់ប៉ុណ្ណោះ ក៏នឹងដល់ហើយ! ។
រទេះភ្លើងបានចាប់បរទៅទៀត។ពួកកូនសិស្សក៏នាំគ្នារៀបហឹបរៀបអីវ៉ាន់ ព្រោះនៅតែ១៥គីឡូទៀតនឹងដល់ផ្ទះហើយ។ មានខ្លះដែលជាអ្នកផ្ចិតផ្ចង់ខាងរាងកាយបានចូលទៅក្នុងបន្ទប់ទឹកដើម្បីលាងមុខ សិតសក់ សម្រួលមួកលើក្បាល ទាញខ្សែក្រវ៉ាត់ហើយដកវ៉ែនតាខ្មៅមកពាក់។
ប៊ុន-ធឿន គឺជានាមនៃកុមារដែលមានមុខក្រៀមក្រំ ដកសំបុត្ររទេះភ្លើងមកកាន់នៅដៃ ហើយទាញវ៉ាលីស្បែកដែលសឹកដាច់ដោយដំណើរញយៗមកដាក់ខាងមុខខ្លួន។ នៅពេលដែលបានជិតមកដល់ក្រុងជាទីស្នេហាបំផុត អ្នកដំណើរនេះក៏ហាក់ដូចជាឮសូរបេះដូងខ្លួន យោលរឹតតែញឹកញាប់ឡើង។
ផុតដំណាក់អូរដំបងហើយ…ឆ្លងស្ពានដែក…ឈប់បន្តិចនៅជិតវត្តកណ្តឹង… ផ្លូវរទេះភ្លើងកោងវាងទៅខាងវាលស្រែ ត្រើយខាងឆ្វេងនៃស្ទឹងសង្កែ។គុកក៏ត្រដាងជញ្ជាំងប្រផេះ…ផ្ទះនិងរោងជំនាងផ្សេងៗ នៃក្រុមរទេះល្បឿនយន្តថយ…ថយ ស្ថានីយ! មនុស្សខ្មៅមីរនៅចាំទៅនោះ ។អ្នកដំណើរទាំងអស់គ្នាក្រោកស្រឈរមើល។ហ្វ្រាំងស្រែក រថភ្លើងក៏ឈប់ទន្ទឹមនឹងស្ថានីយ៖ ខ្លះស្រែកហៅ ខ្លះសើច ខ្លះនិយាយកោកកាក អ្នកដំណើរប្រជ្រៀតគ្នាដើម្បីចុះពីលើយានព្រោងព្រាត។
ប៊ុន-ធឿនទាញមួកមកពាក់ កញ្ជក់វ៉ាលីរបស់ខ្លួនមកកាន់ ចាប់ដៃពួកម៉ាកពីរបី នាក់ ហើយក៏ញែកពពួកមនុស្សដើរតម្រង់ទៅអ្នកចាំទ្វារ។ ដល់ហើយក៏បង្ហាញសំបុត្រខ្លួនឲ្យគេកត់សម្គាល់ រួចក៏ឡើងជិះក្នុងរ៉ឺម៉កមួយ ទើបនិយាយប្រាប់អ្នកដែលធាក់ថា៖ ជូនខ្ញុំទៅកំពង់ព្រះ។
ថ្នល់ពីក្រុងបាត់ដំបងទៅភូមិកំពង់ព្រះ ជាផ្លូវអាណានិគមទី១(ផ្លូវជាតិលេខ៥)ដែលជាគមនាគមន៍ ឆ្ពោះទៅកាន់ក្រុងភ្នំពេញ ថ្នល់នេះចាក់ជ័រស្អាតរាបធេង។
រ៉ឺម៉កដែលប៊ុន-ធឿនជិះមិនយូរប៉ុន្មានក៏រត់ផុតគេហដ្ឋានអ្នកស្រុកក្រុងអស់។ មាគ៌ានេះមិនសូវស្ងាត់ទេ គេតែងជួបនឹងរទេះគោ អ្នកថ្មើរជើង អ្នកជិះចក្រយានទៅមក តែដោយប៊ុន-ធឿនធ្លាប់ឮសូរសម្រែករទេះភ្លើង ឮសម្តីពួកម៉ាកពីមុនមកថ្នល់នេះ ក៏ហាក់ដូចជាមានសភាពស្រងេះស្រងោច រឹងរឹតតែធ្វើឲ្យអ្នកដំណើរយើងខ្លោចផ្សាក្នុងចិត្តពេកក្រៃ។ ទុក្ខដែលក្រាបងំកាលដែលជិះរទេះភ្លើង ឥឡូវក៏បែរទៅជាជោរជន់ដល់បំពង់ក។
ប៊ុន-ធឿនលូកយកសំបុត្រដែលនាងសោភ័ណជាប្អូនបង្កើត បានផ្ញើទៅឲ្យនៅថ្ងៃមុនដែលខ្លួនចេញពីក្រុងភ្នំពេញមកមើលឡើងជាថ្មីម្តងទៀត។ សារនោះមានសេចក្តីថា៖
អ្នកបង! ខ្ញុំមិនហ៊ានលាក់ មិនប្រាប់អ្នកបងពីរឿងយើងមានគ្រោះថ្នាក់ ទុក្ខភ័យយូរទៅទេ ក្រែងបងនិន្ទាថាប្អូនធ្វេសប្រហែស។
បងគង់បានជ្រាបតាមសំបុត្រខ្ញុំពីថ្ងៃមុនៗ មកស្រាប់ហើយថាលោកឪពុកយើងគាត់បានផ្ទុកនូវស្រូវនឹងទូកប៉ុកចាយមួយចំណុះ មួយហ្មឺនថាំង ដើម្បីនឹងនាំចុះទៅក្នុងក្រុងព្រៃនគរតាមផ្លួវទន្លេសាប។ខ្ញុំទើបដំណឹងច្បាស់ថា ទូកស្រូវនោះ ឥឡូវត្រូវខ្យល់ព្យុះបោកលិចកណ្តាលទន្លេទៅហើយ គេគ្មានសង្ឃឹមថា នឹងស្រង់យកស្រូវបានវិញខ្លះទេ។មុខតែខាតធំហើយគ្រានេះ។
ប៊ុន-ធឿនកាលបើនឹកឃើញសេចក្តីសំបុត្រនេះហើយ ក៏សែនតក់ស្លុតក្នុងស្មារតី។សេចក្តីបំណងដែលខ្លួនបានគិតទុកទាំងអម្បាលម៉ាន ក៏រលាយដូចជាអំបិលត្រូវទឹក។ឱអញអើយ! ម្ល៉េះសមនឹងត្រូវចាកចេញចោលវិទ្យាល័យ ដើម្បីនឹងមកជួយកម្លាំងឪពុកម្តាយវិញ។
ឪពុកម្តាយប៊ុន-ធឿនដែលមានធនធានបន្តិចបន្តួច បានខំត្រដេត្រដរប្រមូលប្រាក់យកទៅទិញស្រូវដាក់ទូកទៅលក់ ហើយថែមទាំងមានចងការប្រាក់គេខ្លះផង។បើប្រសិនជាគាត់លក់ទ្រព្យរបស់ ដីស្រែខ្លះទៅ ដើម្បីនឹងសងជំពាក់គេ ក៏មុខជាមិនសេសសល់ប៉ុន្មានឡើយ។
ឱគំនិតដែលតែងធ្វើឲ្យស្រម៉ៃឃើញខ្លួនទៅរៀនឯប្រទេសក្រៅ ឲ្យបានជ្រៅជ្រះ ឱ! ពាក្យដែលសច្ចាថា ប្រុងនឹងចិញ្ចឹមគូសង្សារឲ្យបានសុខសាន្ត ឱឪពុកម្តាយអើយ ខ្ញុំសែនលំបាក!…
អន្លង់វិល ជ្រនីក ស្វាយកង់…រ៉ឺម៉ករត់កាត់ភូមិដែលរាយនៅតាមថ្នល់ ហើយដែលមាននាមជាប់ក្លិនដីក្រអូបឈួល។ប៊ុន-ធឿនមិនបានគយគន់មើលសោះទេ ព្រោះចិត្តនៅជំពាក់ខ្វល់តែនឹងសេចក្តីតោកយ៉ាកមួយមុខប៉ុណ្ណោះ៕

រឿងផ្កាស្រពោនភាគទី២

រាត្រីស្ងាត់។ពន្លឺអគ្គិសនីដែលបំភ្លឺផ្លូវធ្លា ចោលរន្ទះពណ៌មាសទៅក្នុងទឹកពណ៌ខ្មៅនៃស្ទឹងសង្កែ ដែលហូរត្រកួញខ្មាញ់។
ម៉ោង១០យប់ហើយ។នៅត្រើយខាងកើត ចង្រិតយំមួយៗ ហើយយូរៗម្តងមានរ៉ឺម៉ករត់រោឆ្លងស្ពានដែក ដឹកនាំអ្នកដែលត្រឡប់មកពីអាស្រ័យបបរសាមចូក នៅទីផ្សារវិលទៅកាន់ភូមិស្ថានវិញ។
នៅតាមមាត់កំពង់ដែលមានជួរដើមអំពិលធំៗត្រឈឹងត្រឈៃជាលម្អ ពួកក្មេងកម្លោះតែងមកប្រជុំគ្នានៅអង្គុយលើរានតូចៗ ដើម្បីយករំហើយ ហើយនិយាយកំសាន្តរទូៗ។
នៅភូមិវត្តពោធិក្នុង ត្រង់កំពង់ចម្លងឆ្ពោះទៅសាលារៀន ក៏មានកូនរានមួយជ្រកក្រោមអំពិលផ្អែមមួយដើមដែរ។ តែដោយភូមិនេះពុំមានក្មេងកម្លោះដូចភូមិឯទៀត កូនរាននេះក៏នៅទំនេរ ឥតមាននរណាមកអ៊ូអែឡើយ។
នៅយប់ដែលយើងដំណាលរឿងនេះ បើប្រសិនជាមានអ្នកដំណើរណាមួយមកឈប់អង្គុយលេងលើរានអំពិលផ្អែម គេនឹងឮសម្លេងនារីពីរោះក្រអៅអណ្តែតចេញមកល្វើយៗ ពីផ្ទះមួយដែលមានព្រឹក្សាដុះគ្របជុំវិញ។ឱសម្លេងអើយ ដែលរសាត់មកតាមវាយោជាមួយនឹងពិដោរក្រអូបត្រជាក់នៃផ្កាម្លិះ និងកុលាប! ឱសំឡេងអើយ ថ្លាដូចចរណៃគួរឲ្យពិសម័យដល់ម្ចាស់សម្លេងនោះពន់ប្រមាណ។
អ្នកដំណើរ កាលបើបានស្តាប់សម្លេងនេះហើយ ក៏មិនងាយនឹងដកខ្លួនចេញពីរាននោះរួចទេ ព្រោះកម្រណាស់នឹងមានសំណាងបានស្តាប់សម្លេងដែលមានឱជារសយ៉ាងនេះឡើយ!
បើប្រសិនជាអ្នកដំណើរនោះឆ្ពោះវង់ភ័ក្ត្រមើលត្រង់ទៅខាងកើត ក៏នឹងឃើញពន្លឺចង្កៀងចាំងចេញតាមប្រឡោះស្លឹករុក្ខជាតិ ហើយនឹងឃើញមានផ្លូវមួយក្រាលឥដ្ឋ នាំជំហានទៅដល់ជណ្តើរនៃគេហដ្ឋានមួយដែលសង់ជារោងដោយដំបូលប្រក់ក្បឿង ជញ្ជាំងក្តារឥតលាបថ្នាំ ដែលប្រែសម្បុរទៅជាប្រផេះដោយត្រូវភ្លៀង និងត្រូវពន្លឺថ្ងៃ។នៅយ៉ខាងមុខដែលភ្ជាប់នឹងរានហាល មានសង់ហោណាំងមួយ ប្រក់សង្កសីនឹងមានបន្ទះឈើជាចំរឹងព័ទ្ធពីខាងមុខ។ នៅទីនោះមានក្តារងឿងមួយធ្វើពីខ្លឹមក្រកោះខ្មៅរលើប។ អ្នកម្ចាស់ផ្ទះ មុននឹងបិទទ្វារដេក តែងមកសន្ធឹងយករំហើយនៅកន្លែងនេះ។
គេហដ្ឋានដ៏មានរបងស្តុកស្តម្ភ តែងស្ងាត់ជ្រងំដោយមានតែមនុស្សស្រីបីនាក់ស្ថិតនៅ។
យាយនួនមានអាយុ៥០ឆ្នាំប្លាយហើយ សក់ស្កូវមួយៗ ហើយកោរខ្លី ដោយគាត់កាន់ឧបោសថមិនដែលខានឡើយ។ នេត្រគាត់ដែលមានពន្លឺថ្លាយង់ ហើយជ្រកនៅក្នុងរូងព្រមទាំងរង្វង់ថ្គាមមាំ យ៉ាងរឹងប៉ឹង សម្តែងឲ្យយល់ថា ស្ត្រីនេះជាអ្នកចិត្តរឹងរូសមានៈណាស់។ បើគំនិតគាត់បែរទៅចាប់អ្វីហើយ គ្មាននរណាងាយនឹងដកគំនិតនោះយកមកបានទេ។ តាំងតែប្តីគាត់ស្លាប់ចោលទៅកាលណា គាត់លះបង់ជំនួញជួញប្រែទាំងអស់។គាត់ខំតែការពារធនធានដែលមានទាំងប៉ុន្មាន ទុកឲ្យកូនស្រីគាត់ដែលគាត់មានសេចក្តីប្រតិព័ទ្ធលើសលប់ជាងអ្វីៗទាំងអស់។
នាងវិធាវីជាបុត្រីយាយនួន។នាងចម្រើនវ័យបាន១៧ឆ្នាំហើយ។ នាងមានរូបឆោមលោមពណ៌ស្រស់ចំប្រប់ រាងរៀវទន់ភ្លន់ មុខមូលវែង ហើយទុកសក់ប្រះស្មាខ្មៅញាប់។នាងជាអ្នកសុភាព ស្តាប់ដំបូន្មានម្តាយនាងជាដរាប។កាលដែលនៅពីតូច នាងបានទៅរៀនអក្សរនៅសាលាវត្តពោធិវាល។គ្រូនាងតែងសរសើរពីប្រាជ្ញារបស់នាង។ លុះនាងបានពេញជំទង់ហើយ ម្តាយនាងឲ្យឈប់រៀន។ដូច្នេះនាងក៏នៅកាន់កាប់ការតែក្នុងផ្ទះទៅ តែបើមានពេលទំនេរនាងតែងទៅសិក្សារៀនភាសាសៀម និងរៀនប៉ាក់ជុលជាមួយគ្រូស្រីម្នាក់ ដែលនៅជិតផ្ទះនាង។មិនប៉ុន្មានខែក្រោយមក នាងក៏ចេះមើលសៀវភៅរឿងសៀមបាន។ឯបង្អួចផ្ទះ ស្រោមខ្នើយសោត ក៏មានក្បាច់ភ្ញីលម្អឡើងដោយស្នាដៃនាងក្នុងការអញ្ជុល។
អ្នកផ្ទះទីបីគឺយាយផៃ។ គាត់បាននៅបម្រើគ្រួសារយាយនួននេះតាំងតែពីមុនសម័យដែលនាងវិធាវីមកចាប់បដិសន្ធិ។ គាត់មានអាយុចាស់ជាងយាយនួនទៅទៀត ស្បែកគាត់ក៏សឹងស្វិតជ្រីវ សក់គាត់ក៏សឹងស្កូវស្ទើរគ្មានសល់មួយសរសៃទៅហើយ។ នាងវិធាវីតែងរាប់អានគាត់ដូចជាសាច់ញាតិពេញទី។មួយទៀត យាយផៃគាត់ក៏មិនចង់ដើរទៅណាឡើយ ព្រោះគាត់ធ្លាប់បីបមនាងវិធាវី ហើយធ្លាប់ស្រឡាញ់តាំងតែពីកូនង៉ាមក។គាត់ហៅយុវតីនេះថា នាងតូចៗដូច្នេះ។
នៅយប់ដែលយើងពណ៌នានេះ យាយនួនគាត់មានកង្វល់ក្នុងចិត្ត ហើយគាត់បានបបួលកូនគាត់ ឲ្យមើលក្រាំងព្រះលក្សិណវង្សគ្រាន់កែអផ្សុក។
នៅពេលនោះ ចង្កៀងធូបមួយអុជដាក់ចម្រើនលើក្បាលដំណេកនៃនាងវិធាវី។នារីនេះស្លៀកសំពត់ខ្មៅ ពាក់អាវព្រែសាច់ម៉ដ្ឋពណ៌កុលាប ហើយបើកាលណានាងយារដៃឆ្វេងបើកសន្លឹកក្រាំងម្តងៗឡើង ចិញ្ចៀនពេជ្រទាំងគ្រាប់ត្បូងមួយ ដែលជាគ្រឿងលម្អនៃដៃនាងដ៏ដេញភ្លើងភ្លឺព្រោងព្រាយ។ នាងអានរឿងព្រះលក្សិណវង្សធ្វើបទបញ្ចេញសម្លេងមូលក្រឳពីរោះឥតឧបមា។ គឺសម្លេងនេះហើយ ដែលអ្នកដំណើរបានស្តាប់ឮល្វើយៗពីធ្លាមាត់កំពង់។
ពេលនេះយាយនួនមានមុខស្ងួត ដេកនៅស្ងៀមអែបនៅកៀនបុត្រីគាត់។ឯភ្នែកគាត់សម្លឹងដោតពិដានខ្ជាប់ធ្វើឲ្យយល់ថា វិញ្ញាណស្ត្រីនេះអណ្តែតអណ្តូងទៅក្នុងគំនិតមួយ ដែលមានសណ្ឋានកណ្តាញ់ចាក់ស្រែះដូចអំបោះដែលសំផុរហើយរកដើម រកចុងមិនឃើញជាពុំខាន។
ចំណែកយាយផៃវិញ គាត់អង្គុយត្របោមជង្គង់ ខ្នងផ្អែកនាជញ្ជាំង ហើយស្តាប់ធ្វើមាត់ប្រហើរ។ លុះមើលដល់ត្រង់ព្រះលក្សិណវង្សជឿតាមពាក្យក្លែងនាងយីស៊ុន ហើយប្រើពេជ្ឈឃាតយកចៅព្រាហ្មណ៍ទៅសម្លាប់ យាយផៃគាត់ជូតទឹកភ្នែកយ៉ាងញឹកញាប់។ លុះដល់គេបណ្តើរឲ្យនាងព្រាហ្មណ៍កេសរស្រែកអាក្រោសតាមផ្សារ យាយផៃគាត់ខឹងខ្លាំងណាស់ទប់មិនក៏ស្ទុះក្រោកឈរឡើងហើយស្រែកថា៖
  • អញថាហើយ!…ថាកុំឲ្យមកតាម…ប្រុសឥឡូវតែយ៉ាងនេះឯង! បានថ្មីចោលចាស់ ឥតពិគ្រោះពិចារណាទេ!
ឮសម្តីនេះហើយ នាងវិធាវីដែលកំពុងជក់តាមរឿង ក៏បែរភ័ក្ត្រមកមើលឃើញយាយផៃគាត់ស្ទុះក្រញេងក្រញាងដូច្នោះ នាងក៏ញញឹមសើចបញ្ចេញធ្មេញថ្លាដូចផ្កាម្លិះ ហើយសួរទៅដោយសម្តីផ្អែមថា៖
  • អីម៉េច ម៉ែផៃ!
ស្ត្រីនេះកាលបើឮសម្តីនេះហើយ ក៏ភ្ញាក់ភ្ញារដឹងខ្លួនដូចគេទើបក្រោកពីដេក។នៅស្រឡាំងកាំងមួយសន្ទុះ ទើបឆ្លើយតបថា៖
  • អត់ទោសឲ្យខ្ញុំចុះនាងតូច ខ្ញុំខឹងណាស់ ខឹងនឹងមនុស្សដែលធ្វើការអ្វីមិនមានពិចារណារករាក់ជ្រៅ វែងឆ្ងាយសោះ។
យាយនួនលុះឮវាចា យាយផៃថាដូច្នេះ ក៏ភ្ញាក់ខ្លួនព្រើតស្ទុះក្រោកអង្គុយឡើង ហើយនិយាយថា៖
  • អាវីកូន មើលប៉ុណ្ណឹងចុះ យប់ក្រែលល្មមរកដេកពួនហើយ។កុំភ្លេចថា យើងត្រូវក្រោកពីព្រឹកនឹងរកធ្វើការធ្វើងារនឹងគេ។
នាងវិធាវីឮហើយ ក៏ម្នីម្នាក្រោកអង្គុយ យកដៃក្បឹតសក់បិទក្រាំង ហើយកាន់ចង្កៀងចូលទៅខាងក្នុង។យាយផៃគាត់ក៏ជញ្ជូនប្រអប់ស្លា និងផ្តិលដែលនៅរាយខាងក្រៅដាក់ទៅខាងក្នុងផ្ទះដែរ។
បន្តិចក្រោយមក គន្លឹះទ្វារក៏ស្រែកគ្រាំងៗ។នាងវិធាវីផ្លុំភ្លើងពន្លត់ ហើយប្រវាមចូលទៅនិទ្រា ប្របនឹងមាតានាង។
  • អាវី កូនឯងងងុយដេកហើយឬនៅ?
  • នៅទេម៉ែ តើម៉ែមានការអ្វី?
  • គ្មានការអ្វីធំដុំទេ ម៉ែចង់និយាយនឹងឯងបន្តិច។ឯងស្គាល់ប៊ុន-ធឿនឬទេ?
នាងវិធាវីកាលបើឮឈ្មោះបុរសនេះឡើង ក៏ព្រឺព្រួចសប្បាយមួយសន្ទុះ។ តែលុះនឹងឃើញផ្សេងៗក៏មានអារម្មណ៍ភ័យតក់ស្លុតទៅវិញ ដោយមានបារម្ភក្រែងមានគ្រោះកាចយ៉ាងណាមកបៀតបៀនដល់មិត្រនាងក៏មិនដឹង។ នាងខំសង្កត់វិតក្កហើយឆ្លើយថា៖
  • ម៉ែ! ខ្ញុំមិនភ្លេចទេ ពីដើមបងធឿនគាត់តែងនាំខ្ញុំលេងបាយឡុកបាយឡ។
  • អើឯងដឹងរឿងប៊ុន-ធឿននេះ! កាលពីឪពុកឯងគេនៅរស់ គេរាប់អានគ្រួសារប៊ុន-ធឿននេះណាស់។ឪពុកឯងនិងចិកប៊ុន-ថន ឪពុកប៊ុន-ធឿននេះជាក្លើម្រាក់ចិត្តមួយនឹងគ្នា រកស៊ីមានបានជាមួយគ្នាហើយ…(ត្រង់នេះយាយនួនគាត់ឈប់អាក់មួយសន្ទុះ ហាក់ដូចជារកពាក្យនិយាយគ្មាន)…ហើយបាននិយាយផ្តែផ្តាំទុកដាក់ឯងនេះជាគូនឹងប៊ុន-ធឿន ដល់កាលណាចៅប៊ុន ធឿនជាប់ឌីប្លូម។បានជាឪពុកឯងហ៊ានប្តេជ្ញាយ៉ាងនេះ ព្រោះសម្លឹងឃើញចិកប៊ុន-ថន មានទ្រព្យធនធានល្មមចែកកូនគេឲ្យស្គាល់តែសេចក្តីសុខបាន។ឥឡូវនេះកូន ម៉ែពិបាកចិត្តពេក ចិកប៊ុន-ថនធ្លាក់ក្រដាបខ្លាំងណាស់ទៅហើយ…។
  • ឱពុទ្ធោ! ខ្ញុំអាណិតណាស់!
យាយនួនធ្វើហាក់ដូចជាមិនឮសម្តីបុត្រីគាត់ ហើយក៏ចរចា ទៅទៀតថា៖
  • ពីឆ្នាំមុនៗនេះចិកប៊ុន-ថនគាត់ជួញស្រូវចេះតែខាតសម្បត្តិ គាត់ចេះតែរបេះទៅៗ។ នៅក្នុងរដូវវស្សានេះគាត់បានខ្ចីប្រាំងបាំង(ធនាគារ)ចំនួន១០.០០០រៀល ទិញស្រូវផ្ទុកទូកប៉ុកចាយមួយ ដឹកចុះទៅព្រៃនគរតាមទន្លេសាប។ឥឡូវនេះកូនអើយ មានព្យុះបោកទូកនោះធ្លាយលិចកណ្តាលទន្លេហើយ…។
កន្ទុយពាក្យយាយនួន រលាយសូន្យក្នុងផែនស្ងប់ស្ងៀមនៃរាត្រី។
នាងវិធាវីសែនខ្លោចផ្សាក្នុងចិត្ត ដោយនឹកអាណិតប៊ុន-ធឿន។បើប្រសិនណាជានាងមានធនធានជាកម្មសិទ្ធិខ្លួនឯងវិញ ម្ល៉េះសមនាងរត់ទៅជួយគ្រួសារដែលរងគ្រោះនេះឲ្យផុតពីសេចក្តីទោសទុក្ខ…បើនឹងសម្លឹងទៅចិត្តម៉ែខ្លួន?…នាងក៏គ្មានរំពឹងសោះឡើយ។
យូរបន្តិចមក យាយនួននិយាយខ្សាវៗទៅទៀតថា៖
  • ទ្រព្យសម្បត្តិឪពុកប៊ុន-ធឿនរលាយអស់រលីងហើយ។ គ្រឿងមាសប្រាក់កែវកង និងស្រែភ្លឺមើលទៅក៏លក់បញ្ចាំគ្មានសល់ ដើម្បីយកប្រាក់សងបាំង និងសងគេអ្នកដទៃឯទៀតផង។អស់រលីងហើយ មុខតែវេទនាពុំខាន! ម៉ែមិនដឹងគិតធ្វើដូចម្តេចទេ។នែ៎កូន អញមានចិត្តគិតឯងយ៉ាងបំផុត ប្រាក់កាសអញមិនមានក្រាស់ក្រែលប៉ុន្មានទេ ល្មមគ្រាន់តែទុកឲ្យឯងមិនព្រួយលំបាកទៅថ្ងៃក្រោយប៉ុណ្ណោះ។ឥឡូវប៊ុន-ធឿនក្រហើយ។
  • ម៉ែមានប្រសាសន៍យ៉ាងនេះមិនត្រូវទេ បងធឿនធ្លាក់ខ្លួនក្រខាងទ្រព្យធនមែនពិតតែគេនៅមានសម្បត្តិមួយយ៉ាងទៀតប្រពៃណាស់ គឺចំណេះវិជ្ជា។កាលបើកាលណាគេប្រឡងជាប់ឌីប្លូមហើយ…
ត្រង់នេះយាយនួនគាត់នឹកក្នាញ់នឹងសម្តីកូនគាត់ពេក គាត់ក៏បញ្ចប់សេចក្តីដោយពាក្យចំអកទៅវិញថា៖
  • គេដើរលេងប៉ោឡែប៉ោឡោ គេផឹកស្រាស្រវឹងងុល គេដើរចោលប្រពន្ធកូនទុកឲ្យដេកត្រាំទឹកភ្នែកនៅផ្ទះ!
  • ម៉ែខ្ញុំស្គាល់ចិត្តប៊ុន-ធឿនតាំងពីតូចដូចគ្នាមក។គាត់មិនមែនជាមនុស្សខូចកាចដូចម៉ែថានោះទេ។
  • នរណាដឹង? នរណាមើលធ្លុះ? ម៉ែយល់គំនិតកូនឯងអស់ហើយ។កូនឯងនេះមានគំនិតចង់ពឹងផ្អែកទៅលើប្រាក់ខែថីឌីប្លូម!
  • សាមសិបប្លាយរៀល! ធ្វើដូចម្តេចក៏ស៊ីមិនគ្រាន់ដែរ។នេះថាគ្មានជំពាក់ឆ្វាក់អីផង។ បើប្រសិនជាមានជាប់ជំពាក់គេទៀត កូនឯងមុខជាតោកយ៉ាកពុំខាន។ទ្រព្យអ្វីដែលម៉ែនឹងចែកឲ្យកូនទាំងប៉ុន្មានទៅ មុខជាប្តីឯងយកទៅសងបំណុលគេអស់។ ឱកូនអើយ! ជឿម៉ែចុះ ក្នុងលោកនេះ បើមានសម្បត្តិហើយ សេចក្តីទុក្ខសោកនានាឥតមកបៀតបៀនបានឡើយ។ ម៉ែយល់ថា ប៊ុន-ធឿនជាមនុស្សមានកម្មវេរាក្រាស់ក្រៃ មិនមែនជាគូគ្រងរបស់កូនឯងទេ។ដូច្នោះហើយ បានជាទេវតាដែលចាំរក្សាកូនឯង លោកនាំបង្កើតហេតុភេទឲ្យឃើញថា កូនឯងនេះគ្មានចំណងនិស្ស័យនឹងប៊ុន-ធឿនសោះទេ។
យាយនួនគាត់ឈប់មួយលើក ឯនាងវិធាវីក៏នៅស្ងៀមឡឹនឡង់។មួយស្របក់ក្រោយមក ទើបគេឮមាត់ម្តាយនាងនិយាយតទៅទៀត៖
  • កូនអើយ ឯងកុំអាក់អន់ថ្វី ចូរនាងរក្សាចិត្តនាងឲ្យនឹងនរ បំភ្លេចចោលប៊ុន ធឿន ចោលទៅ។ដល់ថ្ងៃក្រោយទៅ លុះនាងបានប្រកបដោយតែសុវត្ថិភាព និងសុភមង្គល នាងនឹងនឹកឃើញថា ម៉ែគាត់និយាយត្រូវមែន។
ក្នុងវេលានោះ គេឮសូរសម្លេងស្អកនាឡិកាវាយម៉ោង១២អាធ្រាត្រ។យាយនួនគាត់នៅស្ងៀមលែងស្តី គាត់ប្រែខ្លួនទៅម្ខាង ហើយនិន្ទ្រាលក់ទៅ។
នាងវិធាវីខ្សឹកខ្សួលអន់អួលទឹកនេត្រាហូរល្ហែងស្រប់អស់ភ័ក្ត្រ។នាងគិតឃើញថា ម្តាយនាងនិយាយខុសទាស់ច្រើនកន្លែងណាស់។តែនាងជាយុវតីមួយ ដែលធ្លាប់ស្តាប់បង្គាប់ម្តាយជានិច្ចនិរន្តន៍ នាងមិនដែលហ៊ានតបវាចាឆ្លងឆ្លើយនឹងម្តាយនាងដោយរឹងត្អឹងឡើយ។ មួយវិញទៀតនាងមានខ្មាសច្រើន។ បើកាលណាឮគេនិយាយពីគូស្រករឡើង ខេមរកញ្ញាយើងជាធម្មតាតែងតែនៅស្ងៀមមិនចរចាទេ ទោះត្រូវចិត្តឬមិនត្រូវចិត្តក៏ដោយ។
ប៊ុន-ធឿន! នាងស្រមៃឃើញមុខកម្លោះនេះនៅពីមុខភ្នែកនាង។នាងគេងជញ្ជឹងគិត កាលពីកុមារតូចៗតែងលេងជាមួយគ្នា។នាងនឹកឃើញថា កាលដែលប៊ុន-ធឿនមកលានាងទៅប្រឡងឯភ្នំពេញ ហើយយប់ៗឡើងនាងតែងអុជធូបបូជាទេវតា សុំឲ្យបងប៊ុន-ធឿនបានសម្រេចក្នុងការប្រឡងនេះ។ នាងនឹកឃើញកាលដែលប៊ុន-ធឿនត្រឡប់មកពីក្រុងភ្នំពេញវិញ ហើយមានទឹកមុខរីករាយដោយមានជ័យជំនះក្នុងការរៀនសូត្រ។ នាងនឹកឃើញកាលដែលប៊ុន-ធឿននិទានរឿង” ប៉ូល និងវៀហ្ស៊ីនី “ប្រាប់នាង។ថ្ងៃនោះឯង នាងបានហៅសំឡាញ់នាងជាល្បែងថា បងប៉ូលៗ។ប៊ុន-ធឿនក៏ឆ្លើយហៅ នាងថា អូនវៀហ្ស៊ីនីវិញ។ នាងនឹកដល់កាលដែលប៊ុន-ធឿនជិតឡើងរថយន្តចាកចេញទៅរៀនឯក្រុងភ្នំពេញ។ ថ្ងៃនោះប៊ុន-ធឿន បានខ្សឹបនឹងនាងថា៖
  • អូន! បួនឆ្នាំទៀត យើងនឹងជួបគ្នាលែងឃ្លាតហើយ។
នាងវិធាវីកន្ទក់កន្ទេញទោម្នេញ និន្ទ្រាមិនលក់ ចេះតែប្រែបម្រះខ្លួន ហាក់ដូចជាពួកកន្ទេលនាងក្លាយទៅជារងើកភ្លើង។
នៅជិតខាង យាយនួនគាត់ស្រមុកក្រោកក្រាកៗ។នៅខាងក្រៅផ្ទះ ខ្យល់បក់ហ៊ូៗ បោកធាងដូងទៅលើដើមជម្ពូ។មាត់មាន់ក៏រងាវម្តងៗ ល្វើយៗ ឯសម្រែកខ្លែងស្រាកក៏បញ្ចេញឡើង ធ្វើឲ្យព្រឺខ្លួនជនណាដែលមានដំណេករឹង៕

រឿងផ្កាស្រពោនភាគទី៣

ភូមិកំពង់ព្រះ ជាភូមិមួយនៅចម្ងាយ១៥គីឡូពីក្រុងបាត់ដំបង។ថ្នល់ក្រាលជ័រទៅភ្នំពេញ ពុះកាត់ភូមិនេះចំពាក់កណ្តាល។អ្នកស្រុកទាំងអស់គ្នារកទទួលទានតែនឹងស្រែ និងស្រូវប៉ុណ្ណោះ។ នៅតាមមាត់ថ្នល់ទាំងសងខាង មានផ្ទះថ្ម ឬផ្ទះឈើប្រក់ក្បឿងជារបស់ចិន ឬកូនចៅចិន ដែលមានរបរលក់ដូរទំនិញ ខោអាវ ម្លូស្លា ទឹកត្រី ទឹកស៊ីអ៊ីវ ខ្ទឹម ម្រេច និងស្លា។ នៅខាងក្រោយ ឬចំហៀងគេហដ្ឋាននេះមានជង្រុកធាត់ៗ ធំៗ។ផលទាំងពួងដែលកើតឡើងដោយញើស ដោយឈាមអ្នកស្រែទាំងនោះ តែងមកប្រមូលគរនៅក្នុងជង្រុកនេះ។ដល់រដូវវស្សា ពេលដែលស្រូវតែងឡើងថ្លៃក្រឺតៗ មានរថយន្តផ្ទុក បើកចេញចូលគគ្រឹកគគ្រេង ដឹកជញ្ជូនស្រូវទៅដាក់ស្ថានីយ៍បាត់ដំបង។
នៅចុងភូមិខាងត្បូង ត្រង់មាត់អូរមុខវត្ត មានផ្ទះមួយខ្នងសង់ជារោងដោល ដ៏មានដំបូលប្រក់ក្បឿងដែលស្លែកាន់ ហើយជ្រកក្រោមស្វាយមួយដើមដ៏មានមែកសាខា។នៅទីធ្លាផ្ទះនោះឯង គេមានដាំដើមកុលាប ម្លិះ និងចំប៉ាដែលមានផ្ការីកស្គុះស្គាយជាលម្អ ហើយមានគន្ធល្វឹងល្វើយរសាត់ទៅតាមវាយោ។ ផ្ទះនេះមានសភាពស្ងប់ស្ងាត់ជញ្ជ្រងឥតមានមាន់ខ្តត, ទា ឬជ្រូកស្រែកដូចនៅផ្ទះជិតខាងឡើយ។ផ្លូវខ្សាច់មួយសម្បុរលឿងឆ្អិន សម្រាប់នាំអ្នកដើរចុះពីថ្នល់ធំ ទៅកាន់ជណ្តើរឈើដែលលាបថ្នាំពណ៌ខៀវចាស់។
ផ្ទះនេះនៅស្ងាត់ជ្រងំ គ្មានឮមាត់មនុស្សសោះ ឮតែនាឡិកាភ្លេងមួយដើរតិកតក់, តិកតក់ និងសូររ៉ោៗ នៃយន្តដេរមួយ។នៅជិតបង្អួចដែលបែរមុខទៅរកធ្លា មានយុវនារីម្នាក់ធាត់មាំ ស្លៀកសំពត់ខ្មៅចងក្បិនពាក់អាវទេសឯកស។អង្គុយខិតខំធ្វើការឥតមើលនាយអាយឡើយ។ មាណវីនេះទុកសក់ប្រះស្មា ឯដងខ្លួននាងក៏ងក់ងើបៗ យោលចុះឡើង ដោយជើងធាក់ឈ្នាន់យន្ត ហើយបណ្តាលឲ្យរំជួលដល់ទៅខ្សែកមាសដែលព្យូរបន្តោងនិលមួយគ្រាប់នៅលើសុរង។ នាងខំធ្វើការនេះខ្ជាប់ខ្ជួនណាស់ ទាល់តែមានញើសគ្រាប់ល្អិតៗដេរដាសលើចុះច្រមុះ។
នៅខាងស្តាំមាត់ទ្វារ មានក្តារងឿធំក្រាស់មួយដែលជូតខាត់ឡើងរលោងស្រិល។នៅលើក្តារងឿនេះ បុរសម្នាក់ស្លៀកខោឡាញ់ខ្មៅ ខ្លួននៅទទេ ដេកជើងគងអន្ទាក់ខ្លា ដៃស្តាំគងថ្ងាស នៅស្ងៀមស្តូក។តើគាត់ដេកលក់ឬ? មិនមែនលក់ទេ ព្រោះយូរៗម្តងគាត់យកដៃស្តាំដែលគងថ្ងាសនោះទៅស្រវាចាប់ក្រមាមួយមកបក់មូស និងរុយដែលធ្វើឲ្យគាត់មានរំខាន។
ក្រោយពីនោះបន្តិចមក គេឃើញគាត់ប្រែខ្លួនមកខាងឆ្វេង ហើយមានសម្តីយ៉ាងទន់ផ្អែម ទៅកាន់នាងក្រមុំដែលដេរយន្តថា៖
  • សោភ័ណកូន ម៉ោងប៉ុន្មានហើយ។
នារីនោះក៏ឈប់ដេរ ហើយដើរមកសម្លឹងនាឡិកាធំដែលដើរតិកតក់! តិកតក់!។
  • ម៉ោងជិតបួនហើយចិក។
  • អើ ល្មមឈប់ដេរហើយកូន។រកអុស ទឹកដាំបាយទៅ។
  • ចា៎ស ចាំខ្ញុំបង្ហើយអាវនេះមួយរំពេចសិន ព្រោះគេអ្នកជួលបន្ទាន់យកល្ងាចនេះ។
  • យី ចុះប៊ុន-ធឿន វាទៅណាបាត់ទៅហ្ន៎?
  • បងគាត់ទៅជួយស្ទូងម៉ែ ចិក។
បុរសនេះកាលបើឮបុត្រីកូនថាដូច្នោះហើយ ក៏ដកដង្ហើមធំ តែនៅស្ងៀមមិនចេញស្តីថាអ្វីឡើយ។
ចិកប៊ុន-ថននេះ គាត់អាយុហាសិបប្លាយឆ្នាំទៅហើយ។សក់គាត់នៅតែខ្មៅ តែកាត់ខ្លី រូបរាងគាត់នៅរឹងប៉ឹងណាស់ មុខរាហ៍ ថ្ងាសទូលាយដែលមានរស្មីភ្នែកថ្លាយង់មកសម្តែងឲ្យឃើញថា បុរសនេះជាមនុស្សចិត្តល្អ មានសន្តោសដល់អ្នកជិតខាង។កាលពីមុន គាត់មានបាវព្រាវ មានញាតិមិត្រចុះឡើងកុះករណាស់។ឥឡូវនេះ គាត់មានសេចក្តីព្រួយ ដោយគាត់មានគ្រោះថ្នាក់ខាតក្នុងជំនួញស្រូវយ៉ាងសម្បើម។សម្បត្តិទ្រព្យ ទូ គ្រឿងមាស ប្រាក់ និងស្រែភ្លឺខ្លះ គាត់មានលក់យកប្រាក់សងជំពាក់បំណុលស្រេចហើយ។ គ្រានេះគាត់នៅសល់សឹងតែសម្បកផ្ទះទទេ។ខ្ញុំកំដរអ្វីវាចេញទៅនៅ នឹងគេដទៃលើកលែងតែតាសូមួយ ដោយគាត់ធ្លាប់បម្រើពឹងពាក់អាស្រ័យមកជាយូរថ្ងៃហើយ។
សូមអ្នកអានទាំងឡាយជ្រាបថា ចិកប៊ុន-ថន គាត់មិនមែនក្រដុនដាបដល់សុំទាននោះក៏ទេដែរ។ តែមនុស្សយើងដែលធ្លាប់មានមុខមាត់នឹងគេហើយលុះមកធ្លាក់ក្នុងអន្លង់នៃសេចក្តីព្រួយដូច្នេះ ក៏សឹងតែមានចិត្តរំខានហ្មងសៅពន់ប្រមាណ។
ពីដើមមក គាត់បានខ្នះខ្នែងម៉ឺងម៉ាត់ក្នុងការវិជ្ជាជីវៈណាស់។ឥឡូវ សេចក្តីទុក្ខព្រួយធ្វើឲ្យគាត់ទន់ដៃ ទន់ជើងរកនឹកធ្វើការងារអ្វីពុំកើត។នាងសោភ័ណ លុះឈប់ដេរហើយក៏ដើរចូលទៅជើងក្រាន ហើយកាន់ពោតមួយចានយកមកជូនឪពុក៖
  • ចិក នេះពោតស្ងោរក្តៅៗ ចិកពិសាទៅ ផ្អែមណាស់។
ចិកប៊ុន-ថន គាត់យកដៃគះចាននោះចេញ ហើយឆ្លើយថា៖
  • ទេកូន ឯងទុកឲ្យម៉ែ និងបងឯងស៊ីចុះ គេធ្វើការនឿយ ចិកមិនឃ្លានទេ។
នាងសោភ័ណមិនឆ្លើយតបថាអ្វីឡើយ។នាងឈរសម្លឹងមុខឪពុក ធ្វើភ្នែកឡឹងឡង់មួយសន្ទុះ ក៏ស្ទុះទៅយកក្រមាបង់កមកខ្ទប់មុខជូតទឹកភ្នែក។
ដើម្បីនឹងបន្លប់សេចក្តីចំបែងក្នុងចិត្ត នាងក៏យកក្អមមួយចុះទៅដងទឹកអណ្តូងដាក់ពាង យកពូថៅទៅពុះឧស ហើយបង្កាត់ភ្លើង ស្លដណ្តាំទុកជូនគ្រួសារនាង។
សែងព្រះអាទិត្យអស្តង្គតចាំងស្លឹកដើមត្នោត ដែលដុះក្នុងខឿនវត្តឡើងក្រហមរ៉ែៗ។ចាបដែលសម្បុកព្យួររយោងនៅចុងធាងរុក្ខជាតិ ក៏និយាយប្រឡែងគ្នាទ្រហឹងអឺងកង។
នៅពេលនោះ ស្ត្រីម្នាក់អាយុកណ្តាលមនុស្ស និងក្មេងកម្លោះម្នាក់មុខស្ងួតស្ងប់ សម្បុរស្បែកឡើងទង់ដែងដោយត្រូវកំដៅថ្ងៃ ដើរមកពីខាងត្បូងចូលមកក្នុងភូមិ។មនុស្សទាំងពីរនាក់នេះស្លៀកពាក់ខោអាវធ្លុះ ហើយមានដំណើរធេងធោងដោយអស់កម្លាំងជ្រុលពេក។
ប៊ុន-ធឿន ក្មេងកម្លោះនោះឯងឈ្មោះប៊ុន-ធឿនដែលយើងបានស្គាល់ពីមុនមកហើយ ត្រឡប់មកជួយដកស្ទូងនាងង៉ាន់ដែលជាម្តាយ។
ពួកសិស្សទាំងឡាយក្នុងវិស្សមកាល តែងមានសម្រាកសម្រាន្ត លេងសើចសប្បាយ។
មិនដូច្នោះឡើយ ប៊ុន-ធឿន គ្នាធ្វើការយ៉ាងដុនដាប។
លុះដល់ផ្ទះហើយ ប៊ុន-ធឿនក៏ចូលទៅផ្លាស់ខោអាវស្រែស្លៀកសារុង ទុកខ្លួននៅទទេ ទើបមកអង្គុយជិតឪពុកធ្វើមុខជូរស្ងួត។នាងសោភ័ណឃើញគ្រួសារមកជួបជុំហើយ ក៏ទៅលើកម្ហូបបាយដាក់លើក្តារងឿ អញ្ជើញម៉ែឪ និងបងឲ្យពិសា។ឯខ្លួននាងក៏ចូលអាស្រ័យជាមួយដែរ។ដើម្បីនឹងបង្វែងផ្លូវ ពីសេចក្តីតឹងទ្រូងចេញ នាងសោភ័ណក៏ធ្វើជាសាកសួរទៅម្តាយថា៖
  • ម៉ែ ម៉ែស្ទូងបានប៉ុន្មានហើយ?
  • អឺ កូនបានពីរស្រែហើយ។
ប៊ុន-ធឿនចេះស្ទូងរហ័សណាស់។អ្នកផងគេតែងនិយាយថា ក្មេងដែលបានទៅរៀនសូត្រនៅសាលាបារាំង ច្រើនស្អប់ខ្ពើមការងារស្រែចំការ។បងឯងនេះធ្វើឲ្យឃើញថា និយាយដូច្នោះ ជាការមិនពិតឡើយ។
ប៊ុន-ធឿនស្តាប់ពាក្យម៉ែសរសើរខ្លួនដូច្នេះ ក៏ញញឹមទាំងស្រពោន ហើយតបទៅថា៖
  • ម៉ែអើយ កុំអួតខ្ញុំខ្លាំងពេក។ពីដើមខ្ញុំមានសេចក្តីរំពឹងថា ខ្ញុំរៀនបានឲ្យចេះដើម្បីកុំឲ្យស្គាល់ក្តៅ ស្គាល់នឿយដោយហាលថ្ងៃ។ឥឡូវនេះបំណងនេះរលាយសាបសូន្យទៅហើយ មានតែខំធ្វើស្រែទៅ។ម្យ៉ាងទៀត ខ្ញុំចូលចិត្តនៅស្រុកស្រែ និងធ្វើការក្នុងស្រែណាស់ កាលដែលខ្ញុំរស់នៅកុល្លែហ្ស៍ឯនោះ ថ្ងៃអាទិត្យឡើង ខ្ញុំតែងចេញពីក្រុងភ្នំពេញទៅមើលគេធ្វើចំការ ច្បារដំណាំ។ទោះយើងមានទោសទុក្ខធ្ងន់យ៉ាងណា បើយើងបានឃើញ ស្រែចំការហើយ សេចក្តីសៅហ្មងនោះនឹងបានស្រយាលជានិច្ច។
នាងសោភ័ណតប៖
  • បើដូច្នោះមែន បងស្អែកនេះខ្ញុំទៅស្រែផងបានឬទេ។
  • មានកើតអីអូន។
យប់គ្រាន់បើហើយ។ចិកប៊ុន-ថនគាត់ហៅបុត្រគាត់មកនិយាយតែពីរនាក់៖
  • កូន ឪពុកដឹងចិត្តកូនឯងចង់លែងរៀន ដើម្បីមកជួយធ្វើការឪពុកម្តាយ។គំនិតនេះជាការគាប់ប្រសើរណាស់ តែចិត្តឪពុកមិនចង់ឲ្យឯងឈប់រៀនទេ ស៊ូត្រដេត្រដរ ផ្តល់សោហ៊ុយឲ្យឯងរៀនលុះត្រាតែបានឌីប្លូម។
  • ខ្ញុំបាទយល់ឃើញថា ចិកមានប្រសាសន៍យ៉ាងនេះដោយស្រឡាញ់កូន មិនចង់ឲ្យកូនមកនឿយហត់។ខ្ញុំគិតថាចិក និងម៉ែសុទ្ធតែបានបង្ហូរញើស ព្រួយកម្លាំងដោយសារខ្ញុំ្យូរមកហើយ។សម័យនេះ ខ្លួនចិកទ្រុឌទ្រោមថមថយជាងពីដើម គួរណាស់តែខ្ញុំមកជួយកម្លាំងវិញ។
  • ប៊ុន-ធឿនកុំប្រកែក។ចូរឯងខិតខំតែរៀនសូត្រទៅចុះ ឪពុកមិនទាន់ដល់ថ្នាក់សុំទានគេនៅឡើយទេ។
ចិកប៊ុន-ថនថាតែប៉ុណ្ណោះហើយ គាត់ក៏ដើរចេញទៅ។
រាត្រីលាតសន្ធឹងស្បៃខ្មៅ លើធម្មជាតិដែលស្ងប់ស្ងៀមជញ្ជ្រង។
ចង្កៀងប្រេងកាតមួយមានពន្លឺញ័រព្រឺតៗ នៅបំភ្លឺផ្ទះធំល្វឹងនៃចិកប៊ុន-ថន។
ប៊ុន-ធឿនអង្គុយសញ្ជឹងសញ្ជប់ភ្លេចសេចក្តីនឿយហត់ពីថ្ងៃ។
សម្លេងខ្លុយមួយពីរោះគ្រលួចក្នុងផែនសន្និយា ហើរកាត់មែកស្វាយមកអង្អែលបបោសសោតវិញ្ញាណនៃជនដែលមិនដេកលក់នៅឡើយ។
ឯដួងវិញ្ញាណប៊ុន-ធឿនវិលចុះ រេឡើងមិនមានទៅចាប់ឆ្ពោះលើវត្ថុអ្វីឡើយ។ត្រិះរិះមើលទៅឃើញថា ឪពុកខ្លួននិយាយត្រូវមែន។គួរតែស៊ូខំរៀនទៅចុះ គ្រាន់នឹងយកប្រាក់ខែមកជួយចិញ្ចឹមឪពុកម្តាយ។ ជំពូកមួយទៀតចិត្តប៊ុន-ធឿនគិតមមៃដល់នាងវិធាវីជាគូសង្សារ។ បើប្រសិនជាខ្លួននៅតែធ្វើស្រែយ៉ាងនេះទៅ ម៉្លេះសមយាយនួនគាត់ផ្តាច់ពាក្យសន្យាពុំខាន ព្រោះដឹងថាគាត់ស្រឡាញ់ថ្នមកូនគាត់ខ្លាំងណាស់ ម្តេចគាត់នឹងឲ្យកូនគាត់មកធ្វើការនឿយហត់ជាមួយផង។
ឈ្វេងយល់យ៉ាងនេះហើយ ប៊ុន-ធឿនក៏យកចិត្តទុកដាក់នឹងការរៀនសូត្រឡើងវិញ យប់ៗឡើងតែងអុជចង្កៀងប្រេងដូងមួយមើលសៀវភៅ។ថ្ងៃៗ ឡើងទៅធ្វើការស្រែ តែងតែឆ្លៀតដាក់សៀវភៅកវីបារាំងណាដែលជាទីគាប់ចិត្តយកទៅអាននៅពេលឈប់សម្រាកកម្លាំង។ ជួនណាអ្នកទៅឃ្វាលគោជួសតាសូឲ្យគាត់មកពិសាបាយ។ អ្នកក៏ដេកក្រោមដើមដង្កោ ឬស្តៅ ក្បាលកើយលើក្រមាមួយដែលឆ្មូលជាដុំ អ្នកមើលគោបណ្តើរ អានសៀវភៅបណ្តើរ។ស័ព្ទឃ្លោងខ្លះពីរោះអស្ចារ្យ បណ្តាលឲ្យអ្នកស្រមៃឃើញមុខនាងវិធាវីញញឹមស្រស់ត្រង់ប្រឡោះស្លឹករុក្ខជាតិ។ ឱរ៉ាប៊ុន-ធឿនក៏ព្រឺព្រួចចិត្ត ក៏រីករាយសប្បាយក្រៃលែង។ដូច្នេះហើយ ការងារស្រែទាំងប៉ុន្មានក៏បាត់ធ្វើឲ្យធុញថប់ និងហត់នឿយអស់ទៅ។
នៅល្ងាចថ្ងៃទី១៣កក្កដា ចិកប៊ុន-ថននិយាយទៅកាន់បុត្រគាត់ថា៖
  • នៅស្អែកនេះ ជាថ្ងៃបុណ្យជាតិរបស់បារាំង។បើឯងចង់ទៅមើលបុណ្យនោះ ក៏ទៅចុះ។
នៅព្រឹកព្រហាមថ្ងៃទី១២ ស៊ូយេត ប៊ុន-ធឿនបានតែងខ្លួនស្អាតបាត ហើយជិះទោចក្រយានតម្រង់ទៅបាត់ដំបង នឹងរីករាយសប្បាយក្នុងចិត្តថា នឹងបានជួបមុខកែវសង្សាររបស់ខ្លួនពុំខាន។
នៅគ្រប់ផ្លូវថ្នល់ មនុស្សឈូឆរដើរមីរ មានសភាពដូចជាហ្វូងស្រមោច។ពួកអ្នកស្រុកស្លៀកពាក់តាមទំនើបថ្មី។ ឯអ្នកស្រុកស្រែបញ្ចេញសម្លៀកបំពាក់ភោរភាវគ្រប់ពណ៌។តាមថ្នល់ក្រុង និងតាមបង្អួចផ្ទះផ្សារ ទង់ជាតិបារាំង-ខ្មែរបក់យោលរេរោបញ្ចេញសេចក្តីសប្បាយរោយរាយទៅគ្រប់ទិស។ ត្រង់មាត់កំពង់ ចំពីមុខផ្សារវិល គេមានសង់ពន្លាមួយលម្អដោយស្លឹកទន្សែ ស្លឹកជ្រៃក្រឹម និងផ្ទាំងសំពត់ខៀវ ស ក្រហម។
ពួកឥស្សរជនទាំងឡាយនៃខេត្រ បានមកអង្គុយជ្រកកំដៅព្រះសុរិយាទ័យក្នុងនោះ បារាំត្រៀបត្រា។តាមចិញ្ចើមនៃមាគ៌ាប្រជាជនខ្ញៀវខ្ញាឈរចាំមើល…
មានក្រុមពិជ័យសង្គ្រាមមួយកង ក្រុមរក្សាស្រុកមួយកង ស្លៀកពាក់ស ក្បាលពាក់បេរ៉េក្រហម ឬខៀវផ្ទៃមេឃ ពោះនិងកំភួនជើងរុំព័ទ្ធដោយផ្ទាំងសំពត់ពណ៌ដដែលនេះ ឈរតម្រៀបជាជួរឥតខ្ចោះ នៅចំពីមុខរោងបុណ្យ។
ប៊ុន-ធឿនឈរលាយឡំនឹងពពួកជន មើលទាហានលើកអាវុធគំនាប់ងាកខ្លួន ហើយឈានជើងដើរស្រុះគ្នាព្រិប ដោយមានសក្តិបីបារាំងមួយធាត់ក្រអាញជិះសេះ ហើយធ្វើភ្នែកក្រឡឺតក្រឡាប់យ៉ាងសម្បើម ជាអ្នកបញ្ជា និងដោយភ្លេងត្រែប្រគំបន្ទរផង។
តអំពីនោះមក ប្រជាជនក៏នាំគ្នាប្រជ្រៀតមើលល្បែងផ្សេងៗ ដូចជាចងជើងក្នុងបាវឲ្យរត់ប្រណាំង ឡើងសសរលាបខ្លាញ់ ប្រកួតជក់បារី ។ល។ តែប៊ុន-ធឿនធុញទ្រាន់ពេក ក៏ចុះទៅកំពង់ចម្លង ជិះទូកដរទៅត្រើយខាងកើត ហើយដើរតម្រង់ទៅវត្តពោធិ៍៕

រឿងផ្កាស្រពោនភាគទី៤

ជួនជាថ្ងៃនេះជាថ្ងៃពេញបូណ៌មី។យាយនួនគាត់ទៅកាន់ឧបោសថឯវត្តពោធិ៍។ នាងវិធាវីកាលបើម្ហូបរៀបចំដាក់ចានស្រាក់ឲ្យម៉ែផៃ គាត់លើកទៅជូនម្តាយនាងរួចស្រេចហើយ នាងក៏ម្នីម្នាបិទទ្វារផ្ទះ ហើយយកប្រលោមលោកសៀមមួយកាន់ចុះទៅគេងអានក្នុងអង្រឹងមួយចងក្រោមស្វាយមួយដើមដែលបែកមែកត្រសាយនៅកន្សៃផ្ទះនាង។
នេត្រនាងរំពៃតាមខ្សែបន្ទាត់អក្សរសៀវភៅ តែដួងចិត្តនាងរសាត់ដោយទៅតាមខ្យល់រំហើយ។គ្រលីគ្រលោងមួយគូដែលទំលើមែករុក្ខា យំឆ្លើយឆ្លងគ្នា ហើយជួនកាលមានកំប្រុកលោតពីលើធាងដូងមួយ ឮសូរក្រាកៗ នាងវិធាវីកំពុងតែស្រងូតចិត្ត គិតអាណិតខ្លួនពន់ពេកក្រៃ ស្រាប់តែស្រមៃឮសូរមនុស្សដើរលើស្លឹកឈើស្វាយទុំដែលជ្រុះរោយរាយលើពសុធា។ នាងក៏ងាកមើលទៅ ហើយក៏ញញឹមព្រាង៖
បង! យ៉ីបង មកពីកាលណាហ្នឹង? បងគ្មាននឹកនាដល់អូនសោះតែម្តងហើយ។មកវ៉ាកងយូរណាស់ហើយ មិនហ៊ានមកលេងនឹងខ្ញុំសោះ។
ប៊ុន-ធឿនចូលទៅជិត ហើយគំនាប់នាងដោយញញឹមស្ងួត៖
អូនកុំនិយាយយ៉ាងនេះ នាំឲ្យបាបនឹងទេវតា។បងតែងនឹកនាងមិនមានណាយសោះ តែបងឥឡូវធ្លាក់យ៉ាកចុនហើយ រវល់តែខំជួយកម្លាំងឪពុក ម្តាយ។បងឆ្លៀតឱកាសបុណ្យ១៤ស៊ូយ៉េត ដើម្បីមកលេងនឹងមីងនួន ហើយនិងអូនឯង។
ម៉ែគាត់មិននៅទេ គាត់ទៅវត្តផុតទៅហើយ។
ដំណឹងនេះធ្វើឲ្យប៊ុន-ធឿនត្រេកអរឥតឧបមា តែខំទប់កិរិយាមិនឲ្យបញ្ចេញសេចក្តីសប្បាយឲ្យឃើញឡើយ។
ឱ! បងសែនស្តាយ ព្រោះបងបន្ទាន់វិលទៅផ្ទះ វិលនៅរសៀលម៉ោង៣នេះ។
បន្ទាន់អ្វីម៉្លេះ ម៉េចក៏មិនចាំមើលប្រណាំងទូកសិន ខ្ញុំឮគេនិយាយថា ទូកងលោកវត្តឈើខ្មៅឈ្មោះ “ពពកអណ្តែត” លឿនអស្ចារ្យ។
បងរង់ចាំមើលមិនបានទេ។បងសុំផ្ញើភ្នែកមួយឲ្យអូនមើលជួសបងផងបានឬទេ?
មិនបានទេ! ព្រោះពេលនេះខ្ញុំគ្មានត្រេកត្រអាលអ្វីនឹងបុណ្យ នឹងង៉ាននេះសោះ។ខ្ញុំរកតែទីស្ងាត់គិតសញ្ជឹងទើបស្រួលតាមលំនាំចិត្តរបស់ខ្ញុំ។
ថាហើយនាងងើបមុខមើលមុខប៊ុន-ធឿន ហើយឱនភ័ក្ត្រចុះមិនចេញស្តី។
ប៊ុន-ធឿនគិតស្មានដោយខុសថា នាងមានសេចក្តីជួយព្រួយនឹងការគ្រោះថ្នាក់នៃគ្រួសារខ្លួន ក៏និយាយទៅកាន់នាងថា៖
នែ៎អូន! បងសុំអរចិត្តអូនហើយដែលនាងជួយព្រួយបារម្ភនោះ នែ ចូរនាងបាត់ភ័យទៅ។ថ្វីបើខ្លួនបងធ្លាក់ក្រ បងនឹងខិតខំរៀនទ្វេមួយជាពីរ ជាបី។លុះបានសញ្ញាប័ត្របឋមសិក្សាជាន់ខ្ពស់កាលណា បងនឹងចេញធ្វើការហើយ…។
ត្រង់នេះ ប៊ុន-ធឿន សម្លឹងនេត្រនាងវិធាវី ដែលខ្មៅយង់ដូចត្បូងនិល ទើបចរចាទៅទៀត។
ហើយយើងនឹងបានសុខក្សេមក្សាន្តតទៅ។
នាងវិធាវីឮសម្ដីបងដូច្នោះហើយ ទឹកភ្នែកដែលនាងខំទប់បានកុំឲ្យជោរជលកាលពីមុននោះមក ក៏ហៀរហូរខ្ចាយធ្លាក់មក។ នាងប្រឹងយកកូនកន្សែងមកជូត។
ប៊ុន – ធឿន ឃើញដូច្នោះហើយ ក៏ធ្វើភ្នែកឡឹងឡង់៖
តើអូនមានទុក្ខយ៉ាងណា! ប្រាប់បងផង?
នាងវិធាវី ដោយអៀនខ្មាស ក៏មិនឆ្លើយតបចំពោះពាក្យសួរនេះទេ បែរជាស្ដីថា៖
បងអើយ មនុស្សយើងបើប្រាថ្នាអ្វីមួយ មិនដែលបានដូចបំណងរាល់ដងទេ ជួនបាន ជួនខាន។ យើងសម្លឹងទៅមុខមិនធ្លុះសោះ។ ស្មានជាបានស ទៅជួបឯខ្មៅ ឬផ្ទុយទៅវិញក៏មានដែរ។ អូនសូមលន់តួ កាត់សេចក្ដីខ្មាសជម្រាប់បងឲ្យជាក់ថា ចិត្តអូនមិនប្រែប្រួលពីសច្ចាដែលបានធ្វើមកនោះទេ។ ចិត្តអូនឥឡូវនេះមានសភាពយ៉ាងណា ទៅថ្ងៃក្រោយក៏នៅយ៉ាងនោះដែរ។ បើទៅអនាគត យើងនឹងមានអាសន្នក្រដូចម្ដេច យើងត្រូវនឹងរកគ្នាជានិច្ច។ ដូច្នេះ យើងត្រូវមានវត្ថុអ្វីកាន់ខ្ជាប់នៅខ្លួន ដើម្បីទុកជាទីនឹករឮករបស់ជនសម្លាញ់ដែលឃ្លាតឆ្ងាយទៅ។ ហេតុនេះ សូមបងទទួលរូបថតនេះទុកចុះ។
ប៊ុន – ធឿន ដែលស្មារតីអណ្ដែតទៅឆ្ងាយ លុះឮថារូបថតដូច្នោះ ក៏ភ្ញាក់ខ្លួនព្រើតដាក់ភ្នែកមក មើលឃើញនាងវិធាវីដកកូនរូបថតតូចមួយដាក់ក្នុងកញ្ចប់មូលក្រឡង់ ដែលមានសរសៃមាសវង់ព័ទ្ធជាក្របជុំវិញ។ ប៊ុន – ធឿន ក៏ទទួលយកមកគន់មើលដោយសេចក្ដីប្រតិព័ទ្ធយ៉ាងចំហុត។
អូន បងស្ដាប់អូនមិនទាន់បានទេ។ ម៉េចអូនថា ខ្លាចមានភ័យភិតថ្ងៃក្រោយ។ អូនឯងមានដឹងការអ្វីចម្លែក ចូរនាងប្រាប់បងផង។
ខ្ញុំមិនមានដឹងការអ្វីចម្លែកទេ។ អញ្ជើញបងទៅដោយក្សេមក្សាន្តចុះ។ ខ្ញុំមិនហ៊ាននៅនិយាយតែពីរនាក់នឹងបងយូរពេកទេ ខ្លាចមានពាក្យនិន្ទាទៅថ្ងៃក្រោយ។
ថាហើយ នាងក៏ក្រោកពីអង្រឹង ប៊ុន – ធឿន ក៏ឈានជើងដើរចេញទៅ មុខស្រងូត។
ភ្នែកនាងវិធាវី តាមមើលគូសង្សារ លុះត្រាតែ ប៊ុន – ធឿន ដើរផុតឆ្ងាយទៅកំបាំងនឹងរុក្ខជាតិ ទើបនាងដាក់មុខចុះ ហើយដកដង្ហើមធំ…
សែងព្រះអាទិត្យនៃវេលាល្ងាចស្លឹកល្មុត បណ្ដាលឲ្យមានរស្មីភ្លឺច្រាលដូចកម្ទេចសុវណ្ណ… នាងវិធាវី ដែលមានភក្ត្រស្ងប់ស្ងួត នាងអង្គុយមើលធម្មជាតិ និងពពួកមនុស្សដែលដើរហូរហែ មកពីមើលបុណ្យ១៤ ស៊ូយ៉េត។ នៅសញ្ជប់សញ្ជឹងយ៉ាងនេះយូរបន្តិច ស្រាប់តែយាយនួនស្លៀកពាក់ស យួរកញ្ច្រែងស្លាដើរចូលមក។ ឃើញកូនមុខក្រៀមក្រំដូច្នោះ គាត់ក៏សួរថា៖
អាវី ឯងចង់ទៅមើលបុណ្យនឹងគេហើយ។ យប់នេះគេថា មានរបាំនៅមុខផ្ទះលោកធំល្អមើលណាស់។ បើឯងចង់ទៅមើល ចាំអញរកគេជូន។
នាងវិធាវីឆ្លើយយ៉ាងតិចៗ ថា៖
ទេម៉ែ… កូនមិនចង់ទៅមើលអ្វីទេ។
យាយនួនគាត់សម្លឹងមើលមុខកូនគាត់មួយសន្ទុះ ទើបគាត់ដើរចូលទៅខាងក្នុង ទឹកមុខគាត់មានអាការប្រែប្រួលសម្ដែងឲ្យឃើញថា គាត់មានមនោគតិអ្វីៗមួយពុំខាន៕

រឿងផ្កាស្រពោនភាគទី៥

យាយនួនគាត់ឃើញថា កូនគាត់មានអផ្សុកក្នុងចិត្ត។ ប្រើប្រសិនជាមានគូស្រករទៅ ហើយចេះស្រឡាញ់គ្នាផងនោះ មុខជានឹងបាត់ហ្មងសៅពុំខាន។ បើដូច្នោះហើយ តោងគាត់រិះរកឧបាយកលផ្ដាច់នាងវិធាវី ពី ប៊ុន – ធឿន ចេញ ព្រោះគាត់យល់ថា ការជំពាក់ពាក្យគ្នាយ៉ាងនេះ ជាឧបសគ្គមិនឲ្យអ្នកផងគេចូលមកនិយាយដណ្ដឹងកូនគាត់បានទេ។ មិនយូរប៉ុន្មាន ស្រាប់តែទេសកាលណែនាំឲ្យគាត់ជួបនឹងឱកាស ដែលគាត់ខំរកនោះភ្លាម។
យាយនួន គាត់មានសម្លាញ់ម្នាក់ ឈ្មោះយាយចាន់។ ស្ត្រីនេះតាំងផ្ទះនៅភូមិវត្តសង្កែ។ មិត្រទាំងពីរនាក់នេះតែងតែទៅមករកគ្នាមិនសូវដាច់ទេ។
មានថ្ងៃមួយ ក្រោយពីថ្ងៃដែលយើងនិទានក្នុងភាគមុនបួនខែមក គេឃើញស្ត្រីម្នាក់សក់កាត់ជ្រង អាយុប្រហែលជាង៦០ហើយ តែងរឹងប៉ឹងនៅឡើយ។ ដូនចាស់ដែលស្លៀកខៀនពណ៌ស្បែកតុកកែ ពាក់អាវផាប៉ានស ពានាក្រមាទេសឯកដែរនោះ បានបញ្ឈប់រ៉ឺម៉កនៅចំមុខផ្ទះយាយនួន ហើយគាត់ក៏ដើរចូលទៅកាន់គេហដ្ឋាននេះ។ បន្តិចក្រោយមក គេក៏ឮសូរមាត់យាយនួនស្រែកថា៖
  • អាវីអើយ អ៊ំចាន់ឯងគេមកលេង។ ឯណាប្រអប់ស្លា យកមក។
ថាហើយ គាត់ក៏បែរមុខឆ្ពោះទៅកាន់មិត្រគាត់៖
  • អញ្ជើញចាន់! អញ្ជើញមកលើកន្ទេលមក អង្គុយលើក្ដារមិនកើតទេ ប្រឡាក់ខៀនអស់ហើយ។
យាយចាន់ឆ្លើយ៖
  • មិនអីទេ ក្ដារនេះរលីងស្រិល អង្គុយត្រជាក់ស្រួលណាស់។
ខណៈនោះ នាងវិធាវីលើកហិបស្លាមកដាក់នៅមុខភ្ញៀវ ទើបនាងលើកដៃសំពះ៖
  • ជម្រាបសួរអ៊ំ!
យាយចាន់ដែលភ្នែកសម្លឹងរាងកាយនាងយុវតីមិនដាច់ ក៏ឆ្លើយថា៖
  • ថ្វាយព្រះ ក្មួយ! យីក្មួយឯងកើតអី ក៏ស្គមស្លឹតស្លាំងម្ល៉េះ?
  • ខ្ញុំឥតឈឺថ្កាត់អីទេ អ៊ំ!
យាយចាន់ចាប់ម្លូមួយសន្លឹក មកបៀកផ្ចិតផ្ចង់ពមទៅក្នុងមាត់ ហើយទើបទំពាបណ្ដើរ បែរនិយាយទៅកាន់ស្ត្រីម្ចាស់ផ្ទះបណ្ដើរ៖
  • យីឯង យើងចុងខែអស្សុជហើយ ក៏នៅមានភ្លៀងមេធំៗម្ល៉េះ។
  • ខ្ញុំចូលចិត្តតែភ្លៀងធំៗអីចឹង បើភ្លៀងរួច វាស្រស់ដីតែម្ដង។ ឯភ្លៀងរលឹម ធ្វើឲ្យធុញអផ្សុកណាស់។
  • ចាស៎ អីចឹងមែន។
ថាហើយ យាយចាន់គាត់ទាញកន្ថោរមកស្ដោះទឹកមាត់ពណ៌ឈាម ឮសូរច្រចៗ រួចយកកន្សែងក្រហមមួយមកជូតមាត់ ទើបចាប់និយាយទៅទៀត៖
  • ខ្ញុំមកជួបនួនឯងនេះ ព្រោះចង់និយាយការបន្តិច។
យាយនួនងាកមុខទៅចំកូនគាត់ ហើយថា៖
  • អាវី ឯងបណ្ដោយកំផៃដាំក្ដាតតែម្នាក់ឯងមិនកើតទេ។ ត្រូវឯងទៅមើលផងទើបល្អ។
នាងវិធាវីទទួលសម្ដីម្ដាយ ហើយក៏ដើរចេញពីទីនោះមិននិយាយថាអ្វីឡើយ។ ចិត្តនាង នឹកបារម្ភមិនដឹងជាយាយចាន់នេះ មកចាក់រុកម្ដាយខ្លួនដូចម្ដេចទេ!
ត្រង់នេះ ស្ត្រីចាស់ទាំងពីរឈប់ស្ងៀមមួយស្របក់ធំ ហាក់ដូចជាចង់សម្លឹងមើល ក្នុងចិត្តគ្នាទៅវិញទៅមក។ យាយនួនគាត់ឆ្លៀតឱកាសនេះ ដើម្បីបៀកម្លូមួយម៉ាត់ លុះបានទំពាស្ដោះក្នុងកន្ថោរម្ដងហើយ ទើបគាត់សួរទៅយាយចាន់៖
  • មានការអ្វី ចាន់?
  • អើរឿងកូនចៅឯងនោះ វាម្ដេចទៅហើយ? ឯងចាំ ប៊ុន – ធឿន ចេញពីរៀនទើបគិតគូរផ្សំផ្គុំវា ឬយ៉ាងណា?
  • ហ៊ឺ ចាន់អើយ ខ្ញុំលាក់បាំងអី។ ឥឡូវដូចចាន់ឯងដឹងស្រាប់ ឪពុក ប៊ុន – ធឿន ធ្លាក់ខ្លួនក្រហើយ។ មានសង្ឃឹមតែលើបៀវត្សរ៍ ប៊ុន – ធឿន តែម្យ៉ាង ដូចគេសង្ឃឹមផ្កាយលើកមេឃអីចឹង។ ខ្ញុំមានកូនតែមួយ មានរំពឹងតែលើវា លុះជរាភាពមកដល់ខ្លួន។ បើប្រសិនជាខ្ញុំឲ្យទៅថី ប៊ុន – ធឿន ទៅ ថី ប៊ុន – ធឿន បន្តិចគេផ្លាស់ទៅធ្វើការនៅខេត្តនេះ បន្តិចទៅខេត្តនោះ។ ឯប្រពន្ធតោងទៅតាមប្ដី។ ចំណែកខ្ញុំនឹងនៅម្នាក់ឯង ឥតនរណាជាពុំនឹក នេះម្យ៉ាង។ ម្យ៉ាងទៀត ប៊ុន – ធឿន នេះធ្លាក់ក្រហើយ ម្ល៉េះសមនឹងជញ្ជក់យកធនធានដែលខ្ញុំនឹងឲ្យទៅកូននោះ ទៅសងបំណុលមិនខាន។ កូនខ្ញុំធ្វើម្ដេចនឹងបានសេចក្ដីសុខ។
ដោយសម្ដីវែងយ៉ាងនេះ ទឹកមាត់ក្រហមប្រគាក ក៏ពុះពោរពេញមាត់ ធ្វើឲ្យសម្ដីឮឡុលៗ។ ដូច្នោះ លុះយាយនួនគាត់ស្ដោះមួយច្រចរួច ទើបយាយចាន់ គាត់ឆ្លើយ៖
  • នួនឯង និយាយយ៉ាងនេះចំជាត្រូវហើយ។ ប្រើប្រសិនជាខ្ញុំដូចនួនឯងវិញ ខ្ញុំក៏ផ្ដាច់ដែរ។ គិតមើលសព្វៗទៅ យើងមិនទាន់ស៊ីស្លាបញ្ជាប់ពាក្យ ឬទទួលវត្ថុអ្វីជាខាន់ស្លាក៏នៅដែរ។
លើកនេះ ត្រូវយាយចាន់គាត់ងាកទៅរកកន្ថោរវិញ។ លុះគាត់បានសម្រេចចិត្តហើយ ទើបអ្នកម្ចាស់ផ្ទះតបទៅវិញ៖
  • ចាន់អើយ ខ្ញុំក៏គិតនឹងផ្ដាច់ដែរ តែមកតុះតុញ មិនដឹងធ្វើដូចម្ដេច នឹងធ្វើសំបុត្រទៅប្រាប់ចិក ប៊ុន – ថន ភ្លាមទៅ ដូចជាឯងចិត្តអាក្រក់ពេក។ ឮតែគេខាតស្រូវភ្លាម ក៏ថាផ្ដាច់កូនផ្ដាច់ចៅភ្លាម។
យាយចាន់ គាត់បើកភ្នែកធំៗ ហាក់ដូចជាសម្ដីនេះ ធ្វើឲ្យគាត់ឆ្ងល់ពន់ពេក។ ដូច្នេះគាត់ក៏ឆ្លើយ៖
  • ចាំបាច់ប្រាប់គេធ្វើអ្វី។ យើងនៅតែស្ងៀមធ្វើហីទៅ។ បើនរណាគេចូលមកដណ្ដឹង យើងគិតមើលល្មមលើក ក៏លើកឲ្យគេទៅ។
  • ឱ! នរណាអើយ គេនឹងហ៊ានចូលដណ្ដឹងឯងនោះ បើគេដឹងថា ឯងនៅជាប់ពាក្យសម្ដីចិក ប៊ុន – ថន ទៅហើយ។
យាយចាន់គាត់សើចក្អាកៗ ហើយថា៖
  • នួនឯង និយាយយ៉ាងនេះចំពេញជាខុស។ មានគេគិតចូលមកហើយ តើឯងថាម៉េចទៅ?
យាយនួនអរព្រើត កកិលចូលជិត ហើយសួរទៅភ្ញៀវគាត់៖
  • អ្នកណាគេចង់ចូលមកនោះ?
យាយចាន់ខ្សឹបដាក់ត្រចៀកយាយនួន៖
  • ចិក ណៃស៊ាន!
  • ណៃស៊ាន ថៅកែកាណូតដើរទន្លេនោះហាស៎ ?
  • អើ មានណៃស៊ានណាពីរបី។ ឯងស្គាល់ចៅ ណៃ ស៊ត កូនគេនោះទេ។
  • ខ្ញុំធ្លាប់ឃើញវាតែពីតូចៗ។
  • ឥឡូវវាប៉ិនរកស៊ីណាស់ ដូចឪពុកវាអីចឹង។ ខ្ញុំឮដំណឹងថា បើចៅណៃស៊តនេះវាមានប្រពន្ធទៅ គេនឹងចែកឲ្យកាណូតពីរ ឡានកាំម្ញ៉ុងមួយ និងដើមទុនមួយម៉ឺន។ នេះនៅមិនទាន់គិតមាសពេជ្រអ្វីទៀតផង។
យាយនួនគាត់ពព្រិចភ្នែកញ័រ ហើយបែរសួរថា៖
  • ណៃ ស៊ត នោះវាកើតឆ្នាំអីហ្ន៎ ?
យាយចាន់ ដែលហាក់ដូចជាចាំតែពាក្យសួរនេះ នឹងអាលឆ្លើយនោះ ក៏ប្រាប់ទៅវិញភ្លាម៖
  • ឆ្នាំជូត ថ្ងៃអាទិត្យ ខែស្រាពណ៍។
យាយនួនគាត់ក៏ទទួលទន្ទេញហាក់ពុំចង់ឲ្យភ្លេច ឬមួយដោយហេតុដែលគាត់ធ្លាប់ទន្ទេញធម៌ ក្នុងពេលឧបោសថនោះក៏មិនដឹង។
ឆ្នាំជូត… ថ្ងៃអាទិត្យ ខែស្រាពណ៍…
ឆ្នាំជូត… ថ្ងៃអាទិត្យ ខែស្រាពណ៍…
យាយចាន់គាត់សួរ៖
  • បើប្រសិនណាគេចូលមកមែន តើឯងព្រមឬទេមើលទៅ?
  • អើ ចាំមើលស្រួលបួលសិន ទុកដាក់កូនចៅនីមួយៗមិនងាយទេ។
សម្ដីយាយនួនយ៉ាងនេះ ដូចជាគ្រាន់តែការពារឲ្យល្អមើលខាងក្រៅទេ។
នៅល្ងាចនោះឯង កាលបើយាយចាន់លាគាត់ចុះផុតទៅ យាយនួនក៏រួសរាន់រៀបខ្លួន ហើយកាន់ម្លូ បារី មួយស៊ងដាក់លើជើងពាន និងទៀន១គូ ដើរតម្រង់ទៅកាន់កុដិលោកគ្រូអាន វត្តពោធិ៍ក្នុង ដែលមានព្រះនាមល្បីខាងហោរាសាស្ត្រ និងមន្តអាគមស្ដោះព្រួស។
ដល់ហើយ យាយនួនគាត់ចូលទៅថ្វាយបង្គំព្រះភិក្ខុអង្គនោះ ដែលមានសង្ឃដីកាសួរមក៖
  • យាយមានធុរៈអ្វី?
  • ខ្ញុំព្រះករុណា យកម្លូស្លា បារីនេះមក ប្រគេនលោកគ្រូម្ចាស់ ហើយសុំនិមន្តលោកគ្រូម្ចាស់មើលដួងជតាកូនខ្ញុំព្រះករុណា ព្រោះខ្ញុំព្រះករុណាចង់ឲ្យវាមានគូស្រករ។
លោកគ្រូអាន ក៏ទាញវត្ថពន្ធបោះលាតមក ព្រះហស្តស្ដាំលោកចាប់ជាយម្ខាង។ យាយនួនគាត់ក៏លើកពានបារី និងទៀនដាក់លើជាយម្ខាង ទើបលោកដៃប្រណម្យឡើងជាថ្មី។ រួចហើយ លោកគ្រូអាន ក៏ទាញក្ដារឆ្នួនមួយធំ ដែលទុកនៅប្របសំណិង រើយកដីសមួយដុំ ហើយមកគង់នៅចំពោះមុខយាយនួន ទើបមានសង្ឃដីកាសួរថា៖
  • យាយ កូនយាយកើតឆ្នាំអ្វី?
  • លោកម្ចាស់ វាឆ្នាំរោង ខែ ពិសាខ ថ្ងៃ អង្គារ។
លោកគ្រូអានកត់លើក្ដារឆ្នួន រួចហើយទើបសួរទៀត៖
  • តើខាងប្រុសនោះ គេឆ្នាំអ្វី?
  • ឆ្នាំជូត ថ្ងៃ អាទិត្យ ខែស្រាពណ៍។
លោកគ្រូអាន ក៏វាយលេខអត្តៈមួយសន្ទុះ ទើបមានសង្ឃដីកា៖
  • យីយាយ លេខប្រសើរណាស់តើ! តាំងតែពីអាត្មាចេះមើលហោរមក ពុំដែលឃើញលេខនរណាប្រកបគ្នាអីដល់ម្ល៉េះទេ។
  • បើដូច្នេះ ខ្ញុំព្រះករុណា សូមផ្សងចាក់គម្ពីរមើលម្ដងទៀត។
លោកគ្រូអានក៏ក្រោកឈរទាញគម្ពីរសាស្ត្រា ហើយស្រាយលាតក្របបញ្ចេញឲ្យឃើញស្លឹករឹត លាបទឹកមាសភ្លឺរន្ទាលដែលមាន ខ្សែចំណងពណ៌បៃតង ក្រហមលឿងចាក់ ឆ្លាស់គ្នាយ៉ាងល្អចម្លែក។ លោកលើកគម្ពីរនោះដាក់លើតោកឈើមួយ លាបថ្នាំខ្មៅលំអដោយភ្ញីដាំខ្យង ហើយលោកលូកយកទៀនក្រមួនឃ្មុំមួយ ដែលយាយនួនបានយកមកប្រគេន មកអុជបិតនឹងក្របតោក។ រួចស្រេច លោកក៏មានសង្ឃដីកា៖
  • អញ្ជើញយាយចាក់ទៅ។
យាយនួន គាត់ក៏លើកហត្ថសំពះគ្រប់បីដង ហើយគាត់ស្ទួយតោកគម្ពីរនោះដាក់លើក្បាលដៃឆ្វេងគាត់ទប់តោកដៃស្ដាំគាត់យកកន្លាស់ធូបចាក់ជ្រៀត ទៅក្នុងស្លឹករឹតរួចហើយទើបគាត់ ប្រគេនតោកគម្ពីរនោះទៅព្រះថេរៈ។ ភិក្ខុនេះ ក៏ទាញសាស្ត្រាយកមកលាតមើល ត្រង់កន្លែងដែលកន្លាស់ធូបសៀតចង្អុលរឿងត្រង់ព្រះមហោសថ ទៅជួបនឹងនាងអមរា ហើយមានព្រះហឫទ័យស្រឡាញ់នាងនេះពន់ប្រមាណ។
លុះអានបានសព្វគ្រប់ហើយ លោកមានសង្ឃដីកាពន្យល់៖
  • តាមអាត្មាយល់ថា ជាគាប់ប្រសើរក្រៃលែង។
ឱព្រះភិក្ខុអើយ! ទំនាយក្បួនតម្រា និងពាក្យអធិប្បាយតាមគម្ពីររបស់លោក ដែលជាអ្នកទ្រទ្រង់ព្រះពុទ្ធសាសនានៃព្រះបរមគ្រូនោះ បែរទៅជានាំជនពីរនាក់ ដែលមានសេចក្ដីស្នេហាទៅមកយ៉ាងធំបំផុត ឲ្យខានបានជួបគ្នាទៅវិញ ហាក់ដូចជាលោកជួយច្រានគូសង្សារនេះ ទម្លាក់ទៅរណ្ដៅទុក្ខសង្រេង។
យាយនួន កាលបើបានឮសង្ឃដីកាលោកគ្រូនេះ អានដូច្នោះហើយ គាត់មានចិត្តសោមនស្សឥតឧបមា។ គាត់យារជើងឈានមក ដូចជាស្រាលអស់ទាំងខ្លួនប្រាណគាត់ ព្រោះគាត់ដឹងថា ថៅកែណៃ ស៊ាន នេះមានទ្រព្យធនស្ដុកស្ដម្ភណាស់។ ឯចៅណៃ ស៊តចេះចង់មាន ចង់បាន ហើយថែមទាំងចេះប្រណិប័តន៍ឪពុកម្ដាយផង។ ឱ ហៅគាប់ប្រសើរ! សែនគាប់ប្រសើរ! យាយនួនគាត់ខ្សឹបក្នុងចិត្ត ធៀបផ្ទឹមនាមយុវជនទាំងពីរ “ណៃស៊ត វិធាវី! វិធាវី ណៃស៊ត” យីឈ្មោះទាំងពីរនេះសមគ្នាណាស់តើ! ម្ល៉េះផងគេនឹងរបូតមាត់ថា យិះៗ! មិនខាន… យាយមុខញញឹមប៉ប្រិម បិទមាត់ស្ទើរមិនជិត ដើរពង្រាយសេចក្ដីសប្បាយទៅលើស្មៅ តាមផ្លូវចេញពីវត្តដូចជា អ្នកព្រោះស្រូវរោយគ្រាប់ធញ្ញជាតិទៅក្នុងស្រែ។
ប្រហែលជាមួយអាទិត្យក្រោយមក យាយនួនគាត់ទប់នឹងសេចក្ដីរំខាន ដោយទន្ទឹងផ្លូវយាយចាន់ពុំបាន គាត់ក៏ឡើងជិះរ៉ឺម៉កឆ្ពោះទៅផ្ទះសម្លាញ់គាត់៖
  • ចាន់អើយ លេខវាល្អណាស់ ខ្ញុំមិនថាអីទេ ឲ្យគេចូលមកចុះ៕

រឿងផ្កាស្រពោនភាគទី៦

បួន ដប់ថ្ងៃ ក្រោយពីពេលដែលយាយនួន គាត់ទៅជួបនឹងយាយចាន់មកនោះ គេឃើញមានការរវល់ចម្លែកនៅផ្ទះមាតានាងវិធាវី។
ស្ត្រីនេះ តាំងក្រោកពីព្រឹកឡើងក៏ដេញឲ្យយាយផៃបោសសំបុកពីងពាងដែលត្រដាងសន្ធឹងជាសំណាញ់ ឬជាអន្ទាក់សម្រាប់ចាប់សត្វល្អិត តាមជញ្ជាំង និងតាមគ្រឿងដំបូល ព្រមទាំងបង្គាប់ឲ្យជូតលាងក្ដារកម្រាលឲ្យរលោងយង់។ ឯនាងវិធាវី នាងត្រូវវេនដុសខាត់គ្រឿងប្រាក់ស្លាបារី ជូតប៉ាន់តែ និងពែង ហើយមើលថែថួនកុំឲ្យរបស់ទាំងនោះខ្វះវត្ថុអ្វីឡើយ គឺរកកំបោរច្រក បំពេញអក រកស្លាជ្វា ស្លាចំណិត ម្លូយ៉ាងស្រស់ៗមកបម្រុងហិប ហើយដាំទឹកក្ដៅបញ្ចាំលើជើងច្រាន ដើម្បីទុកឆុងតែឲ្យទាន់តម្រូវការ។
យុវតីនេះគិតឆ្ងល់មមៃក្នុងចិត្តថា៖ ម៉ែអញ គាត់រៀបចំទទួលនរណាអេះ។ ចម្លែកណាស់!
យាយនួនគាត់រើសយកព្រំថ្មី ដែលតែងប្រើក្នុងឱកាសជាឧឡារិកម្ដងៗមកក្រាលលើក្ដាររៀបប្រដាប់ទទួលភ្ញៀវតាមនិយមប្រពៃណី។
មិនយូរប៉ុន្មាន គេក៏ឮសូររថយន្តមួយបើកមកឈប់នៅចំមុខផ្ទះ។ យាយនួនក៏មានចិត្តរីករាយសែនសោមនស្ស។
បន្តិចក្រោយមក គេឃើញស្ត្រីពីរនាក់ មួយធាត់ស្អីចដូចត្បាល់ មួយស្គមកញ្ជ្រឹងដូចត្រីឆ្អើរ មួយស្លៀកខៀនបៃតង មួយស្លៀកខៀនស៊ីធួ ដៃលំអដោយកងពេជ្រ ជើងដោយស្បែកបាទដាំឌិនភ្លឺរន្ទាល។ ស្ត្រីទាំងពីរនេះ ច្រានយាយចាន់ឲ្យដើរយោងមុខ ហើយក៏នាំគ្នាត្រាច់ពីក្រោយ ម្នាក់មានដំណើរអ៊‌ីកអ៊ាកដូចទាកាប៉ា ម្នាក់រយ៉េវរយ៉ាវដូចកុកចាំមុខរង្វះ។ លុះដល់ជិតហើយ យាយចាន់ក៏ស្រែកសួរចៅរ៉ៅទៅ៖
  • នួនអើយ! ទៅណាហើយ? នាងថូ និងនាងធិនគេមកលេង។
យាយនួន ដែលឃ្លាំចាំតែភ្ញៀវនោះ ក៏ធ្វើជាភ្ញាក់ស្ទុះមកក្រៅ ហើយចរចាយ៉ាងរាក់ទាក់៖
  • អញ្ជើញចាន់ អញ្ជើញនាង។ មកអញ្ជើញលើព្រំនេះមក។
ថាហើយ គាត់បែរទៅហៅម៉ៃផៃឲ្យយកទឹកក្ដៅមកចាក់តែ។ ចំណែកស្ត្រីធាត់ និងស្គម កាលបើបានដាក់ខ្លួនអង្គុយលើកម្រាលពិចិត្រនោះ ក៏លើកដៃសំពះ៖
  • ជម្រាបសួរចែ!
  • ថ្វាយព្រះនាង!
យាយនួនឆ្លើយដោយលើកដៃប្រណម្យសងវិញ។ យាយចាន់ដែលអង្គុយនៅដើមអាសន៍គេនោះ ចាប់និយាយ៖
  • យីហ្ន៎ យប់មិញនេះ វារងាតិមធីតែម្ដងហើយ។ ដណ្ដប់ភួយពីរបីជាន់ហើយ នៅតែមិនបាត់។
ស្ត្រីធាត់ដែលឈ្មោះថូនោះ ឆ្លើយឡើង៖
  • រងានៅផ្ទះគ្រាន់បើទេ។ កាលពីល្ងាចថ្ងៃសៅរ៍មុននោះ ខ្ញុំបានជិះកាណូតទៅទារប្រាក់ពីចិនម្នាក់នៅឯបាក់ព្រា។ យប់នោះចំជារងា ហើយស្ទើរកកឈាមក្នុងខ្លួនតែម្ដង។
យាយនួនគាត់សួរ៖
  • ចុះណៃស៊ត គេទៅណាទៅ បានជាគេបណ្ដោយឲ្យនាងពិបាកយ៉ាងនេះ?
  • ចាស៎ចែ គេរវល់ទៅមើលកូនគូលីច្រូវស្រូវឯជណ្ដើរស្វា។
នាងថូដែលចង់ឆ្លៀតយកឱកាស ដើម្បីអួតពីកូនខ្លួន ក៏ប្រញាប់បន្ថែមសេចក្ដី៖
  • ឯកូនខ្ញុំ អាណៃស៊តនោះ វាទៅត្រួតគេបាញ់ថ្មឯភ្នំសំពៅ ដែលគេវាយបំបែក ដឹកយកទៅចាក់ធ្វើផ្លូវរទេះភ្លើងទៅមង្គលបុរី។
ថាហើយ អ្នកនិយាយនេះ ក៏ទាញកន្ថោរមកស្ដោះទឹកមាត់ច្រោកៗ។
យាយនួនតបដោយតម្អូញ៖
  • ថូ គេរវល់គ្រប់គ្នាតែម្ដង ប្រពន្ធដោយប្រពន្ធ ប្ដីដោយប្ដី កូនដោយកូន។ ឯខ្ញុំហើយ នៅតែផ្ទះ និងទៅសមាទានសីលប៉ុណ្ណោះ គ្មានបានរកអ្វីនឹងគេសោះ។
  • ចែគិតទៅបរលោកចំជាល្អហើ។ តាមអីខ្ញុំមានកូនច្រើន បើមិនខំ ទៅបានអីចែកឲ្យវា។ ដូចចែនេះ ចំមហាសប្បាយហើយ ធ្វើតែទាន ហើយមានកូនតែមួយ មិនមានព្រួយអីច្រើន។ យីកូនចែធំប៉ុណ្ណាហើយ? ខ្ញុំមិនដែលឃើញសោះ។
យាយនួនគាត់ស្រែកហៅ៖
  • អាវី អើយអាវី ទៅណាហើយ? មីងឯងគេចង់ស្គាល់ឯង?
នាងវិធាវី កាលដែលនាងឃើញភ្ញៀវចម្លែកឡើងផ្ទះ នាងក៏ចូលលាក់ខ្លួននៅក្នុងបន្ទប់។ លុះនាងឮមាត់ម្ដាយស្រែកហៅដូច្នោះ នាងក៏ស្ទុះមកទាំងក្រៀមក្រំ ចេញមកក្រៅ។ នាងខំទប់ កុំឲ្យក្ដីហ្មងសៅចោលស្រមោលទៅ លើភ័ក្ត្រនាងបាន។ ក្នុងគ្រានោះ នាងវិធាវីពាក់អាវទំនើបថ្មីពណ៌កុលាបខ្ចី លំអដោយជរស នៅសុរងក និងស្លៀកសម្លុយត្រួយចេក។ នាងដើរចេញមក មានទឹកមុខញញឹមស្ងួត។
នាងថូ និងនាងធិនជាប្អូន កាលបើឃើញរូបឆោមលោមពណ៌នាងវិធាវីស្រស់ប្រិមប្រិយដូច្នោះហើយ ក៏ចាប់ចិត្តស្រឡាញ់មហិមា។ នាងថូលាន់មាត់ថា៖
  • យីក្មួយអញនេះ ល្អណាស់តើ? ឯងអាយុប៉ុន្មានហើយ?
នាងក្រមុំក៏លើកហត្ថសំពះហើយតប៖
  • ខ្ញុំអាយុ១៧ឆ្នាំហើយ។
  • អើ ក្មួយនេះនឹងធឹងណាស់តើ!
នាងវិធាវី កើតសេចក្ដីអៀន ក៏ងប់មុខចុះពុំចេញស្ដី។
យាយនួន គាត់ក៏និយាយឡើង៖
  • នាងអញ្ជើញនៅពិសាបាយនឹងខ្ញុំនេះហើយ។
  • ចាស៎ចែ កុំព្រួយ ខ្ញុំមានការបន្ទាន់បន្តិច។
ស្ត្រីម្ចាស់ផ្ទះ ឈ្វេងយល់ចិត្តនាងភ្ញៀវ ដែលប្រាថ្នានិយាយការកំបាំងពីមុខស្វាមីខ្លួននោះ ក៏ចរចាទៅកាន់បុត្រីគាត់៖
  • អាវី ឯងទៅមើលកំផៃតើវាធ្វើអី? បណ្ដោយវាម្នាក់ឯងមិនបានទេ…។
លុះនាងវិធាវីចេញដើរផុតទៅ ទើបនាងថូបែរមុខសម្លឹងទៅយាយចាន់។ ស្រីនោះ ក៏និយាយខ្សឹបៗ៖
  • នួន នាងថូនេះគេរកខ្ញុំជូនមកជាចាស់ជាទុំ ដើម្បីមកសុំចងស្ពានមេត្រីនឹងឯង។ គេចង់ដណ្ដឹងកូនឯង ឲ្យជាគូនឹងកូនច្បងគេ ឈ្មោះណៃស៊ត តើឯងនឹងថាដូចម្ដេច?
សម្ដីនេះ ធ្វើឲ្យទឹកជំនោរនៃសេចក្ដីត្រេកអរ ឡើងតឹងដល់បំពង់កយាយនួន។ គាត់ខំប្រឹងស្មារតីទប់កុំឲ្យភ្លាត់មាត់ថា៖ យកចុះ! យកចុះ! ហើយទើបគាត់មានវាចាដោយសម្រួល៖
  • នាងថូ នាងចង់បានជាសាច់សាលោហិតនឹងខ្ញុំនេះ ជាការគាប់ប្រសើរណាស់ តែកូនខ្ញុំវាខ្ចី គំនិតមិនសូវដឹងកិច្ចការរាក់ជ្រៅនៅឡើយទេ។
នាងថូឆ្លើយ៖
  • មិនមែនទេចែ។ ខ្ញុំស្គាល់មនុស្សណាស់។ កូនចែនេះ កិរិយាមារយាទក្រអូបប្រពៃណាស់។
  • បើនាងថាដូច្នោះហើយ ខ្ញុំក៏មិនថាអីដែរ តែត្រូវនាងរកគេមើលលេខជតាកូននាងនិងកូនខ្ញុំ តើសមនឹងគ្នាឬទេ។ បើលេខឆ្លើយថាល្អ ទើបខ្ញុំដាច់ជាលើជូននាងបាន។
យាយនួន ដោយភ័យក្រែងនាងថូគេទៅរកហោរណាផ្សេងគន់គូរ ហើយនិងមានទំនាយពុំប្រកប នាំមកជាការជំទាស់ ដល់សេចក្តីគាប់ចិត្តរបស់គាត់នោះ គាត់ក៏រហ័សបន្លុយពាក្យទៅរកលោកគ្រូអានជាប្រញាប់៖
  • នាង រឿងខាងមើលប្ដីប្រពន្ធ ខ្ញុំថានៅដែនបាត់ដំបងនេះ គ្មានអ្នកណាឆុតជាងលោកគ្រូអានវត្តពោធិ៍ក្នុងទេ។ បើលោកថាល្អហើយ មិនដែលប្រែទៅជាអភ័ព្វបានទេ នៅសុខនឹងគ្នាដល់ស្លាប់រៀងខ្លួន។
  • ចាស៎ចែ ចាំខ្ញុំទៅរកលោកគ្រូអានមើល។ តើនាងនោះឆ្នាំអី?
  • នាងសួរចាន់ចុះ ចាន់គេដឹងស្រាប់ហើយ។
យាយចាន់ឆ្លើយ៖
  • ខ្ញុំចាំហើយនាងថូ។ ម្ដេច យើងល្មមលាគេទៅហើយឬដឹង?
  • ច៎ាះ។
ថាហើយ ស្ត្រីធាត់ និងស្គមក៏លើកដៃសំពះ លាយាយនួនប្រុងនឹងចុះទៅ។ នាងធិន ដែលអំបាញ់មិញ មិនបាននិយាយថាអ្វីសោះ ក៏និយាយទៅកាន់នាងថូ៖
  • កូននេះត្រូវហើយ សមនឹងអាស៊ត មុខជាវាពេញចិត្តវាហើយ។ បើបានគ្នាជាប្ដីប្រពន្ធទៅ អាស៊តលែងដើរលេងយប់ពាសវាលពាសកាលទៀតហើយ មើលទៅ។
នាងថូ ដែលនឹងភ័យក្រែងយាយនួនគាត់ឮសម្ដីនេះ នាំឲ្យខូចការផ្សេងៗនោះ ក៏និយាយបន្ទោសទាំងក្នាញ់៖
  • មេគន្ធិន កុំនិយាយយ៉ាងនេះ ហង!
តែខណៈនោះ យាយនួនដែលមានព្រលឹងអណ្ដែតទៅលើអាកាស មិនបានជាចាប់ចិត្តស្ដាប់សម្ដីលើកក្រោយនេះទេ។ បើប្រសិនជាគាត់កុំរវល់តែអរហួសពេក ប្រហែលជាត្រចៀកគាត់នៅចំហខ្លះ ហើយប្រហែលជាគាត់មានសង្ស័យកើត និងស៊ើបសួរដល់កិរិយាមារយាទ ចៅណៃស៊តផងពុំខាន ហើយប្រហែលជាគ្មានរឿងនេះ និទានទៅទៀតឡើយ។
លុះឮសូរឡានបើកទៅផុតហើយ នាងវិធាវីក៏ចេញមកសួរម្ដាយ៖
  • ម៉ែ អ្នកណាហ្នឹងហ្ន៎? មើលតែស្រីអ្នកមានស្រុកព្រៃតែម្ដងហើយ។ ចំណាស់ប៉ុណ្ណឹងហើយ នៅតែស្លៀកខៀនពណ៌ ពាក់មាសរាប់គីឡូ។ មនុស្សមានសម្បត្តិយ៉ាងនេះ ខ្ញុំមិនចង់ជួបមុខទេ។
យាយនួន ដែលស្មារតីនៅតែរវល់តែត្រេកអរនោះ ក៏មិនបានឮពាក្យកូនចរចាទេ។ គាត់ស្ដាប់បានតែចុងកន្ទុយសម្ដី គាត់សម្លឹងមុខកូនគាត់ ហើយគាត់ធ្វើ ហ៊ឹសៗ! ប៉ុណ្ណោះ ក៏ដើរចេញទៅ៕
រឿងផ្កាស្រពោននេះដកយកចេញពី  ស្នាដៃកូនខ្មែរ



Share:

No comments:

Post a Comment

© ប្រភពចែកចាយ All rights reserved | Theme Designed by Blogger Templates